ពួកអ្នកដែលរាប់ជាគួរនឹងនាំទៅដល់រន្ធទឹកនៃជីវិត
«កូនចៀម . . . នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត»។—វិវរ. ៧:១៧
១. យោងទៅតាមបណ្ដាំរបស់ព្រះយេហូវ៉ា តើគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ជាអ្នកណា? តើព្រះយេស៊ូបានផ្ដល់ភារកិច្ចអ្វីឲ្យពួកគាត់?
បណ្ដាំរបស់ព្រះយេហូវ៉ាបង្ហាញថា ពួកគ្រិស្តសាសនិកនៅផែនដីដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ហើយថាពួកគាត់កំពុងថែទាំសិស្សរបស់ព្រះគ្រិស្ត និងរៀបចំកិច្ចការដែលពួកគេធ្វើ។ អ្នកបម្រើនោះមានភារកិច្ចផ្ដល់ការណែនាំជាបណ្ដើរៗដល់សិស្សរបស់ព្រះយេស៊ូ ប្រៀបដូចជាពួកគាត់«ឲ្យអាហារ»ដល់ពួកគេ«តាមត្រូវពេល»។ នៅឆ្នាំ១៩១៨ ព្រះគ្រិស្តបានពិនិត្យមើលក្រុម«អ្នកបំរើ»នៅផែនដីដែលបានតែងតាំងឲ្យគ្រប់គ្រងជាមួយនឹងទ្រង់ ហើយទ្រង់ឃើញថាពួកគាត់បានបំពេញភារកិច្ចនោះដោយស្មោះត្រង់។ ជាលទ្ធផល ព្រះយេស៊ូសុខចិត្តផ្ដល់កិច្ចការថែមទៀតឲ្យពួកគាត់ គឺ«ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (សូមអាន ម៉ាថាយ ២៤:៤៥-៤៧) យ៉ាងនេះ មុននឹងឡើងទៅស្ថានសួគ៌ ពួកអ្នកតែងតាំងជួយបម្រើអ្នកឯទៀតនៅផែនដីដែលថ្វាយបង្គំព្រះយេហូវ៉ា។
២. តើទ្រព្យរបស់ព្រះយេស៊ូរួមបញ្ចូលអ្វីខ្លះ?
២ ចៅហ្វាយតែងតែមានសិទ្ធិយករបស់ទ្រព្យនិងរបស់របរឯទៀតរបស់ខ្លួនទៅធ្វើអ្វីបានតាមចិត្ត។ ក្នុងនាមជាអ្នកគ្រប់គ្រងរាជាណាចក្ររបស់ព្រះយេហូវ៉ា ទ្រព្យរបស់ព្រះយេស៊ូគ្រិស្តរួមបញ្ចូលអ្វីៗទាំងអស់នៅផែនដីដែលទាក់ទងនឹងរាជាណាចក្ររបស់ទ្រង់។ នេះក៏រួមបញ្ចូល«មនុស្ស១ហ្វូងយ៉ាងធំ»ដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត។ យ៉ូហានរៀបរាប់អំពីមនុស្សមួយហ្វូងយ៉ាងធំនោះថា៖ «ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្កនឹងកូនចៀម ទាំងពាក់អាវសវែងហើយកាន់ធាងចាកនៅដៃ»។—វិវរ. ៧:៩
៣, ៤. តើមនុស្សមួយហ្វូងយ៉ាងធំមានឯកសិទ្ធិពិសេសអ្វីខ្លះ?
៣ អ្នកខ្លះក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំនោះ ជាពួកអ្នកដែលព្រះយេស៊ូបានហៅថា ជា«ចៀមឯទៀត»របស់ទ្រង់។ (យ៉ូន. ១០:១៦) ពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនមនោរមនៅផែនដី។ ពួកគេទុកចិត្តថា ព្រះយេស៊ូនឹង«នាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ»។ សេចក្ដីសង្ឃឹមដ៏ល្អនោះ បានជំរុញពួកគេឲ្យ«បោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ (វិវរ. ៧:១៤, ១៧) ដោយសារពួកគេជឿទៅលើព្រះយេស៊ូដែលបានបូជាជីវិតទ្រង់ជំនួសមនុស្ស នោះព្រះយេហូវ៉ារាប់ពួកគេជាមនុស្សដែលមាន‹អាវស›។ ព្រះយេហូវ៉ារាប់ពួកគេជាមនុស្សសុចរិត និងជាសម្លាញ់របស់ទ្រង់ ដូចលោកអ័ប្រាហាំដែរ។
៤ ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ារាប់មនុស្សមួយហ្វូងយ៉ាងធំជាមនុស្សសុចរិត ដែលរួមគ្នាជាចៀមឯទៀត ហើយមានចំនួនកាន់តែច្រើនឡើងៗនោះ ពួកគេអាចមានសេចក្ដីសង្ឃឹមរួចរស់ជីវិត ពេលពិភពលោកនេះវិនាសទៅនៅគ្រាវេទនាយ៉ាងធំ។ (យ៉ា. ២:២៣-២៦) ពួកគេអាចចូលទៅជិតព្រះយេហូវ៉ា ហើយរួមគ្នាមានចិត្តរីករាយជាអ្នកដែលទ្រង់សង្គ្រោះឲ្យរួចផុតពីសង្គ្រាមអើម៉ាគេដូន។ (យ៉ា. ៤:៨; វិវរ. ៧:១៥) ពួកគេមិនមានស្មារតីប្រកាន់យកតែគំនិតខ្លួនឯងទេ តែសុខចិត្តធ្វើកិច្ចបម្រើថ្វាយព្រះយេហូវ៉ា ក្រោមការដឹកនាំនៃស្តេចនៅស្ថានសួគ៌ ហើយក្រោមការណែនាំពីបងប្អូនរបស់ទ្រង់នៅឯផែនដី ដែលមិនទាន់ឡើងទៅស្ថានសួគ៌នៅឡើយ។
៥. តើមនុស្សមួយហ្វូងយ៉ាងធំជួយគាំទ្របងប្អូនរបស់ព្រះគ្រិស្តដែលបានតែងតាំងជាស្តេចយ៉ាងដូចម្ដេច?
៥ មនុស្សជាតិក្រោមអំណាចរបស់សាតាំងបានប្រឆាំងពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌យ៉ាងខ្លាំង ហើយក៏នឹងប្រឆាំងពួកគាត់តទៅទៀតដែរ។ យ៉ាងណាក៏ដោយ ពួកគាត់អាចពឹងគូកនរបស់ខ្លួន គឺមនុស្សមួយហ្វូងយ៉ាងធំនោះ ដើម្បីជួយគាំទ្រពួកគាត់។ សព្វថ្ងៃនេះ គ្រិស្តសាសនិកដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌មានគ្នាតិចណាស់! ប៉ុន្តែ រៀងរាល់ឆ្នាំ មនុស្សមួយហ្វូងយ៉ាងធំចេះតែមានចំនួនកើនឡើងទាំងម៉ឺនៗ។ អ្នកដែលបានតែងតាំងឲ្យគ្រប់គ្រងជាមួយនឹងព្រះយេស៊ូ មិនអាចចូលពិនិត្យគ្រប់ទាំងក្រុមជំនុំនៃពួកគ្រិស្តសាសនិកផ្ទាល់បានឡើយ ពីព្រោះទូទាំងពិភពលោកមានចំនួនប្រមាណ១០០.០០០ក្រុមជំនុំរួចទៅហើយ។ ដូច្នេះ របៀបមួយដែលពួកចៀមឯទៀតគាំទ្រអ្នកតែងតាំងទាំងនោះ គឺដោយមានបុរសៗក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំបម្រើការជាអ្នកចាស់ទុំក្នុងក្រុមជំនុំនានា។ អ្នកចាស់ទុំទាំងនោះជួយមើលថែរក្សាគ្រិស្តសាសនិករាប់លាននាក់ ដែល«អ្នកបំរើស្មោះត្រង់»មានភារកិច្ចត្រួតពិនិត្យ។
៦. តើអេសាយបានសរសេរទំនាយអ្វី ដែលបង្ហាញថាមនុស្សមួយហ្វូងយ៉ាងធំនឹងគាំទ្រពួកគ្រិស្តសាសនិកដែលបានតែងតាំងជាស្តេច?
៦ លោកអេសាយដែលជាអ្នកប្រកាសទំនាយ បានសរសេរទុកជាមុនអំពីចៀមឯទៀតដែលសុខចិត្តជួយពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ អេសាយបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា៖ ‹កំរៃ[ឬ«អ្នកដែលធ្វើការឥតប្រាក់ខែ»]នៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពីនឹងពួកសេបាជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ។ គេនឹងដើរតាមក្រោយឯង›»។ (អេសា. ៤៥:១៤; ព.ថ.) ក្នុងន័យធៀប គ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមរស់រហូតនៅផែនដី កំពុងដើរតាមក្រោយក្រុមអ្នកបម្រើដែលបានតែងតាំងជាស្តេច និងធ្វើតាមការណែនាំរបស់គណៈអភិបាលដែលតំណាងពួកគាត់។ «អ្នកដែលធ្វើការឥតប្រាក់ខែ»តំណាងពួកចៀមឯទៀត ហើយពួកគេសុខចិត្តចំណាយកម្លាំងនិងធនធានរបស់ខ្លួនដើម្បីគាំទ្រកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក ស្របទៅតាមអ្វីដែលព្រះគ្រិស្តបានបង្គាប់ឲ្យអ្នកតែងតាំងធ្វើនៅផែនដី។—កិច្ច. ១:៨; វិវរ. ១២:១៧
៧. តើមនុស្សមួយហ្វូងយ៉ាងធំកំពុងទទួលការបង្ហាត់បង្រៀនដើម្បីអ្វី?
៧ ពេលដែលមនុស្សមួយហ្វូងយ៉ាងធំគាំទ្របងប្អូនដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌ ពួកគេក៏ទទួលការបង្ហាត់បង្រៀនដែលជួយឲ្យមានលក្ខណៈល្អដើម្បីរួមគ្នាជាគ្រឹះមូលដ្ឋាននៃសង្គមមនុស្សថ្មី ដែលនឹងមានក្រោយសង្គ្រាមអើម៉ាគេដូន។ សង្គមមនុស្សថ្មីនោះត្រូវតែមានគ្រឹះមូលដ្ឋានដ៏រឹងមាំ ហើយពួកគេម្នាក់ៗត្រូវតែមានសមត្ថភាព ព្រមទាំងសុខចិត្តធ្វើតាមការណែនាំរបស់ចៅហ្វាយ។ គ្រិស្តសាសនិកម្នាក់ៗមានឱកាសបង្ហាញថា ព្រះយេស៊ូគ្រិស្តដែលជាស្តេចអាចប្រទានកិច្ចការឲ្យពួកគេបាន។ ពេលឥឡូវនេះ បើគ្រិស្តសាសនិកម្នាក់ៗបង្ហាញថា ខ្លួនមានជំនឿហើយនឹងមានភក្ដីភាពតទៅទៀតនោះ នេះជាទីសំអាងដែលបញ្ជាក់ថា ក្នុងពិភពលោកថ្មី ពេលស្តេចផ្ដល់ការណែនាំ ពួកគេនឹងស្ដាប់បង្គាប់ភ្លាម។
មនុស្សមួយហ្វូងយ៉ាងធំបង្ហាញពីជំនឿរបស់ខ្លួន
៨, ៩. តើមនុស្សមួយហ្វូងយ៉ាងធំកំពុងបង្ហាញពីជំនឿរបស់ខ្លួនយ៉ាងដូចម្ដេច?
៨ ចៀមឯទៀតដែលជាគូកនរបស់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បង្ហាញដោយរបៀបផ្សេងៗថា ពួកគេមានជំនឿ។ ទីមួយ ពួកគេគាំទ្រអ្នកតែងតាំងទាំងនោះ ក្នុងការប្រកាសផ្សាយដំណឹងល្អស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ទីពីរ ពួកគេស្ម័គ្រចិត្តចុះចូលចំពោះការណែនាំដែលមកពីគណៈអភិបាល។—ហេ. ១៣:១៧; សូមអាន សាការី ៨:២៣
៩ ទីបី ចៀមឯទៀតគាំទ្របងប្អូនគ្រិស្តសាសនិកដែលបានតែងតាំងនោះ ដោយមានរបៀបរស់នៅស្របទៅតាមគោលការណ៍របស់ព្រះយេហូវ៉ាដែលតម្រូវឲ្យធ្វើជាមនុស្សសុចរិត។ ពួកគេខិតខំបង្ហាញ«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូតហើយដឹងខ្នាត»កាន់តែច្រើនឡើង។ (កា. ៥:២២, ២៣) ជួនកាល មនុស្សនៅសព្វថ្ងៃនេះមើលងាយអស់អ្នកដែលខំបង្កើតឲ្យមានលក្ខណៈបែបនេះ ជាជាងធ្វើ«កិច្ចការខាងសាច់ឈាម»ដែលមានន័យថា បណ្ដោយខ្លួនឲ្យទៅតាមទំនោរចិត្តដ៏មិនល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលរួមគ្នាជាមនុស្សមួយហ្វូងយ៉ាងធំ ប្ដេជ្ញាចិត្តដើម្បីជៀសចេញពីអំពើដូចជាការ«កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះផង»។—កា. ៥:១៩-២១
១០. តើម្នាក់ៗក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំបានតាំងចិត្តធ្វើអ្វី?
១០ ដោយសារយើងមិនមានភាពល្អឥតខ្ចោះនោះ គឺពិបាកបន្ដិចឲ្យយើងមានលក្ខណៈសម្បត្ដិស្របទៅតាមសកម្មពលរបស់ព្រះយេហូវ៉ា។ ដូចគ្នាដែរ ក៏ពិបាកឲ្យយើងទប់ទល់នឹងទំនោរចិត្តទោរទន់ទៅរកអំពើបាប ព្រមទាំងជៀសវាងពីការបង្ខិតបង្ខំនៃពិភពលោករបស់សាតាំង។ ទោះបើយើងធ្លាក់ទឹកចិត្តម្ដងម្កាល ដោយសារកម្រិតសមត្ថភាពរបស់ខ្លួន ឬភ្លាត់ធ្វើខុសនិងខកខានធ្វើអ្វីដែលយើងគួរធ្វើក៏ដោយ យើងនៅតែតាំងចិត្តមិនអនុញ្ញាតឲ្យជំនឿនិងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាចុះខ្សោយឡើយ។ យើងដឹងថា ព្រះយេហូវ៉ានឹងធ្វើតាមពាក្យសន្យារបស់ទ្រង់ ដោយប្រោសមនុស្សមួយហ្វូងយ៉ាងធំឲ្យរួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំ។
១១. តើសាតាំងធ្លាប់ប្រើវិធីណាខ្លះដើម្បីធ្វើឲ្យជំនឿរបស់គ្រិស្តសាសនិកចុះខ្សោយ?
១១ ដំណាលគ្នានេះ យើងនៅតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះយើងដឹងថា សាតាំងជាខ្មាំងសត្រូវរបស់យើង ហើយវាមិនរសាយព្យាយាមទេ ក្នុងការរកវិធីចាប់យើង។ (សូមអាន ពេត្រុសទី១ ៥:៨) សាតាំងខំញុះញង់យើងតាមរយៈពួកអ្នកក្បត់ជំនឿថា សេចក្ដីបង្រៀនដែលយើងកំពុងធ្វើតាម មិនមែនជាការពិតទេ។ ជាញយដង ល្បិចនេះរបស់វាបរាជ័យទៅវិញ។ ដូចគ្នាដែរ ទោះបើការបៀតបៀនអាចនាំឲ្យយើងបន្ថយសកម្មភាពក្នុងកិច្ចបម្រើផ្សាយក្ដី តាមធម្មតា ពេលគេធ្វើទុក្ខបុកម្នេញដល់យើង យើងមានជំនឿរឹតតែខ្លាំងឡើង។ ដូច្នេះ ឥឡូវនេះមានវិធីម្យ៉ាងដែលសាតាំងកំពុងប្រើកាន់តែញឹកញាប់ឡើង ដោយយល់ថាអាចមានប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ កាលដែលយើងធ្លាក់ទឹកចិត្ត វាកេងយកប្រយោជន៍ពីកាលៈទេសៈនោះ។ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយបានទទួលការព្រមានអំពីគ្រោះថ្នាក់ដែលពួកគេអាចមានពេលធ្លាក់ទឹកចិត្ត។ បទគម្ពីរចែងថា៖ «ចូរពិចារណាមើល[ព្រះគ្រិស្ត] ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម្ល៉េះ»។ កាលដែលយើងធ្លាក់ទឹកចិត្ត ម្ដេចក៏មានប្រយោជន៍ឲ្យយើងពិចារណាមើលគំរូរបស់ទ្រង់? គឺដើម្បីកុំឲ្យយើង«នឿយហត់ហើយរសាយចិត្តចេញ»។—ហេ. ១២:៣
១២. តើដំបូន្មានក្នុងគម្ពីរអាចជួយបន្ថែមកម្លាំងឲ្យពួកអ្នកដែលធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច?
១២ តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្ជិលបម្រើព្រះយេហូវ៉ាទៀតទេ? តើអ្នកធ្លាប់គិតម្ដងម្កាលថា អ្នកមិនអាចផ្គាប់ចិត្តព្រះយេហូវ៉ាឬ? បើធ្លាប់មែន កុំអនុញ្ញាតឲ្យសាតាំងយកចិត្តគំនិតបែបនោះទៅរារាំងកិច្ចបម្រើព្រះយេហូវ៉ាឡើយ។ បើយើងសិក្សាគម្ពីរឲ្យបានដិតដល់ជាង អធិស្ឋានយ៉ាងអស់ពីដួងចិត្ត ចូលរួមកម្មវិធីប្រជុំជាទៀងទាត់និងមានទំនាក់ទំនងជាមួយបងប្អូនរួមជំនឿនៅទីនោះ នេះអាចបន្ថែមកម្លាំងឲ្យយើងដើម្បីមិន«រសាយចិត្តចេញ»។ ព្រះយេហូវ៉ាសន្យាថា ទ្រង់នឹងជួយអស់អ្នកដែលបម្រើទ្រង់ ដើម្បីឲ្យពួកគេមានកម្លាំងចម្រើនឡើងជានិច្ច ហើយយើងអាចទុកចិត្តទៅលើសេចក្ដីសន្យារបស់ទ្រង់បាន។ (សូមអាន អេសាយ ៤០:៣០, ៣១) ចូរផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយចុះ! ចូរជៀសវាងទង្វើដែលបង្ខាតពេល និងយកចិត្តទុកដាក់ទៅលើកិច្ចការដែលជួយមនុស្សទៅវិញ។ យ៉ាងនេះ យើងនឹងមានកម្លាំងចិត្តដើម្បីស៊ូទ្រាំបាន សូម្បីតែពេលដែលយើងធ្លាក់ទឹកចិត្តក៏ដោយ។—កា. ៦:១, ២
រួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំ ហើយចូលទៅក្នុងពិភពលោកថ្មី
១៣. តើអស់អ្នកដែលរួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូននឹងមានភារកិច្ចអ្វីខ្លះ?
១៣ ក្រោយសង្គ្រាមអើម៉ាគេដូន មនុស្សទុច្ចរិតរាប់លាននាក់នឹងរស់ឡើងវិញ ហើយពួកគេត្រូវទទួលការអប់រំស្តីអំពីតម្រូវការរបស់ព្រះយេហូវ៉ា។ (កិច្ច. ២៤:១៥) ពួកគេត្រូវតែរៀនអំពីព្រះយេស៊ូ ថាទ្រង់បានបូជាជីវិតទុកជាតម្លៃលោះ។ រួចមក ពួកគេត្រូវតែរៀនថា ជាការចាំបាច់ឲ្យពួកគេបង្ហាញពីជំនឿរបស់ខ្លួនទៅលើទ្រង់ និងទទួលប្រយោជន៍ពីការបូជាលោះនោះ។ ពួកគេត្រូវតែបោះបង់ចោលជំនឿមិនពិត ដែលពួកគេមានពេលបានកាន់សាសនាមិនពិត ហើយពួកគេក៏ត្រូវតែលះបង់គន្លងជីវិតចាស់ផងដែរ។ ពួកគេត្រូវតែរៀនឲ្យចេះកែប្រែលក្ខណៈសម្បត្ដិរបស់ខ្លួន ដើម្បីឲ្យមានលក្ខណៈជាមនុស្សថ្មី ដែលជួយសម្គាល់គ្រិស្តសាសនិកពិត។ (អេភ. ៤:២២-២៤; កូល. ៣:៩, ១០) ពិតណាស់! ចៀមឯទៀតដែលរួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូន នឹងជាប់រវល់មែន! ប៉ុន្តែ ការបម្រើព្រះយេហូវ៉ាដោយគ្មានការបង្ខិតបង្ខំ និងគ្មានអ្វីបំបែរអារម្មណ៍ផង ពិតជានឹងនាំឲ្យមានអំណរជាខ្លាំង!
១៤, ១៥. រីឯអ្នកដែលរួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំ ព្រមទាំងមនុស្សសុចរិតដែលរស់ឡើងវិញ តើពួកគេនឹងជួយបង្រៀនអ្វីខ្លះដល់គ្នាទៅវិញទៅមក?
១៤ ពួកអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាដែលបានស្លាប់មុនពេលដែលព្រះយេស៊ូបានធ្វើកិច្ចបម្រើផ្សាយនៅផែនដី ក៏នឹងត្រូវរៀនអ្វីៗជាច្រើនដែរ។ ពួកគេរង់ចាំព្រះមេស្ស៊ីដែលបានសន្យាមក តែមិនបានឃើញទេ ដូច្នេះពួកគេនឹងរៀនឲ្យដឹងថា ទ្រង់ជាអ្នកណា។ មុនស្លាប់ ពួកគេសុខចិត្តធ្វើតាមការបង្រៀនរបស់ព្រះយេហូវ៉ា ដូច្នេះ ពេលយើងជួយពួកគេឲ្យយល់ព័ត៌មានថ្មីទៀត នេះពិតជានឹងនាំឲ្យមានអំណរជាខ្លាំង! ជាឧទាហរណ៍ សូមគិតអំពីលោកដានីយ៉ែលដែលបានសរសេរទំនាយជាច្រើន តែគាត់មិនយល់អត្ថន័យទាំងអស់ទេ។ អ្នកដែលនឹងពន្យល់ដល់គាត់អំពីការសម្រេចនៃទំនាយទាំងនោះ ប្រាកដជានឹងមានឯកសិទ្ធិពិសេសមែន!—ដា. ១២:៨, ៩
១៥ ទោះបើមនុស្សដែលរស់ឡើងវិញនៅគ្រានោះ នឹងពឹងយើងដើម្បីរៀនអ្វីៗជាច្រើនក្ដី យើងក៏នឹងពឹងពួកគេដើម្បីឆ្លើយសំណួរជាច្រើនដែរ។ ពួកគេអាចជួយពន្យល់ឲ្យបានល្អិតល្អន់អំពីព្រឹត្ដិការណ៍ដែលគម្ពីររៀបរាប់យ៉ាងត្រួសៗ។ សូមគិតអំពីលោកយ៉ូហានដែលជាអ្នកជ្រមុជទឹកនិងជាបងជីដូនមួយរបស់ព្រះយេស៊ូ។ យើងនឹងមានចិត្តរំភើបណាស់! ពេលរៀនចំណុចច្រើនថែមទៀតពីគាត់ស្តីអំពីព្រះយេស៊ូ។ អ្វីដែលយើងរៀនពីសាក្សីស្មោះត្រង់ទាំងនោះ ពិតជានឹងជួយយើងឲ្យយល់បណ្ដាំរបស់ព្រះយេហូវ៉ាបានច្បាស់ជាង។ អស់អ្នកដែលបានបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់ ហើយបានស្លាប់ រួមទាំងអ្នកខ្លះក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំដែលស្លាប់នៅគ្រាចុងបញ្ចប់នេះ នឹង«រស់ឡើងវិញបែបប្រសើរជាង»។ ពួកគេបានចាប់ផ្ដើមបម្រើព្រះយេហូវ៉ាពេលរស់នៅក្នុងពិភពលោកដែលសាតាំងកាន់កាប់ ប៉ុន្តែពួកគេនឹងមានអំណរក្នុងការបន្តកិច្ចបម្រើក្រោមកាលៈទេសៈដែលស្រួលជាងមុន ពោលគឺ ក្នុងពិភពលោកថ្មី!—ហេ. ១១:៣៥; ១យ៉ូន. ៥:១៩
១៦. យោងទៅតាមទំនាយក្នុងគម្ពីរ តើអ្វីនឹងកើតឡើងក្នុងអំឡុងថ្ងៃជំនុំជម្រះ?
១៦ ក្នុងអំឡុងថ្ងៃជំនុំជម្រះនោះ បញ្ជីខ្លះនឹងបើកឡើង។ ព័ត៌មានក្នុងបញ្ជីទាំងនោះ រួមជាមួយព័ត៌មានក្នុងគម្ពីរ នឹងយកជាមូលដ្ឋានដើម្បីជំនុំជម្រះមនុស្សទាំងអស់ដែលរស់នៅគ្រានោះ ថាគួរនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ឬមិនគួរទទួល។ (សូមអាន វិវរណៈ ២០:១២, ១៣) នៅចុងគ្រាជំនុំជម្រះនោះ មនុស្សម្នាក់ៗមានឱកាសល្មមគ្រប់គ្រាន់ ដើម្បីបង្ហាញថាខ្លួនទទួលស្គាល់អ្នកណាជាអ្នកដែលមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូល។ តើគាត់នឹងលើកតម្កើងរាជាណាចក្ររបស់ព្រះយេហូវ៉ា និងអនុញ្ញាតឲ្យកូនចៀមនាំគាត់ទៅដល់«រន្ធទឹកនៃជីវិត»ឬទេ? ឬមួយក៏ តើគាត់នឹងបដិសេធ ហើយមិនព្រមចុះចូលចំពោះរាជាណាចក្ររបស់ព្រះទៅវិញ? (វិវរ. ៧:១៧; អេសា. ៦៥:២០) មកដល់ពេលនោះ មនុស្សទាំងអស់នៅផែនដីមានឱកាសដើម្បីសម្រេចចិត្តរៀងៗខ្លួន ដោយគ្មានឥទ្ធិពលពីមនុស្សអាក្រក់និងទំនោរចិត្តទោរទន់ទៅធ្វើអំពើបាប។ ពេលព្រះយេហូវ៉ាកាត់ក្ដីជាលើកចុងក្រោយបង្អស់នោះ គ្មាននរណាអាចចោទប្រកាន់ថា ទ្រង់កាត់ក្ដីដោយមិនត្រឹមត្រូវឡើយ។ មានតែមនុស្សអាក្រក់ប៉ុណ្ណោះ ដែលព្រះយេហូវ៉ានឹងបំផ្លាញចោលជារៀងរហូត។—វិវរ. ២០:១៤, ១៥
១៧, ១៨. ម្ដេចក៏ពួកចៀមឯទៀតនិងពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌រង់ចាំថ្ងៃជំនុំជម្រះដោយរីករាយ?
១៧ នៅសព្វថ្ងៃនេះ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានរាប់ជាគួរនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ដូច្នេះ ពួកគាត់រង់ចាំដោយរីករាយ នូវគ្រាដែលពួកគាត់នឹងគ្រប់គ្រងក្នុងអំឡុងថ្ងៃជំនុំជម្រះ។ ពួកគាត់ពិតជាមានឯកសិទ្ធិពិសេសណាស់! ហើយសេចក្ដីសង្ឃឹមនោះជំរុញពួកគាត់ឲ្យធ្វើតាមដំបូន្មានដែលសាវ័កពេត្រុសបានជូនចំពោះបងប្អូនរបស់ពួកគាត់នៅសតវត្សរ៍ទីមួយ។ ពេត្រុសសរសេរថា៖ «គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង។ បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា»។—២ពេ. ១:១០, ១១
១៨ ពួកចៀមឯទៀតក៏មានចិត្តរីករាយដែរ ដែលបងប្អូនរួមជំនឿមួយចំនួនបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌ ដូច្នេះពួកគេបានតាំងចិត្តគាំទ្រពួកគាត់ជានិច្ច។ ដោយសារពួកចៀមឯទៀតជាសម្លាញ់របស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ពួកគេមានចិត្តជំរុញឲ្យធ្វើកិច្ចបម្រើទ្រង់យ៉ាងអស់ពីសមត្ថភាព។ ក្នុងអំឡុងថ្ងៃជំនុំជម្រះ ពួកគេក៏នឹងពេញចិត្តធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តដែរ ពេលព្រះយេស៊ូជួយនាំពួកគេទៅដល់រន្ធទឹកនៃជីវិត។ នៅទីបំផុត ព្រះយេហូវ៉ានឹងរាប់ពួកគេជាអ្នកដែលគួរនឹងបម្រើទ្រង់នៅផែនដីជារៀងរហូតតទៅ!—រ៉ូម ៨:២០, ២១; វិវរ. ២១:១-៧
តើអ្នកចាំទេ?
• តើទ្រព្យរបស់ព្រះយេស៊ូរួមបញ្ចូលអ្វីខ្លះ?
• តើមនុស្សមួយហ្វូងយ៉ាងធំជួយគាំទ្របងប្អូនដែលបានតែងតាំងជាស្តេចយ៉ាងដូចម្ដេច?
• តើមនុស្សមួយហ្វូងយ៉ាងធំមានឯកសិទ្ធិអ្វីខ្លះ? តើពួកគេមានសេចក្ដីសង្ឃឹមអ្វី?
• តើអ្នកមានទស្សនៈយ៉ាងណាចំពោះថ្ងៃជំនុំជម្រះ?
[រូបភាពនៅទំព័រ២៩]
មនុស្សមួយហ្វូងយ៉ាងធំបានបោកអាវឲ្យឡើងសក្នុងឈាមរបស់កូនចៀម
[រូបភាពនៅទំព័រ៣១]
តើអ្នកចង់រៀនអ្វីខ្លះពីអ្នកដែលរស់ឡើងវិញ?