បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/២ ទំ. ៨-១២
  • ចូរនឹកដល់ព្រះយេហូវ៉ាជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរនឹកដល់ព្រះយេហូវ៉ាជានិច្ច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​យើង
  • ចូរ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក
  • នៅ​គ្រប់​ទាំង​ផ្លូវ ចូរ​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​ចុះ!
  • ចូរ​ពឹង​សកម្ម​ពល​បរិសុទ្ធ
  • ចូរ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ដរាប
  • នាងរស់និងន៉ាអូមី
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • រូថនិងណាអូមី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកធ្លាក់ទឹកចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/២ ទំ. ៨-១២

ចូរ​នឹក​ដល់​ព្រះ​យេហូវ៉ា​ជា​និច្ច

​«ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា​នៅ​មុខ​ទូល​បង្គំ​ជា​ដរាប»។—ទំនុក. ១៦:៨

១​. តើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ​យេហូវ៉ា​ក៏​រួម​បញ្ចូល​សេចក្ដី​រាយ​ការណ៍​ដ៏​ល្អៗ ស្តី​អំពី​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ជាតិ។ កំណត់​ហេតុ​ទាំង​នោះ​រៀប​រាប់​អំពី​មនុស្ស​ច្រើន​នាក់​ដែល​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ទាំង​នោះ មិន​បាន​សរសេរ​ក្នុង​គម្ពីរ​ទុក​ជា​រឿង​អាន​លេងៗ​ទេ តែ​ជា​កំណត់​ហេតុ​ដែល​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា​វិញ។—យ៉ា. ៤:៨

២, ៣​. តើ​ពាក្យ​ក្នុង​ទំនុក​ទី១៦:៨ មាន​ន័យ​អ្វី?

២ យើង​រាល់​គ្នា​អាច​ទាញ​យក​មេ​រៀន​ពី​បទ​ពិសោធន៍​របស់​មនុស្ស​ជា​ច្រើន​ដែល​មាន​ឈ្មោះ​ល្បី ដូច​ជា​អ័ប្រាហាំ សារ៉ា ម៉ូសេ នាងរស់ ដាវីឌ នាងអេសធើរ​និង​សាវ័ក​ប៉ុល​ជា​ដើម។ ប៉ុន្តែ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​ដែល​រៀប​រាប់​អំពី​អ្នក​ឯ​ទៀត​ដែល​យើង​មិន​សូវ​ស្គាល់​ដែរ។ ការ​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​ចែង​ទុក​អំពី​អ្នក​ទាំង​នោះ អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​សរសេរ​ថា​៖ «ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា​នៅ​មុខ​ទូល​បង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ»។ (ទំនុក. ១៦:៨) តើ​ពាក្យ​ទាំង​នេះ​បង្កប់​អត្ថន័យ​អ្វី?

៣ ចំពោះ​ទាហាន​នៅ​សម័យ​បុរាណ តាម​ធម្មតា​ដៃ​ស្ដាំ​កាន់​ដាវ ហើយ​ដៃ​ឆ្វេង​កាន់​ខែល​ទៅ​វិញ។ ជា​លទ្ធផល គ្មាន​អ្វី​ជួយ​បាំង​ចំហៀង​ស្ដាំ​របស់​គាត់​ទេ។ ប៉ុន្តែ បើ​មាន​ម្នាក់​ឈរ​នៅ​ខាង​ស្ដាំ​គាត់​ពេល​ចូល​សមរភូមិ អ្នក​នោះ​អាច​ការពារ​ចំហៀង​ស្ដាំ​របស់​គាត់​វិញ។ ដូច​គ្នា​ដែរ បើ​យើង​នឹក​ដល់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់ ទ្រង់​ក៏​នឹង​ការពារ​យើង។ បើ​ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​កំណត់​ហេតុ​ផ្សេងៗ​ក្នុង​គម្ពីរ ដែល​អាច​ពង្រឹង​ជំនឿ​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​«នឹក​ដល់​ព្រះ​[យេហូវ៉ា]​ដែល​ស្ថិត​នៅ​ខាង​មុខ​[យើង]​ជានិច្ច»។—ខ.ស.

ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​យើង

៤​. សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ពី​គម្ពីរ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ជាតិ។

៤ បើ​យើង​នឹក​ដល់​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង។ (ទំនុក. ៦៥:២; ៦៦:១៩) ករណី​ដែល​ទាក់ទង​នឹង​លោក​អេលាស៊ើរ ជា​បាវ​បម្រើ​ចាស់​ជាង​គេ​របស់​លោក​អ័ប្រាហាំ បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​មែន។ អ័ប្រាហាំ​បាន​ចាត់​អេលាស៊ើរ​ទៅ​ឯ​ស្រុក​មេសូប៉ូតាមី​ដើម្បី​រក​ភរិយា​ល្អ​ដែល​គោរព​ព្រះ ឲ្យ​កូន​គាត់​ឈ្មោះ​អ៊ី​សាក។ អេលាស៊ើរ​បាន​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក​ស្ត្រី​ល្អ​ម្នាក់។ ពេល​នាង​រេបិកា​បាន​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​របស់​អេលាស៊ើរ គាត់​ទទួល​ស្គាល់​ថា នាង​ជា​ស្ត្រី​ដែល​ព្រះ​យេហូវ៉ា​ជ្រើសរើស​ឲ្យ ស្រប​ទៅ​តាម​សំណូម​ពរ​របស់​គាត់។ ដោយសារ​អេលាស៊ើរ​ជា​អ្នក​ដែល​ឧស្សាហ៍​អធិស្ឋាន គាត់​បាន​រក​ឃើញ​ស្ត្រី​ល្អ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ភរិយា​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ី​សាក។ (លោ. ២៤:១២​-​១៤, ៦៧) ទោះ​ជា​កាលៈទេសៈ​នោះ​មិន​ធម្មតា​ក៏​ដោយ យើង​ក៏​គួរ​មាន​ទំនុក​ចិត្ត​ដូច​បាវ​បម្រើ​របស់​អ័ប្រាហាំ​ដែរ ដោយ​ជឿ​ស៊ប់​ថា ព្រះ​យេហូវ៉ា​តែង​តែ​ស្ដាប់​ការ​អធិស្ឋាន​របស់​យើង។

៥​. តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បង្ហាញ​ថា សូម្បី​តែ​ការ​អធិស្ឋាន​តែ​មួយ​ភ្លែត​ដោយ​មិន​បញ្ចេញ​សំឡេង​ក៏​អាច​មាន​ប្រសិទ្ធភាព?

៥ ជួន​កាល​យើង​មាន​តែ​មួយ​ភ្លែត​ទេ ដើម្បី​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ មាន​គ្រា​មួយ​ដែល​ស្តេច​ជន​ជាតិ​ពើ​ស៊ី ឈ្មោះ​អើថាស៊ើកសេស បាន​កត់​សម្គាល់​ថា លោក​នេហេមា​ដែល​ជា​អ្នក​កាន់​ពែង​របស់​ស្តេច មាន​ទឹក​មុខ​ព្រួយ។ ដូច្នេះ ស្តេច​សួរ​នេហេមា​ថា​៖ «តើ​អ្នក​ចង់​បាន​អ្វី?»។ មួយ​រំពេច​នោះ នេហេមា​បាន​«អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌»។ តាម​មើល​ទៅ ពេល​នេហេមា​អធិស្ឋាន​នោះ គាត់​មិន​បាន​បញ្ចេញ​សំឡេង​ទេ ហើយ​បាន​អធិស្ឋាន​តែ​មួយ​ភ្លែត​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នេហេមា ហើយ​ស្តេច​បាន​ផ្ដល់​ជំនួយ​ដើម្បី​ឲ្យ​គាត់​ទៅ​កសាង​កំពែង​នៃ​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (សូម​អាន នេហេមា ២:១​-​៨) ត្រូវ​មែន! សូម្បី​តែ​ការ​អធិស្ឋាន​តែ​មួយ​ភ្លែត​ដោយ​មិន​បញ្ចេញ​សំឡេង​ក៏​អាច​មាន​ប្រសិទ្ធភាព​ដែរ។

៦, ៧​. (ក) ស្តី​អំពី​ការ​អធិស្ឋាន តើ​អេប៉ាប្រាស​បាន​ទុក​គំរូ​ល្អ​អ្វី​ឲ្យ​យើង? (ខ) តើ​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

៦ បទ​គម្ពីរ​ក៏​ដាស់​តឿន​ថា យើង​គួរ​«អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ា. ៥:១៦) ទោះបី​ជា​មើល​ទៅ​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​ធ្វើ​តាម​សំណូម​ពរ​ទាំង​នោះ​ភ្លាមៗ​ក្ដី យើង​នៅ​តែ​គួរ​អធិស្ឋាន​ឲ្យ​បង​ប្អូន​គ្នីគ្នា​របស់​យើង​មែន! លោក​អេប៉ាប្រាស​ជា​«អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​គ្រីស្ទ» ហើយ​គាត់​ឧស្សាហ៍​អធិស្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ។ ពេល​នៅ​ទី​ក្រុង​រ៉ូម ប៉ុល​បាន​សរសេរ​ថា​៖ «អេប៉ាប្រាស​ជា​បាវ​បំរើ​នៃ​ព្រះ​គ្រីស្ទ​ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា​[នៅ​ទី​ក្រុង​កូល៉ុស] គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក។ ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់!»។—កូល. ១:៧; ៤:​១២, ១៣

៧ ទី​ក្រុង​កូល៉ុស ឡៅឌីសេ​និង​ហេរ៉ាប៉ូល​ស្ថិត​នៅ​តំបន់​ជិតៗ​គ្នា។ គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​ហេរ៉ាប៉ូល​រស់​នៅ​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ថ្វាយ​បង្គំ​ព្រះ​នាង​សែប៊ីលី។ រីឯ​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​ឡៅឌីសេ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក ហើយ​ទស្សនៈ​វិជ្ជា​របស់​បណ្ដា​ជន​នៅ​ទី​ក្រុង​កូល៉ុស​ក៏​អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​គ្រិស្ត​សាសនិក​នៅ​ទី​នោះ​ដែរ។ (កូល. ២:៨) ដោយសារ​អេប៉ាប្រាស​មក​ពី​ក្រុង​កូល៉ុស ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​គាត់​បាន​«ខំ​ប្រឹង​អធិស្ឋាន»​ឲ្យ​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​នោះ! ទោះ​ជា​គម្ពីរ​មិន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អេប៉ាប្រាស​ក៏​ដោយ គាត់​មិន​ដែល​ឈប់​អធិស្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ឡើយ។ យើង​ក៏​មិន​គួរ​ខាន​អធិស្ឋាន​ឲ្យ​បង​ប្អូន​គ្នីគ្នា​ដែរ។ យើង​មិន​មែន​«សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ»​ទេ ប៉ុន្តែ​យើង​ប្រហែល​ជា​ដឹង​ថា ញាតិ​សន្ដាន​ឬ​មិត្ត​សម្លាញ់​ម្នាក់​កំពុង​ជួប​ប្រទះ​កាលៈទេសៈ​ដែល​ល្បង​ល​ជំនឿ​របស់​គាត់។ (១ពេ. ៤:១៥) បើ​ដូច្នេះ ពេល​នៅ​ម្នាក់​ឯង គប្បី​ណាស់​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​អ្នក​នោះ។ បង​ប្អូន​រួម​ជំនឿ​បាន​អធិស្ឋាន​ឲ្យ​ប៉ុល ហើយ​នេះ​បាន​ជួយ​គាត់​យ៉ាង​ច្រើន។ ដូច្នេះ យើង​ក៏​អាច​ជួយ​បង​ប្អូន​ឯ​ទៀត​ដែរ ដោយ​អធិស្ឋាន​ឲ្យ​ពួក​គេ។—២កូ. ១:១០, ១១

៨​. (ក) តើ​អ្វី​បង្ហាញ​ថា ពួក​អ្នក​ចាស់​ទុំ​ពី​ទី​ក្រុង​អេភេសូរ​ជា​អ្នក​ដែល​ចាត់​ទុក​ការ​អធិស្ឋាន​ជា​ទង្វើ​ដ៏​មាន​តម្លៃ? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ស្តី​អំពី​ការ​អធិស្ឋាន?

៨ តើ​អ្នក​ដទៃ​ចាត់​ទុក​យើង​ជា​មនុស្ស​ដែល​ឧស្សាហ៍​អធិស្ឋាន​ទេ? ក្រោយ​ប៉ុល​បាន​ជួប​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ពី​ទី​ក្រុង​អេភេសូរ គាត់​បាន​«លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា»។ ក្រោយ​មក «គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន។ រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និតថ្នម ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ»។ (កិច្ច. ២០:៣៦​-​៣៨) យើង​មិន​ស្គាល់​ឈ្មោះ​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​នោះ​ទេ។ ប៉ុន្តែ យើង​អាច​យល់​ថា ពួក​គាត់​ទាំង​អស់​គ្នា​ចាត់​ទុក​ការ​អធិស្ឋាន​ជា​ទង្វើ​ដែល​មាន​តម្លៃ។ គឺ​ច្បាស់​ហើយ​ថា យើង​គួរ​តែ​ចាត់​ទុក​ការ​អធិស្ឋាន​ជា​ឯកសិទ្ធិ​ពិសេស ហើយ​ក៏​គួរ‹លើក​ដៃ​ឡើង›ក្នុង​ការ​អធិស្ឋាន ដោយ​មាន​ទំនុក​ចិត្ត​ថា បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ជា​មិន​ខាន។—១ធី. ២:៨

ចូរ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក

៩, ១០​. (ក) តើ​កូន​ស្រី​របស់​ស្លូផិហាត​បាន​តាំង​គំរូ​ល្អ​អ្វី​ឲ្យ​យើង? (ខ) ស្តី​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍ តើ​គំរូ​នៃ​កូន​ស្រី​របស់​ស្លូផិហាត​ដែល​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ?

៩ ការ​នឹក​ដល់​ព្រះ​យេហូវ៉ា​ជានិច្ច​នឹង​ជួយ​យើង​ឲ្យ​ស្ដាប់​បង្គាប់​ទ្រង់ ហើយ​ជា​លទ្ធផល​យើង​ក៏​នឹង​ទទួល​ពរ។ (ចោទិ. ២៨:១៣; ១សាំ. ១៥:២២) នេះ​តម្រូវ​ឲ្យ​យើង​មាន​ស្មារតី​សុខ​ចិត្ត​ស្ដាប់​តាម។ សូម​គិត​អំពី​បង​ប្អូន​បង្កើត​ប្រាំ​នាក់ ជា​កូន​ស្រី​របស់​លោក​ស្លូផិហាត ដែល​រស់​នៅ​សម័យ​លោក​ម៉ូសេ។ តាម​ធម្មតា ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល មាន​តែ​កូន​ប្រុសៗ​ដែល​បាន​ទទួល​មត៌ក​ពី​បិតា។ ប៉ុន្តែ ពេល​ស្លូផិហាត​ស្លាប់​ទៅ គាត់​អត់​មាន​កូន​ប្រុស​មួយ​សោះ។ ដូច្នេះ ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​កូន​ស្រី​ទាំង​ប្រាំ​ទទួល​មត៌ក​ពី​បិតា​វិញ ឲ្យ​តែ​ពួក​គេ​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុសៗ​ពី​កុលសម្ព័ន្ធ​ម៉ាន៉ាសេ។ យ៉ាង​នេះ អចលន​វត្ថុ​ដែល​ពួក​គេ​ទទួល​ជា​មត៌ក​នោះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​ម៉ាន៉ាសេ​ដដែល។—ជន. ២៧:១​-​៨; ៣៦:៦​-​៨

១០ កូន​ស្រី​របស់​ស្លូផិហាត​ជឿ​ថា ពួក​គេ​នឹង​មិន​ខ្វះ​អ្វី​ឡើយ ឲ្យ​តែ​ពួក​គេ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ «ពួក​កូន​ស្រី​ស្លូផិហាត​ក៏​ធ្វើ​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ»។ រួច​មក «ម័សឡា ធើសា ហុកឡា មីលកា​នឹង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត គេ​បាន​យក​ប្ដី​ក្នុង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​គ្រប់​គ្នា។ គេ​បាន​យក​ប្ដី​ចូល​ជាតិ​ក្នុង​គ្រួសារ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប ហើយ​មរ​ដក​របស់​គេ​ក៏​បាន​នៅ​ជាប់​ក្នុង​ពូជ​អំបូរ​របស់​គ្រួ​ឪពុក​គេ​ត​ទៅ»។ (ជន. ៣៦:១០​-​១២) ស្ត្រី​ទាំង​នោះ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (យ៉ូស. ១៧:៣, ៤) ដូច​គ្នា​ដែរ គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ក៏​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ​មាំមួន​មែន ដោយ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​«ក្នុង​ព្រះ​អម្ចាស់»​តែ​ប៉ុណ្ណោះ។—១កូ. ៧:៣៩

១១, ១២​. តើ​កាលែប​បាន​បង្ហាញ​យ៉ាង​ណា​ថា គាត់​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា?

១១ យើង​ត្រូវ​តែ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក ដូច​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​កាលែប។ (ចោទិ. ១:៣៦) ក្រោយ​ព្រះ​យេហូវ៉ា​បាន​ប្រោស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ស្រុក​អេស៊ីប លោក​ម៉ូសេ​បាន​ចាត់​ចារ​បុរស​១២​នាក់​ឲ្យ​មើល​ស្រុក​កាណាន។ ប៉ុន្តែ មាន​តែ​បុរស​ពីរ​នាក់​គត់ គឺ​កាលែប​និង​យ៉ូស្វេ ដែល​បាន​ដាស់​តឿន​បណ្ដា​ជន​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ចូល​ទៅ​ក្នុង​ស្រុក។ (ជន. ១៤:៦​-​៩) ជាង​៤០​ឆ្នាំ​ក្រោយ​មក យ៉ូស្វេ​និង​កាលែប​មិន​ទាន់​ស្លាប់​នៅ​ឡើយ ហើយ​គាត់​ទាំង​ពីរ​នាក់​នៅ​តែ​បាន​ប្រព្រឹត្ត​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​តែងតាំង​យ៉ូស្វេ​ដើម្បី​នាំ​មុខ​ពួក​អ៊ីស្រាអែល​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ រីឯ​ចារ​បុរស​១០​នាក់​ដែល​មិន​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា តាម​មើល​ទៅ ពួក​គេ​បាន​ស្លាប់​ក្នុង​ទី​រហោ​ឋាន​ពេល​ពួក​អ៊ីស្រាអែល​បាន​ដើរ​ចុះ​ឡើង​នៅ​ទី​នោះ​អស់​រយៈ​៤០​ឆ្នាំ។—ជន. ១៤:៣១​-​៣៤

១២ ពេល​មាន​អាយុ​ច្រើន​ហើយ កាលែប​ដែល​បាន​រួច​រស់​ជីវិត​ពី​ដំណើរ​កាត់​ទី​រហោ​ឋាន​យ៉ាង​យូរ​នោះ បាន​ឈរ​នៅ​មុខ​យ៉ូស្វេ​ហើយ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក»។ (សូម​អាន យ៉ូស្វេ ១៤:៦​-​៩) ពេល​ដែល​កាលែប​មាន​អាយុ​៨៥​ឆ្នាំ គាត់​សុំ​ស្រុក​ភ្នំ​ទុក​ជា​ទីលំនៅ ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ទុក​ជា​មុន ទោះបី​ជា​ទឹក​ដី​នោះ​ពេញ​ទៅ​ដោយ​ខ្មាំង​សត្រូវ​នៅ​ក្នុង​ទី​ក្រុង​ធំៗ​ដែល​មាន​កំពែង​រឹង​មាំ​ក្ដី។—យ៉ូស. ១៤:១០​-​១៥

១៣​. ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​ណា​ក៏​ដោយ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ទទួល​ពរ?

១៣ បើ​យើង‹ធ្វើ​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក› ដូច​កាលែប​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​នោះ ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ឲ្យ​យើង​ដែរ។ បើ​យើង​មាន​បញ្ហា​ក្នុង​ជីវិត ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ពីព្រោះ​យើង‹ធ្វើ​តាម​ទ្រង់​គ្រប់​ជំពូក›។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​អស់​មួយ​ជីវិត​ដូច​កាលែប មិន​តែង​តែ​ស្រួល​ទេ។ កាល​ដំបូង ស្តេច​សាឡូម៉ូន​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្រោយ​មក ពេល​គាត់​មាន​អាយុ​ច្រើន​ហើយ ភរិយា​ទាំង​ប៉ុន្មាន​បាន​បង្វែរ​ចិត្ត​គាត់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​គាត់​«មិន​បាន​តាម​ព្រះ​យេហូវ៉ា​ដោយ​ពេញ​ខ្នាត​ដូច​ជា​ដាវីឌ​ជា​ព្រះ​បិតា»​នោះ​ទេ។ (១ពង្ស. ១១:៤​-​៦) មិន​ថា​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គប្បី​ឲ្យ​យើង​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក ហើយ​នឹក​ដល់​ទ្រង់​ជានិច្ច។

នៅ​គ្រប់​ទាំង​ផ្លូវ ចូរ​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​ចុះ!

១៤, ១៥​. តើ​ជីវិត​របស់​ន៉ាអូមី​បង្រៀន​យើង​អ្វី​ខ្លះ ស្តី​អំពី​សារៈ​សំខាន់​នៃ​ការ​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង?

១៤ យើង​ត្រូវ​តែ​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង ជា​ពិសេស​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​អស់​សង្ឃឹម​បន្ដិច។ សូម​គិត​អំពី​កាលៈទេសៈ​របស់​លោក​ស្រី​ចំណាស់​ម្នាក់ ឈ្មោះ​ន៉ាអូមី ដែល​មាន​ទាំង​ស្វាមី​និង​កូន​ប្រុស​ពីរ​នាក់​ស្លាប់​បាត់បង់​ជីវិត។ ពេល​ន៉ាអូមី​ចេញ​ពី​ស្រុក​ម៉ូអាប់​ដើម្បី​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ គាត់​មាន​ប្រសាសន៍​ដោយ​សោកសៅ​ថា​៖ «កុំ​ហៅ​ខ្ញុំ​ថា ន៉ាអូមី​[ដែល​មាន​ន័យ​ថា «ជា​ទី​សោមនស្ស»]​ឡើយ ត្រូវ​ហៅ​ថា ម៉ារ៉ា​[ដែល​មាន​ន័យ​ថា «ជូរ​ល្វីង»]​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់! ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ​ពេញ តែ​ព្រះ​យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ។ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ន៉ាអូមី ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ?»។—រស់. ១:២០, ២១

១៥ ន៉ាអូមី​ពិត​ជា​ក្រៀម​ក្រំ​ចិត្ត​ណាស់! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យើង​អាន​សៀវភៅ​នាងរស់ យើង​ឃើញ​ថា ន៉ាអូមី​មិន​ឈប់​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​ឡើយ។ ក្រោយ​មក ស្ថានភាព​ក្នុង​ជីវិត​ន៉ាអូមី​បាន​ប្រែប្រួល​ខ្លាំង​ណាស់! កូន​ប្រសា​របស់​ន៉ាអូមី ឈ្មោះ​នាងរស់ ដែល​ជា​ស្រី​មេម៉ាយ​ដូច​ម្ដាយ​ក្មេក​ផង បាន​រៀប​ការ​ជា​មួយ​នឹង​លោក​បូអូស ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ន៉ាអូមី​បាន​បីបម​ថែរក្សា​ចៅ​នោះ ហើយ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ «ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា​៖ ‹មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី›។ នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ដាវីឌ»។ (រស់. ៤:​១៤​-​១៧) នា​អនាគតកាល ពេល​ន៉ាអូមី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​ម្ដង​ទៀត គាត់​នឹង​រៀន​ថា នាងរស់ ដែល​នឹង​រស់​ឡើង​វិញ​ជា​មួយ​ម្ដាយ​ក្មេក​ដែរ បាន​ក្លាយ​ទៅ​ជា​ជីដូន​ម្នាក់​របស់​ព្រះ​យេស៊ូ​ដែល​ជា​មេស្ស៊ី។ (ម៉ាថ. ១:៥, ៦, ១៦) ដូច​ក្នុង​ករណី​របស់​ន៉ាអូមី យើង​មិន​អាច​ដឹង​ទុក​ជា​មុន​ថា ស្ថានការណ៍​ពិបាក​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​អនាគត​ទេ។ ដូច្នេះ ចូរ​ឲ្យ​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ស្រប​ទៅ​តាម​ដំបូន្មាន​ក្នុង​សៀវភៅ​សុភាសិត ៣:៥, ៦ ដែល​ដាស់​តឿន​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។

ចូរ​ពឹង​សកម្ម​ពល​បរិសុទ្ធ

១៦​. នៅ​សម័យ​បុរាណ តើ​សកម្ម​ពល​បរិសុទ្ធ​បាន​ជួយ​អ្នក​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ណា​ខ្លះ?

១៦ បើ​យើង​នឹក​ដល់​ព្រះ​យេហូវ៉ា​ជា​និច្ច ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ដោយ​វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់។ (កា. ៥:១៦​-​១៨) អ្នក​ចាស់​ទុំ​៧០​នាក់​ដែល​បាន​ជ្រើសរើស​ដើម្បី​«ជួយ​[ម៉ូសេ]​ផ្ទុក​នូវ​បន្ទុក​បណ្ដា​ជន»​អ៊ីស្រាអែល​នោះ ក៏​មាន​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​ពួក​គាត់​ដែរ។ ក្នុង​ចំណោម​អ្នក​ចាស់​ទុំ​ទាំង​៧០​នាក់​នោះ គម្ពីរ​រៀប​រាប់​អំពី​ឈ្មោះ​របស់​លោក​អែលដាត​និង​មីដាតតែប៉ុណ្ណោះ។ ប៉ុន្តែ យើង​ដឹង​ថា សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់​ទាំង​អស់​គ្នា​ឲ្យ​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួន។ (ជន. ១១:១៣​-​២៩) ពួក​គាត់​ច្បាស់​ជា​អ្នក​ដែល​ប៉ិនប្រសប់ មាន​ចិត្ត​កោត​ខ្លាច​ដល់​ព្រះ និង​ជា​មនុស្ស​ទៀងត្រង់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​បុរស​ទាំង​ប៉ុន្មាន​ដែល​ម៉ូសេ​បាន​ជ្រើសរើស​ពី​លើក​មុន។ (និក្ខ. ១៨:២១) គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នា​សម័យ​នេះ ក៏​មាន​គុណ​សម្បត្ដិ​បែប​នោះ​ដែរ។

១៧​. តើ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មាន​តួ​នាទី​អ្វី​ក្នុង​ការ​កសាង​រោង​ថ្វាយ​បង្គំ?

១៧ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​កសាង​រោង​ឧបោសថ​ឬ​រោង​ថ្វាយ​បង្គំ ពេល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ក្នុង​ទី​រហោ​ឋាន។ ព្រះ​យេហូវ៉ា​បាន​តែងតាំង​លោក​បេសាលាល​ឲ្យ​ធ្វើ​ជា​មេ​ជាង​ក្នុង​ការ​កសាង​រោង​នោះ។ ព្រះ​យេហូវ៉ា​ក៏​សន្យា​ថា ទ្រង់​នឹង​«បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ»​ឬ​សកម្ម​ពល​របស់​ទ្រង់ ដើម្បី​«ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់ មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់»។ (និក្ខ. ៣១:៣​-​៥) បុរស​ឯ​ទៀត​«ដែល​ចំណាន​ការ» បាន​ធ្វើ​ការ​ជា​មួយ​បេសាលាល​និង​អ្នក​ជំនួយ​របស់​គាត់ ឈ្មោះ​អូហូលីអាប់ ដើម្បី​បំពេញ​ភារកិច្ច​ដ៏​ពិសេស​នោះ។ ណា​មួយ​ទៀត សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ឲ្យ​បណ្ដា​ជន​ថ្វាយ​តង្វាយ​យ៉ាង​ច្រើន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (និក្ខ. ៣១:៦; ៣៥:៥, ៣០​-​៣៤) សកម្ម​ពល​ដដែល​នោះ​ក៏​ជំរុញ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ដែរ ឲ្យ​ធ្វើ​ការ​អស់​ពី​សមត្ថភាព​ក្នុង​ការ​លើក​តម្កើង​រាជាណាចក្រ​របស់​ទ្រង់។ (ម៉ាថ. ៦:​៣៣) យើង​ម្នាក់ៗ​ប្រហែល​ជា​ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែរ។ ប៉ុន្តែ យើង​ត្រូវ​តែ​អធិស្ឋាន​សុំ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា ហើយ​អនុញ្ញាត​ឲ្យ​សកម្ម​ពល​នោះ​ណែនាំ​យើង ទើប​អាច​បំពេញ​កិច្ចការ​ដែល​ទ្រង់​ឲ្យ​រាស្ត្រ​ទាំង​ឡាយ​ធ្វើ​នៅ​សម័យ​នេះ។—លូ. ១១:១៣

ចូរ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ដរាប

១៨, ១៩​. (ក) តើ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា? (ខ) តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ស៊ីម្មាន​និង​អាណ?

១៨ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​នេះ​ជួយ​យើង​ឲ្យ​នឹក​ដល់​ទ្រង់​ជានិច្ច។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​រាស្ត្រ​ទ្រង់​ពី​បុរាណ​ថា ពួក​គេ​ត្រូវ​តែ‹រាប់​ឈ្មោះ​ព្រះ​យេហូវ៉ា​ជា​បរិសុទ្ធ ព្រម​ទាំង​កោត​ខ្លាច​ដល់​ទ្រង់›។ (អេសា. ២៩:២៣) មនុស្ស​ចំណាស់​ពីរ​នាក់​នៅ​ទី​ក្រុង​យេរូសាឡិម​នា​សតវត្សរ៍​ទី​មួយ​ដែល​បាន​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា គឺ​លោក​ស៊ីម្មាន​និង​លោក​ស្រីអាណ។ (សូម​អាន លូកា ២:២៥​-​៣៨) ស៊ីម្មាន​ជឿ​ទៅ​លើ​ទំនាយ​ដែល​រៀប​រាប់​អំពី​អ្នក​ដែល​ត្រូវ​លេច​មក​ជា​មេស្ស៊ី។ ដូច្នេះ គាត់​កំពុង​«រង់​ចាំ​សេចក្ដី​ដោះ​ទុក្ខ​របស់​សាសន៍​អ៊ីស្រាអែល»។ ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្ម​ពល​បរិសុទ្ធ​ទៅ​លើ​ស៊ីម្មាន ហើយ​បាន​ធានា​ថា គាត់​នឹង​មិន​ផុត​ជីវិត​មុន​ឃើញ​អ្នក​ដែល​ជា​មេស្ស៊ី​ទេ។ រួច​មក ស៊ីម្មាន​បាន​ឃើញ​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី​មែន! នៅ​ថ្ងៃ​មួយ​នា​ឆ្នាំ​២ មុន​គ.ស. លោក​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម និង​នាង​ម៉ារា​ដែល​ជា​មាតា​របស់​បុត្រ​ឈ្មោះ​យេស៊ូ បាន​យក​កូន​ទៅ​ឯ​វិហារ។ សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ស៊ីម្មាន​ឲ្យ​ប្រកាស​ទំនាយ​អំពី​អ្នក​ដែល​ជា​មេស្ស៊ី ព្រម​ទាំង​ទាយ​ថា ម៉ារា​នឹង​មាន​ទុក្ខ​សោក​ជា​ខ្លាំង។ នេះ​បាន​កើត​ឡើង​មែន ពេល​គេ​បោះ​ភ្ជាប់​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម។ ប៉ុន្តែ សូម​ស្រមៃ​គិត​អំពី​អំណរ​ជា​ខ្លាំង​ដែល​ស៊ីម្មាន​មាន ពេល​គាត់​បី​កូន​ដែល​ជា​«គ្រីស្ទ​នៃ​ព្រះ​អម្ចាស់​[យេហូវ៉ា]»! ស៊ីម្មាន​ពិត​ជា​តាំង​គំរូ​ល្អ​ឲ្យ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ស្តី​អំពី​ការ​គោរព​កោត​ខ្លាច​ទ្រង់។

១៩ ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​អាយុ​៨៤​ឆ្នាំ ឈ្មោះ​អាណ ក៏​ជា​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដែរ ហើយ​«គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ​វិហារ​ទេ»។ (លក. [លូ.] ២:៣៧, ខ.ស.) អាណ​បាន​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ «ដោយ​ការ​តម​ហើយ​អធិស្ឋាន»។ អាណ​ក៏​មាន​វត្តមាន​ដែរ ពេល​បុត្រ​ឈ្មោះ​យេស៊ូ​បាន​យក​ទៅ​ឯ​វិហារ។ អាណ​ច្បាស់​ជា​មាន​អំណរ​គុណ​ណាស់! ពេល​ឃើញ​បុត្រ​នោះ​ដែល​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី។ ប្រាកដ​ហើយ! អាណ​បាន​«អរ​ព្រះ​គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ​ឱរស​ដល់​អស់​អ្នក​ដែល​នៅ​រង់ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម»។ ចិត្ត​របស់​អាណ​បាន​ជំរុញ​គាត់​ឲ្យ​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់​អ្នក​ដទៃ! គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​មាន​វ័យ​ចាស់​ដូច​ស៊ីម្មាន​និង​អាណ ក៏​មាន​ចិត្ត​រីករាយ​ដែរ ដែល​គ្មាន​នរណា​ហួស​អាយុ​ដើម្បី​ធ្វើ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា​ឡើយ។

២០​. មិន​ថា​យើង​មាន​អាយុ​ច្រើន​ឬ​តិច​ក្ដី តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី? ហេតុ​អ្វី?

២០ មិន​ថា​យើង​មាន​អាយុ​ច្រើន​ឬ​តិច​ក្ដី យើង​រាល់​គ្នា​ត្រូវ​តែ​នឹក​ដល់​ព្រះ​យេហូវ៉ា​ជានិច្ច។ ពេល​យើង​មាន​ចិត្ត​រាប​ទាប​ក្នុង​ការ​ព្យាយាម​ប្រាប់​អ្នក​ដទៃ​អំពី​រាជ្យ​របស់​ព្រះ​យេហូវ៉ា​និង​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​យើង។ (ទំនុក. ៧១:១៧, ១៨; ១៤៥:១០​-​១៣) ប៉ុន្តែ បើ​យើង​ពិត​ជា​ចង់​លើក​តម្កើង​ព្រះ​យេហូវ៉ា​មែន យើង​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។ តើ​ការ​ពិនិត្យ​មើល​កំណត់​ហេតុ​ឯ​ទៀត​ក្នុង​គម្ពីរ អាច​បង្រៀន​យើង​អ្វី​ខ្លះ ស្តី​អំពី​របៀប​បង្ហាញ​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា?

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្វី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ស្ដាប់​ការ​អធិស្ឋាន?

• ហេតុ​អ្វី​បាន​ជា​ចាំបាច់​ឲ្យ​យើង​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក?

• សូម្បី​តែ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ក្ដី ម្ដេច​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង?

• តើ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​ទ្រង់​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​៩]

ការ​អធិស្ឋាន​របស់​លោក​នេហេមា​មាន​ប្រសិទ្ធភាព

[រូបភាព​នៅ​ទំព័រ​១០]

ការ​នឹក​ចាំ​ពី​ជីវិត​របស់​ន៉ាអូមី អាច​ជួយ​យើង​ឲ្យ​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក