ចូរធ្វើតាមសាសនទូតដ៏ប្រសប់បំផុត!
«ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។—១កូ. ១១:១
១. ហេតុអ្វីក៏យើងគួរតែយកតម្រាប់តាមព្រះយេស៊ូគ្រិស្ត?
សាវ័កប៉ុលបានយកតម្រាប់តាមព្រះយេស៊ូគ្រិស្ត ដែលជាសាសនទូតដ៏ប្រសប់បំផុត។ ប៉ុលក៏បានដាស់តឿនគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា៖ «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។ (១កូ. ១១:១) មានម្ដងដែលព្រះយេស៊ូបានលាងជើងពួកសាវ័ក ទុកជាគំរូល្អស្តីអំពីការបង្ហាញចិត្តរាបទាប។ រួចមក ទ្រង់មានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។ (យ៉ូន. ១៣:១២-១៥) គ្រិស្តសាសនិកយើងនាសម័យនេះ ក៏មានភារកិច្ចយកតម្រាប់តាមព្រះយេស៊ូគ្រិស្តដែរ ដោយនិយាយស្តី ប្រព្រឹត្តនិងមានលក្ខណៈសម្បត្ដិដូចទ្រង់។—១ពេ. ២:២១
២. ទោះបីគណៈអភិបាលមិនបានតែងតាំងយើងជាសាសនទូតក៏ដោយ តើយើងនៅតែអាចមានស្មារតីបែបណា?
២ ក្នុងអត្ថបទមុនយើងបានរៀនថា សាសនទូតជាអ្នកដែលចាត់ឲ្យទៅផ្សាយដំណឹងល្អ។ ស្តីអំពីភារកិច្ចនេះ ប៉ុលបានលើកសំណួរខ្លះដ៏គួរឲ្យចាប់អារម្មណ៍។ (សូមអាន រ៉ូម ១០:១១-១៥) សូមកត់សម្គាល់ថា សាវ័កប៉ុលបានសួរថា៖ «ធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ?»។ រួចមក ប៉ុលបានដកស្រង់ពាក្យទំនាយពីក្នុងសៀវភៅអេសាយថា៖ «ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ (អេសា. ៥២:៧) ទោះបីយើងមិនបានតែងតាំងជាសាសនទូត ហើយមិនបានចាត់ទៅតំបន់ផ្សេងណាមួយក៏ដោយ យើងនៅតែអាចមានស្មារតីជាអ្នកដែលផ្សាយដំណឹងល្អដោយខ្នះខ្នែងស្របទៅតាមគំរូរបស់ព្រះយេស៊ូ។ ឆ្នាំមុន អ្នកផ្សាយសាររាជាណាចក្ររបស់ព្រះយេហូវ៉ាចំនួន៦.៩៥៧.៨៥២នាក់បាន«ធ្វើការជាគ្រូផ្សាយដំណឹងល្អ»នៅ២៣៦ប្រទេស។—២ធី. ៤:៥
‹លះចោលទាំងអស់ តាមព្រះគ្រិស្ត›
៣, ៤. តើព្រះយេស៊ូបានលះបង់អ្វីខ្លះនៅឯស្ថានសួគ៌? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីកាន់តាមព្រះយេស៊ូ?
៣ ព្រះយេស៊ូ«បានលះបង់ព្រះអង្គទ្រង់» ដោយលះចោលភាពរុងរឿងនៅឯស្ថានសួគ៌ ហើយបាន«យករូបភាពជាបាវបំរើវិញ» ដើម្បីបំពេញភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យទ្រង់នៅឯផែនដី។ (ភី. ២:៧) ទោះជាយើងខំយកតម្រាប់តាមគំរូរបស់ព្រះគ្រិស្តយ៉ាងផ្ចិតផ្ចង់ក្ដី ទង្វើរបស់យើងមិនអាចប្រៀបស្មើនឹងអ្វីដែលទ្រង់បានធ្វើពេលចាប់កំណើតនៅផែនដីទេ។ យ៉ាងណាក៏ដោយ យើងអាចកាន់ខ្ជាប់តាមគំរូរបស់ព្រះយេស៊ូបាន ដោយមិនងាកបែរក្រោយនិងស្រឡាញ់អ្វីដែលយើងធ្លាប់មានក្នុងពិភពលោករបស់សាតាំងឡើយ។—១យ៉ូន. ៥:១៩
៤ មានម្ដងដែលសាវ័កពេត្រុសប្រាប់ព្រះយេស៊ូថា៖ «មើល! យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ»។ (ម៉ាថ. ១៩:២៧) ពេលព្រះយេស៊ូបានអញ្ជើញពេត្រុស អនទ្រេ យ៉ាកុបនិងយ៉ូហានឲ្យមកតាមទ្រង់ ពួកគាត់បានលះចោលសំណាញ់ភ្លាមៗ។ ពួកគាត់បានលះបង់កិច្ចការជាអ្នកនេសាទ ហើយបានផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយជាចម្បងវិញ។ យោងទៅតាមសៀវភៅដំណឹងល្អដែលលោកលូកាបានសរសេរ ពេត្រុសមានប្រសាសន៍ថា៖ «មើល! [«អ្វីៗដែលយើងខ្ញុំមាន»] យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ»។ (លូ. [លក.] ១៨:២៨; ខ.ស.) ពេលយើងសម្រេចចិត្តកាន់តាមព្រះយេស៊ូ យើងភាគច្រើនមិនចាំបាច់លះចោល‹អ្វីៗទាំងអស់ដែលយើងមាន›នោះឡើយ។ យ៉ាងណាក៏ដោយ គឺចាំបាច់ឲ្យយើង«លះកាត់ចិត្តខ្លួន»ដើម្បីក្លាយទៅជាអ្នកកាន់តាមព្រះគ្រិស្តដែលបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។ (ម៉ាថ. ១៦:២៤) ជាលទ្ធផល មាគ៌ាជីវិតបែបនេះនាំឲ្យមានប្រយោជន៍ច្រើនបែបច្រើនយ៉ាង។ (សូមអាន ម៉ាថាយ ១៩:២៩) ស្មារតីចង់ផ្សព្វផ្សាយដំណឹងល្អស្របទៅតាមគំរូរបស់ព្រះគ្រិស្ត នាំឲ្យមានអំណរ ជាពិសេសពេលដែលយើងមានឱកាសរួមចំណែក សូម្បីតែបន្ដិចបន្តួចក្ដី ក្នុងការជួយនរណាម្នាក់ឲ្យចូលទៅជិតព្រះយេហូវ៉ានិងបុត្រទ្រង់ដែលជាទីស្រឡាញ់។
៥. សូមរៀបរាប់បទពិសោធន៍មួយដែលបង្ហាញពីអ្វីដែលជនអន្ដោប្រវេសន៍ខ្លះសុខចិត្តធ្វើ ពេលរៀនសេចក្ដីពិតក្នុងគម្ពីរ។
៥ បុរសជនជាតិប្រេស៊ីលម្នាក់ ឈ្មោះវ៉ាលមា ជាអ្នកជីករកមាសនៅតំបន់មួយនាកណ្ដាលប្រទេសស៊ូរីណាម នៅទ្វីបអាម៉េរិកខាងត្បូង។ គាត់ញៀនស្រា ហើយក៏ចូលចិត្តខូចស្រីផងដែរ។ មានម្ដងគាត់ទៅលេងទីក្រុង គាត់បានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ហើយរៀនជារៀងរាល់ថ្ងៃផង។ គាត់បានកែប្រែច្រើន ហើយមិនយូរប៉ុន្មានក្រោយមក ក៏បានទទួលការជ្រមុជទឹក។ ពេលវ៉ាលមាទទួលស្គាល់ថា មុខរបរនិងជំនឿថ្មីរបស់គាត់ពិបាកដើរទន្ទឹមគ្នានោះ គាត់សុខចិត្តលក់សិទ្ធិជីករកមាស ដែលបានកម្រៃច្រើន ហើយគាត់ត្រឡប់ទៅប្រទេសប្រេស៊ីលវិញ ដើម្បីជួយក្រុមគ្រួសាររបស់ខ្លួនឲ្យស្គាល់សេចក្ដីពិតក្នុងគម្ពីរដែលមានតម្លៃថ្លៃជាងមាសទៅទៀត។ ជនអន្ដោប្រវេសន៍មួយចំនួននៅប្រទេសជឿនលឿនបានរៀនសេចក្ដីពិតក្នុងគម្ពីរ ហើយសុខចិត្តលះចោលការងារល្អៗដែលមានប្រាក់ខែច្រើន ដើម្បីត្រឡប់ទៅឯស្រុកកំណើតវិញ ដោយមានបំណងចង់ជួយបងប្អូនញាតិមិត្តទាំងឡាយឲ្យស្គាល់ព្រះយេហូវ៉ា។ អ្នកទាំងនេះបង្ហាញថា ពួកគេជាក់ជាមានស្មារតីជាអ្នកផ្សាយសាររាជាណាចក្ររបស់ព្រះយេហូវ៉ាមែន!
៦. បើយើងគ្មានលទ្ធភាពផ្លាស់ទីលំនៅទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើយើងអាចធ្វើអ្វីវិញ?
៦ សាក្សីមួយចំនួនរបស់ព្រះយេហូវ៉ាក៏មានលទ្ធភាពផ្លាស់ទីលំនៅទៅកន្លែងដែលត្រូវការអ្នកផ្សាយសាររាជាណាចក្ររបស់ព្រះច្រើនជាង។ អ្នកខ្លះក៏សុខចិត្តទៅប្រទេសក្រៅផង។ ប្រហែលជាកាលៈទេសៈក្នុងជីវិតរបស់យើងមិនហុចឱកាសឲ្យយើងប្ដូរទីលំនៅយ៉ាងនេះទេ ប៉ុន្តែយើងអាចយកតម្រាប់តាមព្រះយេស៊ូដោយខិតខំធ្វើកិច្ចការផ្សព្វផ្សាយយ៉ាងអស់ពីសមត្ថភាពជានិច្ចវិញ។
ព្រះយេហូវ៉ាអប់រំយើង
៧. តើអស់អ្នកដែលចង់ផ្សាយសាររាជាណាចក្ររបស់ព្រះឲ្យបានកាន់តែប្រសើរឡើង អាចចូលសាលាបែបណាខ្លះ?
៧ ដូចព្រះយេស៊ូបានទទួលការអប់រំពីបិតាទ្រង់ យើងក៏អាចឆ្លៀតយកប្រយោជន៍ពីការអប់រំដែលព្រះយេហូវ៉ាផ្ដល់ឲ្យសព្វថ្ងៃនេះដែរ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «មានសេចក្ដីចែងទុកមកថា៖ ‹ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា›»។ (យ៉ូន. ៦:៤៥; អេសា. ៥៤:១៣) នៅសព្វថ្ងៃនេះ មានសាលាពិសេសមួយចំនួនដែលបានរៀបចំឡើងដើម្បីជួយយើងឲ្យចេះបំពេញភារកិច្ចជាអ្នកប្រកាសសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ យើងរាល់គ្នាច្បាស់ជាបានទទួលប្រយោជន៍ពីសាលាកិច្ចបម្រើផ្សាយ ដែលមានក្នុងក្រុមជំនុំនាតំបន់។ រីឯអ្នកត្រួសត្រាយវិញ ពួកគាត់មានឯកសិទ្ធិចូលសាលាសម្រាប់ពួកអ្នកត្រួសត្រាយ។ អ្នកខ្លះដែលជាអ្នកត្រួសត្រាយមួយរយៈពេលយូរបន្ដិច ក៏មានឱកាសចូលសាលាសម្រាប់ពួកអ្នកត្រួសត្រាយជាលើកទីពីរផង។ ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយក៏ចូលសាលាកិច្ចបម្រើរាជាណាចក្រដើម្បីឲ្យចេះបង្រៀននិងបម្រើបងប្អូនក្នុងក្រុមជំនុំឲ្យបានកាន់តែប្រសើរឡើង។ អ្នកចាស់ទុំនិងអ្នកងារជំនួយច្រើននាក់ដែលនៅលីវក៏បានចូលសាលាបង្ហាត់ខាងកិច្ចបម្រើ ដែលបង្រៀនពួកគាត់ឲ្យចេះជួយបងប្អូនឯទៀតក្នុងកិច្ចបម្រើផ្សាយ។ រីឯអ្នកផ្សាយច្រើននាក់ដែលគណៈអភិបាលចាត់ឲ្យទៅប្រទេសក្រៅជាសាសនទូត ក៏បានទទួលការអប់រំនៅឯសាលាគម្ពីរគីលាតនៃសមាគមប៉មយាម។
៨. តើបងប្អូនខ្លះចាត់ទុកការអប់រំពីព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃច្រើនដល់ម្ល៉េះបានជាពួកគេសុខចិត្តធ្វើយ៉ាងណា?
៨ សាក្សីច្រើននាក់របស់ព្រះយេហូវ៉ាសុខចិត្តកែប្រែនិងលះបង់អ្វីៗជាច្រើនដើម្បីចូលសាលាទាំងនេះ។ បុរសម្នាក់ឈ្មោះយូគូ មានចិត្តចង់ចូលសាលាបង្ហាត់ខាងកិច្ចបម្រើនៅប្រទេសកាណាដា។ ប៉ុន្តែ គាត់ត្រូវតែលាលែងពីការងាររបស់ខ្លួន ពីព្រោះពេលគាត់សុំច្បាប់តែប៉ុន្មានខែ ថៅកែមិនព្រមទេ។ យូគូមានប្រសាសន៍ថា៖ «ខ្ញុំមិនស្ដាយការងារនោះទេ។ តាមការពិត បើគេបានអនុគ្រោះឲ្យខ្ញុំឈប់មួយរយៈមែន ក្រោយមកពួកគេប្រហែលជាតម្រូវឲ្យខ្ញុំសងគុណដោយធ្វើការនៅក្រុមហ៊ុននោះរហូត។ ប៉ុន្តែ ឥឡូវនេះខ្ញុំមានសេរីភាព ហើយអាចធ្វើការអ្វីក៏ដោយដែលព្រះយេហូវ៉ាប្រគល់ឲ្យខ្ញុំ»។ ដោយមានចំណង់ចង់ទទួលការអប់រំពីព្រះយេហូវ៉ា បងប្អូនច្រើននាក់ស្ម័គ្រចិត្តលះបង់អ្វីដែលពួកគេធ្លាប់ចាត់ទុកថាមានតម្លៃ។—លូ. ៥:២៨
៩. សូមរៀបរាប់បទពិសោធន៍មួយដែលបង្ហាញថា យើងអាចមានប្រសិទ្ធភាពមែន ពេលទទួលការអប់រំពីគម្ពីរនិងខិតខំព្យាយាមផង។
៩ យើងនឹងមានប្រសិទ្ធភាពមែន បើយើងទទួលការអប់រំពីគម្ពីរនិងខិតខំព្យាយាមផង។ (២ធី. ៣:១៦, ១៧) សូមគិតអំពីករណីទាក់ទងនឹងក្មេងប្រុសម្នាក់ ឈ្មោះសោឡូ នៅប្រទេសហ្គាតេម៉ាឡា នាទ្វីបអាម៉េរិកកណ្ដាល។ សោឡូមានបញ្ហាខួរក្បាលតាំងពីកំណើតមក។ ពេលធំបន្ដិច អ្នកគ្រូប្រាប់ម្ដាយសោឡូថា គាត់មិនគួរបង្ខំកូនឲ្យចេះអក្សរទេ ពីព្រោះការបង្ខិតបង្ខំនោះនឹងធ្វើឲ្យកូនមួម៉ៅក្ដៅក្រហាយ។ ដូច្នេះពេលឈប់ទៅសាលា សោឡូមិនទាន់ចេះអក្សរនៅឡើយ។ ក៏ប៉ុន្តែ សាក្សីព្រះយេហូវ៉ាម្នាក់បានបង្រៀនសោឡូឲ្យចេះអក្សរ។ នៅទីបំផុត សោឡូចេះល្មមនឹងថ្លែងសុន្ទរកថាក្នុងសាលាកិច្ចបម្រើផ្សាយ។ ក្រោយៗមក ពេលម្ដាយរបស់សោឡូកំពុងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ គាត់បានជួបអតីតអ្នកគ្រូរបស់កូន។ ពេលម្ដាយសោឡូប្រាប់អ្នកគ្រូថា កូនចេះអក្សរហើយ អ្នកគ្រូសូមឲ្យគាត់នាំកូនមកជួបនៅសប្ដាហ៍ក្រោយ។ ពេលសោឡូទៅជួបអ្នកគ្រូនៅសប្ដាហ៍ក្រោយនោះ អ្នកគ្រូសួរគាត់ថា៖ «តើប្អូនចង់បង្រៀនអ្នកគ្រូអ្វីខ្លះ?»។ ស្រាប់តែសោឡូចាប់ផ្ដើមអានវគ្គមួយក្នុងសៀវភៅដែលមានចំណងជើងថា តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?a រួចមក អ្នកគ្រូមានប្រសាសន៍ថា៖«អស្ចារ្យណាស់! ដែលប្អូនចេះបង្រៀនអ្នកគ្រូដូច្នេះ» ហើយគាត់ក៏ឱបសោឡូទាំងស្រក់ទឹកភ្នែកផង។
វិធីបង្រៀនដែលជំរុញចិត្ត
១០. តើមានឧបករណ៍ល្អអ្វីដែលជួយយើងដើម្បីបង្រៀនសេចក្ដីពិតពីគម្ពីរ?
១០ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូតែងតែមានមូលដ្ឋានទៅលើអ្វីដែលបិតាបានបង្រៀនទ្រង់ ហើយទៅលើការណែនាំក្នុងបណ្ដាំជាលាយលក្ខណ៍អក្សររបស់ព្រះយេហូវ៉ា។ (លូ. ៤:១៦-២១; យ៉ូន. ៨:២៨) យើងយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូដោយធ្វើតាមឱវាទរបស់ទ្រង់ និងទុកគម្ពីរជាមូលដ្ឋានពេលយើងបង្រៀនសិស្ស។ បើដូច្នេះ ពាក្យសម្ដីនិងចិត្តគំនិតរបស់យើងរាល់គ្នាសុទ្ធតែស៊ីគ្នា ហើយនេះជួយយើងឲ្យមានសាមគ្គីភាព។ (១កូ. ១:១០) យើងពិតជាត្រេកអរណាស់! ដែល«អ្នកបំរើស្មោះត្រង់»រៀបចំសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ដើម្បីជួយយើងឲ្យមានសាមគ្គីភាពក្នុងការបង្រៀននិងការផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៤:៤៥; ២៨:១៩, ២០) សៀវភៅមួយដែលជួយយើងឲ្យធ្វើការនេះបាន គឺសៀវភៅព្រះគម្ពីរបង្រៀន ដែលឥឡូវនេះបានបកប្រែទៅជា១៧៩ភាសា។
១១. តើបងស្រីម្នាក់នៅប្រទេសអេចូពីយកចំណុចអ្វីពីសៀវភៅព្រះគម្ពីរបង្រៀន ដើម្បីជួយអ្នកប្រឆាំងឲ្យចេះវែកញែករកហេតុផល?
១១ សូម្បីតែអ្នកដែលធ្លាប់ប្រឆាំងសាក្សីព្រះយេហូវ៉ាក៏អាចកែប្រែដែរ ពេលសិក្សាគម្ពីរតាមរយៈសៀវភៅព្រះគម្ពីរបង្រៀន។ មានម្ដងដែលអ្នកត្រួសត្រាយម្នាក់នៅប្រទេសអេចូពី ឈ្មោះលូឡា កំពុងបង្រៀនសិស្សគម្ពីរ ស្រាប់តែញាតិសន្ដានម្នាក់ចូលផ្ទះមួយសម្ទុះទាំងនិយាយថា មិនចាំបាច់ឲ្យពួកគេរៀនទៀតទេ។ លូឡាបានលើកហេតុផលឲ្យញាតិសន្ដាននោះ ដោយរៀបរាប់ឧទាហរណ៍មួយអំពីលុយក្លែងក្លាយ ដែលមានក្នុងជំពូក១៥នៃសៀវភៅព្រះគម្ពីរបង្រៀន។ ញាតិសន្ដាននោះលែងប្រកាន់ទៀត ហើយអនុញ្ញាតឲ្យលូឡានិងសិស្សគាត់រៀនតទៅទៀត។ តាមការពិត លើកក្រោយដែលលូឡាបានទៅបង្រៀនសិស្សនោះ ញាតិសន្ដានរបស់គាត់ក៏មានវត្តមានដែរ ហើយក៏សូមរៀនផង ព្រមទាំងសុខចិត្តបង់ថ្លៃរៀនទៀត! មិនយូរប៉ុន្មានក្រោយមក ញាតិសន្ដាននោះរៀនគម្ពីរបីដងរៀងរាល់សប្ដាហ៍ ហើយក៏ធ្វើតាមអ្វីដែលគាត់រៀនផង។
១២. សូមរៀបរាប់បទពិសោធន៍មួយដែលបង្ហាញពីវិធីដែលប្អូនៗយុវវ័យអាចមានប្រសិទ្ធភាពក្នុងការបង្រៀនអ្នកដទៃនូវសេចក្ដីពិតពីគម្ពីរ។
១២ ប្អូនៗយុវវ័យក៏អាចយកសៀវភៅព្រះគម្ពីរបង្រៀន ទៅជួយអ្នកដទៃដែរ។ ពេលនៅសាលា ប្អូនប្រុសឈ្មោះគីអានូ ដែលមានអាយុ១១ឆ្នាំហើយរស់នៅកោះហាវ៉ៃ នាសមុទ្រប៉ាស៊ីភិច កំពុងអានសៀវភៅព្រះគម្ពីរបង្រៀន ស្រាប់តែមិត្តរួមថ្នាក់ម្នាក់មកសួរថា៖ «ម៉េចក៏ឯងមិនធ្វើបុណ្យខួបកំណើត?»។ ប្អូនគីអានូបានអានជូនមិត្តម្នាក់នោះ នូវចម្លើយដែលមានក្នុងការពន្យល់បន្ថែមដែលមានចំណងជើងថា «តើយើងគួរធ្វើបុណ្យឬទេ?»។ ក្រោយមក គីអានូបើកសៀវភៅទៅទំព័រមាតិកា ហើយសួរមិត្តរួមថ្នាក់ថា តើប្រធានមួយណាដែលគាត់ចាប់អារម្មណ៍ជាងគេ? រួចមក មិត្តរួមថ្នាក់ចាប់ផ្ដើមរៀនគម្ពីរជាមួយគីអានូ។ ឆ្នាំមុន ចំនួនសិស្សគម្ពីរដែលសាក្សីព្រះយេហូវ៉ាបានជួយបង្រៀន មានជាង៦.៥៦១.៤២៦នាក់ ហើយពួកគេភាគច្រើនបានយកសៀវភៅព្រះគម្ពីរបង្រៀនជាសៀវភៅសិក្សា។ តើអ្នកយកឧបករណ៍នេះដើម្បីបង្រៀនសិស្សគម្ពីរទេ?
១៣. តើការសិក្សាគម្ពីរអាចមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើអ្នកដែលរៀន?
១៣ ការសិក្សាគម្ពីរតាមរយៈសៀវភៅព្រះគម្ពីរបង្រៀន ក៏អាចមានឥទ្ធិពលខ្លាំងទៅលើអស់អ្នកដែលចង់ធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា។ ស្វាមីភរិយាមួយគូដែលជាអ្នកត្រួសត្រាយពិសេសនៅប្រទេសណរវែស នាទ្វីបអឺរ៉ុបប៉ែកខាងជើង បានចាប់ផ្ដើមបង្រៀនគម្ពីរដល់ក្រុមគ្រួសារមួយពីប្រទេសសំប៊ី។ ស្វាមីភរិយាពីប្រទេសសំប៊ីមានកូនស្រីបីនាក់ ហើយមិនចង់បានកូនទៀតទេ។ ដូច្នេះ ពេលបងស្រីចាប់មានផ្ទៃពោះម្ដងទៀត ពីរនាក់ស្វាមីភរិយាសម្រេចចិត្តចង់ពន្លូតកូនចោល។ ប៉ុន្មានថ្ងៃមុនពួកគាត់បានទៅជួបគ្រូពេទ្យ ពួកគាត់សិក្សាជំពូកដែលមានចំណងជើងថា «ចូរមានទស្សនៈដូចព្រះចំពោះជីវិត»។ ពេលមើលរូបភាពក្នុងជំពូកនោះ ដែលបង្ហាញពីកូនក្នុងផ្ទៃម្ដាយ ពីរនាក់ស្វាមីភរិយាមានចិត្តក្ដួលអាណិតដល់ម្ល៉េះបានជាសម្រេចចិត្តមិនពន្លូតកូនទៅវិញ។ ពួកគាត់បានអនុវត្តតាមអ្វីដែលពួកគាត់រៀនតទៅទៀត ហើយពេលសម្រាលបានកូនប្រុសនោះ ក៏ដាក់ឈ្មោះដូចឈ្មោះរបស់អ្នកដែលបង្រៀនគម្ពីរ។
១៤. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញពីលទ្ធផលល្អដែលបានមកពីការរស់នៅស្របទៅតាមអ្វីដែលយើងបង្រៀន។
១៤ លក្ខណៈសំខាន់មួយនៃការបង្រៀនរបស់ព្រះយេស៊ូ គឺទ្រង់មានរបៀបរស់នៅស្របទៅតាមអ្វីដែលទ្រង់បង្រៀន។ មនុស្សជាច្រើនក៏អបអរចំពោះកិរិយាល្អរបស់សាក្សីព្រះយេហូវ៉ា ដែលយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូក្នុងករណីនេះដែរ។ នៅប្រទេសនូវ៉ែលហ្សេឡង់ ចោរបានលួចកាតាបដែលមានឯកសារសំខាន់ៗពីឡានរបស់ពាណិជ្ជករម្នាក់។ ពេលគាត់រាយការណ៍ប្រាប់ប៉ូលិស ពួកគេជម្រាបគាត់ថា៖ «គ្មានសង្ឃឹមទេ ឲ្យលោកទទួលកាតាបមកវិញ លើកលែងតែស្ថិតនៅក្នុងដៃសាក្សីព្រះយេហូវ៉ា»។ រួចមក សាក្សីព្រះយេហូវ៉ាម្នាក់រើសបានកាតាបរបស់គាត់មែន! ប៉ូលិសប្រាប់ម្ចាស់កាតាប ហើយគាត់ទៅផ្ទះរបស់បងស្រីដែលរើសបានកាតាបគាត់។ ពាណិជ្ជករនោះបានធូរចិត្តណាស់ ពេលឃើញឯកសារសំខាន់មួយនៅក្នុងកាតាបនៅឡើយ។ បងស្រីប្រាប់គាត់ថា៖ «ខ្ញុំជូនកម្មសិទ្ធិរបស់លោកវិញ ពីព្រោះខ្ញុំជាសាក្សីព្រះយេហូវ៉ា»។ ពេលឮដូច្នេះ គាត់ភ្ញាក់ផ្អើលមែន! ហើយនឹកចាំពីអ្វីដែលប៉ូលិសបានប្រាប់គាត់ពីព្រឹកមិញ។ គឺច្បាស់ហើយថា គ្រិស្តសាសនិកពិតមានរបៀបរស់នៅស្របទៅតាមគំរូរបស់ព្រះយេស៊ូនិងការបង្រៀនក្នុងគម្ពីរ។—ហេ. ១៣:១៨
លក្ខណៈសម្បត្ដិដូចព្រះយេស៊ូ
១៥, ១៦. តើយើងអាចទាក់ទាញចិត្តមនុស្សឲ្យចង់ស្ដាប់សារដែលយើងផ្សាយដោយរបៀបណា?
១៥ លក្ខណៈសម្បត្ដិរបស់ព្រះយេស៊ូបានទាក់ទាញចិត្តមនុស្សឲ្យចង់ស្ដាប់សាររបស់ទ្រង់។ ជាឧទាហរណ៍ សេចក្ដីស្រឡាញ់និងចិត្តរាបទាបរបស់ព្រះយេស៊ូបានទាក់ទាញចិត្តមនុស្សសាមញ្ញធម្មតាឲ្យមកឯទ្រង់។ ព្រះយេស៊ូបង្ហាញចិត្តអាណិតអាសូរចំពោះអស់អ្នកដែលមកជួបទ្រង់ ហើយទ្រង់ក៏ជួយសម្រាលទុក្ខពួកគេដោយប្រោសពួកគេឲ្យជា និងនិយាយពាក្យផ្អែមពីរោះទៅកាន់ពួកគេ។ (សូមអាន ម៉ាកុស ២:១-៥) ទោះបីជាយើងគ្មានអំណាចធ្វើអព្ភូតហេតុក្ដី យើងអាចបង្ហាញសេចក្ដីស្រឡាញ់ មានចិត្តរាបទាបនិងអាណិតមេត្ដាដល់មនុស្សបាន។ លក្ខណៈសម្បត្ដិទាំងនេះតែងតែទាក់ទាញចិត្តមនុស្សឲ្យចង់ស្គាល់សេចក្ដីពិតក្នុងគម្ពីរ។
១៦ នៅកោះគីរីបាទី នាសមុទ្រប៉ាស៊ីភិច អ្នកត្រួសត្រាយពិសេសម្នាក់ ឈ្មោះថារីយួ បានទៅផ្សព្វផ្សាយនៅកោះមួយដាច់ស្រយាលបន្ដិច។ នៅទីនោះ ថារីយួបានជួបតាម្នាក់ ឈ្មោះបេរី ដែលមុនដំបូងមិនចង់ស្ដាប់នាងទេ។ ក្នុងករណីនេះ ការបង្ហាញចិត្តអាណិតអាសូរមានប្រសិទ្ធភាពមែន ពីព្រោះថារីយួកត់សម្គាល់ថា តាពិការមួយចំហៀងខ្លួន។ នាងសួរគាត់ថា៖ «តើតាធ្លាប់ឮសេចក្ដីសន្យារបស់ព្រះ ស្តីអំពីគោលបំណងរបស់លោកចំពោះមនុស្សដែលឈឺនិងចាស់ជរាទេ?»។ រួចមក នាងអានខខ្លះៗពីទំនាយក្នុងសៀវភៅអេសាយ។ (សូមអាន អេសាយ ៣៥:៥, ៦) តាភ្ញាក់ផ្អើលបន្ដិច ហើយមានប្រសាសន៍ថា៖ «តាធ្លាប់អានគម្ពីរយូរឆ្នាំ ហើយសាសនទូតពីសាសនារបស់តាក៏មកលេងច្រើនឆ្នាំដែរ ប៉ុន្តែតាអត់ដែលឃើញចំណុចនេះក្នុងគម្ពីរឡើយ»។ តាបេរីចាប់ផ្ដើមរៀនគម្ពីរជាមួយថារីយួ ហើយគាត់ក៏ធ្វើតាមសេចក្ដីពិតដែលគាត់រៀនដែរ។ ទោះជាតាបេរីពិការក៏ដោយ គាត់បានទទួលការជ្រមុជទឹក ហើយនាំមុខក្នុងក្រុមតូចដាច់ស្រយាល ព្រមទាំងដើរខ្ញើចៗទូទាំងកោះនោះដើម្បីផ្សាយដំណឹងល្អ។
ចូរធ្វើតាមព្រះគ្រិស្តជានិច្ច
១៧, ១៨. (ក) តើយើងអាចធ្វើជាអ្នកផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាពដោយរបៀបណា? (ខ) តើអស់អ្នកដែលយកចិត្តទុកដាក់នឹងកិច្ចការផ្សព្វផ្សាយអាចទទួលអ្វីខ្លះ?
១៧ បទពិសោធន៍ផ្សេងៗដែលនាំឲ្យមានអំណរក្នុងកិច្ចបម្រើផ្សាយ បង្ហាញម្ដងហើយម្ដងទៀតថា យើងអាចមានប្រសិទ្ធភាពក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អមែន ឲ្យតែយើងបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិដូចព្រះយេស៊ូ។ បើដូច្នេះ គប្បីណាស់ឲ្យយើងយកតម្រាប់តាមគំរូរបស់ព្រះគ្រិស្តដែលឧស្សាហ៍ផ្សព្វផ្សាយដោយខ្នះខ្នែង!
១៨ ពេលមនុស្សខ្លះនៅសតវត្សរ៍ទីមួយបានក្លាយទៅជាសិស្សរបស់ព្រះយេស៊ូ ពេត្រុសសួរថា៖ «តើយើងខ្ញុំនឹងបានអ្វីខ្លះ?»។ ព្រះយេស៊ូឆ្លើយតបថា៖ «អស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ចទុកជាមរដកដែរ»។ (ម៉ាថ. ១៩:២៧-២៩) យើងក៏នឹងទទួលមត៌កនោះដែរ បើយើងយកតម្រាប់តាមសាសនទូតដ៏ប្រសប់បំផុត ដោយធ្វើតាមព្រះគ្រិស្តជានិច្ច!
[កំណត់សម្គាល់]
a បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេហូវ៉ាអប់រំយើងឲ្យធ្វើជាអ្នកផ្សាយដំណឹងល្អតាមវិធីណាខ្លះ?
• ម្ដេចក៏សៀវភៅព្រះគម្ពីរបង្រៀន មានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយរបស់យើង?
• តើយើងអាចយកតម្រាប់តាមព្រះយេស៊ូ ដោយមានលក្ខណៈសម្បត្ដិបែបណាខ្លះចំពោះមនុស្សដទៃ?
[រូបភាពនៅទំព័រ២៣]
ពេលបង្រៀនសិស្សពីសៀវភៅដូចជាសៀវភៅ«ព្រះគម្ពីរបង្រៀន» ជួយយើងឲ្យមានសាមគ្គីភាព