ព្រះយេស៊ូគ្រិស្ត សាសនទូតដ៏ប្រសប់បំផុត!
«ខ្ញុំមកពី[ព្រះយេហូវ៉ា]ដែលចាត់ឲ្យខ្ញុំមក»។—យ៉ូន. ៧:២៩
១, ២. តើសាសនទូតមានភារកិច្ចអ្វី? តើអ្នកណាជាសាសនទូតដ៏ប្រសប់បំផុត?
ពេលឮពាក្យ «សាសនទូត» តើយើងគិតអំពីមនុស្សបែបណា? អ្នកខ្លះគិតអំពីសាសនទូតរបស់គ្រិស្តសាសនានិកាយផ្សេងៗ។ ច្រើនដងច្រើនសា សាសនទូតទាំងនោះចូលប្រឡូកនឹងរឿងសេដ្ឋកិច្ចនិងរឿងនយោបាយរបស់ប្រទេសដែលពួកគេចូលដើម្បីឃោសនាពីសាសនារបស់ខ្លួន។ រីឯសាក្សីព្រះយេហូវ៉ាវិញ យើងច្រើនតែគិតអំពីសាសនទូតដែលគណៈអភិបាលចាត់ឲ្យទៅផ្សព្វផ្សាយដំណឹងល្អនៅប្រទេសផ្សេងៗ ទូទាំងពិភពលោក។ (ម៉ាថ. ២៤:១៤) សាសនទូតទាំងនេះចំណាយកម្លាំងនិងពេលដោយឥតសំចៃ ដើម្បីបំពេញបំណងល្អក្នុងការជួយមនុស្សឲ្យចូលទៅជិតព្រះយេហូវ៉ា និងមានចំណងមិត្តភាពស្និទ្ធស្នាលជាមួយនឹងទ្រង់។—យ៉ា. ៤:៨
២ ទោះបីជាគម្ពីរខ្មែរមិនមានពាក្យ«សាសនទូត»ក្ដី ពាក្យភាសាក្រិចក្នុងសៀវភៅអេភេសូរ ៤:១១ ដែលបកប្រែថា «គ្រូផ្សាយដំណឹងល្អ» ក៏អាចបកប្រែថា «សាសនទូត»ដែរ។ ព្រះយេហូវ៉ាជាគ្រូដ៏ប្រសប់បំផុតក្នុងការផ្សាយដំណឹងល្អ ប៉ុន្តែយើងមិនអាចសំដៅទៅលើទ្រង់ជាសាសនទូតដ៏ប្រសប់បំផុត ពីព្រោះគ្មាននរណាបានចាត់ព្រះយេហូវ៉ាមកទេ។ រីឯព្រះយេស៊ូគ្រិស្តវិញ ទ្រង់មានប្រសាសន៍អំពីបិតារបស់ទ្រង់នៅស្ថានសួគ៌ថា៖ «ខ្ញុំមកពី[ព្រះយេហូវ៉ា]ដែលចាត់ឲ្យខ្ញុំមក»។ (យ៉ូន. ៧:២៩) ព្រះយេហូវ៉ាបង្ហាញថាទ្រង់ស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងដល់ម្ល៉េះ ដោយប្រទានបុត្រទ្រង់តែមួយឲ្យមកផែនដី។ (យ៉ូន. ៣:១៦) ដូច្នេះ យើងអាចហៅព្រះយេស៊ូថា ជាសាសនទូតដ៏ប្រសប់បំផុត ពីព្រោះមូលហេតុមួយដែលព្រះយេហូវ៉ាបានចាត់ព្រះយេស៊ូមក គឺដើម្បី«ធ្វើបន្ទាល់[ឬ«ផ្ដល់សក្ខីភាពអំពី»]សេចក្ដីពិត»។ (យ៉ូន. [យហ.] ១៨:៣៧; ខ.ស.) ព្រះយេស៊ូមានជោគជ័យទាំងស្រុងក្នុងការផ្សព្វផ្សាយដំណឹងល្អស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ហើយរហូតមកដល់សព្វថ្ងៃនេះ យើងក៏ទទួលប្រយោជន៍ពីកិច្ចការផ្សព្វផ្សាយរបស់ទ្រង់ដែរ។ យើងអាចទទួលប្រយោជន៍ម្យ៉ាងដោយធ្វើតាមវិធីបង្រៀនរបស់ទ្រង់ក្នុងកិច្ចបម្រើផ្សាយរបស់យើង មិនថាយើងបានចាត់មកជាសាសនទូតឬមិនបានក្ដី។
៣. តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
៣ តួនាទីរបស់ព្រះយេស៊ូក្នុងការប្រកាសសារស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា នាំឲ្យមានសំណួរថា ពេលនៅផែនដី តើព្រះយេស៊ូបានជួបប្រទះកាលៈទេសៈបែបណាខ្លះ? ហេតុអ្វីបានជាទ្រង់ពូកែបង្រៀនម្ល៉េះ? និងម្ដេចក៏ទ្រង់មានជោគជ័យក្នុងការផ្សព្វផ្សាយ?
សុខចិត្តទៅកន្លែងផ្សេង
៤-៦. សូមរៀបរាប់អំពីស្ថានភាពផ្សេងៗនៅផែនដី ដែលខុសគ្នាឆ្ងាយពីអ្វីដែលព្រះយេស៊ូធ្លាប់មាននៅស្ថានសួគ៌។
៤ នៅសម័យនេះ ពួកសាសនទូតនិងគ្រិស្តសាសនិកឯទៀតសុខចិត្តផ្លាស់ទីលំនៅទៅតំបន់ផ្សេងដែលត្រូវការអ្នកផ្សាយសាររាជាណាចក្ររបស់ព្រះច្រើនជាង។ ពេលប្ដូរទីលំនៅយ៉ាងនោះ ជួនកាលពួកគេត្រូវតែសុខចិត្តទ្រាំនឹងស្ថានភាពខុសគ្នាឆ្ងាយពីស្រុកកំណើត។ យ៉ាងណាក៏ដោយ យើងនឹកស្មានមិនបានទេ ថាស្ថានភាពដែលព្រះយេស៊ូជួបប្រទះនៅផែនដី គឺខុសគ្នាឆ្ងាយប៉ុណ្ណាពីជីវិតនៅស្ថានសួគ៌ជាមួយបិតា ហើយជាមួយនឹងទេវតាទាំងឡាយដែលសុទ្ធតែមានបំណងចិត្តល្អក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (យ៉ូប ៣៨:៧) គឺពិបាកណាស់! ឲ្យព្រះយេស៊ូរស់នៅជាមួយមនុស្សដែលមានបាប ក្នុងពិភពលោកដ៏ខូចអាក្រក់នេះ។ (ម៉ាក. ៧:២០-២៣) សូម្បីតែសិស្សជិតស្និទ្ធជាងគេរបស់ព្រះយេស៊ូ ក៏បានឈ្លោះប្រកែកគ្នាដែរ។ (លូ. ២០:៤៦; ២២:២៤) ប៉ុន្តែ មិនថាព្រះយេស៊ូបានជួបប្រទះអ្វីក៏ដោយនៅផែនដី ទ្រង់មិនដែលមានប្រតិកម្មអាក្រក់ឡើយ។
៥ នៅឯស្ថានសួគ៌ ព្រះយេស៊ូធ្លាប់បញ្ជាពួកទេវតា។ ប៉ុន្តែ ពេលទ្រង់ចាប់កំណើតនៅផែនដីវិញ ទ្រង់មិនទាំងចេះនិយាយផង ហើយចាប់ពីតូចមកត្រូវតែរៀនភាសារបស់មនុស្សជាតិ។ នេះគឺពិបាកណាស់! ពីព្រោះ«ភាសារបស់ពួកទេវតា»ខុសគ្នាពី«ភាសារបស់មនុស្សជាតិទាំងប៉ុន្មាន»យ៉ាងឆ្ងាយ ដូចមេឃនិងដី។ យ៉ាងណាក៏ដោយ យ៉ាងហោចណាស់ព្រះយេស៊ូបានរៀនឲ្យចេះនិយាយភាសាមួយ។ (១កូ. ១៣:១) នៅទីបំផុត គ្មានមនុស្សណាទៀតអាចនិយាយយ៉ាងផ្អែមពីរោះបានដូចព្រះយេស៊ូឡើយ។—លូ. ៤:២២
៦ សូមគិតអំពីស្ថានភាពឯទៀតដែលខុសគ្នាឆ្ងាយ ចំពោះបុត្ររបស់ព្រះយេហូវ៉ាដែលបានចុះពីស្ថានសួគ៌មកផែនដី។ ទោះជាព្រះយេស៊ូមិនមានបាបទុកជាមត៌កពីអ័ដាមក្ដី ទ្រង់ពិតជាមនុស្សសាច់ឈាមមែន ដូចអស់អ្នកដែលបានរើសតាំងឲ្យគ្រប់គ្រងជាមួយទ្រង់ ដែលទ្រង់រាប់ជា«បងប្អូន»។ (សូមអាន ហេព្រើរ ២:១៧, ១៨) ទោះជាព្រះយេស៊ូមិនបានសូមបិតាទ្រង់នៅស្ថានសួគ៌ឲ្យចាត់«ទេវតា១២កង»មកជួយនៅរាត្រីមុនទ្រង់ទទួលមរណភាពក៏ដោយ សូមគិតអំពីអំណាចដែលទ្រង់ធ្លាប់មានទៅលើពួកទេវតាទាំងឡាយ ក្នុងនាមជាមហាទេវតាឈ្មោះមីកែល។ (ម៉ាថ. ២៦:៥៣; យូ. ៩) ណាមួយទៀត ថ្វីបើព្រះយេស៊ូបានធ្វើអព្ភូតហេតុខ្លះៗនៅផែនដីក្ដី អ្វីៗដែលទ្រង់ធ្វើនៅទីនេះមិនជាការអស្ចារ្យណាស់ណាទេ បើប្រៀបធៀបនឹងអំណាចមហិមាដែលទ្រង់មាននៅស្ថានសួគ៌។
៧. តើពួកយូដាបានប្រព្រឹត្តយ៉ាងណាស្តីអំពីក្រឹត្យវិន័យ?
៧ មុនព្រះយេស៊ូបានចាប់កំណើតជាមនុស្ស ទ្រង់មានមុខនាទីជា«ព្រះបន្ទូល»ឬអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា។ ពេលពួកអ៊ីស្រាអែលបានដើរកាត់ទីរហោឋាន ប្រហែលជាព្រះយេហូវ៉ាបានដឹកនាំពួកគេតាមរយៈព្រះយេស៊ូ។ (យ៉ូន. ១:១; និក្ខ. ២៣:២០-២៣) ប៉ុន្តែ ទោះបើបណ្ដាជនទាំងនោះ«បានទទួលក្រិត្យវិន័យដោយព្រះចាត់ចែងពួកទេវតាមក»ក្ដី ពួកគេ«មិនបានកាន់តាមសោះ»។ (កិច្ច. ៧:៥៣; ហេ. ២:២, ៣) តាមការពិត ពួកមេដឹកនាំសាសនាយូដានៅសតវត្សរ៍ទីមួយក៏មិនទទួលស្គាល់ថា ព្រះយេហូវ៉ាមានបំណងអ្វីក្នុងការប្រទានក្រឹត្យវិន័យទេ។ ជាឧទាហរណ៍ សូមគិតអំពីច្បាប់ដែលតម្រូវឲ្យបណ្ដាជនមានថ្ងៃឈប់សម្រាក។ (សូមអាន ម៉ាកុស ៣:៤-៦) ពួកអាចារ្យនិងពួកផារិស៊ី«បានចោលសេចក្ដីសំខាន់ជាងដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណានឹងសេចក្ដីជំនឿ»។ (ម៉ាថ. ២៣:២៣) យ៉ាងណាក៏ដោយ ព្រះយេស៊ូមិនអស់សង្ឃឹម ហើយក៏មិនឈប់បង្រៀននូវសេចក្ដីពិតឡើយ។
៨. ម្ដេចក៏ព្រះយេស៊ូអាចជួយយើងបាន?
៨ ព្រះយេស៊ូស្ម័គ្រចិត្តជួយមនុស្សជាតិ។ សេចក្ដីស្រឡាញ់និងចិត្តដែលចង់ជួយពួកគេបានជំរុញព្រះយេស៊ូឲ្យចាត់វិធានការ ហើយទ្រង់មិនដែលនឿយណាយក្នុងកិច្ចការផ្សព្វផ្សាយឡើយ។ ដោយសារព្រះយេស៊ូស្មោះត្រង់ចំពោះព្រះយេហូវ៉ាអស់មួយជីវិតនៅផែនដី ទ្រង់បានទទួលភារកិច្ច«ជាមេបង្កើត»ឬអ្នកដែលនឹង‹សង្គ្រោះអស់អ្នកដែលស្ដាប់បង្គាប់ទ្រង់›។ ម្យ៉ាងទៀត ដោយសារព្រះយេស៊ូ«បានរងទុក្ខលំបាក ទាំងត្រូវសេចក្ដីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក[ដូចយើង]ដែលត្រូវសេចក្ដីល្បួងបានដែរ»។—ហេ. ២:១៨; ៥:៨, ៩
អប់រំល្អ គ្រូប្រសប់
៩, ១០. មុនចាប់កំណើតនៅផែនដី តើព្រះយេស៊ូបានទទួលការអប់រំបែបណា?
៩ នៅសព្វថ្ងៃនេះ មុននឹងចាត់គ្រិស្តសាសនិកឲ្យធ្វើជាសាសនទូតនៅកន្លែងផ្សេង គណៈអភិបាលរៀបចំឲ្យពួកគេទទួលការអប់រំបន្ដិចសិន។ តើព្រះយេស៊ូគ្រិស្តបានទទួលការអប់រំដែរឬទេ? មុនព្រះយេស៊ូបានតែងតាំងជាមេស្ស៊ី ទ្រង់ទទួលការអប់រំមែន! ប៉ុន្តែ មិនមែនការអប់រំនៅឯសាលាពិសេសសម្រាប់មេដឹកនាំសាសនាយូដា ឬនៅទៀបជើងអ្នកធំខាងសាសនានោះទេ។ (យ៉ូន. ៧:១៥; សូមពិនិត្យបន្ថែម កិច្ចការ ២២:៣) បើដូច្នេះ ម្ដេចក៏ព្រះយេស៊ូជាគ្រូប្រសប់ម្ល៉េះ?
១០ ទោះបើឪពុកចិញ្ចឹមរបស់ព្រះយេស៊ូ ឈ្មោះយ៉ូសែប និងនាងម៉ារាដែលជាម្ដាយបានបង្រៀនកូននូវអ្វីៗជាច្រើនក្ដី ការអប់រំឲ្យចេះធ្វើកិច្ចការផ្សព្វផ្សាយ មកពីប្រភពដ៏ខ្ពង់ខ្ពស់បំផុតទៅវិញ។ ព្រះយេស៊ូមានប្រសាសន៍អំពីការអប់រំនោះថា៖ «ខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ»។ (យ៉ូន. ១២:៤៩) សូមកត់សម្គាល់ថា ព្រះយេហូវ៉ាបានផ្ដល់ការណែនាំយ៉ាងជាក់លាក់ដល់បុត្រទ្រង់ ស្តីអំពីអ្វីដែលបុត្រនោះត្រូវបង្រៀន។ មុនចាប់កំណើតនៅផែនដី ព្រះយេស៊ូច្បាស់ជាបានចំណាយពេលជាច្រើនក្នុងការស្ដាប់ពាក្យណែនាំរបស់បិតា។ តាមពិត គ្មានការអប់រំណាប្រសើរជាងនោះឡើយ មែនទេ?
១១. តើព្រះយេស៊ូមានទស្សនៈចំពោះមនុស្សជាតិ ដូចនឹងបិតាទ្រង់ប៉ុណ្ណាទៅ?
១១ ចាប់ពីពេលដែលព្រះយេហូវ៉ាបានបង្កើតព្រះយេស៊ូមក បុត្រច្បងនោះមានមិត្តភាពជិតស្និទ្ធជាមួយបិតា។ អស់រយៈពេលយូរ មុនព្រះយេស៊ូបានចាប់កំណើតជាមនុស្សនៅផែនដី ទ្រង់អាចយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ ដោយពិនិត្យមើលរបៀបដែលបិតាទ្រង់បានប្រព្រឹត្តទៅលើពួកគេ។ ជាលទ្ធផល ព្រះយេស៊ូស្រឡាញ់មនុស្សជាតិដូចបិតាទ្រង់បេះបិទ ដល់ម្ល៉េះបានជាទ្រង់អាចមានប្រសាសន៍ថា៖ ‹ខ្ញុំមានអំណរនឹងពួកមនុស្សលោក›។—សុ. ៨:២២, ៣១
១២, ១៣. (ក) ពេលសង្កេតឃើញរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែល តើព្រះយេស៊ូបានរៀនអ្វីខ្លះ? (ខ) តើព្រះយេស៊ូបានធ្វើតាមការអប់រំដែលទ្រង់ទទួលយ៉ាងដូចម្ដេច?
១២ ការអប់រំដែលព្រះយេស៊ូបានទទួលនោះ ក៏រួមបញ្ចូលការសង្កេតឃើញរបៀបដែលបិតាទ្រង់ដោះស្រាយរឿងរ៉ាវដែរ។ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែលដែលមិនស្ដាប់បង្គាប់ទ្រង់។ សៀវភៅនេហេមា ៩:២៨ ចែងថា៖ «កាល[ពួកអ៊ីស្រាអែល]មានសេចក្ដីស្រាកស្រាន្តបន្ដិច នោះគេបានប្រព្រឹត្តសេចក្ដីអាក្រក់នៅចំពោះ[ព្រះយេហូវ៉ា]វិញទៀត បានជាទ្រង់ទុកគេនៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ។ ប៉ុន្តែ កាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្ដីមេត្ដាករុណារបស់ទ្រង់»។ ពេលព្រះយេស៊ូធ្វើការជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងឃើញការប្រព្រឹត្តរបស់ទ្រង់ផង នោះជំរុញព្រះយេស៊ូឲ្យមានចិត្តអាណិតអាសូរចំពោះមនុស្សដែលទ្រង់ជួបពេលផ្សព្វផ្សាយ។—យ៉ូន. ៥:១៩
១៣ ព្រះយេស៊ូក៏អនុវត្តតាមអ្វីដែលទ្រង់បានរៀន ដោយយល់ដល់អារម្មណ៍របស់សិស្សទ្រង់។ នៅរាត្រីមុនព្រះយេស៊ូបានទទួលមរណភាព សាវ័កទាំងឡាយដែលទ្រង់ស្រឡាញ់ខ្លាំងណាស់ បាន«រត់ចោលទ្រង់»។ (ម៉ាថ. ២៦:៥៦; យ៉ូន. ១៣:១) សូម្បីតែសាវ័កពេត្រុស អស់បីដងគាត់និយាយថាគាត់មិនស្គាល់ព្រះយេស៊ូ! យ៉ាងណាក៏ដោយ ព្រះយេស៊ូទុកឱកាសឲ្យពួកសាវ័កកាន់តាមទ្រង់តទៅទៀត។ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់ពេត្រុសថា៖ «ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»។ (លូ. ២២:៣២) «ពួកសាវក»ប្រៀបដូចជាជើងជញ្ជាំងឬគ្រឹះមូលដ្ឋានសម្រាប់សាសន៍អ៊ីស្រាអែលនៃព្រះ ហើយក្នុងន័យធៀប ឈ្មោះរបស់សាវ័កទាំង១២នាក់ដែលស្មោះត្រង់ចំពោះព្រះយេស៊ូគ្រិស្តជាកូនចៀម បានឆ្លាក់នៅលើថ្មដែលជាជើងកំពែងនៃក្រុងយេរូសាឡិមថ្មី។ រហូតមកដល់សម័យនេះ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ និងពួក«ចៀមឯទៀត» ជាគូកនរបស់ពួកគាត់ដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ចេះតែពួតដៃគ្នាជាអង្គការមួយក្រោមអំណាចទ្រង់ ដែលធ្វើតាមការណែនាំពីបុត្រស្ងួនភ្ងារបស់ទ្រង់ ហើយដូច្នេះក៏ពូកែប្រកាសផ្សាយអំពីរាជាណាចក្ររបស់ទ្រង់ផង។—កា. ៦:១៦; អេភ. ២:២០; យ៉ូន. ១០:១៦; វិវរ. ២១:២, ១៤
គំរូរបស់គ្រូប្រសប់
១៤, ១៥. តើការបង្រៀនរបស់ព្រះយេស៊ូមានលក្ខណៈខុសប្លែកយ៉ាងណាពីពួកអាចារ្យនិងពួកផារិស៊ី?
១៤ តើព្រះយេស៊ូអនុវត្តតាមការអប់រំដែលទ្រង់បានទទួលយ៉ាងដូចម្ដេច ស្តីអំពីរបៀបបង្រៀនអស់អ្នកដែលកាន់តាមទ្រង់? បើយើងពិនិត្យមើលរបៀបដែលព្រះយេស៊ូបង្រៀន យើងឃើញថា ទ្រង់ពូកែជាងពួកមេដឹកនាំសាសនាយូដាឆ្ងាយណាស់! ពួកអាចារ្យនិងពួកផារិស៊ីបាន‹លើកបញ្ញត្តនៃព្រះចោលដោយសារទំនៀមទំលាប់ពីបុរាណរបស់ពួកគេ›។ ផ្ទុយទៅវិញ ព្រះយេស៊ូមិនដែលបង្រៀនដោយអាងខ្លួនទ្រង់ទេ តែបានបង្រៀនស្របទៅតាមបណ្ដាំរបស់ព្រះយេហូវ៉ាជានិច្ច។ (ម៉ាថ. ១៥:៦; យ៉ូន. ១៤:១០) យើងក៏ត្រូវតែធ្វើដូច្នេះដែរ។
១៥ លក្ខណៈមួយទៀតរបស់ព្រះយេស៊ូដែលខុសប្លែកពីមេដឹកនាំសាសនាយូដា គឺស្របទៅតាមអ្វីដែលទ្រង់មានប្រសាសន៍ស្តីអំពីពួកអាចារ្យនិងពួកផារិស៊ីថា៖ «គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ហើយប្រព្រឹត្តតាមចុះ! ប៉ុន្តែ កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។ (ម៉ាថ. ២៣:៣) ព្រះយេស៊ូបានប្រព្រឹត្តតាមអ្វីដែលទ្រង់បង្រៀន។ សូមមើលឧទាហរណ៍មួយដែលបញ្ជាក់អំពីចំណុចនេះ។
១៦. តើអ្វីបង្ហាញថា ព្រះយេស៊ូបានធ្វើតាមពាក្យរបស់ទ្រង់ក្នុងសៀវភៅម៉ាថាយ ៦:១៩-២១?
១៦ ព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ឲ្យ«ប្រមូលទ្រព្យសម្បត្ដិ . . . នៅឯស្ថានសួគ៌»។ (សូមអាន ម៉ាថាយ ៦:១៩-២១) តើព្រះយេស៊ូបានធ្វើតាមយោបល់នេះទេ? ព្រះយេស៊ូពិតជាបានធ្វើតាមយោបល់នេះមែន ពីព្រោះទ្រង់បានពណ៌នាអំពីជីវិតរបស់ទ្រង់ថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (លូ. ៩:៥៨) ព្រះយេស៊ូមានរបៀបរស់នៅដ៏សាមញ្ញធម្មតា។ ព្រះយេស៊ូចាត់ទុកកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាជាការដ៏សំខាន់ចម្បង ហើយដូច្នេះក៏បង្ហាញអំពីរបៀបរស់នៅដែលចាកពីកង្វល់ដែលបណ្ដាលមកពីការប្រមូលទ្រព្យសម្បត្ដិនៅផែនដី។ ព្រះយេស៊ូបញ្ជាក់ថា ការប្រមូលទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌ «ដែលជាកន្លែងគ្មានកន្លាតឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះឬប្លន់ផង» នោះពិតជាមានប្រយោជន៍ច្រើនជាង! តើយើងកំពុងធ្វើតាមដំបូន្មានរបស់ព្រះយេស៊ូ ដោយប្រមូលទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌ឬទេ?
លក្ខណៈសម្បត្ដិដែលទាក់ទាញចិត្ត
១៧. តើលក្ខណៈអ្វីខ្លះជួយព្រះយេស៊ូឲ្យធ្វើជាគ្រូផ្សាយដំណឹងល្អដ៏ប្រសប់?
១៧ ព្រះយេស៊ូជាគ្រូផ្សាយដំណឹងល្អដ៏ប្រសប់ ពីព្រោះទ្រង់មានលក្ខណៈសម្បត្ដិល្អៗ។ តើទ្រង់មានលក្ខណៈអ្វីខ្លះ? លក្ខណៈសំខាន់មួយ គឺទស្សនៈដែលព្រះយេស៊ូមានចំពោះអស់អ្នកដែលទ្រង់ជួយ។ ព្រះយេស៊ូមានគុណសម្បត្ដិល្អៗដូចព្រះយេហូវ៉ា ដូចជាចិត្តរាបទាប សេចក្ដីស្រឡាញ់និងការអាណិតអាសូរជាដើម។ សូមកត់សម្គាល់ពីឥទ្ធិពលដែលលក្ខណៈសម្បត្ដិទាំងនេះមានក្នុងការទាក់ទាញចិត្តមនុស្សឲ្យស្រឡាញ់ព្រះយេស៊ូ។
១៨. តើអ្វីបង្ហាញថា ព្រះយេស៊ូពិតជាមានចិត្តរាបទាប?
១៨ ពេលព្រះយេស៊ូយល់ព្រមធ្វើកិច្ចការផ្សព្វផ្សាយនៅផែនដី ទ្រង់«បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង»។ (ភី. ២:៧) ទង្វើនោះពិតជាបង្ហាញពីចិត្តរាបទាបមែន។ ម្យ៉ាងទៀត ព្រះយេស៊ូមិនដែលមើលងាយមនុស្សដទៃឡើយ។ ទ្រង់មិនធ្លាប់មានអត្តចរិតហាក់ដូចជាគិតថា ‹អញចុះមកពីស្ថានសួគ៌ ដូច្នេះឯងរាល់គ្នាគួរតែស្ដាប់តាមអញ›ទេ។ ទោះបើព្រះយេស៊ូមានតួនាទីជាមេស្ស៊ីពិតក្ដី ទ្រង់មិនដែលអួតខ្លួនដូចមនុស្សមួយចំនួនដែលពើងទ្រូងហើយឃោសនាថា ពួកគេជាមេស្ស៊ីដែលនឹងសង្គ្រោះមនុស្សជាតិទេ។ ជួនកាលព្រះយេស៊ូបានបង្គាប់អ្នកដទៃថា ពួកគេមិនគួរនិយាយខ្ចរខ្ចាយពីទង្វើរបស់ទ្រង់ ឬប្រាប់ថាទ្រង់ជានរណានោះឡើយ។ (ម៉ាថ. ១២:១៥-២១) ព្រះយេស៊ូចង់ឲ្យមនុស្សសម្រេចចិត្តកាន់តាមទ្រង់ ដោយផ្អែកទៅលើអ្វីដែលពួកគេឃើញផ្ទាល់នឹងភ្នែក។ នេះជាចំណុចដ៏គួរឲ្យលើកទឹកចិត្តមែន! ថាព្រះយេស៊ូមិនតម្រូវឲ្យសិស្សទ្រង់មានលក្ខណៈល្អឥតខ្ចោះ ស្មើនឹងពួកទេវតាដែលទ្រង់ធ្លាប់នៅជាមួយឯស្ថានសួគ៌ឡើយ។
១៩, ២០. តើសេចក្ដីស្រឡាញ់និងចិត្តអាណិតអាសូរបានជំរុញព្រះយេស៊ូឲ្យជួយមនុស្សយ៉ាងដូចម្ដេចខ្លះ?
១៩ ព្រះយេស៊ូគ្រិស្តក៏ពេញទៅដោយសេចក្ដីស្រឡាញ់ ដែលជាគុណសម្បត្ដិសំខាន់ចម្បងរបស់បិតាទ្រង់នៅស្ថានសួគ៌។ (១យ៉ូន. ៤:៨) ព្រះយេស៊ូបង្រៀនបណ្ដាជនពីព្រោះទ្រង់ស្រឡាញ់ពួកគេ។ ជាឧទាហរណ៍ សូមគិតអំពីទស្សនៈរបស់ព្រះយេស៊ូចំពោះនាម៉ឺនម្នាក់។ (សូមអាន ម៉ាកុស ១០:១៧-២២) ព្រះយេស៊ូ«ស្រឡាញ់»និងចង់ជួយនាម៉ឺននោះណាស់! ប៉ុន្តែ គាត់មិនព្រមបោះបង់ចោលទ្រព្យសម្បត្ដិទាំងប៉ុន្មានដើម្បីកាន់តាមព្រះគ្រិស្តទេ។
២០ គុណសម្បត្ដិមួយទៀតរបស់ព្រះយេស៊ូដែលទាក់ទាញចិត្ត គឺការអាណិតអាសូរ។ គ្មានមនុស្សណាសោះដែលល្អឥតខ្ចោះឡើយ ដូច្នេះអស់អ្នកដែលធ្វើតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ក៏មានបញ្ហាម្ដងម្កាលដែរ។ ព្រះយេស៊ូជ្រាបថា ជីវិតរបស់អ្នកស្ដាប់មិនតែងតែស្រួលទេ ដូច្នេះទ្រង់មានចិត្តអាណិតអាសូរពេលបង្រៀនពួកគេ។ ជាឧទាហរណ៍ សូមគិតអំពីពេលមួយដែលព្រះយេស៊ូនិងសាវ័កទ្រង់ជាប់រវល់ដល់ម្ល៉េះបានជាគ្មានពេលបរិភោគអាហារ។ ទោះជាយ៉ាងណាក៏ដោយ ពេលព្រះយេស៊ូឃើញមនុស្សជាច្រើនមកជួបទ្រង់ តើទ្រង់មានអារម្មណ៍យ៉ាងណា? ព្រះយេស៊ូមានចិត្ត«ក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល។ រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាក. ៦:៣៤, កំណែជាអក្សរទ្រេត) ព្រះយេស៊ូទទួលស្គាល់ថា មនុស្សក្នុងតំបន់ដែលទ្រង់ផ្សព្វផ្សាយនោះ សុទ្ធតែមានជីវិតយ៉ាប់យ៉ឺន ដូច្នេះទ្រង់សុខចិត្តបង្រៀននិងធ្វើអព្ភូតហេតុដើម្បីជួយពួកគេ ទោះបីជាទ្រង់អស់កម្លាំងក៏ដោយ។ លក្ខណៈសម្បត្ដិល្អៗរបស់ព្រះយេស៊ូបានទាក់ទាញចិត្តមនុស្សជាច្រើន រួចមកពួកគេបានធ្វើតាមពាក្យទ្រង់ និងក្លាយទៅជាសិស្សរបស់ទ្រង់ផង។
២១. តើអត្ថបទបន្ទាប់នឹងពន្យល់អំពីអ្វី?
២១ អត្ថបទបន្ទាប់នឹងបង្ហាញថា មានអ្វីៗជាច្រើនថែមទៀតដែលយើងអាចរៀនពីកិច្ចបម្រើផ្សាយរបស់ព្រះយេស៊ូនៅផែនដី។ តើយើងអាចធ្វើតាមព្រះយេស៊ូគ្រិស្ត ជាសាសនទូតដ៏ប្រសប់បំផុត ដោយរបៀបណាខ្លះ?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• មុនចាប់កំណើតនៅផែនដី តើព្រះយេស៊ូបានទទួលការអប់រំបែបណា?
• តើការបង្រៀនរបស់ព្រះយេស៊ូមានលក្ខណៈប្រសើរជាងពួកអាចារ្យនិងពួកផារិស៊ីយ៉ាងណាខ្លះ?
• តើព្រះយេស៊ូមានលក្ខណៈសម្បត្ដិអ្វីខ្លះដែលទាក់ទាញចិត្ត?
[រូបភាពនៅទំព័រ២០]
តើព្រះយេស៊ូបានបង្រៀនបណ្ដាជនដោយរបៀបណា?