«ដើម្បី មិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ»
«ចូរចាំយាម ហើយអធិស្ឋានចុះ! ដើម្បី មិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ»។—ម៉ាថាយ ២៦:៤១
ព្រះយេស៊ូគ្រីស្ទដែលជារាជបុត្រានៃព្រះ មានព្រះទ័យខ្វល់ខ្វាយយ៉ាងខ្លាំងជាងមុនទៅទៀត ដ្បិតទីបញ្ចប់នៃព្រះជន្មទ្រង់នៅលើផែនដីគឺជិតដល់ហើយ។ ព្រះយេស៊ូបានជ្រាបថា មិនយូរប៉ុន្មានទៀតមនុស្សនឹងមកចាប់ទ្រង់ ទាំងកាត់ក្ដីឲ្យប្រហារព្រះជន្មទ្រង់ដោយព្យួរលើបង្គោលទារុណកម្មមួយដើម។ ព្រះយេស៊ូក៏ជ្រាបថា ការប្រព្រឹត្តនិងការសម្រេចទាំងប៉ុន្មានរបស់ទ្រង់អាចលើកកិត្ដិយសឬក៏បង្ខូចកិត្ដិនាមនៃព្រះវរបិតារបស់ទ្រង់បាន។ ព្រះយេស៊ូក៏ជ្រាបដែរថា អនាគតរបស់មនុស្សជាតិពឹងទាំងស្រុងទៅលើព្រឹត្ដិការណ៍ទាំងនោះដែរ។ ដោយមានបន្ទុកធ្ងន់សង្កត់លើព្រះយេស៊ូដូច្នេះ តើទ្រង់ធ្វើអ្វី?
២ ព្រះយេស៊ូបានយាងចូលទៅក្នុងសួនគែតសេម៉ានីជាមួយនឹងសិស្សទ្រង់។ សួននោះជាទីកន្លែងដែលព្រះយេស៊ូសព្វព្រះហឫទ័យជាទីបំផុត។ នៅក្នុងសួនច្បារនោះព្រះយេស៊ូបានយាងទៅឆ្ងាយបន្ដិចដោយឡែកពីសិស្សរបស់ទ្រង់។ កាលដែលនៅតែមួយអង្គឯង ព្រះយេស៊ូបានសូមព្រះកាយពលពីព្រះវរបិតាទ្រង់នៅស្ថានសួគ៌ ដោយអធិស្ឋានអង្វរអស់ពីព្រះទ័យ មិនគ្រាន់តែមួយដងប៉ុណ្ណោះទេ តែដល់ទៅបីដង។ ទោះបើព្រះយេស៊ូជាមនុស្សគ្រប់ល័ក្ខណ៍ក៏ដោយ ទ្រង់មិនដែលព្រះតម្រិះថាទ្រង់អាចទ្រាំនឹងបន្ទុកធ្ងន់នោះដោយអាងព្រះកាយពលរបស់ទ្រង់ផ្ទាល់បានឡើយ។—ម៉ាថាយ ២៦:៣៦-៤៤
៣ សព្វថ្ងៃនេះក៏មានបន្ទុកធ្ងន់សង្កត់លើយើងផងដែរ។ នៅក្នុងផ្នែកមុនៗនៃសៀវភៅនេះ យើងបានពិចារណាមើលទីសំអាងដែលបញ្ជាក់ថា យើងកំពុងតែរស់នៅគ្រាជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ សេចក្ដីល្បួងនិងភាពតានតឹងចិត្តដែលបណ្ដាលមកពីលោកីយ៍របស់សាតាំង មានកាន់តែខ្លាំងឡើងៗ។ រីឯយើងដែលអះអាងថាជាអ្នកបំរើព្រះពិត នោះការប្រព្រឹត្តនិងការសម្រេចចិត្តរបស់យើងអាចលើកកិត្ដិយសឬបង្ខូចកិត្ដិនាមរបស់ព្រះ ហើយនេះក៏មានឥទ្ធិពលទៅលើសេចក្ដីសង្ឃឹមរបស់យើងម្នាក់ៗដែរ ស្តីអំពីជីវិតក្នុងពិភពលោកថ្មីរបស់ព្រះ។ យើងស្រឡាញ់ព្រះយេហូវ៉ា។ យើងប្រាថ្នាចង់ «កាន់ខ្ជាប់ ដរាបដល់ចុងបំផុត» មិនថាចុងបំផុតនៃជីវិតយើងមកដល់មុន ឬដល់ចុងបំផុតនៃរបបលោកីយ៍នេះក្ដី។ (ម៉ាថាយ ២៤:១៣) ប៉ុន្តែ តើយើងអាចធ្វើអ្វីដើម្បី រំឭកខ្លួនថា នេះជាគ្រាបន្ទាន់មែន ហើយឲ្យយើងនៅតែចាំយាមជានិច្ចនោះ?
៤ ដោយសារព្រះយេស៊ូជ្រាបទុកជាមុនថា សិស្សទ្រង់នៅសម័យនោះនិងសព្វថ្ងៃនេះត្រូវមានបន្ទុកធ្ងន់សង្កត់លើពួកគេ នោះទ្រង់ដាស់តឿនថា៖ «ចូរចាំយាម ហើយអធិស្ឋានចុះ! ដើម្បី មិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ»។ (ម៉ាថាយ ២៦:៤១) តើបន្ទូលនោះមានន័យយ៉ាងណាសំរាប់យើងសព្វថ្ងៃនេះ? តើអ្នកកំពុងតែប្រឈមនឹងសេចក្ដីល្បួងណាខ្លះ? តើអ្នកអាចធ្វើយ៉ាងណាដើម្បី «ចាំយាម» ជានិច្ចនោះ?
តើសេចក្ដីល្បួងនាំចិត្តឲ្យធ្វើអ្វីខ្លះ?
៥ រៀងរាល់ថ្ងៃយើងម្នាក់ៗប្រឈមនឹងសេចក្ដីល្បួងឲ្យចុះចាញ់នឹង «អន្ទាក់របស់អារក្ស»។ (ធីម៉ូថេទី២ ២:២៦) ព្រះគម្ពីរព្រមានថា សាតាំងមានគោលបំណងយាយីអ្នកថ្វាយបង្គំព្រះយេហូវ៉ាជាចំបង។ (ពេត្រុសទី១ ៥:៨; វិវរណៈ ១២:១២, ១៧) នេះមិនបានសេចក្ដីថា សាតាំងចង់សម្លាប់យើងក្នុងកាលដែលយើងនៅមានចិត្តស្មោះភក្ដីចំពោះព្រះទេ ពីព្រោះបើដូច្នេះ វាក៏មិនបានជ័យជំនះដែរ ដ្បិតសាតាំងដឹងថា ដល់ពេលកំណត់របស់ព្រះយេហូវ៉ា នោះទ្រង់នឹងរំដោះមនុស្សពីសេចក្ដីស្លាប់ដោយប្រោសពួកគេឲ្យរស់ឡើងវិញ។ (លូកា ២០:៣៧, ៣៨) បើដូច្នេះ តើវាពាធាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដោយមានបំណងអ្វី?
៦ សាតាំងចង់បំផ្លាញចោលនូវអ្វីដែលមានតម្លៃច្រើនជាងជីវិតដែលយើងមានសព្វថ្ងៃនេះ ពោលគឺ ចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះ។ សាតាំងប្រាថ្នាយ៉ាងខ្លាំងចង់ផ្ដល់ភស្តុតាងថា វាអាចបំបែរមនុស្សយើងចេញពីការថ្វាយបង្គំព្រះយេហូវ៉ាបាន។ ដូច្នេះ បើវាអាចល្បួងយើងឲ្យប្រព្រឹត្តបែបមិនស្មោះភក្ដី ដោយធ្វើឲ្យយើងឈប់ផ្សព្វផ្សាយដំណឹងល្អ ឬលះបង់ខ្នាតតម្រាគ្រីស្ទានពិត នោះសាតាំងនឹងបានជោគជ័យ! (អេភេសូរ ៦:១១-១៣) ដូច្នេះ «មេល្បួង» នោះកំពុងតែរកវិធីល្បួងយើង។—ម៉ាថាយ ៤:៣
៧ សាតាំងរមែងប្រើ «កលល្បិច» ជាច្រើនបែបច្រើនយ៉ាង។ (អេភេសូ ៦:១១, ខ.ស.) វាប្រហែលជាល្បួងយើងដោយវត្ថុនិយម ការភ័យខ្លាច ការសង្ស័យ និងការកំសាន្តសប្បាយក៏មាន។ ប៉ុន្តែ វិធីមួយរបស់វាដែលមានប្រសិទ្ធភាពច្រើនបំផុត គឺការធ្លាក់ទឹកចិត្ត។ សាតាំងជាអ្នកកេងប្រយោជន៍ ហើយវាដឹងថាបើយើងអាក់អន់ចិត្តពីរឿងអ្វីមួយ នេះអាចធ្វើឲ្យយើងទៅជាចុះខ្សោយ និងងាយចុះចាញ់ដែរ។ (សុភាសិត ២៤:១០) ដូច្នេះ វាខំល្បួងយើងឲ្យរសាយការព្យាយាម ជាពិសេសពេលដែលយើង «ត្រូវជាំ» ឬខ្សោះល្វើយខាងផ្លូវចិត្ត។—ទំនុកដំកើង ៣៨:៨
៨ កាលដែលទីបញ្ចប់នៃជាន់ក្រោយបង្អស់មកកាន់តែជិតដល់ គឺមើលទៅដូចជាមានហេតុបណ្ដាលឲ្យធ្លាក់ទឹកចិត្តកាន់តែច្រើន ហើយយើងគ្រប់គ្នាក៏អាចជួបប្រទះនឹងបញ្ហាបែបនេះដែរ។ (សូមមើលប្រអប់ដែលមានចំណងជើង «កត្ដាផ្សេងៗដែលនាំឲ្យធ្លាក់ទឹកចិត្ត») មិនថាការធ្លាក់ទឹកចិត្តបណ្ដាលមកពីអ្វីក៏ដោយ នេះអាចធ្វើឲ្យយើងទៅជាអស់កម្លាំងចិត្តមែន។ បើយើងអស់កម្លាំងកាយអស់កម្លាំងចិត្តនោះ ប្រហែលជាពិបាកឲ្យយើង «លៃយកឱកាស» ឬឆ្លៀតពេលដើម្បីបំពេញកាតព្វកិច្ចខាងជំនឿយើង ដូចជាការសិក្សាព្រះគម្ពីរ ឬការចូលរួមកិច្ចប្រជុំនិងកិច្ចការផ្សព្វផ្សាយជាគ្រីស្ទាន។ (អេភេសូរ ៥:១៥, ១៦) សូមចាំថា មេល្បួងចង់ឲ្យអ្នកឈប់មានសកម្មភាពខាងជំនឿពិតតែម្ដង។ ប៉ុន្តែ មិនគួរឲ្យយើងរសាយចិត្ត ឬលែងដឹងខ្លួនថានេះជាគ្រាដ៏បន្ទាន់នោះឡើយ! (លូកា ២១:៣៤-៣៦) តើអ្នកអាចទប់ទល់នឹងសេចក្ដីល្បួង ហើយនៅតែចាំយាមជានិច្ចបាន តាមរបៀបណា? សូមពិនិត្យមើលយោបល់បួនយ៉ាងដែលអាចជួយបាន។
‹ចូរអធិស្ឋានចុះ!›
៩ ចូរពឹងផ្អែកលើព្រះយេហូវ៉ាតាមរយៈការអធិស្ឋាន។ សូមនឹកចាំគំរូរបស់ព្រះយេស៊ូក្នុងសួនគែតសេម៉ានី។ ក្រោមការតានតឹងព្រះទ័យយ៉ាងខ្លាំងនោះ តើព្រះយេស៊ូធ្វើអ្វី? ព្រះយេស៊ូបានបែរទៅរកជំនួយពីព្រះយេហូវ៉ា ដោយព្យាយាមអធិស្ឋានយ៉ាងខ្លាំងអស់ពីព្រះទ័យដល់ម្ល៉េះបានជា «ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី»។ (លូកា ២២:៤៤) សូមគិតទៅមើល ព្រះយេស៊ូស្គាល់សាតាំងយ៉ាងច្បាស់ណាស់។ ព្រះយេស៊ូបានទតមើលសាតាំងពីស្ថានសួគ៌ ហើយស្គាល់អស់ទាំងការល្បួងដែលវាប្រើដើម្បីធ្វើឲ្យអ្នកបំរើព្រះជាប់អន្ទាក់របស់វា។ យ៉ាងណាក៏ដោយ ព្រះយេស៊ូមិនដែលមានទស្សនៈថាទ្រង់អាចយកឈ្នះយ៉ាងងាយនឹងល្បិចផ្សេងៗដែលមេល្បួងប្រើនោះទេ។ ប្រសិនបើរាជបុត្រដ៏គ្រប់ល័ក្ខណ៍របស់ព្រះមានអារម្មណ៍ថាទ្រង់ត្រូវអធិស្ឋានសុំជំនួយនិងកម្លាំងពីព្រះ យើងក៏គួរមានអារម្មណ៍បែបនោះច្រើនជាងអំបាលម៉ានទៅទៀត!—ពេត្រុសទី១ ២:២១
១០ សូមចងចាំដែរថា ក្រោយពីព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ឲ្យ «អធិស្ឋានចុះ!» នោះ ទ្រង់បានមានបន្ទូលថា៖ «ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ (ម៉ាថាយ ២៦:៤១) តើព្រះយេស៊ូសំដៅទៅលើសាច់ឈាមរបស់អ្នកណា? គឺច្បាស់ជាមិនសំដៅទៅលើសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេ ដ្បិតរូបសាច់ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូគ្មានភាពខ្សោយសោះឡើយ។ (ពេត្រុសទី១ ២:២២) ប៉ុន្តែ ស្ថានការណ៍របស់សិស្សទ្រង់គឺខុសស្រឡះទៅវិញ។ ដោយសារពួកគេបានទទួលមរតកជាភាពមិនគ្រប់ល័ក្ខណ៍និងទំនោរចិត្តទោរទន់ទៅរកការធ្វើអំពើបាប នោះពួកគេត្រូវការជំនួយពិសេសដើម្បីទប់ទល់នឹងសេចក្ដីល្បួង។ (រ៉ូម ៧:២១-២៤) ហេតុនោះហើយបានជាព្រះយេស៊ូដាស់តឿនសិស្សរបស់ទ្រង់ និងគ្រីស្ទានពិតទាំងឡាយនៅជំនាន់ក្រោយៗ ឲ្យអធិស្ឋានសុំជំនួយដើម្បីយកឈ្នះពេលដែលប្រទះការល្បួងផ្សេងៗ។ (ម៉ាថាយ ៦:១៣) ព្រះយេហូវ៉ារមែងប្រទានជំនួយតាមសំណូមពរបែបនោះ។ (ទំនុកដំកើង ៦៥:២) តើទ្រង់ជួយតាមរបៀបណា? គឺយ៉ាងហោចណាស់ តាមរបៀបពីរយ៉ាង។
១១ ទីមួយ ព្រះយេហូវ៉ាជួយយើងឲ្យចេះសម្គាល់នូវវិធីល្បួងផ្សេងៗ។ សេចក្ដីល្បួងរបស់សាតាំងប្រៀបដូចជាអន្ទាក់ដាក់លើផ្លូវដ៏ងងឹត។ ប្រសិនបើអ្នកមើលមិនឃើញអន្ទាក់នោះ គឺប្រហែលជាត្រូវទាក់ជាប់។ ប៉ុន្តែ ព្រះយេហូវ៉ាបញ្ចេញពន្លឺតាមរយៈព្រះគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានពីព្រះគម្ពីរ ហើយនេះអាចជួយយើងឲ្យស្គាល់អន្ទាក់របស់សាតាំង ព្រមទាំងជួយកុំឲ្យយើងចុះចាញ់នឹងសេចក្ដីល្បួងណាឡើយ។ កម្មវិធីសន្និបាតនិងសៀវភៅផ្សេងៗបានដាស់ស្មារតីយើងអស់រយៈប៉ុន្មានឆ្នាំហើយ អំពីគ្រោះថ្នាក់ជាច្រើនដែលមកពីការខ្លាចចំពោះមនុស្ស អំពើអនាចារ វត្ថុនិយមនិងសេចក្ដីល្បួងឯទៀតដែលសាតាំងប្រើ។ (សុភាសិត ២៩:២៥; កូរិនថូសទី១ ១០:៨-១១; ធីម៉ូថេទី១ ៦:៩, ១០) យើងពិតជាមានកតញ្ញូធម៌ចំពោះព្រះយេហូវ៉ា ដោយព្រោះទ្រង់ដាស់ស្មារតីយើងឲ្យដឹងអំពីកិច្ចកលរបស់សាតាំង មែនទេ? (កូរិនថូសទី២ ២:១១) ការព្រមានបែបនេះគឺជាជំនួយដែលព្រះយេហូវ៉ាប្រទានមកតាមសំណូមពររបស់អ្នក ដើម្បីទប់ទល់នឹងសេចក្ដីល្បួង។
១២ ទីពីរ ព្រះយេហូវ៉ាផ្ដល់ជំនួយស្របទៅតាមសេចក្ដីអធិស្ឋានរបស់យើង ដោយប្រទានឲ្យយើងមានកម្លាំងដើម្បីស៊ូទ្រាំនឹងសេចក្ដីល្បួង។ ព្រះបន្ទូលរបស់ទ្រង់ចែងថា៖ «ព្រះទ្រង់ . . . មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច»។ (កូរិនថូសទី១ ១០:១៣) ព្រះនឹងមិនអនុញ្ញាតឲ្យមានសេចក្ដីល្បួងខ្លាំងដល់ម្ល៉េះដែលយើងខ្វះកម្លាំងខាងជំនឿដើម្បីទប់ទល់នោះឡើយ ឲ្យតែយើងចេះពឹងផ្អែកលើទ្រង់ជានិច្ចនោះ។ តើទ្រង់ «រៀបផ្លូវឲ្យចៀសរួច» បានយ៉ាងណា? គឺដោយទ្រង់ «ប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (លូកា ១១:១៣) វិញ្ញាណនោះអាចជួយឲ្យយើងនឹកឃើញគោលការណ៍ពីព្រះគម្ពីរ ដែលអាចជួយពង្រឹងការប្ដេជ្ញារបស់យើង ក្នុងការតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ ហើយឲ្យចេះសម្រេចចិត្តដ៏ល្អ។ (យ៉ូហាន ១៤:២៦; យ៉ាកុប ១:៥, ៦) វិញ្ញាណនោះក៏អាចជួយឲ្យយើងបង្ហាញនូវគុណសម្បត្ដិដែលយើងត្រូវការដើម្បីយកឈ្នះទំនោរចិត្តមិនល្អដែរ។ (កាឡាទី ៥:២២, ២៣) វិញ្ញាណរបស់ព្រះក៏អាចជំរុញអ្នកជឿគ្នីគ្នាឲ្យក្លាយជាអ្នក «កំសាន្តចិត្ត» ឬជាអ្នកជំនួយដើម្បី ពង្រឹងកម្លាំងរបស់យើងផងដែរ។ (កូល៉ុស ៤:១១) តើអ្នកមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់ជំនួយតាមសេចក្ដីអធិស្ឋានជាសំណូមរបស់អ្នកឬទេ?
ចូរទទួលស្គាល់នូវហេតុការណ៍ពិត
១៣ ប្រសិនបើយើងចង់ចាំយាមជានិច្ច យើងក៏ត្រូវទទួលស្គាល់នូវហេតុការណ៍ពិតខ្លះដែរ។ ម្ដងម្កាលយើងរាល់គ្នាមានអារម្មណ៍អស់កម្លាំងឬល្វើយដោយសារបញ្ហាផ្សេងៗក្នុងជីវិតយើង។ ប៉ុន្តែយើងត្រូវចាំទុកថា ព្រះមិនបានសន្យាថាយើងនឹងមិនមានទុក្ខលំបាកក្នុងរបបលោកីយ៍ចាស់នេះឡើយ។ សូម្បី តែនៅជំនាន់សរសេរព្រះគម្ពីរ នោះអ្នកបំរើព្រះបានជួបប្រទះនឹងទុក្ខលំបាកផ្សេងៗរួមទាំងសេចក្ដីបៀតបៀន ភាពក្រីក្រ ការធ្លាក់ទឹកចិត្តនិងជំងឺផងដែរ។—កិច្ចការ ៨:១; កូរិនថូសទី២ ៨:១, ២; ថែស្សាឡូនីចទី១ ៥:១៤; ធីម៉ូថេទី១ ៥:២៣
១៤ នៅសព្វថ្ងៃនេះយើងក៏មានបញ្ហាផ្សេងៗដែរ។ យើងប្រហែលជាទទួលការបៀតបៀន ឬខ្វល់ខ្វាយអំពីបញ្ហាសេដ្ឋកិច្ច ពុះពារនឹងការធ្លាក់ទឹកចិត្ត មានជំងឺឈឺថ្កាត់ជានិច្ចជាកាល និងរងទុក្ខលំបាកផ្សេងៗទៀត។ ប្រសិនបើព្រះយេហូវ៉ាធ្វើអព្ភូតហេតុការពារមិនឲ្យយើងជួបប្រទះនឹងបញ្ហាអ្វីសោះនោះ នេះអាចធ្វើឲ្យសាតាំងមានហេតុតិះដៀលដល់ព្រះយេហូវ៉ា មែនទេ? (សុភាសិត ២៧:១១) ព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្នកបំរើទ្រង់ជួបនឹងសេចក្ដីល្បួងនិងការល្បងលដែរ ជួនកាលរហូតដល់បាត់បង់ជីវិតដោយដៃអ្នកប្រឆាំងក៏មាន។—យ៉ូហាន ១៦:២
១៥ បើដូច្នេះ តើព្រះយេហូវ៉ាសន្យាធ្វើអ្វី? ដូចបានរៀបរាប់ខាងលើនេះ ព្រះយេហូវ៉ាសន្យាថានឹងជួយពង្រឹងកម្លាំងយើងឲ្យមានសមត្ថភាពទប់ទល់នឹងសេចក្ដីល្បួងណាដែលយើងជួបប្រទះ ឲ្យតែយើងទុកចិត្តទាំងស្រុងទៅលើទ្រង់។ (សុភាសិត ៣:៥, ៦) ព្រះយេហូវ៉ាកំពុងតែប្រើព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងវិញ្ញាណបរិសុទ្ធនិងអង្គការរបស់ទ្រង់ដើម្បីការពារយើងខាងវិញ្ញាណ ពោលគឺ ទ្រង់ជួយរក្សាការពារចំណងមិត្តភាពរបស់យើងជាមួយនឹងទ្រង់។ បើមានចំណងមិត្តភាពរឹងមាំជារៀងរហូត នោះយើងបានឈ្នះសាតាំងហើយ ទោះជាត្រូវស្លាប់ក៏ដោយ។ គ្មានអ្វីសោះអាចបង្អាក់បំណងព្រះហឫទ័យរបស់ព្រះក្នុងការប្រទានរង្វាន់ដល់អ្នកបំរើ ដែលមានចិត្តស្មោះភក្ដីចំពោះទ្រង់បានឡើយ សូម្បី តែអ្នកបំរើនោះស្លាប់ក៏ដោយ។ (ហេព្រើរ ១១:៦) ហើយនៅក្នុងពិភពលោកថ្មីដែលកៀកណាស់ហើយ ព្រះយេហូវ៉ានឹងធ្វើឲ្យសម្រេចនូវសេចក្ដីសន្យាដ៏អស្ចារ្យឯទៀតជាមិនខាន ស្តីអំពីពរដែលត្រូវប្រទានចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់។—ទំនុកដំកើង ១៤៥:១៦
ចូរនឹកចាំនូវរឿងចំណោទទាំងប៉ុន្មាន
១៦ ប្រសិនបើយើងចង់ស៊ូទ្រាំរហូតដល់ទីបញ្ចប់នោះ យើងត្រូវនឹកចាំនូវរឿងចំណោទសំខាន់ៗទាំងប៉ុន្មានដែលទាក់ទងនឹងហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់។ ប្រសិនបើយើងមានអារម្មណ៍ម្ដងម្កាលថា បញ្ហារបស់យើងកំពុងតែសង្គ្រុបចិត្តខ្លាំងដល់ម្ល៉េះបានជាយើងមានអារម្មណ៍សុខចិត្តចុះចាញ់ បើដូច្នេះយកល្អឲ្យយើងរំឭកខ្លួនឯងពីការចោទប្រឆាំងរបស់សាតាំងដែលថា ព្រះយេហូវ៉ាគ្មានសិទ្ធិត្រឹមត្រូវក្នុងការធ្វើជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតទេ។ មេបញ្ឆោតនោះក៏បានទម្លាក់ការសង្ស័យទៅលើភក្ដីភាពនិងចិត្តស្មោះគ្រប់ល័ក្ខណ៍នៃពួកអ្នកដែលថ្វាយបង្គំព្រះដែរ។ (យ៉ូប ១:៨-១១; ២:៣, ៤) រឿងចំណោទនិងរបៀបដែលព្រះយេហូវ៉ាសម្រេចដោះស្រាយរឿងទាំងនោះជាអ្វីដ៏សំខាន់ចាំបាច់ជាងជីវិតរបស់យើងម្នាក់ៗទៅវិញ។ ហេតុអ្វីដូច្នេះ?
១៧ ការអនុញ្ញាតឲ្យមានទុក្ខលំបាកមួយរយៈ គឺហុចឱកាសឲ្យមនុស្សឯទៀតឱបក្រសោបយកចំណេះពិតអំពីព្រះ។ សូមគិតទៅមើល ព្រះយេស៊ូបានរងទុក្ខដើម្បី ឲ្យយើងមានជីវិត។ (យ៉ូហាន ៣:១៦) នេះធ្វើឲ្យយើងមានចិត្តកតញ្ញូណាស់ មែនទេ? ប៉ុន្តែ តើយើងសុខចិត្តស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗមួយរយៈខ្លីទៀត ដើម្បី ឲ្យមនុស្សឯទៀតអាចមានឱកាសទទួលជីវិតដែរឬទេ? ប្រសិនបើយើងចង់ស៊ូទ្រាំរហូតដល់ទីបញ្ចប់នោះ យើងត្រូវទទួលស្គាល់ថា ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺខ្ពស់ជាងប្រាជ្ញារបស់យើងឆ្ងាយណាស់។ (អេសាយ ៥៥:៩) ព្រះយេហូវ៉ានឹងបញ្ចប់អំពើអាក្រក់នេះ នៅពេលសមត្រឹមត្រូវជាទីបំផុត ដើម្បី ឲ្យយើងបានប្រយោជន៍ជាស្ថាពរ។ នេះច្បាស់ជានឹងកើតឡើងមែន ដ្បិតព្រះមិនចេះធ្វើអ្វីដែលអយុត្ដិធម៌ទេ!—រ៉ូម ៩:១៤-២៤, ខ.ស.
ចូរ «ចូលទៅជិតព្រះ»
១៨ ដើម្បីឲ្យនឹកចាំជានិច្ចថាពេលគឺបន្ទាន់ហើយ នោះយើងត្រូវតែរក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាជានិច្ច។ កុំភ្លេចឲ្យសោះថា សាតាំងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពវា ដើម្បីបង្ខូចចំណងមិត្តភាពដ៏ល្អដែលយើងមានជាមួយនឹងព្រះយេហូវ៉ា។ សាតាំងចង់ឲ្យយើងជឿថា របបលោកីយ៍ដ៏អាក្រក់នេះនឹងមិនមានទីបញ្ចប់ទេ ហើយកិច្ចការផ្សព្វផ្សាយដំណឹងល្អនិងការរស់ឲ្យស្របតាមខ្នាតតម្រាក្នុងព្រះគម្ពីរក៏គ្មានប្រយោជន៍ដែរ។ ប៉ុន្តែ វាជា «អ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។ (យ៉ូហាន ៨:៤៤) ដូច្នេះយើងត្រូវតាំងចិត្ត ‹តស៊ូហើយប្រឆាំងនឹងអារក្សចុះ!›។ កុំឲ្យយើងចាត់ទុកចំណងមិត្តភាពជាមួយនឹងព្រះជាអ្វីដែលគ្មានតម្លៃឡើយ។ ព្រះគម្ពីរដាស់តឿនយើងយ៉ាងកក់ក្ដៅថា៖ ចូរ«ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៧, ៨) តើអ្នកអាចចូលទៅជិតព្រះយេហូវ៉ាច្រើនជាងបានយ៉ាងណា?
១៩ ការរំពឹងគិតព្រមជាមួយនឹងការអធិស្ឋានគឺសំខាន់ចាំបាច់។ ពេលដែលមានការបង្ខិតបង្ខំផ្សេងៗក្នុងជីវិតយើងដែលហាក់ដូចជាសង្គ្រុបចិត្តទាំងស្រុងនោះ ចូរអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាអស់ពីដួងចិត្តចុះ! កាលណាអ្នកអធិស្ឋានទូលចំៗអំពីរឿងណាមួយ នោះអ្នកនឹងទទួលស្គាល់កាន់តែឆាប់នូវចម្លើយពីទ្រង់ដែលទាក់ទងនឹងសំណូមពររបស់អ្នក។ ចម្លើយពីព្រះមិនតែងតែត្រូវនឹងអ្វីដែលអ្នកបានគិតស្មាននោះទេ តែបើអ្នកប្រាថ្នាចង់រក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍និងលើកកិត្ដិយសថ្វាយទ្រង់ នោះទ្រង់នឹងប្រទានជំនួយដែលអ្នកត្រូវការដើម្បីស៊ូទ្រាំដោយជោគជ័យ។ (យ៉ូហានទី១ ៥:១៤) កាលណាអ្នកទទួលស្គាល់នូវរបៀបដែលព្រះកំពុងតែណែនាំជីវិតរបស់អ្នក នោះអ្នកក៏នឹងចូលកាន់តែជិតស្និទ្ធនឹងទ្រង់ផងដែរ។ ការអាននិងការរំពឹងគិតអំពីគុណសម្បត្ដិនិងការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដែលបានចែងក្នុងព្រះគម្ពីរ គឺសំខាន់ចាំបាច់ផងដែរ។ ការរំពឹងគិតបែបនោះនឹងជួយអ្នកឲ្យស្គាល់ព្រះកាន់តែច្បាស់ ក៏នឹងជំរុញចិត្តអ្នក ថែមទាំងធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះទ្រង់ផងដែរ។ (ទំនុកដំកើង ១៩:១៤) សេចក្ដីស្រឡាញ់ចំពោះព្រះគឺសំខាន់ជាងអ្វីៗទៅទៀត ពីព្រោះនេះនឹងជួយអ្នកឲ្យទប់ទល់នឹងការល្បួង ហើយឲ្យនៅតែចាំយាមជានិច្ចដែរ។—យ៉ូហានទី១ ៥:៣
២០ ប្រសិនបើយើងចង់រក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា គឺសំខាន់ណាស់ដែលយើងត្រូវមានភាពជិតស្និទ្ធជាមួយនឹងអ្នកជឿគ្នីគ្នាដែរ។ ផ្នែកចុងក្រោយបង្អស់នៃសៀវភៅនេះនឹងពិគ្រោះរឿងនោះ។
សំនួរត្រិះរិះ
• តើព្រះយេស៊ូបានធ្វើអ្វីពេលដែលទ្រង់ស្ថិតក្រោមការគាបសង្កត់យ៉ាងខ្លាំងនៅជិតទីបញ្ចប់នៃព្រះជន្មទ្រង់? ហើយតើព្រះយេស៊ូដាស់តឿនសិស្សទ្រង់ឲ្យធ្វើអ្វី? (វគ្គ១-៤)
• ហេតុអ្វីបានជាសាតាំងយាយីអ្នកថ្វាយបង្គំព្រះយេហូវ៉ាជាចំបងនោះ? ហើយតើវាល្បួងយើងតាមរបៀបណាខ្លះ? (វគ្គ៥-៨)
• ប្រសិនបើយើងចង់ទប់ទល់នឹងការល្បួង ហេតុអ្វីបានជាយើងត្រូវអធិស្ឋានជានិច្ច? (វគ្គ៩-១២) ហេតុអ្វីបានជាយើងត្រូវទទួលស្គាល់នូវហេតុការណ៍ពិតខ្លះ? (វគ្គ១៣-១៥) ហេតុអ្វីបានជាត្រូវចងចាំនូវរឿងចំណោទទាំងប៉ុន្មាន? (វគ្គ១៦-១៧) ហេតុអ្វីបានជាយើងត្រូវ «ចូលទៅជិតព្រះ»? (វគ្គ១៨-២០)
[ប្រអប់នៅទំព័រ២៥]
កត្ដាផ្សេងៗដែលនាំឲ្យធ្លាក់ទឹកចិត្ត
សុខភាពឬវ័យចាស់។ ប្រសិនបើយើងរងទុក្ខដោយជំងឺរ៉ាំរ៉ៃ ឬវ័យចំណាស់កំពុងតែដាក់កំរិតលើសកម្មភាពរបស់យើង នោះយើងប្រហែលជាអាចធ្លាក់ទឹកចិត្តបាន ពីព្រោះយើងមិនអាចបំពេញកិច្ចបំរើព្រះច្រើនប៉ុន្មាន។—ហេព្រើរ ៦:១០
ការខកចិត្ត។ បើយើងខំផ្សាយដំណឹងពីព្រះបន្ទូលរបស់ព្រះ តែមនុស្សតិចណាស់យល់ព្រមស្ដាប់សារនោះ នេះអាចធ្វើឲ្យយើងទៅជាខកចិត្តដែរ។—សុភាសិត ១៣:១២
អារម្មណ៍ថាខ្លួនគ្មានតម្លៃ។ មនុស្សដែលបានត្រូវគេធ្វើបាបយូរយារមកហើយ អាចមានគំនិតជឿជាក់ថា គ្មានអ្នកណាស្រឡាញ់គាត់ទេ សូម្បី តែព្រះយេហូវ៉ាក៏មិនអាចស្រឡាញ់គាត់ដែរ។—យ៉ូហានទី១ ៣:១៩, ២០
ការឈឺចិត្ត។ បើបងប្អូនរួមជំនឿធ្វើឲ្យឈឺចិត្តយ៉ាងខ្លាំង នេះអាចបណ្ដាលឲ្យមានការពិបាកក្នុងចិត្តដល់ម្ល៉េះដែលអាចធ្វើឲ្យសម្រេចចិត្តឈប់ទៅប្រជុំគ្រីស្ទាន ឬឈប់ផ្សព្វផ្សាយទៀត។—លូកា ១៧:១
ទុក្ខបៀតបៀន។ មនុស្សដទៃដែលមិនរួមជំនឿដូចអ្នក ប្រហែលជានឹងប្រឆាំង ធ្វើទុក្ខបៀតបៀន ឬចំអកដាក់អ្នក។—ធីម៉ូថេទី២ ៣:១២; ពេត្រុសទី២ ៣:៣, ៤
[រូបភាពនៅទំព័រ២៦]
ព្រះយេស៊ូបានដាស់តឿនយើង ឲ្យ «អធិស្ឋាន» ជានិច្ច ដើម្បីទទួលជំនួយ ក្នុងការទប់ទល់នឹងសេចក្ដីល្បួង