ជំពូកទី៥
របៀបបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោក
«អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ»។—យ៉ូហាន ១៥:១៩
១. តើលោកយេស៊ូបានបញ្ជាក់ចំណុចអ្វីនៅរាត្រីចុងក្រោយដែលលោករស់នៅផែនដីជាមនុស្ស?
នៅរាត្រីចុងក្រោយដែលលោកយេស៊ូរស់ជាមនុស្សនៅផែនដីនេះ លោកបានបង្ហាញថាលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលនឹងកើតឡើងចំពោះអ្នកកាន់តាមលោកនៅអនាគត។ លោកយេស៊ូបានថែមទាំងអធិដ្ឋានអំពីរឿងនោះ ដោយសុំបិតាលោកថា៖ «ខ្ញុំមិនសុំលោកយកពួកគាត់ចេញពីពិភពលោកទេ ប៉ុន្តែខ្ញុំសុំលោកការពារពួកគាត់ ឲ្យរួចពីមេកំណាច។ ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូហាន ១៧:១៥, ១៦) សំណូមពរដ៏ស្មោះអស់ពីចិត្តនេះ បង្ហាញថាលោកយេស៊ូស្រឡាញ់អ្នកកាន់តាមលោកខ្លាំងណាស់ ហើយបញ្ជាក់អំពីសារៈសំខាន់នៃអ្វីដែលលោកបានមានប្រសាសន៍រួចហើយទៅពួកគាត់ខ្លះ នៅរាត្រីដដែលនោះថា៖ «អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ»។ (យ៉ូហាន ១៥:១៩) អាស្រ័យហេតុនេះ យើងឃើញច្បាស់ថា ការមិនរួមចំណែកក្នុងពិភពលោកនេះជាអ្វីដែលលោកយេស៊ូចាត់ទុកថាសំខាន់ណាស់សម្រាប់អ្នកកាន់តាមលោក!
២. ពេលលោកយេស៊ូប្រើពាក្យថា«ពិភពលោក» តើនោះសំដៅទៅលើអ្វី?
២ ពេលលោកយេស៊ូប្រើពាក្យថា«ពិភពលោក» នោះសំដៅទៅលើមនុស្សទាំងឡាយដែលនៅដាច់ឆ្ងាយពីព្រះ ហើយមានសាថានជាអ្នកគ្រប់គ្រង ព្រមទាំងមានចិត្តគំនិតគិតតែប្រយោជន៍ខ្លួននិងមានមោទនភាពហួសហេតុពេក ដោយសារអានុភាពនៃចិត្តគំនិតដែលមកពីសាថាន។ (យ៉ូហាន ១៤:៣០; អេភេសូរ ២:២; យ៉ូហានទី១ ៥:១៩) «ការធ្វើជាមិត្តរបស់ពិភពលោកនេះ មានន័យថាធ្វើជាសត្រូវរបស់ព្រះ»។ (យ៉ាកុប ៤:៤) ក៏ប៉ុន្តែតើអស់អ្នកដែលចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ អាចរស់នៅក្នុងពិភពលោក តែមិនរួមចំណែកក្នុងពិភពលោកយ៉ាងដូចម្ដេច? យើងនឹងពិចារណាវិធីប្រាំយ៉ាងដែលយើងអាចធ្វើដូច្នេះ។ (១) ត្រូវរក្សាភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះដែលនៅក្រោមការគ្រប់គ្រងរបស់គ្រិស្ត ហើយត្រូវកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយរបស់ពិភពលោកនេះ។ (២) ត្រូវបដិសេធចិត្តគំនិតរបស់ពិភពលោកនេះ។ (៣) ត្រូវស្លៀកពាក់សម្អិតសម្អាងខ្លួនឲ្យបានសមរម្យ។ (៤) ត្រូវមានរបៀបរស់នៅសាមញ្ញ។ (៥) ត្រូវពាក់គ្រប់គ្រឿងចម្បាំងពីព្រះ។
ចូររក្សាភក្ដីភាពនិងជំហរអព្យាក្រឹត
៣. (ក) ហេតុអ្វីលោកយេស៊ូមិនបានចូលប្រឡូកក្នុងរឿងនយោបាយនៅសម័យរបស់លោក? (ខ) ហេតុអ្វីយើងអាចនិយាយថាអ្នកកាន់តាមលោកយេស៊ូដែលបានត្រូវរើសតាំងនោះ បំពេញតួនាទីជាទូត? (ឆ្លើយដោយរួមបញ្ចូលកំណត់សម្គាល់)
៣ លោកយេស៊ូមិនបានចូលប្រឡូកក្នុងរឿងនយោបាយនៅសម័យរបស់លោកទេ តែលោកបានផ្ចង់អារម្មណ៍ទៅលើការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ដែលនៅអនាគតនឹងទៅជារដ្ឋាភិបាលនៅស្ថានសួគ៌ ដែលលោកនឹងគ្រប់គ្រងជាស្តេច។ (ដានីយ៉ែល ៧:១៣, ១៤; លូកា ៤:៤៣; ១៧:២០, ២១) ហេតុនេះ ពេលលោកយេស៊ូបានមានប្រសាសន៍ទៅប៉ុនទាស ពីឡាតដែលជាអភិបាលរ៉ូមថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) អ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកធ្វើតាមគំរូនោះ ដោយរក្សាភក្ដីភាពចំពោះគ្រិស្តនិងរាជាណាចក្ររបស់លោក ហើយដោយប្រកាសប្រាប់ពិភពលោកទាំងមូលអំពីរាជាណាចក្រនោះ។ (ម៉ាថាយ ២៤:១៤) សាវ័កប៉ូលបានសរសេរថា៖ «យើងជាទូតតំណាងគ្រិស្ត . . . ក្នុងនាមជាតំណាងគ្រិស្ត យើងអង្វរថា៖ ‹សូមផ្សះផ្សាជាមួយនឹងព្រះ›»។a—កូរិនថូសទី២ ៥:២០
៤. តើគ្រិស្តសាសនិកពិតទាំងអស់បានបង្ហាញភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «គ្រិស្តសាសនិកសម័យដើមកាន់ជំហរអព្យាក្រឹត»)
៤ ដោយសារឯកអគ្គរាជទូតជាតំណាងរដ្ឋាភិបាលនៃប្រទេសខ្លួន ពួកគេមិនជ្រៀតជ្រែកក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសផ្សេងដែលពួកគេទៅបំពេញការងារទេ។ ពួកគេត្រូវនៅអព្យាក្រឹត។ ក៏ប៉ុន្តែឯកអគ្គរាជទូតបម្រើផលប្រយោជន៍នៃរដ្ឋាភិបាលរបស់ប្រទេសដែលពួកគេជាតំណាង។ អ្នកកាន់តាមគ្រិស្តដែលបានត្រូវរើសតាំង គឺអ្នកដែល«ជាពលរដ្ឋស្ថានសួគ៌» ក៏ដូច្នេះដែរ។ (ភីលីព ៣:២០) តាមពិត ដោយសារពួកគេខ្នះខ្នែងផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ នោះពួកគេបានជួយមនុស្សរាប់លាននាក់ដែលជា«ចៀមឯទៀត»របស់គ្រិស្ត ឲ្យ«ផ្សះផ្សាជាមួយនឹងព្រះ»។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣១-៤០) ចៀមឯទៀតនោះក៏ជាតំណាងរាជាណាចក្ររបស់ព្រះដែរ ដោយគាំទ្របងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំង។ ពួកគេរួបរួមគ្នាដោយសាមគ្គីភាពក្នុងការបម្រើផលប្រយោជន៍រាជាណាចក្ររបស់មេស្ស៊ី ហើយក្រុមទាំងពីរប្រកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយរបស់ពិភពលោកនេះ។—សូមអាន អេសាយ ២:២-៤
៥. តើក្រុមជំនុំគ្រិស្តសាសនិកពិតខុសគ្នាយ៉ាងណាពីអ៊ីស្រាអែលនៅសម័យបុរាណ? ហើយតើគ្រិស្តសាសនិកបង្ហាញភាពខុសគ្នានេះយ៉ាងដូចម្ដេច?
៥ ភាពស្មោះត្រង់ចំពោះគ្រិស្តមិនមែនជាមូលហេតុតែមួយគត់ដែលគ្រិស្តសាសនិកពិតកាន់ជំហរអព្យាក្រឹតទេ។ នៅសម័យបុរាណ រាស្ត្ររបស់ព្រះយេហូវ៉ាធ្លាប់រស់នៅប្រទេសតែមួយ ប៉ុន្តែសព្វថ្ងៃនេះ យើងមានបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ (ម៉ាថាយ ២៨:១៩; ពេត្រុសទី១ ២:៩) ដូច្នេះ បើយើងទៅភ្ជាប់ខ្លួននឹងគណៈបក្សនយោបាយណាមួយនៅប្រទេសយើង នោះយើងនឹងមិនអាចផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដោយចិត្តក្លាហានបានទេ ហើយសាមគ្គីភាពរបស់យើងជាគ្រិស្តសាសនិកពិតនឹងត្រូវបង្ខូច។ (កូរិនថូសទី១ ១:១០) ម្យ៉ាងទៀត បើមានសង្គ្រាមយើងនឹងត្រូវប្រយុទ្ធនឹងអ្នករួមជំនឿ ជាពួកអ្នកដែលយើងបានត្រូវបង្គាប់ឲ្យស្រឡាញ់។ (យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៣:១០-១២) ដូច្នេះ លោកយេស៊ូមានមូលហេតុត្រឹមត្រូវណាស់ ពេលលោកមានប្រសាសន៍ប្រាប់ពួកអ្នកកាន់តាមលោកឲ្យឈប់ធ្វើសង្គ្រាម។ លោកក៏ថែមទាំងប្រាប់ពួកគេថា ពួកគេត្រូវស្រឡាញ់សត្រូវរបស់ខ្លួនទៀតផង (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំកំពុងកាន់ជំហរអព្យាក្រឹតឬ?»)។—ម៉ាថាយ ៥:៤៤; ២៦:៥២
៦. តើការប្រគល់ជីវិតជូនព្រះមានឥទ្ធិពលទៅលើទំនាក់ទំនងរបស់អ្នកជាមួយនឹងសេសារយ៉ាងណា?
៦ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងបានប្រគល់ជីវិតយើងជូនព្រះ មិនមែនឲ្យមនុស្សណាម្នាក់ អង្គការណាមួយរបស់មនុស្ស ឬប្រទេសណាមួយទេ។ កូរិនថូសទី១ ៦:១៩, ២០ ចែងថា៖ «អ្នករាល់គ្នាមិនមែនជាម្ចាស់លើខ្លួនអ្នកទេ ព្រោះអ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់»។ ដូច្នេះ យើងសង«សេសារ»វិញនូវអ្វីដែលគាត់គួរទទួល ដូចជាកិត្ដិយស ពន្ធ និងការចុះចូលមួយកម្រិត។ ប៉ុន្តែ«អ្វីដែលជារបស់ព្រះ» នោះអ្នកកាន់តាមលោកយេស៊ូ«សងព្រះវិញ»។ (ម៉ាកុស ១២:១៧; រ៉ូម ១៣:១-៧) អ្វីដែលជារបស់ព្រះរួមបញ្ចូលការគោរពប្រណិប័តន៍ សេចក្ដីស្រឡាញ់ដ៏អស់ពីចិត្ត និងការស្ដាប់បង្គាប់ដោយភក្ដីភាព។ បើចាំបាច់ ពួកគេសុខចិត្តបូជាជីវិតដើម្បីព្រះរបស់ពួកគេ។—លូកា ៤:៨; ១០:២៧; សូមអាន សកម្មភាព ៥:២៩; រ៉ូម ១៤:៨
ចូរបដិសេធ«ចិត្តគំនិតរបស់ពិភពលោក»
៧, ៨. តើ«ចិត្តគំនិតរបស់ពិភពលោកនេះ»ជាអ្វី? ហើយតើតាមរបៀបណាវា«មានឥទ្ធិពល»ទៅលើមនុស្សដែលមិនស្ដាប់បង្គាប់?
៧ វិធីមួយទៀតដែលគ្រិស្តសាសនិកបង្ហាញថាពួកគេមិនរួមចំណែកក្នុងពិភពលោកនេះ គឺដោយបដិសេធឥទ្ធិពលអាក្រក់របស់វា។ សាវ័កប៉ូលបានសរសេរថា៖ «យើងមិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលសកម្មពលពីព្រះ»។ (កូរិនថូសទី១ ២:១២) គាត់ក៏បានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងអេភេសូរថា៖ «អ្នករាល់គ្នាធ្លាប់ប្រព្រឹត្តតាម . . . របៀបរបបពិភពលោកនេះ តាមអ្នកដែលគ្រប់គ្រងលើអំណាចនៃខ្យល់អាកាសដែលជាចិត្តគំនិតដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។—អេភេសូរ ២:២, ៣
៨ «ខ្យល់អាកាស»ឬចិត្តគំនិតរបស់ពិភពលោកនេះ គឺជាឥទ្ធិពលមួយដែលយើងមើលមិនឃើញ ហើយវាជំរុញមនុស្សមិនឲ្យស្ដាប់បង្គាប់ព្រះ ថែមទាំងលើកស្ទួយ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង[និង]ការចង់បានអ្វីដែលទាក់ទាញភ្នែក»។ (យ៉ូហានទី១ ២:១៦; ធីម៉ូថេទី១ ៦:៩, ១០) ចិត្តគំនិតនេះមាន«អំណាច»លើពិភពលោកនេះ ដោយសារវាបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់មនុស្ស ហើយជាអ្វីដែលមនុស្សមិនងាយកត់សម្គាល់ ព្រមទាំងមានអានុភាពដែលមិនចេះរសាយឡើយ ហើយវាដូចជាខ្យល់អាកាសពីព្រោះវាមាននៅគ្រប់កន្លែង។ ម្យ៉ាងទៀត ចិត្តគំនិតនោះ«មានឥទ្ធិពល»ទៅលើមនុស្សដែលមិនស្ដាប់បង្គាប់ ដោយបណ្ដាលឲ្យពួកគេចាប់ផ្ដើមមានបន្ដិចម្ដងៗនូវលក្ខណៈដែលព្រះមិនពេញចិត្តដូចជាគំនិតគិតតែប្រយោជន៍ខ្លួន អួតបំប៉ោង មហិច្ឆតា គំនិតចង់បង្កើតគោលការណ៍សីលធម៌ដោយខ្លួនឯង និងចិត្តគំនិតចង់ប្រឆាំងអំណាច។ បើនិយាយឲ្យចំទៅ ចិត្តគំនិតរបស់ពិភពលោកនេះធ្វើឲ្យចិត្តរបស់មនុស្សមានលក្ខណៈដូចមេកំណាចបន្ដិចម្ដងៗ។—យ៉ូហាន ៨:៤៤; សកម្មភាព ១៣:១០; យ៉ូហានទី១ ៣:៨, ១០
៩. តើចិត្តគំនិតរបស់ពិភពលោកនេះអាចចូលក្នុងចិត្តគំនិតរបស់យើងយ៉ាងដូចម្ដេច?
៩ តើចិត្តគំនិតរបស់ពិភពលោកនេះអាចមានឥទ្ធិពលទៅលើចិត្តគំនិតរបស់អ្នកដែរឬទេ? ពិតជាអាចមាន លុះត្រាតែអ្នកឈប់ប្រុងប្រយ័ត្នហើយទុកឱកាសឲ្យវា។ (សូមអាន សុភាសិត ៤:២៣) ចិត្តគំនិតនៃពិភពលោកនេះច្រើនតែចាប់ផ្ដើមមានឥទ្ធិពលដោយយើងមិនដឹងខ្លួន ប្រហែលជាតាមរយៈពួកម៉ាកដែលមើលទៅដូចជាមនុស្សល្អ តែតាមពិតមិនស្រឡាញ់ព្រះយេហូវ៉ាទេ។ (សុភាសិត ១៣:២០; កូរិនថូសទី១ ១៥:៣៣) អ្នកក៏អាចស្រូបយកឥទ្ធិពលអាក្រក់នោះដែរ តាមរយៈការមើលសៀវភៅដែលមិនសមរម្យ គេហទំព័រដែលមានរូបអាសអាភាសឬព័ត៌មានរបស់អ្នកក្បត់ជំនឿ ការកម្សាន្តដែលមិនល្អ ឬកីឡាដែលតម្រូវឲ្យប្រកួតប្រជែងខ្លាំងហួសហេតុពេក។ បើនិយាយឲ្យចំទៅ យើងអាចស្រូបយកឥទ្ធិពលអាក្រក់នោះតាមរយៈអ្វីក៏ដោយឬអ្នកណាក៏ដោយ ដែលបញ្ចេញគំនិតរបស់សាថានឬរបៀបរបបពិភពលោករបស់វា។
១០. តើយើងអាចបដិសេធចិត្តគំនិតនៃពិភពលោកនេះយ៉ាងដូចម្ដេច?
១០ បើយើងចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ ហើយបដិសេធចិត្តគំនិតនៃពិភពលោកនេះ ដើម្បីកុំឲ្យវាបំពុលចិត្តគំនិតរបស់យើង តើយើងត្រូវធ្វើដូចម្ដេច? វិធីតែមួយគត់គឺយើងត្រូវទាញយកប្រយោជន៍យ៉ាងពេញលេញពីអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ដើម្បីរក្សាចំណងមិត្តភាពជាមួយនឹងលោក ហើយយើងក៏ត្រូវអធិដ្ឋានសុំសកម្មពលរបស់លោកជានិច្ចដែរ។ ព្រះយេហូវ៉ាគឺខ្លាំងជាងមេកំណាចឆ្ងាយណាស់ ហើយក៏ខ្លាំងជាងពិភពលោកអាក្រក់ដែលនៅក្រោមអំណាចវាដែរ។ (យ៉ូហានទី១ ៤:៤) ដូច្នេះ ការអធិដ្ឋានដើម្បីរក្សាភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាជានិច្ច គឺសំខាន់ណាស់!
ចូរស្លៀកពាក់សម្អិតសម្អាងខ្លួនឲ្យបានសមរម្យ
១១. តើចិត្តគំនិតរបស់ពិភពលោកនេះមានឥទ្ធិពលយ៉ាងណាទៅលើរបៀបមនុស្សស្លៀកពាក់?
១១ សម្លៀកបំពាក់ របៀបសម្អិតសម្អាង និងអនាម័យខ្លួនប្រាណរបស់បុគ្គលម្នាក់ជាអ្វីដែលបង្ហាញឲ្យឃើញនូវចិត្តគំនិតរបស់បុគ្គលនោះ។ នៅប្រទេសជាច្រើន របៀបស្លៀកពាក់របស់មនុស្សបានទៅជាមិនសមរម្យរហូតដល់អ្នកអធិប្បាយតាមទូរទស្សន៍ម្នាក់បាននិយាយថា មិនយូរទៀត គ្មានអ្នកណានឹងអាចដឹងថាអ្នកណាជាស្ត្រីពេស្យា ហើយអ្នកណាជាស្ត្រីធម្មតាទេ។ សូម្បីតែក្មេងស្រីមិនទាន់មានអាយុ១៣ឆ្នាំផង ក៏បានបណ្ដោយខ្លួនឲ្យស្លៀកពាក់ម៉ូដពេញនិយមបែបនេះដែរ ជាម៉ូដដែលអ្នកកាសែតម្នាក់បាននិយាយថា៖ «បង្ហាញសាច់ច្រើន បង្ហាញភាពសមរម្យតិច»។ ម៉ូដពេញនិយមមួយទៀតគឺស្លៀកពាក់ឥតរបៀបដែលបង្ហាញពីចិត្តគំនិតចង់ប្រឆាំងអំណាច ព្រមទាំងបង្ហាញថាគ្មានភាពថ្លៃថ្នូរក៏មិនឲ្យតម្លៃខ្លួនទៀតផង។
១២, ១៣. តើគោលការណ៍អ្វីគួរមានឥទ្ធិពលទៅលើរបៀបដែលយើងស្លៀកពាក់និងសម្អិតសម្អាងខ្លួន?
១២ ដោយសារយើងជាអ្នកបម្រើព្រះយេហូវ៉ា ជាការត្រឹមត្រូវដែលយើងចង់មានអាការក្រៅស្អាតបាតបំផុត ហើយនោះតម្រូវឲ្យយើងមានសម្លៀកបំពាក់ស្អាតស្អំ មិនទាស់ភ្នែក មានរបៀប ហើយសមនឹងកាលៈទេសៈ។ គ្រប់ពេលវេលា អាការក្រៅរបស់យើងត្រូវបង្ហាញភាព«រមទម និង . . . គំនិតសមហេតុសមផល»គួបផ្សំជាមួយនឹង«ការល្អ»ដែលសមនឹងអ្នកដែល«អះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ» ទោះបីអ្នកនោះជាប្រុសឬស្រីក៏ដោយ។ អ្វីដែលសំខាន់បំផុតចំពោះយើង មិនមែនជាការធ្វើឲ្យមនុស្សចាប់អារម្មណ៍ចង់មើលយើងទេ តែជាការ«រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។ (ធីម៉ូថេទី១ ២:៩, ១០; យូដាស ២១) ពិតមែនហើយ យើងចង់ឲ្យអ្វីដែលស្អាតបំផុតរបស់យើងជា«អ្វីក្នុងចិត្តវិញ . . . [គឺ]ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ»។—ពេត្រុសទី១ ៣:៣, ៤
១៣ សូមចាំដែរថា ម៉ូដសម្លៀកបំពាក់និងរបៀបសម្អិតសម្អាងខ្លួន អាចមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកឯទៀតចំពោះសេចក្ដីពិត។ ពេលនិយាយអំពីរឿងសីលធម៌ដោយប្រើពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«បែបរមទម» ពាក្យនោះរួមបញ្ចូលគំនិតថាកោតខ្លាច គោរព និងឲ្យតម្លៃចំពោះទស្សនៈឬអារម្មណ៍របស់អ្នកឯទៀត។ ដូច្នេះ គោលដៅរបស់យើងគួរចាត់ទុកថាសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតគឺសំខាន់ជាងសិទ្ធិដែលយើងគិតថាយើងមាននោះ។ សំខាន់បំផុត យើងចង់ធ្វើឲ្យព្រះយេហូវ៉ានិងរាស្ត្ររបស់លោកទទួលការសរសើរ ហើយចង់បង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ ដោយ«ធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ៤:៩; ១០:៣១; កូរិនថូសទី២ ៦:៣, ៤; ៧:១
តើអាការក្រៅរបស់ខ្ញុំនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរឬទេ?
១៤. ស្តីអំពីអាការក្រៅនិងអនាម័យខ្លួនប្រាណ តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១៤ អនាម័យខ្លួនប្រាណរបស់យើង និងរបៀបដែលយើងស្លៀកពាក់សម្អិតសម្អាងខ្លួន គឺរឹតតែសំខាន់ក្នុងកិច្ចបម្រើផ្សាយ ឬនៅកិច្ចប្រជុំគ្រិស្តសាសនិកពិត។ សូមសួរខ្លួនអ្នកថា‹តើអនាម័យខ្លួនប្រាណ និងអាការក្រៅរបស់ខ្ញុំទាញអារម្មណ៍អ្នកឯទៀតខ្លាំងពេកឬទេ? តើនោះធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍អៀនខ្មាសឬ? តើខ្ញុំចាត់ទុកថាសិទ្ធិរបស់ខ្ញុំក្នុងរឿងទាំងនេះគឺសំខាន់ជាងការមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំឬទេ?›។—ទំនុកតម្កើង ៦៨:៦; ភីលីព ៤:៥; ពេត្រុសទី១ ៥:៦
១៥. ហេតុអ្វីបណ្ដាំរបស់ព្រះគ្មានក្បួនច្បាប់ស្តីអំពីសម្លៀកបំពាក់ ការសម្អិតសម្អាង និងអនាម័យខ្លួនប្រាណ?
១៥ គម្ពីរគ្មានក្បួនច្បាប់ស្តីអំពីរបៀបដែលគ្រិស្តសាសនិកត្រូវស្លៀកពាក់សម្អិតសម្អាងខ្លួននិងថែរក្សាអនាម័យខ្លួនប្រាណនោះទេ។ ព្រះយេហូវ៉ាមិនចង់ដកហូតសិទ្ធិសេរីភាពរបស់យើងឬរារាំងមិនឲ្យយើងប្រើគំនិតប្រាជ្ញារបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងទៅជាមនុស្សដែលមានភាពចាស់ទុំ ចេះយកគោលការណ៍គម្ពីរមកវែកញែក ព្រមទាំង«ប្រើប្រាស់សមត្ថភាពយល់ដឹង ហើយហេតុនេះសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (ហេប្រឺ ៥:១៤) សំខាន់បំផុត លោកចង់ឲ្យយើងប្រព្រឹត្តដោយយកសេចក្ដីស្រឡាញ់ជាគោល ពោលគឺសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង។ (សូមអាន ម៉ាកុស ១២:៣០, ៣១) ដោយផ្អែកលើគោលការណ៍ទាំងនេះ យើងអាចស្លៀកពាក់និងសម្អិតសម្អាងខ្លួនតាមរបៀបផ្សេងៗជាច្រើន។ យើងអាចឃើញថានោះជាការពិតមែន ដោយមើលបណ្ដារាស្ត្រដ៏សប្បាយរបស់ព្រះយេហូវ៉ាទូទាំងពិភពលោក ដែលស្លៀកពាក់ពណ៌ចម្រុះគ្នា។
យើងត្រូវមានរបៀបរស់នៅសាមញ្ញ
១៦. តើចិត្តគំនិតរបស់ពិភពលោកនេះនិងសេចក្ដីបង្រៀនរបស់លោកយេស៊ូខុសគ្នាយ៉ាងណា? ហើយតើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១៦ ចិត្តគំនិតរបស់ពិភពលោកនេះបោកបញ្ឆោតមនុស្សរាប់លាននាក់ ដោយជំរុញពួកគេឲ្យខំរកសុភមង្គលតាមរយៈលុយឬទ្រព្យសម្បត្ដិ។ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «ទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ (លូកា ១២:១៥) លោកយេស៊ូមិនបានលើកទឹកចិត្តមនុស្សឲ្យរស់នៅដូចតាបស ឬដោយវេទនានោះទេ ប៉ុន្តែលោកបង្រៀនថាអស់អ្នកដែល«ស្រេកឃ្លានចំពោះការណែនាំពីព្រះ» ហើយមានរបៀបរស់នៅសាមញ្ញ ដោយផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពជាមួយនឹងព្រះ គឺជាអ្នកដែលទទួលបានជីវិតនិងសុភមង្គលដ៏ពិតប្រាកដ។ (ម៉ាថាយ ៥:៣; ៦:២២, កំណត់សម្គាល់) សូមសួរខ្លួនអ្នកថា‹តើខ្ញុំពិតជាជឿអ្វីដែលលោកយេស៊ូបានបង្រៀន ឬតើទស្សនៈរបស់ខ្ញុំកំពុងទទួលឥទ្ធិពលពី«ឪពុកនៃការភូតភរ»វិញ? (យ៉ូហាន ៨:៤៤) តើពាក្យសម្ដី គោលដៅ របៀបរស់នៅ និងអ្វីដែលខ្ញុំចាត់ទុកថាសំខាន់បំផុតសឲ្យឃើញអ្វីខ្លះអំពីខ្ញុំ?›។—លូកា ៦:៤៥; ២១:៣៤-៣៦; យ៉ូហានទី២ ៦
១៧. តើអ្នកដែលមានរបៀបរស់នៅសាមញ្ញទទួលផលប្រយោជន៍អ្វីខ្លះ?
១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថាយ ១១:១៩) តើអ្នកដែលមានរបៀបរស់នៅសាមញ្ញទទួលផលប្រយោជន៍អ្វីខ្លះ? សូមពិចារណាចំណុចដូចតទៅនេះ។ ពួកគេទទួលកម្លាំងចិត្តឡើងវិញក្នុងកិច្ចបម្រើរាជាណាចក្រ។ (ម៉ាថាយ ១១:២៩, ៣០) ពួកគេជៀសវាងពីអ្វីដែលនាំឲ្យមានអំពល់ឥតអំពើ ហើយហេតុនេះពួកគេគ្មានការឈឺចិត្តនិងទុក្ខកង្វល់ជាច្រើនដែលអ្នកឯទៀតមាន។ (សូមអាន ធីម៉ូថេទី១ ៦:៩, ១០) ពួកគេស្កប់ចិត្តដោយមានអ្វីដ៏ចាំបាច់សម្រាប់ជីវិត ដូច្នេះពួកគេអាចចំណាយពេលច្រើនជាងជាមួយក្រុមគ្រួសារ និងបងប្អូនគ្រិស្តសាសនិក។ ពួកគេប្រហែលជាដេកលក់ស្រួលជាង។ (សាស្ដា ៥:១២) ពួកគេមានអំណរច្រើនជាងដោយសារពួកគេឲ្យអ្នកឯទៀតតាមវិធីផ្សេងៗដែលពួកគេអាចធ្វើបាន។ (សកម្មភាព ២០:៣៥) ម្យ៉ាងទៀត ពួកគេ«មានសេចក្ដីសង្ឃឹមដ៏បរិបូរ» ព្រមទាំងមានសេចក្ដីសុខសាន្តនិងអំណរ។ (រ៉ូម ១៥:១៣; ម៉ាថាយ ៦:៣១, ៣២) ពរទាំងនេះពិតជាមានតម្លៃវិសេសណាស់!
ចូរប្រើ«គ្រប់គ្រឿងចម្បាំង»
១៨. តើគម្ពីររៀបរាប់យ៉ាងដូចម្ដេចអំពីសត្រូវរបស់យើង វិធីសាស្ត្ររបស់វា និងលក្ខណៈនៃការ«ប្រយុទ្ធ»ដែលយើងកំពុងចូលរួម?
១៨ អ្នកដែលរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ក៏ទទួលដែរនូវការការពារពីវិធីផ្សេងៗ ដែលសាថានខំធ្វើឲ្យពួកគេឈប់បម្រើព្រះ។ សាថានមិនត្រឹមតែមិនចង់ឲ្យគ្រិស្តសាសនិកមានសុភមង្គលទេ តែវាក៏មិនចង់ឲ្យពួកគេទទួលបាននូវជីវិតដែលគ្មានទីបញ្ចប់ដែរ។ (ពេត្រុសទី១ ៥:៨) សាវ័កប៉ូលបានសរសេរថា៖ «យើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាមទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌»។ (អេភេសូរ ៦:១២) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ប្រយុទ្ធ» មិនសំដៅទៅលើការច្បាំងដោយជីករូងលាក់ខ្លួន យកកាំភ្លើងមកបាញ់សត្រូវពីចម្ងាយនោះទេ តែសំដៅទៅលើការប្រឈមមុខគ្នាបោកចំបាប់ដោយកម្លាំងដៃ។ ម្យ៉ាងទៀត ពាក្យថា«រដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ» និង«ពួកអ្នកគ្រប់គ្រងពិភពលោក» បញ្ជាក់ថាការវាយលុកពីពិភពពួកវិញ្ញាណនោះគឺធ្វើឡើងដោយចេតនា ហើយបញ្ជាក់ថាពួកវិញ្ញាណមានយុទ្ធសាស្ត្រជាក់លាក់។
១៩. សូមរៀបរាប់អំពីគ្រឿងចម្បាំងរបស់គ្រិស្តសាសនិក។
១៩ ប៉ុន្តែទោះជាយើងមានភាពទន់ខ្សោយ ហើយសមត្ថភាពរបស់យើងមានកម្រិតក៏ដោយ យើងនៅតែអាចឈ្នះចម្បាំងនេះបាន។ តើតាមរបៀបណា? គឺដោយ«ទទួលយកគ្រប់គ្រឿងចម្បាំងពីព្រះ»។ (អេភេសូរ ៦:១៣) អេភេសូរ ៦:១៤-១៨រៀបរាប់អំពីគ្រឿងចម្បាំងនោះថា៖ «ដូច្នេះ ចូរកាន់ជំហរមាំមួនដោយយកសេចក្ដីពិតមកក្រវាត់ចង្កេះ ហើយពាក់សេចក្ដីសុចរិតជាអាវការពារដើមទ្រូង ថែមទាំងមានចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្តទុកជាស្បែកជើង។ សំខាន់បំផុត ទទួលយកខែលធំនៃជំនឿ ដែលអ្នកអាចប្រើដើម្បីពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច។ ម្យ៉ាងទៀត ចូរទទួលយកសេចក្ដីសង្គ្រោះទុកជាមួកការពារក្បាល ថែមទាំងយកដាវនៃសកម្មពល ពោលគឺបណ្ដាំរបស់ព្រះ នៅដំណាលគ្នានោះ ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាសដោយសកម្មពលរបស់ព្រះ ដោយប្រើសេចក្ដីអធិដ្ឋាននិងការអង្វរសុំគ្រប់យ៉ាង»។
២០. តើស្ថានភាពរបស់យើងខុសគ្នាយ៉ាងណាពីទាហានក្នុងកងទ័ពរបស់មនុស្ស?
២០ ដោយសារគ្រឿងចម្បាំងនេះមកពីព្រះ វានឹងការពារយើងយ៉ាងពិតប្រាកដ ឲ្យតែយើងពាក់វាគ្រប់ពេលវេលា។ ជួនកាល ទាហានក្នុងកងទ័ពរបស់មនុស្សសម្រាកអស់មួយរយៈពេលយូរពីការធ្វើសង្គ្រាម ដោយសារមានសន្ដិភាព។ ប៉ុន្តែគ្រិស្តសាសនិកត្រូវបន្តប្រយុទ្ធស្លាប់រស់រហូតដល់ព្រះបំផ្លាញពិភពលោករបស់សាថាន ហើយដាក់ពួកវិញ្ញាណទុច្ចរិតទាំងអស់ក្នុងទីជ្រៅបំផុត។ (ការបើកបង្ហាញ ១២:១៧; ២០:១-៣) ដូច្នេះ បើអ្នកកំពុងខំប្រឹងទាំងលំបាកដើម្បីយកឈ្នះភាពទន់ខ្សោយឬសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់ខ្លួន កុំចុះចាញ់ឡើយ ពីព្រោះយើងទាំងអស់គ្នាត្រូវ«វាយដំ»ខ្លួនដើម្បីរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ា។ (កូរិនថូសទី១ ៩:២៧) តែបើយើងគ្មានការប្រយុទ្ធទេ នោះទើបយើងគួរព្រួយបារម្ភ!
២១. តើយើងត្រូវធ្វើអ្វីទើបអាចច្បាំងឈ្នះ?
២១ ម្យ៉ាងទៀត យើងច្បាំងឈ្នះពុំបានទេ បើពឹងផ្អែកលើកម្លាំងរបស់ខ្លួន។ ហេតុនេះ ប៉ូលរំលឹកយើងអំពីភាពចាំបាច់នៃការអធិដ្ឋានទៅព្រះយេហូវ៉ា«នៅគ្រប់ឱកាសដោយសកម្មពលរបស់ព្រះ»។ ដំណាលគ្នានោះ យើងគួរស្ដាប់ព្រះយេហូវ៉ាដោយសិក្សាបណ្ដាំរបស់លោក ហើយឆ្លៀតគ្រប់ឱកាសដើម្បីសេពគប់ជាមួយនឹងអ្នកដែលធ្វើ«ទាហាន»ជាមួយយើង ពីព្រោះយើងមិនប្រយុទ្ធម្នាក់ឯងទេ! (ភីលេម៉ូន ២; ហេប្រឺ ១០:២៤, ២៥) អ្នកដែលស្មោះត្រង់ក្នុងការទាំងអស់នេះ មិនត្រឹមតែច្បាំងឈ្នះប៉ុណ្ណោះទេ តែពួកគេក៏នឹងអាចនិយាយការពារជំនឿរបស់ខ្លួនដោយប្រសិទ្ធភាពដែរ ពេលមានអ្នកដែលចង់ជជែកតវ៉ាជាមួយពួកគេ។
ចូរត្រៀមខ្លួនដើម្បីការពារជំនឿរបស់អ្នក
២២, ២៣. (ក) ហេតុអ្វីយើងត្រូវត្រៀមខ្លួនជាស្រេចដើម្បីការពារជំនឿរបស់យើង? ហើយតើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ? (ខ) តើជំពូកបន្ទាប់នឹងបកស្រាយប្រធានបទអ្វី?
២២ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ . . . ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា»។ (យ៉ូហាន ១៥:១៩) ដូច្នេះ គ្រិស្តសាសនិកពិតត្រូវត្រៀមខ្លួនជាស្រេចដើម្បីការពារជំនឿរបស់ពួកគេ ហើយត្រូវធ្វើដូច្នេះដោយការគោរពនិងដោយចិត្តស្លូតបូត។ (សូមអាន ពេត្រុសទី១ ៣:១៥) សូមសួរខ្លួនអ្នកថា‹តើខ្ញុំយល់នូវមូលហេតុដែលជួនកាលសាក្សីព្រះយេហូវ៉ាមានគោលជំហរផ្ទុយពីមតិរបស់មនុស្សទូទៅឬទេ? ពេលដែលខ្ញុំត្រូវកាន់ជំហរមិនពេញនិយមនេះ តើខ្ញុំជឿជាក់ថាអ្វីដែលគម្ពីរនិងខ្ញុំបម្រើស្មោះត្រង់ប្រាប់គឺត្រឹមត្រូវឬទេ? (ម៉ាថាយ ២៤:៤៥; យ៉ូហាន ១៧:១៧) ពេលណាខ្ញុំត្រូវសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា តើខ្ញុំបានត្រៀមខ្លួនដើម្បីធ្វើអ្វីដែលខុសពីអ្នកឯទៀត ថែមទាំងមានមោទនភាពដោយសារខ្ញុំខុសពីអ្នកឯទៀតឬទេ?›។—ទំនុកតម្កើង ៣៤:២; ម៉ាថាយ ១០:៣២, ៣៣
២៣ ប៉ុន្តែច្រើនដង មេកំណាចប្រើវិធីដែលយើងមិនងាយកត់សម្គាល់ ដើម្បីសាកល្បងមើលថា យើងនឹងរួមចំណែកឬមិនរួមចំណែកក្នុងពិភពលោកនេះ។ ជាឧទាហរណ៍ ដូចបានត្រូវបញ្ជាក់ពីមុនហើយ មេកំណាចខំទាក់ទាញអ្នកបម្រើព្រះយេហូវ៉ាឲ្យរួមចំណែកក្នុងពិភពលោកនេះតាមរយៈការកម្សាន្តរបស់ពិភពលោក។ តើយើងអាចជ្រើសរើសយ៉ាងដូចម្ដេចនូវការកម្សាន្តដ៏ល្អដែលនឹងធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ ហើយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស? ជំពូកបន្ទាប់នឹងបកស្រាយប្រធានបទនេះ។
a តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. គ្រិស្តបានគ្រប់គ្រងជាស្តេចលើក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរើសតាំងនៅផែនដី។ (កូឡុស ១:១៣) នៅឆ្នាំ១៩១៤ គ្រិស្តបានទទួលសិទ្ធិអំណាចជាស្តេចដើម្បីគ្រប់គ្រង«រាជាណាចក្រនៃពិភពលោកនេះ»។ ដូច្នេះ ឥឡូវនេះគ្រិស្តសាសនិកដែលបានត្រូវរើសតាំងក៏បម្រើជាទូតនៃរាជាណាចក្ររបស់មេស្ស៊ីដែរ។—ការបើកបង្ហាញ ១១:១៥
b សូមមើលសេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «ការគោរពទង់ជាតិ ការបោះឆ្នោត និងកាតព្វកិច្ចស៊ីវិលជំនួសកាតព្វកិច្ចយោធា»