ប្រអប់សំណួរ
◼ ពេលទៅលេងអគារនៃអង្គការព្រះយេហូវ៉ា តើគួរស្លៀកពាក់បែបណាសមរម្យ?
នៅទូទាំងពិភពលោក សាលប្រជុំ សាលសន្និបាត បេតអែល និងការិយាល័យសាខា គឺលេចធ្លោជាកន្លែងពិសេសដែលយើងប្រើដើម្បីថ្វាយបង្គំព្រះយេហូវ៉ា។ អគារទាំងនោះបង្ហាញពីភាពថ្លៃថ្នូរ ដោយសារជាកន្លែងស្អាតស្អំនិងមានរបៀបរៀបរយ។ អគារនៃអង្គការព្រះគឺខុសគ្នាឆ្ងាយណាស់ពីអ្វីដែលមាននៅក្នុងពិភពលោករបស់សាតាំង។ ដូច្នេះ អស់អ្នកដែលទៅលេងអគារនៃអង្គការព្រះយេហូវ៉ា គួរតែបង្ហាញថាខ្លួនជាអ្នកបម្រើព្រះ និងជាអ្នកធ្វើតាមឆន្ទៈរបស់ទ្រង់។
ក្នុងនាមជាគ្រិស្តសាសនិក យើង«ផ្ទុកផ្ដាក់ខ្លួន[តាំងគំរូ]ជាអ្នកបំរើព្រះ»ក្នុងគ្រប់ការទាំងអស់ នេះរួមបញ្ចូលការស្លៀកពាក់សម្អិតសម្អាងខ្លួនយ៉ាងសមរម្យ។ (២កូ. ៦:៣, ៤) យើងក៏គួរសម្ដែងកិរិយាប្រព្រឹត្តឲ្យសមត្រឹមត្រូវដែរ។ ការស្លៀកពាក់សម្អិតសម្អាងខ្លួនគួរតែបង្ហាញសុភាវធម៌និងភាពថ្លៃថ្នូរ ដែលសមជាអ្នកបម្រើព្រះយេហូវ៉ានៅគ្រប់ពេលវេលា។ ការធ្វើដូច្នេះពិតជាសំខាន់ពេលយើងទៅលេងមន្ទីរចាត់ការនៅរដ្ឋញូវយ៉ក នាសហរដ្ឋអាម៉េរិក ព្រមទាំងការិយាល័យសាខាផ្សេងៗទៀតទូទាំងពិភពលោក។
សៀវភៅដែលមានឈ្មោះអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា (Organized to Do Jehovah’s Will) បានបញ្ជាក់អំពីសារៈសំខាន់នៃភាពស្អាតស្អំខាងរាងកាយ និងការស្លៀកពាក់សម្អិតសម្អាងខ្លួនយ៉ាងល្អ ពេលយើងទៅផ្សព្វផ្សាយនិងចូលរួមកិច្ចប្រជុំ។ បន្ថែមទៅទៀត សៀវភៅនោះចែងថា៖ «ឈ្មោះបេតអែលមានន័យថា ‹ដំណាក់នៃព្រះ›។ ហេតុនេះហើយបានជាយើងគួរស្លៀកពាក់សម្អិតសម្អាងខ្លួន និងមានកិរិយាប្រព្រឹត្តស្រដៀងគ្នានឹងពេលយើងចូលរួមកិច្ចប្រជុំដើម្បីថ្វាយបង្គំនៅសាលប្រជុំ»។ ពេលទៅលេងបេតអែល គប្បីឲ្យយើងជាអ្នកផ្សាយប្រព្រឹត្តឲ្យស្របតាមតម្រូវការដ៏សំខាន់នេះ មិនថាយើងរស់នៅជិតឬនៅឆ្ងាយពីបេតអែលក៏ដោយ។ ដោយធ្វើដូច្នេះ យើងបង្ហាញពីចិត្តកតញ្ញូនិងការគោរពដ៏សមត្រឹមត្រូវចំពោះអគារទាំងនោះ។—ទំនុក. ២៩:២
សម្លៀកបំពាក់របស់យើងគួរបង្ហាញថា យើង«រាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ»។ (១ធី. ២:១០) ការស្លៀកពាក់សម្អិតសម្អាងខ្លួនដ៏សមរម្យអាចជួយអ្នកដទៃឲ្យមានទស្សនៈល្អចំពោះការថ្វាយបង្គំព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ ធ្លាប់មានបងប្អូនខ្លះដែលទៅលេងអគារនៃអង្គការព្រះយេហូវ៉ា បានស្លៀកពាក់ដោយមិនមានភាពថ្លៃថ្នូរ ធំពេកឬខើចលើខើចក្រោម។ សម្លៀកបំពាក់បែបនេះពិតជាមិនសមរម្យឲ្យគ្រិស្តសាសនិកស្លៀកពាក់ឡើយ មិនថាពេលណាឬនៅកន្លែងណាក៏ដោយ។ ដូច្នេះ ក្នុងរឿងនេះ ក៏ដូចជានៅគ្រប់ទិដ្ឋភាពនៃជីវិតយើងជាគ្រិស្តសាសនិកដែរ យើងចង់ធ្វើទាំងអស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះ ព្រមទាំងរក្សាខ្នាតតម្រាដ៏សុចរិតដែលបង្ហាញថារាស្ត្ររបស់ព្រះខុសពីមនុស្សក្នុងពិភពលោកនេះ។—រ៉ូម ១២:២; ១កូ. ១០:៣១
ដូច្នេះ ពេលណាក៏ដោយដែលយើងទៅលេងមន្ទីរចាត់ការនិងការិយាល័យសាខានៅរដ្ឋញូវយ៉ក នាសហរដ្ឋអាម៉េរិក ឬការិយាល័យសាខានៅកន្លែងផ្សេងទៀត សូមសួរខ្លួនឯងថា ‹តើរបៀបដែលខ្ញុំស្លៀកពាក់សម្អិតសម្អាងខ្លួនបង្ហាញភាពថ្លៃថ្នូរ ស្អាតស្អំ និងសមរម្យចំពោះកន្លែងដែលខ្ញុំទៅលេងនោះទេ? តើការស្លៀកពាក់សម្អិតសម្អាងខ្លួនរបស់ខ្ញុំលើកកិត្ដិយសព្រះយេហូវ៉ាទេ? តើអាការក្រៅរបស់ខ្ញុំបង្វែរអារម្មណ៍អ្នកដទៃ ឬធ្វើឲ្យគេទើសចិត្តទេ?›។ ដោយការស្លៀកពាក់សម្អិតសម្អាងខ្លួនរបស់យើង ចូរឲ្យយើង«តាក់តែង[លើកកិត្ដិយស]សេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាក្នុងគ្រប់ការទាំងអស់»ជានិច្ច!—ទីត. ២:១០