ប្រអប់សំនួរ
◼ តើយើងគួរស្លៀកពាក់យ៉ាងណា ពេលយើងទៅមើលផ្ទះបេតអែលឬការិយាល័យសាខា?
ពេលយើងទៅបេតអែល មិនថាយើងទៅមើលទីស្នាក់ការឬក៏ទៅសួរសុខទុក្ខសមាជិកក្រុមគ្រួសារបេតអែលណាម្នាក់ក៏ដោយនោះ «សំលៀកបំពាក់របស់យើងនិងរបៀបយើងតុបតែងសំអិតសំអាងខ្លួន ត្រូវស្រដៀងគ្នានឹងអ្វីដែលត្រូវចាត់ទុកជាសមរម្យសំរាប់ការប្រជុំថ្វាយបង្គំនៅឯសាលព្រះរាជាណាចក្រ»។ (សៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ១៣១ (ជាភាសាអង់គ្លេស)) ក៏ប៉ុន្តែ បានកត់សម្គាល់ឃើញថា មានបងប្អូនខ្លះស្លៀកពាក់សាមញ្ញហួសហេតុពេក ពេលពួកគេទៅឯការិយាល័យសាខា។ ពេលទៅដល់ការិយាល័យទាំងនេះ ការស្លៀកពាក់ដូច្នេះគឺមិនសមរម្យទេ។ សំលៀកបំពាក់របស់យើងត្រូវជាគំរូល្អ ត្រូវស្អាតបាត ត្រូវសមរម្យ ទាំងសម្ដែងនូវសេចក្ដីថ្លៃថ្នូរនិងសុភាវធម៌ដែលសមជាអ្នកបំរើព្រះយេហូវ៉ា។—១ធី. ២:៩, ១០
នេះគឺសំខាន់ជាពិសេសពេលយើងទៅផ្ទះបេតអែលឬក៏ទីស្នាក់ការសាខា ដោយព្រោះមនុស្សជាច្រើនដែលមិនមែនជាស្មរបន្ទាល់កំពុងតែមើលយើង។ អ្វីដែលអ្នកទាំងនោះឃើញអាចមានឥទ្ធិពលទៅលើទស្សនៈរបស់ពួកគេចំពោះរាស្ត្ររបស់ព្រះ និងអង្គការរបស់ទ្រង់។ យកល្អឲ្យយើងនិយាយជាមួយសិស្សព្រះគម្ពីរនិងអ្នកឯទៀតដែលប្រហែលជាចង់ទៅមើលទីស្នាក់ការ សូមរំឭកពួកគេអំពីសារៈសំខាន់នៃការស្លៀកពាក់និងតុបតែងខ្លួនឲ្យបានសមរម្យ។ បើអ្នកធ្វើដូច្នេះ ក្រុមគ្រួសារបេតអែលនឹងសប្បាយចិត្ត។
ក្នុងនាមជាជនគ្រីស្ទាន យើងត្រូវប្រុងប្រយ័ត្នកុំឲ្យអាការក្រៅរបស់យើងជាហេតុនាំឲ្យអ្នកឯទៀតជំពប់ដួលខាងវិញ្ញាណ។ (២កូ. ៦:៣, ៤) ផ្ទុយទៅវិញ ចូរយើង«តាក់តែង»ជានិច្ចនូវ«សេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះ នៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់» ដោយស្លៀកពាក់សំអិតសំអាងយ៉ាងសមរម្យ។—ទីត. ២:១០