ការស្លៀកពាក់សមរម្យបង្ហាញថាយើងកោតខ្លាចព្រះ
១ បន្ដិចទៀតយើងនឹងមានឯកសិទ្ធិជាភ្ញៀវរបស់ព្រះយេហូវ៉ានៅមហាសន្និបាតសំរាប់ឆ្នាំ២០០៣ដែលមានប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ»។ យើងដឹងគុណព្រះយេហូវ៉ាណាស់ដែលទ្រង់បានអញ្ជើញយើងឲ្យចូលរួមការជប់លៀងខាងវិញ្ញាណដ៏ធំនេះ! យើងអាចបង្ហាញការកោតខ្លាចចំពោះទ្រង់និងការដឹងគុណចំពោះសំវិធានការខាងវិញ្ញាណតាមរបៀបយើងស្លៀកពាក់សំអិតសំអាងខ្លួន។—ទំនុក. ១១៦:១២, ១៧
២ ស្អាតបាតនិងរៀបរយ: អាការក្រៅរបស់យើងគួរបង្ហាញឲ្យឃើញខ្នាតតម្រារបស់ព្រះនៃយើង ដែលទ្រង់ជាព្រះមួយអង្គដ៏ស្អាតស្អំនិងរៀបរយ។ (១កូ. ១៤:៣៣; ២កូ. ៧:១) រូបកាយ សក់ និងក្រចករបស់យើងគួរស្អាត ហើយអាការក្រៅរបស់យើងគួរស្អាតបាត។ សព្វថ្ងៃនេះ ការស្លៀកពាក់តុបតែងបែបឥតសណ្ដាប់ធ្នាប់គឺជាម៉ូដពេញនិយម។ ក៏ប៉ុន្តែ បើតួឯកឬកីឡាករម្នាក់មានអាការក្រៅបែបសើងមម៉ើង នេះមិនមែនជាហេតុឲ្យគ្រីស្ទានម្នាក់យកតម្រាប់គាត់ទេ។ បើយើងតាមអ្វីដែលគេពេញនិយម មនុស្សដែលមើលពួកយើងប្រហែលជានឹងពិបាកឃើញភាពខុសគ្នារវាងអ្នកដែលថ្វាយបង្គំព្រះពិត និងមនុស្សដែលមិនថ្វាយបង្គំទ្រង់នោះ។—ម៉ាឡ. ៣:១៨
៣ សំលៀកបំពាក់ដែលសមជាគ្រីស្ទានម្នាក់បំរើព្រះ: នៅពេលសាវ័កប៉ុលសរសេរទៅកាន់ធីម៉ូថេដែលជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រីស្ទាននោះ ប៉ុលបានលើកទឹកចិត្ត«ពួកស្រីៗ . . . ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន . . . ឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ»។ (១ធី. ២:៩, ១០) ដើម្បីឲ្យប្រាកដថាសំលៀកបំពាក់របស់យើងមានភាពសមរម្យនោះ យើងត្រូវគិតឲ្យបានដិតដល់។ សំលៀកបំពាក់របស់យើងត្រូវស្អាតបាត មិនគគ្រិច និងសមរម្យ មិនមែនឆើតឆាយគួរឲ្យទាស់ភ្នែក ឬនាំឲ្យស្រើបស្រាលនោះទេ។—១ពេ. ៣:៣
៤ ប៉ុលក៏បានព្រមានអំពីការ«ក្រងសក់ ឬពាក់មាស កែវមុក្ដា»ហួសហេតុ និង«សំលៀកបំពាក់យ៉ាងថ្លៃពេក»។ (១ធី. ២:៩) ស្ត្រីគ្រីស្ទានបង្ហាញប្រាជ្ញាដោយមានតុល្យភាពក្នុងការពាក់គ្រឿងអលង្ការ គ្រឿងសំអាង និងគ្រឿងតុបតែងឯទៀត។—សុ. ១១:២
៥ គោលការណ៍ក្នុងឱវាទរបស់សាវ័កប៉ុលទៅកាន់ស្ត្រីគ្រីស្ទានក៏សំដៅលើបុរសគ្រីស្ទានដែរ។ បងប្រុសៗមិនគួរស្លៀកពាក់បែបណាដែលបង្ហាញគំនិតលោកីយ៍ទេ។ (១យ៉ូន. ២:១៦) ជាឧទាហរណ៍ នៅប្រទេសខ្លះ ការស្លៀកពាក់ខោអាវធំជ្រុលគឺជាម៉ូដពេញនិយម ប៉ុន្តែម៉ូដនេះគឺមិនសមរម្យសំរាប់អ្នកបំរើព្រះទេ។
៦ នៅពេលកំសាន្ត: នៅពេលចូលរួមកម្មវិធីមហាសន្និបាត បងប្អូនប្រុសស្រីភាគច្រើនជាគំរូល្អអំពីការស្លៀកពាក់សំអិតសំអាងខ្លួន។ ប៉ុន្តែ មានការរាយការណ៍ថា បងប្អូនខ្លះមិនយកចិត្តទុកដាក់ទៅលើរឿងនេះនៅពេលធ្វើដំណើរទៅឬមកវិញពីមហាសន្និបាត ឬនៅពេលកំពុងតែកំសាន្តក្រោយកម្មវិធីចប់។ ការពិត អាការក្រៅរបស់យើង មិនថាពេលមានកម្មវិធីឬនៅពេលផ្សេងទៀត មានឥទ្ធិពលទៅលើទស្សនៈរបស់មនុស្សចំពោះរាស្ត្ររបស់ព្រះ។ ដោយសារយើងពាក់ប័ណ្ណមហាសន្និបាត យើងគួរស្លៀកពាក់សមជាគ្រីស្ទានម្នាក់ដែលបំរើព្រះជានិច្ច។ ជាញឹកញយ នេះជំរុញឲ្យអ្នកឯទៀតសរសើរយើងនិងផ្ដល់ឱកាសឲ្យយើងធ្វើបន្ទាល់។—១កូ. ១០:៣១-៣៣
៧ ការញញឹមយ៉ាងកក់ក្ដៅធ្វើឲ្យមុខយើងស្អាតជាង។ ការស្លៀកពាក់សំអិតសំអាងខ្លួនយ៉ាងសមរម្យក៏ដូច្នេះដែរ ដ្បិតនោះធ្វើឲ្យសារដែលយើងផ្សាយនិងអង្គការដែលយើងតំណាងប្រកបដោយកិត្ដិយសថ្លៃថ្នូរ។ មនុស្សខ្លះដែលសង្កេតមើលយើងនៅមហាសន្និបាតប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ»នៅឆ្នាំនេះ ប្រហែលជានឹងជំរុញគេឲ្យសួរពីមូលហេតុដែលយើងខុសប្លែកពីគេ ហើយនៅទីបំផុតពួកគេប្រហែលជានឹងប្រាប់ថា៖«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮ[ហើយបានឃើញ]ថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។ (សាក. ៨:២៣) ចូរយើងម្នាក់ៗបង្ហាញថាយើងកោតខ្លាចព្រះយេហូវ៉ាដោយសំលៀកបំពាក់និងការសំអិតសំអាងរបស់យើង។
[Study Questions]
១. តើយើងអាចបង្ហាញការដឹងគុណសំរាប់មហាសន្និបាតរបស់យើងខាងមុខនេះយ៉ាងដូចម្ដេច?
២. ហេតុអ្វីជាការសំខាន់ដែលយើងស្អាតបាតនិងរៀបរយ?
៣. តើយើងអាចប្រាកដថាអាការក្រៅរបស់យើងគឺសមស្របតាមធីម៉ូថេទី១ ២:៩,១០យ៉ាងដូចម្ដេច?
៤, ៥. តើបុរសស្ត្រីគ្រីស្ទានត្រូវប្រុងប្រយ័ត្ននឹងអ្វី?
៦. នៅពេលធ្វើដំណើរទៅឬមកវិញពីមហាសន្និបាត ពេលនៅមហាសន្និបាត និងពេលចប់កម្មវិធីនិមួយៗជារៀងរាល់ថ្ងៃ ហេតុអ្វីយើងគួរកាន់តាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរស្តីអំពីការស្លៀកពាក់សំអិតសំអាងខ្លួន?
៧. តើការស្លៀកពាក់សំអិតសំអាងខ្លួនយ៉ាងសមរម្យអាចមានអានុភាពអ្វីទៅលើអ្នកឯទៀត?
[Box on page 6]
ចូរមានអាការក្រៅថ្លៃថ្នូរ
▪ នៅពេលធ្វើដំណើរ
▪ នៅមហាសន្និបាត
▪ នៅពេលកំសាន្ត