ការស្លៀកពាក់និងសំអិតសំអាងខ្លួនយ៉ាងសមរម្យ
១ «បុរសទាំងឡាយ មានក្រវាត់កគ្រប់គ្នា សូម្បីតែក្មេងប្រុសក៏ដោយ។ ស្ត្រីទាំងឡាយ ទាំងយុវនារីនិងកុមារី ស្លៀករ៉ូបឬក៏សំពត់គ្រប់គ្នា។ គ្មានអ្នកណាម្នាក់ស្លៀកខោខូវប៊យឬក៏ស្លៀកពាក់សាមញ្ញពេកឡើយ។ បុគ្គលគ្រប់រូបគឺស្អាតបាតគួរឲ្យចង់គយគន់»។ នេះជាសេចក្ដីរាយការណ៍ពីកាសែតមួយ។ តើកាសែតនេះកំពុងតែរាយការណ៍អំពីមនុស្សណា? ប្រជុំនយោបាយ? កន្លែងទស្សនាកីឡា? មហោស្រពឬ? ប្រាកដជាមិនមែនទេ! នេះបានរាយការណ៍អំពីក្រុមបងប្អូនប្រុសស្រីនៅឯមហាសន្និបាតធំមួយនាឆ្នាំមុន។
២ នៅទីក្រុងមួយទៀតដែលមានមហាសន្និបាតនោះ អ្នកកាសែតមួយរូបបានពណ៌នាអំពីស្មរបន្ទាល់មួយក្រុមថា៖ «បុរសទាំងឡាយស្អាតបាតនិងមានអាវធំនិងក្រវាត់ក។ ស្ត្រីគ្រប់ៗរូបបានស្លៀកពាក់យ៉ាងសមរម្យនិងយ៉ាងថ្លៃថ្នូរ»។ អ្នកយាមក៏បានពោលថា៖ «ពួកអ្នកមានចរិយាល្អ បង្ហាញការគោរព ចេះស្អាតស្អំ និងមានរបៀបរៀបរយល្អ។ អ្វីដែលខ្ញុំឃើញធ្វើឲ្យខ្ញុំសប្បាយណាស់។ ក្នុងលោកីយ៍ដ៏ស្មោកគ្រោកនេះ អ្នកបានធ្វើការសំអិតសំអាតយ៉ាងអស្ចារ្យ!»។ សេចក្ដីសរសើរនេះបញ្ជាក់គុណសម្បត្ដិយើងយ៉ាងប្រសើរ! យើងពិតជារីករាយណាស់ដែលភាតរភាពរបស់យើងអាចត្រូវគេសរសើរយ៉ាងនេះ មែនទេ? ពិតណាស់ ស្មរបន្ទាល់ម្នាក់ៗក្នុងក្រុមទាំងនោះបានជួយធ្វើឲ្យមានការរាយការណ៍ល្អដោយសារអាការក្រៅដ៏ល្អដែលគួរយកជាគំរូ។
៣ យើងត្រូវមនុស្សស្គាល់ទូទាំងពិភពលោក ដោយសារអាការក្រៅរបស់យើងគឺខុសប្លែកពីអ្នកដទៃ។ (ម៉ាឡ. ៣:១៨) ហេតុអ្វី? ដោយព្រោះយើងអនុវត្តតាមដំបូន្មានពីបទគម្ពីរដែលទូន្មានយើងថា៖ «តែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន . . . តែឲ្យសំណំនឹង[អ្នក] ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ»។—១ធី. ២:៩, ១០
៤ តើរបៀបដែលអ្នកស្លៀកពាក់និងសំអិតសំអាងខ្លួនបញ្ជាក់ថាអ្នកជាមនុស្សបែបណា? អ្វីដែលយើងស្លៀកពាក់ ថែមទាំងរបៀបដែលយើងស្លៀកពាក់ ពិតជាបញ្ជាក់នូវជំនឿ ចិត្តគំនិត និងបំណងរបស់យើង។ ម៉ូដដែលយើងជ្រើសរើសបញ្ជាក់អត្តសញ្ញាណរបស់យើងនឹងអ្វីដែលយើងតំណាង។ កុំបីឲ្យយើងគាំទ្រចិត្តគំនិតនិងកិរិយាដ៏ថោកទាបដែលពេញនិយមក្នុងលោកីយ៍នេះឡើយ។ យើងមិនត្រូវគិតថា តើម៉ូដណាមួយទាន់សម័យហើយពេញនិយមបំផុតឬក៏អត់នោះ។ ផ្ទុយទៅវិញ យើងត្រូវគិតថា តើម៉ូដមួយនោះសំណំនឹងអ្នកដែលរាប់ខ្លួនជាអ្នកបំរើព្រះឬទេ? (រ៉ូម ១២:២) យើងចង់ជ្រើសរើសម៉ូដដែលពិតជានាំឲ្យមានការ«សរសើរដល់ព្រះ»ជាជាងម៉ូដដែលបង្ហាញចិត្តគំនិតអស្មិមានះ ឬក៏នាំឲ្យនឹកឃើញដល់អំពើអសីលធម៌។—១ពេ. ២:១២
៥ ជួនកាល អ្នកថ្មី អ្នកដែលខ្វះបទពិសោធន៍ ឬក៏អ្នកខ្សោយខាងវិញ្ញាណ ប្រហែលជាមានទំនោរលើការស្លៀកពាក់និងសំអិតសំអាងខ្លួនដែលលោកីយ៍នេះនិយមដោយមិនគិតជាមុនទេថា នេះនឹងនាំឲ្យមនុស្សគិតយ៉ាងណាអំពីព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។ យកល្អយើងគ្រប់គ្នាពិនិត្យខ្លួនដើម្បីដឹងថា តើយើងបានទទួលឥទ្ធិពលពីចិត្តគំនិតនៃលោកីយ៍នេះឬក៏យ៉ាងណា។ យើងអាចនិយាយជាមួយបងប្រុសឬបងស្រីម្នាក់ដែលមានភាពចាស់ទុំ សុំគាត់ប្រាប់យ៉ាងត្រង់ចំៗអំពីការសង្កេតឃើញរបស់គាត់ស្តីអំពីម៉ូដសំលៀកបំពាក់របស់យើងនិងរបៀបយើងសំអិតសំអាងខ្លួន រួចយកយោបល់របស់គាត់មកគិតពិចារណាឲ្យបានជ្រៅជ្រះ។
៦ បងប្អូនខ្លះនឹងយល់ស្របភ្លាមថា យើងត្រូវប្រុងប្រយ័ត្ននឹងរបៀបយើងស្លៀកពាក់នៅឯមហាសន្និបាត។ ប៉ុន្តែ មិនសូវកាន់តាមខ្នាតតម្រាក្នុងពេលកំសាន្តក្រោយកម្មវិធីចប់នោះទេ។ ចូររក្សាខ្នាតតម្រាខ្ពង់ខ្ពស់ដែលសំណំនឹងពួកគ្រីស្ទាន។ (២កូ. ៦:៣, ៤) ទោះជាយើងទៅកន្លែងសាធារណៈនោះ កាតឈ្មោះ សំលៀកបំពាក់ និងការសំអិតសំអាងខ្លួនដ៏សមរម្យរបស់យើងបញ្ជាក់ថា យើងជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ដូច្នេះ សំលៀកបំពាក់របស់យើងត្រូវឲ្យបានស្អាតបាតសមរម្យនិងបង្ហាញថាយើង«មិនមែនជារបស់ផងលោកីយ»។—យ៉ូន. ១៥:១៩
៧ ចូរឲ្យយើងធ្វើអស់ពីសមត្ថភាពក្នុងកំឡុងមហាសន្និបាត ដែលមានប្រធានថា«អ្នកប្រកាសដ៏ខ្នះខ្នែងអំពីព្រះរាជាណាចក្ររបស់ព្រះ»ដើម្បីបញ្ជាក់ច្បាស់ថា យើង«ជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ា»។ គំនិតល្អដែលមនុស្សនឹងមានចំពោះយើង នឹងបន្ថែមនូវ«សេចក្ដីសរសើរនឹងកេរ្ដិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កុំថ្កើង»ចំពោះព្រះយេហូវ៉ា។—ចោទិ. ២៦:១៩
[ប្រអប់នៅទំព័រ៥]
របៀបនាំឲ្យមានការសរសើរដំកើងព្រះយេហូវ៉ា
■ ស្លៀកពាក់តាមបែបសំណំនឹងអ្នកដែលបំរើព្រះ
■ ជៀសវាងម៉ូដដែលបង្ហាញចិត្តគំនិតលោកីយ៍
■ បង្ហាញភាពសមរម្យដែលបញ្ជាក់ថាយើងមានគំនិតនឹងធឹង