ចូរបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់ខ្លួន
១ មហាសន្និបាតខាងមុខនេះ ដែលមានប្រធានថា«អ្នកប្រកាសដ៏ខ្នះខ្នែងអំពីព្រះរាជាណាចក្ររបស់ព្រះ» នឹងផ្ដល់ឱកាសដ៏ប្រសើរមួយឲ្យយើងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់ខ្លួន។ ដូចម្ហូបអាហារមែនទែនដែលមានគុណប្រយោជន៍នោះ កម្មវិធីមហាសន្និបាតនេះក៏នឹងបំពេញបំប៉នសុខភាពខាងវិញ្ញាណរបស់យើងដោយ «ព្រះបន្ទូលនៃសេចក្ដីជំនឿ»។ (១ធី. ៤:៦) កម្មវិធីនេះក៏នឹងជួយយើងចូលទៅជិតនឹងព្រះយេហូវ៉ាឲ្យបានជិតស្និទ្ធថែមទៀត។ ម្យ៉ាងទៀត យើងក៏នឹងទទួលដំបូន្មាននិងការលើកទឹកចិត្តដែលនឹងជួយយើងស៊ូទ្រាំនឹងការល្បងលក្នុងជីវិតរបស់យើង។ ព្រះយេហូវ៉ាធានាយើងថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។ (ទំនុក. ៣២:៨) យើងពិតជារីករាយណាស់ ដែលព្រះយេហូវ៉ាផ្ដល់ការណែនាំសំរាប់ជីវិតរបស់យើងដោយព្រះទ័យស្រឡាញ់! យើងសូមពិចារណានូវជំហានខ្លះៗដែលយើងអាចធ្វើបាន ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីកម្មវិធីមហាសន្និបាត។
២ យើងត្រូវត្រៀមចិត្តរបស់យើងទុកជាមុន: យើងម្នាក់ៗមានភារកិច្ចការពារចិត្តរបស់យើង។ (សុ. ៤:២៣) នេះតម្រូវឲ្យយើងអប់រំខ្លួន និងព្រមទទួលស្គាល់លក្ខណៈពិតរបស់ខ្លួន។ មហាសន្និបាតគឺជាពេលរំពឹងគិតអំពីចំណងមេត្រីភាពរវាងយើងនិងព្រះយេហូវ៉ា ហើយក៏ជាពេល«ពិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព»។ ដើម្បីត្រៀមបំរុងឲ្យ‹ព្រះបន្ទូលត្រូវបណ្ដុះ›ក្នុងចិត្តយើង នោះយើងគួរទូលអង្វរព្រះយេហូវ៉ាឲ្យពិនិត្យមើលយើង និងរក«អំពើអាក្រក់ណា»ក្នុងយើង ដែលយើងត្រូវតែកែតម្រង់ និងណែនាំយើង«តាមផ្លូវដ៏នៅអស់កល្បជានិច្ច»។—យ៉ា. ១:២១, ២៥ ព្រះគម្ពីរភាសាខ្មែរសម្រាយ; ទំនុក. ១៣៩:២៣, ២៤
៣ ចូរស្ដាប់និងរំពឹងគិត: ព្រះយេស៊ូបានសរសើរម៉ារាដោយសារម៉ារាបានផ្ចង់អារម្មណ៍ទៅលើព្រះបន្ទូលរបស់ទ្រង់។ ព្រះយេស៊ូបានមានបន្ទូលនឹងនាងថា៖ «នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។ (លូកា ១០:៣៩, ៤២) បើយើងមានចិត្តគំនិតដូចម៉ារា នោះយើងនឹងមិនអនុញ្ញាតឲ្យរឿងតូចតាចណាមកបំបែរអារម្មណ៍យើងឡើយ។ យើងនឹងតាំងចិត្តអង្គុយនិងស្ដាប់ដោយយកចិត្តទុកដាក់នូវកម្មវិធីទាំងមូល។ យើងនឹងមិននិយាយឬក៏ដើរចុះឡើងដោយមិនចាំបាច់ ហើយក៏នឹងមិនបំបែរអារម្មណ៍អ្នកឯទៀតដោយប្រើទូរស័ព្ទដៃ ហ្វូនលីង ម៉ាស៊ីនថត និងម៉ាស៊ីនថតវីដេអូឡើយ។
៤ យកល្អយើងកត់កំណត់ខ្លីៗពេលយើងស្ដាប់សុន្ទរកថានានា ដើម្បីជួយយើងវិភាគនូវចំណុចសំខាន់ៗដែលជាប់ទាក់ទងនឹងប្រធានដែលត្រូវពន្យល់នោះ។ យើងគួរចេះសម្គាល់នូវរបៀបអ្វីដែលយើងកំពុងតែរៀនជាប់ទាក់ទងនឹងអ្វីដែលយើងដឹងរួចទៅហើយ។ នេះនឹងជួយយើងយល់និងចាំពត៌មាននោះ។ ពេលយើងមើលកំណត់របស់យើងសាជាថ្មីនោះ យើងត្រូវមានគោលបំណងរករបៀបយកពត៌មាននោះមកអនុវត្ត។ យើងម្នាក់ៗអាចសួរខ្លួនថា៖ ‹តើនេះមានឥទ្ធិពលយ៉ាងណាមកលើចំណងមេត្រីភាពរវាងខ្ញុំនឹងព្រះយេហូវ៉ា? តើខ្ញុំត្រូវកែប្រែដូចម្ដេចខ្លះក្នុងជីវិតរបស់ខ្ញុំ? តើខ្ញុំអាចយកពត៌មាននេះមកអនុវត្តយ៉ាងដូចម្ដេចលើរបៀបខ្ញុំប្រព្រឹត្តទៅលើអ្នកឯទៀត? តើខ្ញុំអាចអនុវត្តពត៌មាននេះក្នុងកិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេចខ្លះ›? ចូរពិភាក្សាជាមួយអ្នកឯទៀតអំពីចំណុចដែលយើងចូលចិត្តជាងគេ។ ការធ្វើដូច្នេះនឹងជួយរក្សាទុកបន្ទូលរបស់ព្រះយេហូវ៉ា‹នៅកណ្ដាលដួងចិត្តរបស់យើង›។—សុ. ៤:២០, ២១
៥ ចូរឲ្យយើងអនុវត្តតាមអ្វីដែលយើងរៀន: ក្រោយបងប្រុសម្នាក់បានចូលរួមមហាសន្និបាត គាត់មានប្រសាសន៍ថា៖ «កម្មវិធីនោះបានទាក់ទងយ៉ាងចំៗនឹងជីវិតយើងផ្ទាល់ ហើយក៏បានជំរុញយើងឲ្យពិនិត្យមើលសន្ដានចិត្តរបស់ខ្លួន និងបុគ្គលក្នុងក្រុមគ្រួសារ ហើយផ្ដល់ជំនួយដល់ពួកគេពីបទគម្ពីរដោយទឹកចិត្តស្រឡាញ់។ កម្មវិធីនោះបានធ្វើឲ្យខ្ញុំយល់ដឹងថា ខ្ញុំមានភារកិច្ចជួយឲ្យបានច្រើនជាងក្នុងក្រុមជំនុំ»។ យើងជាច្រើននាក់ទំនងជាមានអារម្មណ៍ដូចគាត់ដែរ។ ប៉ុន្តែ គឺមិនគ្រប់គ្រាន់ទេ បើយើងចេញពីមហាសន្និបាតដោយមានអារម្មណ៍ថាខ្លួនបានត្រូវលើកទឹកចិត្តនិងបានទទួលកម្លាំងចិត្តឡើងវិញប៉ុណ្ណោះ។ ព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាមនោះ មានពរហើយ»។ (យ៉ូហាន ១៣:១៧) យើងត្រូវតែខំព្យាយាមអនុវត្តតាមចំណុចដែលទាក់ទងនឹងយើងផ្ទាល់។ (ភីលីព ៤:៩) នេះជាគន្លឹះនៃការបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់យើង។
[ប្រអប់នៅទំព័រ៤]
ចូររំពឹងគិតអំពីអ្វីដែលអ្នកឮ:
■ តើនេះទាក់ទងយ៉ាងដូចម្ដេចនឹងចំណងមេត្រីភាពរវាងខ្ញុំនឹងព្រះយេហូវ៉ា?
■ តើនេះទាក់ទងយ៉ាងដូចម្ដេចទៅនឹងរបៀបខ្ញុំប្រព្រឹត្តលើអ្នកឯទៀត?
■ តើខ្ញុំអាចយកចំណុចនេះមកអនុវត្តយ៉ាងដូចម្ដេចក្នុងជីវិតខ្ញុំនិងក្នុងកិច្ចផ្សព្វផ្សាយ?