តើយើងអាចជួយអ្នកដែលចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
១ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៨ មនុស្សរាប់លាននាក់ទូទាំងពិភពលោកនឹងរៀនអំពីអ្វីមួយដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្តគំនិតរបស់ពួកគេ។ អស់អ្នកដែលចូលរួមក្នុងពិធីបុណ្យរំលឹកនឹងរៀនអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះក្នុងការផ្ដល់ថ្លៃលោះមនុស្សជាតិ។ (យ៉ូន. ៣:១៦) ពួកគេនឹងរៀនអំពីរាជាណាចក្ររបស់ព្រះ ហើយរបៀបដែលព្រះយេហូវ៉ានឹងប្រើរាជាណាចក្រនោះដើម្បីឲ្យគោលបំណងរបស់ទ្រង់សម្រាប់ផែនដីបានសម្រេច។ (ម៉ាថ. ៦:៩, ១០) ពួកគេនឹងឃើញដោយភ្នែកផ្ទាល់នូវសេចក្ដីស្រឡាញ់និងសាមគ្គីភាពនៃរាស្ត្ររបស់ព្រះ ថែមទាំងមានអារម្មណ៍កក់ក្ដៅដោយសារយើងរាក់ទាក់ជាមួយពួកគេ។—ទំនុក. ១៣៣:១
២ សិស្សគម្ពីរ : មនុស្សខ្លះដែលទើបចាប់ផ្ដើមសិក្សាគម្ពីរជាមួយយើងនឹងចូលរួមពិធីបុណ្យរំលឹក។ សូមណែនាំឲ្យគាត់ស្គាល់បងប្អូនក្នុងក្រុមជំនុំ។ សូមប្រាប់ពួកគាត់អំពីកិច្ចប្រជុំដែលយើងមានប្រចាំសប្ដាហ៍ ហើយនាំគាត់ទៅមើលសាលប្រជុំរបស់យើង។ អ្នកថ្លែងសុន្ទរកថានៅពិធីបុណ្យរំលឹកនឹងលើកទឹកចិត្តសិស្សគម្ពីរឲ្យព្យាយាមបណ្ដុះនូវចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាតទៅទៀត។ យើងអាចប្រើព័ត៌មានពីសុន្ទរកថានោះដើម្បីលើកទឹកចិត្តសិស្សគម្ពីររបស់យើង។
៣ អ្នកអសកម្ម : អ្នកខ្លះដែលនឹងចូលរួមគឺជាអ្នកផ្សាយដែលអសកម្ម។ សូមចាត់វិធានការជាមុនដើម្បីស្វាគមន៍គាត់យ៉ាងកក់ក្ដៅ។ ពេលស្វាគមន៍គាត់ សូមជៀសវាងពីការសួរសំណួរឬនិយាយពាក្យណាដែលធ្វើឲ្យគាត់ខ្មាស។ មិនយូរក្រោយពីថ្ងៃបុណ្យរំលឹក គប្បីឲ្យពួកអ្នកចាស់ទុំទៅលេងនឹងសរសើរបងប្អូនអសកម្មដែលបានឆ្លៀតពេលចូលរួមពិធីនោះ ថែមទាំងអញ្ជើញពួកគាត់ឲ្យមកចូលរួមកិច្ចប្រជុំលើកក្រោយ។
៤ អ្នកថ្មី : អ្នកខ្លះដែលនឹងមានវត្តមាននៅពិធីបុណ្យរំលឹកគឺជាអ្នកដែលយើងស្គាល់ឬសាច់ញាតិដែលយើងបានអញ្ជើញដោយផ្ទាល់។ អ្នកខ្លះប្រហែលបានទទួលលិខិតអញ្ជើញក្នុងអំឡុងកម្មវិធីចែកចាយពិសេស។ ប្រសិនបើយើងឃើញបុគ្គលដែលយើងមិនស្គាល់ សូមចាត់វិធានការជាមុនដើម្បីស្វាគមន៍គាត់។ ប្រហែលជាគាត់មិនដែលបានចូលរួមកិច្ចប្រជុំយើងពីមុនមកទេ។ ពេលយើងនិយាយជាមួយគាត់ ប្រហែលជាយើងអាចសុំអាសយដ្ឋាន ឬលេខទូរស័ព្ទរបស់គាត់។ ពីរបីថ្ងៃបន្ទាប់ពីពិធីបុណ្យរំលឹក សូមទៅលេងឬទូរស័ព្ទគាត់ ហើយលើកទឹកចិត្តគាត់ឲ្យរៀនថែមទៀតដោយអញ្ជើញគាត់ឲ្យសិក្សាគម្ពីរ។
៥ សុន្ទរកថានៅពិធីបុណ្យរំលឹក មានព័ត៌មានដែលយើងអាចប្រើដើម្បីបង្ហាញសៀវភៅព្រះគម្ពីរបង្រៀន ពេលយើងធ្វើការត្រឡប់ទៅជួប។ ជាឧទាហរណ៍ អ្នកថ្លែងនឹងអានបទគម្ពីរនៅអេសាយ ៦៥:២១-២៣។ ពេលត្រឡប់ទៅជួប យើងអាចនិយាយអំពីសុន្ទរកថាដោយថា «ខ្ញុំសូមបង្ហាញពរឯទៀតដែលយើងអាចទទួលពីថ្លៃលោះ»។ បន្ទាប់មកសូមបើកទៅទំព័រទី៤-៥នៅក្នុងសៀវភៅព្រះគម្ពីរបង្រៀន ហើយមើលជាមួយគ្នា។ ណាមួយទៀតយើងអាចនិយាយថា «មនុស្សជាច្រើនឆ្ងល់ថា តើទំនាយនៅសៀវភៅអេសាយនឹងសម្រេចនៅពេលណា?»។ បន្ទាប់មកសូមបើកទៅជំពូកទី៩ វគ្គ១-៣ ហើយមើលជាមួយគ្នា។ វិធីមួយដែលយើងអាចចាប់ផ្ដើមបង្រៀនគម្ពីរ គឺដោយលើកចំណុចពីសុន្ទរកថាបុណ្យរំលឹក ហើយក្រោយមកបង្ហាញសៀវភៅព្រះគម្ពីរបង្រៀន ថែមទាំងរបៀបសិក្សាគម្ពីរ។
៦ សូមឲ្យយើងម្នាក់ៗព្យាយាមរកឱកាសដើម្បីជួយសិស្សគម្ពីរ អ្នកអសកម្ម ហើយអ្នកថ្មីដែលនឹងចូលរួមក្នុងពិធីបុណ្យរំលឹក។ (លូ. ២២:១៩) ការបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយនឹងនាំឲ្យព្រះយេហូវ៉ាផ្ដល់ពរដល់យើងជាពិតប្រាកដ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអស់អ្នកដែលចូលរួមក្នុងពិធីបុណ្យរំលឹកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៨ នឹងរៀនអំពីអ្វីខ្លះ?
២. តើយើងអាចជួយសិស្សគម្ពីរដែលបានចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
៣. តើយើងអាចលើកទឹកចិត្តអ្នកអសកម្មដែលបានចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
៤. តើយើងម្នាក់ៗអាចជួយអ្នកថ្មីយ៉ាងណា?
៥. តើយើងអាចនិយាយអ្វីខ្លះដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ?
៦. ពេលយើងស្ដាប់តាមសេចក្ដីបង្គាប់របស់លោកយេស៊ូឲ្យធ្វើបុណ្យរំលឹកពីមរណភាពរបស់លោក តើយើងមានឱកាសធ្វើអ្វី?