«ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ!» ពិធីបុណ្យរំលឹកការសោយទិវង្គតរបស់ព្រះយេស៊ូត្រូវនឹងថ្ងៃទី២ ខែមេសា
១ មនុស្សរាប់លាននាក់ទូទាំងពិភពលោកនឹងជួបជុំជាមួយគ្នា ដើម្បីធ្វើពិធីរំលឹកការសោយទិវង្គតរបស់ព្រះយេស៊ូជាយញ្ញបូជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០០៧។ ព្រះយេស៊ូបានសោយទិវង្គតដោយសារទ្រង់គាំទ្រអធិបតេយ្យរបស់ព្រះវរបិតា ហើយទុកជាភ័ស្តុតាងថា អារក្សសាតាំងជាអ្នកភូតកុហកពេលដែលវាអះអាងថា មនុស្សថ្វាយបង្គំព្រះដោយមានបំណងចិត្តចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន។ (យ៉ូប ២:១-៥) ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ក៏រំលឹកយើងថា ព្រះយេស៊ូបានបូជា«ជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើន»ដែលជាជីវិតគ្រប់លក្ខណ៍ និងគ្មានបាប។ (ម៉ាថ. ២០:២៨) ហេតុដូច្នេះហើយ ព្រះយេស៊ូបានបង្គាប់សិស្សរបស់ទ្រង់ថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូ. ២២:១៩) តើការមានចិត្តកតញ្ញូចំពោះអំណោយដ៏មានតម្លៃនេះ នឹងជំរុញអ្នកឲ្យចាប់ផ្ដើមរៀបចំធ្វើពិធីបុណ្យរំលឹក ពីការបង្ហាញសេចក្ដីស្រឡាញ់ដ៏ល្អផ្ដាច់របស់ព្រះទេ?—យ៉ូន. ៣:១៦
២ ចូរប្រុងប្រៀបចិត្តរបស់អ្នក: ដោយពិចារណាអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនីមួយៗនៃជីវិតចុងក្រោយរបស់ព្រះយេស៊ូនៅផែនដី យើងអាចប្រុងប្រៀបចិត្តរបស់យើងសម្រាប់ពិធីបុណ្យរំលឹក។ (អែស. ៧:១០) សៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០០៧ ឬប្រតិទិនឆ្នាំ២០០៧មានកាលវិភាគអំណានព្រះគម្ពីរពិសេស ដើម្បីជួយយើងឲ្យប្រុងប្រៀបចិត្ត។ យោងទៅតាមប្រតិទិនដែលយើងប្រើសព្វថ្ងៃនេះ អំណានព្រះគម្ពីរពិសេសនោះ ត្រូវនឹងព្រឹត្ដិការណ៍ដែលបានទាក់ទងនឹងការសោយទិវង្គតរបស់ព្រះយេស៊ូ។ ថ្ងៃខែដែលមាននៅក្នុងកំណត់ហេតុព្រះគម្ពីរមានមូលដ្ឋានលើប្រតិទិនសាសន៍យូដា ដែលចាត់ទុករយៈពេលមួយថ្ងៃចាប់ផ្ដើមពីពេលថ្ងៃលិចរហូតដល់ថ្ងៃលិចមួយទៀត។ ភាពខុសគ្នាពីរបៀបរាប់ថ្ងៃខែត្រូវបានយកមកពិចារណានិងបង្ហាញ ឲ្យឃើញក្នុងកាលវិភាគអំណានព្រះគម្ពីរពិសេសនេះ។ ការរំលឹកសាឡើងវិញពីអំណានព្រះគម្ពីរ និងការរំពឹងគិតដោយអធិស្ឋានទៅលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះ នឹងជួយយើងឲ្យទទួលប្រយោជន៍យ៉ាងពេញលេញពីពិធីបុណ្យរំលឹក។
៣ ចូរអញ្ជើញអ្នកឯទៀតឲ្យចូលរួម: សន្លឹកបន្ថែមពីកិច្ចបម្រើព្រះរាជាណាចក្រយើងខែកុម្ភៈ មានសេចក្ដីប្រកាសពីសកម្មភាពពិសេស ដើម្បីអញ្ជើញមនុស្សឲ្យមកចូលរួមក្នុងពិធីដ៏សំខាន់នេះ។ តើអ្នកបានរៀបចំដើម្បីចូលរួមឲ្យបានពេញលេញក្នុងសកម្មភាពពិសេសនេះទេ? តើអ្នកបានកត់ឈ្មោះអស់អ្នកដែលអ្នកស្គាល់ដើម្បីអញ្ជើញពួកគេឲ្យមកពិធីហើយឬនៅ? តើអ្នកបានអញ្ជើញពួកគេហើយឬទេ? ចូរទៅពិធីបុណ្យរំលឹកឲ្យបានមុនពេលដើម្បីស្វាគមន៍ដល់អស់អ្នកដែលយើងអញ្ជើញ និងអ្នកចាប់អារម្មណ៍ឯទៀតដែរ។ អ្នកប្រហែលជាចង់អង្គុយជិតពួកគាត់ ដើម្បីឲ្យដឹងថាពួកគាត់ពិតជាមានព្រះគម្ពីរ និងសៀវភៅចម្រៀងហើយ។ ចូរណែនាំពួកគាត់ឲ្យស្គាល់បងប្អូនឯទៀតក្នុងក្រុមជំនុំ។ ក្រោយពីកម្មវិធីចប់ សូមឆ្លៀតពេលដើម្បីឆ្លើយសំណួររបស់ពួកគាត់។ សូមអញ្ជើញពួកគាត់មកស្ដាប់សុន្ទរកថាសាធារណៈពិសេសដែលនឹងត្រូវថ្លែងនៅថ្ងៃទី១៥ ខែមេសា។ ជាពិសេសពួកអ្នកចាស់ទុំត្រូវយកចិត្តទុកដាក់នឹងអស់អ្នកដែលអសកម្ម ដើម្បីឲ្យដឹងថាពួកគេបានទទួលសេចក្ដីអញ្ជើញឲ្យមកចូលរួមពិធីបុណ្យរំលឹក និងសុន្ទរកថាពិសេសហើយ។
៤ ចូរជួយអ្នកចាប់អារម្មណ៍ថ្មី និងអ្នកអសកម្មឲ្យរីកចម្រើន: អ្នកថ្លែងសុន្ទរកថានៅពិធីបុណ្យរំលឹកនឹងពន្យល់យ៉ាងសង្ខេបអំពីកម្មវិធីសិក្សាព្រះគម្ពីរដោយឥតគិតថ្លៃ និងលើកទឹកចិត្តដល់អស់អ្នកដែលចាប់អារម្មណ៍ថ្មីឲ្យបន្តរៀនអំពីព្រះយេហូវ៉ា។ អ្នកអាចលើកពីយោបល់របស់អ្នកថ្លែងដើម្បីអញ្ជើញអ្នកចាប់អារម្មណ៍ថ្មីឲ្យរៀនបន្ថែមទៀត។ ប្រសិនបើគាត់មិនទាន់សិក្សាព្រះគម្ពីរ សូមត្រឡប់ទៅជួបភ្លាមៗក្រោយពីពិធីបុណ្យ ហើយបង្ហាញពីរបៀបបង្រៀនគាត់ដោយឥតគិតថ្លៃ។ ដើម្បីឲ្យមានការរីកចម្រើនខាងចំណេះពីព្រះ និងជំនឿលើទ្រង់ ពួកគេក៏ត្រូវការមកចូលរួមកិច្ចប្រជុំផងដែរ។ (ហេ. ១០:២៤, ២៥) ដើម្បីធ្វើដូចនេះបាន ចូរលើកទឹកចិត្តពួកគាត់ឲ្យចាប់ផ្ដើមចូលរួមកិច្ចប្រជុំឲ្យបានទៀងទាត់។ ចំពោះបងប្អូនអសកម្មដែលបានមកចូលរួមបុណ្យរំលឹក ពួកអ្នកចាស់ទុំគួររៀបចំទៅលេងពួកគាត់ ដើម្បីជួយបងប្អូនទាំងនោះឲ្យគិតពិចារណាបន្ថែមទៀតនូវអត្ថន័យនៃពាក្យដែលមានក្នុងសុន្ទរកថា។ នេះប្រហែលជាអាចលើកទឹកចិត្តពួកគាត់ឲ្យមានសកម្មភាពឡើងវិញជាមួយក្រុមជំនុំ។
៥ ពិធីបុណ្យរំលឹកជាឱកាសមួយដើម្បីឲ្យយើងរំពឹងគិតដោយយកចិត្តទុកដាក់អំពីអ្វីដែលព្រះយេហូវ៉ា និងព្រះយេស៊ូបានធ្វើសម្រាប់យើងគ្រប់គ្នា។ ការរំពឹងគិតបែបនេះបណ្ដាលឲ្យយើងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ចំពោះទ្រង់ទាំងពីរអង្គ និងមានឥទ្ធិពលល្អមកលើការប្រព្រឹត្តរបស់យើងថែមទៀត។ (២កូ. ៥:១៤, ១៥; ១យ៉ូន. ៤:១១) ឥឡូវនេះជាពេលដែលយើងត្រូវចាប់ផ្ដើមរៀបចំខ្លួន និងអ្នកចាប់អារម្មណ៍ សម្រាប់ឱកាសដ៏សំខាន់ដែលយើងត្រូវ‹ប្រកាសអំពីការសោយទិវង្គតរបស់ព្រះអម្ចាស់›។—១កូ. ១១:២៦, ខ.ស.
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីបានជាថ្ងៃទី២ ខែមេសា ឆ្នាំ២០០៧សំខាន់ម្ល៉េះ?
២. តើយើងអាចប្រុងប្រៀបចិត្តសម្រាប់ពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
៣. តើយើងអាចជួយអ្នកចាប់អារម្មណ៍ និងអ្នកអសកម្មឲ្យទទួលប្រយោជន៍ពីពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
៤. តើយើងអាចជួយមនុស្សឲ្យបន្តរីកចម្រើនខាងចំណេះពីព្រះ និងជំនឿលើទ្រង់ក្រោយពីពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
៥. តើយើងទទួលប្រយោជន៍អ្វីខ្លះពីពិធីបុណ្យរំលឹក?