ចូរជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីតម្លៃលោះ
ពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមេសា
១ «អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន»។ (២កូ. ៩:១៥) ឃ្លានេះបង្ហាញយ៉ាងសមត្រឹមត្រូវអំពីអារម្មណ៍របស់យើងចំពោះភាពល្អ និងសេចក្ដីសប្បុរសដ៏ស្មោះដែលព្រះសម្ដែងចំពោះរាស្ត្រទ្រង់តាមរយៈតម្លៃលោះរបស់ព្រះយេស៊ូគ្រីស្ទជាព្រះរាជាបុត្រាទ្រង់។ ចិត្តកតញ្ញូចំពោះព្រះដែលបានសម្ដែងក្នុងបទគម្ពីរនេះនឹងត្រូវឃើញយ៉ាងជាក់ស្តែងជាពិសេសពេលដែលយើងជួបជុំគ្នានៅថ្ងៃទី១២ ខែមេសាដើម្បីធ្វើពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ។
២ ជារៀងរាល់ឆ្នាំ មនុស្សប្រហែលដប់លាននាក់បានចូលរួមពិធីបុណ្យរំឭកជាមួយអ្នកបម្រើរបស់ព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ ពួកគេបង្ហាញចិត្តកតញ្ញូមួយកម្រិតចំពោះយញ្ញបូជារបស់ព្រះគ្រីស្ទ។ ក៏ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពីតម្លៃលោះ ពួកគេត្រូវអនុវត្តតាមជំនឿទៅលើតម្លៃលោះនោះ។ (យ៉ូន. ៣:១៦, ៣៦) តើយើងអាចជួយពួកគេបណ្ដុះជំនឿដូចនេះយ៉ាងដូចម្ដេច? ក្នុងកំលុងគ្រាមុនពិធីបុណ្យរំឭក យើងអាចលើកទឹកចិត្តពួកគេឲ្យសិក្សាព្រះគម្ពីរ ហើយឲ្យចូលរួមកិច្ចប្រជុំនានាប្រចាំសប្ដាហ៍របស់ក្រុមជំនុំ។ សូមពិចារណាយោបល់បន្តបន្ទាប់នេះ។
៣ សិស្សព្រះគម្ពីរ: កាលណាអ្នកអញ្ជើញអ្នកចាប់អារម្មណ៍មកពិធីបុណ្យរំឭក សូមសាកល្បងចាប់ផ្ដើមការសិក្សាព្រះគម្ពីរក្នុងសៀវភៅចំណេះ សូមពន្យល់គាត់អំពីពិធីបុណ្យរំឭកដោយប្រើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២៣-២៦។ អ្នកអាចពិភាក្សាព័ត៌មាននោះប្រហែលដូចជាការសិក្សាព្រះគម្ពីរនៅមាត់ទ្វារផ្ទះ ពេលត្រឡប់ទៅជួបម្ចាស់ផ្ទះមួយដងឬពីរដងបើចាំបាច់។ កាលណាពិភាក្សាព័ត៌មាននោះចប់ ម្ចាស់ផ្ទះប្រហែលយល់ព្រមពិភាក្សាជំពូក៧ «អ្វីដែលព្រះបានប្រព្រឹត្ត ដើម្បីសង្គ្រោះមនុស្សជាតិ»។ ពេលដែលអ្នកចាប់ផ្ដើមការសិក្សាជាទៀងទាត់ហើយ សូមត្រឡប់មកពិភាក្សា៦ជំពូកដំបូងនៃសៀវភៅចំណេះ។
៤ តើយើងអាចចាប់ផ្ដើមសិក្សាព្រះគម្ពីរដោយប្រើវិធីសាស្ត្រនេះជាមួយនរណាខ្លះ? អ្នកធ្វើការជាមួយ សិស្សរួមថ្នាក់ ឬអ្នកជិតខាងខ្លះរបស់អ្នកប្រហែលជានឹងយល់ព្រមពិភាក្សាអំពីព័ត៌មានបែបនោះ។ បើមានបងស្រីនៅក្នុងក្រុមជំនុំដែលស្វាមីរបស់គាត់មិនមានជំនឿសាសនាដូចយើង នោះបងប្រុសៗប្រហែលជាអាចនិយាយជាមួយស្វាមីរបស់គាត់បាន។ សូមកុំភ្លេចអញ្ជើញបងប្អូនសាច់ញាតិដែលមិនមែនជាស្មរបន្ទាល់។ បន្ថែមទៅទៀត យើងនឹងខំប្រឹងជាពិសេសអញ្ជើញអស់អ្នកដែលកាលពីមុនធ្លាប់ចូលរួមយ៉ាងសកម្មជាមួយក្រុមជំនុំ។ (លូ. ១៥:៣-៧) សូមឲ្យយើងខំជួយអ្នកទាំងនោះឲ្យទទួលប្រយោជន៍ពីតម្លៃលោះ។
៥ កិច្ចប្រជុំក្រុមជំនុំ: ពិធីបុណ្យរំឭកគឺជាកិច្ចប្រជុំទីមួយដែលសិស្សព្រះគម្ពីរជាច្រើន និងអ្នកមានចំណាប់អារម្មណ៍ឯទៀតបានចូលរួម។ យ៉ាងណាក៏ដោយ តើតាមរបៀបណាដែលយើងអាចលើកទឹកចិត្តពួកគេឲ្យចូលរួមកិច្ចប្រជុំផ្សេងទៀតរបស់ក្រុមជំនុំយើង? កិច្ចបម្រើព្រះរាជាណាចក្រយើង ខែមេសា ឆ្នាំ២០០៥ ទំព័រ៨ជូនយោបល់ដូចតទៅនេះ៖ «សូមប្រាប់ចំណងជើងនៃសុន្ទរកថាសាធារណៈបន្ទាប់។ សូមបង្ហាញសៀវភៅដែលត្រូវសិក្សានៅឯការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាសៀវភៅតាមក្រុមជំនុំ។ សូមពណ៌នាអំពីសាលាកិច្ចបម្រើព្រះធិបតេយ្យ និងការប្រជុំអប់រំកិច្ចបម្រើ។ កាលណាអ្នកមានសុន្ទរកថានៅឯសាលា ប្រហែលជាអ្នកអាចធ្វើការហាត់សាកជាមួយនឹងពួកគេ។ សូមប្រាប់ចំណុចលេចធ្លោជាងគេដែលត្រូវបានថ្លែងនៅឯកិច្ចប្រជុំ។ សូមប្រើរូបភាពក្នុងប្រកាសនវត្ថុរបស់យើងដើម្បីជួយពួកគេឲ្យមើលឃើញក្នុងគំនិតរបស់គេនូវអ្វីៗដែលកើតមានឡើង។ សូមអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំតាំងពីការសិក្សាដំបូងនោះឯង»។
៦ កាលណាអស់អ្នកដែលមានចិត្តស្មោះត្រង់បានសិក្សាព្រះគម្ពីរ ហើយចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ នោះពួកគេច្រើនតែមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងសេចក្ដីពិត។ ហេតុនេះហើយ សូមឲ្យយើងលើកទឹកចិត្តអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីសំវិធានការខាងវិញ្ញាណទាំងនេះ និងពីអំណោយទានដ៏ឧត្តមបំផុតរបស់ព្រះពោលគឺតម្លៃលោះ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើតាមរបៀបណាមួយដែលរាស្ត្ររបស់ព្រះបង្ហាញចិត្តកតញ្ញូចំពោះតម្លៃលោះ?
២. តើនរណាខ្លះចូលរួមពិធីបុណ្យរំឭកជាមួយអ្នកបម្រើរបស់ព្រះយេហូវ៉ា? តើពួកគេត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីតម្លៃលោះ?
៣. តើតាមរបៀបណាដែលយើងប្រហែលជាអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយអស់អ្នកដែលយើងអញ្ជើញមកពិធីបុណ្យរំឭក?
៤. តើយើងអាចចាប់ផ្ដើមសិក្សាព្រះគម្ពីរក្នុងកំលុងគ្រាមុនពិធីបុណ្យរំឭកជាមួយនរណាខ្លះ?
៥. តើតាមរបៀបណាដែលយើងអាចលើកទឹកចិត្តសិស្សព្រះគម្ពីរ និងអ្នកឯទៀតដែលមានចំណាប់អារម្មណ៍ឲ្យចូលរួមកិច្ចប្រជុំនានាប្រចាំសប្ដាហ៍របស់ក្រុមជំនុំ?
៦. តើយើងអាចជួយអស់អ្នកដែលមានចិត្តស្មោះត្រង់ឲ្យទទួលប្រយោជន៍ពីតម្លៃលោះតាមរបៀបពីរយ៉ាងណាខ្លះ?