«ចូរបន្តធ្វើដូច្នេះ» ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមេសា
១. ហេតុអ្វីពិធីរំលឹកសំខាន់ម្ល៉េះ?
១ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (លូក. ២២:១៩) លោកយេស៊ូបានប្រើពាក្យទាំងនេះដើម្បីបង្គាប់ដល់ពួកអ្នកកាន់តាមលោកឲ្យរំលឹកអំពីការបូជាជីវិតរបស់លោក។ ដោយសារអ្វីៗទាំងអស់ដែលបានត្រូវសម្រេចដោយថ្លៃលោះ នោះគ្មានថ្ងៃណាដែលសំខាន់ឬពិសេសសម្រាប់គ្រិស្តសាសនិកជាងថ្ងៃនៃពិធីរំលឹកដែលមានជារៀងរាល់ឆ្នាំនោះទេ។ ឆ្នាំនេះ ពិធីរំលឹកធ្វើឡើងនៅថ្ងៃទី៥ ខែមេសា។ កាលដែលពិធីរំលឹកនេះកាន់តែខិតចូលមកដល់ តើយើងអាចបង្ហាញអំណរគុណចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?—កូឡ. ៣:១៥
២. តើយើងអាចបង្ហាញចិត្តដឹងគុណចំពោះពិធីរំលឹកតាមរយៈការសិក្សានិងការរំពឹងគិតយ៉ាងដូចម្ដេច?
២ ត្រៀមខ្លួន: តាមធម្មតា បើយើងចាត់ទុកអ្វីមួយថាសំខាន់ យើងចង់ត្រៀមខ្លួនទទួលវា។ យើងអាចតាំងចិត្តឬត្រៀមចិត្តរបស់យើងសម្រាប់ពិធីរំលឹក ដោយសិក្សាជាក្រុមគ្រួសារអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយរបស់លោកយេស៊ូនៅលើផែនដី និងដោយរំពឹងគិតអំពីព្រឹត្ដិការណ៍ទាំងនោះ។ (អែស. ៧:១០) ផ្នែកខ្លះនៃអំណានគម្ពីរនោះមាននៅក្នុងប្រតិទិន និងក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។
៣. តើតាមរបៀបណាដែលយើងអាចបង្ហាញចិត្តដឹងគុណចំពោះពិធីរំលឹកដោយចូលរួមកាន់តែច្រើនក្នុងកិច្ចផ្សព្វផ្សាយ?
៣ ផ្សព្វផ្សាយ: យើងអាចបង្ហាញចិត្តដឹងគុណដោយចំណាយពេលច្រើនបំផុតដើម្បីចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ (លូក. ៦:៤៥) ចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៧ ខែមីនា យើងនឹងមានការរៀបចំនៅទូទាំងពិភពលោកដើម្បីអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹក។ តើអ្នកអាចកែប្រែកាលវិភាគរបស់អ្នកដើម្បីចំណាយពេលច្រើនថែមទៀតក្នុងកិច្ចផ្សព្វផ្សាយ ប្រហែលដោយធ្វើជាអ្នកត្រួសត្រាយជំនួយឬទេ? នៅពេលមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ សូមពិគ្រោះគ្នាអំពីរឿងនេះ។
៤. ក្នុងពិធីរំលឹកនេះ តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ?
៤ ពេលយើងចូលរួមពិធីរំលឹកជារៀងរាល់ឆ្នាំ យើងពិតជាបានទទួលប្រយោជន៍ច្រើនមែន! ពេលយើងសញ្ជឹងគិតអំពីចិត្តសប្បុរសរបស់ព្រះយេហូវ៉ាក្នុងការផ្ដល់ឲ្យបុត្រតែមួយជាថ្លៃលោះ នោះអំណរនិងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះនឹងមានកាន់តែច្រើនថែមទៀត។ (យ៉ូន. ៣:១៦; ១យ៉ូន. ៤:៩, ១០) នេះជំរុញចិត្តយើងមិនឲ្យរស់ដើម្បីខ្លួនយើងទៀត។ (២កូ. ៥:១៤, ១៥) នេះក៏ជំរុញចិត្តយើងឲ្យសរសើរព្រះយេហូវ៉ាក្នុងកិច្ចផ្សព្វផ្សាយដែរ។ (ទំនុក. ១០២:១៩-២១) ដោយមានចិត្តដឹងគុណ អ្នកបម្រើរបស់ព្រះយេហូវ៉ាប្រាកដជាទន្ទឹងចាំឱកាសក្នុងពិធីរំលឹកនេះនៅថ្ងៃទី៥ ខែមេសា ដើម្បី«ប្រកាសមរណភាពរបស់លោកម្ចាស់»។—១កូ. ១១:២៦