បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bt ជំ. ៣ ទំ. ២២-៣០
  • «ពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»
  • ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​»​ (​សកម្មភាព ២:១​-​៤​)
  • ​«​ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ . . . ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ (​សកម្មភាព ២:៥​-​១៣​)
  • ​«​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​»​ (​សកម្មភាព ២:១៤​-​៣៧​)
  • ​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»​ (​សកម្មភាព ២:៣៨​-​៤៧​)
  • មនុស្ស«ពីភាសាផ្សេងៗ»ឮដំណឹងល្អ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី២
  • តើទទួលការជ្រមុជទឹកក្នុងនាមអ្នកណានិងក្នុងនាមអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ‹ព្រះបន្ទូលនៃព្រះយេហូវ៉ាបានចំរើនកើនឡើង›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
bt ជំ. ៣ ទំ. ២២-៣០

ជំពូក​ទី​៣

«​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»

ឥទ្ធិពល​នៃ​ការ​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០

មាន​មូលដ្ឋាន​លើ​សកម្មភាព ២:១​-​៤៧

១. សូម​រៀប​រាប់​អំពី​បរិយាកាស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។

នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​មាន​សភាព​អ៊ូអរ​ជា​ខ្លាំង និង​ពេញ​ទៅ​ដោយ​អារម្មណ៍​រំភើប​ចិត្ត។a ផ្សែង​ហុយ​ចេញ​ពី​ទី​បូជា​ក្នុង​វិហារ កាល​ដែល​ពួក​លេវី​កំពុង​ច្រៀង​ចម្រៀង​ហា​ឡេ។ (​ចម្រៀង​សរសើរ​ព្រះ បទ​ទី​១១៣​ដល់​១១៨​) ពួក​គេ​ទំនង​ជា​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ជា​ក្រុម។ មាន​ភ្ញៀវ​កក​កុញ​នៅ​តាម​ដង​ផ្លូវ ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ៗ​ដូច​ជា អេឡាំ មេសូប៉ូតាមា កាប៉ាដូគា ប៉ុនតុស អេហ្ស៊ីប និង​រ៉ូម។b តើ​នេះ​ជា​ឱកាស​ពិសេស​អ្វី? នេះ​ជា​បុណ្យ​ថ្ងៃ​ទី​៥០ ហើយ​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​«​ថ្ងៃ​ជូន​គ្រឿង​បូជា​ជា​ផល​ដំបូង​»។ (​ជប. ២៨:២៦​) ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នេះ គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ច្រូត​ប្រមូល​ផល​ស្រូវ​បាលី និង​ការ​ចាប់​ផ្ដើម​នៃ​ការ​ច្រូត​ប្រមូល​ផល​ស្រូវ​សាលី។ នេះ​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​រីករាយ​ណាស់!

ផែនទីដែលបង្ហាញស្រុកឬតំបន់របស់អស់អ្នកដែលបានឮដំណឹងល្អនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ១. តំបន់៖ លីប៊ី, អេហ្ស៊ីប, អេត្យូពី, ប៊ីធូនា, ប៉ុនតុស, កាប៉ាដូគា, យូឌា, មេសូប៉ូតាមា, បាប៊ីឡូន, អេឡាំ, មេឌី, ផាធា។ ២. ក្រុង៖ រ៉ូម, អាឡិចសង់ទ្រា, មេមផឺស, អាន់ទីយ៉ូក(នៃស្រុកស៊ីរី), យេរូសាឡិម និងបាប៊ីឡូន។ ៣. សមុទ្រ៖ សមុទ្រមេឌីទែរ៉ានេ, សមុទ្រខ្មៅ, សមុទ្រក្រហម, សមុទ្រខាស្ពៀន និងជ្រោយពើស៊ី។

ក្រុង​យេរូសាឡិម ជា​មណ្ឌល​សាសនា​យូដា

ព្រឹត្តិការណ៍​ភាគ​ច្រើន ដែល​បាន​រៀប​រាប់​នៅ​ប៉ុន្មាន​ជំពូក​ដំបូង​ក្នុង​សៀវភៅ​សកម្មភាព គឺ​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម។ ក្រុង​នេះ​ស្ថិត​នៅ​លើ​ទួល​នៃ​ជួរ​ភ្នំ​កណ្ដាល​ក្នុង​តំបន់​យូឌា ដែល​មាន​ចម្ងាយ​ប្រហែល​៥៥​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ានេ។ នៅ​ឆ្នាំ​១០៧០ មុន​គ.ស. ស្ដេច​ដាវីឌ​បាន​វាយ​យក​បន្ទាយ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​ស្ថិត​នៅ​ទី​តាំង​នោះ ហើយ​ក្រុង​ដែល​គេ​ចាប់​ផ្ដើម​សង់​នៅ​ក្បែរ​នោះ​បាន​រីក​ចម្រើន រហូត​ដល់​ក្លាយ​ជា​រាជធានី​របស់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ។

នៅ​ជិត​ភ្នំ​ស៊ីយ៉ូន​មាន​ភ្នំ​ម៉ូរីយ៉ា។ នៅ​សម័យ​បុរាណ ជនជាតិ​យូដា​និយាយ​ថា នោះ​គឺ​ជា​កន្លែង​ដែល​អាប្រាហាំ​ចង់​ជូន​អ៊ីសាក​ជា​គ្រឿង​បូជា។ រឿង​របស់​អាប្រាហាំ​បាន​កើត​ឡើង​ប្រហែល​១.៩០០​ឆ្នាំ មុន​ព្រឹត្តិការណ៍​ក្នុង​សៀវភៅ​សកម្មភាព។ ពេល​សាឡូម៉ូន​សាង​សង់​វិហារ​ដំបូង​ជូន​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ភ្នំ​នោះ​បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​ក្រុង​យេរូសាឡិម។ វិហារ​នេះ​បាន​ទៅ​ជា​មណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ជា​ទី​ប្រជុំ​ជន​របស់​ជនជាតិ​យូដា។

ជនជាតិ​យូដា​ពី​គ្រប់​កន្លែង តែង​មក​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ជូន​គ្រឿង​បូជា ដើម្បី​គោរព​ប្រណិប័តន៍​លោក និង​ដើម្បី​ធ្វើ​បុណ្យ​តាម​រដូវ។ ពួក​គេ​ធ្វើ​ដូច្នេះ ដោយ​សារ​ព្រះ​បង្គាប់​ថា​៖ ​«​ក្នុង​មួយ​ឆ្នាំ​បី​ដង ពួក​បុរស​ទាំង​អស់​ត្រូវ​មក​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​លោក​ជ្រើស​រើស​»។ (​បច. ១៦:១៦​) ក្នុង​ក្រុង​យេរូសាឡិម ក៏​មាន​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​ជា​តុលាការ​កំពូល និង​ជា​ក្រុម​ប្រឹក្សា​ផ្នែក​រដ្ឋ​បាល​របស់​ជនជាតិ​យូដា​ដែរ។

២. តើ​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​អ្វី​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.?

២ នៅ​ប្រមាណ​ម៉ោង​៩​ព្រឹក ប្រហែល​ជា​ជិត​ខែ​មេសា នា​ឆ្នាំ​៣៣ គ.ស. មាន​អ្វី​មួយ​ហៀប​នឹង​កើត​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល​ចាំ​មិន​ភ្លេច​អស់​រាប់​សតវត្សរ៍។ រំពេច​នោះ មាន​សូរ​សំឡេង​ពី​លើ​មេឃ​«​ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង​»។ (​សកម្ម. ២:២​) សំឡេង​នោះ​លាន់​ឮ​ពេញ​ក្នុង​ផ្ទះ​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ ប្រហែល​១២០​នាក់​កំពុង​ជួប​ជុំ​គ្នា។ បន្ទាប់​មក មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​កើត​ឡើង គឺ​មាន​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​លេច​មក ហើយ​សណ្ឋិត​លើ​ពួក​អ្នក​កាន់​តាម​ម្នាក់​មួយ​ៗ។c រួច​មក ពួក​គាត់​គ្រប់​គ្នា​ក៏​បាន​«​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»​ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​! កាល​ពួក​អ្នក​កាន់​តាម​ចេញ​ពី​ផ្ទះ​នោះ ពួក​គាត់​បាន​ជួប​ភ្ញៀវ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ក្រុង​យេរូសាឡិម។ ពួក​ភ្ញៀវ​ទាំង​នោះ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឮ​ពួក​អ្នក​កាន់​តាម​និយាយ​ភាសា​របស់​ពួក​គេ! ពិត​ណាស់ ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ​«​ពួក​គាត់​និយាយ​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។—សកម្ម. ២:១​-​៦

៣. ​(​ក​) ហេតុ​អ្វី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. បាន​ត្រូវ​ហៅ​ថា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត? (​ខ​) តើ​សុន្ទរកថា​របស់​ពេត្រុស​ទាក់​ទង​នឹង​ការ​ប្រើ​«​កូន​សោ​នៃ​រាជាណាចក្រ​»​យ៉ាង​ដូច​ម្ដេច?

៣ កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ បញ្ជាក់​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ពោល​គឺ​ព្រះ​រៀបចំ​ក្រុម​ថ្មី​ហៅ​ថា​អ៊ីស្រាអែល​នៃ​ព្រះ ដែល​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​លោក​បាន​រើស​តាំង។ (​កាឡ. ៦:១៦​) ប៉ុន្តែ មិន​មាន​តែ​ប៉ុណ្ណឹង​ទេ។ ពេល​ពេត្រុស​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ដ៏​កក​កុញ​នៅ​ថ្ងៃ​នោះ គាត់​បាន​ប្រើ​កូន​សោ​ទី​១​ក្នុង​ចំណោម​កូន​សោ​ទាំង​បី ដែល​ជា​«​កូន​សោ​នៃ​រាជាណាចក្រ​»​ ហើយ​កូន​សោ​នីមួយ​ៗ​បើក​ឱកាស​ឲ្យ​ក្រុម​មនុស្ស​ផ្សេង​ៗ​ទទួល​ឯកសិទ្ធិ​ពិសេស។ (​ម៉ាថ. ១៦:១៨, ១៩​) កូន​សោ​ទី​១ គឺ​សម្រាប់​ជនជាតិ​យូដា​និង​អ្នក​ចូល​សាសនា​យូដា ដើម្បី​ពួក​គេ​អាច​ទទួល​យក​ដំណឹង​ល្អ និង​អាច​ទទួល​ការ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។d ដូច្នេះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​របស់​អ៊ីស្រាអែល​នៃ​ព្រះ។ ដោយ​ហេតុ​នេះ ពួក​គេ​នឹង​មាន​សេចក្ដី​សង្ឃឹម​ធ្វើ​ជា​ស្ដេច និង​ជា​សង្ឃ​ក្នុង​រាជាណាចក្រ​មេស្ស៊ី។ (​បប. ៥:៩, ១០​) បន្ទាប់​មក ឱកាស​នេះ​ក៏​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ដល់​ជន​ជាតិ​សាម៉ារី ក្រោយ​មក​ឲ្យ​ដល់​ជន​ជាតិ​ដទៃ។ តើ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​អាច​រៀន​អ្វី ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.?

​«​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​»​ (​សកម្មភាព ២:១​-​៤​)

៤. តើ​ក្រុម​ជំនុំ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​៣៣ គ.ស. បាន​រីក​ចម្រើន​ទៅ​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

៤ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​ឡើង ដោយ​ពួក​អ្នក​កាន់​តាម​ប្រហែល​១២០​នាក់ ដែល​បាន​មក​«​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​»​ក្នុង​បន្ទប់​ខាង​លើ។ ពួក​គេ​បាន​ត្រូវ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​សកម្ម. ២:១​) នៅ​ចុង​បញ្ចប់​ថ្ងៃ​នោះ ចំនួន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ បាន​កើន​ឡើង​រាប់​ពាន់​នាក់។ នោះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​រីក​ចម្រើន​របស់​អង្គការ​មួយ ដែល​បន្ត​កើន​ឡើង​រហូត​មក​ដល់​សព្វ​ថ្ងៃ! ប្រាកដ​ហើយ ព្រះ​កំពុង​ប្រើ​បុរស​ស្ត្រី​មួយ​ក្រុម​ដែល​ជា​អ្នក​កោត​ខ្លាច​លោក ពោល​គឺ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​នៅ​សម័យ​ទំនើប ឲ្យ​ប្រកាស​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»​ ដល់​«​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»​ មុន​ទី​បញ្ចប់​មក​ដល់។—ម៉ាថ. ២៤:១៤

៥. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក៏​ដូច​ជា​សព្វ​ថ្ងៃ​នេះ ទទួល​ពរ​អ្វី​ខ្លះ​ពី​ការ​សេព​គប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ?

៥ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សម័យ​នោះ ជា​ប្រភព​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​រួម​ជំនឿ ពោល​គឺ​ដល់​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​នៅ​សម័យ​នេះ​ក៏​រួម​បញ្ចូល​«​ចៀម​ឯ​ទៀត​»​ដែរ។ (​យ៉ូន. ១០:១៦​) ក្នុង​សំបុត្រ​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដោយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដើម្បី​ខ្ញុំ​អាច​ឲ្យ​ពរ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ ឬ​ដើម្បី​យើង​ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ​»។—រ៉ូម ១:១១, ១២

ក្រុង​រ៉ូម ជា​រាជធានី​នៃ​ចក្រភព

ពេល​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​សកម្មភាព​បាន​កើត​ឡើង ក្រុង​រ៉ូម​គឺ​ជា​ក្រុង​ធំ​ជាង​គេ និង​សំខាន់​បំផុត​ខាង​ផ្នែក​នយោបាយ​ក្នុង​ពិភព​លោក។ ក្រុង​រ៉ូម​ជា​រាជធានី​នៃ​ចក្រភព​មួយ ដែល​មាន​ទឹក​ដី​លាត​សន្ធឹង​ពី​អង់គ្លេស រហូត​ដល់​អាហ្វ្រិក​ខាង​ជើង និង​ពី​មហា​សមុទ្រ​អាត្លង់ទិក រហូត​ដល់​ឈូង​សមុទ្រ​ពើស៊ី។

ក្រុង​រ៉ូម​មាន​ចម្រុះ​វប្បធម៌ ជាតិ​សាសន៍ ភាសា និង​អបិយជំនឿ។ បណ្ដាញ​ផ្លូវ​ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​ល្អ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ដំណើរ​និង​អ្នក​ជួញ​ដូរ​ផ្សេង​ៗ មក​ពី​គ្រប់​ទិស​ទី​នៃ​ចក្រភព។ នៅ​កំពង់​ផែ​អូស្ទីយ៉ា​ជិត​ក្រុង​រ៉ូម សំពៅ​ជា​ច្រើន​ដែល​ឆ្លង​កាត់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បាន​ដឹក​គ្រឿង​ឧបភោគបរិភោគ និង​ទំនិញ​ប្រណីត​ៗ​មក​ទម្លាក់​នៅ​កំពង់​ផែ​នោះ ដើម្បី​បញ្ជូន​ទៅ​កាន់​ក្រុង​រ៉ូម។

នៅ​សតវត្សរ៍​ទី​១ គ.ស. មនុស្ស​ជាង​មួយ​លាន​នាក់​បាន​រស់​នៅ​ក្រុង​រ៉ូម។ ប្រមាណ​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជា​ពលរដ្ឋ គឺ​ជា​ទាសករ ដែល​ខ្លះ​ជា​កុមារ​ត្រូវ​ឪពុក​ម្ដាយ​បោះ​បង់​ចោល ឬ​ត្រូវ​គេ​ជួញ​ដូរ ហើយ​ខ្លះ​ទៀត​ជាប់​ទោស​ជា​ឧក្រិដ្ឋជន និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​ទោស​សង្គ្រាម​ដែល​កង​ទ័ព​រ៉ូម​បាន​ចាប់​ខ្លួន​មក។ ក្នុង​ចំណោម​ទាសករ​ទាំង​នោះ មាន​ជនជាតិ​យូដា​ដែល​បាន​ត្រូវ​នាំ​មក​ពី​ក្រុង​យេរូសាឡិម បន្ទាប់​ពី​មេ​បញ្ជាការ​រ៉ូម​ឈ្មោះ​ផមភី បាន​វាយ​យក​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦៣ មុន​គ.ស.។

ប្រជា​ពលរដ្ឋ​ដែល​មាន​សេរី​ភាព ភាគ​ច្រើន​ជា​ជន​តោកយ៉ាក ហើយ​រស់​នៅ​ប្រជ្រៀត​គ្នា​ក្នុង​សំណង់​ដែល​មាន​ច្រើន​ជាន់ និង​ពឹង​ផ្អែក​លើ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ អធិរាជ​រ៉ូម​បាន​កែ​លម្អ​ក្រុង​របស់​ខ្លួន ដោយ​រៀបចំ​អគារ​សាធារណៈ​ជា​ច្រើន​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ អគារ​ទាំង​នោះ​មាន​ដូច​ជា រោង​មហោស្រព កីឡដ្ឋាន​ធំ​ៗ​សម្រាប់​ការ​សម្ដែង សម្រាប់​សង្វៀន​ប្រយុទ្ធ និង​សម្រាប់​ការ​ប្រណាំង​រទេះ​ចម្បាំង​ជា​ដើម។ កម្ម​វិធី​កម្សាន្ត​ទាំង​នេះ​គឺ​ឥត​គិត​ថ្លៃ។

៦, ៧. នៅ​សព្វ​ថ្ងៃ តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​កំពុង​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ដែល​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍?

៦ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ មាន​គោល​បំណង​ដូច​គ្នា​នឹង​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ពិត​មែន​ថា​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ប្រគល់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក ជា​ភារកិច្ច​ពិបាក តែ​ក៏​ធ្វើ​ឲ្យ​ពួក​គាត់​រំភើប​ចិត្ត​ជា​ខ្លាំង​ដែរ។ លោក​បង្គាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក រួច​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។—ម៉ាថ. ២៨:​១៩, ២០

៧ ព្រះ​យេហូវ៉ា​ប្រើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៃ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​សម្រេច​កិច្ច​ការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ពិត​ណាស់ គឺ​មិន​ស្រួល​ទេ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ ម្ល៉ោះ​ហើយ សាក្សី​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​សៀវភៅ​ជាង​១.០០០​ភាសា ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពេល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់ ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត នោះ​អ្នក​នឹង​មាន​មូលហេតុ​រីករាយ​ត្រេក​អរ។ នៅ​សព្វ​ថ្ងៃ អ្នក​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច​នៅ​ផែនដី ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​នាម​ព្រះ​យេហូវ៉ា!

៨. តើ​បង​ប្អូន​ម្នាក់​ៗ​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?

៨ ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​អំណរ​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​នេះ។ ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។ (​ហេ. ១០:២៤, ២៥​) ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គឺ​ជា​ការ​រៀបចំ​ពី​ព្រះ​យេហូវ៉ា ដើម្បី​យើង​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ឯ​ទៀត ហើយ​យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ចូរ​បន្ត​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ចូរ​កុំ​គេច​វេះ​ពី​ការ​ជួប​ជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ឡើយ!

​«​ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ . . . ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ (​សកម្មភាព ២:៥​-​១៣​)

នៅលើផ្លូវដ៏មមាញឹកមួយ ពួកអ្នកកាន់តាមលោកយេស៊ូកំពុងផ្សព្វផ្សាយដល់ជនជាតិយូដានិងពួកអ្នកដូរចូលសាសនាយូដា។

«​យើង​កំពុង​ឮ​ពួក​គេ​និយាយ​អំពី​ការ​ដ៏​រុង​រឿង​របស់​ព្រះ​ជា​ភាសា​របស់​យើង​»។—សកម្មភាព ២:១១

៩, ១០. ដើម្បី​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង តើ​បង​ប្អូន​ខ្លះ​បាន​ធ្វើ​យ៉ាង​ណា?

៩ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​រំភើប​ក្រៃ​លែង​របស់​ជនជាតិ​យូដា និង​ពួក​អ្នក​ចូល​សាសនា​យូដា នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ភាគ​ច្រើន​អស់​អ្នក​ដែល​មក​ចូល​រួម​ក្នុង​បុណ្យ​នោះ ទំនង​ជា​និយាយ​ភាសា​ដែល​គេ​ប្រើ​ជា​ទូទៅ ប្រហែល​ជា​ភាសា​ក្រិច​ឬ​ភាសា​ហេប្រឺ។ ប៉ុន្តែ ឥឡូវ​«​ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ​[​ពួក​អ្នក​កាន់​តាម​]​និយាយ​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។ (​សកម្ម. ២:៦​) អ្នក​ទាំង​នោះ​ប្រាកដ​ជា​រំជួល​ចិត្ត​ជា​ខ្លាំង ពេល​ឮ​ដំណឹង​ល្អ​ជា​ភាសា​កំណើត​របស់​ខ្លួន។ ពិត​ណាស់​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ មិន​បាន​ទទួល​សមត្ថភាព​ចេះ​និយាយ​ភាសា​បរទេស​ដោយ​អព្ភូតហេតុ​ទេ តែ​ពួក​គេ​ជា​ច្រើន​នាក់​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន។ តើ​តាម​របៀប​ណា? បង​ប្អូន​ខ្លះ​បាន​រៀន​ភាសា​ថ្មី ដើម្បី​អាច​បម្រើ​នៅ​ក្រុម​ជំនុំ​ភាសា​បរទេស​ដែល​នៅ​ជិត​តំបន់​របស់​ខ្លួន ឬ​រហូត​ដល់​ផ្លាស់​ទៅ​រស់​នៅ​ប្រទេសក្រៅ​ទៀត​ផង។ ជា​រឿយ​ៗ មនុស្ស​ដែល​ស្ដាប់​ពួក​គេ​ផ្សព្វ​ផ្សាយ ច្រើន​តែ​កោត​ស្ងើច​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។

១០ សូម​ពិចារណា​គំរូ​របស់​ប្អូន​ស្រី​គ្រីស្ទីន ដែល​បាន​រៀន​វគ្គ​សិក្សា​ភាសា​ហ្គូចារ៉ាទី ជា​មួយ​នឹង​សាក្សី​៧​នាក់​ទៀត។ ពេល​គ្រីស្ទីន​បាន​ជួប​អ្នក​រួម​ការ​ងារ​ដែល​ជា​យុវតី​និយាយ​ភាសា​ហ្គូចារ៉ាទី នោះ​គ្រីស្ទីន​ក៏​ទៅ​ស្វាគមន៍​នាង​ជាភាសា​កំណើត​របស់​នាង។ យុវតី​នោះ​កោត​ស្ងើច​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ចង់​ដឹង​មូលហេតុ​ដែល​គ្រីស្ទីន​ខំ​រៀន​ភាសា​ហ្គូចារ៉ាទី។ នេះ​បាន​បើក​ឱកាស​ឲ្យ​គ្រីស្ទីន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ។ យុវតី​នោះ​និយាយ​ទៅ​គ្រីស្ទីន​ថា​៖ ​«​គ្មាន​សាសនា​ណា​ដែល​លើក​ទឹក​ចិត្ត​សមាជិក​ខ្លួន ឲ្យ​រៀន​ភាសា​ដែល​ពិបាក​បែប​នេះ​ទេ។ ខ្ញុំ​ជឿ​ថា​អ្នក​ច្បាស់​ជា​មាន​អ្វី​ដ៏​សំខាន់​ចង់​ប្រាប់​ហើយ​»។

១១. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង?

១១ ជា​ការ​ពិត មិន​មែន​យើង​ទាំង​អស់​គ្នា​អាច​រៀន​ភាសា​ផ្សេង​ទេ។ ប៉ុន្តែ យើង​អាច​រៀបចំ​ទុក​ជា​មុន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ តើ​តាម​វិធី​ណា? វិធី​មួយ គឺ​ដោយ​ប្រើ​កម្ម​វិធី​JW​ភាសា ដើម្បី​រៀន​ពាក្យ​សួរ​សុខ​ទុក្ខ​ជា​ភាសា​ណា​មួយ ហើយ​អ្នក​ក៏​អាច​រៀន​ប៉ុន្មាន​ឃ្លា​ថែម​ទៀត​ដែរ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដែល​និយាយ​ភាសា​នោះ។ សូម​ប្រាប់​ពួក​គេ​អំពី​គេហទំព័រ jw.org រួច​មក​សូម​បង្ហាញ​វីដេអូ និង​សៀវភៅ​ផ្សេង​ៗ​ជា​ភាសា​របស់​ពួក​គេ។ ការ​ប្រើ​ព័ត៌មាន​ដូច​នោះ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អំណរ​ដូច​បង​ប្អូន​នៅ​សតវត្សរ៍​ទី​១​ដែរ ពីព្រោះ​ពេល​ដែល​ជន​ជាតិ​ផ្សេង​ៗ​បាន​ឮ​ដំណឹង​ល្អ​ពី​បង​ប្អូន​ទាំង​នោះ​ជា​«​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ នោះ​ពួក​គេ​រំភើប​ចិត្ត​ជា​ខ្លាំង។

ជនជាតិ​យូដា​នៅ​មេសូប៉ូតាមា​និង​អេហ្ស៊ីប

សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​(​ឆ្នាំ​១៧៥ មុន​គ.ស. ដល់​ឆ្នាំ​១៣៥ គ.ស.​) រៀប​រាប់​ថា​៖ ​«​កូន​ចៅ​របស់​ជន​ជាតិ​[​អ៊ីស្រាអែល​]​នៃ​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០ និង​រាជាណាចក្រ​យូដា បាន​រស់​នៅ​ក្នុង​ស្រុក​មេសូប៉ូតាមា ស្រុក​មេឌី និង​ស្រុក​បាប៊ីឡូន។ នេះ​ដោយ​សារ​ពួក​អាស៊ីរី​និង​ពួក​បាប៊ីឡូន​បាន​និរទេស​ពួក​គេ​ឲ្យ​ទៅ​ទី​នោះ​»​ (​The History of the Jewish People in the Age of Jesus Christ​)។ យោង​តាម​អែសរ៉ា ២:៦៤ មាន​តែ​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៤២.៣៦០​នាក់​ប៉ុណ្ណោះ ដែល​មក​ក្រុង​យេរូសាឡិម​វិញ បន្ទាប់​ពី​ការ​លែង​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស.។ លោក​ផ្លាវៀស យ៉ូសេហ្វឺស បាន​និយាយ​ថា នៅ​សតវត្សរ៍​ទី​១ គ.ស. ជនជាតិ​យូដា​ដែល​«​រស់​នៅ​ជុំ​វិញ​ស្រុក​បាប៊ីឡូន​»​ មាន​ចំនួន​រាប់​ម៉ឺន​នាក់។ នៅ​សតវត្សរ៍​ទី​៣​ដល់​ទី​៥ គ.ស. បណ្ដា​ជន​ទាំង​នេះ​បាន​សរសេរ​ឯកសារ​ដែល​គេ​ស្គាល់​ថា បាប៊ីឡូន​ថាលមូដ។

យោង​តាម​ឯកសារ​បញ្ជាក់​ថា ជនជាតិ​យូដា​ធ្លាប់​រស់​នៅ​ស្រុក​អេហ្ស៊ីប យ៉ាង​ហោច​ណាស់​ចាប់​ពី​សតវត្សរ៍​ទី​៦ មុន​គ.ស.។ ក្នុង​អំឡុង​ពេល​នោះ យេរេមា​បាន​ផ្ញើ​សារ​ទៅ​កាន់​ជនជាតិ​យូដា​ដែល​រស់​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ស្រុក​អេហ្ស៊ីប រួម​ទាំង​ក្រុង​មេមផឺស​ដែរ។ (​យេ. ៤៤:១, កំ.ស.​) ក្នុង​អំឡុង​ពេល​ដែល​វប្បធម៌​ក្រិច​បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​ផ្សេង​ៗ នោះ​ជនជាតិ​យូដា​ជា​ច្រើន​ទំនង​ជា​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ស្រុក​អេហ្ស៊ីប។ យ៉ូសេហ្វឺស​និយាយ​ថា ជនជាតិ​យូដា​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​ដំបូង ដែល​បាន​ទៅ​តាំង​លំនៅ​ក្នុង​ក្រុង​អាឡិចសង់ទ្រា។ ក្រោយ​មក ផ្នែក​មួយ​នៃ​ក្រុង​នោះ​បាន​ទៅ​ជា​កន្លែង​រស់​នៅ​របស់​ពួក​គេ។ នៅ​សតវត្សរ៍​ទី​១ អ្នក​និពន្ធ​ជនជាតិ​យូដា​ឈ្មោះ​ភីឡូ​បាន​បញ្ជាក់​ថា ជន​រួម​ជាតិ​របស់​គាត់​មួយ​លាន​នាក់​រស់​នៅ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប ចាប់​ពី​«​ស្រុក​លីប៊ី រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេត្យូពី​»។

​«​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​»​ (​សកម្មភាព ២:១៤​-​៣៧​)

១២. ​(​ក​) ស្ដី​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. តើ​ទំនាយ​នៅ​យ៉ូអែល​បាន​ចែង​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ទំនាយ​នៅ​យ៉ូអែល​បាន​ក្លាយ​ជា​ពិត​នៅ​សតវត្សរ៍​ទី​១?

១២ ​«​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​»​ ហើយ​និយាយ​ទៅ​កាន់​មនុស្ស​ដ៏​ច្រើន​ពី​ជាតិ​សាសន៍​ផ្សេង​ៗ។ (​សកម្ម. ២:១៤​) គាត់​បាន​ពន្យល់​ដល់​អស់​អ្នក​ដែល​ស្ដាប់​ថា ព្រះ​បាន​ផ្ដល់​សមត្ថភាព​ឲ្យ​ពួក​គាត់​និយាយ​ភាសា​ផ្សេង​ៗ​ដោយ​អព្ភូតហេតុ ដើម្បី​សម្រេច​ទំនាយ​នៅ​យ៉ូអែល​ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទ​»។ (​យ៉ូល. ២:២៨​) មុន​ពេល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ខ្ញុំ​នឹង​សុំ​បិតា​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ​មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា​»។ អ្នក​ជួយ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នោះ គឺ​«​ឫទ្ធានុភាព​»។—យ៉ូន. ១៤:១៦, ១៧

១៣, ១៤. តើ​ពេត្រុស​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់​តាម​វិធី​ណា? ហើយ​តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ពេត្រុស​បាន​សរុប​សេចក្ដី ដោយ​និយាយ​យ៉ាង​ចំ​ៗ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ចូរ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​យ៉ាង​ច្បាស់​ថា លោក​យេស៊ូ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ លោក​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ត​»។ (​សកម្ម. ២:៣៦​) ប្រាកដ​ណាស់ ភាគ​ច្រើន​ពួក​អ្នក​ដែល​កំពុង​ស្ដាប់​ពេត្រុស​និយាយ មិន​បាន​មាន​វត្តមាន​នៅ​ពេល​ដែល​លោកយេស៊ូ​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ទារុណកម្ម​ទេ។ ប៉ុន្តែ ដោយ​សារ​ពួក​គេ​ជា​ប្រជា​ជាតិ​តែ​មួយ ពួក​គេ​ត្រូវ​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នេះ។ យ៉ាង​ណា​មិញ សូម​កត់​សម្គាល់​ថា ពេត្រុស​បាន​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ ដោយ​ការ​គោរព​និង​ដោយ​ជំរុញ​ចិត្ត​ពួក​គេ។ គោល​ដៅ​របស់​ពេត្រុស គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រែ​ចិត្ត មិន​មែន​ដើម្បី​បន្ទោស​ពួក​គេ​ទេ។ តើ​ពួក​គេ​ខឹង​ដែល​ពេត្រុស​និយាយ​ដូច្នេះ​ទេ? ពួក​គេ​មិន​ខឹង​ទេ! ផ្ទុយ​ទៅ​វិញ ពួក​គេ​«​សោក​ស្ដាយ​ជា​ខ្លាំង​»​ ហើយ​សួរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?​»។ ការ​ដែល​ពេត្រុស​និយាយ​ដោយ​បង្ហាញ​ការ​គោរព ទំនង​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​មនុស្ស​ជា​ច្រើន រហូត​ដល់​ជំរុញ​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត។—សកម្ម. ២:៣៧

១៤ យើង​អាច​ធ្វើ​តាម​វិធី​របស់​ពេត្រុស ក្នុង​ការ​ទាក់​ទាញ​ចិត្ត​របស់​មនុស្ស​ឯ​ទៀត។ ពេល​ផ្សព្វ​ផ្សាយ យើង​មិន​ចាំ​បាច់​បដិសេធ​រាល់​ទស្សនៈ​ដែល​ខុស​ពី​គម្ពីរ ដែល​ម្ចាស់​ផ្ទះ​ប្រហែល​ជា​បាន​លើក​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​និយាយ​ចំណុច​ណា​ដែល​អាច​យល់​ស្រប​គ្នា។ បន្ទាប់​ពី​បាន​បង្កើត​ចំណុច​ស្រប​គ្នា​ជា​មួយ​នឹងអ្នក​ស្ដាប់​ហើយ នោះ​យើង​អាច​វែក​ញែក​យ៉ាង​ប៉ិន​ប្រសប់​ពី​បណ្ដាំ​របស់​ព្រះ។ ជា​ញឹក​ញយ ពេល​យើង​ធ្វើ​តាម​វិធី​នោះ មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ទំនង​ជា​មាន​ប្រតិកម្ម​ល្អ​ចំពោះ​អ្វី​ដែល​យើង​ផ្សាយ។

គ្រិស្ត​សាសនិក​នៅ​ប៉ុនតុស

ក្នុង​ចំណោម​អស់​អ្នក ដែល​បាន​ស្ដាប់​សុន្ទរកថា​របស់​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. មាន​ជនជាតិ​យូដា​មក​ពី​ប៉ុនតុស ជា​ខេត្ត​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ (​សកម្ម. ២:៩​) តាម​មើល​ទៅ ពួក​គេ​ខ្លះ​បាន​យក​ដំណឹង​ល្អ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ពីព្រោះ​ពួក​អ្នក​ដែល​ពេត្រុស​បាន​លើក​ឡើង​ក្នុង​សំបុត្រ​ទី​១​របស់​គាត់ គឺ​រួម​មាន​ពួក​អ្នក​«​បែក​ខ្ញែក​»​នៅ​កន្លែង​ដូច​ជា​នៅ​ខេត្ត​ប៉ុនតុស។g (​១ពេ. ១:១​) សំបុត្រ​របស់​គាត់​បង្ហាញ​ថា គ្រិស្ត​សាសនិក​ទាំង​នេះ​‹ព្រួយ​ចិត្ត​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​› ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ (​១ពេ. ១:៦​) ពួក​គេ​ទំនង​ជា​ជួប​ការ​ប្រឆាំង​និង​ការ​បៀតបៀន។

ក្នុង​សំបុត្រ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អធិរាជ​ត្រាចាន និង​ប្ល៉ាយនី ដែល​ជា​អភិបាល​រ៉ូម​នៃ​ខេត្ត​ប៊ីធូនា​និង​ខេត្ត​ប៉ុនតុស បង្ហើប​ឲ្យ​ដឹង​អំពី​ការ​ល្បង​ល​ឯ​ទៀត​ដែល​គ្រិស្ត​សាសនិក​នៅ​ខេត្ត​ប៉ុនតុស​បាន​ប្រឈម​មុខ។ ប្រហែល​ជា​នៅ​ឆ្នាំ​១១២ គ.ស. ប្ល៉ាយនី​បាន​សរសេរ​សំបុត្រ​ពី​ខេត្ត​ប៉ុនតុស ដោយ​រៀប​រាប់​ថា​«​ការ​រីក​រាល​ដាល​»​នៃ​គ្រិស្ត​សាសនា​បាន​គំរាម​កំហែង​ដល់​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​ពី​ភេទ អាយុ ឬ​ឋានៈ​ឡើយ។ ប្ល៉ាយនី​បាន​ផ្ដល់​ឱកាស​ដល់​ជន​ជាប់​ចោទ​ជា​គ្រិស្ត​សាសនិក​ឲ្យ​បដិសេធ​ថា ខ្លួន​មិន​មែន​ជា​អ្នក​កាន់​តាម​គ្រិស្ត​ទេ បើ​អ្នក​ណា​មិន​ព្រម អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត។ អ្នក​ណា​ដែល​បាន​ប្រមាថ​គ្រិស្ត​ឬ​អធិដ្ឋាន​ដល់​រូប​ព្រះ​ផ្សេង​ៗ ឬ​ដល់​រូប​សំណាក​ត្រាចាន អ្នក​នោះ​បាន​ត្រូវ​ដោះ​លែង។ ប្ល៉ាយនី​ទទួល​ស្គាល់​ថា​«​គ្រិស្ត​សាសនិក​ពិត​មិន​ព្រម​ធ្វើ​បែប​នេះ​ជា​ដាច់​ខាត​»​ ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ណា​ក៏​ដោយ។

g ពាក្យ​«​បែក​ខ្ញែក​»​មក​ពី​ពាក្យ​មួយ ដែល​សំដៅ​ទៅ​លើ​សង្គម​ជនជាតិ​យូដា​ដែល​រស់​នៅ​ខាង​ក្រៅ​ស្រុក​ប៉ាឡេស្ទីន ហើយ​នេះ​បញ្ជាក់​ថា​មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រែ​ចិត្ត​ដំបូង គឺ​មក​ពី​សង្គម​ជនជាតិ​យូដា។

​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»​ (​សកម្មភាព ២:៣៨​-​៤៧​)

១៥. ​(​ក​) តើ​ពេត្រុស​បាន​ឆ្លើយ​តប​យ៉ាង​ណា ហើយ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​ខ​) ហេតុ​អ្វី​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ឮ​ដំណឹង​ល្អ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ មាន​លក្ខណៈ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ?

១៥ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ដែល​ជា​ថ្ងៃ​ដ៏​រំភើប​ចិត្ត ពេត្រុស​បាន​ឆ្លើយ​តប​ទៅ​ជនជាតិ​យូដា និង​ពួក​អ្នក​ចូល​សាសនា​យូដា​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ២:៣៨​) ជា​លទ្ធផល មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ទំនង​ជា​ក្នុង​អាង​ទឹក​ដែល​នៅ​ក្នុង​ឬ​នៅ​ជិត​ក្រុង​យេរូសាឡិម។e តើ​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​គិត​ពិចារណា​ឬ? តាម​រយៈ​កំណត់​ហេតុ​នេះ តើ​សិស្ស​គម្ពីរ និង​កូន​ៗ​ដែល​មាន​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រញាប់​ទទួល​ការ​ជ្រមុជ​ទឹក មុន​ដែល​ខ្លួន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ។ សូម​ចាំ​ថា ជនជាតិ​យូដា​និង​អ្នក​ចូល​សាសនា​យូដា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គឺ​ជា​ពួក​អ្នក​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ពួក​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រជា​ជាតិ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ដើម្បី​ចូល​រួម​បុណ្យ​នេះ។ ក្រោយ​ពី​ពួក​គេ​ទទួល​យក​សេចក្ដី​ពិត​ដ៏​សំខាន់ ដែល​ទាក់​ទង​នឹង​តួ​នាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ ពួក​គេ​បាន​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ព្រះ​ត​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី ឥឡូវ​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

តើ​អ្នក​ណា​ខ្លះ​បាន​ចូល​សាសនា​យូដា?

​«​ទាំង​ជនជាតិ​យូដា​ទាំង​អ្នក​ដូរ​សាសនា​»​ បាន​ស្ដាប់​សុន្ទរកថា​ដែល​ពេត្រុស​ថ្លែង នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។—សកម្ម. ២:១០

ក្នុង​ចំណោម​បុរស​ដែល​បាន​ត្រូវ​តែង​តាំង ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​កិច្ច​ការ​ដ៏​ចាំ​បាច់​»​ក្នុង​ការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ មាន​នីកូឡាស​ដែល​ជា​«​អ្នក​ដូរ​សាសនា​មក​ពី​ក្រុង​អាន់ទីយ៉ូក​»។ (​សកម្ម. ៦:៣​-​៥​) អ្នក​ដែល​ដូរ​មក​កាន់​សាសនា​យូដា គឺ​ជា​ជន​ជាតិ​ដទៃ។ ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ជាតិ​យូដា ដោយ​សារ​ពួក​គេ​ទទួល​យក​ព្រះ និង​ច្បាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បដិសេធ​ព្រះ​ឯ​ទៀត​ទាំង​អស់ ថែម​ទាំង​បាន​កាត់​ចុង​ស្បែក​(​បើ​ជា​បុរស​) និង​បាន​ចូល​រួម​ជា​មួយ​ប្រជា​ជាតិ​អ៊ីស្រាអែល។

បន្ទាប់​ពី​ជន​ជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ក្នុង​ឆ្នាំ​៥៣៧ មុន​គ.ស. ពួក​គេ​ជា​ច្រើន​បាន​តាំង​លំនៅ​ឆ្ងាយ​ពី​ទឹក​ដី​ស្រុក​អ៊ីស្រាអែល ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​កាន់​តាម​សាសនា​យូដា។ ជា​លទ្ធផល មនុស្ស​នៅ​ទូ​ទាំង​តំបន់​បូព៌ា​និង​ជុំ​វិញ​តំបន់​នោះ បាន​ដឹង​និង​ស្គាល់​អំពី​សាសនា​យូដា។ អ្នក​និពន្ធ​នៅ​សម័យ​បុរាណ​ដូច​ជា ហូរេស និង​ស៊ីនីកា បញ្ជាក់​ថា​មនុស្ស​ជា​ច្រើន​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​ចូល​សាសនា​យូដា ហើយ​កាន់​តាម​ជំនឿ​របស់​ពួក​គេ រួច​ដូរ​ទៅ​កាន់​សាសនា​យូដា​ដែរ។

១៦. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បាន​បង្ហាញ​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៦ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ពរ​ដល់​ក្រុម​នោះ។ កំណត់​ហេតុ​បាន​រៀប​រាប់​ទៀត​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ទៅ​ជា​អ្នក​ជឿ​បាន​នៅ​ជា​មួយ​គ្នា ហើយ​ចែក​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា។ ពួក​គេ​ក៏​លក់​ដី​និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន រួច​យក​ប្រាក់​មក​ចែក​ដល់​គ្រប់​គ្នា តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់​ៗ​»។f (​សកម្ម. ២:៤៤, ៤៥​) គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ប្រាកដ​ជា​ចង់​ធ្វើ​តាម​គំរូ​របស់​ពួក​គេ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។

១៧. តើ​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ?

១៧ ពេល​អ្នក​ណា​ម្នាក់​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នោះ​ត្រូវ​ធ្វើ​តាម​ជំហាន​ចាំ​បាច់​មួយ​ចំនួន​ក្នុង​គម្ពីរ។ មុន​ដំបូង គាត់​ត្រូវ​មាន​ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ។ (​យ៉ូន. ១៧:៣​) បន្ទាប់​មក គាត់​ត្រូវ​បង្ហាញ​ជំនឿ ហើយ​ប្រែ​ចិត្ត​ដោយ​សោក​ស្ដាយ​យ៉ាង​ស្មោះ​ចំពោះ​ទង្វើ​របស់​ខ្លួន​ពី​មុន។ (​សកម្ម. ៣:១៩​) រួច​មក គាត់​ត្រូវ​វិល​មក​វិញ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​រ៉ូម ១២:២; អេភ. ៤:២៣, ២៤​) ក្រោយ​ពី​បាន​ធ្វើ​តាម​ជំហាន​ទាំង​នេះ គាត់​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​អធិដ្ឋាន ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—ម៉ាថ. ១៦:២៤; ១ពេ. ៣:២១

១៨. តើ​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​មាន​ឯកសិទ្ធិ​អ្វី?

១៨ តើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ហើយ​ឬ​នៅ? បើ​រួច​ហើយ សូម​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​បាន​ទទួល។ ដូច​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​សតវត្សរ៍​ទី​១​ដែល​ពេញ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​ក៏​អាច​ប្រើ​យើង​តាម​វិធី​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់ និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែរ!

a សូម​មើល​ប្រអប់​«​ក្រុង​យេរូសាឡិម ជា​មណ្ឌល​សាសនា​យូដា​»។

b សូម​មើល​ប្រអប់​«​ក្រុង​រ៉ូម ជា​រាជធានី​នៃ​ចក្រភព​», ​«​ជនជាតិ​យូដា​នៅ​មេសូប៉ូតាមា​និង​អេហ្ស៊ីប​» និង​«​គ្រិស្ត​សាសនិក​នៅ​ប៉ុនតុស​»។

c ​«​អណ្ដាត​ភ្លើង​»​មិន​មែន​ជា​ភ្លើង​មែន​ទែន​ទេ ប៉ុន្តែ​«​ហាក់​ដូច​ជា​ភ្លើង​»​ គឺ​ថា​ចំពោះ​ពួក​គេ​អ្វី​ដែល​លេច​មក​សណ្ឋិត​លើ​អ្នក​កាន់​តាម​ម្នាក់​ៗ គឺ​មាន​លក្ខណៈ​ដូច​ជា​ភ្លើង។

d សូម​មើល​ប្រអប់​«​តើ​អ្នក​ណា​ខ្លះ​បាន​ចូល​សាសនា​យូដា?​»។

e នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​១៩៩៣ នា​មហា​សន្និបាត​អន្តរជាតិ​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន មាន​មនុស្ស​៧.៤០២​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​អាង​ចំនួន​៦។ ការ​ជ្រមុជ​ទឹក​នោះ ចំណាយ​ពេល​អស់​២​ម៉ោង​១៥​នាទី។

f ការ​រៀបចំ​បណ្ដោះ​អាសន្ន​នេះ បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ ដោយ​សារ​ភ្ញៀវ​ដែល​បន្ត​នៅ​ក្រុង​យេរូសាឡិម​ចង់​ទទួល​ចំណេះ​ថែម​ទៀត​អំពី​សេចក្ដី​ពិត។ ការ​ចែក​រំលែក​នេះ​ធ្វើ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​ស្ម័គ្រ​ចិត្ត មិន​មែន​ដោយ​គាំទ្រ​គោល​នយោបាយ​ណា​មួយ​ទេ។—សកម្ម. ៥:១​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក