ភាគ៦
យ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈ
សាថានធ្វើឲ្យមានការសង្ស័យអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់យ៉ូបនៅចំពោះព្រះ។ ប៉ុន្តែ យ៉ូបរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា
តើមនុស្សណាម្នាក់នឹងនៅមានចិត្តស្មោះត្រង់ចំពោះព្រះឬទេ ប្រសិនបើទទួលការល្បងលដ៏ខ្លាំងបំផុត ហើយបើការស្ដាប់បង្គាប់ព្រះ មើលទៅដូចជាគ្មានប្រយោជន៍សោះ? សំណួរនោះបានត្រូវលើកឡើងនិងបានត្រូវឆ្លើយ ក្នុងករណីបុរសម្នាក់ឈ្មោះយ៉ូប។
កាលដែលពួកអ៊ីស្រាអែលនៅស្រុកអេស៊ីបនៅឡើយ នោះយ៉ូបដែលជាសាច់ញាតិរបស់អាប្រាហាំ កំពុងរស់នៅស្រុកដែលសព្វថ្ងៃជាស្រុកអារ៉ាប់។ ក្នុងពេលជាមួយគ្នានោះ ពួកទេវតានៅស្ថានសួគ៌បានមកជួបជុំគ្នានៅចំពោះព្រះ ហើយសាថានដែលជាទេវតាបះបោរនោះបាននៅក្នុងចំណោមពួកគេ។ នៅមុខបណ្ដាទេវតាទាំងឡាយ ព្រះយេហូវ៉ាបង្ហាញនូវទំនុកចិត្តលើយ៉ូបជាអ្នកបម្រើដ៏ស្មោះរបស់លោក។ តាមពិត ព្រះយេហូវ៉ាបានមានប្រសាសន៍ថា គ្មានមនុស្សណាទៀតមានចិត្តស្មោះគ្រប់លក្ខណៈដូចយ៉ូបឡើយ។ ប៉ុន្តែ សាថានបានបញ្ជាក់ថា ដែលយ៉ូបបានបម្រើព្រះ នោះដោយសារតែព្រះបានឲ្យពរនិងការពារគាត់ប៉ុណ្ណោះ។ សាថានបានអះអាងថា ប្រសិនបើអ្វីៗទាំងអស់ដែលយ៉ូបមានបានត្រូវយកចេញពីគាត់ នោះគាត់នឹងប្រមាថព្រះជាមិនខាន។
មុនដំបូង ព្រះបានអនុញ្ញាតឲ្យសាថានដកហូតទ្រព្យសម្បត្ដិរបស់យ៉ូប កូនៗ និងសុខភាពរបស់គាត់។ យ៉ូបមិនដឹងថាសាថានមានចំណែកក្នុងរឿងទាំងនេះទេ ដូច្នេះក៏មិនយល់នូវមូលហេតុដែលព្រះអនុញ្ញាតឲ្យគាត់ជួបប្រទះនឹងទុក្ខលំបាកទាំងនេះដែរ។ ទោះជាយ៉ាងនោះក៏ដាយ យ៉ូបមិនដែលប្រមាថព្រះឡើយ។
មិត្តក្លែងក្លាយបីនាក់បានមកជួបយ៉ូប។ តាមពាក្យសម្ដីជាបន្តបន្ទាប់ដែលបានត្រូវសរសេរក្នុងសៀវភៅយ៉ូប នោះពួកបុរសទាំងនេះបានខំធ្វើឲ្យយ៉ូបជឿថា ព្រះបានដាក់ទោសគាត់ ដោយសារអំពើខុសឆ្គងដែលគាត់ប្រព្រឹត្តដោយលាក់បាំង។ ពួកគេថែមទាំងបានអះអាងថា ព្រះមិនពេញចិត្តនឹងអ្នកបម្រើទាំងឡាយរបស់លោកទេ ក៏មិនទុកចិត្តនឹងពួកគេដែរ។ យ៉ូបបានបដិសេធការវែកញែកមិនត្រឹមត្រូវរបស់ពួកគេ។ គាត់បានប្រកាសទាំងមានទំនុកចិត្តថា គាត់នឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈរហូតដល់ស្លាប់!
ប៉ុន្តែ យ៉ូបបានធ្វើខុសដោយសារគាត់ខ្វល់ខ្វាយហួសប្រមាណអំពីការបញ្ជាក់ថាខ្លួនគាត់ត្រឹមត្រូវ។ យុវបុរសឈ្មោះអេលីហ៊ូវ ដែលបានស្ដាប់ការជជែកទាំងអស់នោះ ក៏និយាយកែតម្រង់យ៉ូបនិងពួកមិត្តក្លែងក្លាយរបស់គាត់។ អេលីហ៊ូវបានកែតម្រង់យ៉ូបដោយសារគាត់មិនបានយល់ដឹងច្បាស់ថាការបញ្ជាក់ភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺសំខាន់ជាងការបញ្ជាក់ភាពត្រឹមត្រូវរបស់មនុស្សណាទាំងអស់។ អេលីហ៊ូវបានស្តីបន្ទោសយ៉ាងខ្លាំងដល់មិត្តក្លែងក្លាយរបស់យ៉ូប។
រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅយ៉ូប ដោយកែតម្រង់ការគិតគូររបស់គាត់។ ដោយលើកឡើងនូវការបង្កើតដ៏អស្ចារ្យរបស់លោក នោះព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបសញ្ជឹងគិតអំពីភាពតូចតាចរបស់មនុស្សបើប្រៀបធៀបនឹងភាពឧត្តុង្គឧត្តមរបស់ព្រះ។ ដោយចិត្តរាបទាប យ៉ូបបានទទួលយកការកែតម្រង់ពីព្រះ។ ដោយសារលោកមាន«មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា» ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបមានសុខភាពល្អឡើងវិញ បានឲ្យទ្រព្យសម្បត្ដិមួយជាពីរ និងឲ្យគាត់មានកូន១០នាក់ទៀត។ (យ៉ាកុប ៥:១១) ដោយសារយ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ាពេលជួបទុក្ខលំបាកយ៉ាងខ្លាំង នោះគាត់បានឆ្លើយតបនឹងការចោទប្រកាន់មិនពិតរបស់សាថានដែលថាមនុស្សនឹងមិននៅស្មោះត្រង់ចំពោះព្រះ ប្រសិនបើត្រូវល្បងលនោះ។
—មានមូលដ្ឋានលើសៀវភៅយ៉ូប។