ភាគ១១
ចម្រៀងពីព្រះសម្រាលទុក្ខ ហើយបង្រៀនយើង
ដាវីឌនិងអ្នកឯទៀតតែងចម្រៀងសម្រាប់ការគោរពប្រណិប័តន៍ព្រះ។ សៀវភៅទំនុកតម្កើងមាន១៥០ទំនុក
សៀវភៅដែលក្រាស់ជាងគេក្នុងគម្ពីរ គឺជាចម្រៀងពិសិដ្ឋមួយចំនួនដែលបានត្រូវប្រមូលផ្ដុំជាមួយគ្នា។ សៀវភៅនោះទាំងមូល បានត្រូវសរសេរក្នុងរយៈពេលប្រហែលមួយពាន់ឆ្នាំ។ សៀវភៅទំនុកតម្កើងមានពាក្យដែលបញ្ជាក់អំពីជំនឿទុកចិត្តរបស់អ្នកបម្រើព្រះ។ ពាក្យខ្លះមានឥទ្ធិពលខ្លាំងបំផុតលើចិត្ត ហើយមានន័យជ្រាលជ្រៅជាងសំណេរឯទៀតទាំងអស់របស់មនុស្ស។ ទំនុកតម្កើងរៀបរាប់អំពីអារម្មណ៍ផ្សេងៗជាច្រើន ដូចជាអំណរ ការសរសើរ ការថ្លែងអំណរគុណ ការកើតទុក្ខ និងការប្រែចិត្ត។ ច្បាស់ណាស់ អ្នកតែងបទទំនុកតម្កើងមានចំណងមេត្រីភាពយ៉ាងជិតស្និទ្ធជាមួយនឹងព្រះ។ សូមពិចារណាអំពីប្រធានបទខ្លះៗដែលមានក្នុងចម្រៀងទាំងនេះ។
ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងត្រឹមត្រូវ សមទទួលការគោរពប្រណិប័តន៍និងការសរសើរពីយើង។ នៅទំនុកតម្កើង ៨៣:១៨ យើងអានថា៖ «គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ ទំនុកជាច្រើនសរសើរព្រះយេហូវ៉ាចំពោះស្នាដៃដែលលោកបង្កើត ដូចជាមេឃដែលមានផ្កាយព្រោងព្រាត អ្វីៗល្អអស្ចារ្យដែលមានជីវិតនៅលើផែនដី និងភាពអស្ចារ្យនៃរូបកាយមនុស្ស។ (ទំនុកតម្កើង ទី៨, ១៩, ១៣៩, ១៤៨) ទំនុកផ្សេងទៀតលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលសង្គ្រោះ ហើយការពារអ្នកដែលស្មោះចំពោះលោក។ (ទំនុកតម្កើង ទី១៨, ៩៧, ១៣៨) តែទំនុកឯទៀតលើកតម្កើងលោកជាព្រះនៃយុត្ដិធម៌ ដែលធ្វើឲ្យអ្នកដែលត្រូវគេជិះជាន់បានធូរស្បើយ ហើយជាព្រះដែលដាក់ទោសពួកមនុស្សអាក្រក់។—ទំនុកតម្កើង ទី១១, ៦៨, ១៤៦
ព្រះយេហូវ៉ាជួយ ហើយសម្រាលទុក្ខអស់អ្នកដែលស្រឡាញ់លោក។ ប្រហែលជាទំនុកតម្កើងដ៏ល្បីល្បាញជាងគេ គឺទំនុកទី២៣។ ក្នុងទំនុកនោះដាវីឌបានរៀបរាប់ថាព្រះយេហូវ៉ាជាគង្វាលដែលប្រកបដោយក្ដីស្រឡាញ់ ដែលដឹកនាំ ការពារ និងមើលថែរក្សាចៀមរបស់លោក។ ទំនុកតម្កើង ៦៥:២ រំលឹកពួកអ្នកបម្រើព្រះថាព្រះយេហូវ៉ា«ស្ដាប់សេចក្ដីអធិស្ឋាន»។ មនុស្សជាច្រើនដែលភ្លាត់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរបានទទួលការសម្រាលទុក្ខយ៉ាងច្រើនពីទំនុកតម្កើងទី៣៩និងទី៥១។ ក្នុងទំនុកនោះដាវីឌរៀបរាប់យ៉ាងស្មោះអំពីការប្រែចិត្តរបស់គាត់ស្តីអំពីអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយបញ្ជាក់ជំនឿថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យ។ ទំនុកតម្កើង ៥៥:២២ មានការដាស់តឿនឲ្យទុកចិត្តលើព្រះយេហូវ៉ា ហើយឲ្យផ្ទេរបន្ទុកទៅលើលោក។
ព្រះយេហូវ៉ានឹងកែប្រែពិភពលោកនេះតាមរយៈរាជាណាចក្រនៃមេស្ស៊ី។ ខមួយចំនួននៅក្នុងសៀវភៅទំនុកតម្កើងទាក់ទងយ៉ាងច្បាស់នឹងមេស្ស៊ី ជាស្តេចដែលបានត្រូវទាយទុកនោះ។ ទំនុកតម្កើងទី២បានទាយថា អ្នកគ្រប់គ្រងនេះនឹងបំផ្លាញប្រជាជាតិដ៏អាក្រក់ទាំងឡាយដែលប្រឆាំងនឹងលោក។ ទំនុកតម្កើងទី៧២បើកបង្ហាញថា ស្តេចនេះនឹងធ្វើឲ្យលែងមានការស្រេកឃ្លាន ភាពអយុត្ដិធម៌ និងការជិះជាន់។ យោងទៅតាមទំនុកតម្កើង ៤៦:៩ នោះតាមរយៈរាជាណាចក្រមេស្ស៊ី ព្រះនឹងធ្វើឲ្យសង្គ្រាមស្ងប់រំងាប់ ហើយបំផ្លាញចោលអាវុធទាំងអស់។ នៅក្នុងទំនុកតម្កើងទី៣៧ យើងអានថា មនុស្សអាក្រក់នឹងលែងមានទៀត តែមនុស្សសុចរិតនឹងរស់នៅលើផែនដីជារៀងរហូត ដោយមានសន្ដិភាពនិងសុខដុមទូទាំងពិភពលោក។
—មានមូលដ្ឋានលើសៀវភៅទំនុកតម្កើង។