ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីបីនិងទីបួន
អ្នកតែងទំនុកបានអធិស្ឋានទូលសួរព្រះថា៖ «តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរ ឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរឬអី?»។ (ទំនុកដំកើង ៨៨:១១) យើងដឹងចម្លើយចំពោះសំណួរនោះរួចហើយគឺ មនុស្សស្លាប់មិនអាចថ្លែងប្រាប់អំពីព្រះបានឡើយ។ បើយើងគ្មានជីវិត យើងពុំអាចសរសើរព្រះយេហូវ៉ាបានឡើយ។ ដូច្នេះ ហេតុដ៏ល្អមួយដែលយើងចង់មានជីវិតរស់នៅតទៅទៀត គឺដើម្បីសរសើរព្រះយេហូវ៉ា។ ម្យ៉ាងទៀត ក៏មានហេតុល្អមួយដែលយើងគួរសរសើរព្រះយេហូវ៉ា គឺដោយសារទ្រង់ប្រទានជីវិតឲ្យយើង។
ទំនុកដំកើងប៉ែកទីបីនិងទីបួនគឺទំនុកទី៧៣រហូតដល់ទំនុកទី១០៦។ ទំនុកទាំងនោះបញ្ជាក់មូលហេតុជាច្រើន ដែលយើងគួរសរសើរព្រះជាអ្នកបង្កើតហើយលើកតម្កើងព្រះនាមទ្រង់។ ការរំពឹងគិតទៅលើទំនុកទាំងនោះគួរធ្វើឲ្យយើងមានការអបអររឹតតែខ្លាំងចំពោះ«ព្រះបន្ទូលនៃព្រះ» ព្រមទាំងគួរលើកទឹកចិត្តយើងឲ្យសរសើរទ្រង់កាន់តែច្រើនថែមទៀតហើយបង្កើនសមត្ថភាពយើងក្នុងការសរសើរទ្រង់។ (ហេព្រើរ ៤:១២) មុនបង្អស់សូមផ្ដោតអារម្មណ៍លើទំនុកដំកើងប៉ែកទីបី។
«ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ»
ទំនុក១១ដំបូងក្នុងទំនុកដំកើងប៉ែកទីបី បានត្រូវតែងដោយអេសាភឬកូនចៅរបស់គាត់។ ទំនុកទី៧៣ពន្យល់អ្វីដែលបានជួយអេសាភឲ្យកែប្រែគំនិតមិនត្រឹមត្រូវរបស់គាត់ មុនដែលគំនិតនោះនាំឲ្យគាត់វង្វេងចេញ។ នៅទីបំផុតអេសាភបានសន្និដ្ឋានយ៉ាងត្រឹមត្រូវ ដ្បិតគាត់ច្រៀងថា៖ «ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ»។ (ទំនុកដំកើង ៧៣:២៨) ទំនុកទី៧៤ជាទំនួញអំពីការបំផ្លិចផ្លាញទីក្រុងយេរូសាឡិម។ ទំនុកទី៧៥ ទី៧៦ និងទី៧៧ពិពណ៌នាអំពីព្រះយេហូវ៉ាថា ទ្រង់ជាចៅក្រមដ៏សុចរិត ទ្រង់ជាអ្នកសង្គ្រោះមនុស្សរាបសា ហើយជាព្រះដែលសណ្ដាប់សេចក្ដីអធិស្ឋាន។ ទំនុកទី៧៨បញ្ជាក់ឡើងវិញនូវប្រវត្ដិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល ចាប់ពីសម័យលោកម៉ូសេរហូតដល់សម័យស្តេចដាវីឌ។ ទំនុកទី៧៩ជាទំនួញរំលឹកពីការបំផ្លាញព្រះវិហារនៅទីក្រុងយេរូសាឡិម។ ទំនុកបន្ទាប់ជាសេចក្ដីអធិស្ឋានដែលទូលសុំព្រះប្រោសរាស្ត្រទ្រង់ឲ្យមានស្ថានភាពដូចដើមវិញ។ ទំនុកទី៨១ជាការដាស់តឿនឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ទំនុកទី៨២និងទី៨៣ជាសេចក្ដីអធិស្ឋានដែលសុំឲ្យព្រះដាក់ទោសចៅក្រមពុករលួយនិងសត្រូវរបស់ទ្រង់។
ទំនុកមួយរបស់កូនចៅលោកកូរេសរសេរថា «ព្រលឹងទូលបង្គំរឭក អើ! ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា»។ (ទំនុកដំកើង ៨៤:២) ទំនុកទី៨៥ជាការទូលសុំឲ្យព្រះប្រទានពរទៅលើជននិរទេសដែលត្រឡប់មកស្រុកវិញ។ ទំនុកនេះសង្កត់ធ្ងន់ថា ពរខាងវិញ្ញាណមានតម្លៃលើសជាងពរប្រភេទណាផ្សេងទៀត។ ក្នុងទំនុកទី៨៦ ដាវីឌទូលសុំព្រះការពារនិងបង្រៀនគាត់។ ទំនុកទី៨៧ជាចម្រៀងរៀបរាប់អំពីភ្នំស៊ីយ៉ូន និងអស់អ្នកដែលកើតនៅភ្នំនោះ រីឯទំនុកទី៨៨វិញ នោះជាសេចក្ដីអធិស្ឋានទូលថ្វាយព្រះយេហូវ៉ា។ ទំនុកទី៨៩លើកបញ្ជាក់អំពីសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា ដែលទ្រង់បានបង្ហាញដោយធ្វើកិច្ចព្រមព្រៀងជាមួយដាវីឌ។ អេថានបានតែងទំនុកនោះ ហើយគាត់ប្រហែលជាអ្នកប្រាជ្ញមួយរូបក្នុងចំណោមអ្នកប្រាជ្ញបួននាក់នៅសម័យស្តេចសាឡូម៉ូន។—ពង្សាវតារក្សត្រទី១ ៤:៣១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៧៣:៩—តើមនុស្សទុច្ចរិត«តាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី»ក្នុងន័យអ្វី? ដោយសារមនុស្សទុច្ចរិតមិនគោរពអ្នកណានៅស្ថានសួគ៌ឬនៅផែនដីឡើយ នោះពួកគេហ៊ានប្រមាថតិះដៀលព្រះហើយក៏និយាយបង្កាច់បង្ខូចមនុស្សឯទៀត។
៧៤:១៣, ១៤—តើព្រះយេហូវ៉ា‹បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក និងកិនកំទេចក្បាលរបស់ក្រពើ›នៅពេលណា? ក្នុងព្រះគម្ពីរ«ផារ៉ោន[ដែល]ជាស្តេចស្រុកអេស៊ីព្ទ»ត្រូវពណ៌នាហៅថា«សត្វសំបើមដែលដេកនៅកណ្ដាលទន្លេរបស់ខ្លួន»។ (អេសេគាល ២៩:៣) ក្រពើប្រហែលជាតំណាងពួកខ្លាំងពូកែរបស់ផារ៉ោន។ ការកិនក្បាលក្រពើនិងសត្វសម្បើមនោះ ទំនងជាសំដៅទៅលើពេលដែលព្រះយេហូវ៉ារំដោះប្រជាជនអ៊ីស្រាអែលពីសេវកភាពនៅស្រុកអេស៊ីប ហើយផារ៉ោននិងកងទ័ពរបស់ទ្រង់បានបរាជ័យយ៉ាងជូរចត់។
៧៥:៤, ៥, ១០—ហេតុអ្វីយើងមិនត្រូវមានអំណួត? ព្រះយេហូវ៉ាលើកតម្កើងអ្នកបម្រើដ៏ពិតរបស់ទ្រង់។ ប៉ុន្តែទ្រង់«កាត់អំណាចទាំងប៉ុន្មាននៃមនុស្សអាក្រក់ចេញ»។ ដូច្នេះខទាំងបីនេះព្រមានយើង«កុំឲ្យដំកើងខ្លួនឲ្យសោះ»។ គឺព្រះយេហូវ៉ាទេដែលតម្កើងយើង។ ហេតុនេះហើយឯកសិទ្ធិអ្វីដែលយើងមានក្នុងក្រុមជំនុំត្រូវចាត់ទុកថាមកពីទ្រង់វិញ។—ទំនុកដំកើង ៧៥:៧
៧៦:១០—តើ«សេចក្ដីឃោរឃៅរបស់មនុស្ស»អាចសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច? នៅពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សប្រើអំពើឃោរឃៅទៅលើយើងដោយសារយើងជាអ្នកបម្រើទ្រង់ នោះអាចនាំឲ្យមានលទ្ធផលល្អទៅវិញ។ ការលំបាកណាដែលយើងជួបប្រទះអាចជួយកែតម្រង់លក្ខណៈរបស់យើង។ ព្រះយេហូវ៉ាគ្រាន់តែអនុញ្ញាតឲ្យយើងរងទុក្ខល្មមឲ្យទាញយកមេរៀនប៉ុណ្ណោះ។ (ពេត្រុសទី១ ៥:១០) ‹សំណល់សេចក្ដីឃោរឃៅ នោះព្រះយេហូវ៉ានឹងរួបរឹតទុកវិញ›។ ចុះបើយើងរងទុក្ខរហូតដល់បាត់បង់ជីវិត? នោះក៏អាចនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរដែរ ដ្បិតអ្នកដែលឃើញយើងស៊ូទ្រាំយ៉ាងស្មោះត្រង់ ប្រហែលជាក៏នឹងចាប់ផ្ដើមសរសើរព្រះដែរ។
៧៨:២៤, ២៥—ហេតុអ្វីនំម៉ាន៉ាត្រូវហៅថា«អាហារពីស្ថានសួគ៌»និង«នំរបស់ពួកទេវតា»? ឃ្លាទាំងពីរនេះមិនមានន័យថានំម៉ាន៉ាជាអាហាររបស់ទេវតាទេ។ នំម៉ាន៉ាហៅថា«អាហារពីស្ថានសួគ៌» ដោយសារព្រះដែលគង់នៅស្ថានសួគ៌ជាអ្នកប្រទាននោះ។ (ទំនុកដំកើង ១០៥:៤០) ហើយស្រដៀងគ្នាដែរដោយសារទេវតារស់នៅស្ថានសួគ៌ ឃ្លាថា«នំរបស់ពួកទេវតា»ប្រហែលជាមានន័យដូចគ្នាថា នំម៉ាន៉ាមកពីព្រះដែលគង់នៅស្ថានសួគ៌។ (ទំនុកដំកើង ១១:៤) ព្រះយេហូវ៉ាក៏ប្រហែលបានប្រើពួកទេវតាដើម្បីផ្គត់ផ្គង់នំម៉ាន៉ាឲ្យជនជាតិអ៊ីស្រាអែលដែរ។
៨២:១, ៦—តើអ្នកណាដែលហៅថា«អ្នកមានអំណាច[ឬ«ព្រះ», ខ.ស.]» និង«កូននៃព្រះដ៏ខ្ពស់បំផុត»? ឃ្លាទាំងពីរនេះសំដៅទៅលើមនុស្សដែលធ្វើជាចៅក្រមនៅអ៊ីស្រាអែល។ គឺសមរម្យណាស់ដែលពួកគេត្រូវពណ៌នាហៅថា «ព្រះ»ដូច្នេះ ដ្បិតពួកគេត្រូវបម្រើជាអ្នកនាំពាក្យរបស់ព្រះហើយក៏បានតំណាងទ្រង់ដែរ។—យ៉ូហាន ១០:៣៣-៣៦
មេរៀនសម្រាប់យើង:
៧៣:២-៥, ១៨-២០, ២៥, ២៨: យើងមិនគួរច្រណែនមនុស្សអាក្រក់ដែលមានជីវិតសុខស្រួល ក៏មិនគួរត្រាប់តាមពួកគេឡើយ។ មនុស្សអាក្រក់កំពុងតែឈរនៅកន្លែងដ៏រអិល។ ពួកគេនឹង«ត្រូវហិនវិនាស»ជាមិនខាន។ ម្យ៉ាងវិញទៀត គឺឥតប្រយោជន៍ទេបើយើងខំព្យាយាមកម្ចាត់បំបាត់អំពើទុច្ចរិត ដ្បិតការគ្រប់គ្រងរបស់មនុស្សឥតគ្រប់លក្ខណ៍មិនអាចបំបាត់អំពើទុច្ចរិតបានឡើយ។ យកល្អយើងធ្វើដូចអេសាភដោយ«ចូលទៅជិតព្រះ»ហើយមានចំណងមិត្តភាពជិតស្និទ្ធជាមួយទ្រង់។ ធ្វើយ៉ាងនោះ យើងនឹងអាចស៊ូទ្រាំទោះជាមានអំពើទុច្ចរិតនៅជុំវិញយើងក៏ដោយ។
៧៣:៣, ៦, ៨, ២៧: យើងត្រូវជៀសចេញពីអំណួតនិងការចំអកឡកឡឺយ ទោះបើមើលទៅដូចជាអំពើនោះមានប្រយោជន៍ក៏ដោយ។
៧៣:១៥-១៧: នៅពេលដែលយើងមានគំនិតច្របូកច្របល់ យើងមិនគួរដើរប្រាប់បងប្អូនផងទាំងពួងអំពីគំនិតនោះទេ ដ្បិតបើធ្វើដូច្នោះយើងនឹងធ្វើឲ្យប្អូនឯទៀតធ្លាក់ទឹកចិត្តដែរ។ យើងគួរតែតាំងចិត្តឲ្យស្ងប់ហើយរំពឹងគិតអំពីអ្វីដែលធ្វើឲ្យយើងមានគំនិតច្របូកច្របល់។ យើងថែមទាំងត្រូវរិះរកគំនិតត្រឹមត្រូវដោយចូលរួមជាមួយអ្នកជឿគ្នីគ្នា។—សុភាសិត ១៨:១
៧៣:២១-២៤: ប្រសិនបើយើង‹កម្រើករំពើកក្នុងចិត្ត›ដោយសារមនុស្សអាក្រក់មើលទៅដូចជាមានភាពសុខស្រួលនោះ យើងកំពុងតែមានប្រតិកម្មដូចនឹងមនុស្សឆោតឬដូចសត្វតិរច្ឆាន។ នោះពីព្រោះយើងមានប្រតិកម្មតាមតែអ្វីដែលយើងមើលឃើញនិងឮប៉ុណ្ណោះ ដោយគ្មានការពិចារណាឡើយ។ ផ្ទុយទៅវិញ យើងគួរឲ្យឱវាទរបស់ព្រះយេហូវ៉ាដឹកនាំគំនិតរបស់យើងវិញ ដោយមានជំនឿជាក់ថា ទ្រង់នឹង‹កាន់ដៃស្ដាំរបស់យើង›និងគាំទ្រយើង។ ម្យ៉ាងទៀត ព្រះយេហូវ៉ានឹង‹ទទួលយើងចូលក្នុងសិរីល្អ› ក្នុងន័យថាទ្រង់ទទួលយើងជាមិត្តសម្លាញ់របស់ទ្រង់។
៧៧:៦: ការត្រិះរិះក្នុងចិត្តអំពីសេចក្ដីពិតពីព្រះ ហើយការស្វះស្វែងរកសេចក្ដីពិតនោះតម្រូវឲ្យយើងចំណាយពេលសិក្សានិងរំពឹងគិត។ ហេតុនេះហើយ ជាការសំខាន់ណាស់ដែលយើងលៃទុកពេលឲ្យនៅស្ងាត់ម្នាក់ឯង!
៧៩:៩: ព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង ជាពិសេសពេលដែលសេចក្ដីអធិស្ឋាននោះទាក់ទងនឹងការញែកព្រះនាមទ្រង់ឲ្យបរិសុទ្ធ។
៨១:១៣, ១៦: ការស្ដាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ានិងការដើរតាមផ្លូវរបស់ទ្រង់នាំឲ្យទទួលពរជាបរិបូរ។—សុភាសិត ១០:២២
៨២:២, ៥: ភាពអយុត្ដិធម៌ធ្វើឲ្យ«ឫសផែនដី»កក្រើករំពើក។ អំពើអយុត្ដិធម៌ធ្វើឲ្យសង្គមមនុស្សអស្ថិរភាព។
៨៤:១-៤, ១០-១២: អ្នកតែងទំនុកនោះបានស្រឡាញ់កន្លែងថ្វាយបង្គំព្រះយេហូវ៉ា ហើយក៏មានចិត្តស្កប់ស្កល់នឹងឯកសិទ្ធិដែលគាត់មានក្នុងកិច្ចបម្រើទ្រង់។ នោះជាគំរូល្អសម្រាប់យើង។
៨៦:៥: យើងពិតជាមានចិត្តអំណរដែលព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស»ឲ្យយើង! ទ្រង់ទតមើលជានិច្ចខំរកមូលដ្ឋានសម្រាប់អត់ឱនទោសឲ្យអ្នកធ្វើខុសដែលប្រែចិត្ត។
៨៧:៥, ៦: តើអ្នកដែលរស់ក្នុងសួនមនោរម្យនឹងអាចស្គាល់ឈ្មោះរបស់អស់អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ឬទេ? ខទាំងនេះបង្ហើបឲ្យដឹងថាពួកគេប្រហែលជានឹងអាចស្គាល់មែន។
៨៨:១៣, ១៤: ពេលដែលមើលទៅដូចជាព្រះយេហូវ៉ាមិនទាន់តបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង ទ្រង់ប្រហែលជាចង់ទុកឱកាសឲ្យយើងបញ្ជាក់នូវភក្ដីភាពរបស់យើងចំពោះទ្រង់។
«ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ!»
ទំនុកដំកើងប៉ែកទីបួនបញ្ជាក់មូលហេតុជាច្រើនដែលយើងគួរសរសើរតម្កើងព្រះយេហូវ៉ា។ ជាឧទាហរណ៍ក្នុងទំនុកទី៩០ ម៉ូសេរៀបរាប់ភាពខុសគ្នារវាងព្រះជន្មរបស់«ស្តេចនៃអស់ទាំងកល្ប» និងអាយុខ្លីរបស់មនុស្សជាតិ។ (ធីម៉ូថេទី១ ១:១៧) នៅទំនុកដំកើង ៩១:២ ម៉ូសេប្រាប់ថាព្រះយេហូវ៉ាជា«ទីពឹងពំនាក់[និង]ជាបន្ទាយ»ឬអ្នករក្សាការពារគាត់។ ទំនុកបីបួនបន្ទាប់ពីនោះពណ៌នាអំពីគុណសម្បត្ដិប្រសើរកន្លងរបស់ព្រះយេហូវ៉ា ដូចជាការអស្ចារ្យរបស់ទ្រង់និងព្រះតម្រិះដ៏ខ្ពង់ខ្ពស់។ មានទំនុកបីដែលចាប់ផ្ដើមដោយពាក្យថា «ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង»ឬ«ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង»។ (ទំនុកដំកើង ៩៣:១; ៩៧:១; ៩៩:១) អ្នកតែងទំនុកដំកើងអញ្ជើញយើងឲ្យ«អរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់»ដែលជាអ្នកបង្កើតយើង។—ទំនុកដំកើង ១០០:៤
តើអ្នកគ្រប់គ្រងដែលកោតខ្លាចព្រះយេហូវ៉ាគួរបំពេញតួនាទីរបស់ខ្លួនយ៉ាងដូចម្ដេច? យើងអាចរកឃើញចម្លើយក្នុងទំនុកដំកើងទី១០១ដែលជាទំនុករបស់ដាវីឌ។ ទំនុកទី១០២រៀបរាប់ថា ព្រះយេហូវ៉ា«តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ»។ (ទំនុកដំកើង ១០២:១៧) ទំនុកទី១០៣លើកបញ្ជាក់ពីសេចក្ដីសប្បុរសនិងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ ស្តីអំពីរបស់ជាច្រើនសន្ធឹកដែលព្រះយេហូវ៉ាបានបង្កើតនៅផែនដី អ្នកតែងទំនុកដំកើងឧទានថា៖ «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា»។ (ទំនុកដំកើង ១០៤:២៤) ទំនុកពីរចុងក្រោយក្នុងប៉ែកទីបួនសរសើរព្រះយេហូវ៉ាដោយសារការអស្ចារ្យរបស់ទ្រង់។—ទំនុកដំកើង ១០៥:២, ៥; ១០៦:៧, ២២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៩១:១, ២—តើអ្វីជា«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»? ហើយតើយើងអាច«នៅជាប់»ទីនោះដោយដូចម្ដេច? ភាពសុខសាន្តដោយផុតគ្រោះថ្នាក់ខាងវិញ្ញាណគឺប្រៀបដូចជាកន្លែងមួយដែលជាទីកំបាំង។ នោះគឺកំបាំងនឹងភ្នែកអស់អ្នកដែលមិនទុកចិត្តទៅលើព្រះ។ យើងនៅជាប់ទីនោះដោយយកព្រះយេហូវ៉ាជាទីពឹងពំនាក់និងជាបន្ទាយ ហើយដោយលើកតម្កើងទ្រង់ជាព្រះមហាក្សត្រសកលលោក ថែមទាំងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រទ្រង់។ យើងមានអារម្មណ៍សុខសាន្តដោយផុតគ្រោះថ្នាក់ខាងវិញ្ញាណ ពីព្រោះព្រះយេហូវ៉ាប្រុងប្រៀបជួយយើងជានិច្ច។—ទំនុកដំកើង ៩០:១
៩២:១២—តើមនុស្សសុចរិត«លូតលាស់ឡើង ដូចជាដើមលម៉ើ»យ៉ាងដូចម្ដេច? ដើមលម៉ើត្រូវគេស្គាល់ជាដើមដែលបង្កើតផលច្រើន។ មនុស្សសុចរិតគឺដូចជាដើមលម៉ើក្នុងន័យថា ព្រះយេហូវ៉ាចាត់ទុកពួកគាត់ជាអ្នកទៀងត្រង់ដែលបង្កើត«ផលផ្លែល្អ»។ ផលនោះរួមបញ្ចូលការប្រព្រឹត្តដ៏ល្អ។—ម៉ាថាយ ៧:១៧-២០
មេរៀនសម្រាប់យើង:
៩០:៧, ៨, ១៣, ១៤: ពេលណាដែលយើងប្រព្រឹត្តអាក្រក់ នោះតែងតែពង្រេចពង្រឹលចំណងមិត្តភាពរបស់យើងជាមួយព្រះដ៏ពិត។ យើងពុំអាចលាក់អំពើបាបរបស់យើងពីទ្រង់បានឡើយ។ ក៏ប៉ុន្តែ បើយើងប្រែចិត្តយ៉ាងស្មោះហើយលះចោលអំពើអាក្រក់នោះ ព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យនឹងយើង ថែមទាំង‹ចំអែតយើងដោយសេចក្ដីសប្បុរសនៃទ្រង់›។
៩០:១០, ១២: ដោយសារអាយុជីវិតរបស់មនុស្សជាតិគឺខ្លីណាស់ យើងគួរ«រាប់ថ្ងៃអាយុនៃយើង»។ តើត្រូវរាប់យ៉ាងដូចម្ដេច? យើងត្រូវ«មានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា» ឬត្រូវប្រើប្រាជ្ញារិះរករបៀបចំណាយពេលធ្វើអ្វីដែលធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ ជាជាងបង្ខាតបង់ពេលវេលានោះ។ នេះតម្រូវឲ្យយើងចាត់ទុកអ្វីខាងវិញ្ញាណជាអាទិភាព ហើយប្រើពេលវេលាតាមរបៀបមានប្រយោជន៍បំផុត។—អេភេសូរ ៥:១៥, ១៦; ភីលីព ១:១០
៩០:១៧: ការអធិស្ឋានសុំព្រះយេហូវ៉ា‹តាំងការនៃដៃយើង ឲ្យខ្ជាប់ខ្ជួនឡើង›និងប្រទានពរលើការព្យាយាមរបស់យើងក្នុងកិច្ចផ្សព្វផ្សាយគឺជាសំណូមពរសមត្រឹមត្រូវ។
៩២:១៤, ១៥: បើបងប្អូនវ័យចាស់ព្យាយាមសិក្សាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយចូលរួមជាទៀងទាត់ជាមួយរាស្ត្ររបស់ទ្រង់ នោះពួកគាត់នឹងមានភាព«ខៀវស្រស់»ឬកម្លាំងស្វាហាប់ខាងវិញ្ញាណជានិច្ច ហើយក៏មានតម្លៃខ្ពស់ក្នុងក្រុមជំនុំទៀតផង។
៩៤:១៩: មិនថា«គំនិតសាន់វ័ណ្ឌក្នុងចិត្ត»ជាអ្វីក៏ដោយ ក៏យើងអាចទទួលការសម្រាលទុក្ខបានបើរំពឹងគិតទៅលើ«សេចក្ដីកំសាន្តចិត្ត»ដែលមានក្នុងព្រះគម្ពីរ។
៩៥:៧, ៨: បើយើងស្ដាប់ឱវាទពីព្រះគម្ពីរ ហើយរហ័សអនុវត្ត នោះនឹងបង្ការ កុំឲ្យយើងចាប់ផ្ដើមមានចិត្តរឹងរូស។—ហេព្រើរ ៣:៨, ៩
១០៦:៣៦, ៣៧: ខទាំងនេះបានឲ្យដឹងថាការថ្វាយបង្គំរូបព្រះជាប់ទាក់ទងនឹងការបូជាថ្វាយពួកវិញ្ញាណអាក្រក់។ នេះបញ្ជាក់ថា អ្នកដែលថ្វាយបង្គំរូបព្រះអាចទទួលឥទ្ធិពលពីពួកវិញ្ញាណអាក្រក់បាន។ ព្រះគម្ពីរជំរុញយើងថា «ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។—យ៉ូហានទី១ ៥:២១
«ចូរសរសើរដល់ព្រះយេហូវ៉ា»
ទំនុកបីចុងក្រោយក្នុងទំនុកដំកើងប៉ែកទីបួន បញ្ចប់ដោយឃ្លាថា «ចូរសរសើរដល់ព្រះយេហូវ៉ា»។ នោះក៏ជាឃ្លាទីមួយក្នុងទំនុកក្រោយបង្អស់ដែរ។ (ទំនុកដំកើង ១០៤:៣៥; ១០៥:៤៥; ១០៦:១, ៤៨) តាមការពិត ឃ្លាថា«ចូរសរសើរដល់ព្រះយេហូវ៉ា»មានជាច្រើនដងក្នុងទំនុកដំកើងប៉ែកទីបួន។
ពិតជាមានហេតុច្រើនដែលយើងគួរសរសើរព្រះយេហូវ៉ា។ ទំនុកទី៧៣ដល់ទំនុកទី១០៦ផ្ដល់ចំណុចជាច្រើនសម្រាប់យកមករំពឹងគិត។ ការរំពឹងគិតនោះធ្វើឲ្យមានចិត្តកតញ្ញូខ្លាំងណាស់ចំពោះព្រះវរបិតារបស់យើងនៅស្ថានសួគ៌។ នៅពេលយើងគិតអំពីអ្វីៗដែលទ្រង់បានធ្វើសម្រាប់យើងរួចហើយថែមទាំងនឹងធ្វើនៅអនាគតទៀត នោះជំរុញយើងឲ្យ«សរសើរដល់ព្រះយេហូវ៉ា»អស់ពីកាយអស់ពីចិត្ត មែនទេ?
[រូបភាពនៅទំព័រ៨]
យើងអាចស៊ូទ្រាំនឹងអំពើអាក្រក់ ដោយ«ចូលទៅជិតព្រះ»ដូចអេសាភដែរ
[រូបភាពនៅទំព័រ៩]
ផារ៉ោនបានបរាជ័យនៅសមុទ្រក្រហម
[រូបភាពនៅទំព័រ៩]
តើអ្នកដឹងមូលហេតុនំម៉ាន៉ាត្រូវហៅថា«នំរបស់ពួកទេវតា»ទេ?
[រូបភាពនៅទំព័រ១១]
តើអ្វីជួយបំបាត់«គំនិតសាន់វ័ណ្ឌក្នុងចិត្ត»យើង?