បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w06 ១/៧ ទំ. ៨-ទំ. ១១ វ. ១៤
  • គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​«ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង»​របស់​យើង
  • (ទំនុកដំកើង ៤២:១​–​៥០:២៣)
  • ​«ព្រលឹង​ខ្ញុំ​អើយ! ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ!»
  • (ទំនុកដំកើង ៥១:១​–​៧១:២៤)
  • ​«សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់»
  • គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចម្រៀងពីព្រះសម្រាលទុក្ខ ហើយបង្រៀនយើង
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីបីនិងទីបួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
w06 ១/៧ ទំ. ៨-ទំ. ១១ វ. ១៤

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ទំនុកដំកើង ប៉ែក​ទីពីរ

យើង​ដឹង​ទុក​ជា​មុន​ថា យើង​ត្រូវ​មាន​ទុក្ខ​លំបាក​និង​ជួប​ការ​ល្បងល ដោយសារ​យើង​បម្រើ​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ុល​ធ្លាប់​សរសេរ​ថា​៖ «ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូ​វ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ»។ (ធីម៉ូថេទី២ ៣:១២) តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​ស៊ូទ្រាំ​ទុក្ខ​លំបាក​និង​ការ​បៀតបៀន ដើម្បី​បញ្ជាក់​ថា​យើង​បម្រើ​ព្រះ​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​នោះ?

ប៉ែក​ទីពីរ​ក្នុង​ប៉ែក​ទាំង​ប្រាំ​នៃ​សៀវភៅ​ទំនុកដំកើង អាច​ជួយ​ឲ្យ​យើង​ស៊ូទ្រាំ​បាន។ ទំនុក​ទី​៤២​ដល់​៧២​ឲ្យ​ដឹង​ថា យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ហើយ​រៀន​ឲ្យ​ចេះ​អត់ធ្មត់​រង់ចាំ​ឲ្យ​ទ្រង់​សង្គ្រោះ​យើង ទើប​យើង​អាច​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បាន។ នេះ​ជា​មេ​រៀន​សំខាន់​ណាស់! សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ព័ត៌មាន​ក្នុង​ទំនុកដំកើង​ប៉ែក​ទីពីរ​ក៏​ដូច​ជា​បទ​គម្ពីរ​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ​ដែរ ដ្បិត​នោះ​«រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

ព្រះ​យេហូវ៉ា​«ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង»​របស់​យើង

(ទំនុកដំកើង ៤២:១​–​៥០:២៣)

បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​លេវី​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​ឆ្ងាយ​មួយ។ គាត់​ស្រណោះ​ស្រណោក​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា ជា​កន្លែង​ដែល​គាត់​ធ្លាប់​ទៅ​ថ្វាយ​បង្គំ ហើយ​ពោល​ពាក្យ​លួងលោម​ចិត្ត​ខ្លួន​ឯង​ឲ្យ​បំបាត់​ទុក្ខ​ព្រួយ។ គាត់​ពោល​ថា​៖ «ឱ​ព្រលឹង​អញ​អើយ! ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ!»។ (ទំនុកដំកើង ៤២:៥, ១១; ៤៣:៥) ខ​នេះ​មាន​ច្រើន​ដង​ក្នុង​ទំនុក​ទី៤​២​និង​៤៣។ ហេតុ​នេះ​ទំនុក​ទី៤​២​និង​៤៣​ត្រូវ​ចាត់​ទុក​ជា​ទំនុក​តែ​មួយ​វិញ។ ទំនុក​ទី៤​៤​ជា​ការ​ទូល​អង្វរ​សុំ​ជំនួយ​សម្រាប់​ស្រុក​យូដា​ដែល​កំពុង​តែ​មាន​វិបត្ដិ ប្រហែល​នៅ​សម័យ​ស្តេច​ហេសេគា ពេល​ដែល​សាសន៍​អាស៊ើ​ប៉ុនប៉ង​រុក​រាន​ទន្ទ្រាន​ស្រុក។

ទំនុក​ទី៤៥​ជា​ដែល​រៀប​រាប់​អំពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ស្តេច​មួយ​អង្គ គឺ​ជា​ទំនាយ​អំពី​ព្រះមេស្ស៊ី​ដែល​ជា​ស្តេច។ ទំនុក​នោះ​ជា​ទំនាយ​អំពី​ព្រះមេស្ស៊ី​ដែល​ជា​ស្តេច។ ទំនុក​ទាំង​បី​បន្ទាប់​ពី​នោះ បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​«ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង» «ជា​មហាក្សត្រ​យ៉ាង​ធំ​លើ​ផែនដី​ទាំង​មូល» និង​«ជា​ទីពឹង»។ (ទំនុកដំកើង ៤៦:១; ៤៧:២; ៤៨:៣) ទំនុក​ទី៤​៩​រៀប​រាប់​យ៉ាង​ពីរោះ​ស្ដាប់​ឲ្យ​ដឹង​ថា​គ្មាន​មនុស្ស​ណា​ម្នាក់ «អាច​លោះ​បងប្អូន​ខ្លួន»​បាន​ឡើយ។ (ទំនុកដំកើង ៤៩:៧) ទំនុក​ទាំង​៨​ដំបូង​នៃ​ទំនុកដំកើង​ប៉ែក​ទីពីរ​ត្រូវ​គេ​ចាត់​ទុក​ជា​ស្នា​ដៃ​របស់​កូន​ប្រុសៗ​របស់​លោក​កូ​រេ។ រីឯ​ទំនុក​ទី៥០​វិញ នោះ​ជា​ទំនុក​របស់​លោក​អេសាភ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៤៤:១៩—តើ​«ទី​របស់​ឆ្កែ​ព្រៃ»​សំដៅ​ទៅ​លើ​អ្វី? អ្នក​តែង​ទំនុក​នេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​សមរភូមិ ដោយសារ​នៅ​ទី​នោះ​ខ្មោច​ទាហាន​ទៅ​ជា​ចំណី​របស់​ឆ្កែ​ព្រៃ។

៤៥:១៣, ១៤​ក—តើ​អ្នក​ណា​ជា​«បុត្រី​នៃ​ស្តេច»​ដែល​នឹង​ត្រូវ​«នាំ . . . មក​ថ្វាយ​ព្រះ​ករុណា»? បុត្រី​នេះ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា «ស្តេច​នៃ​អស់​ទាំង​កល្ប»។ (ធីម៉ូថេទី១ ១:១៧) បុត្រី​នេះ​តំណាង​ក្រុម​អ្នក​ចាក់​ប្រេង​តាំង​១៤៤​.​០០០​នាក់​ពេល​ទទួល​សិរី​រុងរឿង​នៅ​ស្ថានសួគ៌។ ព្រះ​យេហូវ៉ា​ទទួល​ពួក​គាត់​ជា​បុត្រ​ទ្រង់​ដោយ តែងតាំង​ពួក​គាត់​ដោយ​វិញ្ញាណ។ (រ៉ូម ៨:១៦) «បុត្រី»​នេះ​របស់​ព្រះ​យេហូវ៉ា ដែល​ត្រូវ​«តាក់តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្ដី» នឹង​ត្រូវ​នាំ​ទៅ​ឯ​ប្ដី គឺ​ជា​ស្តេច​ដែល​ជា​ព្រះមេស្ស៊ី។—វិវរណៈ ២១:២

៤៥:១៤​ខ, ១៥—តើ​«ពួក​ព្រហ្មចារី»​តំណាង​អ្នក​ណា? ពួក​គេ​តំណាង​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ជា​អ្នក​ថ្វាយ​បង្គំ​ពិត ដែល​រួបរួម​ជា​មួយ​និង​ជួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់។ ដោយសារ​ពួក​គេ​រួច​រស់​ជីវិត​«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក» នោះ​ពួក​គេ​នឹង​នៅ​លើ​ផែនដី​ពេល​ដែល​អាពាហ៍ពិពាហ៍​របស់​ស្តេច​ដែល​ជា​ព្រះមេស្ស៊ី​កើត​ឡើង​នៅ​ស្ថានសួគ៌។ (វិវរណៈ ៧:៩, ១៣, ១៤) នៅ​គ្រា​នោះ ពួក​គេ​នឹង​«មាន​សេចក្ដី​រីករាយ​សប្បាយ»។

៤៥:១៦—តើ​ក្នុង​ន័យ​អ្វី​ដែល​ស្តេច​នឹង​មាន​ព្រះ​រាជ​បុត្រ​ជំនួស​ឪពុក? នៅ​ពេល​ព្រះ​យេស៊ូ​ប្រសូត​នៅ​ផែនដី ទ្រង់​មាន​ឪពុក​ឬ​បុព្វ​បុរស​ជា​មនុស្ស។ ពួក​គេ​នឹង​ទៅ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់ ពេល​ដែល​ទ្រង់​ប្រោស​ឲ្យ​ពួក​គេ​រស់​ឡើង​វិញ​ក្នុង​កំលុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់។ ពួក​គេ​ខ្លះ​នឹង​រួម​ចំណែក​ជា​មួយ​អ្នក​ដែល​ត្រូវ​តែងតាំង​ជា​«ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី»។

៥០:២—ហេតុ​អ្វី​បាន​ជា​ខ​នេះ​រៀប​រាប់​ថា​ទី​ក្រុង​យេរូសាឡិម​«មាន​លំអ​ដ៏​គ្រប់​លក្ខណ៍»? នេះ​មិន​មែន​ដោយសារ​សោ​ភណ​ភាព​នៃ​ទី​ក្រុង​នោះ​ទេ។ លម្អ​របស់​ទី​ក្រុង​យេរូសាឡិម​គឺ​ដោយសារ​ព្រះ​យេហូវ៉ា​ប្រើ​ទី​ក្រុង​នោះ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ហើយ​បាន​ប្រទាន​កិត្ដិយស​ដល់​ទី​ក្រុង​ឲ្យ​ធ្វើ​ជា​ទី​តាំង​ព្រះ​វិហារ​របស់​ទ្រង់​និង​រាជធានី​របស់​ស្តេច​ដែល​ទ្រង់​តែងតាំង។

មេ​រៀន​សម្រាប់​យើង:

៤២:១​-​៣: បុរស​ពី​កុលសម្ព័ន្ធ​លេវី​បាន​ដង្ហក់​រក​ឬ​ប្រាថ្នា​រក​ព្រះ​យេហូវ៉ា ដូច​ជា​សត្វ​ក្ដាន់​ញី​ប្រាថ្នា​រក​ទឹក​នៅ​ទី​ហួតហែង។ ដោយសារ​គាត់​មិន​អាច​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ឯ​ដំណាក់​របស់​ទ្រង់ នោះ​បុរស​នោះ​បាន​ពិបាក​ចិត្ត​រហូត​ដល់‹ទឹក​ភ្នែក​របស់​គាត់​បាន​ទៅ​ជា​អាហារ​គាត់​ទាំង​ថ្ងៃ​ទាំង​យប់› គឺ​ថា​គាត់​លែង​ចង់​បរិភោគ។ យើង​ក៏​គួរ​បណ្ដុះ​ឲ្យ​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា​ដែរ មែន​ទេ?

៤២:៤, ៥, ១១; ៤៣:៣​-​៥: ប្រសិន​បើ​យើង​ត្រូវ​នៅ​ឆ្ងាយ​ពី​ក្រុមជំនុំ​អស់​មួយ​រយៈ ដោយសារ​មូលហេតុ​ណា​ដែល​យើង​ជៀស​ពុំ​បាន​នោះ ការ​នឹក​ចាំ​អំពី​អំណរ​ដែល​យើង​ធ្លាប់​មាន​ពេល​បាន​ចូល​រួម​ជា​មួយ​ក្រុមជំនុំ​អាច​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង។ ពិត​មែន​ថា នៅ​ដើម​ដំបូង​ការ​គិត​អំពី​រឿង​នេះ​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​យើង​រឹតតែ​ពិបាក​ចិត្ត តែ​ការ​នឹក​ចាំ​រឿង​ទាំង​នោះ​ក៏​នឹង​រំលឹក​យើង​ថា ព្រះ​យេហូវ៉ា​ជា​ទីពឹង​ជ្រក​របស់​យើង ហើយ​យើង​ត្រូវ​រង់ចាំ​ទទួល​សេចក្ដី​សង្គ្រោះ​អំពី​ទ្រង់។

៤៦:១​-​៣: មិន​ថា​យើង​ជួប​នឹង​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ យើង​ត្រូវ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​«ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង»​របស់​យើង។

៥០:១៦​-​១៩: អ្នក​ណា​ដែល​និយាយ​ពាក្យ​ភូតភរ​បោកបញ្ឆោត​គ្មាន​សិទ្ធិ​តំណាង​ព្រះ​ឡើយ។

៥០:២០: ជាជាង​ប្រញាប់​ដើរ​ប្រាប់​ពី​កំហុស​អ្នក​ដទៃ យើង​អត់​ឱន​ទោស​រួច​បំភ្លេច​កំហុស​នោះ។—កូល៉ុស ៣:១៣

​«ព្រលឹង​ខ្ញុំ​អើយ! ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ!»

(ទំនុកដំកើង ៥១:១​–​៧១:២៤)

ទំនុក​ទាំង​នេះ​ចាប់​ផ្ដើម​ដោយ​សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​អស់​ពី​ព្រះទ័យ​របស់​ស្តេច​ដាវីឌ ក្រោយ​ទ្រង់​ប្រព្រឹត្ត​បាប​ជា​មួយ​នាង​បាតសេបា។ ទំនុក​ទី៥​២​ដល់​៥៧​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រោស​ឲ្យ​រួច​នូវ​អស់​អ្នក​ដែល​ផ្ទេរ​បន្ទុក​លើ​ទ្រង់ ហើយ​រង់ចាំ​ទទួល​សេចក្ដី​សង្គ្រោះ​អំពី​ទ្រង់។ ដូច​ត្រូវ​បញ្ជាក់​ក្នុង​ទំនុក​ទី៥​៨​-​៦៤​នោះ ស្តេច​ដាវីឌ​ទុក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​ជ្រក​របស់​ទ្រង់។ ទ្រង់​ច្រៀង​ថា​៖ «ព្រលឹង​ខ្ញុំ​អើយ! ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ! ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ»។—ទំនុកដំកើង ៦២:៥

ភាព​ស្និទ្ធស្នាល​ជា​មួយ​ព្រះ​ដែល​សង្គ្រោះ​យើង គួរ​ជំរុញ​ឲ្យ​«ច្រៀង​ពី​កិត្ដិយស​នៃ​ព្រះ​នាម​ទ្រង់»។ (ទំនុកដំកើង ៦៦:២) នៅ​ទំនុក​ទី៦​៥ ព្រះ​យេហូវ៉ា​បាន​ត្រូវ​សរសើរ​ជា​ព្រះ​ដែល​ទំនុក​បម្រុង​យើង​ដោយ​ព្រះទ័យ​ទូលាយ។ នៅ​ទំនុក​ទី៦​៧​និង​៦៨​ទ្រង់​បាន​ត្រូវ​សរសើរ​ជា​ព្រះ​ដែល​ជួយ​សង្គ្រោះ ហើយ​នៅ​ទំនុក​ទី៧០​និង​៧១ ទ្រង់​ជា​អ្នក​ប្រោស​ឲ្យ​រួច។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៥១:១២—ក្នុង​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ បន្ទូល​របស់​ដាវីឌ​ក្នុង​ខ​នេះ​ត្រូវ​បកប្រែ​ថា «សូម​ទប់ទល់​ទូល​បង្គំ​ដោយ​ចិត្ត​ព្រម​តាម»។ នេះ​មិន​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ព្រម​តាម​ការ​ទូល​អង្វរ​ឲ្យ​ជួយ​ដាវីឌ​ឡើយ តែ​នេះ​សំដៅ​ទៅ​លើ​ចិត្ត​គំនិត​របស់​ដាវីឌ។ ដាវីឌ​កំពុង​តែ​សុំ​ព្រះ​ប្រទាន​ឲ្យ​មាន​ក្ដី​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ។

៥៣:១—តើ​ក្នុង​ន័យ​អ្វី​ដែល​បុគ្គល​ដែល​មិន​ព្រម​ជឿ​ថា​មាន​ព្រះ​គឺ​«ល្ងង់ខ្លៅ»? ពាក្យ​ល្ងង់ខ្លៅ​ក្នុង​ខ​នេះ​មិន​សំដៅ​ទៅ​លើ​អ្នក​អវិជ្ជា​ឡើយ តែ​សំដៅ​ទៅ​លើ​អ្នក​ដែល​គ្មាន​សីលធម៌​វិញ។ យើង​យល់​ដូច្នេះ​ដោយ​ទំនុកដំកើង ៥៣:១​-​៤ ដែល​បញ្ជាក់​ថា​ពួក​គេ​ប្រព្រឹត្ត​ដោយ​អសីលធម៌​នោះ។

៥៨:៣​-​៥—តើ​មនុស្ស​ទុច្ចរិត​ប្រៀប​បាន​នឹង​សត្វ​ពស់​យ៉ាង​ដូច​ម្ដេច​ខ្លះ? សេចក្ដី​ភូតភរ​ដែល​មនុស្ស​ទុច្ចរិត​និយាយ​អំពី​អ្នក​ឯ​ទៀត គឺ​ដូច​ជា​ពិស​របស់​សត្វ​ពស់ ដ្បិត​អ្វី​ពួក​គេ​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​អ្នក​ឯ​ទៀត។ មនុស្ស​ទុច្ចរិត​មិន​ស្ដាប់​ការ​ណែនាំ​ឬ​ការ​ប្រដៅ​ពី​អ្នក​ឯ​ទៀត ដូច​ជា​«ពស់​វែក​ដំឡង់ ដែល​បិទ​ត្រចៀក»។

៥៨:៧—តើ​មនុស្ស​ទុច្ចរិត​«រលាយ​ហូរ​ទៅ​ដូច​ជា​ទឹក»​យ៉ាង​ដូច​ម្ដេច? ដាវីឌ​ប្រហែល​ជា​បាន​គិត​អំពី​ផ្លូវ​ទឹក​ក្នុង​ជ្រលង​ភ្នំ​ខ្លះ​នៅ​ស្រុក​សន្យា។ បើ​ភ្លៀង​ធ្លាក់​ខ្លាំង នោះ​អាច​ធ្វើ​ឲ្យ​ផ្លូវ​ទឹក​ជន់​ជោរ​ឡើង ប៉ុន្តែ​ទឹក​នោះ​ក៏​ឆាប់​ស្រក​បាត់​ទៅ។ ដាវីឌ​កំពុង​តែ​អធិស្ឋាន​សុំ​ឲ្យ​មនុស្ស​ទុច្ចរិត​បាត់​ទៅ​យ៉ាង​ឆាប់។

៦៨:១៣—តើ​«ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង»​សំដៅ​ទៅ​លើ​អ្វី? សត្វ​ព្រាប​ខ្លះ​មាន​រោម​ពណ៌ខៀវ​លាយ​ប្រផេះ ហើយ​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ក៏​ផ្នែក​ខ្លះ​នៃ​រោម​វា​ប្រែ​ពណ៌​ឲ្យ​ឃើញ​ផ្លេកៗ​ដូច​ដែក។ ដាវីឌ​ប្រហែល​ជា​ប្រដូច​ពួក​ទាហាន​អ៊ីស្រាអែល​ដែល​ត្រឡប់​មក​វិញ​ក្រោយ​ដណ្ដើម​បាន​ជ័យជំនះ​ពី​សត្រូវ ទៅ​នឹង​សត្វ​ព្រាប​បែប​នោះ​ដែល​មាន​កម្លាំង​រឹង​មាំ​និង​មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​មាន​ពន្លឺ​ចែង​ចាំង។ បណ្ឌិត​ខ្លះ​បាន​បញ្ចេញ​មតិ​មួយ​ថា ការ​ពណ៌នា​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​ស្នា​ដៃ​សិល្បៈ​មួយ​ដែល​ពួក​គេ​បាន​ដណ្ដើម​យក​ចាប់​ជា​របឹប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដាវីឌ​បាន​សំដៅ​ទៅ​ជ័យជំនះ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​រាស្ត្រ​ទ្រង់​មាន​លើ​សត្រូវ​របស់​ពួក​គេ។

៦៨:១៨—តើ​អ្នក​ណា​ជា​«អំណោយ​ទាន​សំរាប់​ចែក​ឲ្យ​ដល់​មនុស្ស»? ពួក​គេ​ជា​បុរស​ដែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​សឹក​ក្នុង​កំលុង​ការ​ដណ្ដើម​យក​ស្រុក​សន្យា។ ក្រោយ​មក បុរស​ទាំង​នេះ​បាន​ត្រូវ​តម្រូវ​ឲ្យ​ជួយ​ពួក​កុលសម្ព័ន្ធ​លេវី​ក្នុង​កិច្ចការ​របស់​ពួក​គេ។—អែសរ៉ា ៨:២០

៦៨:៣០—តើ​សំណូម​ពរ​ឲ្យ​ព្រះ​«ស្តី​បន្ទោស​ដល់​សត្វ ដែល​នៅ​កណ្ដាល​ដើម​ត្រែង»​មាន​ន័យ​អ្វី? ដាវីឌ​បាន​ប្រដូច​សត្រូវ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ទៅ​នឹង​សត្វ ហើយ​បាន​សុំ​ទ្រង់​បន្ទោស​ឬ​ឃាត់​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ទុក្ខ​រាស្ត្រ​ទ្រង់។

៦៩:២៣—តើ​ឃ្លា​ថា‹ធ្វើ​ឲ្យ​ចង្កេះ​របស់​ពួក​សត្រូវ​ញ័រ​ជានិច្ច›មាន​ន័យ​អ្វី? សាច់​ដុំ​នៅ​ចង្កេះ​គឺ​ចាំបាច់​សម្រាប់​ធ្វើ​ការ​ធ្ងន់​ដូច​ជា​ការ​លី​សែង។ ចង្កេះ​ដែល​ញ័រ​នាំ​ឲ្យ​យល់​ន័យ​ថា​បុគ្គល​នោះ​បាត់បង់​កម្លាំង។ ដាវីឌ​បាន​អធិស្ឋាន​សុំ​ឲ្យ​សត្រូវ​របស់​គាត់​បាត់បង់​កម្លាំង​ទៅ។

មេ​រៀន​សម្រាប់​យើង:

៥១:១​-​៤, ១៧: បាប​របស់​យើង​មិន​ចាំបាច់​ជា​ហេតុ​ផ្ដាច់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើយ។ ប្រសិន​បើ​យើង​ប្រែ​ចិត្ត យើង​អាច​ជឿជាក់​ថា ទ្រង់​នឹង​បង្ហាញ​សេចក្ដី​មេត្ដាករុណា។

៥១:៥, ៧​-​១០: ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប យើង​អាច​សុំ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​អត់​ឱន​ទោស​យើង​ដោយសារ​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​យើង។ យើង​ក៏​អាច​អធិស្ឋាន​សុំ​ឲ្យ​ទ្រង់​សម្អាត​យើង ពង្រឹង​យើង​ឡើង​វិញ ហើយ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​បាប​ចេញ​ពី​ចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ត្រឹម​ត្រូវ​វិញ។

៥១:១៨: បាប​របស់​ដាវីឌ​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​មូល។ ដូច្នេះ​គាត់​បាន​អធិស្ឋាន​សុំ​ទ្រង់​សម្ដែង​ព្រះ​ហឫទ័យ​ល្អ​ចំពោះ​ស៊ី​យ៉ូន។ នៅ​ពេល​ដែល​យើង​ធ្វើ​អំពើ​បាប​ធ្ងន់ នោះ​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ដៀល​ត្មិះ​ដល់​ក្រុមជំនុំ​និង​ព្រះ​នាម​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​អធិស្ឋាន​សុំ​ព្រះ​ដោះស្រាយ​បញ្ហា​ដែល​យើង​បាន​បង្ក​ឡើង។

៥២:៨: យើង​អាច​ប្រៀប​ដូច​ជា​«ដើម​អូលីវ​ខៀវ​ខ្ចី​នៅ​ក្នុង​ដំណាក់​ព្រះ»​ឬ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ហើយ​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​របស់​ទ្រង់ ដោយ​ស្ដាប់​បង្គាប់​ទ្រង់​និង​ដោយ​ព្រម​ធ្វើ​តាម​ការ​កែ​តម្រង់​របស់​ទ្រង់—ហេព្រើរ ១២:៥, ៦

៥៥:៤, ៥, ១២​-​១៤, ១៦​-​១៨: ដាវីឌ​បាន​ឈឺ​ព្រះទ័យ​ណាស់​ពេល​អាប់សាឡំម​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​ខំ​ដណ្ដើម​យក​រាជ្យ ហើយ​អ័ហ៊ី​ថូ​ផែ​ល​ដែល​ជា​ទីប្រឹក្សា​ដែល​ដាវីឌ​ទុក​ចិត្ត​បាន​បែរ​ជា​ក្បត់​ទ្រង់​វិញ។ ក៏​ប៉ុន្តែ​នោះ​មិន​បាន​ធ្វើ​ឲ្យ​ដាវីឌ​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឡើយ។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការ​តានតឹង​ចិត្ត​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ទៅ​ជា​ខ្សោយ​ឡើយ។

៥៥:២២: តើ​យើង​ផ្ទេរ​បន្ទុក​របស់​យើង​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​ធ្វើ​ដូច្នេះ​ដោយ (១) អធិស្ឋាន​ទូល​ទ្រង់​អំពី​បញ្ហា​នោះ (២) ដោយ​ពឹង​លើ​ព្រះ​បន្ទូល​ទ្រង់​និង​អង្គការ​របស់​ទ្រង់​សម្រាប់​ជំនួយ​និង​ការ​ណែនាំ ហើយ(៣) ដោយ​ខំ​ប្រឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នោះ។—សុភាសិត ៣:៥, ៦; ១១:១៤; ១៥:២២; ភីលីព ៤:៦, ៧

៥៦:៨: ព្រះ​យេហូវ៉ា​មិន​ត្រឹម​តែ​ជ្រាប​អំពី​កាលៈទេសៈ​របស់​យើង តែ​ទ្រង់​ក៏​ជ្រាប​ពី​ឥទ្ធិពល​ដែល​កាលៈទេសៈ​នោះ​មាន​លើ​ចិត្ត​របស់​យើង​ដែរ។

៦២:១១: ព្រះ​មិន​ទទួល​ថាមពល​ពី​ប្រភព​ណា​មួយ​ឡើយ។ ទ្រង់​ជា​ប្រភព​ថាមពល​ឬ​ឫទ្ធានុភាព។ ‹ឫទ្ធានុភាព​សំ​រេ​ច​នៅ​លើ​ទ្រង់›។

៦៣:៣: ‹សេចក្ដី​សប្បុរស​នៃ​ព្រះ នោះ​វិសេស​ជាង​ជីវិត› ពីព្រោះ​បើ​គ្មាន​សេចក្ដី​សប្បុរស​ពី​ទ្រង់​នោះ ជីវិត​យើង​គ្មាន​ន័យ​ឬ​គោល​បំណង​ឡើយ។ យក​ល្អ​យើង​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

៦៣:៦: យប់​ស្ងាត់​ជា​ពេល​ល្អ​ប្រសើរ​សម្រាប់​ការ​រំពឹង​គិត។

៦៤:២​-​៤: ការ​និយាយ​ដើម​អាច​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ដែល​គ្មាន​ទោស​កំហុស។ យើង​មិន​គួរ​ស្ដាប់​ការ​និយាយ​ដើម​ក៏​មិន​គួរ​យក​សម្ដី​នោះ​ទៅ​ប្រាប់​អ្នក​ឯ​ទៀត​ដែរ។

៦៩:៤: ដើម្បី​រក្សា​ឲ្យ​មាន​មេត្រីភាព ជួន​កាល​យើង​ត្រូវ​«សង»​ដោយ​សុំ​ទោស​អ្នក​ដទៃ ទោះ​បើ​យើង​មិន​គិត​ថា​យើង​មាន​កំហុស​ក៏​ដោយ។

៧០:១​-​៥: ព្រះ​យេហូវ៉ា​ព្រះ​សណ្ដាប់​ពេល​យើង​ទូល​អង្វរ​ទ្រង់​សុំ​ជំនួយ។ (ថែស្សាឡូនីចទី១ ៥:១៧; យ៉ាកុប ១:១៣; ពេត្រុសទី២ ២:៩) ប្រហែល​ជា​ព្រះ​មិន​បញ្ឈប់​ការ​ល្បងល​នោះ ប៉ុន្តែ​ទ្រង់​ប្រទាន​ប្រាជ្ញា​ឲ្យ​ប្រឈម​មុខ​បញ្ហា​នោះ ហើយ​ក៏​ប្រទាន​កម្លាំង​ឲ្យ​ស៊ូទ្រាំ​ដែរ។ ទ្រង់​នឹង​មិន​ឲ្យ​យើង​ជួប​សេចក្ដី​ល្បួង​ណា​ដែល​ហួស​កម្លាំង​យើង​ឡើយ។—កូរិនថូសទី១ ១០:១៣; ហេព្រើរ ១០:៣៦; យ៉ាកុប ១:៥​-​៨

៧១:៥, ១៧: ដាវីឌ​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​កម្លាំង​ចិត្ត​រឹង​មាំ​ដោយ​យក​ព្រះ​យេហូវ៉ា​ជា​ទី​ទុក​ចិត្ត​ពេល​នៅ​ក្មេង សូម្បី​តែ​មុន​បាន​តយុទ្ធ​ជា​មួយ​កូលីយ៉ាត​ក៏​ដោយ។ (សាំយូអែលទី១ ១៧:៣៤​-​៣៧) យុវជន​យុវនារី​គប្បី​រៀន​ឲ្យ​ចេះ​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​រឿង​ទាំង​អស់។

​«សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់»

ចម្រៀង​ចុង​ក្រោយ​ក្នុង​ទំនុកដំកើង​ប៉ែក​ទីពីរ​គឺ​ទំនុក​ទី៧​២។ ទំនុក​នោះ​រៀប​រាប់​អំពី​ការ​គ្រប់គ្រង​របស់​សាឡូម៉ូន ដែល​បង្ហាញ​ទុក​ជា​មុន​អំពី​ស្ថានភាព​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះមេស្ស៊ី។ ទំនុក​នោះ​រៀប​រាប់​អំពី​ពរ​អស្ចារ្យ​ណាស់! ដូច​ជា​សន្ដិភាព​ដ៏​បរិបូរ លែង​មាន​ការ​ជិះជាន់​និង​អំពើ​ហិង្សា និង​ស្រូវ​ជា​បរិបូរ​ដែរ! តើ​យើង​នឹង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ពរ​ទាំង​នេះ​និង​ពរ​ឯ​ទៀត​ពី​ព្រះ​រាជាណាចក្រ​ព្រះ​ទេ? យើង​អាច​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន ប្រសិន​បើ​យើង​ប្រព្រឹត្ត​ដូច​អ្នក​តែង​ទំនុកដំកើង ហើយ​ព្រម​រង់ចាំ​ព្រះ​យេហូវ៉ា ដោយ​យក​ទ្រង់​ជា​ទីពឹង​ជ្រក​និង​កម្លាំង​របស់​យើង។

​«ពាក្យ​អធិស្ឋាន​របស់​ដាវីឌ . . . ចប់​តែ​ប៉ុណ្ណោះ» ដោយ​ចែង​ថា​៖ «សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ សូម​ឲ្យ​ព្រះ​នាម​ដ៏​រុងរឿង​របស់​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ នៅ​អស់កល្ប​ជានិច្ច សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់ អាម៉ែនៗ»។ (ទំនុកដំកើង ៧២:១៨​-​២០) សូម​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​និង​លើក​តម្កើង​ព្រះ​នាម​រុងរឿង​របស់​ទ្រង់​ផង​ដែរ។

[រូបភាព​នៅ​ទំព័រ​៩]

តើ​អ្នក​ដឹង​ថា​«បុត្រី​នៃ​ស្តេច»​តំណាង​អ្នក​ណា​ទេ?

[រូបភាព​នៅ​ទំព័រ​១០, ១១]

ទី​ក្រុង​យេរូសាឡិម​ត្រូវ​ហៅ​ថា ក្រុង​ដែល​«មាន​លំអ​ដ៏​គ្រប់​លក្ខណ៍»។ តើ​អ្នក​ដឹង​មូលហេតុ​អ្វី​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក