មេរៀនទី៩
តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីរៀបចំសម្រាប់កិច្ចប្រជុំ?
កម្ពុជា
អ៊ុយក្រែន
បើលោកអ្នកកំពុងរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា លោកអ្នកទំនងជាបានរៀបចំមេរៀនទុកជាមុនសម្រាប់ការសិក្សានីមួយៗ។ ស្រដៀងគ្នាដែរ បើយើងរៀបចំទុកជាមុនសម្រាប់កិច្ចប្រជុំនៅក្រុមជំនុំ នោះយើងអាចទទួលប្រយោជន៍ច្រើនបំផុត។ កាលណាយើងមានទម្លាប់ល្អ នោះយើងក៏ទទួលបានលទ្ធផលល្អដែរ។
ជ្រើសរើសពេលវេលានិងទីកន្លែងដើម្បីសិក្សា។ តើលោកអ្នកអាចផ្ចង់អារម្មណ៍បានល្អបំផុតនៅពេលណា? ពេលព្រលឹមមុនទៅធ្វើការ ឬពេលយប់ក្រោយកូនចូលគេងហើយ? ទោះជាលោកអ្នកមិនអាចចំណាយពេលយូរដើម្បីសិក្សាក៏ដោយ សូមសម្រេចចិត្តថាលោកអ្នកអាចលៃទុកពេលប៉ុណ្ណា ហើយព្យាយាមកុំឲ្យមានអ្វីមករំខានលោកអ្នកឡើយ។ ចូររកកន្លែងស្ងាត់ ហើយបិទសំឡេងវិទ្យុ ទូរទស្សន៍ និងទូរស័ព្ទដៃ ដើម្បីកុំឲ្យមានអ្វីមកបង្វែរអារម្មណ៍។ ការអធិដ្ឋានមុនសិក្សានឹងជួយលោកអ្នកកុំឲ្យខ្វល់ខ្វាយអំពីរឿងផ្សេងៗនៅថ្ងៃនោះដើម្បីលោកអ្នកអាចផ្ចង់អារម្មណ៍ទៅលើការសិក្សាបណ្ដាំរបស់ព្រះ។—ភីលីព ៤:៦, ៧
គូសចម្លើយ និងរៀបចំដើម្បីឆ្លើយ។ មុនដំបូង សូមយល់អំពីសាច់រឿងទាំងអស់ដែលមាននៅក្នុងមេរៀន។ សូមគិតអំពីចំណងជើងនៃអត្ថបទ ឬជំពូក ហើយពិចារណាអំពីរបៀបដែលចំណងជើងតូចនីមួយៗទាក់ទងនឹងប្រធាន។ ពិនិត្យមើលរូបភាព និងសំណួរសាឡើងវិញដែលលើកបញ្ជាក់ចំណុចសំខាន់ៗក្នុងមេរៀន។ បន្ទាប់មក សូមអានវគ្គនីមួយៗ ហើយរកចម្លើយចំពោះសំណួរដែលមានក្នុងមេរៀននោះ។ សូមមើល និងអានបទគម្ពីរនានាដែលមានក្នុងអត្ថបទ ហើយគិតអំពីរបៀបដែលបទគម្ពីរទាក់ទងនឹងអត្ថបទ។ (សកម្មភាព ១៧:១១) ពេលរកឃើញចម្លើយហើយ សូមគូសពាក្យឬឃ្លាសំខាន់ខ្លះៗក្នុងវគ្គដែលនឹងជួយលោកអ្នកឲ្យនឹកឃើញចម្លើយក្នុងអំឡុងពេលប្រជុំ។ នៅកិច្ចប្រជុំ បើលោកអ្នកចង់ នោះអាចលើកដៃឆ្លើយ ហើយអាចឆ្លើយយ៉ាងខ្លីដែលចេញពីចិត្តរបស់លោកអ្នក។
ដោយពិចារណាអំពីប្រធានផ្សេងៗដែលបានសិក្សានៅឯកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ នោះលោកអ្នកនឹងមានចំណេះថែមទៀតពីគម្ពីរ។ ចំណេះបែបនោះគឺប្រៀបដូចជា«ឃ្លាំងទ្រព្យ»របស់លោកអ្នក។—ម៉ាថាយ ១៣:៥១, ៥២
តើលោកអ្នកអាចមានទម្លាប់អ្វីខ្លះក្នុងការរៀបចំសម្រាប់កិច្ចប្រជុំ?
តើលោកអ្នកអាចរៀបចំចម្លើយដើម្បីឆ្លើយនៅកិច្ចប្រជុំយ៉ាងដូចម្ដេច?