ដឹកនាំការបង្រៀនព្រះគម្ពីរតាមផ្ទះឲ្យលូតលាស់
១ តើឆ្មបស្រីម្នាក់នៅប្រទេសតង់ហ្សនី ក្មេងស្រីនៅប្រទេសអារ្សងទីន ហើយនិងម្ដាយនៅប្រទេសឡាតវ៉ាមានអ្វីដូចគ្នា? សៀវភៅប្រចាំឆ្នាំ ១៩៩៧ (ទំព័រ ៨, ៤៦, និងទំព័រ ៥៦) រាយការណ៍ថា អ្នកទាំងបីនាក់នោះ បានលូតលាស់ខាងការសិក្សាព្រះគម្ពីរតាមផ្ទះ ដោយសារតែពួកគេស្ម័គ្រចិត្តរៀនសៀវភៅចំណេះ មិនគ្រាន់តែមួយអាទិត្យម្ដង ប៉ុន្តែពីរបីដងក្នុងមួយអាទិត្យ។ គឺបានអនុសាសថា នៅពេលណាដែលអាចធ្វើបាន អ្នកផ្សាយគួរតែខំប្រឹងបង្រៀនមួយជំពូកម្ដងក្នុងពេលរៀននិមួយៗ។ ប៉ុន្តែ ចំពោះអ្នកខ្លះ នេះជាការពិបាកធ្វើណាស់។ ថ្វីបើភាគច្រើនស្រេចទៅលើកាលៈទេសៈ និងសមត្ថភាពរៀនសូត្រនៃសិស្សនិមួយៗក្ដី អ្នកបង្រៀនដែលមានការពិសោធបានទទួលការជោគជ័យ ដោយធ្វើតាមយោបល់ដូចតទៅនេះ។
២ ដូចបានពន្យល់ក្នុងទំព័របន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ក្នុងខែមិថុនាឆ្នាំ១៩៩៦ (ភាសាអង់គ្លេស) ជាការចាំបាច់ណាស់ ក្នុងការបង្ហាត់សិស្សរបស់អ្នកឲ្យចេះប្រុងប្រៀបទុកមុនសំរាប់ការរៀនសូត្រ។ មុនដំបូងបង្អស់ ជាការល្អក្នុងការពន្យល់ហើយបង្ហាញឲ្យឃើញរបៀបធ្វើការនេះ។ ចូរបង្ហាញឲ្យសិស្សឃើញសៀវភៅចំណេះផ្ទាល់ខ្លួនរបស់អ្នក។ រៀបចំមេរៀនទីមួយជាមួយគ្នា។ ជួយសិស្សរកចំណុចសំខាន់ៗ ឬឃ្លាមួយណាដែលឆ្លើយចំៗនៃសំនួរ រួចមកគូសចំណាំចម្លើយ។ អ្នកបង្រៀនខ្លះឲ្យប៊ិចដល់សិស្សរបស់គេដើម្បីឲ្យយកទៅប្រើ។ សូមលើកទឹកចិត្តសិស្ស ឆែកមើលបទគម្ពីរទាំងអស់ ពេលកំពុងតែរៀបចំមេរៀននោះ។ ដោយធ្វើដូច្នេះ អ្នកក៏នឹងបង្ហាត់គេឲ្យរៀបចំ សំរាប់ការសិក្សាតាមក្រុមជំនុំ និងការសិក្សាប៉មយាមដែរ។—លូកា ៦:៤០
៣ គ្រូបង្រៀនល្អនឹងទាញយកពីមតិរបស់សិស្ស មិនមែននិយាយច្រើនតែខ្លួនឯងប៉ុណ្ណោះទេ។ គាត់នឹងជៀសវាងពីការបង្វែរចេញពីចំណុចតូចៗ។ គាត់កម្របន្ថែមសេចក្ដីណាផ្សេងទៀត។ ផ្ទុយទៅវិញ គាត់លើកគោលសំខាន់ៗនៃមេរៀន។ អ្នកខ្លះបានផ្ដល់ប្រកាសនវត្ថុថែមទៀតដល់សិស្ស ដើម្បីជួយគេរកចម្លើយពីសំនួរ។ តទៅទៀត ពួកបុគ្គលដែលចូលចិត្តទុកដាក់នោះ នឹងទទួលពត៌មានដ៏ល្អិតល្អន់ថែមទៀតពេលទៅប្រជុំនៅឯក្រុមជំនុំ។
៤ មិនចាំបាច់ឆែកមើលបទគម្ពីរទាំងអស់ដែលនៅក្នុងមេរៀនស្រាប់នោះទេ។ ចំណុចសំខាន់ខ្លះអាចពន្យល់ពីសេចក្ដីក្នុងវគ្គនោះ។ ពេលសើរើឡើងវិញ សូមបញ្ជាក់បទគម្ពីរសំខាន់ៗណាដែលបានពិគ្រោះមក ហើយចូរលើកទឹកចិត្តសិស្សឲ្យចាំបទគម្ពីរទាំងនេះ។
៥ តើមេរៀននិមួយៗគួរចំណាយពេលវេលាប៉ុន្មាន?៖ ការបង្រៀនមិនចំបាច់កំណត់ត្រឹមតែមួយម៉ោងនោះទេ។ អ្នកផ្ទះខ្លះអាចមានពេលទំនេរហើយចង់រៀនឲ្យបានយូរថែមទៀត។ ឬក៏សិស្សចង់រៀនច្រើនជាងមួយដងក្នុងមួយអាទិត្យ។ នេះជាការមានប្រយោជន៍ចំពោះអ្នកណាដែលអាចធ្វើទៅបាន។
៦ អេសាយ ៦០:៨បង្ហាញថា សព្វថ្ងៃនេះមានពួកអ្នកថ្មីរាប់សែននាក់ដែលសរសើរដំកើងនៃព្រះយេហូវ៉ា «ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ» ក្នុងក្រុមជំនុំប្រជារាស្ត្ររបស់ទ្រង់។ ចូរឲ្យយើងទាំងអស់បំពេញចំណែកយើងម្នាក់ៗ ក្នុងការធ្វើការដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ា កាលដែលទ្រង់បង្កើនល្បឿនយកចូលពួកអ្នកដែលមានលក្ខណៈដូចជាចៀម។—អេសាយ ៦០:២២