ភាគទី៤: ការបង្រៀនសិស្សឲ្យចេះរៀបចំមេរៀន
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ ធម្មតា សិស្សណាដែលអានមេរៀនទុកជាមុន គូសចម្លើយ ហើយខំឆ្លើយចេញពីចិត្ត សិស្សនោះនឹងរីកចំរើនយ៉ាងលឿនខាងវិញ្ញាណ។ ហេតុនេះហើយ ក្រោយពីអ្នកចាប់ផ្ដើមបង្រៀនសិស្សម្នាក់ជាទៀងទាត់នោះ ចូររៀបចំមេរៀនមួយជាមួយនឹងគាត់ ដើម្បីបង្រៀនវិធីរៀបចំ។ សំរាប់សិស្សភាគច្រើន ជាការល្អបើរៀបចំជំពូកមួយទាំងមូលឬមេរៀនមួយទាំងមូលជាមួយគ្នា។
២ ការគូសចម្លើយហើយសរសេរកំណត់: ចូរពន្យល់នូវវិធីរកចម្លើយដែលចំនឹងសំនួរសំរាប់វគ្គនោះ។ បង្ហាញសៀវភៅរបស់អ្នកឲ្យសិស្សឃើញថា ក្នុងនោះអ្នកបានគូសតែពាក្យឬល្បះសំខាន់ៗ។ ពេលដែលសិក្សាពត៌មាននោះ សិស្សប្រហែលជាចង់ធ្វើតាមគំរូរបស់អ្នក ដោយគូសតែពាក្យសំខាន់ៗដែលនឹងជួយគាត់ឲ្យចាំចម្លើយ។ (លូ. ៦:៤០) រួចមក សុំឲ្យគាត់ឆ្លើយចេញពីចិត្ត។ នេះនឹងបង្ហាញឲ្យអ្នកឃើញថា តើគាត់យល់ពត៌មាននោះច្បាស់ឬយ៉ាងណា។
៣ ពេលដែលសិស្សរៀបចំមេរៀនគឺជាការសំខាន់ណាស់ដែលគាត់អានដោយយកចិត្តទុកដាក់នូវបទគម្ពីរដែលមិនបានដកស្រង់។ (កិច្ច. ១៧:១១) ចូរជួយឲ្យគាត់យល់ថា បទគម្ពីរនិមួយៗគាំទ្រចំណុចមួយដែលមាននៅក្នុងវគ្គនោះ។ បង្ហាញសិស្សនូវវិធីសរសេរកំណត់ខ្លីៗនៅរឹមទំព័រក្នុងសៀវភៅរបស់គាត់។ ចូរបញ្ជាក់ជារឿយៗថា ព្រះគម្ពីរជាមូលដ្ឋាននៃអ្វីៗដែលគាត់កំពុងរៀន។ សូមលើកទឹកចិត្តគាត់ឲ្យប្រាប់ចំណុចផ្សេងៗពីបទគម្ពីរពេលដែលឆ្លើយ។
៤ ការមើលត្រួសៗហើយការរៀនសាឡើងវិញ: មុនដែលសិស្សចាប់ផ្ដើមរៀបចំមេរៀនឲ្យបានដិតដល់នោះ ជាការល្អបើគាត់មើលសាច់រឿងនោះត្រួសៗជាមុនសិន។ ចូរប្រាប់សិស្សថា គាត់អាចមើលពត៌មាននោះត្រួសៗដោយអានចំណងជើងមេរៀន ចំណងជើងតូច ហើយមើលរូបភាព។ ចូរពន្យល់ថា ពេលដែលរៀបចំចប់ហើយនោះ ជាការល្អបើគាត់ឆ្លៀតពេលបន្ដិចដើម្បីមើលចំណុចសំខាន់ៗឡើងវិញ ដោយប្រើប្រអប់ដែលមានសំនួរសំរាប់រៀនសាឡើងវិញ បើអត្ថបទនោះមាន។ ការមើលច្រើនសាដូច្នេះនឹងជួយឲ្យគាត់ចាំពត៌មាននោះ។
៥ បើបង្រៀនសិស្សឲ្យរៀបចំល្អសំរាប់ការសិក្សា នោះនឹងជួយឲ្យគាត់ឆ្លើយយ៉ាងល្អនៅឯកិច្ចប្រជុំផងដែរ។ ហើយក៏នឹងជួយឲ្យគាត់លត់ដំខ្លួនមានទម្លាប់សិក្សា ជាទម្លាប់ដែលនឹងមានប្រយោជន៍យ៉ាងយូរក្រោយពីអ្នកបានឈប់បង្រៀនគាត់ហើយនោះ។