ភាគទី២: រៀបចំដឹកនាំការសិក្សា
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ ការបង្រៀនដែលមានប្រសិទ្ធភាពរួមបញ្ចូលច្រើនជាងការពិគ្រោះពត៌មាននិងបើកមើលបទគម្ពីរដែលមានក្នុងអត្ថបទនោះ។ យើងត្រូវពន្យល់ពត៌មានតាមរបៀបដែលមានអានុភាពជ្រួតជ្រាបដល់ចិត្តរបស់សិស្សនោះ។ នេះតម្រូវឲ្យយើងរៀបចំឲ្យបានហ្មត់ចត់ដោយគិតពីសេចក្ដីត្រូវការរបស់សិស្សនោះ។—សុ. ១៥:២៨
២ វិធីរៀបចំ: ដំបូង ចូរអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាអំពីសិស្សនោះ និងទូលប្រាប់ទ្រង់អំពីតម្រូវការរបស់គាត់។ ចូរសុំព្រះយេហូវ៉ាឲ្យជួយអ្នកជំរុញទឹកចិត្តរបស់សិស្សនោះ។ (កូល. ១:៩,១០) ដើម្បីឲ្យយល់គោលរឿងច្បាស់លាស់ ចូរឆ្លៀតពេលពិនិត្យមើលចំណងជើងនៃមេរៀនឬជំពូកនោះ ចំណងជើងតូច និងរូបភាពផ្សេងៗ។ សូមសួរខ្លួនឯង៖ ‹តើអ្វីទៅជាគោលបំណងនៃពត៌មាននេះ?›។ ធ្វើដូច្នេះនឹងជួយអ្នកឲ្យប្រមូលអារម្មណ៍លើគោលចំណុចក្នុងកាលដែលដឹកនាំការសិក្សា។
៣ ចូរពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវពត៌មានក្នុងវគ្គនិមួយៗ។ ចូររកចម្លើយចំពោះសំនួរដែលមានស្រាប់ក្នុងអត្ថបទ ដោយគូសតែពាក្យនិងឃ្លាសំខាន់ៗតែប៉ុណ្ណោះ។ ចូរគិតពិចារណាថាតើបទគម្ពីរដែលមានក្នុងវគ្គទាក់ទងយ៉ាងណានឹងគោលចំណុចក្នុងវគ្គនោះ រួចសម្រេចចិត្តថាតើបើកអានបទគម្ពីរណាខ្លះក្នុងពេលសិក្សា។ គឺមានប្រយោជន៍បើអ្នកកត់សរសេរបទគម្ពីរនោះយ៉ាងសង្ខេបនៅរឹមទំព័រនៃសៀវភៅដែលកំពុងតែសិក្សានោះ។ គួរជួយឲ្យសិស្សយល់ឃើញច្បាស់ថា ពត៌មានដែលគាត់កំពុងតែរៀនគឺមានមូលដ្ឋានពីព្រះបន្ទូលរបស់ព្រះ។—១ថែ. ២:១៣
៤ ចូរសម្របសម្រួលមេរៀននោះទៅតាមតម្រូវការរបស់សិស្ស: បន្ទាប់មក ចូរគិតអំពីមេរៀននោះដោយធ្វើឲ្យសមនឹងតម្រូវការរបស់សិស្ស។ ចូរព្យាយាមគិតទុកជាមុនអំពីចំណុចណាខ្លះដែលគាត់ពិបាកយល់ឬពិបាកជឿហើយខំគិតទុកជាមុនថាតើគាត់នឹងសួរសំនួរណាខ្លះ។ សូមសួរខ្លួនអ្នកថា៖ ‹តើគាត់ត្រូវយល់ចំណុចអ្វីឬតើគាត់ត្រូវធ្វើអ្វីដើម្បីឲ្យបានរីកចំរើនខាងវិញ្ញាណ? តើខ្ញុំអាចបង្រៀនឲ្យបានជ្រួតជ្រាបដល់ចិត្តគាត់យ៉ាងដូចម្ដេច?›។ រួចមក ចូរសម្របសម្រួលការបង្រៀនរបស់អ្នកទៅតាមតម្រូវការរបស់សិស្សនោះ។ នៅពេលខ្លះ អ្នកប្រហែលជាត្រូវគិតទុកជាមុនអំពីឧទាហរណនិទស្សន៍ ការពន្យល់ ឬសំនួរជាលំដាប់ដើម្បីជួយសិស្សនោះឲ្យយល់ចំណុចណាមួយឬបទគម្ពីរណាមួយ។ (នេ. ៨:៨) ប៉ុន្តែ យើងត្រូវជៀសវាងប្រើពត៌មានបន្ថែមដែលមិនចាំបាច់ដើម្បីឲ្យគោលរឿងបានច្បាស់នោះ។ ការពិនិត្យមើលឡើងវិញដោយសង្ខេបក្រោយសិក្សាចប់ នឹងជួយសិស្សឲ្យចងចាំគោលចំណុចទាំងប៉ុន្មាន។
៥ យើងពិតជាមានអំណរមែនពេលឃើញបុគ្គលថ្មីៗបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលសរសើរដល់ព្រះយេហូវ៉ា! (ភី. ១:១១) ដើម្បីជួយសិស្សឲ្យបានឈោងទៅដល់គោលដៅនោះ ចូររៀបចំឲ្យបានល្អរៀងរាល់ដងដែលអ្នកដឹកនាំការសិក្សាព្រះគម្ពីរ។