តើយើងគួររៀបចំសម្រាប់ការប្រជុំអប់រំកិច្ចបម្រើតាមរបៀបណា?
១. តើការប្រជុំអប់រំកិច្ចបម្រើគឺមានបំណងអ្វី? ហើយតើយើងទទួលប្រយោជន៍ច្រើនបំផុតពីការប្រជុំនេះយ៉ាងដូចម្ដេច?
១ ការប្រជុំអប់រំកិច្ចបម្រើគឺមានបំណងជួយយើងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ ការប្រជុំនេះផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ បង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ និងប្រកាសថាពេលកំណត់ដែលព្រះនឹងវិនិច្ឆ័យទោសគឺជិតដល់ហើយ។ (ម៉ាថ. ២៨:២០; ម៉ាក. ១៣:១០; ២ពេ. ៣:៧) យើងទទួលប្រយោជន៍ច្រើនបំផុតពីការប្រជុំដ៏សំខាន់នេះ ពេលណាយើងរៀបចំបានល្អនិងប្រុងចូលរួមដែរ។
២. តើយើងអាចរៀបចំដើម្បីស្ដាប់សុន្ទរកថាយ៉ាងដូចម្ដេច?
២ ផ្នែកដែលជាសុន្ទរកថា : ព័ត៌មានដែលត្រូវប្រើសម្រាប់សុន្ទរកថា បានត្រូវចែងក្នុងសេចក្ដីណែនាំជូនអ្នកថ្លែង។ អ្នកអាចសើរើព័ត៌មានដែលត្រូវប្រើនោះ រួមបញ្ចូលបទគម្ពីរផ្សេងៗពីប្រភពព័ត៌មាននោះ និងគិតអំពីរបៀបដែលអ្នកអាចអនុវត្តព័ត៌មាននោះក្នុងកិច្ចបម្រើផ្សាយ។
៣. តើយើងអាចធ្វើអ្វី ដើម្បីរៀបចំសម្រាប់ផ្នែកដែលជាការពិគ្រោះដោយសំណួរនិងចម្លើយ?
៣ ផ្នែកដែលជាការពិគ្រោះដោយសំណួរនិងចម្លើយ : ផ្នែកនេះនឹងត្រូវដឹកនាំដូចការសិក្សាទស្សនាវដ្ដីប៉មយាម ដោយមានពាក្យផ្ដើមនិងពាក្យបញ្ចប់យ៉ាងខ្លី។ ចូរគូសគោលចំណុចក្នុងវគ្គនីមួយៗ ហើយរៀបចំឆ្លើយយ៉ាងខ្លីដែលបញ្ជាក់ចំណុចនោះ។
៤. តើយើងអាចរៀបចំសម្រាប់ផ្នែកដែលជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់យ៉ាងដូចម្ដេច?
៤ ផ្នែកដែលជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់ : ផ្នែកនេះនឹងថ្លែងជាសុន្ទរកថា ប៉ុន្តែ អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួម។ ប្រសិនបើអ្នកបានគូសចំណុចសំខាន់ៗ និងបើកមើលខគម្ពីរដែលមិនដកស្រង់ចេញ នោះអ្នកអាចឆ្លើយ ពេលគាត់សួរសំណួរ។ បងប្រុសដែលដឹកនាំផ្នែកនេះ នឹងខំព្យាយាមឲ្យអ្នកស្ដាប់ចូលរួម ពេលពិចារណាគោលចំណុចផ្សេងៗ។
៥. តើអ្វីនឹងជួយយើងឲ្យទទួលប្រយោជន៍ច្រើនបំផុតពីការសម្ដែង?
៥ ផ្នែកដែលជាការសម្ដែង : ផ្នែកខ្លះនឹងមានការសម្ដែងដែលជាលក្ខណៈពិតៗក្នុងតំបន់ផ្សាយ ដើម្បីបង្ហាញនូវរបៀបប្រើព័ត៌មាននោះក្នុងកិច្ចផ្សព្វផ្សាយ។ សូមអញ្ជើញពួកអ្នកចាស់ទុំឬអ្នកផ្សាយដែលមានបទពិសោធន៍ឬអ្នកត្រួសត្រាយពេញពេល ដើម្បីធ្វើការសម្ដែងផ្សេងៗ។ ពេលអ្នករៀបចំសម្រាប់ផ្នែកបែបនេះ អ្នកអាចគិតនូវរបៀបដែលផ្នែកនេះនឹងត្រូវដឹកនាំយ៉ាងណា។ នៅពេលមានការសម្ដែង ដោយប្រើយោបល់ក្នុងកិច្ចបម្រើព្រះ ចូរគិតនូវរបៀបដែលអ្នកនិយាយនិងរបៀបដែលអ្នកកែសម្រួលពេលជួបម្ចាស់ផ្ទះផ្សេងៗ។ ចូរយកសៀវភៅឬទស្សនាវដ្ដី ដែលនឹងត្រូវប្រើក្នុងការសម្ដែងនោះ។ ក្នុងអំឡុងពេលល្ងាចសិក្សាជាគ្រួសារ យកល្អបើអ្នកហាត់ពាក្យផ្សាយខ្លះ ដោយប្រើយោបល់ដែលមានស្រាប់នោះ។
៦. តើមានហេតុណាខ្លះឲ្យយើងរៀបចំសម្រាប់ការប្រជុំអប់រំកិច្ចបម្រើ?
៦ នៅពេលដែលយើងរៀបចំផ្នែកផ្សេងៗក្នុងកម្មវិធី ហើយគិតទុកជាមុននូវរបៀបដែលត្រូវដឹកនាំ នោះធ្វើឲ្យយើងចូលចិត្តការប្រជុំអប់រំកិច្ចបម្រើកាន់តែច្រើនជាង។ ប្រសិនបើយើងធ្វើតាមយោបល់ទាំងនេះ នោះនាំឲ្យមានការលើកទឹកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។ (រ៉ូម ១:១១, ១២) ប្រសិនបើយើងឆ្លៀតយកពេលរៀបចំសម្រាប់ការប្រជុំអប់រំកិច្ចបម្រើ នោះយើងនឹងមានសមត្ថភាពពេញលេញដើម្បីធ្វើកិច្ចការដែលព្រះចាត់ឲ្យយើងធ្វើ។—២ធី. ៣:១៧