ចូររួមចំណែកធ្វើឲ្យការប្រជុំគ្នាមានប្រយោជន៍
១ មានវិធីបីយ៉ាងដើម្បីជួយឲ្យកិច្ចប្រជុំមានភាពរស់រវើក គឺតាមរយៈការរៀបចំទុកជាមុន ការចូលរួមឆ្លើយ និងការធ្វើតាម។ ការរៀបចំល្អងាយឲ្យយើងចូលរួមឆ្លើយ ហើយមានអំណរ។ អ្វីដែលយើងឆ្លើយដោយចិត្តរំភើបនឹងបង្ហាញអំពីជំនឿរបស់យើង ហើយក៏ជំរុញនិងលើកទឹកចិត្តអ្នកស្ដាប់ដែរ។ (អេភ. ៤:២៩) បើអ្នកចូលរួមទាំងអស់យល់អំពីចម្លើយឬសុន្ទរកថានៅឯកិច្ចប្រជុំ នោះពួកគាត់ប្រហែលជានឹងធ្វើតាមយោបល់ទាំងនោះ ហើយពួកគាត់ក៏នឹងមានចិត្តអបអរដែរ កាលដែលឃើញថាអ្វីដែលពួកគាត់ធ្វើតាមនាំឲ្យមានប្រយោជន៍ក្នុងជីវិត ហើយក៏អាចជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តដែរ។
ការសិក្សាទស្សនាវដ្ដីប៉មយាមនិងការសិក្សាគម្ពីរជាក្រុមជំនុំ
២ ការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាគម្ពីរជាក្រុមជំនុំ គឺពិតជាកិច្ចប្រជុំដ៏សំខាន់ណាស់ ដោយសារ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»កំពុងផ្គត់ផ្គង់បងប្អូនរួមជំនឿតាមរយៈកិច្ចប្រជុំទាំងនោះ។ (ម៉ាថ. ២៤:៤៥-៤៧) តើអ្នកបានលៃទុកពេលដើម្បីរៀបចំជាមុននូវអត្ថបទដែលនឹងត្រូវសិក្សាជាក្រុមជំនុំឬទេ? តើអ្នកបានរៀបចំដើម្បីចូលរួមឆ្លើយឬទេ?
៣ បើអ្នកបានសិក្សាដោយយកចិត្តទុកដាក់នូវអត្ថបទផ្សេងៗសម្រាប់កិច្ចប្រជុំទាំងនេះ អ្នកនឹងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយ។ (សកម្ម. ២០:៣៥) បងប្អូនជាច្រើនបានគូសបន្ទាត់លើពាក្យសំខាន់ៗ។ ដោយអានបទគម្ពីរដែលមិនបានដកស្រង់ ហើយពិចារណាអំពីរបៀបដែលអ្នកអាចធ្វើតាម នោះអ្នកនឹងយល់ហើយអាចឆ្លើយដោយផ្អែកលើបទគម្ពីរ។ តើឥឡូវនេះអ្នកអាចឆ្លើយចេញពីចិត្តបានទេ? គោលដៅជាចំបងពេលដែលអ្នកសិក្សាគម្ពីរ អ្នកចង់ឲ្យព័ត៌មាននោះគឺសម្រាប់ខ្លួនអ្នក ហើយធ្វើតាមដោយចិត្តអបអរ ព្រមទាំងមានយោបល់និងការយល់ដឹង។—សុភ. ២:៥; ៤:៧, ៨
សាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើ
៤ ពេលមានសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ តើអ្នកចាត់ទុកថានេះមកពីព្រះយេហូវ៉ាទេ? បើដូច្នោះមែន តើអ្នកនឹងខំរៀបចំឲ្យបានល្អទេ? សូមប្រាកដថា អ្នកយល់យ៉ាងច្បាស់នូវព័ត៌មាននោះ ហើយអាចរៀបចំតាមរបៀបដែលទាក់ទាញចិត្ត។ ប៉ុន្តែ សូម្បីតែអ្នកគ្មានសុន្ទរកថាក៏ដោយ ក៏អ្នកអាចសិក្សាដោយអានអំណានគម្ពីរប្រចាំសប្ដាហ៍ និងសៀវភៅផ្សេងៗដែលមានជារៀងរាល់សប្ដាហ៍ដែរ។ អ្នកត្រូវធ្វើដូចគ្នាដែរសម្រាប់ការប្រជុំអប់កិច្ចបម្រើ។ បើអ្នកបានរៀបចំទុកជាមុន នោះអ្នកអាចផ្ចង់អារម្មណ៍ទៅលើព័ត៌មានដែលមានក្នុងកិច្ចប្រជុំ។ ផ្ទុយទៅវិញ បើអ្នកមិនបានរៀបចំទេ អ្នកប្រហែលជានឹងពិបាកយល់ព័ត៌មានទាំងនោះ។
៥ លំដាប់រៀបចំនៃសុន្ទរកថានិងការសម្ដែងដែលមានក្នុងសាលាកិច្ចបម្រើផ្សាយ គួរតែសមនឹងស្ថានភាពដែលអាចកើតឡើងក្នុងតំបន់ផ្សាយ ហើយដែលបងប្អូនទាំងអស់អាចយកទៅប្រើបាន។ សូមហាត់សុន្ទរកថាឬការសម្ដែងឲ្យបានល្អ។ សូមស្លៀកពាក់ឲ្យបានសមរម្យ។ បើអ្នកធ្វើដូច្នេះ នោះអ្នកនឹងជាគំរូល្អដល់បងប្អូនឯទៀត។
៦ សូមព្យាយាមរៀបចំសុន្ទរកឲ្យបានល្អ និងថ្លែងដោយចិត្តរំភើប។ សូមឪពុកម្ដាយជួយកូនៗឲ្យចេះរៀបចំ និងឆ្លើយចម្លើយចេញពីចិត្ត។ បើបងប្អូនទាំងអស់បានត្រៀមខ្លួនដើម្បីឆ្លើយ នោះនឹងធ្វើឲ្យកិច្ចប្រជុំរបស់យើងពោរពេញទៅដោយព័ត៌មានដែលទាក់ទាញចិត្តនិងជំរុញចិត្ត។ តើអ្នកនឹងបំពេញភារកិច្ចរបស់អ្នកក្នុងការ«ធ្វើអ្វីៗទាំងអស់ដើម្បីពង្រឹងកម្លាំងចិត្ត»បងប្អូនដែលរួមប្រជុំជាមួយអ្នកឬទេ?—១កូ. ១៤:២៦