មេរៀនទី៦
តើមនុស្សស្លាប់មានសេចក្ដីសង្ឃឹមអ្វី?
១. តើមានដំណឹងល្អអ្វីស្តីអំពីមនុស្សស្លាប់?
ពេលដែលលោកយេស៊ូបានមកដល់ភូមិបេថានីជិតទីក្រុងយេរូសាឡិម ឡាសារដែលជាមិត្តសំឡាញ់របស់លោកបានស្លាប់អស់រយៈពេលបួនថ្ងៃហើយ។ លោកយេស៊ូបានទៅកន្លែងបញ្ចុះសពជាមួយម៉ាថានិងម៉ារៀដែលជាបងស្រីរបស់សព។ មិនយូរប៉ុន្មាន ហ្វូងមនុស្សក៏បានប្រមូលផ្ដុំគ្នានៅទីបញ្ចុះសពនោះ។ សូមគិតមើល ពេលដែលលោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ នោះធ្វើឲ្យម៉ាថានិងម៉ារៀមានអំណរណាស់ មែនទេ?—សូមអាន យ៉ូហាន ១១:២១-២៤, ៣៨-៤៤
ម៉ាថាបានដឹងរួចហើយអំពីដំណឹងល្អស្តីអំពីមនុស្សស្លាប់។ នាងដឹងថា ព្រះយេហូវ៉ានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅផែនដីម្ដងទៀត។—សូមអាន យ៉ូប ១៤:១៤, ១៥
២. តើមានអ្វីកើតឡើងពេលដែលយើងស្លាប់?
ព្រះបានប្រាប់អាដាមថា៖ «ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។—លោកុប្បត្តិ ៣:១៩
ព្រះបានបង្កើតមនុស្សពីធូលីដី។ (លោកុប្បត្តិ ២:៧; ៣:១៩) យើងគ្មានព្រលឹងអមតៈនៅក្នុងរូបកាយយើងទេ។ ពេលយើងស្លាប់ទៅ គ្មានអ្វីដែលចេញពីរូបកាយយើងបន្តរស់នៅឡើយ។ ពេលយើងស្លាប់ ខួរក្បាលយើងលែងដំណើរការ ហើយគំនិតរបស់យើងក៏សូន្យទៅដែរ។ ហេតុនេះហើយ ឡាសាមិនបាននិយាយអំពីអ្វីដែលបានកើតឡើងពេលដែលគាត់ស្លាប់នោះទេ ដោយសារមនុស្សស្លាប់ឥតដឹងអ្វីឡើយ។—សូមអាន ទំនុកតម្កើង ១៤៦:៤; សាស្ដា ៩:៥, ៦, ១០
តើព្រះធ្វើទារុណកម្មមនុស្សស្លាប់ក្នុងភ្លើងឬ? គម្ពីរបានរៀបរាប់ថា មនុស្សស្លាប់ឥតដឹងអ្វីឡើយ។ នេះបង្ហាញយ៉ាងច្បាស់ថា ភ្លើងនរកគឺជាសេចក្ដីបង្រៀនមិនពិតដែលជាការបង្កាច់បង្ខូចព្រះ។ សូម្បីតែគំនិតធ្វើទារុណកម្មមនុស្សក៏លោកមិនដែលគិតដល់ដែរ ហើយនេះជាអ្វីដែលលោកស្អប់ខ្ពើមណាស់។—សូមអាន យេរេមា ៧:៣១
សូមមើលវីដេអូ តើមានអ្វីកើតឡើងពេលដែលយើងស្លាប់?
៣. តើមនុស្សស្លាប់អាចនិយាយជាមួយយើងបានទេ?
មនុស្សស្លាប់មិនអាចនិយាយ ឬស្ដាប់ឮទេ។ (ទំនុកតម្កើង ១១៥:១៧) ប៉ុន្តែ មានទេវតាខ្លះដែលអាក្រក់ ហើយជួនកាលពួកទេវតានោះនិយាយមកកាន់មនុស្សដោយធ្វើពុតជាមនុស្សស្លាប់។ (ពេត្រុសទី២ ២:៤) ព្រះយេហូវ៉ាហាមយើងថា កុំព្យាយាមទាក់ទងឬនិយាយជាមួយមនុស្សស្លាប់ឡើយ។—សូមអាន ចោទិយកថា ១៨:១០, ១១
៤. តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
មនុស្សរាប់លាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ សូម្បីតែអ្នកខ្លះដែលមិនស្គាល់ព្រះ និងអ្នកដែលបានធ្វើអំពើអាក្រក់ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។—សូមអាន លូកា ២៣:៤៣; សកម្មភាព ២៤:១៥
មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានឱកាសរៀនសេចក្ដីពិតអំពីព្រះ ហើយបង្ហាញជំនឿលើលោកយេស៊ូដោយស្ដាប់បង្គាប់លោក។ (ការបើកបង្ហាញ ២០:១១-១៣) អ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញហើយធ្វើអំពើល្អ ពួកគេនឹងមានលទ្ធភាពទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។—សូមអាន យ៉ូហាន ៥:២៨, ២៩
៥. តើការប្រោសឲ្យរស់ឡើងវិញបញ្ជាក់យ៉ាងណាអំពីព្រះយេហូវ៉ា?
ដោយសារព្រះបានចាត់បុត្ររបស់លោកឲ្យមកស្លាប់ជំនួសយើង នោះមនុស្សស្លាប់ក៏អាចមានសេចក្ដីសង្ឃឹមដែរ។ ដូច្នេះ ការប្រោសឲ្យរស់ឡើងវិញបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងគុណដ៏វិសេសលើសលប់របស់លោក។ ពេលដែលមនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញ តើលោកអ្នកចង់ជួបនរណាខ្លាំងជាងគេ?—សូមអាន យ៉ូហាន ៣:១៦; រ៉ូម ៦:២៣