បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kr ជំ. ១៣ ទំ. ១៥០-១៦៥
  • ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​ជា​អ្នក​អុកឡុក​សង្គម ឬ​ជា​អ្នក​គាំ​ទ្រ​យ៉ាង​ស្មោះ​ត្រង់​នូវ​រាជាណាចក្រ​របស់​ព្រះ?
  • តើ​យើង​ជា​អ្នក​បំបះ​បំបោរ ឬ​ជា​អ្នក​ប្រកាស​សេចក្ដី​ពិត?
  • តើ​យើង​ជា​អ្នក​លក់​ដូរ​ឬ​ជា​អ្នក​ខ្នះ​ខ្នែង​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ?
  • ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»​
  • ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ​»​
  • ការការពារដំណឹងល្អតាមរយៈច្បាប់
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
kr ជំ. ១៣ ទំ. ១៥០-១៦៥

ជំពូក​ទី១៣

ពួក​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​ព្រះ​ប្ដឹង​ទៅ​តុលាការ

គោល​ចំណុច​នៃ​ជំពូក​នេះ

ដូច​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន ពួក​អ្នក​ប្រឆាំង​ខំ​អាង​ច្បាប់​ដើម្បី​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​របស់​រាស្ត្រ​លោក

១, ២​. (​ក​) តើ​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​អ្វី​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​តើ​ពួក​សាវ័ក​បាន​ធ្វើ​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​ពួក​សាវ័ក​មិន​ព្រម​ស្ដាប់​បង្គាប់​អ្នក​ដឹក​នាំ​សាសនា​ដែល​បាន​ដាក់​បម្រាម​នោះ?

តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ សាថាន​បាន​ចាត់​ចែង​យ៉ាង​ឆាប់​រហ័ស​ឲ្យ​អ្នក​ដឹក​នាំ​សាសនា​ដាក់​បម្រាម​លើ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ ហេតុ​អ្វី? ព្រោះ​សាថាន​ច្បាស់​ជា​យល់​ថា​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​វាយ​ប្រហារ​ក្រុម​ជំនុំ ក្នុង​បំណង​បំផ្លាញ​ក្រុម​ជំនុំ​ចោល​មុន​ដែល​ក្រុម​ជំនុំ​មាំ​មួន​ឡើង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​សាវ័ក​បាន​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន ហើយ​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​«​អ្នក​ជឿ​លើ​លោក​ម្ចាស់​»។—សកម្ម. ៤:១៨, ៣៣; ៥:១៤

ទោះជាពួកសាវ័ករបស់លោកយេស៊ូបានត្រូវគេវាយក៏ដោយ ពួកគាត់អរសប្បាយពេលដែលចេញពីក្រុមប្រឹក្សាជាន់ខ្ពស់

ពួក​សាវ័ក​បាន​អរ​សប្បាយ​«​ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក​»​

២ ឃើញ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​បាន​ខឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បាន​ចាប់​ពួក​សាវ័ក​ដាក់​គុក។ ក៏​ប៉ុន្តែ នៅ​យប់​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បើក​ទ្វារ​គុក​ឲ្យ​ពួក​សាវ័ក​ចេញ​ទៅ។ ព្រលឹម​ឡើង ពួក​សាវ័ក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត! ដូច្នេះ​ពួក​អ្នក​ប្រឆាំង​ចាប់​ពួក​សាវ័ក​ម្ដង​ទៀត ហើយ​បញ្ជូន​ទៅ​ជួប​ពួក​អ្នក​គ្រប់​គ្រង។ លុះ​ទៅ​ដល់​ហើយ ពួក​អ្នក​គ្រប់​គ្រង​ចោទ​ប្រកាន់​ពួក​សាវ័ក​ថា ពួក​គេ​កំពុង​បំពាន​លើ​ច្បាប់​ដែល​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ។ ពួក​សាវ័ក​តប​ដោយ​ចិត្ត​ក្លាហាន​ថា​៖ ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ ឮ​ដូច្នេះ ពួក​អ្នក​គ្រប់​គ្រង​ក៏​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​ចង់​«​សម្លាប់​ពួក​គាត់​ចោល​»។ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ កាម៉េលៀល​បាន​ក្រោក​ឈរ ហើយ​ព្រមាន​ពួក​អ្នក​គ្រប់​គ្រង។ កាម៉េលៀល​ជា​គ្រូ​ច្បាប់​ដែល​មនុស្ស​ទូ​ទៅ​គោរព។ គាត់​ប្រាប់​ពួក​អ្នក​គ្រប់​គ្រង​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ខ្លួន . . . កុំ​ជ្រៀត​ជ្រែក​ក្នុង​ការ​របស់​បុរស​ទាំង​នេះ​ឡើយ ហើយ​កុំ​ធ្វើ​អ្វី​ដល់​ពួក​គេ​ឲ្យ​សោះ​»។ ទោះ​ជា​ពួក​អ្នក​គ្រប់​គ្រង​កំពុង​ខឹង​ក៏​ដោយ ក៏​ពួក​គេ​បាន​ស្ដាប់​កាម៉េលៀល​ដែរ ហើយ​ដោះ​លែង​ពួក​សាវ័ក​ទៅ។ តើ​សាវ័ក​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ធ្វើ​អ្វី​ក្រោយ​មក? ពួក​គេ​មិន​រួញ​រា​ឡើយ តែ​ពួក​គេ​បន្ត​«​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់ អំពី​លោក​យេស៊ូ ដែល​ជា​គ្រិស្ត​»។—សកម្ម. ៥:១៧​-​២១, ២៧​-​៤២; សុភ. ២១:១, ៣០

៣, ៤​. (​ក​) តាំង​ពី​យូរ​យារ​មក​ហើយ តើ​សាថាន​បាន​ប្រើ​វិធី​ណា​ដើម្បី​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​ដោយ​ប្រសិទ្ធភាព? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​ជំពូក​នេះ​និង​ជំពូក​ពីរ​បន្ត​បន្ទាប់?

៣ រឿង​ក្ដី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​៣៣ គ.ស. គឺ​ជា​រឿង​ក្ដី​លើក​ដំបូង​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ទទួល​រង​ការ​ប្រឆាំង​ពី​ពួក​អាជ្ញាធរ។ តែ​នោះ​មិន​មែន​ជា​លើក​ចុងក្រោយ​ទេ។ (​សកម្ម. ៤:៥​-​៨; ១៦:២០; ១៧:៦, ៧​) នៅ​សម័យ​យើង សាថាន​នៅ​តែ​ញុះញង់​អ្នក​ដែល​ប្រឆាំង​ការ​គោរព​ប្រណិប័តន៍​ពិត ឲ្យ​ជំរុញ​ពួក​អាជ្ញាធរ​ឲ្យ​ដាក់​បម្រាម​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ ពួក​អ្នក​ប្រឆាំង​បាន​ចោទ​ប្រកាន់​រាស្ត្រ​របស់​ព្រះ​ពី​បទ​ល្មើស​ជា​ច្រើន​យ៉ាង។ ជា​ឧទាហរណ៍ ពួក​គេ​បាន​ចោទ​ប្រកាន់​យើង​ថា យើង​ជា​អ្នក​រំខាន​ដល់​សណ្ដាប់​ធ្នាប់​សង្គម ឬ​បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​ចោទ​ថា​យើង​ជា​អ្នក​អុកឡុក​សង្គម។ មួយ​ទៀត ពួក​គេ​បាន​ចោទ​យើង​ពី​បទ​បំបះ​បំបោរ។ មជ្ឈដ្ឋាន​ខ្លះ​ទៀត​ចោទ​ប្រកាន់​យើង​ថា យើង​ជា​អ្នក​លក់​ដូរ។ នៅ​ពេល​ត្រឹម​ត្រូវ បង​ប្អូន​របស់​យើង​បាន​ប្ដឹង​ទៅ​តុលាការ​ដើម្បី​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ទាំង​នោះ​គឺ​មិន​ពិត​ទេ។ តើ​រឿង​ក្ដី​ទាំង​នោះ​បាន​មាន​លទ្ធផល​យ៉ាង​ណា? តើ​តាម​របៀប​ណា​សេចក្ដី​សម្រេច​របស់​តុលាការ​តាំង​ពី​រាប់​សិប​ឆ្នាំ​មុន ទាក់​ទង​នឹង​អ្នក​ផ្ទាល់​នៅ​សព្វ​ថ្ងៃ​នេះ? យើង​នឹង​ពិចារណា​អំពី​រឿង​ក្ដី​ខ្លះ​ដើម្បី​ដឹង​អំពី​របៀប​ដែល​រឿង​ក្ដី​ទាំង​នោះ​បាន​ជួយ‹ការពារ​និង​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់›។—ភី. ១:៧

៤ ក្នុង​ជំពូក​នេះ យើង​នឹង​បញ្ជាក់​អំពី​របៀប​ដែល​យើង​បាន​ការពារ​សិទ្ធិ​ផ្សព្វ​ផ្សាយ​របស់​យើង។ ពីរ​ជំពូក​បន្ត​បន្ទាប់​នឹង​បញ្ជាក់​អំពី​របៀប​ដែល​យើង​បាន​តស៊ូ​តាម​ផ្លូវ​តុលាការ ដើម្បី​យើង​អាច​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​របស់​រាជាណាចក្រ​ព្រះ ហើយ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ឡើយ។

តើ​យើង​ជា​អ្នក​អុកឡុក​សង្គម ឬ​ជា​អ្នក​គាំ​ទ្រ​យ៉ាង​ស្មោះ​ត្រង់​នូវ​រាជាណាចក្រ​របស់​ព្រះ?

៥​. នៅ​ជិត​ឆ្នាំ​១៩៤០ ហេតុ​អ្វី​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​បាន​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​តើ​បង​ប្អូន​ដែល​ជា​អ្នក​នាំ​មុខ​បាន​គិត​ធ្វើ​អ្វី?

៥ នៅ​ជិត​ឆ្នាំ​១៩៤០ ក្រុង​និង​រដ្ឋ​ផ្សេង​ៗ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ព្យាយាម​បង្ខំ​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​សុំ​លិខិត​អនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​បង​ប្អូន​របស់​យើង​មិន​បាន​ទៅ​សុំ​លិខិត​នោះ​ទេ ពី​ព្រោះ​លិខិត​បែប​នោះ​អាច​ត្រូវ​ដក​ហូត​បាន។ ក៏​ប៉ុន្តែ​បង​ប្អូន​របស់​យើង​ជឿ​ថា គ្មាន​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស​ដែល​មាន​សិទ្ធិ​អំណាច​ដក​ហូត​សិទ្ធិ​អ្នក​ណា​ម្នាក់​មិន​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ថា គ្រិស្ត​សាសនិក​ត្រូវ​ផ្សព្វ​ផ្សាយ​អំពី​រា​ណា​ចក្រ​របស់​ព្រះ។ (​ម៉ាក. ១៣:១០​) ដោយ​សារ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​មិន​ព្រម​សុំ​លិខិត​បែប​នោះ ពួក​គេ​រាប់​រយ​នាក់​បាន​ត្រូវ​ចាប់​ខ្លួន។ បង​ប្អូន​ជា​អ្នក​នាំ​មុខ​ក្នុង​អង្គ​ការ​យើង​បាន​គិត​ប្ដឹង​ទៅ​តុលាការ ដោយ​មាន​បំណង​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​ខុស​ច្បាប់​លើ​សាក្សី​ព្រះ​យេហូវ៉ា ដោយ​មិន​ឲ្យ​មាន​សិទ្ធិ​សេរី​ភាព​ប្រព្រឹត្ត​តាម​សាសនា​របស់​ខ្លួន។ នៅ​ឆ្នាំ​១៩៣៨ អ្វី​មួយ​បាន​កើត​ឡើង ដែល​នាំ​ទៅ​ដល់​រឿង​ក្ដី​មួយ​ដ៏​សំខាន់​ជា​ប្រវត្ដិសាស្ត្រ។ តើ​អ្វី​បាន​កើត​ឡើង?

៦, ៧​. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ក្រុម​គ្រួសារ​បង​ប្រុស​ខេនវេល?

៦ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​មេសា ឆ្នាំ​១៩៣៨ នៅ​ក្រុង​ញូវហេវិន រដ្ឋ​កុនណិចទីកឹត បង​ប្រុស​ញូវថិន អាយុ​៦០​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​អេសធើរ ព្រម​ទាំង​កូន​ប្រុស​បី​នាក់​ឈ្មោះ​ហេនរី រ៉ាសិល និង​ចេស៊ី បាន​ចេញ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ទាំង​ប្រាំ​នាក់​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ តាម​ពិត មុន​ចេញ​ដំណើរ ពួក​គាត់​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច ដោយ​ដឹង​ថា​ពួក​គាត់​ប្រហែល​ជា​មិន​អាច​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​នោះ​ទេ។ ហេតុ​អ្វី? គឺ​ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​ចាប់​ខ្លួន​ប៉ុន្មាន​ដង​ហើយ ដូច្នេះ​ពួក​គាត់​ដឹង​ថា ពួក​គាត់​អាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ម្ដង​ទៀត។ ក៏​ប៉ុន្តែ ការ​យល់​ដូច្នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គាត់​រា​ថយ​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​ឡើយ។ ពួក​គាត់​បើក​ឡាន​ពីរ​ទៅ​ក្រុង​ញូវហេវិន។ បង​ញូវថិន​បាន​បើក​ឡាន​របស់​ក្រុម​គ្រួសារ ដែល​ផ្ទុក​ពេញ​ទៅ​ដោយ​សៀវភៅ​អំពី​គម្ពីរ​និង​ម៉ាស៊ីន​ចាក់​ថាស​សំឡេង រីឯ​កូន​ប្រុស​របស់​គាត់ ឈ្មោះ​ហេនរី អាយុ​២២​ឆ្នាំ បាន​បើក​ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង។ គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​នោះ ប៉ូលិស​បាន​បញ្ឈប់​ពួក​គាត់ ដូច​ពួក​គាត់​បាន​រំពឹង​ទុក​មែន។

៧ មុន​បង្អស់ ប៉ូលិស​បាន​ចាប់​ប្អូន​រ៉ាសិល ដែល​មាន​អាយុ​១៨​ឆ្នាំ។ រួច​មក​ពួក​គេ​បាន​ចាប់​បង​ញូវថិន​និង​បង​អេសធើរ។ កូន​ប្រុស​របស់​គាត់​ឈ្មោះ​ចេស៊ី ដែល​មាន​អាយុ​១៦​ឆ្នាំ បាន​មើល​ពី​ចម្ងាយ​កាល​ដែល​ប៉ូលិស​នាំ​ឪពុក​ម្ដាយ​និង​បង​ប្រុស​គាត់​ទៅ​បាត់។ បង​ប្រុស​មួយ​ទៀត​របស់​គាត់ ឈ្មោះ​ហេនរី កំពុង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សេង​ទៀត ដូច្នេះប្អូន​ចេស៊ី​នៅ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប្អូន​ចេស៊ី​បាន​លើក​ម៉ាស៊ីន​ចាក់​ថាស​សំឡេង ហើយ​យក​ទៅ​បន្ត​ផ្សព្វ​ផ្សាយ។ បុរស​ពីរ​នាក់​ដែល​កាន់​សាសនា​កាតូលិក​បាន​ឲ្យ​ចេស៊ី​ចាក់​ថាស​សំឡេង​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត ដែល​មាន​ចំណង​ជើង​ថា​«​សត្រូវ​»។ ក៏​ប៉ុន្តែ កាល​ដែល​បុរស​ទាំង​នោះ​ស្ដាប់​កាន់​តែ​យូរ ពួក​គេ​ខឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​ចង់​វាយ​ប្អូន​ចេស៊ី​ទៀត។ ឃើញ​ដូច្នេះ ប្អូន​ចេស៊ី​ដើរ​ចេញ​ពី​បុរស​ទាំង​ពីរ​នោះ​ដោយ​ស្ងៀម​ស្ងាត់ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ប៉ូលិស​ម្នាក់​មក​ហៅ​គាត់​ឲ្យ​ឈប់។ ដូច្នេះ នៅ​ទី​បំផុត​ប្អូន​ចេស៊ី​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​ដែរ។ ប៉ូលិស​មិន​បាន​ចោទ​បង​អេសធើរ​ពី​បទ​ណា​មួយ​ទេ ប៉ុន្តែ​បង​ញូវថិន​និង​កូន​ៗ​របស់​គាត់​បាន​ត្រូវ​ចោទ​ប្រកាន់​មែន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ដដែល​នោះ។

៨​. ហេតុ​អ្វី​តុលាការ​បាន​សម្រេច​ថា​ប្អូន​ចេស៊ី ខេនវេល​ជា​អ្នក​អុកឡុក​សង្គម?

៨ ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៨ បង​ញូវថិន រ៉ាសិល និង​ប្អូន​ចេស៊ី​បាន​ត្រូវ​ហៅ​ឲ្យ​ចូល​តុលាការ​នា​ក្រុង​ញូវហេវិន។ ពួក​គាត់​បាន​ជាប់​ទោស​ពី​បទ​ដើរ​សុំ​វិភាគ​ទាន​ដោយ​គ្មាន​លិខិត​អនុញ្ញាត។ ទោះ​ជា​ពួក​គាត់​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​តុលាការ​កំពូល​នៅ​រដ្ឋ​កុនណិចទីកឹត​ក៏​ដោយ ក៏​ចេស៊ី​បាន​ជាប់​ទោស​ជា​អ្នក​រំខាន​ដល់​សណ្ដាប់​ធ្នាប់​សង្គម គឺ​ថា​ជា​អ្នក​អុកឡុក​សង្គម។ ហេតុ​អ្វី? គឺ​ដោយ​សារ​បុរស​សាសនា​កាតូលិក​ពីរ​នាក់​ដែល​បាន​ស្ដាប់​ថាស​សំឡេង​នោះ បាន​ផ្ដល់​សក្ខីភាព​ក្នុង​តុលាការ​ថា សុន្ទរកថា​នោះ​និយាយ​មើល​ងាយ​ដល់​សាសនា​របស់​ពួក​គេ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខឹង។ ដើម្បី​ប្រឆាំង​សេចក្ដី​សម្រេច​របស់​តុលាការ បង​ប្រុស​ៗ​ដែល​ជា​អ្នក​នាំ​មុខ​អង្គ​ការ​យើង​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​តុលាការ​កំពូល​របស់​សហរដ្ឋ​អាម៉េរិក ដែល​ជា​តុលាការ​ខ្ពស់​បំផុត​នៅ​ប្រទេស​នោះ។

៩, ១០​. (​ក​) តើ​តុលាការ​កំពូល​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី​ក្នុង​រឿង​ក្ដី​របស់​ក្រុម​គ្រួសារ​បង​ខេនវេល? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សម្រេច​នោះ​យ៉ាង​ដូច​ម្ដេច?

៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​១៩៤០ លោក​ឆាល យូស ដែល​ជា​ប្រធាន​អង្គ​ជំនុំជម្រះ​ព្រម​ទាំង​ចៅ​ក្រម​៨​រូប​ទៀត បាន​ស្ដាប់​ការ​ទាញ​ហេតុ​ផល​របស់​បង​ប្រុស​ហេដិន ខូវិងថិន ដែល​ជា​មេធាវី​ខាង​សាក្សី​ព្រះ​យេហូវ៉ា។a ពេល​ដែល​មេធាវី​ខាង​រដ្ឋ​កុនណិចទីកឹត​បាន​ទាញ​ហេតុ​ផល​របស់​គាត់​ក្នុង​បំណង​បញ្ជាក់​ថា សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​អុកឡុក​សង្គម នោះ​ចៅ​ក្រម​ម្នាក់​សួរ​តប​ថា​៖ ​«​នៅ​សម័យ​គ្រិស្ត​យេស៊ូ មនុស្ស​ក៏​មិន​បាន​ពេញ​ចិត្ត​ស្ដាប់​អ្វី​ដែល​លោក​ផ្សព្វ​ផ្សាយ​ដែរ មែន​ទេ?​»។ មេធាវី​ឆ្លើយ​ថា​៖ ​«​មែន​លោក ពួក​គេ​មិន​ពេញ​ចិត្ត​ស្ដាប់​ទេ ហើយ​គម្ពីរ​ក៏​ប្រាប់​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​លោក​យេស៊ូ​ដោយ​សារ​លោក​ផ្សព្វ​ផ្សាយ​អ្វី​ដែល​មនុស្ស​មិន​ពេញ​ចិត្ត​ស្ដាប់​»។ ពាក្យ​នេះ​មាន​ន័យ​សំខាន់​ណាស់! ដោយ​មិន​ដឹង​ខ្លួន មេធាវី​នោះ​បញ្ជាក់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​ដូច​លោក​យេស៊ូ​ដែរ ហើយ​ថា​រដ្ឋាភិបាល​គឺ​ដូច​មនុស្ស​ដែល​បាន​កាត់​ទោស​លោក​យេស៊ូ។ តើ​តុលាការ​បាន​សម្រេច​សេចក្ដី​យ៉ាង​ណា? នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៤០ តុលាការ​បាន​ចេញ​សេចក្ដី​សម្រេច​ជា​ឯកច្ឆន្ទ​គាំ​ទ្រ​សាក្សី​ព្រះ​យេហូវ៉ា។

បងប្អូនប្រុសស្រីអរសប្បាយ រួមមានបងហេដិន ខូវិងថិន និងបងគ្លេន ហោ កាលដែលពួកគាត់ដើរចេញពីតុលាការ

បង​ហេដិន ខូវិងថិន (​ខាង​មុខ​នៅ​កណ្ដាល​) បង​គ្លេន ហោ (​ខាង​ឆ្វេង​) និង​បង​ប្អូន​ឯ​ទៀត​កំពុង​ដើរ​ចេញ​ពី​តុលាការ​ក្រោយ​ពី​បាន​ឈ្នះ​រឿង​ក្ដី

១០ តើ​សេចក្ដី​សម្រេច​របស់​តុលាការ​មាន​សារៈសំខាន់​យ៉ាង​ណា? សេចក្ដី​សម្រេច​នោះ​បាន​ពង្រឹង​មាត្រា​ច្បាប់​ដែល​ការពារ​សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​សាសនា​របស់​ខ្លួន។ ដូច្នេះ គ្មាន​រដ្ឋាភិបាល​ណា​នៅ​ប្រទេស​នោះ​អាច​បំបិទ​សេរី​ភាព​ខាង​សាសនា​ស្រប​ច្បាប់​បាន​ឡើយ។ ម្យ៉ាង​ទៀត តុលាការ​នោះ​បាន​ប្រកាស​ថា ប្អូន​ចេស៊ី​«​មិន​បាន . . . ធ្វើ​អ្វី​ដែល​បង្ក​បញ្ហា​ដល់​សណ្ដាប់​ធ្នាប់​ឬ​សន្ដិសុខ​សង្គម​ទេ​»។ ដូច្នេះ សេចក្ដី​សម្រេច​របស់​តុលាការ​បញ្ជាក់​ច្បាស់​ថា សាក្សី​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​រំខាន​សណ្ដាប់​ធ្នាប់​សង្គម​ឡើយ។ នេះ​ជា​ជ័យ​ជម្នះ​ដ៏​សំខាន់​ណាស់​សម្រាប់​អ្នក​បម្រើ​ព្រះ! រហូត​ដល់​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​យើង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សម្រេច​នោះ? មេធាវី​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​៖ ​«​នៅ​សព្វ​ថ្ងៃ​នេះ យើង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា មាន​សិទ្ធិ​ប្រតិបត្ដិ​សាសនា​របស់​យើង​ដោយ​មិន​ចាំ​បាច់​ខ្លាច​ថា អ្នក​ណា​នឹង​បំបិទ​សិទ្ធិ​សេរី​ភាព​របស់​យើង​ដោយ​អយុត្ដិធម៌​ឡើយ។ ដូច្នេះ យើង​អាច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ក្នុង​សហគមន៍​របស់​យើង​បាន​»។

តើ​យើង​ជា​អ្នក​បំបះ​បំបោរ ឬ​ជា​អ្នក​ប្រកាស​សេចក្ដី​ពិត?

ខិត្តប័ណ្ណចំណងជើងថា ខេត្តកេបិកស្អប់ព្រះ ស្អប់គ្រិស្ត និងស្អប់សេរីភាពជាហេតុធ្វើឲ្យប្រទេសកាណាដាអាម៉ាស់មុខណាស់

ខិត្តប័ណ្ណ​ចំណង​ជើង​ថា ខេត្ត​កេបិក​ស្អប់​ព្រះ ស្អប់​គ្រិស្ត និង​ស្អប់​សេរី​ភាព​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កាណាដា​អាម៉ាស់​មុខ​ណាស់!

១១​. តើ​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​កាណាដា​បាន​ធ្វើ​សកម្មភាព​ពិសេស​អ្វី ហើយ​ហេតុ​អ្វី?

១១ រវាង​ឆ្នាំ​១៩៤០​និង​ឆ្នាំ​១៩៥០ សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រឈម​មុខ​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្រៃ​លែង​នៅ​ប្រទេស​កាណាដា។ ដូច្នេះ បង​ប្អូន​របស់​យើង​នៅ​ទី​នោះ​បាន​រៀប​ចំ​សកម្មភាព​ពិសេស​មួយ​ដើម្បី​បង្ហាញ​ជា​សាធារណៈ​ថា រដ្ឋាភិបាល​កំពុង​បំបិទ​សិទ្ធិ​សេរី​ភាព​ខាង​សាសនា។ អស់​១៦​ថ្ងៃ បង​ប្អូន​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ខេត្ត​កេបិក​ស្អប់​ព្រះ ស្អប់​គ្រិស្ត និង​ស្អប់​សេរី​ភាព​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កាណាដា​អាម៉ាស់​មុខ​ណាស់! (​Quebec’s Burning Hate for God and Christ and Freedom Is the Shame of All Canada​)។ ខិត្តប័ណ្ណ​បួន​ទំព័រ​នេះ បាន​បញ្ជាក់​យ៉ាង​ល្អិត​ល្អន់​អំពី​កុបកម្ម​ញុះញង់​ដោយ​អ្នក​ដឹក​នាំ​សាសនា ថែម​ទាំង​រៀប​រាប់​អំពី​អំពើ​ឃោរ​ឃៅ​របស់​ប៉ូលិស និង​អំពី​អំពើ​ឃោរ​ឃៅ​ពី​សាធារណជន ដែល​បាន​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​យើង​នៅ​ខេត្ត​កេបិក។ ខិត្តប័ណ្ណ​នោះ​ចែង​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​ត្រូវ​គេ​ចាប់​ខ្លួន​ខុស​ច្បាប់ ហើយ​ត្រូវ​គេ​ចោទ​ប្រកាន់​៨០០​ករណី​នៅ​តំបន់​ម៉ងទ្រីយ៉ាល់​»។

១២​. (​ក​) តើ​អ្នក​ប្រឆាំង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​បង​ប្អូន​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ? (​ខ​) តើ​បង​ប្អូន​យើង​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​អ្វី? (​សូម​មើល​ដែរ​នូវ​កំណត់​សម្គាល់​)

១២ លោក​ម៉រីស ឌូប្ល៉េស៊ី​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ខេត្ត​កេបិក បាន​រួម​ដៃ​ជា​មួយ​នឹង​លោក​វីលណឺវ ដែល​ជា​អ្នក​ដឹក​នាំ​សាសនា​និកាយ​កាតូលិក​រ៉ូម ហើយ​បាន​ប្រតិកម្ម​នឹង​ខិត្តប័ណ្ណ​នោះ​ដោយ​ប្រកាស​ថា ពួក​គេ​នឹង​«​ធ្វើ​សង្គ្រាម​»​នឹង​សាក្សី​ព្រះ​យេហូវ៉ា​«​ដោយ​គ្មាន​មេត្ដា​»។ មិន​យូរ​ក្រោយ​នោះ ចំនួន​ករណី​ដែល​បង​ប្អូន​យើង​ត្រូវ​គេ​ចោទ​ប្រកាន់​បាន​កើន​ឡើង​មួយ​ជា​ពីរ គឺ​ពី​៨០០​ទៅ​១.៦០០។ បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​ប្រាប់​ថា​៖ ​«​យើង​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​រាប់​ភ្លេច​»។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​ប៉ូលិសបាន​ចាប់​កាល​កំពុង​ចែក​ខិត្តប័ណ្ណ​នោះ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចែក​ចាយ​«​ព័ត៌មាន​បំបះ​បំបោរ​ដែល​បរិហារ​កេរ្ដិ៍​រដ្ឋាភិបាល​»។b

១៣​. តើ​អ្នក​ណា​បាន​ត្រូវ​ចោទ​ប្រកាន់​មុន​គេ​ពី​បទ​បំបះ​បំបោរ ហើយ​តើ​តុលាការ​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី?

១៣ នៅ​ឆ្នាំ​១៩៤៧ បង​ប្រុស​អេម៉េ ប៊ូហ្សេ និង​កូន​ស្រី​របស់​គាត់​ឈ្មោះ​ជីសេល អាយុ​១៨​ឆ្នាំ និង​លូស៊ីល អាយុ​១១​ឆ្នាំ បាន​ចូល​តុលាការ​មុន​គេ ដោយ​សារ​ពួក​គាត់​បាន​ត្រូវ​ចោទ​ពី​បទ​បំបះ​បំបោរ។ ហេតុ​អ្វី? ពី​ព្រោះ​នៅ​ជិត​ចម្ការ​របស់​ពួក​គាត់​នៅ​ជនបទ​ខាង​ត្បូង​ក្រុង​កេបិក ពួក​គាត់​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​អំពី​ខេត្ត​កេបិក។ ប៉ុន្តែ​គឺ​ពិបាក​ស្រមៃ​គិត​ថា​ពួក​គាត់​ជា​អ្នក​ប្រឆាំង​ច្បាប់​ឬ​ជា​អ្នក​អុកឡុក​សង្គម ពី​ព្រោះ​បង​ប៊ូហ្សេ​ជា​បុរស​សុភាព​រាប​ទាប ដែល​មាន​របៀប​រស់​នៅ​ស្ងៀម​ស្ងាត់ ចិញ្ចឹម​ជីវិត​ដោយ​ថែ​ចម្ការ​តូច​របស់​គាត់ ហើយ​ជិះ​រទេះ​សេះ​ចូល​ក្រុង​ម្ដង​ម្កាល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រង​ទ្រាំ​នូវ​ការ​លំបាក​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ខិត្តប័ណ្ណ​នោះ។ ចៅ​ក្រម​ក្នុង​រឿង​ក្ដី​នោះ​ស្អប់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​មិន​ព្រម​មើល​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់​ថា​បង​ប៊ូហ្សេ​គ្មាន​ទោស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​យល់​ស្រប​នឹង​គំនិត​របស់​រដ្ឋ​អាជ្ញា​ដែល​និយាយ​ថា ខិត្តប័ណ្ណ​នោះ​អុជ​អាល​ប្រជាជន ហើយ​ថា​បង​ប៊ូហ្សេ​និង​ក្រុម​គ្រួសារ​របស់​គាត់​គួរ​ជាប់​ទោស។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ទស្សនៈ​របស់​ចៅ​ក្រម​នោះ​គឺ ការ​និយាយ​ការ​ពិត​ជា​បទ​ល្មើស​មួយ! បង​ប៊ូហ្សេ​និង​ជីសេល​បាន​ជាប់​ទោស​ជា​អ្នក​ចែក​ចាយ​ព័ត៌មាន​បំបះ​បំបោរ​ដែល​បរិហារ​កេរ្ដិ៍​រដ្ឋាភិបាល។ សូម្បី​តែ​លូស៊ីល​ដែល​នៅ​តូច​នៅ​ឡើយ​នោះ ក៏​បាន​ជាប់​គុក​ពីរ​ថ្ងៃ​ដែរ។ បង​ប្អូន​បាន​សុំ​លើក​រឿង​ក្ដី​នោះ​ទៅ​តុលាការ​កំពូល​នៅ​ប្រទេស​កាណាដា។ តុលាការ​កំពូល​បាន​យល់​ព្រម​ទទួល​រឿង​ក្ដី​នោះ។

១៤​. ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​មាន​ការ​បៀត​បៀន​នោះ តើ​បង​ប្អូន​នៅ​ខេត្ត​កេបិក​បាន​ធ្វើ​អ្វី?

១៤ ចន្លោះ​ពេល​នោះ នៅ​ខេត្ត​កេបិក​បង​ប្អូន​ប្រុស​ស្រី​ដ៏​អង់អាច​ក្លាហាន​របស់​យើង បាន​បន្ត​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ នៅ​ចំពោះ​មុខ​ការ​វាយ​ប្រហារ​ដ៏​ឃោរ​ឃៅ​ឥត​ឈប់​ឈរ។ ច្រើន​ដង ការ​ខំ​ប្រឹង​របស់​បង​ប្អូន​យើង​បាន​ទទួល​លទ្ធផល​ដ៏​ប្រសើរ​ណាស់។ ក្នុង​អំឡុង​បួន​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៤៦​ពេល​បង​ប្អូន​ចាប់​ផ្ដើម​ចែក​ចាយ​ខិត្តប័ណ្ណ​នោះ ចំនួន​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ខេត្ត​កេបិក​បាន​កើន​ឡើង​ពី​៣០០​ទៅ​១.០០០​នាក់!c

១៥, ១៦​. (​ក​) ក្នុង​រឿង​ក្ដី​របស់​ក្រុម​គ្រួសារ​បង​ប៊ូហ្សេ តើ​តុលាការ​កំពូល​នៅ​ប្រទេស​កាណាដា​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី? (​ខ​) តើ​រឿង​ក្ដី​ដែល​យើង​បាន​ឈ្នះ​នេះ បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​យើង​និង​អ្នក​ឯ​ទៀត?

១៥ នៅ​ខែ​មិថុនា ឆ្នាំ​១៩៥០ តុលាការ​កំពូល​នៃ​ប្រទេស​កាណាដា​ដែល​មាន​ចៅ​ក្រម​៩​នាក់ បាន​បើក​សវនាការ​រឿង​ក្ដី​របស់​បង​អេម៉េ ប៊ូហ្សេ។ ប្រាំមួយ​ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​១៩៥០ តុលាការ​នោះ​បាន​ចេញ​សេចក្ដី​សម្រេច​គាំ​ទ្រ​ខាង​យើង។ ហេតុ​អ្វី? បង​ប្រុស​គ្លេន ហោ ដែល​ជា​មេធាវី​ខាង​សាក្សី​ព្រះ​យេហូវ៉ា បាន​ពន្យល់​ថា តុលាការ​បាន​យល់​ស្រប​នឹង​ការ​ទាញ​ហេតុ​ផល​របស់​មេធាវី​ចុង​ចោទ​ដែល​ប្រាប់​ថា ​«​បទ​បំបះ​បំបោរ​»​ត្រូវ​មាន​ការ​អុជ​អាល​ញុះញង់​ឲ្យ​ប្រើ​ហិង្សា​ឬ​ឲ្យ​ទម្លាក់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​ក្នុង​ខិត្តប័ណ្ណ​របស់​យើង​«​គ្មាន​អ្វី​ដែល​បំផុស​បំផុល​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ ហេតុ​នេះ ខិត្តប័ណ្ណនោះ​ស្រប​តាម​គោល​ការណ៍​ស្តី​អំពី​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​»។ បង​ហោ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជ័យ​ជម្នះ​មក​យើង​នៅ​ពេល​នោះ​»។d

១៦ សេចក្ដី​សម្រេច​របស់​តុលាការ​ពិត​ជា​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ណាស់ សម្រាប់​រាជាណាចក្រ​របស់​ព្រះ ហើយ​នោះ​ក៏​នាំ​ឲ្យ​ពាក្យ​បណ្ដឹង​១២២​នៅ​ខេត្ត​កេបិក​ដែល​គេ​ប្ដឹង​សាក្សី​ព្រះ​យេហូវ៉ា​ពី​បទ​បំបះ​បំបោរ​បាន​ត្រូវ​លើក​ចោល។ ម្យ៉ាង​ទៀត សេចក្ដី​សម្រេច​របស់​តុលាការ​មាន​ន័យ​ថា ពល​រដ្ឋ​នៅ​ប្រទេស​កាណាដា​និង​ប្រទេស​ឯ​ទៀត​ដែល​ធ្លាប់​ជា​ចំណុះ​ប្រទេស​អង់គ្លេស មាន​សេរី​ភាព​បញ្ចេញ​ទស្សនៈ​អំពី​រដ្ឋាភិបាល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នេះ​មាន​ន័យ​ថា​ការ​វាយ​ប្រហារ​ពី​រដ្ឋាភិបាល​និង​សាសនា​មក​លើ​សិទ្ធិ​សេរី​ភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​បំបាត់​អស់​ទៅ។e

តើ​យើង​ជា​អ្នក​លក់​ដូរ​ឬ​ជា​អ្នក​ខ្នះ​ខ្នែង​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ?

១៧​. តើ​រដ្ឋាភិបាល​ខ្លះ​ព្យាយាម​គ្រប់​គ្រង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៧ ដូច​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​«​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ​»​ឡើយ។ (​សូម​អាន កូរិនថូស​ទី២ ២:១៧​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រដ្ឋាភិបាល​ខ្លះ​ខំ​គ្រប់​គ្រង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង ដោយ​អាង​ច្បាប់​ដែល​ទាក់​ទង​នឹង​ពាណិជ្ជកម្ម។ សូម​ពិចារណា​រឿង​ក្ដី​ពីរ​ស្តី​អំពី​រឿង ថា​តើ​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​លក់​ដូរ​ឬ​ជា​អ្នក​បម្រើ​ព្រះ​វិញ។

១៨, ១៩​. តើ​តាម​របៀប​ណា​ពួក​អាជ្ញាធរ​នៅ​ប្រទេស​ដាណឺម៉ាក​បាន​ព្យាយាម​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង?

១៨ ប្រទេស​ដាណឺម៉ាក: នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៣២ ច្បាប់​ថ្មី​មួយ​ចាប់​ផ្ដើម​មាន​សុពលភាព។ ច្បាប់​នោះ​បញ្ជាក់​ថា​ការ​លក់​សៀវភៅ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​គឺ​ខុស​ច្បាប់។ ក៏​ប៉ុន្តែ​បង​ប្អូន​របស់​យើង​មិន​បាន​សុំ​អាជ្ញាប័ណ្ណ​ទេ។ ស្អែក​ឡើង អ្នក​ផ្សព្វ​ផ្សាយ​ប្រាំ​នាក់​បាន​ផ្សព្វ​ផ្សាយ​ពេញ​មួយ​ថ្ងៃ​នៅ​ក្រុង​រ៉ឺសគីឡឹ ដែល​មាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ខាង​លិច​ក្រុង​កូប៉ែនហាក​ដែល​ជា​រដ្ឋធានី។ លុះ​ផ្សព្វ​ផ្សាយ​ចប់​ហើយ បង​ប្អូន​ឃើញ​ថា​បាត់​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់ គឺ​បង​ប្រុស​អូគូស្ទ ឡេម៉ាន។ ប៉ូលិស​បាន​ចាប់​គាត់ ដោយ​ចោទ​ប្រកាន់​ពី​បទ​លក់​ដូរ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

១៩ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៣២ បង​អូគូស្ទ ឡេម៉ាន​បាន​ចូល​តុលាការ។ គាត់​បាន​ផ្ដល់​សក្ខីភាព​ថា គាត់​បាន​ទៅ​ជួប​មនុស្ស​ដើម្បី​ស្នើ​ផ្ដល់​សៀវភៅ​អំពី​គម្ពីរ តែ​គាត់​បញ្ជាក់​ថា​គាត់​មិន​មែន​ជា​អ្នក​លក់​ដូរ​ទេ។ តុលាការ​យល់​ស្រប​ជា​មួយ​នឹង​គាត់ ដោយ​ប្រកាស​ថា​៖ ​«​ចុង​ចោទ . . . អាច​ចិញ្ចឹម​ជីវិត​បាន។ ម្យ៉ាង​ទៀត គាត់​មិន​បាន​ទទួល​កម្រៃ ហើយ​ក៏​គ្មាន​បំណង​ទទួល​កម្រៃ​ដែរ តាម​ពិត​សកម្មភាព​របស់​គាត់​បាន​នាំ​ឲ្យ​គាត់​អស់​លុយ​កាក់​ទៅ​វិញ​»។ តុលាការ​បាន​គាំ​ទ្រ​សាក្សី​ព្រះ​យេហូវ៉ា ដោយ​ចេញ​សេចក្ដី​សម្រេច​ថា​សកម្មភាព​របស់​បង​ឡេម៉ាន​មិន​អាច​«​ត្រូវ​ចាត់​ទុក​ជា​មុខ​របរ​»​បាន​ឡើយ។ ក៏ប៉ុន្តែ​ពួក​សត្រូវ​របស់​រាស្ត្រ​ព្រះ​បាន​តាំង​ចិត្ត​រា​រាំង​ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ដាណឺម៉ាក​ឲ្យ​ទាល់​តែ​បាន។ (​ទំនុក. ៩៤:២០​) រដ្ឋ​អាជ្ញា​បាន​សុំ​លើក​រឿង​ក្ដី​នោះ​ទៅ​តុលាការ​កំពូល។ ពេល​នោះ តើ​បង​ប្អូន​របស់​យើង​បាន​ធ្វើ​យ៉ាង​ណា?

២០​. តើ​តុលាការ​កំពូល​នៅ​ប្រទេស​ដាណឺម៉ាក​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី ហើយ​តើ​បង​ប្អូន​របស់​យើង​បាន​ធ្វើ​យ៉ាង​ណា​ពេល​ឮ​សេចក្ដី​សម្រេច​នោះ?

២០ មួយ​សប្ដាហ៍​មុន​បើក​សវនាការ​នៅ​តុលាការ​កំពូល សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ប្រទេស​ដាណឺម៉ាក​បាន​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ធម្មតា។ នៅ​ថ្ងៃ​អង្គារ ទី៣ ខែ​តុលា ឆ្នាំ​១៩៣៣ តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​សម្រេច​ដែល​យល់​ស្រប​ជា​មួយ​នឹង​តុលាការ​ជាន់​ទាប​ថា បង​ឡេម៉ាន​មិន​បាន​បំពាន​លើ​ច្បាប់​ទេ។ សេចក្ដី​សម្រេច​នេះ​មាន​ន័យ​ថា​សាក្សី​ព្រះ​យេហូវ៉ា​អាច​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​សេរី។ ដើម្បី​អរគុណ​ព្រះ​យេហូវ៉ា​ដែល​បាន​ផ្ដល់​ជ័យ​ជម្នះ​នេះ បង​ប្អូន​បាន​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​ថែម​ទៀត។ តាំង​ពី​មាន​រឿង​ក្ដី​នោះ បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ដាណឺម៉ាក​អាច​ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​ទៀត​ឡើយ។

សាក្សីព្រះយេហូវ៉ាមួយជួរឈរកាន់បដានៅប្រទេសដាណឺម៉ាក ក្នុងចន្លោះឆ្នាំ១៩៣០ដល់ឆ្នាំ១៩៣៩

ពួក​សាក្សី​ដ៏​ក្លាហាន​នៅ​ប្រទេស​ដាណឺម៉ាក​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣០​ដល់​ឆ្នាំ​១៩៣៩

២១, ២២​. ក្នុង​រឿង​ក្ដី​របស់​បង​ប្រុស​ម៉ឺដាក តើ​តុលាការ​កំពូល​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី?

២១ សហរដ្ឋ​អាម៉េរិក: នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៤០ បង​ប្រុស​ម្នាក់​ឈ្មោះ​រ៉ូបឺត ម៉ឺដាក​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ព្រម​ទាំង​សាក្សី​ព្រះ​យេហូវ៉ា​៧​នាក់​ទៀត បាន​ត្រូវ​ចាប់​ខ្លួន​កាល​ដែល​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ជឺណេត ជិត​ក្រុង​ភិតបឺក រដ្ឋ​ប៉ិនស៊ីវ៉ានី។ បង​ប្អូន​ទាំង​នោះ​បាន​ជាប់​ទោស​ពី​បទ​មិន​ទិញ​អាជ្ញាប័ណ្ណ​ដើម្បី​ចែក​ជូន​សៀវភៅ។ ពួក​គាត់​បាន​សុំ​លើក​រឿង​ក្ដី​នោះ​ទៅ​តុលាការ​កំពូល​របស់​សហរដ្ឋ​អាម៉េរិក ហើយ​តុលាការ​កំពូល​ព្រម​ទទួល។

២២ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​១៩៤៣ តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​សម្រេច​គាំ​ទ្រ​សាក្សី​ព្រះ​យេហូវ៉ា។ តុលាការ​នោះ​មិន​យល់​ស្រប​នឹង​តម្រូវ​ការ​ដែល​ឲ្យ​ទិញ​អាជ្ញាប័ណ្ណ​ទេ ពី​ព្រោះ​នោះ​«​តម្រូវ​ឲ្យ​ចេញ​លុយ​សម្រាប់​អ្វី​មួយ​ដែល​រដ្ឋ​ធម្មនុញ្ញ​ផ្ដល់​ឲ្យ​ជា​សិទ្ធិ​សេរី​ភាព​តែ​ម្ដង​»។ តុលាការ​នោះ​បាន​ធ្វើ​ឲ្យ​ច្បាប់​ក្រុង​នោះ​ទៅ​ជា​មោឃ ដោយ​ថា​នោះ​«​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​ខាង​ការ​ផ្សាយ​ព័ត៌មាន​និង​ក៏​បំពាន​លើ​សិទ្ធិ​ប្រតិបត្ដិ​សាសនា​ដែរ​»។ ពេល​ដែល​ចៅ​ក្រម​ឈ្មោះ​វីល្លាម ដឺក្លេស បញ្ជាក់​អំពី​សេចក្ដី​សម្រេច​របស់​ចៅ​ក្រម​ភាគ​ច្រើន គាត់​ប្រាប់​ថា​សកម្មភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា​«​មិន​ត្រឹម​តែ​ជា​ការ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ត្រឹម​តែ​ជា​ការ​ចែក​សៀវភៅ​ដែរ។ សកម្មភាព​របស់​ពួក​គេ​រួម​បញ្ចូល​ទាំង​ពីរ​»។ គាត់​និយាយ​បន្ថែម​ថា​៖ ​«​សកម្មភាព​សាសនា​នេះ​គួរ​ចាត់​ទុក​ថា​ជា​អ្វី​ដែល​ថ្លៃ​ថ្នូរ​និង​សំខាន់ . . . ដូច​ការ​គោរព​ប្រណិប័តន៍​នៅ​ក្នុង​វិហារ ឬ​ក៏​ការ​ទេសនា​អំពី​សាសនា​នៅ​ក្នុង​វិហារ​ជា​ដើម​»។

២៣​. ហេតុ​អ្វី​រឿង​ក្ដី​ដែល​យើង​បាន​ឈ្នះ​នៅ​ឆ្នាំ​១៩៤៣​គឺ​សំខាន់​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

២៣ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ជា​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​មួយ​សម្រាប់​រាស្ត្រ​ព្រះ។ នោះ​បាន​បញ្ជាក់​ថា​យើង​ពិត​ជា​អ្នក​កាន់​តាម​គ្រិស្ត មិន​មែន​ជា​អ្នក​លក់​ដូរ​ទេ។ នា​ឆ្នាំ​១៩៤៣ ក្នុង​តុលាការ​កំពូល នៅ​ថ្ងៃ​ដ៏​សំខាន់​ជា​ប្រវត្ដិសាស្ត្រ​នោះ សាក្សី​ព្រះយេហូវ៉ា​បាន​ឈ្នះ​រឿង​ក្ដី​១២​ក្នុង​ចំណោម​រឿង​ក្ដី​១៣​របស់​ពួក​គេ រួម​ទាំង​រឿង​ក្ដី​របស់​បង​ប្រុស​ម៉ឺដាក។ សេចក្ដី​សម្រេច​ក្នុង​រឿង​ក្ដី​ទាំង​នេះ អាច​ត្រូវ​យក​មក​ធ្វើ​ជា​ទី​សំអាង​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​រឿង​ក្ដី​ថ្មី​ៗ ពេល​ដែល​អ្នក​ប្រឆាំង​ខំ​ចោទ​ប្រកាន់​ម្ដង​ទៀត​ថា យើង​គ្មាន​សិទ្ធិ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ជា​សាធារណៈ​ឬ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។

​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»​

២៤​. ពេល​ដែល​រដ្ឋាភិបាល​ដាក់​បម្រាម​លើ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង តើ​យើង​ធ្វើ​យ៉ាង​ណា?

២៤ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ពិត​ជា​អរគុណ​រដ្ឋាភិបាល​ណា​ដែល​ផ្ដល់​សិទ្ធិ​សេរី​ភាព​តាម​ច្បាប់​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ ក៏​ប៉ុន្តែ ពេល​រដ្ឋាភិបាល​ដាក់​បម្រាម​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង យើង​គ្រាន់​តែ​ប្ដូរ​វិធីសាស្ត្រ​ប៉ុណ្ណោះ ហើយ​បន្ត​ផ្សព្វ​ផ្សាយ​ទៀត។ ដូច​ពួក​សាវ័ក ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្ម. ៥:២៩; ម៉ាថ. ២៨:១៩, ២០​) នៅ​ដំណាល​គ្នា​នោះ យើង​សុំ​តុលាការ​លើក​បម្រាម​ចេញ​ពី​សកម្មភាព​របស់​យើង។ សូម​ពិចារណា​អំពី​ឧទាហរណ៍​ពីរ។

២៥, ២៦​. តើ​អ្វី​ខ្លះ​បាន​កើត​ឡើង​នៅ​ប្រទេស​នីការ៉ាហ្គា​ដែល​នាំ​ឲ្យ​មាន​រឿង​ក្ដី​នៅ​តុលាការ​កំពូល ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

២៥ ប្រទេស​នីការ៉ាហ្គា: នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥២ បង​ប្រុស​ដណឹវិន មឹនស្ទឺម៉េន ដែល​ជា​សាសនទូត​និង​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា បាន​ចូល​ការិយាល័យ​អន្ដោប្រវេសន៍​នៅ​ក្រុង​ម៉ាណាក្វា​ដែល​ជា​រដ្ឋធានី។ គាត់​បាន​ត្រូវ​បង្គាប់​ឲ្យទៅ​ជួប​លោក​អាណលដូ ហ្គាសៀ​ដែល​ជា​ប្រធាន​ការិយាល័យ​នោះ។ លោក​ហ្គាសៀ​ប្រាប់​បង​ដណឹវិន​ថា សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​នៅ​ប្រទេស​នីការ៉ាហ្គា បាន​ត្រូវ​«​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​សាសនា​ឬ​ធ្វើ​សកម្មភាព​ឯ​ទៀត​ខាង​សាសនា​»។ បង​ដណឹវិន​សួរ​មូលហេតុ ហើយ​លោក​ហ្គាសៀ​ពន្យល់​ថា សាក្សី​ព្រះ​យេហូវ៉ា​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឲ្យ​ផ្សព្វ​ផ្សាយ​ទេ ហើយ​ក៏​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​ពួក​កុម្មុយនីស្ត​ទៀត។ តើ​អ្នក​ណា​បាន​ចោទ​ប្រកាន់​សាក្សី​ព្រះ​យេហូវ៉ា​ដូច្នេះ? គឺ​ពួក​បព្វជិត​សាសនា​កាតូលិក។

ប្រហែលឆ្នាំ១៩៥៣ មហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ានៅឯវាលក្នុងប្រទេសនីការ៉ាហ្គា

បង​ប្អូន​នៅ​ប្រទេស​នីការ៉ាហ្គា​ក្នុង​អំឡុង​ពេល​មាន​បម្រាម

២៦ ភ្លាម​ៗ​នោះ បង​ដណឹវិន​បាន​សុំ​ក្រសួង​គ្រប់​គ្រង​និង​សាសនា ព្រម​ទាំង​ប្រធានាធិបតី​លោក​អាណាស្ដាស្យូ សូម៉ូសា ហ្គាសៀ ឲ្យ​លើក​បម្រាម​នោះ​ចេញ ប៉ុន្តែ​គឺ​ឥត​ប្រយោជន៍​ទេ។ ដូច្នេះ​បង​ប្អូន​របស់​យើង​បាន​ផ្លាស់​ប្ដូរ​វិធី​ផ្សព្វ​ផ្សាយ។ ពួក​គេ​បិទ​សាល​ប្រជុំ រួច​ជួប​ជុំ​គ្នា​ជា​ក្រុម​តូច​ៗ​វិញ ក៏​បាន​ឈប់​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​ដែរ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ។ នៅ​ដំណាល​គ្នា​នោះ បង​ប្អូន​បាន​ដាក់​សំណូម​ពរ​ទៅ​តុលាការ​កំពូល​ឲ្យ​លើក​បម្រាម​នោះ​ចេញ។ កាសែត​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​បម្រាម​នោះ ថែម​ទាំង​ផ្សាយ​អំពី​សំណូម​ពរ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ កាសែត​ថែម​ទាំង​បាន​ចុះ​ផ្សាយ​ថា តុលាការ​កំពូល​ព្រម​ទទួល​រឿង​ក្ដី​នោះ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​១៩៥៣ តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​សម្រេច​ជា​ឯកច្ឆន្ទ​គាំ​ទ្រ​សាក្សី​ព្រះ​យេហូវ៉ា។ តុលាការ​ឃើញ​ថា​បម្រាម​នោះ​គឺ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ​ដែល​ធានា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​ទស្សនៈ ប្រព្រឹត្ត​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន និង​ប្រតិបត្ដិ​តាម​ជំនឿ​របស់​ខ្លួន។ តុលាការ​ក៏​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​រដ្ឋាភិបាល​និង​សាក្សី​ព្រះ​យេហូវ៉ា​មាន​ទំនាក់​ទំនង​ដូច​ដើម​វិញ។

២៧​. ហេតុ​អ្វី​មនុស្ស​នៅ​ប្រទេស​នីការ៉ាហ្គា​បាន​ភ្ញាក់​ផ្អើល​ពេល​ឮ​សេចក្ដី​សម្រេច​របស់​តុលាការ ហើយ​តើ​បង​ប្អូន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជ័យ​ជម្នះ​នេះ?

២៧ ជន​ជាតិ​នីការ៉ាហ្គា​បាន​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដោយ​ឃើញ​ថា​តុលាការ​កំពូល​គាំ​ទ្រ​សាក្សី​ព្រះ​យេហូវ៉ា។ រហូត​ដល់​ពេល​នោះ អានុភាព​នៃ​បព្វជិត​សាសនា​គឺ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​តុលាការ​មិន​ចង់​ប្រឆាំង​ពួក​គេ​ទេ។ ម្យ៉ាង​ទៀត អំណាច​របស់​រដ្ឋាភិបាល​គឺ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​តុលាការ​មិន​សូវ​ហ៊ាន​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ដែរ។ បង​ប្អូន​របស់​យើង​ជឿ​ជាក់​ថា ពួក​គេ​បាន​ឈ្នះ​រឿង​ក្ដី​នោះ ដោយ​សារ​ស្តេច​របស់​ពួក​គេ​បាន​ការពារ​ពួក​គេ ហើយ​ដោយ​សារ​ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ។—សកម្ម. ១:៨

២៨, ២៩​. រវាង​ឆ្នាំ​១៩៨៤​និង​ឆ្នាំ​១៩៨៦ តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​នៅ​ប្រទេស​ហ្សាអៀ?

២៨ ប្រទេស​ហ្សាអៀ: រវាង​ឆ្នាំ​១៩៨៤​និង​ឆ្នាំ​១៩៨៦ មាន​សាក្សី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​៣៥.០០០​នាក់​នៅ​ប្រទេស​ហ្សាអៀ ដែល​ឥឡូវ​នេះ​ហៅ​ថា​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ដើម្បី​ចាត់​ចែង​សកម្មភាព​រាជាណាចក្រ​ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ទី​នោះ បង​ប្អូន​ចាប់​ផ្ដើម​សង់​ការិយាល័យ​សាខា​ថ្មី។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៨៥ មាន​មហា​សន្និបាត​អន្តរជាតិ​នៅ​ក្រុង​គិនសាសា​ដែល​ជា​រដ្ឋធានី ហើយ​បង​ប្អូន​៣២.០០០​នាក់​ពី​ប្រទេស​ផ្សេង​ៗ​បាន​ចូល​រួម​ពេញ​ពហុ​កីឡាដ្ឋាន​នៅ​ទី​នោះ។ ប៉ុន្តែ​ស្ថានភាព​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​នោះ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​លឿន។ តើ​អ្វី​បាន​កើត​ឡើង?

២៩ បង​ប្រុស​ម៉ាសេល ហ្វីលតូ បាន​បម្រើ​នៅ​ប្រទេស​ហ្សាអៀ​នៅ​សម័យ​នោះ។ គាត់​ជា​សាសនទូត​ពី​ខេត្ត​កេបិក ប្រទេស​កាណាដា ហើយ​គាត់​ធ្លាប់​ទទួល​រង​ការ​បៀត​បៀន​ក្នុង​របប​លោក​ឌូប្ល៉េស៊ី។ គាត់​រៀប​រាប់​អ្វី​ដែល​កើត​ឡើង​ថា​៖ ​«​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​១៩៨៦ បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​បាន​ទទួល​សំបុត្រ​មួយ​ដែល​ប្រាប់​ថា សមាគម​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ហ្សាអៀ​គឺ​ខុស​ច្បាប់​»។ ប្រធានាធិបតី​ឈ្មោះ​ម៉ូប៊ូទូ សេ​សេ សេកូ​បាន​ចុះ​ហត្ថលេខា​លើ​បម្រាម​នោះ។

៣០​. តើ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី ហើយ​នៅ​ទី​បំផុត តើ​ពួក​គេ​បាន​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា?

៣០ ស្អែក​ឡើង មាន​សេចក្ដី​ជូន​ដំណឹង​តាម​វិទ្យុ​ថា​៖ ​«​យើង​នឹង​មិន​ឮ​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​នៅ[​ប្រទេស​ហ្សាអៀ​]ទៀត​ទេ​»។ ភ្លាម​ៗ​ការ​បៀត​បៀន​បាន​ផ្ទុះ​ឡើង។ មនុស្ស​បាន​បំផ្លាញ​សាល​ប្រជុំ ហើយ​បង​ប្អូន​របស់​យើង​បាន​ត្រូវ​គេ​ប្លន់ ចាប់​ខ្លួន ដាក់​គុក និង​វាយ។ សូម្បី​តែ​កូន​ក្មេង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​គុក​ដែរ។ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​១៩៨៨ រដ្ឋាភិបាល​បាន​រឹប​អូស​ទ្រព្យ​សម្បត្ដិ​របស់​អង្គ​ការ​យើង ហើយ​កង​ទ័ព​បាន​បោះ​ទី​តាំង​នៅ​ដី​របស់​ការិយាល័យ​សាខា។ បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​បាន​ធ្វើ​សំណូម​ពរ​ទៅ​ប្រធានាធិបតី​ម៉ូប៊ូទូ ប៉ុន្តែ​ពួក​គេ​មិន​បាន​ទទួល​ចម្លើយ​ទេ។ នៅ​ពេល​នោះ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ គឺ​«​តើ​យើង​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​ឬ​រង់​ចាំ​សិន?​»។ បង​ប្រុស​ធីម៉ូថេ ហូម ដែល​ជា​សាសនទូត​និង​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា រៀប​រាប់​ថា​៖ ​«​យើង​បាន​សុំ​ប្រាជ្ញា​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​»។ ក្រោយ​ពី​បាន​រំពឹង​គិត​ដោយ​អធិដ្ឋាន គណៈ​កម្មាធិការ​បាន​សម្រេច​ចិត្ត​ថា មិន​ទាន់​ដល់​ពេល​ទាម​ទារ​សិទ្ធិ​តាម​ច្បាប់​ទេ។ ផ្ទុយទៅ​វិញ ពួក​គាត់​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ថែ​រក្សា​បង​ប្អូន​និង​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ។

​«​ក្នុង​អំឡុង​ពេល​រឿង​ក្ដី​នោះ យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ផ្លាស់​ប្ដូរ​មែន​»

៣១, ៣២​. តើ​តុលាការ​កំពូល​នៅ​ប្រទេស​ហ្សាអៀ​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​របស់​យើង?

៣១ រាប់​ឆ្នាំ​បាន​កន្លង​ទៅ។ ការ​បៀត​បៀន​ប្រឆាំង​បាន​ថយ​ចុះ ហើយ​មាន​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នោះ​ច្រើន​ជាង​មុន។ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​បាន​សម្រេច​ចិត្ត​ថា គឺ​ដល់​ពេល​ដែល​ពួក​គាត់​គួរ​សុំ​ឲ្យ​តុលាការ​កំពូល​នៃ​ប្រទេស​ហ្សាអៀ​ទទួល​រឿង​ក្ដី​ដើម្បី​លើក​បម្រាម​ចេញ។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ថា តុលាការ​កំពូល​ព្រម​ទទួល​រឿង​ក្ដី​នោះ។ រួច​មក នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៩៣ ជិត​៧​ឆ្នាំ​ក្រោយ​ពី​ប្រធានាធិបតី​បាន​ដាក់​បម្រាម​នោះ តុលាការ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​បាន​បំពាន​លើ​ច្បាប់​ដោយ​ដាក់​បម្រាម​នោះ ហើយ​ពួក​គេ​បាន​លើក​បម្រាម​នោះ​ចេញ។ សូម​គិត​អំពី​អត្ថន័យ​នោះ! ពួក​ចៅ​ក្រម​នៃ​តុលាការ​នោះ​បាន​ប្រថុយ​ជីវិត​ដោយ​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ទៅ​ជា​មោឃ​វិញ! បង​ហូម​ប្រាប់​ថា​៖ ​«​ក្នុង​អំឡុង​ពេល​រឿង​ក្ដី​នោះ យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ផ្លាស់​ប្ដូរ​មែន​»។ (​ដាន. ២:២១​) ជ័យ​ជម្នះ​នេះ​បាន​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​យើង។ ពួក​គេ​យល់​ថា​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​ពួក​គេ បាន​ដឹក​នាំ​រាស្ត្រ​របស់​លោក​ឲ្យ​ដឹង​អំពី​ពេល​ណា​និង​របៀប​ណា​ដែល​ត្រូវ​ចាត់​វិធានការ។

បងស្រីគ្រិស្តសាសនិកពីរនាក់ក្នុងមហាសន្និបាតមួយរបស់សាក្សីព្រះយេហូវ៉ានៅសាធារណរដ្ឋកុងហ្គោ

ពួក​សាក្សី​នៅ​សាធារណរដ្ឋ​កុងហ្គោ​អរ​សប្បាយ ដោយ​សារ​មាន​សេរី​ភាព​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា

៣២ ដោយ​សារ​បម្រាម​នោះ​បាន​ត្រូវ​លើក​ចេញ ការិយាល័យ​សាខា​អាច​អញ្ជើញ​សាសនទូត​មក អាច​កសាង​ការិយាល័យ​សាខា​ថ្មី ហើយ​អាច​នាំ​ចូល​សៀវភៅ។f អ្នក​បម្រើ​របស់​ព្រះ​នៅ​ទូ​ទាំង​ពិភព​លោក​ពិត​ជា​អរ​សប្បាយ​ខ្លាំង​ណាស់ ដោយ​ឃើញ​ថា​ព្រះ​យេហូវ៉ា​រក្សា​ការពារ​ចំណង​មិត្តភាព​រវាង​លោក​និង​រាស្ត្រ​របស់​លោក!—អេ. ៥២:១០

​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ​»​

៣៣​. តើ​យើង​រៀន​អ្វី​ពី​ការ​ពិចារណា​យ៉ាង​ខ្លី​អំពី​រឿង​ក្ដី​ខ្លះ​ដែល​យើង​បាន​ឈ្នះ?

៣៣ ការ​ពិចារណា​អំពី​រឿង​ក្ដី​ផ្សេង​ៗ​របស់​យើង បង្ហាញ​ថា​លោក​យេស៊ូ​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​និង​ប្រាជ្ញា ដែល​ពួក​អ្នក​ប្រឆាំង​រួម​គ្នា​ពុំ​អាច​ជំទាស់​ឬ​ប្រកែក​ឈ្នះ​បាន​ឡើយ​»។ (​សូម​អាន លូកា ២១:១២​-​១៥​) តាម​មើល​ទៅ ជួន​កាល នៅ​សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ខ្លះ​ប្រព្រឹត្ត​ដូច​កាម៉េលៀល ដើម្បី​ការពារ​រាស្ត្រ​របស់​លោក ឬ​លោក​បាន​ជំរុញ​ចិត្ត​ចៅ​ក្រម​និង​មេធាវី​ដែល​មាន​ចិត្ត​ក្លាហាន​ឲ្យ​កាន់​ជំហរ​មាំ​មួន​ខាង​យុត្ដិធម៌។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អាវុធ​របស់​ពួក​អ្នក​ដែល​ប្រឆាំង​យើង​លែង​មាន​ប្រសិទ្ធភាព។ (​សូម​អាន អេសាយ ៥៤:១៧​) ការ​ប្រឆាំង​មិន​អាច​បញ្ឈប់​កិច្ច​ការ​របស់​ព្រះ​បាន​ឡើយ។

៣៤​. ហេតុ​អ្វី​ជា​ការ​អស្ចារ្យ​ដែល​យើង​បាន​ឈ្នះ​រឿង​ក្ដី ហើយ​តើ​នោះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​អ្វី? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ជ័យ​ជម្នះ​ក្នុង​តុលាការ​ជាន់​ខ្ពស់​ដែល​បាន​ជួយ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ជឿន​ទៅ​មុខ​»​)

៣៤ ហេតុ​អ្វី​បាន​ជា​រឿង​ក្ដី​របស់​យើង​គឺ​អស្ចារ្យ​ម្ល៉េះ? សូម​ពិចារណា​អំពី​ចំណុច​ថា សាក្សី​ព្រះ​យេហូវ៉ា​មិន​មែន​ជា​មនុស្ស​ដែល​មាន​មុខ​មាន​មាត់​នោះ​ទេ ហើយ​ពួក​គេ​ក៏​គ្មាន​អានុភាព​ដែរ។ យើង​មិន​បោះ​ឆ្នោត មិន​គាំ​ទ្រ​ប្រតិបត្ដិការ​នយោបាយ​ណា​មួយ ហើយ​ក៏​មិន​ខំ​បញ្ចុះ​បញ្ចូល​អ្នក​នយោបាយ​ដែរ។ ម្យ៉ាង​ទៀត តាម​ធម្មតា សាក្សី​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ជាន់​ខ្ពស់ ជា​បង​ប្អូន​ដែល​គេ​ចាត់​ទុក​ថា​«​មិន​បាន​រៀន​សូត្រ​»​ទេ។ (​សកម្ម. ៤:១៣​) ដូច្នេះ បើ​គិត​តាម​ទស្សនៈ​របស់​មនុស្ស​វិញ តុលាការ​គ្មាន​ហេតុ​កាត់​ក្ដី​គាំ​ទ្រ​ខាង​យើង ហើយ​ឲ្យ​អ្នក​ប្រឆាំង​ដែល​មាន​អំណាច​ខ្លាំង​ខាង​នយោបាយ​ឬ​សាសនា​ចាញ់​ទៅ​វិញ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តុលាការ​បាន​សម្រេច​គាំ​ទ្រ​យើង​ម្ដង​ហើយ​ម្ដង​ទៀត! ជ័យ​ជម្នះ​របស់​យើង​ក្នុង​រឿង​ក្ដី​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​យើង​ជា​«​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ចំពោះ​មុខ​ព្រះ​»។ (​២កូ. ២:១៧​) ដូច្នេះ ដូច​សាវ័ក​ប៉ូល​បាន​បញ្ជាក់​នោះ យើង​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»។—ហេ. ១៣:៦

a រឿង​ក្ដី​នេះ​ដែល​ហៅ​ថា រឿង​ក្ដី​រវាង​លោក​ខេន​វេល​និង​រដ្ឋ​កុនណិចទីកឹត គឺ​ជា​រឿង​ក្ដី​ដំបូង​ក្នុង​ចំណោម​រឿង​ក្ដី​៤៣​នៅ​តុលាការ​កំពូល​ស.រ.អ. ដែល​បង​ប្រុស​ហេដិន ខូវិងថិន​បាន​ធ្វើ​ជា​មេធាវី​ការពារ​បង​ប្អូន។ គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៨។ ប្រពន្ធ​គាត់ ឈ្មោះ​ដ័ររ៉ឺធី​ដែល​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​នៅ​ឆ្នាំ​២០១៥ ក្នុង​អាយុ​៩២​ឆ្នាំ។

b ការ​ចោទ​ប្រកាន់​នេះ​គឺ​ផ្អែក​លើ​ច្បាប់​មួយ​ដែល​បាន​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​១៦០៦។ ច្បាប់​នោះ​ឲ្យ​គណៈ​វិនិច្ឆ័យ​សម្រេច​ថា​ចុង​ចោទ​មាន​ទោស បើ​ពួក​គេ​គិត​ថា អ្វី​ដែល​គាត់​និយាយ​ធ្វើ​ឲ្យ​មនុស្ស​ស្អប់​គ្នា ទោះ​ជា​អ្វី​គាត់​និយាយ​ជា​ការ​ពិត​ក៏​ដោយ។

c នៅ​ឆ្នាំ​១៩៥០ មាន​អ្នក​បម្រើ​ពេញ​ពេល​១៦៤​នាក់​នៅ​ខេត្ត​កេបិក។ នេះ​រួម​បញ្ចូល​បង​ប្អូន​៦៣​នាក់​ដែល​បាន​រៀន​នៅ​សាលា​គីលាត។ បង​ប្អូន​ទាំង​នោះ​បាន​ព្រម​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ខេត្ត​កេបិក ទោះ​ជា​នោះ​ត​ម្រូវ​ឲ្យ​ពួក​គាត់​ជួប​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្រៃ​លែង​ក៏​ដោយ។

d បង​ប្រុស​គ្លេន ហោ ជា​មេធាវី​ដ៏​ក្លាហាន​ម្នាក់ ដែល​បាន​ការពារ​សាក្សី​ព្រះ​យេហូវ៉ា​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​រឿង​ក្ដី​រាប់​រយ​រវាង​ឆ្នាំ​១៩៤៣​និង​ឆ្នាំ​២០០៣​នៅ​ប្រទេស​កាណាដា​និង​នៅ​ប្រទេស​ឯ​ទៀត។

e ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​ក្ដី​នោះ សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​ចំ​បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ​»​ (​“The Battle Is Not Yours, but God’s”​) ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០០០ ទំព័រ​១៨​-​២៤។

f នៅ​ទី​បំផុត កង​ទ័ព​បាន​ចេញ​ពី​ដី​របស់​ការិយាល័យ​សាខា ប៉ុន្តែ​ការិយាល័យ​សាខា​ថ្មី​បាន​ត្រូវ​សាងសង់​នៅ​តំបន់​ផ្សេង។

តើ​រាជាណាចក្រ​គឺ​ពិត​ប្រាកដ​យ៉ាង​ណា​ចំពោះ​អ្នក?

  • តើ​តុលាការ​បាន​បញ្ជាក់​យ៉ាង​ណា​ថា យើង​ជា​អ្នក​បម្រើ​ព្រះ មិន​មែន​ជា​អ្នក​អុកឡុក​សង្គម អ្នក​បំបះ​បំបោរ ឬ​អ្នក​លក់​ដូរ?

  • សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​យើង​នៅ​តែ​ទទួល​ប្រយោជន៍​ពី​រឿង​ក្ដី​ដែល​បង​ប្អូន​យើង​បាន​ឈ្នះ​នៅ​អតីតកាល?

  • ពេល​ដែល​រដ្ឋាភិបាល​ដាក់​បម្រាម​លើ​កិច្ច​បម្រើ​យើង តើ​យើង​ធ្វើ​ដូច​ម្ដេច?

  • បើ​គិត​តាម​ទស្សនៈ​របស់​មនុស្ស ហេតុ​អ្វី​គឺ​អស្ចារ្យ​ម្ល៉េះ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​ឈ្នះ​រឿង​ក្ដី​សំខាន់​ៗ​ច្រើន​យ៉ាង​នេះ?

  • តើ​ការ​ពិចារណា​អំពី​ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​បាន​ពង្រឹង​ជំនឿ​អ្នក​យ៉ាង​ណា?

ប្ដីប្រពន្ធគ្រិស្តសាសនិកផ្សព្វផ្សាយដំណឹងល្អដល់ស្ត្រីម្នាក់នៅមាត់ទ្វារ

ក្រុង​ស្ដារ៉ា ប៉ាសូវ៉ា​នៅ​ប្រទេស​ស៊ែប៊ី

ជ័យ​ជម្នះ​ក្នុង​តុលាការ​ជាន់​ខ្ពស់​ដែល​បាន​ជួយ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ជឿន​ទៅ​មុខ

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៩២៧

ប្រទេស ស្វីស

រឿង​ក្ដី សេរី​ភាព​ប្រតិបត្ដិ​តាម​ជំនឿ។

ហេតុ​ការណ៍ ប៉ូលិស​បញ្ឈប់​បង​ប្រុស​អេដុល យូបឺ កាល​គាត់​កំពុង​ផ្សព្វ​ផ្សាយ រួច​អះអាង​ថា​បង​យូបឺ​កំពុង​រំខាន​ដល់​សន្ដិសុខ​សាសនា។ បន្ទាប់​មក គាត់​ចាប់​ប្រមូល​ខិត្តប័ណ្ណ​គម្ពីរ​របស់​បង​យូបឺ។

សេចក្ដី​សម្រេច នៅ​តុលាការ​កំពូល បង​យូបឺ​តវ៉ា​ថា​ប៉ូលិស​ធ្វើ​ខុស។ តុលាការ​សម្រេច​ថា​ការ​ចាប់​ប្រមូល​ខិត្តប័ណ្ណ​សាសនា​ជា​ការ​រំលោភ​ទៅ​លើ​«​សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​តាម​ជំនឿ​»។

ឥទ្ធិពល សេចក្ដី​សម្រេច​នេះ​នាំ​ឲ្យ​ប៉ូលិស​ឈប់​រំខាន​កិច្ច​បម្រើ​របស់​និស្សិត​គម្ពីរ។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​១៩៣៥

ប្រទេស រ៉ូម៉ានី

រឿង​ក្ដី សិទ្ធិ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។

ហេតុ​ការណ៍ សាក្សី​៦​នាក់​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​សារ​កំពុង​ចែក​ចាយ​សៀវភៅ​ដែល​«​រំខាន​ដល់​សណ្ដាប់​ធ្នាប់​សង្គម​និង​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​»។ បង​ប្អូន​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​គុក​១៥​ថ្ងៃ។

សេចក្ដី​សម្រេច តុលាការ​កំពូល​វិនិច្ឆ័យ​ថា ពួក​សាក្សី​ធ្វើ​សកម្មភាព​ដោយ​សន្ដិវិធី ហើយ​សៀវភៅ​របស់​ពួក​គេ​មិន​បង្ក​បញ្ហា​អ្វី​ដល់​សណ្ដាប់​ធ្នាប់​សង្គម​ទេ។ ពួក​គេ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។

ឥទ្ធិពល សេចក្ដី​សម្រេច​នេះ​ព្រម​ទាំង​សេចក្ដី​សម្រេច​ឯ​ទៀត​ក្នុង​ចំណោម​រឿង​ក្ដី​៥៣០​របស់​ពួក​សាក្សី រវាង​ឆ្នាំ​១៩៣៣​និង​ឆ្នាំ​១៩៣៩ បាន​ធានា​សិទ្ធិ​តាម​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​បង​ប្អូន​បន្ត​ផ្សព្វ​ផ្សាយ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី​បាន។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​១៩៥៣

ប្រទេស ហូឡង់

រឿង​ក្ដី សិទ្ធិ​បោះ​ពុម្ព​ផ្សាយ​មតិ​យោបល់​របស់​ខ្លួន។

ហេតុ​ការណ៍ បង​ប្រុស​ភីធើ ហាវឺណា​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​បាន​បំពាន​លើ​ច្បាប់​ដែល​ឲ្យ​ចែក​សៀវភៅ​ត្រឹម​តែ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ រវាង​ម៉ោង​៩​និង​ម៉ោង​១១​ព្រឹក។

សេចក្ដី​សម្រេច តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​ថា​ច្បាប់​នោះ​តឹង​តែង​ពេក។

ឥទ្ធិពល តាម​សេចក្ដី​សម្រេច​នេះ ច្បាប់​ណា​ដែល​ដាក់​កំហិត​ទៅ​លើ​ការ​ចែក​ចាយ​ព័ត៌មាន​រហូត​ដល់​ធ្វើ​ឲ្យ​សឹង​តែ​ពុំ​អាច​ធ្វើ​សកម្មភាព​នោះ​បាន គឺ​ត្រូវ​ចាត់​ទុក​ជា​មោឃ។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​១៩៥៣

ប្រទេស កាណាដា

រឿង​ក្ដី សិទ្ធិ​សេរី​ភាព​ខាង​ការ​គោរព​ប្រណិប័តន៍​និង​ការ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។

ហេតុ​ការណ៍ ច្បាប់​មួយ​របស់​ក្រុង​កេបិក​ហាមឃាត់​រាល់​សកម្មភាព​ចែក​ចាយ​សៀវភៅ​ឬ​ព័ត៌មាន​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ប៉ូលិស។ បង​ប្រុស​ឡូរីយេ សូមួ​ដែល​ជា​អ្នក​ធ្វើដំណើរ​ត្រួត​ពិនិត្យ បាន​ជាប់​គុក​បី​ខែ​ដោយ​សារបាន​បំពាន​លើ​ច្បាប់​នេះ។

សេចក្ដី​សម្រេច តុលាការ​កំពូល​ប្រកាស​ថា​ការ​អនុវត្តន៍​ច្បាប់​នោះ​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ខុស​ច្បាប់។ តុលាការ​ទទួល​ស្គាល់​ថា​ការ​ចែក​ចាយ​ព័ត៌មាន​អំពី​គម្ពីរ​ជា​សាធារណៈ គឺ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ជា​គ្រិស្ត​សាសនិក ហើយ​សិទ្ធិ​គោរព​ប្រណិប័តន៍​បាន​ត្រូវ​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។

ឥទ្ធិពល សេចក្ដី​សម្រេច​នេះ​លើក​លែង​ការ​ចោទ​ប្រកាន់​១.៦០០​ករណី​នៅ​ខេត្ត​កេបិក។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៨៣

ប្រទេស ស៊ែប៊ី

រឿង​ក្ដី សិទ្ធិ​បោះ​ពុម្ព​ផ្សាយ​មតិ​យោបល់​របស់​ខ្លួន។

ហេតុ​ការណ៍ បង​ស្រី​ពីរ​នាក់​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​សារ​ចែក​ចាយ​សៀវភៅ​អំពី​គម្ពីរ។ ពួក​គេ​ត្រូវ​ជាប់​ចោទ​ពី​បទ​«​រំខាន​សណ្ដាប់​ធ្នាប់​និង​សន្ដិសុខ​សង្គម​»​ ហើយ​ត្រូវ​ជាប់​គុក​ប្រាំ​ថ្ងៃ។

សេចក្ដី​សម្រេច តុលាការ​មិន​ឃើញ​ថា​បង​ស្រី​ទាំង​នោះ​បាន​បំពាន​លើ​ច្បាប់​ណា​មួយ​ទេ ក៏​មិន​ឃើញ​មាន​មូលដ្ឋាន​ណា​សម្រាប់​ចោទ​ថា​ពួក​គេ​បាន​រំខាន​សណ្ដាប់​ធ្នាប់​សង្គម​ដែរ។

ឥទ្ធិពល ក្រោយ​ពី​យើង​ឈ្នះ​រឿង​ក្ដី​នេះ ការ​ចាប់​ខ្លួន​និង​ការ​រឹប​អូស​សៀវភៅ​របស់​យើង​បាន​ថយ​ចុះ។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​១៩៨៦

ប្រទេស ទួរគី

រឿង​ក្ដី សេរី​ភាព​ប្រតិបត្ដិ​តាម​ជំនឿ។

ហេតុ​ការណ៍ ក្រុម​គ្រួសារ​បី​បាន​ទៅ​ចុះ​បញ្ជី​ថា​សាសនា​របស់​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​មក​បង​ប្អូន​២៣​នាក់​បាន​ត្រូវ​ដាក់​គុក​ដោយ​ជាប់​ចោទ​ពី​បទ​ប៉ុន​ប៉ង​ផ្លាស់​ប្ដូរ​របប​នយោបាយ​និង​សង្គម។

សេចក្ដី​សម្រេច តុលាការ​កំពូល​លុប​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប ហើយ​ក៏​លុប​ចោល​ការ​ចោទ​ប្រកាន់​នេះ​ពី​លិខិត​ថ្កោល​ទោស​ដែរ។ នេះ​លើក​ស្ទួយ​សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​តាម​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

ឥទ្ធិពល ក្រោយ​ពី​ចេញ​សេចក្ដី​សម្រេច​នោះ លែង​មាន​ការ​ចាប់​ខ្លួន​ដោយ​សារ​បំពេញ​កិច្ច​បម្រើ​ជា​គ្រិស្ត​សាសនិក ហើយ​ពល​រដ្ឋ​ទាំង​ឡាយ​នៅ​ប្រទេស​ទួរគី​មាន​សិទ្ធិ​សេរី​ភាព​កាន់​តែ​ច្រើន​ឡើង​ខាង​សាសនា។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៩៣

ប្រទេស ក្រិច

រឿង​ក្ដី សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​តាម​សាសនា​របស់​ខ្លួន។

ហេតុ​ការណ៍ នៅ​ឆ្នាំ​១៩៨៦ បង​ប្រុស​មីណូស កូគីណាគីស ត្រូវ​ជាប់​ទោស​ជា​លើក​ទី​១៨ ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វ​ផ្សាយ​សាសនា។ ពី​ឆ្នាំ​១៩៣៨​ដល់​ឆ្នាំ​១៩៩២ ច្បាប់​ប្រទេស​ក្រិច​ដែល​ហាមឃាត់​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​សាសនា បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​១៩.០០០​លើក។

សេចក្ដី​សម្រេច តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​ប្រកាស​ថា ការ​ចាប់​ខ្លួន​នោះ​ជា​ការ​បំពាន​លើ​សិទ្ធិ​សេរី​ភាព​ខាង​គំនិត សមត្ថភាព​វិនិច្ឆ័យ និង​សាសនា ព្រម​ទាំង​ប្រកាស​ថា​ពួក​អាជ្ញាធរ​បាន​រំខាន​ដល់​សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​តាម​សាសនា​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ។ តុលាការ​គាំ​ទ្រ​សាសនា​សាក្សី​ព្រះ​យេហូវ៉ា​ថា ជា​សាសនា​«​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​»។

ឥទ្ធិពល រដ្ឋាភិបាល​ប្រទេស​ក្រិច​បង្គាប់​ពួក​មន្ត្រី​តុលាការ​ទាំង​ឡាយ​មិន​ឲ្យ​បំពាន​លើ​សេចក្ដី​សម្រេច​ក្នុង​រឿង​ក្ដី​បង​កូគីណាគីស។ បង្គាប់​នេះ​បាន​បញ្ឈប់​ការ​ចោទ​ប្រកាន់​មនុស្ស​ពី​បទ​ផ្សព្វ​ផ្សាយ​សាសនា។

ចេញ​សេចក្ដី​សម្រេច ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០២

ប្រទេស សហរដ្ឋ​អាម៉េរិក

រឿង​ក្ដី សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។

ហេតុ​ការណ៍ ភូមិ​ស្ដ្រាថន​នៅ​រដ្ឋ​អូហៃយ៉ូ ចេញ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ណា​ដែល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ត្រូវ​មាន​លិខិត​អនុញ្ញាត។ តុលាការ​ជាន់​ទាប​ផ្សេង​ៗ​សម្រេច​ថា​ច្បាប់​នោះ​គឺ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។

សេចក្ដី​សម្រេច តុលាការ​កំពូល​ទាត់​ចោល​ច្បាប់​នោះ ដោយ​បញ្ជាក់​ថា​នោះ​គឺ​ខុស​រដ្ឋ​ធម្មនុញ្ញ។ តុលាការ​ក៏​បាន​បញ្ជាក់​ឡើង​វិញ​អំពី​សិទ្ធិ​សេរី​ភាព​ប្រតិបត្ដិ​តាម​សាសនា​របស់​ខ្លួន​និង​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។ តុលាការ​លើក​បញ្ជាក់​ថា ពួក​សាក្សី​បាន​ពន្យល់​ថា​«​សិទ្ធិ​ផ្សព្វ​ផ្សាយ​»​របស់​ពួក​គេ​«​មក​ពី​បទ​គម្ពីរ​»។

ឥទ្ធិពល ក្រុង​រាប់​រយ​ឈប់​យក​ច្បាប់​នោះ​ទៅ​អនុវត្ត​លើ​កិច្ច​បម្រើ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក