ជំពូកទី១៤
រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ
១, ២. (ក) តើគោលការណ៍អ្វីបានដឹកនាំអ្នកកាន់តាមលោកយេស៊ូរហូតមកដល់សព្វថ្ងៃនេះ? (ខ) តើសត្រូវរបស់យើងបានព្យាយាមឈ្នះយើងយ៉ាងដូចម្ដេច ហើយតើមានលទ្ធផលយ៉ាងណា?
ពីឡាតជាចៅក្រមមានអំណាចខ្លាំងបំផុតនៅស្រុកអ៊ីស្រាអែលសម័យបុរាណ។ ពេលដែលគាត់កំពុងវិនិច្ឆ័យលោកយេស៊ូ នោះលោកយេស៊ូបានប្រាប់គោលការណ៍មួយដែលបានដឹកនាំអ្នកកាន់តាមពិតប្រាកដរបស់លោករហូតមកដល់សព្វថ្ងៃនេះ។ លោកមានប្រសាសន៍ថា៖«រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើរាជាណាចក្ររបស់ខ្ញុំជារបស់ផងពិភពលោកនេះ ពួកអ្នកបម្រើរបស់ខ្ញុំមុខជាបានតយុទ្ធដើម្បីកុំឲ្យខ្ញុំត្រូវប្រគល់ឲ្យជនជាតិយូដា។ ប៉ុន្តែរាជាណាចក្ររបស់ខ្ញុំមិនមែនមកពីពិភពលោកនេះទេ»។ (យ៉ូន. ១៨:៣៦) ពីឡាតបានឲ្យគេប្រហារជីវិតលោកយេស៊ូ ប៉ុន្តែជ័យជម្នះរបស់ពួកគេគឺបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ពួកអធិរាជនៃចក្រភពរ៉ូមដ៏ខ្លាំងក្លានោះ ខំបំបាត់ចោលអ្នកកាន់តាមគ្រិស្ត ប៉ុន្តែពួកគេបានបរាជ័យ។ គ្រិស្តសាសនិកបានផ្សាយអំពីរាជាណាចក្រពេញពិភពលោកនៅសម័យបុរាណនោះ។—កូឡ. ១:២៣
២ ក្រោយពីរាជាណាចក្របានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ រដ្ឋាភិបាលខ្លះដែលមានកងទ័ពខ្លាំងក្លាបំផុតបានព្យាយាមបំបាត់ចោលរាស្ត្ររបស់ព្រះ។ ប៉ុន្តែគ្មានរដ្ឋាភិបាលណាមួយឈ្នះយើងឡើយ។ រដ្ឋាភិបាលនិងគណបក្សនយោបាយជាច្រើនបានព្យាយាមបង្ខំយើងឲ្យគាំទ្រពួកគេក្នុងទំនាស់ផ្សេងៗ ប៉ុន្តែពួកគេមិនអាចធ្វើឲ្យយើងបែកសាមគ្គីបានទេ។ សព្វថ្ងៃនេះ រាស្ត្រនៃរាជាណាចក្ររបស់ព្រះរស់នៅសឹងតែគ្រប់ប្រទេសនៅផែនដីនេះ។ ទោះជាយ៉ាងនោះក៏ដោយ យើងរួបរួមគ្នាជាបងប្អូនរួមជំនឿទូទាំងពិភពលោក ដោយសារយើងនៅអព្យាក្រឹតទាំងស្រុងក្នុងរឿងនយោបាយរបស់ពិភពលោកនេះ។ សាមគ្គីភាពរបស់យើងជាភ័ស្តុតាងច្បាស់លាស់ថា រាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រង ហើយថាលោកយេស៊ូគ្រិស្តដែលជាស្តេចរបស់យើង កំពុងដឹកនាំ សម្រិតសម្រាំង និងការពាររាស្ត្ររបស់លោក។ សូមពិចារណាអំពីរបៀបដែលលោកបានធ្វើដូច្នេះ ហើយសូមកត់សម្គាល់នូវរឿងក្ដីខ្លះដែលលោកបានជួយយើងឲ្យឈ្នះ កាលដែលយើង«មិនរួមចំណែកក្នុងពិភពលោក»នេះ។ រឿងក្ដីទាំងនោះនឹងពង្រឹងជំនឿរបស់យើង។—យ៉ូន. ១៧:១៤
រឿងដ៏សំខាន់មួយ
៣, ៤. (ក) តើអ្វីបានកើតឡើងពេលរាជាណាចក្រចាប់ផ្ដើមគ្រប់គ្រង? (ខ) តាំងពីដំបូង តើរាស្ត្រព្រះបានយល់ច្បាស់អំពីអព្យាក្រឹតភាពឬទេ? សូមពន្យល់។
៣ ក្រោយពីរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង មានសង្គ្រាមនៅស្ថានសួគ៌។ បន្ទាប់មក សាថានបានត្រូវបោះទម្លាក់មកផែនដី។ (សូមអាន ការបើកបង្ហាញ ១២:៧-១០, ១២) នៅពេលនោះ ក៏មានសង្គ្រាមនៅផែនដីដែរ ហើយសង្គ្រាមនោះបានសាកល្បងការតាំងចិត្តរបស់រាស្ត្រព្រះ។ ពួកគេបានតាំងចិត្តធ្វើតាមគំរូរបស់លោកយេស៊ូ ដោយមិនរួមចំណែកក្នុងពិភពលោកនេះទេ។ ប៉ុន្តែនៅដើមដំបូង ពួកគេមិនបានយល់ថា ការមិនចូលប្រឡូកក្នុងរឿងនយោបាយគឺពិបាកយ៉ាងណាទេ។
៤ ជាឧទាហរណ៍ ក្បាលទី៦នៃសៀវភៅដែលមានចំណងជើងថា ការចាប់ផ្ដើមនៃរាជ្យមួយពាន់ឆ្នាំ (Millennial Dawn)a ដែលបានត្រូវបោះពុម្ពផ្សាយនៅឆ្នាំ១៩០៤ បានលើកទឹកចិត្តគ្រិស្តសាសនិកមិនឲ្យរួមចំណែកក្នុងសង្គ្រាម។ ក៏ប៉ុន្តែ សៀវភៅនោះបានវែកញែកថា បើគ្រិស្តសាសនិកម្នាក់ត្រូវគេកេណ្ឌឲ្យធ្វើទាហាន គាត់គួរខំរកកិច្ចការណាមួយដែលមិនទាក់ទងនឹងការប្រយុទ្ធ។ បើរកកិច្ចការបែបនោះមិនបានទេ ហើយគាត់ត្រូវគេបញ្ជូនទៅសមរភូមិ គាត់ត្រូវធ្វើយ៉ាងណាមិនសម្លាប់អ្នកឯទៀត។ បងប្រុសហឺបឺត ស៊ីន្យឺ ដែលធ្លាប់រស់នៅប្រទេសអង់គ្លេសនិងបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩០៥ បានរៀបរាប់ថា៖ «ស្តីអំពីរឿងថាគួរឬមិនគួរចូលធ្វើទាហានឲ្យតែធ្វើកិច្ចការដែលមិនរួមបញ្ចូលការប្រយុទ្ធ បងប្អូននៅសម័យនោះមិនបានយល់ច្បាស់ទេ ហើយក៏មិនបានទទួលការណែនាំដ៏ច្បាស់លាស់ដែរ»។
៥. តើទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩១៥ បានជួយកែតម្រូវការយល់ដឹងរបស់យើងយ៉ាងណា?
៥ ក៏ប៉ុន្តែ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៥ បានជួយយើងឲ្យយល់ច្បាស់ជាងអំពីរឿងនេះ។ ស្តីអំពីយោបល់ក្នុងសៀវភៅចំណងជើងថា ការសិក្សាអំពីបទគម្ពីរ (Studies in the Scriptures) អត្ថបទប៉មយាមនោះចែងថា៖ «យើងគិតថាការធ្វើដូច្នោះមានន័យថាយើងលែងស្មោះត្រង់ហើយ»។ ប៉ុន្តែ ចុះបើគ្រិស្តសាសនិកម្នាក់ត្រូវគេគំរាមបាញ់សម្លាប់ ដោយសារមិនព្រមស្លៀកពាក់ឯកសណ្ឋានទាហាននិងបំពេញកាតព្វកិច្ចយោធា? អត្ថបទប៉មយាមនោះវែកញែកថា៖ «តើមួយណាល្អជាង ត្រូវគេបាញ់សម្លាប់ដោយសារយើងស្មោះត្រង់នឹងអង្គម្ចាស់នៃសន្ដិភាព ហើយដោយសារយើងមិនព្រមធ្វើខុសបង្គាប់របស់លោក ឬត្រូវគេបាញ់សម្លាប់កាលដែលយើងកំពុងគាំទ្រនិងធ្វើជាតំណាងរបស់អ្នកគ្រប់គ្រងដែលជាមនុស្ស ហើយបង្ហាញថាយើងលែងធ្វើតាមសេចក្ដីបង្រៀនរបស់ស្តេចយើងដែលនៅស្ថានសួគ៌? យើងយកជម្រើសទី១ គឺស្លាប់ដោយសារយើងស្មោះត្រង់នឹងស្តេចរបស់យើងដែលនៅស្ថានសួគ៌»។ ទោះជាអត្ថបទនោះបានបញ្ជាក់ចំៗដូច្នេះក៏ដោយ ក៏អត្ថបទនោះបានចប់ដោយពាក្យថា៖ «យើងមិនមែនជំរុញបងប្អូនឲ្យធ្វើដូច្នេះទេ យើងគ្រាន់តែជូនយោបល់មួយប៉ុណ្ណោះ»។
៦. តើអ្នកបានរៀនអ្វីពីគំរូបងហឺបឺត ស៊ីន្យឺ?
៦ បងប្អូនខ្លះបានយល់ច្បាស់អំពីគោលជំហរដែលពួកគេត្រូវមាន ហើយពួកគេមិនបានរាថយឡើយ។ បងប្រុសហឺបឺត ស៊ីន្យឺបានបន្តរៀបរាប់ថា៖ «ចំពោះខ្ញុំ ការជួយយកប្រអប់គ្រាប់កាំភ្លើងចេញពីកប៉ាល់[ដែលជាកិច្ចការមួយដែលមិនរួមបញ្ចូលការប្រយុទ្ធ] គឺមិនខុសពីការយកគ្រាប់ទាំងនោះទៅដាក់ក្នុងកាំភ្លើងដើម្បីបាញ់អ្នកឯទៀតទេ»។ (លូក. ១៦:១០) ដោយសារសមត្ថភាពវិនិច្ឆ័យរបស់គាត់មិនឲ្យគាត់ធ្វើទាហាន នោះបងស៊ីន្យឺបានត្រូវដាក់គុក។ មានមនុស្ស១៦នាក់ដែលបានជាប់គុកមួយរយៈពេលនៅគុករីឆ្មិន នៅប្រទេសអង់គ្លេស ដោយសារសមត្ថភាពវិនិច្ឆ័យមិនឲ្យធ្វើសង្គ្រាម។ នៅក្នុងចំណោមពួកគេមានបងស៊ីន្យឺនិងបងប្អូនប្រុស៤នាក់ទៀត។ ក្នុងចំណោម១៦នាក់នោះ មានបុរសពីសាសនាឯទៀត។ ក្រោយមកពួកគេបានត្រូវហៅថាក្រុមរីឆ្មិន១៦នាក់។ នៅពេលមួយ បងស៊ីន្យឺនិងអ្នកឯទៀត បានត្រូវគេនាំទៅសមរភូមិមុខនៅប្រទេសបារាំងដោយលួចលាក់។ នៅទីនោះពួកគាត់បានត្រូវកាត់ទោសឲ្យស្លាប់។ គាត់និងមនុស្សមួយចំនួនទៀតបានត្រូវដាក់ឲ្យតម្រង់ជួរ ដើម្បីឲ្យគេបាញ់សម្លាប់។ ក៏ប៉ុន្តែ នៅទីបំផុត គេមិនបានសម្លាប់ពួកគាត់ទេ។ ផ្ទុយទៅវិញ ទោសនោះបានត្រូវប្ដូរទៅជាទោសជាប់គុក១០ឆ្នាំវិញ។
«ខ្ញុំយល់ថារាស្ត្ររបស់ព្រះត្រូវមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ទោះជាមានសង្គ្រាមក៏ដោយ»។ បងសៃម៉ិន ក្រេកឺ (សូមមើលវគ្គ៧)
៧. មុនសង្គ្រាមលោកលើកទី២ចាប់ផ្ដើម តើរាស្ត្ររបស់ព្រះបានយល់អ្វី?
៧ មុនសង្គ្រាមលោកលើកទី២ផ្ទុះឡើង រាស្ត្ររបស់ព្រះយេហូវ៉ាជាក្រុមបានយល់ច្បាស់ជាងអំពីអត្ថន័យអព្យាក្រឹតភាព ហើយក៏យល់ដែរថាពួកគេត្រូវធ្វើអ្វីដើម្បីធ្វើតាមគំរូរបស់លោកយេស៊ូ។ (ម៉ាថ. ២៦:៥១-៥៣; យ៉ូន. ១៧:១៤-១៦; ១ពេ. ២:២១) ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៣៩ មានអត្ថបទសំខាន់ណាស់ ដែលមានចំណងជើងថា«អព្យាក្រឹតភាព»។ អត្ថបទនោះចែងថា៖ «ឥឡូវនេះ រាស្ត្ររបស់ព្រះយេហូវ៉ា . . . ត្រូវធ្វើតាមគោលការណ៍អំពីអព្យាក្រឹតភាពទាំងស្រុងក្នុងទំនាស់រវាងប្រជាជាតិនានា»។ ស្តីអំពីអត្ថបទនោះ បងប្រុសសៃម៉ិន ក្រេកឺ ដែលក្រោយមកបម្រើនៅមន្ទីរចាត់ការពិភពលោកនាក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក បានរៀបរាប់ថា៖ «ខ្ញុំយល់ថារាស្ត្ររបស់ព្រះត្រូវមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ទោះជាមានសង្គ្រាមក៏ដោយ»។ នោះជាអាហារតាមត្រូវពេល ហើយបានជួយរាស្ត្ររបស់ព្រះឲ្យត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដ៏ខ្លាំងជាប្រវត្ដិសាស្ត្រដែលបានសាកល្បងភាពស្មោះត្រង់របស់ពួកគេចំពោះរាជាណាចក្ររបស់ព្រះ។
ការប្រឆាំងខ្លាំងដូច«ទឹកទន្លេ»ហូរ
៨, ៩. តើទំនាយរបស់សាវ័កយ៉ូហានបានកើតឡើងយ៉ាងដូចម្ដេច?
៨ សាវ័កយ៉ូហានបានប្រកាសទំនាយថា ក្រោយពីរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ នោះសត្វនាគ ដែលជាតំណាងមេកំណាចសាថាន នឹងព្យាយាមបំបាត់ចោលអ្នកដែលគាំទ្ររាជាណាចក្ររបស់ព្រះ ដោយបញ្ចេញទន្លេមួយពីមាត់របស់វា។ ទន្លេនោះជាន័យធៀប។b (សូមអាន ការបើកបង្ហាញ ១២:៩, ១៥) តើទំនាយដែលយ៉ូហានបានប្រកាសនោះកើតឡើងយ៉ាងដូចម្ដេច? ក្នុងចន្លោះឆ្នាំ១៩២០ដល់ឆ្នាំ១៩៣០ ចាប់ផ្ដើមមានការប្រឆាំងរាស្ត្ររបស់ព្រះយ៉ាងខ្លាំង។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បងក្រេកឺនិងបងប្រុសជាច្រើនទៀតនៅអាម៉េរិកខាងជើងបានត្រូវដាក់គុក ដោយសារពួកគាត់ស្មោះត្រង់នឹងរាជាណាចក្ររបស់ព្រះ។ តាមពិត ក្នុងអំឡុងសង្គ្រាមនោះ ពីរភាគបីនៃអ្នកទោសដែលជាប់ពន្ធនាគារនាសហរដ្ឋអាម៉េរិកដោយសារមិនព្រមធ្វើសង្គ្រាមព្រោះសាសនារបស់ខ្លួន គឺជាសាក្សីព្រះយេហូវ៉ា។
៩ មេកំណាចនិងបណ្ដាភ្នាក់ងាររបស់វា បានតាំងចិត្តបំផ្លាញភាពស្មោះត្រង់របស់រាស្ត្រនៃរាជាណាចក្រព្រះ ទោះជាពួកគេរស់នៅកន្លែងណាក្ដី។ ទូទាំងទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក ពួកគេបានត្រូវបញ្ជូនទៅតុលាការនិងគណៈវិនិច្ឆ័យ។ ដោយសារពួកគេបានតាំងចិត្តរក្សាអព្យាក្រឹតភាព ពួកគេបានត្រូវដាក់គុក វាយ និងធ្វើឲ្យពិការ។ នៅប្រទេសអាឡឺម៉ង់ រាស្ត្ររបស់ព្រះបានរងទុក្ខខ្លាំងណាស់ ដោយសារមិនព្រមគោរពហ៊ីត្លែឬគាំទ្រសង្គ្រាម។ តាមការប៉ាន់ស្មាន រាស្ត្ររបស់ព្រះ៦.០០០នាក់បានត្រូវបញ្ជូនទៅជំរំឃុំឃាំងក្នុងរបបណាត្ស៊ី ហើយសាក្សីជាង១.៦០០នាក់ដែលខ្លះជាជនជាតិអាឡឺម៉ង់ ខ្លះជាជនជាតិដទៃ បានស្លាប់ក្នុងកណ្ដាប់ដៃអ្នកធ្វើទារុណកម្ម។ ទោះជាយ៉ាងនោះក៏ដោយ មេកំណាចមិនអាចធ្វើអ្វីដល់រាស្ត្ររបស់ព្រះដែលនាំឲ្យពិបាកជារៀងរហូតនោះទេ។—ម៉ាក. ៨:៣៤, ៣៥
«ផែនដី»លេប«ទន្លេ»នោះ
១០. តើ«ផែនដី»ជាតំណាងអ្វី ហើយតើ«ផែនដី»បានធ្វើអន្តរាគមន៍ដើម្បីជួយរាស្ត្ររបស់ព្រះយ៉ាងដូចម្ដេច?
១០ ទំនាយដែលសាវ័កយ៉ូហានបានសរសេរ បញ្ជាក់ថា«ផែនដី»នឹងលេប«ទន្លេ»នោះឬការបៀតបៀន ហើយដោយធ្វើដូច្នេះផែនដីបានជួយរាស្ត្ររបស់ព្រះ។ «ផែនដី»ជាតំណាងផ្នែកផ្សេងៗនៃរបៀបរបបពិភពលោកនេះ ដែលមានគំនិតសមហេតុសមផល។ តើ«ផែនដី»បានលេប«ទន្លេ»នោះយ៉ាងដូចម្ដេច? ច្រើនដង ក្នុងអំឡុងប៉ុន្មានទសវត្សរ៍បន្ទាប់ពីសង្គ្រាមលោកលើកទី២ «ផែនដី»បានធ្វើអន្តរាគមន៍ដើម្បីជួយអ្នកដែលគាំទ្ររាជាណាចក្ររបស់មេស្ស៊ីយ៉ាងស្មោះត្រង់។ (សូមអាន ការបើកបង្ហាញ ១២:១៦) ជាឧទាហរណ៍ តុលាការផ្សេងៗដែលមានអានុភាពខ្លាំង បានការពារសិទ្ធិសេរីភាពរបស់សាក្សីព្រះយេហូវ៉ាក្នុងការបដិសេធកាតព្វកិច្ចយោធា និងក្នុងការមិនព្រមចូលរួមពិធីស្នេហាជាតិផ្សេងៗ។ មុនបង្អស់ សូមពិចារណារឿងក្ដីសំខាន់ៗខ្លះដែលព្រះយេហូវ៉ាបានឲ្យរាស្ត្ររបស់លោកឈ្នះ ស្តីអំពីការបំពេញកាតព្វកិច្ចយោធា។—ទំនុក. ៦៨:២០
១១, ១២. តើបងស៊ីកឺរេឡឺនិងបងធ្លីមមេណុសបានប្រឈមមុខអ្វី ហើយតើមានលទ្ធផលយ៉ាងណា?
១១ សហរដ្ឋអាម៉េរិក: បងប្រុសអានថូនី ស៊ីកឺរេឡឺ បានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលជាសាក្សីព្រះយេហូវ៉ា ហើយគាត់មានបងប្អូន៦នាក់។ គាត់បានទទួលការជ្រមុជទឹកពេលគាត់មានអាយុ១៥ឆ្នាំ។ ពេលដែលគាត់មានអាយុ២១ឆ្នាំ គាត់បានចុះឈ្មោះនៅការិយាល័យទាហានបម្រុង ដោយប្រាប់ថាគាត់ជាអ្នកបង្ហាត់បង្រៀនសាសនា។ ពីរឆ្នាំក្រោយមក នៅឆ្នាំ១៩៥០ គាត់សុំប្ដូរដាក់ថា គាត់មិនព្រមធ្វើសង្គ្រាមដោយសារសមត្ថភាពវិនិច្ឆ័យមិនអនុញ្ញាត។ ទោះជាទីភ្នាក់ងារស៊ើបការសម្ងាត់យល់ថាសំណូមពររបស់បងស៊ីកឺរេឡឺគ្មានអ្វីខុសក៏ដោយ ក៏នាយកដ្ឋានយុត្ដិធម៌មិនព្រមប្ដូរឲ្យគាត់ទេ។ ក្រោយពីបានចូលតុលាការប៉ុន្មានដង តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកបានទទួលរឿងក្ដីរបស់បងស៊ីកឺរេឡឺ ហើយបានប្ដូរសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដោយសម្រេចគាំទ្របងស៊ីកឺរេឡឺ។ សេចក្ដីសម្រេចនេះបានជួយពលរដ្ឋឯទៀតនៅសហរដ្ឋអាម៉េរិក ដែលមិនព្រមបំពេញកាតព្វកិច្ចយោធា ដោយសារសមត្ថភាពវិនិច្ឆ័យមិនអនុញ្ញាត។
១២ ប្រទេសក្រិច: នៅឆ្នាំ១៩៨៣ បងប្រុសយ៉ាកូវ៉ស ធ្លីមមេណុស បានជាប់ទោសពីបទមិនស្ដាប់បង្គាប់មេបញ្ជាការ ដោយសារគាត់មិនព្រមពាក់ឯកសណ្ឋានទាហាន។ គាត់ត្រូវគេកាត់ទោសឲ្យជាប់គុក។ ក្រោយពីគាត់បានត្រូវដោះលែង គាត់បានដាក់ពាក្យសុំធ្វើការខាងគណនេយ្យ ប៉ុន្តែពាក្យសុំរបស់គាត់បានត្រូវទាត់ចោល ដោយសារក្នុងលិខិតថ្កោលទោសបញ្ជាក់ថាគាត់ធ្លាប់ជាប់ទោស។ គាត់បានប្ដឹងទៅតុលាការ ប៉ុន្តែក្រោយពីចាញ់ក្ដីក្នុងតុលាការទាំងប៉ុន្មាននៅប្រទេសក្រិច គាត់បានប្ដឹងទៅតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប(ECHR)។ នៅឆ្នាំ២០០០ តុលាការសិទ្ធិមនុស្សដែលមានចៅក្រម១៧នាក់ បានចេញសេចក្ដីសម្រេចគាំទ្របងធ្លីមមេណុស ហើយនេះបានទៅជាទីសំអាងសម្រាប់រឿងក្ដីឯទៀតស្តីអំពីការរើសអើង។ មុនសេចក្ដីសម្រេចនេះ បងប្អូនយើងជាង៣.៥០០នាក់ដែលជាជនជាតិក្រិចមានលិខិតថ្កោលទោសដែលបញ្ជាក់ថាពួកគេធ្លាប់ជាប់ទោស ដោយសារបានជាប់គុកព្រោះកាន់ជំហរអព្យាក្រឹត។ បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចគាំទ្រយើង នោះប្រទេសក្រិចបានចេញច្បាប់មួយដើម្បីលុបការចោទប្រកាន់ទាំងនោះចេញពីលិខិតថ្កោលទោសរបស់បងប្អូនទាំងអស់នោះ។ ម្យ៉ាងទៀត ពីរបីឆ្នាំមុននោះ រដ្ឋាភិបាលប្រទេសក្រិចចេញច្បាប់មួយដែលឲ្យពលរដ្ឋក្រិចទាំងអស់មានសិទ្ធិបំពេញកាតព្វកិច្ចស៊ីវិល ជំនួសកាតព្វកិច្ចយោធា។ ពេលរដ្ឋធម្មនុញ្ញរបស់ប្រទេសក្រិចបានត្រូវកែ ច្បាប់នោះបានត្រូវពង្រឹង។
«មុនចូលតុលាការ ខ្ញុំបានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ រួចមក លោកធ្វើឲ្យខ្ញុំមានចិត្តស្ងប់»។ បងអ៊ីវ៉ាយឡូ ស្តេហ្វាណូហ្វ (សូមមើលវគ្គ១៣)
១៣, ១៤. តើមេរៀនអ្វីខ្លះដែលអ្នកគិតថាយើងអាចទាញពីរឿងក្ដីរបស់បងអ៊ីវ៉ាយឡូ ស្តេហ្វាណូហ្វនិងបងវ៉ាហាន បាយ៉ាតយ៉ាន?
១៣ ប្រទេសប៊ុលហ្គារី: នៅឆ្នាំ១៩៩៤ បងប្រុសអ៊ីវ៉ាយឡូ ស្តេហ្វាណូហ្វ បានត្រូវគេកេណ្ឌឲ្យធ្វើទាហាន ពេលគាត់មានអាយុ១៩ឆ្នាំ។ គាត់មិនព្រមធ្វើជាទាហានឬបំពេញកាតព្វកិច្ចណាផ្សេងទៀតដែលចាត់ចែងដោយកងទ័ពទេ។ គាត់បានត្រូវកាត់ទោសឲ្យជាប់គុក១៨ខែ តែគាត់បានលើករឿងក្ដីនោះទៅសាលាឧទ្ធរណ៍ ដោយសារគាត់មានសិទ្ធិបដិសេធកាតព្វកិច្ចយោធាព្រោះសមត្ថភាពវិនិច្ឆ័យមិនអនុញ្ញាត។ នៅទីបំផុត រឿងក្ដីរបស់គាត់បានទៅដល់តុលាការសិទ្ធិមនុស្ស។ នៅឆ្នាំ២០០១ មុនតុលាការសិទ្ធិមនុស្សបើកសវនាការ រដ្ឋាភិបាលបានស្រុះស្រួលគ្នាជាមួយនឹងបងស្តេហ្វាណូហ្វ។ រដ្ឋាភិបាលមិនគ្រាន់តែលើកលែងទោសឲ្យបងស្តេហ្វាណូហ្វប៉ុណ្ណោះទេ តែក៏បានលើកលែងទោសឲ្យពលរដ្ឋប៊ុលហ្គារីទាំងអស់ដែលសុខចិត្តបំពេញកាតព្វកិច្ចស៊ីវិល ជំនួសកាតព្វកិច្ចយោធា។c
១៤ ប្រទេសអាមេនី: នៅឆ្នាំ២០០១ បងប្រុសវ៉ាហាន បាយ៉ាតយ៉ាន គ្រប់អាយុតាមច្បាប់សម្រាប់កាតព្វកិច្ចយោធាដែលរដ្ឋាភិបាលតម្រូវឲ្យបំពេញ។d គាត់មិនព្រមធ្វើទាហាន ដោយផ្អែកលើសមត្ថភាពវិនិច្ឆ័យរបស់គាត់ ប៉ុន្តែគាត់បានចាញ់ក្ដីក្នុងតុលាការទាំងអស់នៅប្រទេសអាមេនី។ នៅខែកញ្ញា ឆ្នាំ២០០២ គាត់បានត្រូវកាត់ទោសឲ្យជាប់គុក២ឆ្នាំកន្លះ តែបានត្រូវដោះលែងវិញ ក្រោយពីបានជាប់គុក១០ខែកន្លះ។ ក្នុងអំឡុង១០ខែកន្លះនោះ គាត់បានលើករឿងក្ដីទៅតុលាការសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩ តុលាការនោះក៏ចេញសេចក្ដីសម្រេចឲ្យគាត់ចាញ់ក្ដីដែរ។ សេចក្ដីសម្រេចនេះមើលទៅដូចជាបរាជ័យដ៏ធំណាស់សម្រាប់បងប្អូនប្រុសៗនៅប្រទេសអាមេនីដែលប្រឈមមុខរឿងនេះ។ ក៏ប៉ុន្តែ សភាជាន់ខ្ពស់នៃតុលាការសិទ្ធិមនុស្សបានពិចារណាឡើងវិញអំពីសេចក្ដីសម្រេចនោះ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១ តុលាការបានកាត់ក្ដីគាំទ្របងវ៉ាហាន បាយ៉ាតយ៉ាន។ នេះជាលើកដំបូងដែលតុលាការសិទ្ធិមនុស្សបានទទួលស្គាល់ថា សិទ្ធិបដិសេធកាតព្វកិច្ចយោធាដោយសារជំនឿសាសនារបស់ខ្លួន ត្រូវការពារដោយសិទ្ធិសេរីភាពខាងគំនិត សមត្ថភាពវិនិច្ឆ័យ និងសាសនា។ សេចក្ដីសម្រេចនេះមិនគ្រាន់តែការពារសិទ្ធិរបស់សាក្សីព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏ការពារសិទ្ធិរបស់មនុស្សរាប់រយលាននាក់នៅប្រទេសនានានៅអឺរ៉ុបដែរ។e
បងប្រុសនៅប្រទេសអាមេនីបានត្រូវដោះលែងពីគុក ក្រោយពីតុលាការសិទ្ធិមនុស្សកាត់ក្ដីគាំទ្រពួកគេ
រឿងក្ដីទាក់ទងនឹងពិធីស្នេហាជាតិ
១៥. ហេតុអ្វីរាស្ត្ររបស់ព្រះយេហូវ៉ាមិនព្រមចូលរួមពិធីស្នេហាជាតិ?
១៥ រាស្ត្ររបស់ព្រះយេហូវ៉ា ដែលស្មោះត្រង់នឹងរាជាណាចក្ររបស់មេស្ស៊ី មិនគ្រាន់តែបដិសេធកាតព្វកិច្ចយោធាប៉ុណ្ណោះទេ តែក៏បដិសេធយ៉ាងស្លូតបូតចំពោះការចូលរួមពិធីស្នេហាជាតិដែរ។ ជាពិសេស តាំងពីសង្គ្រាមលោកលើកទី២ មនុស្សទូទាំងពិភពលោកចាប់ផ្ដើមលើកតម្កើងជាតិសាសន៍របស់ខ្លួន។ ពលរដ្ឋនៅប្រទេសជាច្រើនត្រូវសូត្រពាក្យស្បថ ច្រៀងចម្រៀងជាតិ ឬគោរពទង់ជាតិរបស់ប្រទេស ដើម្បីស្បថថាពួកគេនឹងស្មោះត្រង់នឹងប្រទេសកំណើតរបស់ពួកគេ។ ក៏ប៉ុន្តែ យើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាប៉ុណ្ណោះ។ (និក្ខ. ២០:៤, ៥) ជាលទ្ធផល យើងបានទទួលរងការប្រឆាំងយ៉ាងខ្លាំងដូចទឹកទន្លេហូរ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានប្រើ«ផែនដី»ម្ដងទៀត ដើម្បីលេបការបៀតបៀនខ្លះ។ ស្តីអំពីរឿងនេះ សូមកត់សម្គាល់ជ័យជម្នះសំខាន់ៗខ្លះដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងតាមរយៈគ្រិស្ត។—ទំនុក. ៣:៨
១៦, ១៧. តើប្អូនលីល្លាននិងប្អូនវីល្លាម ហ្គោប៊ីតាសបានប្រឈមមុខនឹងអ្វី ហើយតើអ្នកបានរៀនអ្វីពីរឿងក្ដីរបស់ពួកគាត់?
១៦ សហរដ្ឋអាម៉េរិក: នៅឆ្នាំ១៩៤០ តុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានចេញសេចក្ដីសម្រេចឲ្យសាក្សីព្រះយេហូវ៉ាចាញ់ក្ដី ដោយមានចៅក្រមតែម្នាក់ក្នុងចំណោមចៅក្រម៩នាក់សម្រេចចិត្តគាំទ្រយើង។ រឿងក្ដីនោះហៅថាសាលាម៉ៃណឺស្វៀលនិងក្រុមគ្រួសារហ្គោប៊ីទីស។ ប្អូនលីល្លាន ហ្គោប៊ីតាសf អាយុ១២ឆ្នាំ និងប្អូនប្រុសរបស់គាត់ឈ្មោះវីល្លាម អាយុ១០ឆ្នាំ ចង់នៅស្មោះត្រង់នឹងព្រះយេហូវ៉ា ដូច្នេះពួកគាត់មិនព្រមគោរពទង់ជាតិឬសូត្រពាក្យស្បថឡើយ។ ជាលទ្ធផល ពួកគាត់បានត្រូវបណ្ដេញចេញពីសាលា។ រឿងក្ដីរបស់ពួកគាត់បានចូលតុលាការកំពូល ហើយតុលាការនោះបានសម្រេចថាអ្វីដែលសាលានោះបានធ្វើគឺស្របតាមរដ្ឋធម្មនុញ្ញ ពីព្រោះការបណ្ដេញពួកគាត់ចេញពីសាលាជួយឲ្យមាន«សាមគ្គីភាពជាតិ»។ សេចក្ដីសម្រេចនោះបាននាំឲ្យមានការបៀតបៀនខ្លាំងណាស់។ កូនរបស់សាក្សីព្រះយេហូវ៉ាជាច្រើននាក់បានត្រូវបណ្ដេញចេញពីសាលា សាក្សីពេញវ័យបានបាត់បង់ការងារ ហើយសាក្សីមួយចំនួនបានរងអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃពីហ្វូងមនុស្ស។ សៀវភៅមួយដែលមានចំណងជើងថា ភាពរុងរឿងនៃប្រទេសរបស់យើង (The Lustre of Our Country) បញ្ជាក់ថា៖ «ការបៀតបៀនសាក្សីព្រះយេហូវ៉ាពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៣ គឺជាការផ្ទុះឡើងដ៏ធំបំផុតនៃការប្រកាន់សាសនានៅអាម៉េរិក ក្នុងអំឡុងសតវត្សរ៍ទី២០»។
១៧ ប៉ុន្តែជ័យជម្នះរបស់សត្រូវព្រះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅឆ្នាំ១៩៤៣ តុលាការកំពូលបានវិនិច្ឆ័យរឿងក្ដីមួយទៀត ស្រដៀងនឹងរឿងក្ដីរបស់ក្រុមគ្រួសារហ្គោប៊ីទីស។ រឿងក្ដីនោះហៅថាមន្ទីរអប់រំរបស់រដ្ឋវ៉េសវៀហ្សីនីនិងក្រុមគ្រួសារបាណេត។ ក្នុងរឿងក្ដីនេះ តុលាការកំពូលបានកាត់ក្ដីគាំទ្រសាក្សីព្រះយេហូវ៉ា។ នេះជាលើកដំបូងក្នុងប្រវត្ដិសាស្ត្រសហរដ្ឋអាម៉េរិក ដែលតុលាការកំពូលបានប្ដូរសេចក្ដីសម្រេចក្នុងរយៈពេលខ្លីដូច្នេះ។ ក្រោយពីសេចក្ដីសម្រេចនោះ ការបៀតបៀនចំៗទៅលើរាស្ត្ររបស់ព្រះយេហូវ៉ានៅសហរដ្ឋអាម៉េរិកបានរសាយទៅយ៉ាងខ្លាំង។ នៅដំណាលគ្នានោះ សិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់នៅសហរដ្ឋអាម៉េរិកបានត្រូវគោរពច្រើនជាងមុន។
១៨, ១៩. យោងទៅតាមសម្ដីរបស់ប្អូនប៉ាប្លូ បារ៉ូស តើអ្វីបានជួយគាត់ឲ្យកាន់ជំហរមាំមួន ហើយតើអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ាអាចធ្វើតាមគំរូរបស់គាត់យ៉ាងដូចម្ដេច?
១៨ ប្រទេសអាហ្សង់ទីន: នៅឆ្នាំ១៩៧៦ ប្អូនប្រុសប៉ាប្លូនិងប្អូនប្រុសយូហ្គោ បារ៉ូស អាយុ៨ឆ្នាំនិងអាយុ៧ឆ្នាំ បានត្រូវបណ្ដេញចេញពីសាលា ដោយសារពួកគាត់មិនចូលរួមពិធីបង្ហូតទង់ជាតិ។ នៅពេលមួយ នាយិកាសាលាបានច្រានប្អូនប៉ាប្លូនិងវាយក្បាលគាត់។ នាងក៏បានបង្គាប់ឲ្យកុមារទាំងពីរនៅសាលាមួយម៉ោងទៀតក្រោយពីរៀនចប់ ដោយចង់បង្ខំពួកគាត់ឲ្យធ្វើពិធីស្នេហាជាតិ។ ប្អូនប៉ាប្លូនឹកឃើញអំពីការប្រឆាំងនោះ ហើយនិយាយថា៖ «បើគ្មានជំនួយពីព្រះយេហូវ៉ា ខ្ញុំមិនអាចទ្រាំការបង្ខិតបង្ខំឲ្យបោះបង់ចោលភាពស្មោះត្រង់នឹងលោកបានទេ»។
១៩ ពេលដែលរឿងក្ដីនោះបានចូលតុលាការ នោះតុលាការបានកាត់ក្ដីគាំទ្រខាងសាលារៀនដែលបានបណ្ដេញប្អូនប៉ាប្លូនិងប្អូនយូហ្គោ។ ក៏ប៉ុន្តែ រឿងក្ដីនោះបានត្រូវលើកទៅតុលាការកំពូលនៅប្រទេសអាហ្សង់ទីន។ នៅឆ្នាំ១៩៧៩ តុលាការកំពូលបានប្ដូរសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដោយប្រកាសថា៖ «ទោសនោះ[ពោលគឺការបណ្ដេញចេញពីសាលា]គឺខុសរដ្ឋធម្មនុញ្ញដែលផ្ដល់សិទ្ធិឲ្យកុមាររៀន(មាត្រាទី១៤)។ រដ្ឋមានភារកិច្ចធានាឲ្យកុមារទាំងឡាយទទួលការអប់រំបឋមសិក្សា(មាត្រាទី៥)»។ ជ័យជម្នះនោះមានប្រយោជន៍ដល់កូនប្រហែលជា១.០០០នាក់របស់សាក្សីព្រះយេហូវ៉ា។ កុមារខ្លះបានត្រូវសាលាអនុញ្ញាតឲ្យចូលរៀនវិញ ដូចប្អូនប៉ាប្លូនិងប្អូនយូហ្គោ រីឯកុមារផ្សេងទៀតបានត្រូវសាលាឈប់បណ្ដេញ។
ប្អូនៗសាក្សីព្រះយេហូវ៉ាជាច្រើននាក់បានរក្សាភាពស្មោះត្រង់នៅចំពោះមុខការពិបាក
២០, ២១. តើរឿងក្ដីរបស់ប្អូនរ៉ូអេលនិងប្អូនអេមេលី អេមប្រាលីណាកបានពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?
២០ ប្រទេសហ្វីលីពីន: នៅឆ្នាំ១៩៩០ ប្អូនប្រុសរ៉ូអេល អេមប្រាលីណាកg អាយុ៩ឆ្នាំ និងបងស្រីរបស់គាត់ឈ្មោះអេមេលី អាយុ១០ឆ្នាំ បានត្រូវបណ្ដេញចេញពីសាលាជាមួយនឹងសាក្សីព្រះយេហូវ៉ាប្រហែលជា៦៦នាក់ទៀត ដោយសារពួកគេមិនគោរពទង់ជាតិ។ ឪពុករបស់ប្អូនរ៉ូអេលនិងប្អូនអេមេលី ឈ្មោះឡេអូណាដូ ខំវែកញែកជាមួយនឹងពួកនាយកសាលា តែនោះមិនមានប្រយោជន៍ទេ។ កាលដែលរឿងនោះកាន់តែធំទៅៗ បងឡេអូណាដូបានប្ដឹងទៅតុលាការកំពូល។ គាត់គ្មានលុយ ក៏គ្មានមេធាវីការពារដែរ។ ក្រុមគ្រួសារនោះបានអធិដ្ឋានច្រើនដងអស់ពីចិត្តទៅព្រះយេហូវ៉ាដើម្បីសុំការណែនាំពីលោក។ ចន្លោះពេលនោះ កូនៗត្រូវគេចំអកមើលងាយនិងជេរប្រមាថ។ បងឡេអូណាដូគិតថាគាត់មិនអាចឈ្នះរឿងក្ដីនោះបានទេ ដោយសារគាត់គ្មានការបង្ហាត់បង្រៀនផ្នែកច្បាប់ឡើយ។
២១ ក៏ប៉ុន្តែនៅទីបំផុត បងប្រុសម្នាក់ដែលជាមេធាវីឈ្មោះហ្វេលីណូ ហ្គាណាល ដែលធ្លាប់ធ្វើការក្នុងក្រុមមេធាវីល្បីបំផុតមួយនៅប្រទេសហ្វីលីពីន បានធ្វើជាមេធាវីការពារក្រុមគ្រួសារបងឡេអូណាដូ។ នៅពេលមានរឿងក្ដីនេះ បងហ្គាណាលបានឈប់ធ្វើការឲ្យក្រុមមេធាវី ហើយបានទៅជាសាក្សីព្រះយេហូវ៉ា។ ពេលដែលរឿងក្ដីនោះចូលតុលាការកំពូល តុលាការបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទគាំទ្រសាក្សីព្រះយេហូវ៉ា ហើយបានលុបចោលបង្គាប់ដែលឲ្យបណ្ដេញកូនក្មេងពីសាលារៀន។ ម្ដងនេះទៀត អ្នកដែលខំបំផ្លាញភាពស្មោះត្រង់របស់រាស្ត្រព្រះបានបរាជ័យ។
អព្យាក្រឹតភាពនាំឲ្យមានសាមគ្គីភាព
២២, ២៣. (ក) ហេតុអ្វីយើងបានឈ្នះរឿងក្ដីច្រើនម្ល៉េះ? (ខ) ដោយសារយើងមានសន្ដិភាពជាបងប្អូនរួមជំនឿទូទាំងពិភពលោក តើនេះជាទីសំអាងអំពីអ្វី?
២២ ហេតុអ្វីរាស្ត្ររបស់ព្រះយេហូវ៉ាបានឈ្នះរឿងក្ដីច្រើនម្ល៉េះ? ពួកយើងគ្មានអានុភាពនយោបាយឡើយ។ ទោះជាយ៉ាងនោះក្ដី ពីប្រទេសមួយទៅប្រទេសមួយ ហើយពីតុលាការមួយទៅតុលាការមួយ ចៅក្រមដែលមានគំនិតមិនលម្អៀង បានការពារយើងពីការវាយប្រហាររបស់អ្នកប្រឆាំងដ៏ឃោរឃៅ ហើយជាលទ្ធផល សេចក្ដីសម្រេចរបស់ចៅក្រមទាំងនោះបានទៅជាទីសំអាងសម្រាប់រឿងក្ដីឯទៀតនៅថ្ងៃក្រោយ ដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញ។ នេះបង្ហាញច្បាស់ថា គ្រិស្តបានគាំទ្រយើងពេលយើងខំប្រឹងឈ្នះរឿងក្ដី។ (សូមអាន ការបើកបង្ហាញ ៦:២) ហេតុអ្វីយើងតវ៉ាតាមផ្លូវច្បាប់? យើងមិនមែនចង់កែទម្រង់ច្បាប់របស់ប្រទេសទេ។ ផ្ទុយទៅវិញ យើងធ្វើដូច្នេះដើម្បីប្រាកដថាយើងអាចបន្តបម្រើលោកយេស៊ូគ្រិស្តជាស្តេចរបស់យើង ដោយគ្មានអ្វីរារាំង។—សកម្ម. ៤:២៩
២៣ ក្នុងពិភពលោកនេះដែលបែកបាក់គ្នាដោយទំនាស់នយោបាយ និងដែលនាំឲ្យមនុស្សស្អប់គ្នា នោះលោកយេស៊ូគ្រិស្តជាស្តេចរបស់យើងដែលកំពុងគ្រប់គ្រង បានឲ្យពរលើការខំប្រឹងរបស់អ្នកកាន់តាមលោកទូទាំងផែនដី ក្នុងការរក្សាអព្យាក្រឹតភាព។ សាថានបានព្យាយាមបំបែកបំបាក់យើង តែវាបានបរាជ័យ។ រាជាណាចក្ររបស់ព្រះបានប្រមូលមនុស្សរាប់លាននាក់ដែលមិនព្រម«ហាត់រៀនធ្វើសឹកសង្គ្រាម»ទៀតទេ។ គឺជាអព្ភូតហេតុមួយដែលយើងអាចមានសន្ដិភាពជាមួយនឹងបងប្អូនរួមជំនឿទូទាំងពិភពលោក! នេះជាទីសំអាងដែលប្រកែកពុំបានថា រាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រងហើយ!—អេ. ២:៤
a សៀវភៅនេះក៏ត្រូវគេហៅដែរថា ការបង្កើតជាថ្មី (The New Creation)។ ក្រោយមក សៀវភៅការចាប់ផ្ដើមនៃរាជ្យមួយពាន់ឆ្នាំ (Millennial Dawn) បានត្រូវហៅថាការសិក្សាអំពីបទគម្ពីរ (Studies in the Scriptures)។
b ដើម្បីអានការពន្យល់អំពីទំនាយនេះ សូមមើលសៀវភៅដែលមានចំណងជើងថា មិនយូរទៀតការបើកបង្ហាញនឹងត្រូវសម្រេចយ៉ាងអស្ចារ្យ! (Revelation—Its Grand Climax At Hand!) ជំពូកទី២៧ ទំព័រ១៨៤-១៨៦។
c ការស្រុះស្រួលគ្នានេះក៏បានតម្រូវឲ្យរដ្ឋាភិបាលប្រទេសប៊ុលហ្គារីរៀបចំកិច្ចការស៊ីវិលដែលនៅក្រោមការត្រួតពិនិត្យរបស់ជនស៊ីវិល សម្រាប់អស់អ្នកដែលពុំអាចធ្វើទាហានដោយសារសមត្ថភាពវិនិច្ឆ័យមិនអនុញ្ញាត។
d ដើម្បីអានកំណត់ហេតុពេញលេញជាង សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ២៩-៣១ ជាភាសាអង់គ្លេស។
e ក្នុងអំឡុង២០ឆ្នាំ រដ្ឋាភិបាលប្រទេសអាមេនីបានចាប់យុវជនសាក្សីព្រះយេហូវ៉ាជាង៤៥០នាក់ដាក់គុក។ នៅខែវិច្ឆិកា ឆ្នាំ២០១៣ យុវជនចុងក្រោយបានត្រូវដោះលែងពីគុក។
f ក្នុងបញ្ជីតុលាការ ត្រកូលក្រុមគ្រួសារនេះបានត្រូវប្រកបខុស។
g ក្នុងបញ្ជីតុលាការ ត្រកូលនេះបានត្រូវសរសេរខុសថាអ៊ីប្រាលីណាក។