ជីវប្រវត្ដិ
«មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងឲ្យឈ្នះសង្គ្រាម»
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០ ខ្ញុំនៅក្រុងស្ត្រាសបួរដែលជាក្រុងដ៏ស្រស់ស្អាតមួយនាប្រទេសបារាំង។ ប៉ុន្តែ ខ្ញុំមិនមែននៅទីនោះដើម្បីដើរលេងកម្សាន្តនោះទេ។ ខ្ញុំនៅទីនោះ ដោយសារខ្ញុំជាសមាជិកក្រុមមួយដែលមានភារកិច្ចការពារសិទ្ធិរបស់សាក្សីព្រះយេហូវ៉ានៅចំពោះមុខតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប(ECHR)។ រដ្ឋាភិបាលបារាំងបានទាមទារឲ្យសាក្សីព្រះយេហូវ៉ាបង់ពន្ធជិត៦៤លានអ៊ឺរ៉ូ(៨៩លានដុល្លារ) ហើយយើងនៅទីនោះដើម្បីបង្ហាញថា ការទាមទារនោះគឺមិនត្រឹមត្រូវ។ សំខាន់ជាងនេះទៅទៀត រឿងក្ដីនោះគឺជាប់ទាក់ទងនឹងនាមរបស់ព្រះយេហូវ៉ា កេរ្តិ៍ឈ្មោះរបស់រាស្ត្រលោក និងសេរីភាពរបស់ពួកគេក្នុងការគោរពប្រណិប័តន៍លោក។ អ្វីដែលកើតឡើងនៅថ្ងៃនោះបញ្ជាក់ថា «មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងឲ្យឈ្នះសង្គ្រាម»។ (១សាំ. ១៧:៤៧) សូមឲ្យខ្ញុំពន្យល់អំពីរឿងនេះ។
បញ្ហានេះបានចាប់ផ្ដើមនៅចុងទសវត្សរ៍១៩៩០ ពេលរដ្ឋាភិបាលបារាំងបានប្រាប់ថា ការិយាល័យសាខាបារាំងត្រូវបង់ពន្ធចំពោះវិភាគទានដែលបានទទួលរវាងឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៦។ យើងមិនអាចទទួលការកាត់ក្ដីដោយយុត្តិធម៌នៅតុលាការប្រទេសបារាំងបានទេ។ ក្រោយពីយើងបានចាញ់ក្ដីនៅសាលាឧទ្ធរណ៍ រដ្ឋាភិបាលបារាំងបានដកយកលុយជាង៤លាន៥សែនអ៊ឺរ៉ូ(៦លាន៣សែនដុល្លារ)ពីគណនេយ្យធនាគាររបស់ការិយាល័យសាខា។ របៀបតែមួយគត់ដើម្បីទទួលលុយនោះមកវិញ គឺយើងត្រូវលើករឿងក្ដីនេះឡើងទៅតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប។ ប៉ុន្តែ មុនតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុបស្ដាប់រឿងក្ដីនោះ ពួកគេតម្រូវឲ្យយើងនិងក្រុមអ្នកច្បាប់រដ្ឋជួបជាមួយតំណាងតុលាការអឺរ៉ុបដើម្បីដឹងថា យើងអាចសម្រុះសម្រួលគ្នាឬយ៉ាងណាមុនលើករឿងក្ដីនេះទៅតុលាការ។
យើងសន្និដ្ឋានថា តំណាងតុលាការអឺរ៉ុបនឹងស្នើសុំយើងឲ្យបង់ប្រាក់មួយចំនួនដល់រដ្ឋាភិបាលបារាំងដែលពួកគេបានទាមទារ។ ប៉ុន្តែ យើងយល់យ៉ាងច្បាស់ថា ការបង់ប្រាក់សូម្បីតែមួយអ៊ឺរ៉ូគឺបំពានគោលការណ៍គម្ពីរ។ បងប្អូនបានជូនវិភាគទាននោះដើម្បីគាំទ្រកិច្ចការរាជាណាចក្រ។ ដូច្នេះ វិភាគទានរបស់ពួកគេមិនមែនជារបស់រដ្ឋទេ។ (ម៉ាថ. ២២:២១) ទោះជាយ៉ាងនោះក៏ដោយ យើងចូលរួមអង្គប្រជុំនោះដើម្បីបង្ហាញថា យើងគោរពច្បាប់របស់តុលាការអឺរ៉ុប។
ក្រុមអ្នកច្បាប់របស់អង្គការយើងនៅខាងមុខតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប នាឆ្នាំ២០១០
យើងបានប្រជុំក្នុងបន្ទប់ប្រជុំដ៏ស្អាតមួយរបស់តុលាការ។ ភ្លាមៗ តំណាងតុលាការអឺរ៉ុបបាននិយាយថា សាក្សីព្រះយេហូវ៉ាត្រូវបង់ពន្ធខ្លះទៅរដ្ឋាភិបាលបារាំងដែលពួកគេកំពុងទាមទារ។ រួចមក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យសួរគាត់ថា៖ «តើលោកស្រីដឹងឬទេថា រដ្ឋាភិបាលបានយកលុយជាង៤លាន៥សែនអ៊ឺរ៉ូពីគណនេយ្យធនាគាររបស់យើងរួចហើយ?»។
ទឹកមុខរបស់តំណាងតុលាការអឺរ៉ុបបង្ហាញថាគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលក្រុមអ្នកច្បាប់រដ្ឋបានបញ្ជាក់ថាពួកគេបានធ្វើដូច្នេះមែន ទស្សនៈរបស់តំណាងតុលាការអឺរ៉ុបចំពោះរឿងកាត់ក្ដីនោះបានផ្លាស់ប្ដូរទាំងស្រុង។ តំណាងតុលាការអឺរ៉ុបបានស្ដីបន្ទោសពួកគេ ហើយបញ្ឈប់អង្គប្រជុំនោះភ្លាមៗ។ ខ្ញុំទទួលស្គាល់ថាព្រះយេហូវ៉ាបានផ្លាស់ប្ដូរអ្វីៗទាំងអស់ដើម្បីយើងអាចយកឈ្នះរឿងក្ដីនោះ តាមរបៀបដែលយើងមិនអាចរំពឹងទុក។ យើងបានចាកចេញពីកិច្ចប្រជុំនោះទាំងរំភើបចិត្តយ៉ាងខ្លាំង ហើយភ្ញាក់ផ្អើលអំពីអ្វីដែលបានកើតឡើង។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ តុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុបបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទគាំទ្រខាងយើង។ សេចក្ដីសម្រេចនោះបានចែងថា ពន្ធនោះគឺខុសច្បាប់ ហើយបានបង្គាប់រដ្ឋាភិបាលឲ្យសងលុយដែលពួកគេបានដកយក ថែមទាំងបង់ការប្រាក់ទៀតផង! ការកាត់ក្ដីដ៏សំខាន់នេះបានការពារការគោរពប្រណិប័តន៍ពិតនៅប្រទេសបារាំងរហូតមកដល់សព្វថ្ងៃ។ ដូចថ្មដែលធ្លុះចូលក្នុងក្បាលរបស់កូលីយ៉ាតធ្វើឲ្យសង្គ្រាមនោះផ្លាស់ប្ដូរ សំណួរតែមួយគត់នោះដែលយើងមិនបានត្រៀមទុកជាមុន បានធ្វើឲ្យលទ្ធផលនៃរឿងក្ដីនោះផ្លាស់ប្ដូរទាំងស្រុង។ ហេតុអ្វីយើងបានទទួលជ័យជម្នះ? ពីព្រោះដូចដាវីឌបានប្រាប់កូលីយ៉ាត «មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងឲ្យឈ្នះសង្គ្រាម»។—១សាំ. ១៧:៤៥-៤៧
ជ័យជម្នះនេះមិនមែនជារឿងដែលចម្លែកទេ។ រហូតមកដល់សព្វថ្ងៃ ទោះបីជាប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងពីនយោបាយនិងសាសនាក្ដី តុលាការកំពូលនៃ៧០ប្រទេសនិងតុលាការអន្តរជាតិមួយចំនួន បានកាត់ក្ដីគាំទ្រសាក្សីព្រះយេហូវ៉ាឲ្យឈ្នះរឿងក្ដី១.២២៥ករណី។ ជ័យជម្នះខាងច្បាប់ទាំងនេះការពារសិទ្ធិបឋមៗរបស់យើងដូចជា សិទ្ធិទទួលស្គាល់ស្របតាមច្បាប់ជាសាសនា សិទ្ធិផ្សព្វផ្សាយ សិទ្ធិក្នុងការបដិសេធធ្វើពិធីស្នេហាជាតិ និងសិទ្ធិបដិសេធឈាម។
ហេតុអ្វីខ្ញុំចូលរួមក្នុងរឿងកាត់ក្ដីនៅទ្វីបអឺរ៉ុប កាលដែលខ្ញុំបម្រើនៅមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ានៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក?
ខ្ញុំបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលមានចិត្តខ្នះខ្នែងដូចសាសនទូត
ឪពុកខ្ញុំឈ្មោះចច ហើយម្ដាយខ្ញុំឈ្មោះលូសៀល។ ពួកគាត់បានបញ្ចប់វគ្គសិក្សាសាលាគីលាតជំនាន់ទី១២។ កាលដែលពួកគាត់កំពុងបម្រើនៅប្រទេសអេត្យូពី ខ្ញុំបានកើតនៅឆ្នាំ១៩៥៦។ ពួកគាត់បានដាក់ឈ្មោះខ្ញុំថាហ្វីលីព តាមឈ្មោះរបស់«ភីលីព ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អ»នៅសតវត្សរ៍ទី១។ (សកម្ម. ២១:៨) ខ្ញុំមានបងស្រីម្នាក់ឈ្មោះជូឌី និងប្អូនប្រុសម្នាក់ឈ្មោះលែសលី។ ពួកគាត់ក៏បានកើតមកនៅប្រទេសអេត្យូពីដែរ។ នៅឆ្នាំ១៩៥៧ រដ្ឋាភិបាលបានដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង។ ទោះបីជាខ្ញុំនៅក្មេងក៏ដោយ ខ្ញុំចាំយ៉ាងច្បាស់ថា នៅពេលនោះក្រុមគ្រួសារខ្ញុំបានគោរពប្រណិប័តន៍ព្រះដោយលាក់លៀម។ ចំពោះខ្ញុំ នោះគួរឲ្យរំភើបណាស់! ប៉ុន្តែគួរឲ្យស្ដាយ នៅឆ្នាំ១៩៦០ ពួកអាជ្ញាធរបានបង្ខំយើងឲ្យចាកចេញពីប្រទេសនោះ។
បងណេថិន ន័រ(ឆ្វេងបំផុត)ទៅលេងក្រុមគ្រួសាររបស់ខ្ញុំនៅក្រុងអាឌីសអាបេបា ប្រទេសអេត្យូពី នាឆ្នាំ១៩៥៩
ក្រុមគ្រួសាររបស់យើងបានរើទៅក្រុងវីតឈីថឺ រដ្ឋកង់សាស សហរដ្ឋអាម៉េរិក។ ប៉ុន្តែ ឪពុកម្ដាយរបស់ខ្ញុំមិនដែលបាត់បង់សេចក្ដីស្រឡាញ់ចំពោះកិច្ចបម្រើផ្សាយដូចដែលពួកគាត់មានពេលបម្រើជាសាសនទូតទេ។ ពួកគាត់បានបង្រៀនកូនៗឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបម្រើលោកឲ្យអស់ពីចិត្ត។ ខ្ញុំបានទទួលការជ្រមុជទឹកពេលខ្ញុំមានអាយុ១៣ឆ្នាំ។ បីឆ្នាំក្រោយមក ក្រុមគ្រួសាររបស់យើងបានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងនៅក្រុងអារីឃីផា ប្រទេសប៉េរូ។
នៅឆ្នាំ១៩៧៤ ពេលខ្ញុំមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ការិយាល័យសាខាប៉េរូបានចាត់ខ្ញុំនិងបងប្រុសបួននាក់ទៀតឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស។ យើងបានត្រូវចាត់ឲ្យបម្រើនៅកន្លែងដែលគ្មានអ្នកផ្សព្វផ្សាយពីមុនទេ គឺនៅជួរភ្នំអង់ដេស។ នេះរួមបញ្ចូលការផ្សព្វផ្សាយដល់ជនជាតិភាគតិចខេចឆ្វានិងអៃម៉ារ៉ា។ យើងបានធ្វើដំណើរតាមរថយន្តផ្ទះចល័តដែលយើងដាក់ឈ្មោះថាទូកធំ ដោយសារវាមានរាងបួនជ្រុង។ ខ្ញុំមានអនុស្សាវរីយ៍ល្អៗ ពេលគិតអំពីពេលដែលខ្ញុំបង្ហាញជនជាតិភាគតិចទាំងនោះពីគម្ពីរថា មិនយូរទៀតព្រះយេហូវ៉ានឹងបំបាត់ចោលភាពក្រីក្រ ជំងឺ និងសេចក្ដីស្លាប់។ (បប. ២១:៣, ៤) ពួកគេជាច្រើននាក់បានទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
«ទូកធំ» នាឆ្នាំ១៩៧៤
ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅមន្ទីរចាត់ការពិភពលោក
ពេលដែលបងអាល់បឺត ស្រូឌែរដែលជាសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាបានធ្វើទស្សនកិច្ចនៅប្រទេសប៉េរូ នាឆ្នាំ១៩៧៧ គាត់បានលើកទឹកចិត្តខ្ញុំឲ្យដាក់ពាក្យសុំបម្រើនៅបេតអែលនាមន្ទីរចាត់ការពិភពលោក។ ដូច្នេះ ខ្ញុំបានដាក់ពាក្យសុំ ហើយមិនយូរក្រោយមក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំបានចាប់ផ្ដើមបម្រើនៅបេតអែលប៊្រុគ្លីន។ អស់បួនឆ្នាំ ខ្ញុំបានធ្វើការនៅផ្នែកសម្អាតនិងផ្នែកថែទាំ។
នៅថ្ងៃអាពាហ៍ពិពាហ៍របស់យើង នាឆ្នាំ១៩៧៩
នៅខែមិថុនា ឆ្នាំ១៩៧៨ ខ្ញុំបានជួបអេលីសាបិត អាវ៉ាឡូននៅមហាសន្និបាតអន្តរជាតិនាក្រុងញ៉ូវអរលេន រដ្ឋល្វីហ្ស៍ស៊ីយ៉ានណា។ ដូចឪពុកម្ដាយខ្ញុំ ឪពុកម្ដាយរបស់អេលីសាបិតក៏បម្រើព្រះអស់ពីចិត្តដែរ។ អេលីសាបិតបានបម្រើជាអ្នកត្រួសត្រាយពេញពេលអស់បួនឆ្នាំ ហើយគាត់ចង់បន្តក្នុងកិច្ចបម្រើពេញពេលអស់មួយជីវិតរបស់គាត់។ យើងបានបន្តទាក់ទងគ្នា ហើយមិនយូរក្រោយមក យើងបានចាប់ចិត្តស្រឡាញ់គ្នា។ យើងបានរៀបការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៩ ហើយចាប់ផ្ដើមបម្រើនៅបេតអែលជាមួយគ្នា។
បងប្អូននៅក្នុងក្រុមជំនុំប៊្រុគ្លីនអេស្ប៉ាញដែលជាក្រុមជំនុំដំបូងរបស់យើង បានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។ បន្ទាប់ពីនោះ យើងបានបម្រើនៅក្រុមជំនុំបីទៀតដែលប្រកបដោយសេចក្ដីស្រឡាញ់ដែរ។ ក្រុមជំនុំទាំងនោះបានស្វាគមន៍យើងនិងគាំទ្រកិច្ចការរបស់យើងនៅបេតអែល។ យើងឲ្យតម្លៃចំពោះការគាំទ្ររបស់ពួកគេ ព្រមទាំងការគាំទ្រពីមិត្តភក្ដិនិងក្រុមគ្រួសារដែលជួយយើងថែទាំឪពុកម្ដាយរបស់យើងពេលពួកគាត់មានវ័យចាស់។
បងប្អូនបេតអែលនៅក្រុមជំនុំប៊្រុគ្លីនអេស្ប៉ាញ នាឆ្នាំ១៩៨៦
ខ្ញុំចូលរួមតវ៉ារឿងក្ដីខាងច្បាប់
នៅខែមករា ឆ្នាំ១៩៨២ ខ្ញុំភ្ញាក់ផ្អើលដែលខ្ញុំបានទទួលភារកិច្ចបម្រើនៅផ្នែកច្បាប់ក្នុងបេតអែល។ បីឆ្នាំក្រោយមក ខ្ញុំបានត្រូវសុំឲ្យចូលរៀននៅសកលវិទ្យាល័យដើម្បីក្លាយទៅជាមេធាវី។ ខ្ញុំសប្បាយចិត្តពេលខ្ញុំរៀនថា មនុស្សនៅសហរដ្ឋអាម៉េរិកនិងនៅប្រទេសឯទៀតមានសេរីភាពធ្វើអ្វីជាច្រើន ដោយសារសាក្សីព្រះយេហូវ៉ាបានឈ្នះរឿងក្ដីផ្សេងៗ។ រឿងក្ដីសំខាន់ទាំងនោះបានត្រូវសិក្សាយ៉ាងដិតដល់ក្នុងថ្នាក់សិក្សានោះ។
នៅឆ្នាំ១៩៨៦ ពេលខ្ញុំមានអាយុ៣០ឆ្នាំ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យផ្នែកច្បាប់។ ខ្ញុំសប្បាយដែលបេតអែលទុកចិត្តខ្ញុំជាខ្លាំង ទោះបីជាខ្ញុំនៅក្មេងក្ដី។ ប៉ុន្តែ ខ្ញុំក៏ខ្វល់ដែរ ព្រោះខ្ញុំដឹងថានោះមិនមែនជាភារកិច្ចស្រួលទេ ហើយមានអ្វីជាច្រើនដែលខ្ញុំមិនដឹង។
ខ្ញុំបានក្លាយទៅជាមេធាវីនៅឆ្នាំ១៩៨៨។ ប៉ុន្តែពេលនោះខ្ញុំមិនបានដឹងថា ការសិក្សានោះបានប៉ះពាល់យ៉ាងណាដល់ខ្ញុំនិងចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាទេ។ ការអប់រំខ្ពស់អាចធ្វើឲ្យបុគ្គលម្នាក់មានមហិច្ឆតា ហើយមានអារម្មណ៍ថាខ្លួនប្រសើរជាងអ្នកឯទៀតដែលមិនបានទទួលការអប់រំដូចគាត់។ ប៉ុន្តែ អេលីសាបិតបានជួយខ្ញុំ។ គាត់បានជួយខ្ញុំឲ្យមានទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះឡើងវិញ ដូចដែលខ្ញុំធ្លាប់មានមុនរៀនខាងច្បាប់។ នេះត្រូវការពេល តែយូរៗទៅ ខ្ញុំមានចំណងមិត្តភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយនឹងព្រះយេហូវ៉ាម្ដងទៀត។ តាមបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំដឹងថា ការមានចំណេះច្រើន គឺមិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតទេ។ អ្វីដែលពិតជាមានតម្លៃក្នុងជីវិត គឺការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកនិងរាស្ត្ររបស់លោក។
ការការពារដំណឹងល្អ និងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់
ក្រោយពីខ្ញុំបានបញ្ចប់ការសិក្សាខាងច្បាប់ ខ្ញុំបានផ្ដោតអារម្មណ៍ទៅលើការចាត់ចែងកិច្ចការផ្នែកច្បាប់ដែលបេតអែលត្រូវការ ហើយការពារកិច្ចការរាជាណាចក្រនៅចំពោះមុខតុលាការ។ កិច្ចការរបស់ខ្ញុំគឺគួរឲ្យរំភើបចិត្ត ប៉ុន្តែក៏មានការពិបាកដែរ ដោយសារមានអ្វីផ្សេងៗក្នុងអង្គការផ្លាស់ប្ដូរយ៉ាងលឿន។ ជាឧទាហរណ៍ ពីមុនយើងធ្លាប់សុំវិភាគទានសម្រាប់សៀវភៅផ្សេងៗ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩០ ផ្នែកច្បាប់បានត្រូវសុំឲ្យជួយផ្ដល់ការណែនាំអំពីរបៀបឈប់សុំវិភាគទាន។ ក្រោយមក សាក្សីព្រះយេហូវ៉ាបានចែកចាយសៀវភៅដោយឥតគិតថ្លៃ។ នេះសម្រួលកិច្ចការនៅបេតអែលនិងនៅក្នុងកិច្ចបម្រើផ្សាយ ហើយជួយយើងរហូតមកដល់សព្វថ្ងៃឲ្យជៀសវាងពីបញ្ហាដែលជាប់ទាក់ទងនឹងការបង់ពន្ធ។ អ្នកខ្លះគិតថា ការផ្លាស់ប្ដូរនោះនឹងធ្វើឲ្យបាត់បង់ធនធាន ហើយរារាំងកិច្ចការផ្សព្វផ្សាយរបស់យើង។ ប៉ុន្តែ មានអ្វីផ្ទុយបានកើតឡើង។ ចំនួនអ្នកបម្រើព្រះយេហូវ៉ាតាំងពីឆ្នាំ១៩៩០បានកើនឡើងមួយជាពីរ ហើយឥឡូវមនុស្សគ្រប់គ្នាអាចរៀនសៀវភៅដែលមានមូលដ្ឋានពីគម្ពីរដោយឥតគិតថ្លៃ។ ខ្ញុំបានពិសោធដោយផ្ទាល់ខ្លួនថា ការផ្លាស់ប្ដូរធំរបស់អង្គការអាចជោគជ័យបាន ដោយសារតែជំនួយពីព្រះយេហូវ៉ានិងការណែនាំដែលយើងទទួលពីខ្ញុំបម្រើដ៏ស្មោះត្រង់។—ដច. ១៥:២; ម៉ាថ. ២៤:៤៥
យើងមិនគ្រាន់តែឈ្នះរឿងក្ដីនៅតុលាការដោយសារយើងមានមេធាវីល្អប៉ុណ្ណោះទេ តែអ្វីដែលច្រើនតែជំរុញចិត្តពួកអាជ្ញាធរគឺការប្រព្រឹត្តល្អរបស់រាស្ត្រព្រះយេហូវ៉ា។ ខ្ញុំឃើញរឿងនេះកើតឡើងនៅឆ្នាំ១៩៩៨ ពេលសមាជិកគណៈអភិបាលបីនាក់និងប្រពន្ធរបស់ពួកគាត់ចូលរួមមហាសន្និបាតដ៏ពិសេសនៅប្រទេសគុយបា។ ការគោរពនិងសេចក្ដីសប្បុរសរបស់ពួកគាត់បានជំរុញចិត្តពួកអាជ្ញាធរឲ្យជឿជាក់ថាយើងកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ ច្រើនជាងអ្វីដែលយើងនិយាយនៅកិច្ចប្រជុំជាផ្លូវការជាមួយនឹងពួកគេទៅទៀត។
ប៉ុន្តែជួនកាល របៀបតែមួយគត់ដើម្បីកែតម្រូវភាពអយុត្តិធម៌ គឺដោយ«ការពារដំណឹងល្អ និងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់»នៅតុលាការ។ (ភី. ១:៧) ជាឧទាហរណ៍ អស់ជាច្រើនឆ្នាំ ពួកអាជ្ញាធរនៅទ្វីបអឺរ៉ុបនិងនៅប្រទេសកូរ៉េខាងត្បូង មិនបានទទួលស្គាល់សិទ្ធិរបស់យើង ក្នុងការបដិសេធបំពេញកាតព្វកិច្ចយោធាទេ។ ជាលទ្ធផល បងប្អូនប្រុសប្រមាណ១៨.០០០នាក់នៅទ្វីបអឺរ៉ុប និងបងប្អូនប្រុសជាង១៩.០០០នាក់នៅប្រទេសកូរ៉េខាងត្បូងបានជាប់គុក ដោយសារសិទ្ធិបដិសេធកាតព្វកិច្ចយោធាស្ដីអំពីជំនឿសាសនា។
នៅទីបំផុត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១ តុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុបបានសម្រេចរឿងក្ដីរវាងបាយ៉ាតយ៉ាននិងប្រទេសអាមេនី ដែលតម្រូវឲ្យប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុបអនុញ្ញាតឲ្យបំពេញកាតព្វកិច្ចស៊ីវិល សម្រាប់ពួកអ្នកដែលបដិសេធបម្រើខាងយោធាដោយសារជំនឿសាសនា។ ក្រោយមក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានសេចក្ដីសម្រេចស្រដៀងនឹងនេះពីតុលាការធម្មនុញ្ញប្រទេសកូរ៉េខាងត្បូង។ យើងមិនអាចឈ្នះរឿងក្ដីទាំងនេះបានទេ បើមានសូម្បីតែបងប្អូនប្រុសមួយចំនួនតូចមិនកាន់ជំហរអព្យាក្រឹត។
ផ្នែកច្បាប់នៅមន្ទីរចាត់ការនិងនៅការិយាល័យសាខាទូទាំងពិភពលោកកំពុងធ្វើការយ៉ាងនឿយហត់ ដើម្បីការពារសិទ្ធិរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងផ្សព្វផ្សាយអំពីរាជាណាចក្រ។ យើងមានកិត្តិយសតំណាងបងប្អូនដែលជួបការប្រឆាំងពីរដ្ឋាភិបាល។ មិនថាយើងឈ្នះឬចាញ់រឿងក្ដីនៅមុខតុលាការក្ដី យើងធ្វើជាសាក្សីដល់ពួកអភិបាល បណ្ដាស្ដេច និងជនជាតិនានា។ (ម៉ាថ. ១០:១៨) ចៅក្រម តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន និងសាធារណជនជាទូទៅ ត្រូវពិចារណាបទគម្ពីរដែលយើងបានដកស្រង់ដាក់ចូលក្នុងឯកសារជាលាយលក្ខណ៍អក្សរដើម្បីគាំទ្ររឿងក្ដីរបស់យើង។ បុគ្គលដែលមានចិត្តស្មោះរៀនថា សាក្សីព្រះយេហូវ៉ាគឺជាអ្នកណា ហើយថាប្រភពនៃជំនឿរបស់យើងមានមូលដ្ឋានលើអ្វី។ ពួកគេខ្លះបានទៅជាបងប្អូនរួមជំនឿរបស់យើង។
សូមអរគុណព្រះយេហូវ៉ា!
សែសិបឆ្នាំកន្លងមកនេះ ខ្ញុំមានឯកសិទ្ធិធ្វើការជាមួយការិយាល័យសាខានៅទូទាំងពិភពលោកអំពីរឿងដែលទាក់ទងនឹងផ្លូវច្បាប់ ហើយខ្ញុំបាននៅចំពោះមុខតុលាការជាន់ខ្ពស់និងបានជួបពួកមន្ត្រីជាន់ខ្ពស់ជាច្រើន។ ខ្ញុំស្រឡាញ់និងកោតស្ងើចបងប្អូនដែលធ្វើការនៅផ្នែកច្បាប់នៅមន្ទីរចាត់ការពិភពលោក និងបងប្អូនដែលធ្វើការនៅផ្នែកច្បាប់នៅទូទាំងពិភពលោក។ ខ្ញុំមានជីវិតដែលមានន័យខ្លឹមសារនិងទទួលពរជាបរិបូរ។
អេលីសាបិតបានគាំទ្រខ្ញុំដោយស្មោះភក្ដីនិងដោយក្ដីស្រឡាញ់ ក្នុងអំឡុង៤៥ឆ្នាំកន្លងទៅនេះ ទាំងគ្រាសប្បាយទាំងគ្រាពិបាក។ ខ្ញុំកោតស្ងើចគាត់ដោយសារគាត់ធ្វើដូច្នេះ ទោះជាគាត់មានជំងឺដែលធ្វើឲ្យគាត់ខ្សោយកម្លាំងក្ដី។
យើងបានពិសោធដោយផ្ទាល់ខ្លួនថា កម្លាំងនិងជ័យជម្នះ មិនមែនមកពីសមត្ថភាពរបស់យើងទេ។ ដូចដាវីឌបាននិយាយ «ព្រះយេហូវ៉ាជាកម្លាំងដល់រាស្ត្ររបស់លោក»។ (ចសព. ២៨:៨) ពិតណាស់ «មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងឲ្យឈ្នះសង្គ្រាម»។