ការការពារដំណឹងល្អតាមរយៈច្បាប់
ឲ្យតែមនុស្សបានសង់ទីក្រុង នោះក៏គេបានសង់កំផែងមកដែរ។ សំណង់ទាំងនេះគឺបានការពារមែន ជាពិសេសនៅសម័យពីបុរាណ។ ពីលើកំពូលកំផែង នោះពួកអ្នកប្រយុទ្ធអាចការពារកំផែងកុំឲ្យបាក់បែក ឬកុំឲ្យពួកអ្នកវាយប្រហារសម្រុកចូល។ មិនគ្រាន់តែពួកអ្នកដែលរស់នៅក្នុងទីក្រុងប៉ុណ្ណោះទេ ដែលបានការពារនោះ ប៉ុន្តែពួកអ្នកដែលរស់នៅក្នុងភូមិជុំវិញទាំងនោះ ក៏អាចរកជម្រកនៅខាងក្នុងកំផែងដែរ។—សាំយូអែលទី២ ១១:២០-២៤; អេសាយ ២៥:១២
ស្រដៀងគ្នាដែរ ស្មរបន្ទាល់ព្រះយេហូវ៉ាបានសង់កំផែង គឺជាកំផែងតាមរយៈច្បាប់ ដើម្បីការពារ។ កំផែងទាំងនេះមិនបានសង់ឡើង ដើម្បីឲ្យស្មរបន្ទាល់នៅដាច់ឡែកតែឯងពីសង្គមមនុស្សនោះទេ ពីព្រោះស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវគេស្គាល់ជាមនុស្សដែលចូលចិត្តមានគ្នីគ្នា ហើយរួសរាយទៀតផង។ ផ្ទុយទៅវិញ នេះក៏បានពង្រឹងការធានារ៉ាប់រងខាងច្បាប់ នូវសេរីភាពសំរាប់មនុស្សគ្រប់រូប។ (ប្រៀបមើល ម៉ាថាយ ៥:១៤-១៦) នៅពេលដដែលគ្នានេះ កំផែងនេះការពារសិទ្ធិតាមរយៈច្បាប់ ដើម្បីឲ្យគេអាចថ្វាយបង្គំព្រះរបស់គេ ដោយសេរី។ តើអ្វីទៅជាកំផែងនេះ ហើយតើបានត្រូវសង់យ៉ាងដូចម្ដេចដែរ?
ការសង់កំផែងតាមរយៈច្បាប់ដើម្បីការពារ
ទោះបីស្មរបន្ទាល់ព្រះយេហូវ៉ាមានសេរីភាពខាងសាសនាក្នុងប្រទេសភាគច្រើនក៏ដោយ តែក្នុងប្រទេសខ្លះៗវិញ នោះបានត្រូវគេស្អប់វាយលុកដោយអយុត្ដិធម៌ផង។ នៅពេលដែលសេរីភាពរបស់គេត្រូវគេប្រឆាំងក្នុងការថ្វាយបង្គំ ដោយមកជួបជុំគ្នាឬដោយការផ្សាយពីផ្ទះមួយទៅផ្ទះមួយ នោះគេបានរកដោះស្រាយបញ្ហាតាមរយៈច្បាប់។ ក្ដីខាងច្បាប់ដែលទាក់ទងស្មរបន្ទាល់ គឺមានចំនួនរាប់ពាន់នៅជុំវិញផែនដី។a ហើយមិនមែនក្ដីទាំងអស់បានត្រូវមានជ័យជំនះនោះទេ។ ប៉ុន្តែ នៅពេលដែលតុលាការជាន់ទាបនោះវិនិច្ឆ័យប្រឆាំងនឹងគេ នោះគេសុំឲ្យវិនិច្ឆ័យសាជាថ្មីនៅឯតុលាការជាន់ខ្ពស់។ តើមានលទ្ធផលយ៉ាងណាដែរ?
ជាច្រើនទសវត្សក្នុងសតវត្សទី២០នេះ ការមានជ័យជំនះតាមរយៈច្បាប់ក្នុងប្រទេសជាច្រើន បានស្ថាបនាឲ្យមានមូលដ្ឋានដ៏គួរឲ្យទុកចិត្ត ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានពឹងពាក់ក្នុងក្ដីក្រោយទៀត។ ដូចដីឥដ្ឋឬដុំថ្មដែលយកមកបង្រួបកំផែងមួយ នោះសេចក្ដីសម្រេចដ៏ល្អមួយចំនួននេះ ក៏បង្កើតឲ្យមានកំផែងការពារតាមរយៈច្បាប់ដែរ។ ពីកំពូលកំផែងនេះដែលមានមុនៗ នោះស្មរបន្ទាល់បានបន្តដើម្បីតវ៉ារកសេរីភាពខាងសាសនា ដើម្បីប្រតិបត្ដិការថ្វាយបង្គំរបស់គេ។
ឧទាហរណ៍ ចូរពិចារណាមើលក្ដីនៃ ម៉ឺដុក ប្រឆាំងនឹងសហគមន៍នៃរដ្ឋបិនស៊ីវ៉ានី ដែលបានត្រូវកាត់ក្ដីដោយតុលាការជាន់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៤៣។ សំនួរចោទប្រកាន់ក្នុងករណីនេះ គឺដូច្នេះ៖ តើស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវតែមានសំបុត្រអនុញ្ញាតខាងពាណិជ្ជកម្ម ដើម្បីចែកចាយប្រកាសនវត្ថុខាងសាសនារបស់គេឬ? ស្មរបន្ទាល់ព្រះយេហូវ៉ាអះអាងថា គេមិនត្រូវចាំបាច់ធ្វើបែបនេះឡើយ។ កិច្ចការផ្សាយរបស់គេមិនមែន ហើយមិនដែលជាអ្វីខាងពាណិជ្ជកម្មនោះទេ។ គោលដៅរបស់គេគឺមិនមែនរកលុយឡើយ តែដើម្បីផ្សាយដំណឹងល្អវិញ។ (ម៉ាថាយ ១០:៨; កូរិនថូសទី២ ២:១៧) ក្នុងការសម្រេចខាងម៉ឺដុក នោះតុលាការបានយល់ស្របជាមួយនឹងស្មរបន្ទាល់ ដោយថាសេចក្ដីតម្រូវណាមួយចំពោះការបង់ពន្ធសំបុត្រអនុញ្ញាត ជាល័ក្ខខ័ណ្ឌទុកជាមុនចំពោះការចែកចាយប្រកាសនវត្ថុសាសនា គឺឥតត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញឡើយ។b សេចក្ដីសម្រេចនេះបានស្ថាបនាមូលដ្ឋានដ៏សំខាន់មួយ ហើយស្មរបន្ទាល់ព្រះយេហូវ៉ាបានពឹងពាក់ការសម្រេចនោះក្នុងក្ដីមួយចំនួន តាំងពីពេលនោះមក។ សេចក្ដីសម្រេចខាងម៉ឺដុកបានធ្វើជាដុំថ្មមួយ ក្នុងកំផែងការពារតាមរយៈច្បាប់។
ករណីបែបនេះបានសម្រេចជាច្រើនដើម្បីការពារសេរីភាពខាងសាសនា សំរាប់មនុស្សគ្រប់រូប។ ស្តីអំពីអ្វីដែលស្មរបន្ទាល់បានធ្វើ ដើម្បីការពារសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក នោះឯកសារសាមើលឡើងវិញនៃច្បាប់នៅមហាវិទ្យាល័យស៊ីសិនណាធី ចែងថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើការកែឡើងនៃច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសដោយពង្រីកកំរិតនៃការការពារសំរាប់ការនិយាយនិងសាសនា»។
ការពង្រឹងកំផែង
ដោយមានជ័យជំនះមួយៗតាមរយៈច្បាប់ នោះកំផែងក៏បានខ្លាំងឡើងៗ។ ចូរពិចារណាមើលនូវសេចក្ដីសម្រេចខ្លះៗក្នុងទសវត្សនៃឆ្នាំ១៩៩០ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានទទួលប្រយោជន៍ ព្រមទាំងដល់អស់អ្នកដែលស្រឡាញ់សេរីភាពទូទាំងពិភពលោក។
ប្រទេសក្រិក។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩៣ នោះតុលាការនៅអឺរ៉ុបខាងសិទ្ធិមនុស្ស បានជួយគាំទ្រសិទ្ធិនៃប្រជាពលរដ្ឋក្រិក ក្នុងការបង្រៀនជំនឿសាសនារបស់គេដល់អ្នកឯទៀត។ ក្ដីនេះបានទាក់ទង មីនុស កូគីណាឃីស ដែលមានអាយុ៨៤ឆ្នាំនៅពេលនោះ។ ជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា នោះកូគីណាឃីសបានត្រូវគេចាប់ដាក់គុកជាង៦០ដង តាំងពីឆ្នាំ១៩៣៨ បានឡើងតុលាការក្រិក១៨ដង ហើយបានជាប់គុកជាងប្រាំមួយឆ្នាំ។ គាត់បានជាប់ទោសដោយសារនៅក្រោមច្បាប់ក្រិកពីទសវត្ស១៩៣០ ដែលហាមការបញ្ចុះបញ្ចូលខាងសាសនា ជាច្បាប់ដែលនាំឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាជាង២០.០០០នាក់បានត្រូវចាប់ខ្លួន តាំងពីឆ្នាំ១៩៣៨ទៅឆ្នាំ១៩៩២។ តុលាការអឺរ៉ុបបានកាត់ក្ដីថា រដ្ឋាភិបាលសាសន៍ក្រិកបានប្រព្រឹត្តល្មើសច្បាប់នឹងសេរីភាពខាងសាសនា របស់លោកកូគីណាឃីស ហើយបានសងលុយចំនួន១៤៤០០ដុល្លាអាមេរិក។ ក្នុងសេចក្ដីសម្រេចនោះ តុលាការនេះកាត់ក្ដីថា ស្មរបន្ទាល់ព្រះយេហូវ៉ាគឺប្រាកដជា«សាសនាដែលគេស្គាល់»។—សូមមើល ប៉មយាម ១ កញ្ញា ១៩៩៣ ទំព័រ ២៧-៣១។ (ភាសាអង់គ្លេស)
ប្រទេសម៉ិចស្សីកូ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩២ ជំហានដ៏ធំមួយដើម្បីការពារសេរីភាពសាសនា បានត្រូវចាត់វិធានការឡើងក្នុងប្រទេសម៉ិចស្សីកូ។ នៅថ្ងៃនោះ ច្បាប់ខាងសមាគមសាសនា និងការថ្វាយបង្គំជាសាធារណៈ បានត្រូវអនុម័ត។ តាមរយៈច្បាប់នេះ នោះក្រុមសាសនាអាចទទួលឋានៈត្រឹមត្រូវស្របច្បាប់ ជាស្ថាប័នសាសនា ដោយចុះបញ្ជីដែលត្រូវការជាចាំបាច់នោះ។ នៅពេលមុនៗ ស្មរបន្ទាល់ព្រះយេហូវ៉ា ដូចសាសនាឯទៀតដែរក្នុងប្រទេសនេះ មិនបានស្របតាមឋានៈជាស្ថាប័នត្រឹមត្រូវស្របច្បាប់នោះទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៩៣ នោះស្មរបន្ទាល់បានសុំចុះបញ្ជីដែរ។ គួរឲ្យសប្បាយណាស់ គេបានត្រូវចុះឈ្មោះត្រឹមត្រូវស្របច្បាប់ ជា ឡា ធូរេ ឌែល វីជា អេអា និង ឡូសថេស្ទីហ្គុស ឌី យេហូវ៉ា អិន មិកហីកូ អេអា (La Torre del Vigía, A. R., and Los Testigos de Jehová en México, A. R.) ដែលឈ្មោះទាំងពីរនេះជាសមាគមសាសនា។—សូមមើលទស្សនាវដ្ដីភ្ញាក់រឭក ២២ កក្កដា ១៩៩៤ ទំព័រ ១២-១៤។ (ភាសាអង់គ្លេស)
ប្រទេសប្រេហ្ស៊ីល នៅខែវិច្ឆិកា ឆ្នាំ១៩៩០ វិទ្យាស្ថានសន្ដិសុខក្នុងសង្គមនៃប្រទេសប្រេហ្ស៊ីល បានប្រាប់ការិយាល័យសាខាសមាគមប៉មយាម ថាពួកអ្នកបំរើដ៏ស្ម័គ្រចិត្តនៅឯបេតអែល (ឈ្មោះការិយាល័យសាខារបស់ស្មរបន្ទាល់ព្រះយេហូវ៉ា) នឹងត្រូវលែងចាត់ទុកជាអ្នកបំរើសាសនាទៀតហើយ ដូច្នេះនឹងធ្លាក់មកក្រោមច្បាប់កម្មកររបស់ប្រទេសប្រេហ្ស៊ីល។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានសុំឲ្យវិនិច្ឆ័យសាឡើងវិញ។ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៩៦ នោះការិយាល័យក្រុមប្រឹក្សាខាងច្បាប់របស់អគ្គមេធាវីក្នុងទីក្រុងប្រាហ្ស៊ីឡា បានសម្រេចសេចក្ដីគាំទ្រជំហររបស់អ្នកបំរើនៅឯបេតអែល ជាសមាជិកសាសនាដែលមានសណ្ដាប់ធ្នាប់ត្រឹមត្រូវស្របច្បាប់ មិនមែនជានិយោជិតខាងលោកីយ៍នេះទេ។
ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៦ តុលាការជាន់ខ្ពស់បំផុតនៃប្រទេសជប៉ុន បានសម្រេចចិត្តលើរឿងនៃការអប់រំ និងសេរីភាពសាសនា ដែលមានប្រយោជន៍ដល់មនុស្សគ្រប់រូបក្នុងប្រទេសជប៉ុន។ តុលាការនេះបានកាត់សេចក្ដីជាឯកច្ឆ័ន្ទ ថាវិទ្យាល័យនៃក្រុងខូបេ បានប្រព្រឹត្តល្មើសច្បាប់ ដោយបណ្ដេញ ឃូនីហីតូ ខូបាយ៉ាស្ស៊ី ដោយសារគាត់បដិសេធមិនចូលរួមនឹងក្បាច់វាយសឹកនោះ។ ការកាត់សេចក្ដីនេះ ជាលើកដំបូងដែលតុលាជាន់ខ្ពស់ បានសម្រេចចិត្តដែលមានមូលដ្ឋានលើសេរីភាពសាសនា ដែលបានធានាដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន។ ដោយធ្វើតាមមនសិការដែលបានអប់រំដោយព្រះគម្ពីរ នោះស្មរបន្ទាល់ដ៏ក្មេងនេះ មានអារម្មណ៍ថាការហាត់វាយចំបាំងនេះ គឺឥតសមស្របនឹងគោលការណ៍ព្រះគម្ពីរទេ ដូចជាអ្វីដែលមាននៅអេសាយ ២:៤ ដែលចែងថា៖ «គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។ សេចក្ដីសម្រេចរបស់តុលាការបានស្ថាបនាមូលដ្ឋានមួយ សំរាប់ក្ដីនៅអនាគតទៀត។—សូមមើល ប៉មយាម ១ វិច្ឆិកា ១៩៩៦ ទំព័រ ១៩-២១។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៩៨ តុលាការជាន់ខ្ពស់នៅទីក្រុងតូក្យូបានសម្រេចចិត្តដ៏គួរឲ្យកត់សម្គាល់ ដែលស្ថាបនានូវសិទ្ធិរបស់ស្មរបន្ទាល់ម្នាក់ឈ្មោះ មៃសេ ឋាឃីដា ឲ្យបដិសេធការព្យាបាល ដែលឥតសមស្របនឹងសេចក្ដីបង្គាប់របស់ព្រះគម្ពីរ ឲ្យ‹ជៀសវាងពីឈាម›។ (កិច្ចការ ១៥:២៨, ២៩) ក្ដីនេះបានសុំវិនិច្ឆ័យសាជាថ្មី ហើយនឹងចាំមើលថាតើសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់ នឹងប្រព្រឹត្តតាមឬក៏យ៉ាងណា។
ប្រទេសហ្វីលីពីន ក្នុងសេចក្ដីសម្រេចដែលបានចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៣ នោះតុលាការជាន់ខ្ពស់បំផុតរបស់ប្រទេសហ្វីលីពីន បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងក្ដី ដែលទាក់ទងយុវស្មរបន្ទាល់ជាច្រើន ដែលបានត្រូវបណ្ដេញចេញពីសាលា ពីព្រោះដោយឫកពាសមរម្យ គេមិនបានគោរពទង់ជាតិ។
ការសម្រេចសេចក្ដីដ៏ល្អនិមួយៗ គឺហាក់ដូចជាបន្ថែមថ្មឬឥដ្ឋ ដែលពង្រឹងកំផែងការពារតាមច្បាប់ នូវសិទ្ធិស្មរបន្ទាល់ព្រះយេហូវ៉ា និងមនុស្សគ្រប់រូបផងដែរ។
ការការពារកំផែង
ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវចុះបញ្ជីតាមច្បាប់ក្នុង១៥៣ប្រទេស ហើយមានសេរីភាពជាច្រើនតាមច្បាប់ ដូចសាសនាឯទៀតនោះដែរ។ ក្រោយពីបានត្រូវបៀតបៀននិងបម្រាមជាច្រើនទសវត្សក្នុងអឺរ៉ុបខាងកើត និងអតីតប្រទេសសូវៀត នោះស្មរបន្ទាល់ព្រះយេហូវ៉ាឥឡូវនេះ បានត្រូវទទួលស្គាល់តាមច្បាប់ក្នុងប្រទេសអាល់បានី បេឡារុស្ស សាធារណៈរដ្ឋឆេកូ ហ្សកហ្សី ហុងហ្គ្រី រូម៉ានី និងស្លូវ៉ាគី។ ប៉ុន្តែ នៅក្នុងប្រទេសខ្លះសព្វថ្ងៃនេះ ដែលរួមបញ្ចូលប្រទេសខ្លះៗនៅអឺរ៉ុប ដែលមានប្រព័ន្ធច្បាប់ជាយូរយារមកហើយ នោះសិទ្ធិរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា គឺកំពុងតែត្រូវប្រឆាំងនិងបដិសេធយ៉ាងខ្លាំងទៀតផង។ ពួកអ្នកប្រឆាំងគឺកំពុងខំប្រឹងយ៉ាងសកម្ម ដើម្បី«បង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់»ប្រឆាំងនឹងពួកស្មរបន្ទាល់។ (ទំនុកដំកើង ៩៤:២០) តើគេមានប្រតិកម្មយ៉ាងណា?c
ស្មរបន្ទាល់ព្រះយេហូវ៉ាចង់សហប្រតិបត្ដិការជាមួយនឹងរដ្ឋាភិបាលទាំងអស់ ប៉ុន្តែគេក៏ចង់បានសេរីភាពតាមច្បាប់ ដើម្បីនឹងធ្វើការថ្វាយបង្គំរបស់គេដែរ។ នេះហើយជាជំនឿដ៏ស៊ប់របស់គេ ដែលច្បាប់ណាមួយឬសេចក្ដីសម្រេចចិត្តពីតុលាការណា ដែលហាមគេមិនឲ្យធ្វើតាមសេចក្ដីបង្គាប់របស់ព្រះ ដែលរួមបញ្ចូលសេចក្ដីបង្គាប់ឲ្យទៅផ្សាយដំណឹងល្អ នោះគឺគេមិនអាចធ្វើតាមបានទេ។ (ម៉ាកុស ១៣:១០) ប្រសិនបើមិនអាចមានសេចក្ដីព្រមព្រៀងណាមួយដែលប្រកបដោយមេត្រីភាព នោះស្មរបន្ទាល់ព្រះយេហូវ៉ានឹងចាត់វិធានការយកក្ដីនេះទៅឯតុលាការ ដោយស្វែងរកគ្រប់វិធី ដើម្បីឲ្យមានជ័យជំនះឲ្យបានការពារតាមច្បាប់ ចំពោះសិទ្ធិដែលព្រះបានប្រទានឲ្យដើម្បីនឹងធ្វើការថ្វាយបង្គំរបស់គេ។ ស្មរបន្ទាល់ព្រះយេហូវ៉ាមានការទុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះ ដែលថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។—អេសាយ ៥៤:១៧
[កំណត់សម្គាល់]
a បើចង់បានការពិភាក្សាដ៏ល្អិតល្អន់ថែមទៀត អំពីឯកសារតាមរយៈច្បាប់នៃស្មរបន្ទាល់ព្រះយេហូវ៉ា ចូរមើលជំពូកទី៣០ ពីសៀវភៅ ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
b ក្នុងសេចក្ដីសម្រេចខាងម៉ឺដុក នោះតុលាការជាន់ខ្ពស់បំផុត បានប្ដូរបញ្ច្រាសនូវជំហររបស់គេក្នុងករណី ជន្សប្រឆាំងនឹងទីក្រុងអូភីលិកា។ ក្នុងករណីរបស់ជន្ស នោះនៅឆ្នាំ១៩៤២ តុលាការជាន់ខ្ពស់បំផុតជួយគាំទ្រនឹងសេចក្ដីសម្រេចពីតុលាការជាន់ទាប ដែលបានកាត់ឲ្យជាប់ទោសដល់ រ៉ូស្កូ ជន្ស ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា ដែលបានចូលចែកចាយប្រកាសនវត្ថុតាមផ្លូវនៃក្រុងអូភីលិកា រដ្ឋអាឡាបាម៉ា ដោយឥតបង់ពន្ធសំបុត្រអនុញ្ញាត។
c សូមមើលអត្ថបទ«បានត្រូវគេស្អប់ដោយព្រោះជំនឿរបស់គេ» និង«ការការពារសេចក្ដីជំនឿរបស់យើង» នៅទំព័រ ៨-១៨។
[ប្រអប់នៅទំព័រ២០]
ការការពារសិទ្ធិរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា
ការធ្វើទុក្ខបៀតបៀនលើស្មរបន្ទាល់ព្រះយេហូវ៉ា នោះបានត្រូវនាំចំពោះមុខចៅក្រម និងរដ្ឋមន្ត្រីខាងរដ្ឋាភិបាលទូទាំងពិភពលោក។ (លូកា ២១:១២, ១៣) ស្មរបន្ទាល់ព្រះយេហូវ៉ាបានខំប្រឹងក្នុងការការពារសិទ្ធិរបស់គេ។ ការមានជ័យជំនះខាងតុលាការនៅក្នុងប្រទេសជាច្រើន បានជួយការពារនូវសេរីភាពតាមច្បាប់នៃស្មរបន្ទាល់ព្រះយេហូវ៉ា រួមបញ្ចូលសិទ្ធិរបស់គេផងដែរ
◻ ដើម្បីផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ បានត្រូវរួចផុតពីកំរិត បានដាក់មកលើពួកអ្នកលក់ខាងពាណិជ្ជកម្ម—ម៉ឺដុកប្រឆាំងនឹងសហគមន៍នៃរដ្ឋបិនស៊ីវ៉ានី តុលាការជាន់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក (ឆ្នាំ១៩៤៣)។ គីណាឃីសប្រឆាំងនឹងប្រទេសក្រិក តុលាការនៅអឺរ៉ុបខាងសិទ្ធិមនុស្ស (ឆ្នាំ១៩៩៣)។
◻ ដើម្បីមកជួបជុំគ្នាដោយសេរីសំរាប់ការថ្វាយបង្គំ—ម៉ានូសាឃីសនិងអ្នកឯទៀតប្រឆាំងនឹងប្រទេសក្រិក (តុលាការនៅអឺរ៉ុបខាងសិទ្ធិមនុស្សឆ្នាំ១៩៩៦)
◻ ដើម្បីសម្រេចនូវរបៀបដែលគេបង្ហាញការគោរពអស់ពីសម្បជញ្ញៈ ចំពោះទង់ជាតិ—តុលាការជាន់ខ្ពស់បំផុតនៃប្រទេសហ្វីលីពីន (ឆ្នាំ១៩៩៣) តុលាការជាន់ខ្ពស់បំផុតនៃប្រទេសឥណ្ឌា (ឆ្នាំ១៩៨៦)។
◻ ដើម្បីបដិសេធការចូលធ្វើជាទាហាន ដែលបំពានលើមនសិការគ្រីស្ទាន—ជូជីអាឌីសប្រឆាំងនឹងប្រទេសក្រិក (តុលាការនៅអឺរ៉ុបខាងសិទ្ធិមនុស្ស) (ឆ្នាំ១៩៩៧)
◻ ដើម្បីរើសយកការព្យាបាលនិងថ្នាំពេទ្យ ដែលឥតបំពានលើមនសិការរបស់គេ—ម៉ាឡិតប្រឆាំងនឹងហ្សូលម៉ាន ស្រុកអន្ទែរីយ៉ូ ប្រទេសកាណាដា តុលាការសាលាឧទ្ធរណ៍ (ឆ្នាំ១៩៩០)។ ប៉មយាមប្រឆាំងនឹងអ៊ីអិលអេ (E.L.A.) តុលាការជាន់ខ្ពស់ សាន វាន់ ផូធើ រីកូ (ឆ្នាំ១៩៩៥)
◻ ដើម្បីចិញ្ចឹមអប់រំកូនរបស់គេតាមជំនឿដែលមានមូលដ្ឋានលើព្រះគម្ពីរ ទោះជាជំនឿនេះបានត្រូវគេប្រឆាំងក្នុងការជជែកគ្នា ដើម្បីទទួលសិទ្ធិលើកូន—សាញ ឡូរិន ប្រឆាំងនឹង សូស៊ី តុលាការជាន់ខ្ពស់បំផុតនៃប្រទេសកាណាដា (ឆ្នាំ១៩៩៧)។ ហូម៉ានប្រឆាំងនឹងប្រទេសអូត្រីហ្ស (តុលាការនៅអឺរ៉ុបខាងសិទ្ធិមនុស្ស) (ឆ្នាំ១៩៩៣)។
◻ ដើម្បីឲ្យមាននិងសហប្រតិបត្ដិការភ្នាក់ងារតាមច្បាប់ ដែលទទួលការលើកលែងពីពន្ធ ដូចបានឲ្យដល់ភ្នាក់ងារដែលបានប្រើ ដោយសាសនាឯទៀតដែលគេទទួលស្គាល់—បណ្ដាជនប្រឆាំងនឹងហេរិង រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក តុលាការសាលាឧទ្ធរណ៍ (ឆ្នាំ១៩៦០)
◻ ដើម្បីទទួលសំរាប់អស់អ្នកដែលបានរើសតាំង ឲ្យបំរើជាកិច្ចបំរើពេញពេលដ៏ពិសេសណាមួយ នូវការដាក់ពន្ធឲ្យបានសមរម្យដូចបានឲ្យដល់អស់អ្នក ដែលធ្វើការខាងសាសនាឲ្យបានពេញពេល ក្នុងសាសនាឯទៀត—វិទ្យាស្ថានសន្ដិសុខក្នុងសង្គមនៃប្រទេសប្រេហ្ស៊ីល ទីក្រុងប្រេហ្ស៊ីឡា (ឆ្នាំ១៩៩៦)
[រូបភាពនៅទំព័រ១៩]
មីនុស កូគីណាឃីសនិងប្រពន្ធរបស់គាត់
[រូបភាពនៅទំព័រ១៩]
ឃូនីហីតូ ខូបាយ៉ាស្ស៊ី
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១៨]
The Complete Encyclopedia of Illustration/J. G. Heck