សេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា
«ព្រះ ទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច»។—ទំនុកដំកើង ៦៨:២០
១, ២. (ក) ហេតុអ្វីក៏យើងអាចនិយាយថា ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីសង្គ្រោះ? (ខ) តើអ្នកនឹងពន្យល់សុភាសិត ២១:៣១ យ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាជាអ្នកសង្គ្រោះមនុស្សណាដែលស្រឡាញ់ទ្រង់។ (អេសាយ ៤៣:១១) ស្តេចដ៏ល្បីរបស់សាសន៍អ៊ីស្រាអែលនាម ដាវីឌ បានជ្រាបពីបទពិសោធន៍របស់ខ្លួន ហើយបានច្រៀងយ៉ាងស្មោះអស់ពីចិត្តថា៖ «ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា»។ (ទំនុកដំកើង ៣:៨) ព្យាការីយ៉ូណាសបានប្រើពាក្យដូចនេះក្នុងសេចក្ដីអធិស្ឋានដ៏អស់ពីចិត្ត កាលដែលគាត់នៅក្នុងពោះត្រីធំមួយ។—យ៉ូណាស ២:៩
២ បុត្រារបស់ដាវីឌ នាម សាឡូម៉ូន ក៏បានជ្រាបថា ព្រះយេហូវ៉ាគឺជាប្រភពនៃសេចក្ដីសង្គ្រោះដែរ ព្រោះលោកបានថ្លែងថា៖ «គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ»។ (សុភាសិត ២១:៣១) នៅមជ្ឈិមបូព៌ាប្រទេសពីបុរាណ សត្វគោបានត្រូវប្រើឲ្យភ្ជួរដី សត្វលាបានត្រូវប្រើសំរាប់ដឹកនាំរបស់របរ សេះទេសបានត្រូវគេប្រើសំរាប់ធ្វើដំណើរ ហើយសេះបានត្រូវប្រើក្នុងសង្គ្រាម។ ប៉ុន្តែ មុននឹងពួកអ៊ីស្រាអែលបានចូលស្រុកដែលបានសន្យានោះ ព្រះបានបង្គាប់កុំឲ្យស្តេចនៅក្រោយៗចំរើនឲ្យ«បានសេះជាច្រើនឡើងនោះឡើយ»។ (ចោទិយកថា ១៧:១៦) សេះដែលប្រើក្នុងសង្គ្រាមគឺមិនត្រូវការទេ ពីព្រោះព្រះយេហូវ៉ានឹងសង្គ្រោះរាស្ត្ររបស់ទ្រង់។
៣. តើសំនួរអ្វីខ្លះដែលយើងត្រូវពិចារណាមើលនោះ?
៣ ព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា គឺ«ជាព្រះដែលប្រោសឲ្យ . . . រួច»។ (ទំនុកដំកើង ៦៨:២០) នេះជាអ្វីមួយដ៏គួរឲ្យលើកទឹកចិត្តមែន! ប៉ុន្តែ តើព្រះយេហូវ៉ាបានធ្វើការ«ប្រោសឲ្យ»យ៉ាងណាទៅ? ហើយតើទ្រង់បានសង្គ្រោះអ្នកណា?
ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកទៀងត្រង់
៤. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាសង្គ្រោះរាស្ត្ររបស់ព្រះនោះ?
៤ អស់អ្នកដែលស្វែងរកផ្លូវទៀងត្រង់ ជាអ្នកបំរើព្រះដែលបានថ្វាយខ្លួននោះ អាចមានការសម្រាលទុក្ខពីពាក្យរបស់សាវ័កពេត្រុស ដែលថា៖ «ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»។ ជាទីសំអាងខាងឯចំណុចនេះ នោះពេត្រុសបានមានប្រសាសន៍ថា ព្រះទ្រង់«មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។—ពេត្រុសទី២ ២:៥, ៩
៥. តើនៅក្រោមស្ថានភាពបែបណា ដែលលោកណូអេបំរើ«ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»នោះ?
៥ សូមគិតថា អ្នកនៅក្នុងស្ថានភាពនេះនៅសម័យរបស់លោកណូអេ។ ពួកបិសាចដែលបានប្រែក្រឡាគឺនៅលើផែនដី។ កូនរបស់ពួកទេវតាដ៏ឥតស្ដាប់បង្គាប់ទាំងនេះ ប្រព្រឹត្តលើមនុស្សយ៉ាងសាហាវ ហើយ‹ផែនដី . . . ក៏មានពេញជាសេចក្ដីកាចសហ័ស›។ (លោកុប្បត្តិ ៦:១-១២) ប៉ុន្តែ គេមិនអាចសម្លុតឲ្យលោកណូអេបោះបង់ចោលកិច្ចបំរើព្រះយេហូវ៉ានោះឡើយ។ ផ្ទុយទៅវិញ លោក«ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ លោកនិងគ្រួសាររបស់លោក សង់ទូកធំមួយ ហើយឥតមានចិត្តសង្ស័យថា អំពើអាក្រក់ជួជាតិនឹងត្រូវកំចាត់ចោលក្នុងមួយឆាកជីវិតរបស់គេនោះទេ។ សេចក្ដីជំនឿរបស់ណូអេបានកាត់ទោសលោកីយ៍នោះ។ (ហេព្រើរ ១១:៧) ស្ថានភាពសព្វថ្ងៃនេះគឺមានស្រដៀងនឹងសម័យរបស់ណូអេដែរ ដែលសម្គាល់ជាថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ។ (ម៉ាថាយ ២៤:៣៧-៣៩; ធីម៉ូថេទី២ ៣:១-៥) ដូច្នេះ ដូចលោកណូអេ តើអ្នកនឹងនៅស្មោះត្រង់ ជាអ្នកប្រកាសប្រាប់អំពីសេចក្ដីសុចរិត ដោយបំរើជាមួយរាស្ត្ររបស់ទ្រង់ កាលដែលអ្នករង់ចាំសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ាឬទេ?
៦. តើពេត្រុសទី២ ២:៧, ៨ បញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាសង្គ្រោះពួកទៀងត្រង់នោះ?
៦ ពេត្រុសផ្ដល់ទីសំអាងថែមទៀតថា ព្រះយេហូវ៉ាសង្គ្រោះពួកមនុស្សទៀងត្រង់។ សាវ័កនេះមានប្រសាសន៍ថា «[ព្រះ]បានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ»។ (ពេត្រុសទី២ ២:៧, ៨; លោកុប្បត្តិ ១៩:១-២៩) អំពើអសីលធម៌ខាងកាម បានទៅជារបៀបរស់នៅនៃមនុស្សរាប់លាននាក់ នៅក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ដូចឡុត តើអ្នក«មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់»របស់មនុស្សជាច្រើនសព្វថ្ងៃនេះឬទេ? ប្រសិនជាអ្នកមានចិត្តបែបនេះ ហើយបើអ្នកប្រតិបត្ដិតាមសេចក្ដីសុចរិត នោះអ្នកប្រហែលជានៅក្នុងចំណោមអស់អ្នក ដែលព្រះយេហូវ៉ានឹងសង្គ្រោះ នៅពេលដែលរបបដ៏អាក្រក់ជួជាតិនេះបាននាំមកទីបញ្ចប់របស់វា។
ព្រះយេហូវ៉ាសង្គ្រោះរាស្ត្រទ្រង់ពីពួកអ្នកដែលសង្កត់សង្កិន
៧. តើតាមរបៀបណា ដែលការប្រស្រ័យទាក់ទងរបស់ព្រះយេហូវ៉ា ជាមួយនឹងពួកអ៊ីស្រាអែលនៅក្នុងស្រុកអេស៊ីប បង្ហាញថាទ្រង់សង្គ្រោះរាស្ត្ររបស់ទ្រង់ចេញពីភាពសង្កត់សង្កិននោះ?
៧ ឲ្យតែរបបលោកីយ៍ចាស់នេះនៅមាននៅឡើយ នោះពួកអ្នកបំរើព្រះយេហូវ៉ានឹងពិសោធន៍នូវការបៀតបៀន ហើយការសង្កត់សង្កិនពីពួកសត្រូវជានិច្ច។ ប៉ុន្តែ ពួកគេអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ានឹងប្រោសឲ្យគេរួច ពីព្រោះទ្រង់បានសង្គ្រោះរាស្ត្ររបស់ទ្រង់ ដែលបានត្រូវគេសង្កត់សង្កិននៅអតីតកាលដែរ។ ឧបមាថា អ្នកជាជាតិអ៊ីស្រាអែលកំពុងរងទុក្ខនឹងការជិះជាន់ នៅក្រោមកណ្ដាប់ដៃរបស់ពួកអេស៊ីបនៅក្នុងសម័យម៉ូសេ។ (និក្ខមនំ ១:១-១៤; ៦:៨) ព្រះទ្រង់ធ្វើឲ្យមានគ្រោះកាចកើតឡើងដ៏បន្តបន្ទាប់គ្នាលើស្រុកអេស៊ីប។ (និក្ខមនំ ៨:៥–១០:២៩) នៅពេលដែលគ្រោះកាចទីដប់ដែលអាចធ្វើឲ្យបាត់បង់ជីវិត បានឆក់យកជីវិតកូនច្បងរបស់ជនជាតិអេស៊ីប នោះស្តេចផារ៉ោនអនុញ្ញាតឲ្យសាសន៍អ៊ីស្រាអែលចាកចេញធ្វើដំណើរទៅ ប៉ុន្តែក្រោយមកលើកទ័ពទៅដេញតាមគេយ៉ាងលឿន។ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ផារ៉ោននិងពួកទ័ពទ្រង់បានត្រូវបំផ្លាញចោលក្នុងសមុទ្រក្រហម។ (និក្ខមនំ ១៤:២៣-២៨) អ្នកចូលរួមជាមួយម៉ូសេនិងពួកអ៊ីស្រាអែលទាំងអស់ ក្នុងការច្រៀងចំរៀងនេះ៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា ទ្រង់បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម»។ (និក្ខមនំ ១៥:៣-៥) មហន្តរាយស្រដៀងនេះក៏នឹងមានមកលើពួកអ្នកជិះជាន់រាស្ត្ររបស់ព្រះ ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះដែរ។
៨, ៩. ពីសៀវភៅគម្ពីរនៃពួកចៅហ្វាយ ចូរឲ្យឧទាហរណ៍មួយ ដែលបញ្ជាក់ថាព្រះយេហូវ៉ាសង្គ្រោះរាស្ត្ររបស់ទ្រង់ពីពួកអ្នកសង្កត់សង្កិននោះ។
៨ អស់រយៈជាច្រើនឆ្នាំក្រោយពីពួកអ៊ីស្រាអែលបានចូលស្រុកដែលបានសន្យា នោះពួកចៅហ្វាយបានចាត់ចែងឲ្យមានយុត្ដិធម៌ក្នុងចំណោមពួកគេ។ ពួកបណ្ដាជនជួនកាលរងទុក្ខភាពសង្កត់សង្កិនក្រោមកណ្ដាប់ដៃរបស់ពួកបរទេស ប៉ុន្តែព្រះទ្រង់បានប្រើពួកចៅហ្វាយដ៏ស្មោះត្រង់ ដើម្បីសង្គ្រោះពួកគេឲ្យរួច។ ទោះជាយើងប្រហែលជា‹ថ្ងូរដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់យើង›ក្ដី តែជាពួកអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ នោះព្រះយេហូវ៉ាក៏នឹងសង្គ្រោះយើងដែរ។ (ពួកចៅហ្វាយ ២:១៦-១៨; ៣:៩, ១៥) តាមការពិត សៀវភៅគម្ពីរនៃពួកចៅហ្វាយផ្ដល់ឲ្យយើងនូវការធានារ៉ាប់រងអំពីរឿងនេះ ហើយអំពីសេចក្ដីសង្គ្រោះដ៏ប្រសើរជាងដែលទ្រង់នឹងប្រទានឲ្យ តាមរយៈចៅក្រមរើសតាំងរបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។
៩ ចូរឲ្យយើងត្រឡប់ទៅសម័យរបស់ចៅហ្វាយបារ៉ាក។ ដោយព្រោះមានការថ្វាយបង្គំមិនពិត ហើយដោយព្រះមិនយល់ព្រមនឹងគេ នោះពួកអ៊ីស្រាអែលបានពិសោធន៍អស់រយៈ២០ឆ្នាំនូវភាពជិះជាន់ដ៏ឃោរឃៅ ក្រោមកណ្ដាប់ដៃរបស់ស្តេចយ៉ាប៊ីន ដែលជាសាសន៍កាណាន។ មេទ័ពរបស់សាសន៍កាណាន ដែលមានកងទ័ពដ៏ធំមួយ គឺឈ្មោះស៊ីសេរ៉ា។ ទោះជាសាសន៍អ៊ីស្រាអែលប្រហែលមានចំនួនប្រមាណបួនលាននាក់ក៏ដោយ តែនៅ«គ្រានោះក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែលឬលំពែងណាមួយឡើយ»។ (ពួកចៅហ្វាយ ៥:៦-៨) ដោយប្រែចិត្ត នោះពួកអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា។ ដូចព្រះបានបង្គាប់មក តាមខ្សែរយៈព្យាការីនីដេបូរ៉ា នោះបារ៉ាកក៏បានជុំគ្នានូវបុរស១០.០០០នាក់ នៅលើភ្នំតាបោរ ហើយព្រះយេហូវ៉ានាំពួកសត្រូវមកឯជ្រលងភ្នំក្រោមភ្នំតាបោរដ៏ធំនេះ។ បណ្ដាទ័ពរបស់ស៊ីសេរ៉ាព្រមទាំងរទេះចំបាំង៩០០ ដែលមានសម្លេងដូចផ្គរលាន់ក៏ធ្វើដំណើរឆ្លងកាត់វាលទំនាប និងតាមបាតស្ទឹងគីសុន។ ប៉ុន្តែ ភ្លៀងរំលាក៏បានធ្វើឲ្យទឹកឡើងយ៉ាងខ្លាំងក្នុងស្ទឹងគីសុន។ កាលដែលបារ៉ាកនិងពួកទ័ពរបស់លោកចុះពីភ្នំតាបោរ ដែលបានបាំងដោយព្យុះសង្ឃរានេះយ៉ាងសម្ងាត់ នោះគេឃើញនូវភាពច្របូកច្របល់ ដែលជាលទ្ធផលពីការបញ្ចេញនូវសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានោះ។ ពួកទាហានសាសន៍កាណានដែលភ័យខ្លាចខំរត់គេចចេញ នោះបានត្រូវពួកទ័ពរបស់បារ៉ាកសម្លាប់ចោលអស់ ហើយគ្មានមនុស្សណាម្នាក់រត់គេចរួចឡើយ។ នេះជាការព្រមានមួយដល់ពួកអ្នកសង្កត់សង្កិនយើង ដែលហ៊ានមកវាយទាស់នឹងព្រះ!—ពួកចៅហ្វាយ ៤:៣-១៦; ៥:១៩-២២
១០. ហេតុអ្វីក៏យើងអាចប្រាកដក្នុងចិត្តថា ព្រះនឹងសង្គ្រោះពួកអ្នកបំរើរបស់ទ្រង់នៅសម័យយើងនេះ ពីពួកអ្នកសង្កត់សង្កិនរបស់គេ?
១០ ព្រះយេហូវ៉ានឹងសង្គ្រោះពួកអ្នកបំរើរបស់ទ្រង់នៅសម័យយើងនេះ ពីពួកសត្រូវដ៏សង្កត់សង្កិនរបស់គេ ដូចកាលដែលទ្រង់បានសង្គ្រោះសាសន៍អ៊ីស្រាអែលដែលកោតខ្លាចព្រះ ក្នុងពេលមានគ្រោះថ្នាក់ដែរ។ (អេសាយ ៤៣:៣; យេរេមា ១៤:៨) ព្រះទ្រង់បានរំដោះដាវីឌ«ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន»។ (សាំយូអែលទី២ ២២:១-៣) ដូច្នេះ ទោះជាយើងបានត្រូវគេសង្កត់សង្កិនឬបានបៀតបៀន ដោយព្រោះយើងជារាស្ត្ររបស់ព្រះយេហូវ៉ាក្ដី ចូរឲ្យយើងមានចិត្តក្លាហាន ពីព្រោះស្តេចដ៏ជាព្រះមេស្ស៊ីនឹងរំដោះយើងឲ្យរួចពីភាពសង្កត់សង្កិននេះ។ ត្រូវហើយ «មនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត»។ (ទំនុកដំកើង ៧២:១៣, ១៤) ការរំដោះនោះគឺប្រាកដជាជិតដល់ហើយ។
ព្រះទ្រង់សង្គ្រោះអស់អ្នកដែលទុកចិត្តលើទ្រង់
១១. តើយុវបុរសដាវីឌបានទុកគំរូយ៉ាងណា នៃការទុកចិត្តលើព្រះយេហូវ៉ា?
១១ ដើម្បីឲ្យឃើញសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា នោះយើងត្រូវតែទុកចិត្តលើទ្រង់ដោយក្លាហាន។ ដាវីឌបានសម្ដែងនូវការទុកចិត្តដ៏ក្លាហានលើព្រះ នៅពេលដែលគាត់ទៅជួបកូលីយ៉ាតដ៏ធំដូចយក្ស។ ចូរគិតមើល បុរសសាសន៍ភីលីស្ទីនដ៏ធំក្រៃលែងនេះឈរនៅពីមុខយុវបុរសដាវីឌ ដែលស្រែកឡើងថា៖ «ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្ដាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ។ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ»។ មិនយូរប៉ុន្មាន កូលីយ៉ាតក៏ដួលស្លាប់ទៅ ហើយពួកភីលីស្ទីនបានត្រូវចាញ់បាក់ទ័ព។ យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ាបានសង្គ្រោះរាស្ត្ររបស់ទ្រង់មែន។—សាំយូអែលទី១ ១៧:៤៥-៥៤
១២. ហេតុអ្វីក៏ការនឹកចាំអំពីអេលាសារដែលជាបុរសដ៏ខ្លាំងពូកែរបស់ដាវីឌ ប្រហែលជាជួយយើងនោះ?
១២ នៅពេលប្រឈមមុខពួកអ្នកបៀតបៀន យើងប្រហែលត្រូវតែ‹ប្រមូលផ្ដុំសេចក្ដីក្លាហាន› ហើយទុកចិត្តលើព្រះឲ្យបានពេញលេញថែមទៀត។ (អេសាយ ៤៦:៨-១៣; សុភាសិត ៣:៥, ៦) ចូរកត់សម្គាល់ពីព្រឹត្ដិការណ៍នេះ ដែលបានកើតឡើងនៅឯកន្លែងដែលមានឈ្មោះផាស់-ដាំមីម។ ពួកសាសន៍អ៊ីស្រាអែលបានដកថយចេញពីពួកទ័ពភីលីស្ទីន។ ប៉ុន្តែ អេលាសារ ដែលជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់របស់ដាវីឌ មិនបានឲ្យសេចក្ដីខ្លាចធ្វើឲ្យលោកនៅនឹងថ្កល់នោះទេ។ គាត់បានឈរនៅកណ្ដាលស្រែស្រូវឱក ហើយតែម្នាក់ឯង បានសម្លាប់ពួកភីលីស្ទីនផង។ ដូច្នេះ ‹ព្រះយេហូវ៉ាបានជួយសង្គ្រោះពួកអ៊ីស្រាអែលដោយជ័យជំនះយ៉ាងធំ›។ (របាក្សត្រទី១ ១១:១២-១៤; សាំយូអែលទី២ ២៣:៩, ១០) គ្មានអ្នកណាតម្រូវឲ្យយើងឈ្នះលើកងទ័ពមួយចំនួន ដោយច្បាំងតែម្នាក់ឯងនោះឡើយ។ ប៉ុន្តែ ប្រហែលជាជួនកាលយើងនៅតែម្នាក់ឯង ពេលបានត្រូវបង្ខិតបង្ខំដោយពួកសត្រូវ។ តើយើងនឹងទុកចិត្តលើព្រះយេហូវ៉ា ជាព្រះដែលជួយសង្គ្រោះ ដោយអធិស្ឋាននោះឬទេ? តើយើងនឹងរកជំនួយពីទ្រង់ ដើម្បីជៀសវាងពីការក្បត់អ្នកជឿគ្នីគ្នារបស់យើង ដោយប្រាប់ពួកអ្នកបៀតបៀនឬទេ?
ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍
១៣. ហេតុអ្វីក៏ពិបាកក្នុងការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ព្រះ ក្នុងរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់?
១៣ ដើម្បីពិសោធន៍នូវសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា នោះយើងត្រូវតែរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ទ្រង់ ទោះជាខាតបង់យ៉ាងណាក៏ដោយ។ រាស្ត្ររបស់ព្រះពីសម័យបុរាណ បានពិសោធន៍នឹងការសាកល្បងផ្សេងៗ។ ចូរគិតនូវអ្វីដែលអ្នកប្រហែលជាបានប្រឈម ប្រសិនបើអ្នកបានរស់នៅក្នុងកុលសម្ព័ន្ធដប់ក្នុងស្រុកអ៊ីស្រាអែល។ ភាពកាចអាក្រក់របស់រេហូបោមបានបណ្ដាលឲ្យកុលសម្ព័ន្ធដប់ដកចេញការគាំទ្រនឹងទ្រង់ ហើយក៏បានបង្កើតព្រះរាជាណាចក្រនៅខាងជើងក្នុងស្រុកអ៊ីស្រាអែល។ (របាក្សត្រទី២ ១០:១៦, ១៧; ១១:១៣, ១៤) ក្នុងចំណោមស្តេចជាច្រើនអង្គ នោះមានយេហ៊ូវជាស្តេចដ៏ល្អបំផុត ប៉ុន្តែសូម្បីតែទ្រង់‹ក៏មិនបានដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត›នោះដែរ។ (ពង្សាវតារក្សត្រទី២ ១០:៣០, ៣១) យ៉ាងណាក៏ដោយ ព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធដប់ ក៏មានពួករក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដែរ។ (ពង្សាវតារក្សត្រទី១ ១៩:១៨) ពួកគេបានអនុវត្តជំនឿលើព្រះ ហើយទ្រង់ក៏បានគង់នៅជាមួយនឹងពួកគេ។ ទោះជាមានការសាកល្បងនឹងជំនឿរបស់អ្នកក៏ដោយ តើអ្នកកំពុងតែរក្សាចិត្តគ្រប់ល័ក្ខណ៍ដល់ព្រះយេហូវ៉ាទេ?
១៤. តើសេចក្ដីសង្គ្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅសម័យរបស់ស្តេចហេសេគា ហើយតើអ្វីដែលបានបណ្ដាលឲ្យពួកសាសន៍បាប៊ីឡូនមានជ័យជំនះលើស្រុកយូដា?
១៤ ដែលមានការមិនគោរពនឹងក្រិត្យវិន័យរបស់ព្រះជាទូទៅ នោះបាននាំឲ្យមានវិបត្ដិភ័យចំពោះព្រះរាជាណាចក្រអ៊ីស្រាអែល។ នៅពេលដែលពួកសាសន៍អាសស៊ើរបានមកកាន់កាប់នឹងស្រុកនេះនៅក្នុងឆ្នាំ៧៤០ ម.ស.យ. នោះច្បាស់ជាមានបុគ្គលខ្លះពីកុលសម្ព័ន្ធដប់នេះ បានរត់ទៅព្រះរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរ ដើម្បីឲ្យគេអាចថ្វាយបង្គំព្រះយេហូវ៉ានៅឯព្រះវិហាររបស់ទ្រង់។ ស្តេចបួនអង្គក្នុងចំណោម១៩អង្គនៃស្រុកយូដា ដែលមកពីវង្សានុវង្សរបស់ដាវីឌ គឺស្តេចអេសា យ៉ូសាផាត ហេសេគា និងយ៉ូសៀស គឺបានល្អប្រសើរណាស់ក្នុងការបង្ហាញភក្ដីភាពដល់ព្រះ។ នៅក្នុងសម័យរបស់ស្តេចហេសេគា ដែលជាស្តេចដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ នោះសាសន៍អាសស៊ើរ ដែលមានកងទ័ពដ៏ខ្លាំងក្លា បានមកច្បាំងទាស់នឹងស្រុកយូដា។ ព្រះទ្រង់បានតបឆ្លើយនឹងសេចក្ដីអង្វររបស់ស្តេចហេសេគា ដោយបានប្រើទេវតាតែមួយរូប ដើម្បីសម្លាប់ពួកសាសន៍អាសស៊ើរអស់១៨៥.០០០នាក់ក្នុងមួយយប់។ ដោយធ្វើដូច្នេះ នោះក៏ផ្ដល់សេចក្ដីសង្គ្រោះដល់ពួកអ្នកថ្វាយបង្គំរបស់ទ្រង់! (អេសាយ ៣៧:៣៦-៣៨) ក្រោយមក ដោយសារបណ្ដារាស្ត្រមិនបានរក្សាទុកក្រិត្យវិន័យ ហើយមិនបានធ្វើតាមការព្រមានរបស់ពួកព្យាការីរបស់ព្រះ នោះបានបណ្ដាលឲ្យពួកសាសន៍បាប៊ីឡូនមានជ័យជំនះលើស្រុកយូដា ហើយបានបំផ្លាញនូវព្រះវិហារ និងរាជធានីជាក្រុងយេរូសាឡិម នៅក្នុងឆ្នាំ៦០៧ ម.ស.យ.។
១៥. ហេតុអ្វីក៏ពួកយូដាដែលនិរទេសនៅក្នុងស្រុកបាប៊ីឡូន ត្រូវការការស៊ូទ្រាំ ហើយតើតាមរបៀបណា ដែលព្រះយេហូវ៉ាបានធ្វើឲ្យមានការរំដោះនៅទីបំផុតនោះ?
១៥ ពួកយូដាដែលបាននិរទេសត្រូវការការស៊ូទ្រាំ ដើម្បីរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ព្រះ ពេលនៅជាប់ឃុំឃាំងក្នុងស្រុកបាប៊ីឡូន ប្រមាណ៧០ឆ្នាំដ៏អភ័ព្វនោះ។ (ទំនុកដំកើង ១៣៧:១-៦) បុគ្គលដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដ៏ប្រសើរម្នាក់ គឺព្យាការីដានីយ៉ែល។ (ដានីយ៉ែល ១:១-៧; ៩:១-៣) ចូរគិតអំពីការសប្បាយចិត្តរបស់គាត់ នៅពេលដែលក្រិត្យរបស់ស្តេចស៊ីរូស ជាស្តេចពើស៊ី បានចូលជាធរមាននៅក្នុងឆ្នាំ៥៣៧ ម.ស.យ. ដែលអនុញ្ញាតឲ្យពួកយូដាត្រឡប់ទៅស្រុកយូដាវិញ ដើម្បីកសាងព្រះវិហារឡើងវិញ! (អែសរ៉ា ១:១-៤) ដានីយ៉ែល និងពួកអ្នកឯទៀតបានស៊ូទ្រាំជាយូរឆ្នាំមកហើយ ប៉ុន្តែនៅទីបំផុត គេបានឃើញការរំលំរបស់សាសន៍បាប៊ីឡូន និងឃើញការរំដោះនៃរាស្ត្ររបស់ព្រះយេហូវ៉ា។ នេះត្រូវតែជួយយើងឲ្យសម្ដែងនូវការស៊ូទ្រាំ នៅពេលដែលយើងរង់ចាំសេចក្ដីហិនវិនាសនៃ«បាប៊ីឡូនដ៏ជាធំ» ដែលជាចក្រភពទូទៅនៃសាសនាមិនពិត។—វិវរណៈ ១៨:១-៥
ព្រះយេហូវ៉ាតែងតែសង្គ្រោះរាស្ត្ររបស់ទ្រង់ជានិច្ច
១៦. តើសេចក្ដីសង្គ្រោះអ្វីដែលព្រះបាននាំឲ្យមាន ក្នុងសម័យមហាក្សត្រីអេសធើរ?
១៦ ព្រះយេហូវ៉ាតែងតែសង្គ្រោះរាស្ត្ររបស់ទ្រង់ជានិច្ច នៅពេលដែលពួកគេមានចិត្តស្មោះត្រង់នឹងព្រះនាមរបស់ទ្រង់នោះ។ (សាំយូអែលទី១ ១២:២២; អេសាយ ៤៣:១០-១២) ចូរគិតអំពីសម័យមហាក្សត្រីអេសធើរ នៅក្នុងសតវត្សទីប្រាំ ម.ស.យ.។ ស្តេចអ័ហាស៊ូរុស (ស៊ើកសេស ទី១) បានរើសតាំងហាម៉ានឲ្យធ្វើជានាយករដ្ឋមន្ត្រី។ ដោយគាត់បានខឹងយ៉ាងខ្លាំងនឹងម៉ាដេកាយដែលជាសាសន៍យូដា ដែលមិនព្រមឱនគោរពដល់គាត់ នោះហាម៉ានគ្រោងមធ្យោបាយដើម្បីសម្លាប់ម៉ាដេកាយ និងបណ្ដាជនសាសន៍យូដាទាំងអស់ក្នុងចក្រភពពើស៊ី។ គាត់ពណ៌នាថា ពួកយូដាជាអ្នកប្រព្រឹត្តខុសច្បាប់ ហើយថែមទៅទៀតទាញចិត្តដោយឲ្យសំណូកផង និងបានត្រូវអនុញ្ញាតឲ្យប្រើព្រះទំរង់ពីព្រះហស្ត ដើម្បីបោះត្រាឯកសារ ចេញច្បាប់ដើម្បីសម្លាប់ពួកគេចោលអស់។ ដោយក្លាហាន នាងអេសធើរបានប្រាប់ស្តេចនេះ អំពីពូជពង្សរបស់នាងជាសាសន៍យូដា ហើយបានលាតត្រដាងនូវមធ្យោបាយដ៏អាក្រក់របស់ហាម៉ាន ដែលមានបំណងសម្លាប់ពួកគេនោះ។ មិនយូរប៉ុន្មាន នោះហាម៉ានក៏ត្រូវគេព្យួរលើបង្គោល ដែលគាត់បានរៀបចំដើម្បីប្រហារជីវិតម៉ាដេកាយនោះ។ ម៉ាដេកាយបានត្រូវរើសតាំងជានាយករដ្ឋមន្ត្រី ដោយមានសេចក្ដីអនុញ្ញាត ដើម្បីឲ្យពួកយូដាការពារខ្លួនគេ។ ពួកគេមានជ័យជំនះយ៉ាងធំលើពួកសត្រូវរបស់គេ។ (នាងអេសធើរ ៣:១–៩:១៩) ព្រឹត្ដិការណ៍នេះគួរតែពង្រឹងជំនឿរបស់យើងថា ព្រះយេហូវ៉ានឹងជួយសង្គ្រោះពួកអ្នកបំរើ ដែលស្ដាប់បង្គាប់ទ្រង់នៅសម័យបច្ចុប្បន្ននេះ។
១៧. តើការស្ដាប់បង្គាប់មានមុខនាទីសំខាន់យ៉ាងណា ក្នុងការរំដោះពួកគ្រីស្ទានជាតិយូដានៅសតវត្សទីមួយ ដែលរស់នៅក្នុងស្រុកយូដានោះ?
១៧ មូលហេតុមួយទៀត ដែលព្រះសង្គ្រោះរាស្ត្ររបស់ទ្រង់ នោះគឺពីព្រោះពួកគេស្ដាប់បង្គាប់តាមទ្រង់និងតាមបុត្រារបស់ទ្រង់ដែរ។ ចូរគិតថា អ្នកមានចំណែកក្នុងចំណោមពួកសិស្សសាសន៍យូដារបស់ព្រះយេស៊ូ នៅក្នុងសតវត្សទីមួយ។ ទ្រង់មានបន្ទូលប្រាប់ពួកគេថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ»។ (លូកា ២១:២០-២២) ជាច្រើនឆ្នាំកន្លងទៅ ហើយអ្នកឆ្ងល់ថាតើពេលណាទៅ ដែលបន្ទូលទាំងនេះនឹងបានសំរេចនោះ។ រួចមក ក៏មានការបះបោរពីសាសន៍យូដានៅក្នុងឆ្នាំ៦៦ ស.យ.។ កងទ័ពរ៉ូម៉ាំងក្រោមបញ្ជាការនៃលោក ស៊ីស្ទាស ហ្កាលាស ព័ទ្ធជុំវិញក្រុងយេរូសាឡិម ហើយបានសម្រុកចូលទៅដល់កំផែងព្រះវិហារ។ មួយរំពេចនោះ ដោយគ្មានមូលហេតុអ្វីសោះ ស្រាប់តែពួករ៉ូម៉ាំងបានដកទ័ពចេញ។ តើពួកគ្រីស្ទានជាតិយូដានឹងធ្វើយ៉ាងណា? ក្នុងសៀវភៅរបស់គាត់ ដែលមានប្រធាន ប្រវត្ដិសាស្ត្រនៃសាសនា (សៀវភៅ ទី៣ ជំពូក ៥ វគ្គ៣) នោះលោកយូស៊ីបៀស មានប្រសាសន៍ថា ពួកគេបានភៀសខ្លួនចេញពីក្រុងយេរូសាឡិមនិងស្រុកយូដា។ ពួកគេបានរស់រានមានជីវិត ពីព្រោះគេបានស្ដាប់បង្គាប់តាមការព្រមានក្នុងទំនាយរបស់ព្រះយេស៊ូ។ តើអ្នកនឹងប្រុងប្រៀបជាស្រេចដែរឬទេ ដើម្បីធ្វើតាមការណែនាំពីបទគម្ពីរ ដែលបានផ្ដល់មកតាមរយៈ‹អ្នកបំរើស្មោះត្រង់› ដែលបានរើសតាំងឲ្យមើល«របស់ទ្រព្យ»ទាំងអស់នៃព្រះយេស៊ូនោះ?—លូកា ១២:៤២-៤៤
សេចក្ដីសង្គ្រោះឲ្យបានជីវិតអស់កល្បជានិច្ច
១៨, ១៩. (ក) តើការសោយទិវង្គតរបស់ព្រះយេស៊ូបាននាំឲ្យមានសេចក្ដីសង្គ្រោះអ្វី ហើយសំរាប់អ្នកណាគេ? (ខ) តើអ្វីដែលសាវ័កប៉ុលបានតាំងចិត្តធ្វើនោះ?
១៨ ការធ្វើតាមការព្រមានរបស់ព្រះយេស៊ូបានសង្គ្រោះពួកគ្រីស្ទានជាតិយូដា ដែលរស់នៅក្នុងស្រុកយូដា។ ប៉ុន្តែ ការសោយទិវង្គតរបស់ព្រះយេស៊ូ ធ្វើឲ្យ«មនុស្សទាំងឡាយ»មានសេចក្ដីសង្គ្រោះ ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ (ធីម៉ូថេទី១ ៤:១០) មនុស្សជាតិបានត្រូវការតម្លៃលោះជាចាំបាច់ តាំងពីពេលដែលអ័ដាមបានប្រព្រឹត្តអំពើបាប ដែលធ្វើឲ្យគាត់បាត់បង់នូវជីវិតរបស់ខ្លួន ហើយលក់កូនចៅ ចូលទៅក្នុងសេវកភាពនៃអំពើបាបនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២-១៩) ការយកសត្វមកថ្វាយជាយញ្ញបូជាក្រោមក្រិត្យវិន័យម៉ូសេ គឺគ្រាន់តែជាការគ្របបាំងអំពើបាបតែបន្ដិចបន្តួចប៉ុណ្ណោះទេ។ (ហេព្រើរ ១០:១-៤) ដោយព្រោះព្រះយេស៊ូមិនមានបិតាជាមនុស្ស ហើយវិញ្ញាណបរិសុទ្ធរបស់ព្រះបាន‹មកគ្របបាំង›នាងម៉ារា ពីពេលដែលនាងមានផ្ទៃពោះរហូតដល់កំណើតរបស់ព្រះយេស៊ូ ដូច្នេះហើយបានជាទ្រង់បានប្រសូតមក ដោយគ្មានបាបឬភាពឥតគ្រប់ល័ក្ខណ៍ជាមរតកឡើយ។ (លូកា ១:៣៥; យ៉ូហាន ១:២៩; ពេត្រុសទី១ ១:១៨, ១៩) នៅពេលដែលព្រះយេស៊ូបានសោយទិវង្គត ជាអ្នកដែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ នោះទ្រង់បានប្រទានជីវិតដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ដើម្បីទិញនិងឲ្យមនុស្សរួចខ្លួន។ (ហេព្រើរ ២:១៤, ១៥) ដូច្នេះព្រះគ្រីស្ទ«ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់»។ (ធីម៉ូថេទី១ ២:៥, ៦) មិនមែនមនុស្សទាំងអស់នឹងយកសំវិធានការចំពោះសេចក្ដីសង្គ្រោះនេះឡើយ។ ប៉ុន្តែព្រះយល់ព្រមនូវការអនុវត្តនៃផលប្រយោជន៍នេះ ដល់អស់អ្នកដែលទទួលយកដោយមានជំនឿទៅលើនោះ។
១៩ ព្រះគ្រីស្ទបានទិញកូនចៅរបស់អ័ដាមមកវិញ ដោយថ្វាយតម្លៃនៃយញ្ញបូជាលោះដល់ព្រះនៅលើស្ថានសួគ៌។ (ហេព្រើរ ៩:២៤) ដូច្នេះព្រះយេស៊ូនឹងបានប្រពន្ធថ្មោងថ្មី ដែលបានរួមបញ្ចូលពួកអ្នកកាន់តាមទ្រង់ ជាអ្នកចាក់ប្រេងតាំង១៤៤.០០០នាក់ ដែលនឹងបានប្រោសឲ្យមានជីវិតនៅលើស្ថានសួគ៌។ (អេភេសូរ ៥:២៥-២៧; វិវរណៈ ១៤:៣, ៤; ២១:៩) ទ្រង់ក៏បានទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»ដល់អស់អ្នក ដែលទទួលយកយញ្ញបូជារបស់ទ្រង់ ហើយទទួលបានជីវិតអស់កល្បជានិច្ចនៅលើផែនដី។ (អេសាយ ៩:៦, ៧; យ៉ូហានទី១ ២:១, ២) នេះជាការរៀបចំដែលប្រកបដោយសេចក្ដីស្រឡាញ់មែន! ការអបអររបស់ប៉ុលចំពោះរឿងនេះ គឺឃើញជាក់ស្តែងក្នុងសំបុត្រទីពីររបស់គាត់ ជូនពួកគ្រីស្ទាននៅស្រុកកូរិនថូស ហើយអត្ថបទជាបន្ទាប់នឹងបង្ហាញអំពីរឿងនេះ។ តាមការពិត ប៉ុលបានតាំងចិត្តមិនឲ្យអ្វីមួយមកបង្ការគាត់ ពីការជួយមនុស្សឲ្យយកសំវិធានការដ៏អស្ចារ្យនេះពីព្រះយេហូវ៉ា ចំពោះសេចក្ដីសង្គ្រោះដែលឲ្យបានជីវិតអស់កល្បជានិច្ចនោះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើមានភស្តុតាងណាខ្លះពីព្រះគម្ពីរ ដែលថាព្រះសង្គ្រោះមនុស្សទៀងត្រង់របស់ទ្រង់នោះ?
◻ តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាសង្គ្រោះអស់អ្នកដែលទុកលើទ្រង់ ហើយរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេនោះ?
◻ តើព្រះបានធ្វើឲ្យមានសំវិធានការអ្វីចំពោះសេចក្ដីសង្គ្រោះ ដែលនាំឲ្យបានជីវិតអស់កល្បជានិច្ចនោះ?
[រូបភាពនៅទំព័រ២៦]
ព្រះយេហូវ៉ាតែងតែសង្គ្រោះរាស្ត្ររបស់ទ្រង់ជានិច្ច ដូចទ្រង់បានសម្ដែងឲ្យឃើញនៅសម័យមហាក្សត្រីអេសធើរ