បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ២១-២៦
  • រួចរស់ជីវិតពី‹ថ្ងៃនៃព្រះយេហូវ៉ា›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រួចរស់ជីវិតពី‹ថ្ងៃនៃព្រះយេហូវ៉ា›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ក្នុង​សម័យ​នៃ​លោក​ណូអេ
  • សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា
  • អ៊ីស្រាអែល​ទទួល​ផល​នៃ«ខ្យល់​គួ​ច»
  • ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​យូដា​ដ៏​ក្បត់​ជំនឿ
  • «សេចក្ដី​វេទនា​ជា​ខ្លាំង»ក្នុង​សតវត្ស​ទី​មួយ
  • ជីវិតត្រូវបានសង្គ្រោះពីសេចក្ដីវេទនាជាខ្លាំង
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សូមធ្វើសេចក្ដីប្រកាសជាសាធារណៈចំពោះសេចក្ដីសង្គ្រោះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ដោយពេលបន្ទាន់ហើយ យើងត្រូវចាំយាមលើសជាងមុន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើអ្នកត្រៀមខ្លួនចាំថ្ងៃនៃព្រះយេហូវ៉ាទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ២១-២៦

រួច​រស់​ជីវិត​ពី‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›

«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ធំ​ក្រៃ​លែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន»?—យ៉ូអែល ២:១១

១. ហេតុ​អ្វី​ក៏‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច› ជា​គ្រា​ដ៏​អរ​សប្បាយ​វិញ?

«គួរ​ឲ្យ​ស្ញែង​ខ្លាច»! នេះ​ហើយ​ជា​របៀប​ដែល​ព្យាការី​យ៉ូអែល​រៀប​រាប់​អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដ៏​ធំ​ក្រៃ​លែង។ ប៉ុន្តែ យើង​រាល់​គ្នា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បាន​មក​ឯ​ទ្រង់​ដោយ​ការ​ថ្វាយ​ខ្លួន ដោយ​សារ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ មិន​ចាំ​បាច់​រួញ​ខ្លួន​ដោយ​ភ័យ កាល​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក​នោះ​ឡើយ។ នេះ​គឺ​ពិត​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មែន ប៉ុន្តែ ក្នុង​ពេល​ដំណាល​គ្នា​នេះ ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​ធំ នៃ​ការ​ដោះ​លែង​ចេញ​ពី​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ដែល​បាន​ធ្វើ​ទុក្ខ​វេទនា​ដល់​មនុស្សជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ក្នុង​ការ​រង់​ចាំ​នៃ​ថ្ងៃ​នោះ យ៉ូអែល​ប្រាប់​រាស្ត្រ​របស់​ព្រះ​ឲ្យ«មាន​សេចក្ដី​ត្រេក​អរ ហើយ​រីករាយ​ឡើង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សំបើម​ដែរ» ហើយ​លោក​បាន​ប្រាប់​ការ​រ៉ាប់​រង​ថែម​ទៀត​ថា៖ «នោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច»។ បន្ទាប់​មក ក្នុង​របៀប​រៀបចំ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ «នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ទុក ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង»។—យ៉ូអែល ២:១១, ២១, ២២, ៣២

២. ក្នុង​ការ​សម្រេច​នៃ​បំណង​របស់​ព្រះ តើ​អ្វី​ដែល​កើត​ឡើង (ក) ក្នុង«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»? (ខ) ក្នុង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

២ ថ្ងៃ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា គឺ​មិន​ត្រូវ​ឲ្យ​ច្រឡំ​នឹង«ថ្ងៃ​របស់​ព្រះ​អម្ចាស់»នៃ​វិវរណៈ ១:១០ នោះ​ឡើយ។ ថ្ងៃ​របស់​ព្រះ​អម្ចាស់ គឺ​រួម​ការ​សម្រេច​នៃ​ចក្ខុនិមិត្ត​ទាំង​១៦ ដែល​បាន​រៀប​រាប់​ក្នុង​វិវរណៈ ជំពូក​១ ទៅ ២២។ នេះ​គឺ​រួម​បញ្ចូល​ពេល​នៃ​ការ​សម្រេច​នៃ​ព្រឹត្ដិការណ៍​ទាំង​អស់ ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ទូល​តប​ឆ្លើយ​ដល់​សំនួរ​របស់​ពួក​សិស្ស​ទ្រង់៖ «សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»? វត្តមាន​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេស៊ូ បាន​ឃើញ​ថា មាន‹សង្គ្រាម ការ​អត់​បាយ ការ​ស្អប់ រោគ​រាតត្បាត និង​ការ​គ្មាន​ច្បាប់​ទម្លាប់›យ៉ាង​រន្ធត់​នៅ​លើ​ផែនដី។ កាល​ដែល​សេចក្ដី​ទុក្ខ​សោក​នេះ​មាន​កាន់​តែ​ច្រើន​ឡើង ព្រះ​យេស៊ូ​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ ដោយ​បញ្ជូន​ពួក​សិស្ស​សម័យ​ថ្មី​នេះ ឲ្យ​ទៅ​ផ្សាយ«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»។ បន្ទាប់​មក ពេល​ដល់​កំរិត​ខ្ពស់​នៃ​ថ្ងៃ​របស់​ព្រះ​អម្ចាស់ «ទី​បញ្ចប់»នៃ​របប​លោកីយ៍​នេះ នោះ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នឹង​ផ្ទុះ​ឡើង។ (ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:១១) នោះ​ហើយ​ជា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ចំពោះ​ការ​ជំនុំ​ជំរះ​មួយ​រំពេច​លើ​លោកីយ៍​ដ៏​ពុក​រលួយ​របស់​សាតាំង។ «ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់»។—យ៉ូអែល ៣:១៦

ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ក្នុង​សម័យ​នៃ​លោក​ណូអេ

៣. តើ​ស្ថានការណ៍​សព្វ​ថ្ងៃ​នេះ ស្មើ​គ្នា​នឹង​សម័យ​នៃ​លោក​ណូអេ​យ៉ាង​ដូច​ម្ដេច?

៣ សភាព​ពិភព​លោក​សព្វ​ថ្ងៃ​នេះ គឺ​ស្មើ​នឹង«នៅ​ជំនាន់​លោក​ណូអេ» ជាង​៤.០០០​ឆ្នាំ​មក​ហើយ​នេះ។ (លូកា ១៧:២៦, ២៧) នៅ​លោកុប្បត្តិ ៦:៥ យើង​អាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជា​និច្ច​ដូច្នោះ»។ នេះ​គឺ​ដូច​នៅ​សម័យ​យើង​មែន! អំពើ​អាក្រក់​ជួជាតិ ការ​លោភ និង​ការ​ឥត​មាន​សេចក្ដី​ស្រឡាញ់ គឺ​មាន​ពេញ​កន្លែង។ ពេល​ខ្លះ យើង​ប្រហែល​ជា​គិត​ថា ភាព​ដុនដាប​នៃ​មនុស្ស​លោក បាន​ធ្លាក់​ដល់​ទាប​បំផុត។ ប៉ុន្តែ ទំនាយ​របស់​សាវ័ក​ប៉ុល ដែល​ស្តី​អំពី«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» គឺ​កំពុង​តែ​សម្រេច​ត​ទៅ​ទៀត៖ «ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។—ធីម៉ូថេ​ទី​២ ៣:១, ១៣

៤. តើ​ការ​ថ្វាយ​បង្គំ​មិន​ពិត​មាន​ឥទ្ធិពល​យ៉ាង​ណា​ក្នុង​សម័យ​ពី​ដើម?

៤ តើ​សាសនា​អាច​នាំ​ការ​ធូរ​ស្បើយ​ដល់​មនុស្សជាតិ​ក្នុង​ជំនាន់​លោក​ណូអេ​ទេ? គឺ​អត់​ទេ សាសនា​ដែល​បះ​បោរ​នៅ​ពេល​នោះ បាន​បណ្ដាល​ដល់​សភាព​ដ៏​ហិនហោច​នេះ។ ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង បាន​បង្អោន​ទៅ​តាម​ការ​បង្រៀន​ក្លែង​ក្លាយ​នៃ«ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង»។ ក្នុង​ជំនាន់​ទី​ពីរ​ពី​អ័ដាម «ចាប់​តាំង​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា» តាម​មើល​ទៅ ដោយ​ប្រមាថ​មើល​ងាយ។ (វិវរណៈ ១២:៩; លោកុប្បត្តិ ៣:៣​-​៦; ៤:២៦) ក្រោយ​មក ពួក​ទេវតា​ដ៏​បះ​បោរ ក៏​បាន​បោះ​បង់​ចោល​ភក្ដី​ភាព​ដាច់​មុខ​ដល់​ព្រះ ប្រែ​ក្រឡា​ជា​រូប​កាយ​មនុស្ស ដើម្បី​រួម​ដំណេក​ខុស​ច្បាប់​ទម្លាប់​ជា​មួយ​កូន​ស្រី​ដ៏​ល្អ​ៗ​នៃ​មនុស្សជាតិ។ ពួក​ស្ត្រី​ទាំង​នេះ​មាន​កូន​ចៅ​ដ៏​ធំ​ដូច​យក្ស ដែល​ហៅ​ថា​នីហ្វីលិម ដែល​ជិះ​ជាន់​ហើយ​ធ្វើ​បាប​មនុស្សជាតិ។ ក្រោម​ឥទ្ធិពល​ដ៏​បិសាច​នេះ ‹គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី›។—លោកុប្បត្តិ ៦:១​-​១២

៥. ស្តី​អំពី​ព្រឹត្ដិការណ៍​ក្នុង​សម័យ​នៃ​លោក​ណូអេ តើ​ការ​ដាស់​តឿន​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង?

៥ ប៉ុន្តែ គ្រួសារ​មួយ​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដល់​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ«បាន​ជួយ​សង្គ្រោះ​លោក​ណូអេ ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត»។ (ពេត្រុស​ទី​២ ២:៥) ទឹក​ជំនន់​នោះ​បាន​តំណាង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច ដែល​សម្គាល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ថា៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន​សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ»។ (ម៉ាថាយ ២៤:៣៦​-​៣៩) យើង​ក៏​នៅ​ក្នុង​ស្ថានការណ៍​ដូច​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ ដូច្នេះ​ព្រះ​យេស៊ូ​ដាស់​តឿន​យើង​ឲ្យ‹ប្រយ័ត្ន​ខ្លួន ហើយ​ឲ្យ​នៅ​ចាំ​យាម ហើយ​អធិស្ឋាន​ជា​និច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក›។—លូកា ២១:៣៤​-​៣៦

សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា

៦, ៧. (ក) តើ​អ្វី​ដែល​បាន​តំណាង​ដោយ​ព្រឹត្ដិការណ៍​នៃ​ជំនាន់​លោក​ឡុត? (ខ) តើ​អ្វី​ជា​ការ​ព្រមាន​ដ៏​ច្បាស់​លាស់​ដែល​ព្រឹត្ដិការណ៍​នេះ​ផ្ដល់​ឲ្យ​យើង?

៦ រាប់​រយ​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់ ពេល​ដែល​កូន​ចៅ​របស់​លោក​ណូអេ​បាន​ចំរើន​ឡើង​លើ​ផែនដី នោះ​អ័ប្រាហាំ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ក្មួយ​របស់​លោក ឈ្មោះ​ឡុត ជា​អ្នក​ដែល​ឃើញ​ដល់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ឡុត​និង​គ្រួសារ​របស់​គាត់​បាន​រស់​នៅ​ក្នុង​ក្រុង​នៃ​សូដុំម ដែល​នៅ​ជិត​ក្រុង​កូម៉ូរ៉ា បាន​ពេញ​ទៅ​ដោយ​អំពើ​ឥត​សីលធម៌​ដ៏​ស្អប់​ខ្ពើម។ វត្ថុ​និយម​ជា​អ្វី​ដ៏​ខ្វល់​ខ្វាយ​ចំពោះ​គេ ហើយ​នៅ​ទី​បំផុត ប្រពន្ធ​ឡុត​ក៏​មាន​ចិត្ត​ដូច្នេះ​ដែរ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា៖ «ពី​ព្រោះ​សំរែក​នៃ​ក្រុង​សូដុំម​នឹង​ក្រុង​កូម៉ូរ៉ា​បាន​ឮ​ជា​ខ្លាំង ហើយ​អំពើ​បាប​របស់​គេ​ក៏​ធ្ងន់​ណាស់​ផង»។ (លោកុប្បត្តិ ១៨:២០) អ័ប្រាហាំ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​សង្គ្រោះ​ទី​ក្រុង​ទាំង​នោះ ដោយ​សារ​ពួក​សុចរិត​ក្នុង​នោះ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា ទ្រង់​មិន​ទាំង​អាច​រក​ពួក​អ្នក​សុចរិត​បាន​ផង។ ពួក​ទេវតា​ដែល​ព្រះ​បញ្ជូន បាន​ជួយ​ឡុត​និង​កូន​ស្រី​ពីរ​នាក់​រត់​គេច​ទៅ​ទី​ក្រុង​សូអារ។

៧ តើ​មាន​អ្វី​ជា​បន្ទាប់? បើ​យើង​ប្រៀប​ធៀប«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នឹង​សម័យ​នៃ​លោក​ឡុត លូកា ១៧:២៨​-​៣០ បាន​ចែង​ថា៖ «ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត​ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង​នឹង​ស្ពាន់ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។ លទ្ធផល​ដ៏​ហិនហោច​នៃ​ក្រុង​សូដុំម​និង​កូម៉ូរ៉ា ក្នុង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដ៏​អស្ចារ្យ​នោះ បង្ហាញ​ការ​ព្រមាន​ដ៏​ច្បាស់​ដល់​យើង​ក្នុង​គ្រា​នេះ​នៃ​វត្តមាន​របស់​ព្រះ​យេស៊ូ។ ជំនាន់​នៃ​មនុស្សជាតិ​នៅ​សម័យ​ទំនើប​នេះ ក៏​បាន«ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្ដោយ​ទៅ​តាម​សាច់​ដទៃ»។ (យូដាស ៧) ម្យ៉ាង​វិញ​ទៀត កាម​ដ៏​ឥត​សីលធម៌​នៃ​សម័យ​យើង​នេះ ក៏​បាន​ទទួល​ខុស​ត្រូវ​ចំពោះ«រោគ​រាតត្បាត»ជា​ច្រើន ដែល​បាន​ទាយ​ប្រាប់​ដោយ​ព្រះ​យេស៊ូ​អំពី​សម័យ​យើង​នេះ។—លូកា ២១:១១

អ៊ីស្រាអែល​ទទួល​ផល​នៃ«ខ្យល់​គួ​ច»

៨. ដល់​កំរិត​ណា​ដែល​អ៊ីស្រាអែល​បាន​ទុក​កិច្ច​សន្យា​ជា​មួយ​ព្រះ​យេហូវ៉ា?

៨ នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​រើស​យក​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា«របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ . . . ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ»។ ប៉ុន្តែ នេះ​អាច​កើត​ឡើង​បាន បើ​គេ‹ស្ដាប់​តាម ហើយ​កាន់​តាម​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់›។ (និក្ខមនំ ១៩:៥, ៦) តើ​គេ​បាន​គោរព​ដល់​ឯកសិទ្ធិ​ដ៏​ធំ​អស្ចារ្យ​នេះ​ទេ? គឺ​ឥត​បាន​គោរព​ទេ! ពិត​មែន មាន​បុគ្គល​ស្មោះ​ត្រង់​ខ្លះ​ៗ​នៃ​សាសន៍​នោះ​ដែល​បាន​បំរើ​ទ្រង់​ដ៏​ស្មោះ​ត្រង់—ម៉ូសេ សាំយូអែល ដាវីឌ យ៉ូសាផាត ហេសេគា យ៉ូសៀស ព្រម​ទាំង​ពួក​ព្យាការី​និង​ព្យាការិនី​ទាំង​ឡាយ។ ប៉ុន្តែ សាសន៍​ទាំង​មូល​គឺ​ឥត​មាន​ភាព​ស្មោះ​ត្រង់​ទេ។ នៅ​ក្រោយ​មក ព្រះ​រាជាណាចក្រ​បាន​បែក​ចេញ​ជា​ពីរ—អ៊ីស្រាអែល​និង​យូដា។ ជា​ធម្មតា សាសន៍​ទាំង​ពីរ​បាន​ធ្លាក់​ខ្លួន​ក្នុង​ការ​ថ្វាយ​បង្គំ​ពាហិរជន និង​ទំនៀម​ទំលាប់​ដ៏​ល្មើស​ដល់​ព្រះ នៃ​ស្រុក​នៅ​ជិត​ៗ​នោះ។—អេសេគាល ២៣:៤៩

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ជំនុំ​ជំរះ លើ​ព្រះ​រាជាណាចក្រ​ដែល​មាន​ដប់​កុលសម្ព័ន្ធ​ដ៏​បះ​បោរ?

៩ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជំនុំ​ជំរះ​រឿង​នេះ? ដូច​មុន​ៗ ទ្រង់​បាន​ព្រមាន​ប្រាប់ ស្រប​តាម​គោល​ការណ៍ ដែល​បាន​ថ្លែង​មក​ដោយ​អេម៉ុស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​លាក់​កំបាំង​របស់​ទ្រង់​ផង»។ អេម៉ុស​ក៏​បាន​ប្រកាស​សេចក្ដី​វេទនា​ដល់​ព្រះ​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល​ថា៖ «តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ធ្វើ​អី? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ»។ (អេម៉ុស ៣:៧; ៥:១៨) ម្យ៉ាង​វិញ​ទៀត ព្យាការី​ហូសេ​ដែល​ជា​គូកន​របស់​អេម៉ុស ក៏​បាន​ប្រកាស​ថា៖ «ដ្បិត​គេ​បាន​សាប​ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួ​ច​វិញ»។ (ហូសេ ៨:៧) ក្នុង​ឆ្នាំ ៧៤០ ម.​ស.យ. ព្រះ​យេហូវ៉ា​បាន​ប្រើ​កង​ទ័ព​អាសស៊ើរ ឲ្យ​កំទេច​ចោល​ព្រះ​រាជាណាចក្រ​នៃ​អ៊ីស្រាអែល​នៅ​ខាង​ជើង​ជា​រហូត​ទៅ។

ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​យូដា​ដ៏​ក្បត់​ជំនឿ

១០, ១១. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​ព្រម​អត់​ទោស​ឲ្យ​ស្រុក​យូដា? (ខ) តើ​អ្វី​ដ៏​ស្អប់​ខ្ពើម​ដែល​បាន​ធ្វើ​ឲ្យ​ពុក​រលួយ​ដល់​សាសន៍​នោះ?

១០ ព្រះ​យេហូវ៉ា​ក៏​បាន​បញ្ជូន​ព្យាការី​របស់​ទ្រង់​ទៅ​ព្រះ​រាជាណាចក្រ​នៃ​យូដា​នៅ​ខាង​ត្បូង​ដែរ។ ប៉ុន្តែ ពួក​ស្តេច​នៃ​យូដា ដូច​ជា​ម៉ាន៉ាសេ និង​ស្តេច​ជា​បន្ទាប់ អាំម៉ូន នៅ​តែ​ធ្វើ​របស់​អាក្រក់​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់ ដោយ​កំចាយ‹ឈាម​ដែល​ឥត​ទោស​ជា​ច្រើន ហើយ​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​រូប​ព្រះ›។ ទោះ​ជា​យ៉ូសៀស​ជា​បុត្រា​របស់​ស្តេច​អាំម៉ូន បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា​ក្ដី តែ​ស្តេច​ដែល​មាន​បន្ទាប់ ព្រម​ទាំង​បណ្ដា​មនុស្ស​ទាំង​ឡាយ បាន​ក្លាយ​ទៅ​ជា​ធ្លាក់​ខ្លួន​ជ្រៅ​ក្នុង​អំពើ​កំណាច ដែល«ព្រះ​យេហូវ៉ា​ទ្រង់​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ»។—ពង្សាវតារ​ក្សត្រ​ទី​២ ២១:១៦​-​២១; ២៤:៣, ៤

១១ ព្រះ​យេហូវ៉ា​បាន​ប្រកាស​តាម​រយៈ​ព្យាការី​យេរេមា​ថា៖ «មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់​គ្រង ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច​ទៅ»។ ពួក​ស្រុក​យូដា​បាន​ជាប់​ទោស​នៃ​ការ​កំចាយ​ឈាម​ដ៏​ខ្លាំង ហើយ​ពួក​បណ្ដា​ជន​បាន​ពុក​រលួយ​ដោយ​ការ​លួច​ប្លន់ កាប់​សម្លាប់ ការ​ផិត​គ្នា ស្បថ​បំពាន ថ្វាយ​បង្គំ​ព្រះ​ដទៃ ហើយ​ប្រព្រឹត្ត​អំពើ​ដ៏​ស្អប់​ខ្ពើម​ឯ​ទៀត។ ព្រះ​វិហារ​របស់​ព្រះ​ក៏​បាន​ក្លាយ​ទៅ​ជា«រោង​ចោរ»។—យេរេមា ២:៣៤; ៥:៣០, ៣១; ៧:៨​-​១២

១២. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ដូច​ម្ដេច ក្នុង​ការ​កាត់​ទោស​ពួក​យេរូសាឡិម​ដ៏​ឥត​ស្មោះ​ត្រង់?

១២ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង [ខាល់ដេ] ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង»។ (យេរេមា ៤:៦) ដូច្នេះ ទ្រង់​បាន​នាំ​មហា​អំណាច​នៃ​ស្រុក​បាប៊ីឡូន​ដែល​នៅ​គ្រា​នោះ គឺ«ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល» ឲ្យ​កាច់​បំបាក់​ពួក​ក្រុង​យេរូសាឡិម​ដ៏​ឥត​ស្មោះ​ត្រង់​និង​ព្រះ​វិហារ។ (យេរេមា ៥០:២៣) ក្នុង​ឆ្នាំ ៦០៧ ម.​ស.យ. ក្រោយ​ពី​បាន​ឡោម​ព័ទ្ធ​ដ៏​ជូរ​ចត់ ទី​ក្រុង​នោះ​ក៏​ធ្លាក់​ចាញ់​ដល់​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​របស់​ស្តេច​នេប៊ូក្នេសា។ «រួច​ស្តេច​បាប៊ីឡូន ទ្រង់​សំឡាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ​នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សំឡាប់​ពួក​អ្នក​មាន​ត្រ​គូ​ល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ ហើយ​ចាក់​បង្ខូច​ព្រះ​នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន ពួក​ខាល់ដេ​ក៏​ដុត​ព្រះ​រាជវាំង នឹង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា​ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូសាឡិម​ផង រួច​មក​នេប៊ូសារ៉ាដាន ជា​មេ​ទ័ព​ធំ លោក​ដឹក​នាំ​សំណល់​ពួក​បណ្ដា​ជន​ដែល​នៅ​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែរ​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជនទាំង​ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន»។—យេរេមា ៣៩:៦​-​៩

១៣. តើ​អ្នក​ណា​ដែល​បាន​សង្គ្រោះ​ក្នុង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នៃ​ឆ្នាំ ៦០៧ ម.​ស.យ. ហើយ​ហេតុ​អ្វី?

១៣ នេះ​ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​មែន! ប៉ុន្តែ មនុស្ស​បី​បួន​នាក់​ដែល​គោរព​តាម​ព្រះ​យេហូវ៉ា គឺ​នៅ​ក្នុង​ចំណោម​ពួក​ដែល​បាន​សង្គ្រោះ​ពី​ការ​ជំនុំ​ជំរះ​ដ៏​ខ្លាំង​នោះ។ មនុស្ស​បី​បួន​នាក់​នេះ បាន​រួម​បញ្ចូល​ពួក​រេកាប​ដែល​មិន​មែន​ជា​ជាតិ​អ៊ីស្រាអែល ដែល​មិន​ដូច​ពួក​យូដា គេ​បាន​បង្ហាញ​ទឹក​ចិត្ត​ដ៏​រាប​ទាប​ហើយ​ដ៏​គោរព។ អេបេឌ​-​មេលេក ជា​មនុស្ស​គំ​រៀវ​ដ៏​ស្មោះ​ត្រង់ ដែល​បាន​សង្គ្រោះ​លោក​យេរេមា​ពី​សេចក្ដី​ស្លាប់​ក្នុង​ងងឹត​ភក់ ព្រម​ទាំង​បារូក ជា​ស្មៀន​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេរេមា ក៏​ត្រូវ​បាន​សង្គ្រោះ​ដែរ។ (យេរេមា ៣៥:១៨, ១៩; ៣៨:៧​-​១៣; ៣៩:១៥​-​១៨; ៤៥:១​-​៥) ចំពោះ​មនុស្ស​ដូច​នេះ​ហើយ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា . . . គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម»។ សេចក្ដី​សន្យា​នោះ​បាន​សម្រេច​ដ៏​តូច​មួយ​ក្នុង​ឆ្នាំ​៥៣៩ ម.​ស.យ. ពេល​ពួក​យូដា​ដែល​កោត​ខ្លាច​ព្រះ បាន​ដោះ​លែង​ដោយ​អ្នក​បង្ក្រាប​បាប៊ីឡូន ស្តេច​ស៊ីរូស ហើយ​បាន​ត្រឡប់​ទៅ​សង់​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ឡើង​វិញ។ អស់​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ចេញ​ពី​សាសនា​ក្លែង​ក្លាយ ហើយ​បាន​មក​កាន់​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ក៏​អាច​ទន្ទឹង​ទៅ​មុខ​នូវ​អនាគត​ដ៏​រុង​រឿង​នៃ​សន្ដិសុខ​ដែល​គ្មាន​ទី​បំផុត ក្នុង​សួន​មនោរម្យ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​កសាង​ឡើង​វិញ។—យេរេមា ២៩:១១; ទំនុកដំកើង ៣៧:៣៤; វិវរណៈ ១៨:២, ៤

«សេចក្ដី​វេទនា​ជា​ខ្លាំង»ក្នុង​សតវត្ស​ទី​មួយ

១៤. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​បដិសេធ​អ៊ីស្រាអែល​ជា​អចិន្ត្រៃយ៍?

១៤ សូម​ឲ្យ​យើង​បែរ​អារម្មណ៍​ទៅ​សតវត្ស​ទី​មួយ​នៃ​សករាជ​យើង។ មក​ដល់​ពេល​នេះ ពួក​យូដា​ដែល​បាន​កសាង​ហើយ ម្ដង​នេះ​ទៀត​ក៏​បាន​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ក្បត់​ជំនឿ។ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ មក​ផែនដី​ឲ្យ​ធ្វើ​ជា​បុគ្គល​ចាក់​ប្រេង​តាំង ឬ​ព្រះ​មេស្ស៊ី​របស់​ទ្រង់។ ក្នុង​កំឡុង​ឆ្នាំ ២៩​ស.យ. ទៅ​ឆ្នាំ ៣៣​ស.យ. ព្រះ​យេស៊ូ​បាន​ផ្សាយ​ទូទាំង​ស្រុក​អ៊ីស្រាអែល ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ»។ (ម៉ាថាយ ៤:១៧) ថែម​ទៀត​នោះ ទ្រង់​បាន​ប្រមូល​និង​អប់រំ​សិស្ស​របស់​ទ្រង់​ឲ្យ​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។ តើ​ពួក​អ្នក​ដឹក​នាំ​នៃ​ពួក​យូដា​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច? គេ​បាន​និយាយ​អាក្រក់​ពី​ព្រះ​យេស៊ូ ហើយ នៅ​ក្រោយ​មក បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ស្អប់​ខ្ពើម នៃ​ការ​ធ្វើ​ឲ្យ​ទ្រង់​សោយ​ទិវង្គត​ដ៏​ឈឺ​ចាប់​លើ​បង្គោល​ឈើ​ទារុណកម្ម។ ព្រះ​យេហូវ៉ា​បាន​បដិសេធ​ពួក​យូដា​ជា​រាស្ត្រ​របស់​ទ្រង់។ ឥឡូវ​នេះ ការ​បដិសេធ​ចោល​នៃ​សាសន៍​នោះ គឺ​អចិន្ត្រៃយ៍។

១៥. តើ​ពួក​យូដា​ដែល​បាន​ប្រែ​ចិត្ត​មាន​ឯកសិទ្ធិ​ដើម្បី​សម្រេច​អ្វី?

១៥ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ ៣៣​ស.យ. ព្រះ​យេស៊ូ​ដែល​បាន​រស់​ឡើង​វិញ បាន​ចាក់​វិញ្ញាណ​បរិសុទ្ធ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​សិស្ស​ទ្រង់​មាន​អំណាច​និយាយ​ជា​ភាសា​ច្រើន​ដល់​ពួក​យូដា និង​ពួក​ចូល​សាសនា​យូដា ដែល​បាន​មក​ជា​ជួប​ជុំ​គ្នា​នោះ។ ក្នុង​ការ​និយាយ​ទៅ​បណ្ដា​មនុស្ស សាវ័ក​ពេត្រុស​បាន​ប្រកាស​ថា៖ «ឯ​ព្រះ​យេស៊ូ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា . . . ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះ​យេស៊ូ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​គ្រីស្ទ​ផង»។ តើ​ពួក​យូដា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច? «គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត» ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​គេ ហើយ​ក៏​បាន​ជ្រមុជ​ទឹក។ (កិច្ច​ការ ២:៣២​-​៤១) ការ​ផ្សាយ​ដំណឹង​ល្អ​ក៏​មាន​ល្បឿន​យ៉ាង​លឿន ហើយ​ក្នុង​៣០​ឆ្នាំ ក៏​បាន​ផ្សាយ«ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។—កូល៉ុស ១:២៣

១៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រើ​កលល្បិច​ឲ្យ​មាន​ព្រឹត្ដិការណ៍ ដែល​នាំ​មក​កាត់​ទោស​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម?

១៦ ឥឡូវ​នេះ ពេល​វេលា​គឺ​មក​ដល់​ហើយ ដែល​ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជំរះ​លើ​រាស្ត្រ​ដែល​ទ្រង់​បដិសេធ គឺ​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ មនុស្ស​រាប់​ពាន់​នាក់ ដែល​ចេញ​ពី​សាសន៍​ទូទាំង​ពិភព​លោក បាន​ចូល​មក​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ជា«អ៊ីស្រាអែល​នៃ​ព្រះ»ខាង​វិញ្ញាណ។ (កាឡាទី ៦:១៦) ប៉ុន្តែ ពួក​យូដា​នៅ​ពេល​នោះ បាន​ធ្លាក់​ចូល​ក្នុង​ដំណើរ​នៃ​ការ​ស្អប់​និង​អំពើ​ឃោរឃៅ​ខាង​និកាយ។ ផ្ទុយ​នឹង​អ្វី​ដែលប៉ុល​បាន​សរសេរ អំពី‹ការ​ចុះ​ចូល​នឹង​អាជ្ញាធរ​ខ្ពង់​ខ្ពស់› ពួក​គេ​បាន​បះ​បោរ​ដ៏​ឥត​លាក់​លាម​ទាស់​ប្រឆាំង​នឹង​អំណាច​រ៉ូម ដែល​គ្រប់​គ្រង​លើ​ពួក​គេ។ (រ៉ូម ១៣:១) តាម​ប្រមើល​ទៅ ព្រះ​យេហូវ៉ា​បាន​កាន់​កាប់​នឹង​ព្រឹត្ដិការណ៍​ដែល​មាន​ជា​បន្ទាប់។ ក្នុង​ឆ្នាំ ៦៦​ស.យ. កង​ទ័ព​រ៉ូម​នៅ​ក្រោម​ឧត្តមសេនីយ ហ្គាឡាស បាន​ទៅ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។ ពួក​កង​ទ័ព​នេះ​បាន​ចូល​ក្នុង​ក្រុង រហូត​ដល់​ជីក​ជញ្ជាំង​ព្រះ​វិហារ​ផង។ តាម​ឯកសារ​ប្រវត្ដិសាស្ត្រ​នៃ​លោក ចូ​ស៊ី​ហ្វី​ស គឺ​ពិត​ជា​មាន​សេចក្ដី​វេទនា​ដ៏​ខ្លាំង​លើ​ក្រុង​និង​ប្រជាជន។a ប៉ុន្តែ មួយ​រំពេច​នោះ ពួក​ទាហាន​ដែល​វាយ​រុក​រាន​នេះ ក៏​ចាក​ចេញ​ទៅ​វិញ។ នេះ​បាន​អនុញ្ញាត​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ដើម្បី‹រត់​នៅ​ឯ​ភ្នំ› ដូច​បាន​ដាស់​តឿន​ក្នុង​ទំនាយ​របស់​ទ្រង់ នៅ​ម៉ាថាយ ២៤:១៥, ១៦

១៧, ១៨. (ក) តាម​រយៈ​សេចក្ដី​វេទនា​ណា ដែល​ព្រះ​យេហូវ៉ា​កំណត់​កត់​ទោស​លើ​ពួក​យូដា? (ខ) តើ​មនុស្ស​ណា​ដែល‹គេច​រួច​ជីវិត› ហើយ​នេះ​នឹង​ប្រផ្នូល​អ្វី?

១៧ ប៉ុន្តែ ការ​ជំនុំ​ជំរះ​ដ៏​ពេញ​លេញ​នៃ​ការ​កាត់​ទោស​របស់​ព្រះ​យេហូវ៉ា ក្នុង​សេចក្ដី​វេទនា មិន​ទាន់​មក​ដល់​ទេ។ ក្នុង​ឆ្នាំ ៧០​ស.យ. ពួក​ទាហាន​រ៉ូម ឥឡូវ​នេះ ក្រោម​ឧត្តមសេនីយ ទីតុស ក៏​ត្រឡប់​មក​វាយ​រុក​រាន​វិញ។ ពេល​នេះ ការ​ច្បាំង​គឺ​បាន​សម្រេច! ពួក​យូដា​ដែល​បាន​ច្បាំង​ព្រម​ទាំង​ក្នុង​ចំណោម​ពួក​គេ គឺ​មិន​អាច​ប្រកួត​ជា​មួយ​ពួក​រ៉ូម​បាន​ឡើយ។ ទី​ក្រុង​និង​ព្រះ​វិហារ បាន​ត្រូវ​បំបាក់​បំបែក។ ពួក​យូដា​ជាង​មួយ​លាន​នាក់​ដែល​ស្គម​ឃើញ​តែ​ឆ្អឹង បាន​រង​ទុក្ខ​ហើយ​ស្លាប់ ហើយ​ប្រមាណ​៦០០,០០០​សព បាន​បោះ​ចេញ​ពី​មាត់​ទ្វារ​ក្រុង។ ក្រោយ​ពី​ទី​ក្រុង​បាន​រលំ ពួក​យូដា​៩៧,០០០​នាក់ បាន​គេ​ចាប់​យក​ជា​ឈ្លើយ ដែល​មាន​ជា​ច្រើន​នាក់​ស្លាប់​ក្នុង​នាដ​កីឡា។ ពិត​ហើយ មនុស្ស​ដែល​បាន​ត្រូវ​សង្គ្រោះ​ក្នុង​ឆ្នាំ​នៃ​សេចក្ដី​វេទនា​នោះ គឺ​ពួកគ្រីស្ទាន​ដែល​បាន​រត់​ទៅ​ភ្នំ​ហួស​ទន្លេ​យ័រដាន់។—ម៉ាថាយ ២៤:២១, ២២; លូកា ២១:២០​-​២២

១៨ ដូច្នេះ ទំនាយ​ដ៏​ធំ​របស់​ព្រះ​យេស៊ូ​ចំពោះ«គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍» គឺ​មាន​ការ​សម្រេច​ទី​មួយ ដែល​មាន​ដល់​ពេញ​កំរិត​ក្នុង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ដែល​កំណត់​ដាក់​ទោស​លើ​សាសន៍​យូដា​ដ៏​បះ​បោរ ក្នុង​ឆ្នាំ ៦៦​-​៧០​ស.យ.។ (ម៉ាថាយ ២៤:៣​-​២២) ប៉ុន្តែ នោះ​គ្រាន់​តែ​ជា​ប្រផ្នូល​នៃ‹ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​មក​ដល់› សេចក្ដី​វេទនា​ជា​ចុង​បំផុត ដែល​នឹង​មាន​លើ​ពិភព​លោក​ទាំង​មូល។ (យ៉ូអែល ២:៣១) តើ​តាម​របៀប​ណា​ដែល​អ្នក‹អាច​គេច​រួច​បាន›? អត្ថបទ​ជា​បន្ទាប់​នឹង​ប្រាប់​យើង។

[កំណត់​សម្គាល់]

a ចូ​ស៊ី​ហ្វី​ស​រៀប​រាប់​ថា​ពួក​រ៉ូម​ដែល​វាយ​ប្រហារ​បាន​ឡោម​ព័ទ្ធ​ក្រុង​នោះ បាន​ជីក​កំផែង ហើយ​ហៀប​នឹង​ដុត​ទ្វារ​នៃ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​ពួក​យូដា​ដែល​ជាប់​ឃុំ​ឃាំង​ខាង​ក្នុង ពី​ព្រោះ​គេ​ឃើញ​សេចក្ដី​ស្លាប់​នឹង​មក​ជា​មិន​ខាន។—សង្គ្រាម​នៃ​ពួក​យូដា សៀវភៅ ទី​ពីរ ជំពូក ១៩។

សំនួរ​ទាំង​ឡាយ​សំរាប់​សើរើ​ឡើង​វិញ

◻ តើ​តាម​របៀប​ណា​ដែល«ថ្ងៃ​របស់​ព្រះ​អម្ចាស់» បាន​ទាក់​ទង​នឹង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

◻ ដោយ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​សម័យ​លោក​ណូអេ តើ​ការ​ព្រមាន​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​តាម?

◻ តើ​តាម​របៀប​ណា​ដែល​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា ផ្ដល់​មេ​រៀន​ដ៏​សំខាន់?

◻ តើ​ពួក​ណា​ដែល​បាន​សង្គ្រោះ​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង» ក្នុង​សតវត្ស​ទី​មួយ?

[រូប​ភាព​នៅ​ទំព័រ​២៥]

ព្រះ​យេហូវ៉ា​ផ្ដល់​ការ​សង្គ្រោះ​ដល់​គ្រួសារ​នៃ​លោក​ណូអេ​និង​ឡុត ព្រម​ទាំង​ក្នុង​ឆ្នាំ​៦០៧​ម.​ស.យ. និង ៧០ ស.យ.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក