ខាងឆ្វេង: សម្ភារសម្រាប់ចែកជូនជនរងគ្រោះដែលបងប្អូននៅប្រទេសស្វីស បានផ្ញើឲ្យបងប្អូននៅ ប្រទេសអាឡឺម៉ង់ នាឆ្នាំ១៩៤៦; ខាងស្ដាំ: ការសង់សាលប្រជុំឡើងវិញ បន្ទាប់ពីរលកយក្សស៊ូណាមី នាប្រទេសជប៉ុន នៅឆ្នាំ២០១១
ផ្នែកទី៦
ការគាំទ្ររាជាណាចក្ររបស់ព្រះ: ការសាងសង់កន្លែងគោរពប្រណិប័តន៍និងការផ្ដល់ជំនួយ
សូមស្រមៃគិតថាអ្នកដើរចូលទៅសាលប្រជុំរបស់អ្នក។ តាំងពីដើមដំបូង អ្នកមានមោទនភាពចំពោះអគារនោះ។ អ្នកប្រហែលជាមានអនុស្សាវរីយ៍ល្អជាច្រើន ពីកាលដែលអ្នកបានជួយសង់សាលប្រជុំនោះប៉ុន្មានឆ្នាំមុន។ ប៉ុន្តែពេលដែលអ្នកមើលសាលប្រជុំឥឡូវនេះ អ្នកឃើញថាកន្លែងនោះខុសប្លែកខ្លាំងណាស់ ហើយនោះធ្វើឲ្យអ្នកកាន់តែមានមោទនភាពថែមទៀត។ តើខុសប្លែកយ៉ាងណា? គឺពីព្រោះជាបណ្ដោះអាសន្ន សាលប្រជុំនោះបានត្រូវប្ដូរទៅជាកន្លែងផ្ដល់ជំនួយសម្រាប់ជនរងគ្រោះ។ ហេតុអ្វី? ដោយសារខ្យល់ព្យុះបានធ្វើឲ្យភ្លៀងធ្លាក់លិចលង់តំបន់របស់អ្នក។ ដូច្នេះគណៈកម្មាធិការការិយាល័យសាខាបានរៀបចំយ៉ាងលឿនដើម្បីផ្ដល់អាហារ សម្លៀកបំពាក់ ទឹកស្អាត និងជំនួយថែមទៀតសម្រាប់ជនរងគ្រោះ។ នៅសាលប្រជុំនោះ សម្ភារផ្សេងៗដែលជាជំនួយពីបងប្អូនបានត្រូវរៀបចំយ៉ាងរៀបរយ។ បងប្អូនប្រុសស្រីកំពុងចូលហូរហែដើម្បីទទួលអ្វីដែលពួកគេត្រូវការ ហើយបងប្អូនជាច្រើនសប្បាយចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក។
លោកយេស៊ូបានបញ្ជាក់ថា គុណសម្បត្ដិរបស់អ្នកកាន់តាមលោកដែលនឹងលេចធ្លោជាងគេ គឺសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ (យ៉ូន. ១៣:៣៤, ៣៥) ក្នុងផ្នែកនេះ យើងនឹងឃើញរបៀបដែលកិច្ចការសាងសង់និងកិច្ចការផ្ដល់ជំនួយរបស់សាក្សីព្រះយេហូវ៉ា បង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិកពិត។ សេចក្ដីស្រឡាញ់នេះជាភ័ស្តុតាងជាក់ច្បាស់ថា យើងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់លោកយេស៊ូដែលជាស្តេចនៃរាជាណាចក្រព្រះ។