ជំពូកទី២៣
លោកយេស៊ូធ្វើការអស្ចារ្យជាច្រើននៅក្រុងកាពើណិម
ម៉ាថាយ ៨:១៤-១៧ ម៉ាកុស ១:២១-៣៤ លូកា ៤:៣១-៤១
លោកយេស៊ូបណ្ដេញវិញ្ញាណកំណាច
លោកយេស៊ូធ្វើឲ្យម្ដាយក្មេកពេត្រុសជាសះស្បើយ
លោកយេស៊ូបានអញ្ជើញអ្នកកាន់តាមលោកបួននាក់ឲ្យធ្វើជាអ្នកនេសាទមនុស្ស គឺពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន។ នៅថ្ងៃឈប់សម្រាក ពួកគាត់ទាំងអស់គ្នាទៅសាលាប្រជុំក្នុងក្រុងកាពើណិម។ នៅទីនោះ លោកយេស៊ូបានបង្រៀនពួកបណ្ដាជន ហើយពួកគេនឹកអស្ចារ្យនឹងសេចក្ដីបង្រៀនរបស់លោក។ ហេតុអ្វី? ពីព្រោះរបៀបដែលលោកបង្រៀនពួកគេគឺប្រកបដោយអំណាចមកពីព្រះ មិនមែនដូចពួកអ្នកជំនាញខាងច្បាប់បង្រៀននោះទេ។
ម្យ៉ាងទៀត នៅសាលាប្រជុំនាថ្ងៃឈប់សម្រាកនោះ មានបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូល។ នៅក្នុងសាលាប្រជុំ បុរសនោះបានស្រែកយ៉ាងខ្លាំងថា៖ «នែ! យេស៊ូពីក្រុងណាសារ៉ែត! តើអ្នកមករំខានពួកយើងធ្វើអ្វី? តើអ្នកមកបំផ្លាញយើងឬ? ខ្ញុំដឹងច្បាស់ថាអ្នកជាអ្នកណា។ អ្នកជាអ្នកបរិសុទ្ធរបស់ព្រះ»។ លោកយេស៊ូក៏ស្តីបន្ទោសវិញ្ញាណកំណាចដែលចូលបុរសនោះថា៖ «ស្ងៀមទៅ! ហើយចេញពីគាត់!»។—ម៉ាកុស ១:២៤, ២៥
ភ្លាមនោះ វិញ្ញាណកំណាចបានស្រែកយ៉ាងអស់សំឡេង ហើយផ្ដួលបុរសនោះទៅលើដី ទាំងប្រកាច់ផង។ ប៉ុន្តែ វិញ្ញាណកំណាចនោះចេញពីគាត់«ដោយមិនធ្វើទុក្ខគាត់ឡើយ»។ (លូកា ៤:៣៥) ពេលឃើញដូចនោះ បណ្ដាជនដែលនៅជុំវិញគាត់ក្នុងសាលាប្រជុំ ពិតជានឹកអស្ចារ្យក្នុងចិត្តណាស់! ពួកគេនិយាយគ្នាថា៖ «តើនេះជាអ្វីទៅ? . . . លោកមានអំណាចអាចបង្គាប់ទាំងវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់តាមលោកដែរ»។ (ម៉ាកុស ១:២៧) ដោយសារព្រឹត្ដិការណ៍នេះអស្ចារ្យដល់ម្ល៉េះ បានជារឿងនេះឮសុសសាយពេញតំបន់កាលីឡេ។
ក្រោយពីលោកចេញពីសាលាប្រជុំ លោកនិងអ្នកកាន់តាមក៏ធ្វើដំណើរទៅផ្ទះរបស់ស៊ីម៉ូន ដែលហៅថាពេត្រុស។ នៅទីនោះ ម្ដាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនក្ដៅខ្លាំង ឃើញដូច្នោះពួកគាត់បានអង្វរលោកយេស៊ូឲ្យជួយនាង។ ដូច្នេះ លោកយេស៊ូបានដើរទៅជិត ហើយចាប់ដៃនាងឲ្យងើបឡើង។ រំពេចនោះ នាងក៏បានជាសះស្បើយ ហើយប្រហែលជាចាប់ផ្ដើមរៀបចំអាហារឲ្យលោកយេស៊ូនិងអ្នកកាន់តាមលោក។
លុះដល់ថ្ងៃលិច មនុស្សមកពីគ្រប់ទីកន្លែងនាំអ្នកដែលឈឺមកផ្ទះរបស់ពេត្រុស។ មិនយូរប៉ុន្មាន តាមមើលទៅអ្នកនៅក្រុងនោះទាំងអស់ បានមកមូលគ្នានៅមាត់ទ្វារផ្ទះពេត្រុសតែម្ដង។ ហេតុអ្វី? ពីព្រោះពួកគេចង់ឲ្យលោកយេស៊ូធ្វើឲ្យអ្នកទាំងនោះជាសះស្បើយ។ ហេតុនេះ «អស់អ្នកដែលមានអ្នកឈឺជំងឺផ្សេងៗនៅជាមួយ បាននាំអ្នកឈឺទាំងនោះទៅឯលោក ហើយលោកបានធ្វើឲ្យពួកគេជាសះស្បើយ ដោយដាក់ដៃលើពួកគេម្នាក់ៗ»។ (លូកា ៤:៤០) ទោះជាពួកគេមានជំងឺបែបណាក៏ដោយ លោកយេស៊ូបានជួយពួកគេឲ្យជា ដូចទំនាយដែលបានចែងទុក។ (អេសាយ ៥៣:៤) លោកយេស៊ូថែមទាំងបានជួយបណ្ដេញវិញ្ញាណកំណាចចេញពីមនុស្សទៀតផង។ ពេលពួកវិញ្ញាណកំណាចចេញ ពួកវាស្រែកឡើងថា៖ «អ្នកជាបុត្រព្រះ»។ (លូកា ៤:៤១) ប៉ុន្តែ លោកយេស៊ូបានស្តីបន្ទោសពួកវា ហើយបង្គាប់ពួកវាកុំឲ្យនិយាយតទៅទៀត។ ពួកវាដឹងថាលោកយេស៊ូជាគ្រិស្ត ហើយលោកមិនចង់ឲ្យពួកវាបន្លំខ្លួនជាអ្នកបម្រើព្រះពិតឡើយ។