បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៣៥ ទំ. ៨៤-ទំ. ៩១ វ. ៤
  • សុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​ណា​ពិត​ជា​មាន​សុភមង្គល?
  • ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​សម្រាប់​អ្នក​កាន់​តាម​លោក
  • សេចក្ដី​អធិដ្ឋាន​និង​ទំនុក​ចិត្ត​លើ​ព្រះ
  • របៀប​ទទួល​បាន​ជីវិត
  • សេចក្ដីបង្រៀនដ៏ល្បីបំផុត ដែលធ្លាប់មាន
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ម៉ាថាយ ជំពូកទី៥ដល់ទី៧
    ពាក្យពេចន៍ប្រកបដោយប្រាជ្ញាបំផុត
  • ចូរប្រព្រឹត្ដល្អជាបន្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលទៅលើរបៀបដែលអ្នកអធិដ្ឋានឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៣៥ ទំ. ៨៤-ទំ. ៩១ វ. ៤
លោកយេស៊ូថ្លែងសុន្ទរកថានៅលើភ្នំទៅកាន់ពួកសាវ័កនិងពួកអ្នកកាន់តាមលោក

ជំពូក​ទី​៣៥

សុន្ទរកថា​ដ៏​ល្បី​ល្បាញ​នៅ​លើ​ភ្នំ

ម៉ាថាយ ៥:១–៧:២៩ លូកា ៦:១៧​-​៤៩

  • សុន្ទរកថា​នៅ​លើ​ភ្នំ

លោក​យេស៊ូ​ច្បាស់​ជា​នឿយ​ហត់ ក្រោយ​ពី​លោក​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​អធិដ្ឋាន រួច​មក​ព្រឹក​ឡើង​លោក​បាន​ជ្រើស​រើស​អ្នក​កាន់​តាម​១២​នាក់​ឲ្យ​ធ្វើ​ជា​សាវ័ក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ថ្ងៃ​ដដែល​នោះ លោក​នៅ​តែ​មាន​កម្លាំង និង​មាន​បំណង​ប្រាថ្នា​ចង់​ជួយ​មនុស្ស។ លោក​បាន​ធ្វើ​ដូច្នេះ​នៅ​លើ​ភ្នំ​មួយ​នា​ស្រុក​កាលីឡេ ដែល​ប្រហែល​ជា​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​លោក​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​កាពើណិម​ឡើយ។

ក្រុម​មនុស្ស​ពី​តំបន់​ឆ្ងាយ​ៗ​បាន​មក​ជួប​លោក។ អ្នក​ខ្លះ​មក​ពី​ភាគ​ខាង​ត្បូង ពី​ក្រុង​យេរូសាឡិម និង​ពី​កន្លែង​នា​នា​នៅ​តំបន់​យូឌា។ អ្នក​ខ្លះ​ទៀត​មក​ពី​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច ដែល​នៅ​មាត់​សមុទ្រ។ ហេតុ​អ្វី​ពួក​គេ​បាន​មក​រក​លោក​យេស៊ូ? គឺ​«​ដើម្បី​ស្ដាប់​លោក ហើយ​ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​ពួក​គេ​»​ ហើយ​នោះ​បាន​កើត​ឡើង​មែន ពោល​គឺ​លោក​យេស៊ូ​បាន​«​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​ជា​សះ​ស្បើយ​»។ សូម​គិត​ទៅ​មើល ពួក​គេ​ទាំង​អស់​គ្នា​បាន​ជា​សះ​ស្បើយ! លោក​យេស៊ូ​ក៏​បាន​ជួយ​«​មនុស្ស​ដែល​ពួក​វិញ្ញាណ​អសោច​បាន​ធ្វើ​ទុក្ខ​»​ដែរ គឺ​មនុស្ស​ដែល​បាន​រង​ទុក្ខ​ដោយ​សារ​ទេវតា​អាក្រក់​របស់​សាថាន។—លូកា ៦:១៧​-​១៩

បន្ទាប់​មក លោក​យេស៊ូ​រក​ឃើញ​កន្លែង​មួយ​ដែល​រាប​ស្មើ​នៅ​លើ​ភ្នំ ហើយ​ក្រុម​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​លោក។ អ្នក​កាន់​តាម​លោក ជា​ពិសេស​សាវ័ក​១២​នាក់​ទំនង​ជា​នៅ​ជិត​លោក​ជាង​គេ។ មនុស្ស​ទាំង​អស់​នៅ​ទី​នោះ​ពិត​ជា​ចង់​ស្ដាប់​លោក​គ្រូ​រូប​នេះ​ដែល​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព។ លោក​យេស៊ូ​បាន​ថ្លែង​សុន្ទរកថា​ដែល​ច្បាស់​ជា​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​លោក។ តាំង​ពី​ពេល​នោះ​មក មនុស្ស​ឯ​ទៀត​ជា​ច្រើន​ឥត​គណនា​ក៏​បាន​ទទួល​ប្រយោជន៍​ពី​សុន្ទរកថា​នោះ​ដែរ។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ដែរ ដោយ​សារ​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​អំពី​ព្រះ​បាន​ត្រូវ​ពន្យល់​តាម​របៀប​ដែល​ស្រួល​យល់ ហើយ​ច្បាស់។ លោក​យេស៊ូ​បាន​ប្រើ​បទ​ពិសោធន៍​ដែល​មនុស្ស​ដឹង​ជា​ទូ​ទៅ និង​អ្វី​ដែល​មនុស្ស​ធ្លាប់​ស្គាល់។ នេះ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​កំពុង​ស្វែង​រក​ជីវិត​ដ៏​ប្រសើរ​តាម​ផ្លូវ​របស់​ព្រះ អាច​យល់​គំនិត​របស់​លោក​យេស៊ូ​បាន។ តើ​សុន្ទរកថា​របស់​លោក​យេស៊ូ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ខ្លាំង​ម្ល៉េះ?

តើ​អ្នក​ណា​ពិត​ជា​មាន​សុភមង្គល?

មនុស្ស​ទាំង​អស់​ចង់​មាន​សុភមង្គល។ ដោយ​ជ្រាប​អំពី​រឿង​នេះ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ដោយ​រៀប​រាប់​អំពី​អ្នក​ដែល​ពិត​ជា​មាន​សុភមង្គល។ សុន្ទរកថា​នេះ​ពិត​ជា​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពួក​អ្នក​ដែល​បាន​ស្ដាប់​លោក​ខ្លាំង​ណាស់! ប៉ុន្តែ មាន​ចំណុច​ខ្លះ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។ . . . អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។ . . . អស់​អ្នក​ដែល​មនុស្ស​បាន​បៀត​បៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌ ជា​របស់​អ្នក​ទាំង​នោះ។ នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀត​បៀន . . . អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ។ ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ!​»។—ម៉ាថាយ ៥:៣​-​១២

បុរសដ៏ក្រៀមក្រំម្នាក់ ប្រែក្លាយទៅជាអ្នកដែលមានសុភមង្គលពិត

ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​«​មាន​សុភមង្គល​»​ តើ​លោក​ចង់​សំដៅ​លើ​អ្វី? លោក​មិន​បាន​សំដៅ​លើ​ការ​សើច​សប្បាយ​រីក​រាយ ដូច​ជា​ពេល​ដែល​បុគ្គល​ណា​ម្នាក់​សប្បាយ​នឹង​អ្វី​មួយ​នោះ​ទេ។ សុភមង្គល​ពិត​ប្រាកដ​គឺ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង​នេះ។ សុភមង្គល​ពិត​ប្រាកដ​រួម​បញ្ចូល​អំណរ​និង​ការ​ពេញ​ចិត្ត ដោយ​សារ​ជីវិត​របស់​ខ្លួន​មាន​ន័យ​ខ្លឹម​សារ។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ដែល​ពិត​ជា​មាន​សុភមង្គល​គឺ​ជា​មនុស្ស​ដែល​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ ក៏​មិន​សប្បាយ​ចិត្ត​ដោយ​សារភាព​ខុស​ឆ្គង​របស់​ខ្លួន ហើយ​ក្រោយ​មក​បាន​ស្គាល់​ព្រះ​និង​បម្រើ​លោក។ ទោះ​ជា​មនុស្ស​ឯ​ទៀត​ស្អប់ ឬ​បៀត​បៀន​ពួក​គេ ដោយ​សារ​ពួក​គេ​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក៏​ដោយ ក៏​ពួក​គេ​មាន​សុភមង្គល​ដែរ ពី​ព្រោះ​ពួក​គេ​ដឹង​ថា ពួក​គេ​កំពុង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ថា​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​រង្វាន់​ដល់​ពួក​គេ។

ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​គិត​ថា​ការ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន និង​ការ​ស្វែង​រក​ការ​សប្បាយ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល ប៉ុន្តែ​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​គឺ​មិន​មែន​ដូច្នោះ​ទេ។ លោក​បាន​បង្ហាញ​ភាព​ផ្ទុយ​គ្នា​ដែល​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជា​ច្រើន​នាក់​ងឿង​ឆ្ងល់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​មាន នឹង​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​អ្នក​បាន​ទទួល​ភាព​សុខ​ស្រួល​គ្រប់​សព្វ​ហើយ។ អ្នក​រាល់​គ្នា​ដែល​ឆ្អែត​ស្កប់​ស្កល់​ឥឡូវ​នេះ នឹង​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​អ្នក​នឹង​មាន​សេចក្ដី​អត់​ឃ្លាន។ អ្នក​រាល់​គ្នា​ដែល​សើច​ឥឡូវ​នេះ នឹង​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​អ្នក​នឹង​យំ​ដោយ​មាន​ក្ដី​ទុក្ខ​ព្រួយ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ណាស់! នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់​សរសើរ​អ្នក​រាល់​គ្នា ព្រោះ​បុព្វ​បុរស​របស់​អ្នក​ទាំង​នោះ​ធ្លាប់​ប្រព្រឹត្ត​ដូច្នោះ​ទៅ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»។—លូកា ៦:២៤​-​២៦

អំបិលមួយចំនួនធំបានត្រូវទុកជិតទីបូជានៅឯវិហាររបស់ព្រះ

ហេតុ​អ្វី​ការ​មាន​ទ្រព្យ​សម្បត្ដិ ការ​សើច​សប្បាយ និង​ការ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ខ្លួន នាំ​ឲ្យ​វេទនា​ទៅ​វិញ? ពី​ព្រោះ​ពេល​បុគ្គល​ណា​ម្នាក់​មាន​អ្វី​ទាំង​នេះ ហើយ​ស្រឡាញ់​អ្វី​ទាំង​នេះ នោះ​គាត់​ប្រហែល​ជា​មិន​អើពើ​នឹង​ការ​បម្រើ​ព្រះ​ឡើយ នេះ​នាំ​ឲ្យ​គាត់​បាត់​បង់​សុភមង្គល​ពិត។ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ភាព​ក្រី​ក្រ ឬ​ភាព​អត់​ឃ្លាន​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​នោះ​ទេ ប៉ុន្តែ​មនុស្ស​ដែល​មាន​ស្ថានភាព​បែប​នេះ​ច្រើន​តែ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ហើយ​ពួក​គេ​នឹង​ទទួល​ពរ​ដែល​ជា​សុភមង្គល​ពិត​ប្រាកដ។

លោក​បាន​គិត​អំពី​អ្នក​កាន់​តាម​លោក ពេល​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែន​ដី​»។ (​ម៉ាថាយ ៥:១៣​) ពួក​គេ​ច្បាស់​ជា​មិន​មែន​ជា​អំបិល​មែន​ទែន​នោះ​ទេ។ តើ​នេះ​មាន​អត្ថន័យ​អ្វី? តាម​ធម្មតា​អំបិល​គឺ​បង្ការ​អ្វី​មួយ​មិន​ឲ្យ​ខូច។ ជា​ឧទាហរណ៍ នៅ​ជិត​ទី​បូជា​នៃ​វិហារ​របស់​ព្រះ​មាន​អំបិល​ជា​ច្រើន​ដែល​គេ​បាន​ទុក​ដើម្បី​ប្រើ​សម្រាប់​ដាក់​លើ​គ្រឿង​បូជា ហើយ​ក៏​ដើម្បី​តំណាង​ការ​រួច​ផុត​ពី​ការ​ខូច​រលួយ។ (​លេវីវិន័យ ២:១៣; អេសេគាល ៤៣:២៣, ២៤​) អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​«​អំបិល​នៃ​ផែន​ដី​»​ ក្នុង​ន័យ​ថា​ពួក​គាត់​មាន​ឥទ្ធិពល​ដែល​អាច​រក្សា​ការពារ​មនុស្ស​ពី​ការ​បាត់​បង់​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​រក្សា​សីលធម៌​ខ្ពង់​ខ្ពស់​ទៀត​ផង។ ដំណឹង​ដែល​ពួក​គាត់​ផ្សាយ​ពិត​ជា​អាច​ជួយ​ការពារ​ជីវិត​អស់​អ្នក​ដែល​បាន​ធ្វើ​តាម​ដំណឹង​នោះ។

ពន្លឺចង្កៀងកំពុងភ្លឺនៅលើជើងចង្កៀង

លោក​យេស៊ូ​ក៏​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ដែរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក​»។ តាម​ធម្មតា មនុស្ស​មិន​ដែល​ដាក់​ចង្កៀង​ក្រោម​ប្រដាប់​វាល់​ស្រូវ​ឡើយ តែ​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​វា​បញ្ចេញ​ពន្លឺ។ ដូច្នេះ លោក​យេស៊ូ​បាន​ដាស់​តឿន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​»។—ម៉ាថាយ ៥:១៤​-​១៦

ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​សម្រាប់​អ្នក​កាន់​តាម​លោក

អ្នក​ដឹក​នាំ​សាសនា​យូដា​បាន​ចាត់​ទុក​លោក​យេស៊ូ​ថា​ជា​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់​របស់​ព្រះ។ មុន​នេះ​ពួក​គេ​ទើប​នឹង​បាន​ប្រឹក្សា​គ្នា​រកវិធី​សម្លាប់​លោក។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ជា​សាធារណៈ​ថា​៖ ​«​កុំ​គិត​ស្មានថា ខ្ញុំ​បាន​មក​ដើម្បី​បំផ្លាញ​ច្បាប់ ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឡើយ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ​នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់ និង​សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​សម្រេច​វិញ​»។—ម៉ាថាយ ៥:១៧

លោក​យេស៊ូ​គោរព​ច្បាប់​របស់​ព្រះ​យ៉ាង​ខ្លាំង ហើយ​លោក​ដាស់​តឿន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច​លោក​ដែរ។ តាម​ពិត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​នេះ សូម្បី​តែ​បញ្ញត្ដិ​ដែល​មនុស្ស​ចាត់​ទុក​ថា​មិន​សូវ​សំខាន់​ក៏​ដោយ បើ​អ្នក​ណា​ល្មើស​បញ្ញត្ដិ​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ អ្នក​នោះ​គឺ​មិន​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ​»។ លោក​ចង់​មាន​ប្រសាសន៍​ថា​មនុស្ស​ដែល​ធ្វើ​បែប​នោះ​នឹង​មិន​អាច​ចូល​រាជាណាចក្រ​ទាល់​តែ​សោះ។ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​រីឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​តាម​ដែរ អ្នក​នោះ​គឺ​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​»។—ម៉ាថាយ ៥:១៩

បុរសម្នាក់ដែលមានកំហឹងយ៉ាងខ្លាំង

លោក​យេស៊ូ​ថែម​ទាំង​ផ្ដន្ទា​ទោស​ចិត្ត​គំនិត​ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​បំពាន​លើ​ច្បាប់​របស់​ព្រះ​ទៀត​ផង។ ក្រោយ​ពី​លោក​បាន​កត់​សម្គាល់​ច្បាប់​ដែល​ថា​៖ ​«​អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ​»​ នោះ​លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​ខឹង​ងំ​នឹង​បង​ប្អូន​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ​»។ (​ម៉ាថាយ ៥:២១, ២២​) ការ​ខឹង​ងំ​នឹង​អ្នក​ឯ​ទៀត​គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ នេះ​ប្រហែល​ជា​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ធ្វើ​ឃាតកម្ម។ ហេតុ​នេះ លោក​យេស៊ូ​ពន្យល់​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​គួរ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។—ម៉ាថាយ ៥:២៣, ២៤

បុរសម្នាក់កំពុងសម្លឹងមើលស្ត្រីស្អាតម្នាក់

ក្នុង​ច្បាប់​មាន​បញ្ញត្ដិ​មួយ​ទៀត​ដែល​ប្រឆាំង​អំពើ​ផិត​ក្បត់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​បញ្ញត្ដិ​នោះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ›។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ (​ម៉ាថាយ ៥:២៧, ២៨​) លោក​យេស៊ូ​មិន​គ្រាន់​តែ​មាន​ប្រសាសន៍​អំពី​ការ​គិត​មួយ​ភ្លែត​អំពី​អ្វី​ដែល​ប្រាស​ចាក​សីលធម៌​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​លើក​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់​ធ្ងរ ពេល​ដែល​បុគ្គល​ណា​ម្នាក់‹សម្លឹង​មើល​រហូត›។ បើ​បុគ្គល​នោះ​សម្លឹង​មើល​រហូត នោះ​ច្រើន​តែ​នាំ​ឲ្យ​គាត់​មាន​ចិត្ត​ស្រើប​ស្រាល។ ក្រោយ​មក បើ​មាន​ឱកាស គាត់​អាច​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ តើ​តាម​របៀប​ណា​បុគ្គល​ម្នាក់​អាច​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង? គាត់​ប្រហែល​ជា​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ . . . ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ​»។—ម៉ាថាយ ៥:២៩, ៣០

ដើម្បី​សង្គ្រោះ​ជីវិត​របស់​ខ្លួន មនុស្ស​ខ្លះ​សុខ​ចិត្ត​លះ​បង់​ដៃ​ឬ​ជើង​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​គឺ​សំខាន់​ជាង​ដែល​យើង​«​បោះ​ចោល​»​នូវ​អ្វី​ណា​ក៏​ដោយ សូម្បី​តែ​អ្វី​ដ៏​មាន​តម្លៃ​ដូច​ជា​ភ្នែក ឬ​ដៃ​ជា​ដើម ដើម្បី​ជៀស​វាង​ពី​គំនិត​ប្រាស​ចាក​សីលធម៌​និង​ការ​ប្រព្រឹត្ត​ដែល​ចេញ​មក​ពី​គំនិត​នោះ។ លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​បើ​អ្នក​បាត់​បង់​ដៃ​ម្ខាង គឺ​មាន​ប្រយោជន៍​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ​»​ (​កន្លែង​ដុត​សំរាម​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​) ដែល​បង្កប់​អត្ថន័យ​ថា​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត។

បុរសម្នាក់ទះកំផ្លៀងបុរសម្នាក់ទៀត

លោក​យេស៊ូ​ក៏​បាន​ឲ្យ​ឱវាទ​ដែរ​ស្តី​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​អ្នក​ដែល​បង្ក​ឲ្យ​យើង​មាន​របួស ឬ​ធ្វើ​ឲ្យ​យើង​ខឹង។ លោក​មានប្រសាសន៍​ថា​៖ ​«​កុំ​សង​សឹក​នឹង​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ​»។ (​ម៉ាថាយ ៥:៣៩​) នោះ​មិន​មាន​ន័យ​ថា​បុគ្គល​ម្នាក់​មិន​អាច​ការពារ​ខ្លួន​គាត់ ឬ​ក្រុម​គ្រួសារ​របស់​គាត់​ពី​ការ​វាយ​នោះ​ទេ។ ពាក្យ​ទះ​កំផ្លៀង​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍ គឺ​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង ឬ​ដើម្បី​សម្លាប់​អ្នក​ឯ​ទៀត​ទេ តែ​ជា​ការ​ប្រមាថ​មើល​ងាយ​វិញ។ លោក​ចង់​មាន​ន័យ​ថា​បើ​បុគ្គល​ណា​ម្នាក់​ព្យាយាម​បង្ក​រឿង ឬ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​យើង ទោះ​ជា​ដោយ​ទះ​កំផ្លៀង ឬ​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ក្ដី សូម​កុំ​សង​សឹក​ឡើយ។

ឱវាទ​នោះ​គឺ​សម​ស្រប​នឹង​ច្បាប់​របស់​ព្រះ​ដែល​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង។ ដូច្នេះ លោក​យេស៊ូ​ប្រាប់​អ្នក​ដែល​ស្ដាប់​លោក​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀត​បៀន​អ្នក​»។ មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ គឺ​«​ដើម្បី​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពី​ព្រោះ​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ​»។—ម៉ាថាយ ៥:៤៤, ៤៥

លោក​យេស៊ូ​បាន​សង្ខេប​ថា​៖ ​«​ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​គុណ​សម្បត្ដិ​សព្វ​គ្រប់ ដូច​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​គុណ​សម្បត្ដិ​សព្វ​គ្រប់​ដែរ​»។ (​ម៉ាថាយ ៥:៤៨​) លោក​ច្បាស់​ជា​មិន​បាន​មាន​ន័យ​ថា​មនុស្ស​អាច​មាន​គុណ​សម្បត្ដិ​សព្វ​គ្រប់​ដល់​កម្រិត​ដែល​ព្រះ​មាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​យក​តម្រាប់​ព្រះ យើង​អាច​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​រហូត​ដល់​ស្រឡាញ់​សត្រូវ​របស់​យើង​ទៀត​ផង។ បើ​និយាយ​ឲ្យ​ស្រួល​យល់​គឺ​ថា​៖ ​«​ចូរ​បន្ត​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្ដា​ករុណា ដូច​បិតា​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្ដា​ករុណា​»។—លូកា ៦:៣៦

សេចក្ដី​អធិដ្ឋាន​និង​ទំនុក​ចិត្ត​លើ​ព្រះ

កាល​ដែល​លោក​យេស៊ូ​បន្ត​ថ្លែង​សុន្ទរកថា លោក​ដាស់​តឿន​អ្នក​ដែល​ស្ដាប់​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ឡើយ​»។ លោក​យេស៊ូ​ផ្ដន្ទា​ទោស​ការ​គោរព​ប្រណិប័តន៍​ដែល​លាក់​ពុត ដោយ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ​»។ (​ម៉ាថាយ ៦:១, ២​) ជា​ការ​ល្អ​ជាង​បើ​យើង​ធ្វើ​ទាន​ដោយ​គ្មាន​អ្នក​ឯ​ទៀត​ឃើញ។

បុរសម្នាក់លុតជង្គង់អធិដ្ឋានក្នុងបន្ទប់ដែលបិទទ្វារ

ក្រោយ​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​អធិដ្ឋាន អ្នក​មិន​ត្រូវ​ធ្វើ​ដូច​មនុស្ស​លាក់​ពុត​ទេ ពី​ព្រោះ​ពួក​គេ​ចូល​ចិត្ត​ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កាច់​ជ្រុង​ផ្លូវ​ធំ​ៗ ដើម្បី​ឲ្យ​មនុស្ស​ឃើញ​»។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​ហើយ​បិទ​ទ្វារ សឹម​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង​»។ (​ម៉ាថាយ ៦:៥, ៦​) លោក​យេស៊ូ​មិន​ប្រឆាំង​នឹង​សេចក្ដី​អធិដ្ឋាន​ជា​សាធារណៈ​ទាំង​អស់​ទេ ពី​ព្រោះ​លោក​ផ្ទាល់​ក៏​បាន​អធិដ្ឋាន​ជា​សាធារណៈ​ដែរ។ តែ​លោក​ផ្ដន្ទា​ទោស​សេចក្ដី​អធិដ្ឋាន​ដែល​ពោល​ឡើង​តាម​របៀប​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កោត​ស្ងើច និង​សរសើរ​ខ្លួន។

លោក​បាន​ឲ្យ​ឱវាទ​បណ្ដា​ជន​ថា​៖ ​«​ពេល​ដែល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ ដូច​ជន​ជាតិ​ដទៃ​ឡើយ​»។ (​ម៉ាថាយ ៦:៧​) លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ការ​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​រឿង​ដដែល​ៗ​ជា​អ្វី​ដែល​ខុស​នោះ​ទេ។ ប៉ុន្តែ លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ពាក្យ​ដែល​ចាំ​រត់​មាត់​«​ដដែល​ៗ​»​ឡើយ ពោល​គឺ​ការ​អធិដ្ឋាន​ដោយ​សូត្រ​រត់​មាត់។ ក្រោយ​មក លោក​បាន​ផ្ដល់​សេចក្ដី​អធិដ្ឋាន​គំរូ​មួយ​ដែល​រួម​បញ្ចូល​សំណូម​ពរ​៧​យ៉ាង។ សំណូម​ពរ​បី​ដំបូង​គឺ​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​និង​គោល​បំណង​របស់​លោក ពោល​គឺ​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​មក​ដល់ និង​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។ ក្រោយ​ពី​យើង​ធ្វើ​សំណូម​ពរ​អំពី​រឿង​ទាំង​នេះ​ហើយ ទើប​យើង​គួរ​ធ្វើ​សំណូម​ពរ​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​យើង ដូច​ជា​សូម​ផ្ដល់​អាហារ​ប្រចាំ​ថ្ងៃ សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង សូម​កុំ​ឲ្យ​យើង​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ ព្រម​ទាំង​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច។

ក្នុងប្រអប់មានគ្រឿងអលង្ការច្រើនហូរហៀរ ហើយនៅជិតនោះក៏មានកាក់មាស ថូប្រាក់ និងថូមាសជាច្រើនដែរ

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទ្រព្យ​សម្បត្ដិ? លោក​យេស៊ូ​ដាស់​តឿន​បណ្ដា​ជន​ថា​៖ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែន​ដី ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ និង​ចោរ​ចូល​លួច​»។ ពាក្យ​ដាស់​តឿន​នេះ​គឺ​ពិត​ជា​សម​ហេតុ​សម​ផល​មែន! ពី​ព្រោះ​ទ្រព្យ​សម្បត្ដិ​អាច​បាត់​បង់​បាន ហើយ​ការ​មាន​ទ្រព្យ​សម្បត្ដិ​គឺ​គ្មាន​តម្លៃ​ចំពោះ​ព្រះ​ឡើយ។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​»។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ គ្មាន​អ្នក​ណា​អាច​ដក​ហូត​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​យើង​ពី​ព្រះ ឬ​រង្វាន់​ដែល​ជា​ជីវិត​គ្មាន​ទី​បញ្ចប់​ពី​យើង​បាន​ឡើយ។ ដូច្នេះ ប្រសាសន៍​របស់​លោក​យេស៊ូ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដែល​ថា​៖ ​«​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ​»។—ម៉ាថាយ ៦:១៩​-​២១

ភ្នែករបស់មនុស្ស

ដើម្បី​លើក​បញ្ជាក់​អំពី​ចំណុច​នេះ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ថា​៖ ​«​ភ្នែក​ជា​ចង្កៀង​នៃ​រូប​កាយ។ ប្រសិន​បើ​ភ្នែក​របស់​អ្នក​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​បាន​ភ្លឺ។ ប៉ុន្តែ បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​អ្វី​ដែល​ទុច្ចរិត នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ងងឹត​វិញ​»។ (​ម៉ាថាយ ៦:២២, ២៣​) ក្នុង​ន័យ​ធៀប ពេល​ដែល​ភ្នែក​របស់​យើង​ភ្លឺ​ល្អ គឺ​ដូច​ជា​ចង្កៀង​ដែល​បំភ្លឺ​រូប​កាយ​របស់​យើង។ ប៉ុន្តែ ដើម្បី​ធ្វើ​ដូច្នេះ​ភ្នែក​របស់​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​របស់​តែ​មួយ បើ​មិន​ដូច្នេះ​ទេ យើង​អាច​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ជីវិត។ ការ​ផ្ដោត​អារម្មណ៍​លើ​ទ្រព្យ​សម្បត្ដិ​ជា​ជាង​ការ​បម្រើ​ព្រះ គឺ​មាន​ន័យ​ថា‹រូប​កាយ​ទាំង​មូល​របស់​យើង​នឹង​ងងឹត› ដែល​អាច​នាំ​ឲ្យ​យើង​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​មិន​ទៀង​ត្រង់។

ក្រោយ​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដោយ​ប្រាប់​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។—ម៉ាថាយ ៦:២៤

មនុស្ស​ខ្លះ​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​ប្រហែល​ជា​បារម្ភ​ថា តើ​ពួក​គេ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បីចិញ្ចឹម​ជីវិត? ដូច្នេះ លោក​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា​បើ​ពួក​គេ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ថា​សំខាន់​បំផុត នោះ​ពួក​គេ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ទាំង​នោះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ក៏​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា​»។—ម៉ាថាយ ៦:២៦

ស្រដៀង​គ្នា​ដែរ តើ​យើង​អាច​រៀន​អ្វី​ពី​ផ្កា​ដែល​ដុះ​នៅ​ឯ​វាល​លើ​ភ្នំ? លោក​យេស៊ូ​កត់​សម្គាល់​ថា​៖ ​«​សូម្បី​តែ​សាឡូម៉ូន​កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង​»។ តើ​នេះ​បង្ហាញ​អំពី​អ្វី? នេះ​បង្ហាញ​ថា ‹បើ​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​ថ្ងៃ​នេះ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ ព្រះ​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា›។ (​ម៉ាថាយ ៦:២៩, ៣០​) ដូច្នេះ លោក​យេស៊ូ​ផ្ដល់​ការ​ដាស់​តឿន​ដ៏​ឈ្លាស​វៃ​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​ក៏‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?› . . . បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ។ ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។—ម៉ាថាយ ៦:៣១​-​៣៣

របៀប​ទទួល​បាន​ជីវិត

ពួក​សាវ័ក​និង​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​ចង់​រស់​នៅ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ប៉ុន្តែ​មជ្ឈដ្ឋាន​របស់​ពួក​គេ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ធ្វើ​ដូច្នោះ។ ជា​ឧទាហរណ៍ ពួក​ផារិស៊ី​ជា​ច្រើន​នាក់​ចូល​ចិត្ត​រិះ​គន់​អ្នក​ឯ​ទៀត និង​វិនិច្ឆ័យ​ពួក​គេ​ដោយ​គ្មាន​មេត្ដា។ ដូច្នេះ លោក​យេស៊ូ​ដាស់​តឿន​អ្នក​ដែល​ស្ដាប់​លោក​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ​»។—ម៉ាថាយ ៧:១, ២

ការ​ធ្វើ​តាម​ពួក​ផារិស៊ី​ដែល​ចូល​ចិត្ត​រិះ​គន់​អ្នក​ឯ​ទៀត​យ៉ាង​ខ្លាំង អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ដូច​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​មិន​អាច​នាំ​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក​ដូច​គ្នា​បាន​ឡើយ មែន​ទេ? បើ​ដូច្នេះ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ មែន​ទេ?​»។ ដូច្នេះ តើ​អ្នក​ដែល​ស្ដាប់​លោក​យេស៊ូ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត? ពួក​គេ​មិន​គួរ​ខំ​រក​កំហុស​អ្នក​ឯ​ទៀត​ទេ ពី​ព្រោះ​ការ​ធ្វើ​ដូច្នោះ​ជា​កំហុស​ធ្ងន់​ធ្ងរ។ លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​អាច​ប្រាប់​បង​ប្អូន​បាន​យ៉ាង​ដូច​ម្ដេច​ថា​៖ ‹បង! សូម​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង› ពេល​ដែល​អ្នក​មិន​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​ដូច្នោះ? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​អ្នក​ជា​មុន​សិន ទើប​អ្នក​អាច​មើល​ឃើញ​ច្បាស់ ដើម្បី​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​»។—លូកា ៦:៣៩​-​៤២

មានគជ់ខ្យងជាច្រើនក្នុងដៃ ហើយនៅខាងក្រោយនោះមានសត្វជ្រូកជាច្រើនក្បាល

នេះ​មិន​មាន​ន័យ​ថា​ពួក​អ្នក​កាន់​តាម​លោក​មិន​អាច​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ទាល់​តែ​សោះ​នោះ​ទេ។ លោក​យេស៊ូ​ដាស់​តឿន​ពួក​គាត់​ថា​៖ ​«​កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ដល់​ឆ្កែ ហើយ​កុំ​បោះ​គជ់​ខ្យង​របស់​អ្នក​នៅ​មុខ​សត្វ​ជ្រូក​ឡើយ​»។ (​ម៉ាថាយ ៧:៦​) សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​មាន​តម្លៃ​ខ្លាំង​ណាស់ ប្រៀប​ដូច​ជា​គជ់​ខ្យង។ បើ​មនុស្ស​ខ្លះ​ប្រព្រឹត្ត​ដូច​សត្វ ដោយ​បង្ហាញ​ថា​ពួក​គេ​មិន​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ដ៏​ថ្លៃ​វិសេស​ទេ នោះ​អ្នក​កាន់​តាម​លោក​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ស្វែង​រក​បុគ្គល​ដែល​ចង់​ស្ដាប់​សេចក្ដី​ពិត​វិញ។

បុរសម្នាក់ឲ្យនំប៉័ងមួយដុំដល់កូនប្រុសរបស់គាត់

លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​អំពី​រឿង​អធិដ្ឋាន​វិញ ដោយ​បញ្ជាក់​ប្រាប់​ពួក​អ្នក​ស្ដាប់​ថា​ពួក​គេ​ត្រូវ​តស៊ូ​អធិដ្ឋាន។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល​»។ ព្រះ​ប្រុង​ប្រៀប​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង ដូច​ដែល​លោក​យេស៊ូ​លើក​បញ្ជាក់​ដោយ​សួរ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំ​ប៉័ង​នោះ តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ដុំ​ថ្ម​ទៅ​កូន​ទេ? . . . ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​អ្វី​ដ៏​ល្អ​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ​ហ្ន៎!​»។—ម៉ាថាយ ៧:៧​-​១១

ក្រោយ​មក លោក​យេស៊ូ​លើក​អំពី​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​ដែល​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។ យើង​ទាំង​អស់​គ្នា​គួរ​ចាំគោល​ការណ៍​នោះ ហើយ​ធ្វើ​តាម ពេល​យើង​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ក៏​ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​មិន​ស្រួល​ទេ ហេតុ​នេះ​លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​ថា​៖ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច ពី​ព្រោះ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។—ម៉ាថាយ ៧:១២​-​១៤

ឆ្កែចចកពាក់រោមចៀម

មាន​បុគ្គល​ខ្លះ​ដែល​ព្យាយាម​បំបែរ​អ្នក​កាន់​តាម​លោក​ចេញ​ពី​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត ដូច្នេះ​លោក​យេស៊ូ​ព្រមាន​អ្នក​កាន់​តាម​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ចំពោះ​អ្នក​ប្រកាស​ទំនាយ​មិន​ពិត ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ក្លែង​ខ្លួន​ជា​សត្វ​ចៀម ប៉ុន្តែ​តាម​ពិត ជា​ឆ្កែ​ចចក​អត់​ឃ្លាន​វិញ​»។ (​ម៉ាថាយ ៧:១៥​) លោក​មាន​ប្រសាសន៍​ថា​យើង​អាច​ស្គាល់​ដើម​ឈើ​ល្អ​និង​ដើម​ឈើ​មិន​ល្អ​បាន​ដោយ​ផល​ផ្លែ​របស់​វា។ នោះ​ក៏​ស្រដៀង​គ្នា​ដែរ​ចំពោះ​មនុស្ស។ នេះ​មាន​ន័យ​ថា​យើង​អាច​សម្គាល់​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ដោយ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ លោក​យេស៊ូ​ពន្យល់​ថា បុគ្គល​ម្នាក់​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក មិន​គ្រាន់​តែ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​គាត់​និយាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​គាត់​ប្រព្រឹត្ត​ដែរ។ បុគ្គល​ខ្លះ​អះអាង​ថា​លោក​យេស៊ូ​គឺ​ជា​លោក​ម្ចាស់​របស់​ពួក​គេ ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​ពួក​គេ​មិន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​នៅ​ពេល​នោះ​ថា​៖ ‹នែ! មនុស្ស​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›​»។—ម៉ាថាយ ៧:២៣

លោក​យេស៊ូ​បញ្ចប់​សុន្ទរកថា​របស់​លោក ដោយ​ប្រកាស​ថា​៖ ​«​អស់​អ្នក​ដែល​ឮ​សម្ដី​របស់​ខ្ញុំ​ហើយ​ធ្វើ​តាម អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ចេះ​ពិចារណា ដែល​សង់​ផ្ទះ​លើ​ផ្ទាំង​ថ្ម។ រួច​មក ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​បោក​វាយ​សន្ធាប់​មក​លើ​ផ្ទះ​នោះ ប៉ុន្តែ វា​មិន​បាន​បាក់​ស្រុត​ទេ ពី​ព្រោះ​បាន​ត្រូវ​សង់​នៅ​លើ​ផ្ទាំង​ថ្ម​»។ (​ម៉ាថាយ ៧:២៤, ២៥​) ហេតុ​អ្វី​ផ្ទះ​នោះ​មិន​បាក់​ស្រុត? ដោយ​សារ​អ្នក​ដែល​សង់​ផ្ទះ​នោះ​បាន​«​ជីក​ដី​យ៉ាង​ជ្រៅ ក៏​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម​»។ (​លូកា ៦:៤៨​) ដូច្នេះ​យើង​មិន​គ្រាន់​តែ​ស្ដាប់​ពាក្យ​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​«​ធ្វើ​តាម​»​ពាក្យ​របស់​លោក។

ប៉ុន្តែ ចុះ​យ៉ាង​ណា​«​អស់​អ្នក​ណា​ដែល​ឮ​សម្ដី​»​របស់​លោក​យេស៊ូ តែ​«​មិន​ធ្វើ​តាម​»​វិញ? គាត់​គឺ​«​ប្រៀប​ដូច​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដែល​សង់​ផ្ទះ​លើ​ខ្សាច់​»។ (​ម៉ាថាយ ៧:២៦​) ដូច្នេះ ពេល​មាន​ទឹក​ភ្លៀង ទឹក​ជំនន់ និង​ខ្យល់​បក់​បោក ផ្ទះ​នោះ​នឹង​បាក់​ស្រុត​បាន។

សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​កោត​ស្ងើច​នឹង​របៀប​ដែល​លោក​បង្រៀន។ លោក​បង្រៀន​ដូច​មនុស្ស​ដែល​មាន​អំណាច ហើយ​មិន​ដូច​អ្នក​ដឹក​នាំ​សាសនា​ទេ។ ដូច្នេះ អ្នក​ស្ដាប់​ជា​ច្រើន​ទំនង​ជា​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។

ការ​បង្រៀន​ដោយ​និយាយ​ឡើង​វិញ

លោកយេស៊ូលាតដៃ

ជួន​កាល លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ឡើង​វិញ​អំពី​សេចក្ដី​បង្រៀន​ដែល​សំខាន់​ៗ។ ជា​ឧទាហរណ៍ ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​បាន​បង្រៀន​អ្នក​ដែល​ស្ដាប់​លោក​អំពី​របៀប​អធិដ្ឋាន ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​វត្ថុ​ទ្រព្យ។—ម៉ាថាយ ៦:៩​-​១៣, ២៥​-​៣៤

ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក លោក​យេស៊ូ​បាន​លើក​អំពី​សេចក្ដី​បង្រៀន​ទាំង​នោះ​ម្ដង​ទៀត។ (​លូកា ១១:១​-​៤; ១២:២២​-​៣១​) ការ​ដែល​លោក​យេស៊ូ​បង្រៀន​ម្ដង​ទៀត​នេះ មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​មិន​មាន​វត្តមាន​លើក​មុន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ចាំ​ចំណុច​សំខាន់​ៗ​ក្នុង​សុន្ទរកថា​របស់​លោក​ដែរ។

  • តើ​នៅ​កន្លែង​ណា​ដែល​លោក​យេស៊ូ​បាន​ថ្លែង​សុន្ទរកថា​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​តើ​អ្នក​ណា​ខ្លះ​មាន​វត្តមាន​នៅ​ទី​នោះ?

  • តើ​អ្វី​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​លោក​យេស៊ូ​មាន​ប្រយោជន៍​ខ្លាំង​ម្ល៉េះ?

  • តើ​អ្នក​ណា​ពិត​ជា​មាន​សុភមង្គល ហើយ​ហេតុ​អ្វី?

  • ផ្ទុយ​ពី​អ្នក​ដែល​ពិត​ជា​មាន​សុភមង្គល តើ​អ្នក​ណា​មាន​ទុក្ខ​វេទនា ហើយ​ហេតុ​អ្វី?

  • តើ​តាម​របៀប​ណា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​«​អំបិល​នៃ​ផែន​ដី​»​ និង​ជា​«​ពន្លឺ​បំភ្លឺ​ពិភព​លោក​»​?

  • តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​គោរព​ច្បាប់​របស់​ព្រះ​យ៉ាង​ខ្លាំង​ឬ​ទេ? សូម​ពន្យល់។

  • តើ​តាម​របៀប​ណា​លោក​យេស៊ូ​ជួយ​មនុស្ស​ឲ្យ​បំបាត់​ចោល​នូវ​ដើម​ហេតុ​នៃ​ឃាតកម្ម និង​អំពើ​ផិត​ក្បត់?

  • ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​បែរ​ឲ្យ​គេ​ទះ​កំផ្លៀង​ម្ខាង​ទៀត តើ​លោក​ចង់​មាន​ន័យ​អ្វី?

  • តើ​តាម​របៀប​ណា​យើង​អាច​មាន​គុណ​សម្បត្ដិ​សព្វ​គ្រប់​ដូច​ព្រះ?

  • តើ​លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​អ្វី​ស្តី​អំពី​សេចក្ដី​អធិដ្ឋាន?

  • ហេតុ​អ្វី​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​មាន​តម្លៃ​ខ្លាំង​ម្ល៉េះ ហើយ​តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ពិត​ទាំង​នោះ?

  • ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ?

  • តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ប៉ុន្តែ​ហេតុ​អ្វី​ជួន​កាល​យើង​ត្រូវ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត?

  • ស្តី​អំពី​សេចក្ដី​អធិដ្ឋាន តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទៀត ហើយ​តើ​អ្វី​ជា​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​នៃ​ការ​ប្រព្រឹត្ត​ដែល​លោក​បាន​ផ្ដល់​ឲ្យ?

  • តើ​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​គឺ​មិន​ងាយ​ស្រួល​ទេ? តើ​ការ​ដែល​ត្រូវ​គេ​បំភាន់​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក