បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៥ ទំ. ១៣-១៧
  • ចូរប្រព្រឹត្ដល្អជាបន្ដ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រព្រឹត្ដល្អជាបន្ដ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​«ស្រឡាញ់​ដល់​ខ្មាំងសត្រូវ»​ចុះ!
  • ហេតុ​អ្វី​ចាំបាច់​អត់​ទោស​ឲ្យ​គេ?
  • ​«កុំ​ឲ្យ​ថ្កោលទោស​គេ​ឡើយ»
  • របៀប​ដែល​គួរ​ប្រព្រឹត្ត​នឹង​គេ
  • ចូរ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​ជា​និច្ច
  • សេចក្ដីបង្រៀនដ៏ល្បីបំផុត ដែលធ្លាប់មាន
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • សុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរអត់ឱនទោសដោយស្ម័គ្រពីចិត្តអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៥ ទំ. ១៣-១៧

ចូរ​ប្រព្រឹត្ត​ល្អជា​បន្ត

‹ចូរ​ប្រព្រឹត្ត​ល្អ​ចុះ!›។—លូ. ៦:៣៥

១, ២​. ជួនកាល ហេតុ​អ្វី​ក៏​ពិបាក​ឲ្យ​យើង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ?

ការ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ ជួនកាល​ក៏​ពិបាក​ដែរ។ ប្រហែល​ជា​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គេ ប៉ុន្តែ​គេ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​យើង​វិញ​ទេ។ ទោះ​ជា​យើង​មាន​បំណង​ចង់​ជួយ​មនុស្ស​ដោយ​ផ្សាយ​«ដំណឹង​ពី​សិរី​ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ» និង​អំពី​បុត្រ​របស់​ទ្រង់​ក្ដី ពួក​គេ​ប្រហែល​ជា​មិន​អើពើ ហើយ​មិន​ឲ្យ​តម្លៃ​ចំពោះ​សារ​ដែល​យើង​ប្រាប់​ដល់​គេ។ (១ធី. ១:១១) អ្នក​ឯ​ទៀត​ក៏​បញ្ចេញ​ឫ​ក​ជា​«ខ្មាំង​សត្រូវ​[ដែល​ស្អប់]​ព្រះ​គ្រីស្ទ»។ (ភី. ៣:១៨) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​បែប​នោះ?

២ ព្រះ​យេស៊ូ​គ្រិស្ត​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ថា​៖ «ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា [ហើយ]​ប្រព្រឹត្ត​ល្អ​នឹង​គេ»។ (លូ. ៦:​៣៥) សូម​ឲ្យ​យើង​ពិនិត្យ​មើល​ដំបូន្មាន​នេះ​ឲ្យ​បាន​ល្អិត​ល្អន់​បន្ដិច។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ចំណុច​ឯ​ទៀត​ដែល​ព្រះ​យេស៊ូ​បាន​លើក​បញ្ជាក់ ស្តី​អំពី​ការ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ។

ចូរ​«ស្រឡាញ់​ដល់​ខ្មាំងសត្រូវ»​ចុះ!

៣​. (ក) សូម​រៀប​រាប់​ដោយ​សង្ខេប​នូវ​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​សៀវភៅ​ម៉ាថាយ ៥:៤៣​-​៤៥។ (ខ) នៅ​សតវត្សរ៍​ទី​១ តើ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា?

៣ ក្នុង​ធម្មទាន​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ​មួយ​នា​ស្រុក​កាលីឡេ ទ្រង់​ក៏​បង្គាប់​អ្នក​ស្ដាប់​ឲ្យ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ និង​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា។ (សូម​អាន ម៉ាថាយ ៥:៤៣​-​៤៥) នៅ​ពេល​នោះ ពួក​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​ជា​ជន​ជាតិ​យូដា ដែល​ស្គាល់​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ថា ពួក​គេ​«មិន​ត្រូវ​សង​សឹក​ឬ​ចងគំនុំ​គុំ​គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​[ខ្លួន]​ឯង​ឡើយ [តែ]​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ»។ (លេវី. ១៩:១៨) ពួក​មេ​ដឹក​នាំ​សាសនា​យូដា​នៅ​សតវត្សរ៍​ទី​១ មាន​ទស្សនៈ​ថា «ពួក​កូន​ចៅ​របស់​សាសន៍​[ខ្លួន]​ឯង»​និង​«អ្នក​ជិត​ខាង» សំដៅ​ទៅ​លើ​ជន​ជាតិ​យូដា​គ្នីគ្នា​តែ​ប៉ុណ្ណោះ។ ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​រក្សា​ខ្លួន​ដោយ​ឡែក​ពី​ប្រជា​ជាតិ​ឯ​ទៀត​ក៏​ពិត​មែន។ ប៉ុន្តែ មក​ដល់​សតវត្សរ៍​ទី​១ មនុស្ស​មួយ​ចំនួន​ធំ​មាន​ទស្សនៈ​ថា អ្នក​ណា​ក៏​ដោយ​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា សុទ្ធតែ​ជា​ខ្មាំង​សត្រូវ​ដែល​គួរ​នឹង​ស្អប់​ទៅ​វិញ។

៤​. តើ​ព្រះ​យេស៊ូ​បង្គាប់​សិស្ស​របស់​ទ្រង់​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ខ្មាំង​សត្រូវ​របស់​ខ្លួន?

៤ ផ្ទុយ​ស្រឡះ​ពី​ទស្សនៈ​នោះ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «[ចូរ]​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ [និង]​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាថ. ៥:៤៤) សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​គំរាម​កំហែង​ដល់​ពួក​គេ។ យោង​ទៅ​តាម​សៀវភៅ​ដែល​លោក​លូកា​បាន​សរសេរ​អំពី​ប្រវត្ដិ​រូប​របស់​ព្រះ​យេស៊ូ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ។ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្ដាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើទុក្ខ​អ្នក»។ (លូ. ៦:២៧, ២៨) ដូច​អស់​អ្នក​នៅ​សតវត្សរ៍​ទី​១​ដែល​បាន​ធ្វើ​តាម​ពាក្យ​របស់​ព្រះ​យេស៊ូ យើង​ក៏​«ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក​ដែល​ស្អប់»​យើង ដោយ​ធ្វើ​ល្អ​តប​ស្នង​នឹង​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​យើង។ យើង‹ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា›យើង ដោយ​ឆ្លើយ​តប​យ៉ាង​ស្រទន់។ យើង​ក៏​«អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើទុក្ខ»​ដល់​យើង មិន​ថា​គេ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​«បៀត​បៀន»​យើង ឬ​គ្រាន់​តែ​ជេរ​ប្រមាថ​យើង​ក៏​ដោយ។ ការ​អធិដ្ឋាន​ក្នុង​ករណី​នេះ ជា​សំណូម​ពរ​ដែល​បង្ហាញ​ថា​យើង​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ពីព្រោះ​យើង​សង្ឃឹម​ថា អស់​អ្នក​ដែល​បៀត​បៀន​យើង​នឹង​ប្រែចិត្ត ហើយ​ចាត់​វិធានការ​ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​វិញ។

៥, ៦​. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន?

៥ ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន? ព្រះ​យេស៊ូ​ពន្យល់​ថា​៖ ‹ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​កូន​របស់​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌›។ (ម៉ាថ. ៥:៤៥) កាល​ដែល​យើង​ធ្វើ​តាម​ដំបូន្មាន​នោះ យើង​ក៏​ក្លាយ​ទៅ​ជា​«កូន»​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​យើង​កំពុង​យក​តម្រាប់​តាម​ទ្រង់​ដែល​«ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង»។ ដូច​លូកា​បាន​សរសេរ​នោះ ព្រះ​យេហូវ៉ា​«តែង​ល្អ​ដល់​ទាំង​មនុស្ស​អកតញ្ញូ​នឹង​មនុស្ស​អាក្រក់​ដែរ»។—លូ. ៦:៣៥

៦ ព្រះ​យេស៊ូ​បញ្ជាក់​ដល់​សិស្ស​ទ្រង់​ម្ដង​ទៀត ពី​សារៈ​សំខាន់​នៃ​ការ​«ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ» ដោយ​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​[ឬ​«រង្វាន់»]​អ្វី? ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី? ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​[ឬ​សួរ​សុខ​ទុក្ខ]​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី?»។ (ម៉ាថ. ៥:៤៦, ៤៧; មថ. ៥:៤៦, ខ.ស.) ប្រសិនបើ​យើង​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​យើង​វិញ យើង​មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ទទួល​«រង្វាន់» ឬ​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ចិត្ត​នឹង​យើង​ឡើយ។ សូម្បី​តែ​អ្នក​យក​ពន្ធ ដែល​មនុស្ស​ភាគ​ច្រើន​ស្អប់​នោះ ក៏​ធ្លាប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ខ្លួន​ដែរ។—លូ. ៥:៣០; ៧:៣៤

៧​. បើ​យើង​សួរ​សុខ​ទុក្ខ​តែ​«បង​ប្អូន»​ប៉ុណ្ណោះ ហេតុ​អ្វី​ក៏​នេះ​មិន​មែន​ជា​ទង្វើ​ដែល​ប្លែក​ពី​គេ?

៧ ពាក្យ​គំនាប់​ឬ​របៀប​ដែល​ជន​ជាតិ​យូដា​សួរ​សុខ​ទុក្ខ​គ្នា ក៏​រួម​បញ្ចូល​ពាក្យ «សេចក្ដី​សុខ»។ (ចៅ. ១៩:២០; យ៉ូន. ២០:១៩) គេ​បាន​សូម​ឲ្យ​អ្នក​ដទៃ​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​ដែល​បង្កប់​អត្ថន័យ​ថា ចង់​ជូន​ពរ​ឲ្យ​គាត់​មាន​សុខ​ភាព​ល្អ សុវត្ថិភាព​និង​ភាព​ចម្រុង​ចម្រើន។ បើ​យើង​សួរ​សុខ​ទុក្ខ​តែ​អស់​អ្នក​ដែល​យើង​រាប់​អាន​ជា​«បង​ប្អូន»​ប៉ុណ្ណោះ នេះ​មិន​មែន​ជា​ទង្វើ​ដែល​«ប្លែក​ពី​គេ»​ទេ។ ដូច​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះ «ពួក​សាសន៍​ដទៃ»​ក៏​ធ្វើ​ដូច្នោះ​ដែរ។

៨​. ពេល​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​ទ្រង់​«បាន​គ្រប់​លក្ខណ៍» តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

៨ ដោយ​សារ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទទួល​បាប​ឬ​ភាព​ខុសឆ្គង​ពី​ជីដូន​ជីតា​មក ពួក​គេ​មិន​អាច​ប្រព្រឹត្ត​ដោយ​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ (រ៉ូម ៥:១២) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​បញ្ចប់​ផ្នែក​មួយ​នោះ​ដែល​ទ្រង់​កំពុង​ថ្លែង ដោយ​មាន​ប្រសាសន៍​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។ (ម៉ាថ. ៥:៤៨) យ៉ាង​នេះ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​ស្ដាប់​ទ្រង់ ឲ្យ​យក​តម្រាប់​តាម‹បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌› គឺ​ព្រះ​យេហូវ៉ា ដោយ​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ល្អ​ឥត​ខ្ចោះ ពោល​គឺ បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ពេញ​លេញ ដោយ​ស្រឡាញ់​ទាំង​ខ្មាំង​សត្រូវ​ផង។ ព្រះ​យេស៊ូ​ក៏​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច​នេះ​ដែរ។

ហេតុ​អ្វី​ចាំបាច់​អត់​ទោស​ឲ្យ​គេ?

៩​. ស្រប​ទៅ​តាម​សេចក្ដី​អធិដ្ឋាន​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ជា​គំរូ តើ​យើង​អាច​ប្រព្រឹត្ត​ល្អ​ជា​បន្ត​ដោយ​ធ្វើ​អ្វី?

៩ យើង​ប្រព្រឹត្ត​ល្អជា​បន្ត​ពេល​ដែល​យើង​មាន​មេត្ដា ហើយ​អត់​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង។ តាម​ការ​ពិត សេចក្ដី​អធិដ្ឋាន​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ជា​គំរូ ក៏​បញ្ជាក់​ពី​ការ​ប្រព្រឹត្ត​បែប​នេះ​ដោយ​ថា​៖ «សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។—ម៉ាថ. ៦:១២

១០​. ស្តី​អំពី​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០ ដោយ​សារ​ព្រះ​យេហូវ៉ា​តែង​តែ​អត់​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​ហើយ​ប្រែ​ចិត្ត នោះ​គប្បី​ឲ្យ​យើង​យក​តម្រាប់​តាម​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស​ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ​គ្រីស្ទ​ដែរ»។ (អេភ. ៤:៣២) ស្តេច​ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់​ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ។ . . . ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង​តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ . . . ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។—ទំនុក. ១០៣:៨​-​១៤

១១​. តើ​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​អ្នក​ណា?

១១ ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​យើង ឲ្យ​តែ​យើង​អត់​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ជា​មុន​សិន។ (ម៉ាក. ១១:២៥) ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​ចំណុច​នេះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់​ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ»។ (ម៉ាថ. ៦:១៤, ១៥) ត្រូវ​មែន! ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​តែ​ពួក​អ្នក​ដែល​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ដោយ​ឥត​ទើស​ទាល់។ ដូច្នេះ របៀប​មួយ​ដែល​យើង​អាច​ប្រព្រឹត្ត​ល្អជា​បន្ត គឺ​ដោយ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ដែល​ថា​៖ «ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​[យេហូវ៉ា]​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។—កូល. ៣:១៣

​«កុំ​ឲ្យ​ថ្កោលទោស​គេ​ឡើយ»

១២​. ស្តី​អំពី​ការ​ថ្កោល​ទោស តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់​ឱវាទ​បែប​ណា?

១២ ក្នុង​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ ទ្រង់​ក៏​បញ្ជាក់​ពី​របៀប​មួយ​ទៀត​ដែល​យើង​អាច​ប្រព្រឹត្ត​ល្អ។ ព្រះ​យេស៊ូ​បង្គាប់​ដល់​អ្នក​ដែល​ស្ដាប់​ទ្រង់​ថា ពួក​គេ​មិន​គួរ​ថ្កោល​ទោស​អ្នក​ដទៃ​ឡើយ។ រួច​មក ព្រះ​យេស៊ូ​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​ដែល​បញ្ជាក់​យ៉ាង​ខ្លាំង​ពី​សារៈ​សំខាន់​នេះ។ (សូម​អាន ម៉ាថាយ ៧:១​-​៥) សូម​ឲ្យ​យើង​ពិនិត្យ​មើល​ជា​មួយ​គ្នា នូវ​អត្ថន័យ​នៃ​ពាក្យ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»។

១៣​. តើ​អស់​អ្នក​ដែល​ព្រម​ស្ដាប់​ព្រះ​យេស៊ូ​អាច​«លើក​លែង​ឲ្យ​គេ»​យ៉ាង​ដូច​ម្ដេច?

១៣ យោង​ទៅ​តាម​កំណត់​ហេតុ​របស់​លោក​ម៉ាថាយ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ»។ (ម៉ាថ. ៧:១) យោង​ទៅ​តាម​កំណត់​ហេតុ​របស់​លោក​លូកា​វិញ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ។ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ។ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ»។ (លូ. ៦:៣៧) ដោយ​សារ​ពួក​ផារិស៊ី​នៅ​សតវត្សរ៍​ទី​១​ចេះ​តែ​ប្រកាន់​ទំនៀមទម្លាប់​ដែល​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ក្នុង​គម្ពីរ ពួក​គេ​បាន​ថ្កោល​ទោស​បណ្ដា​ជន​យ៉ាង​ខ្លាំង។ រីឯ​អ្នក​ដែល​ព្រម​ស្ដាប់​ព្រះ​យេស៊ូ​វិញ ពួក​គេ​មិន​ត្រូវ​«ថ្កោល​ទោស​[អ្នក​ដទៃ]​ឲ្យ​សោះ»។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​តែ​«លើក​លែង​ឲ្យ​គេ» ដែល​មាន​ន័យ​ថា គួរ​តែ​អត់​ទោស​ដល់​អ្នក​ដែល​មាន​កំហុស។ ដូច​ដែល​បាន​បញ្ជាក់​រួច​មក​ហើយ សាវ័ក​ប៉ុល​ក៏​ផ្ដល់​ឱវាទ​ស្រ​ដៀង​នេះ​ដែរ ស្តី​អំពី​ការ​អត់​ទោស​គ្នា។

១៤​. កាល​ណា​សិស្ស​របស់​ព្រះ​យេស៊ូ​អត់​ទោស​ឲ្យ​អ្នក​ដទៃ តើ​នេះ​អាច​ជំរុញ​អ្នក​ទាំង​នោះ​ឲ្យ​ធ្វើ​អ្វី?

១៤ កាល​ណា​សិស្ស​របស់​ព្រះ​យេស៊ូ​អត់​ទោស​ឲ្យ​អ្នក​ដទៃ នេះ​ក៏​ជំរុញ​អ្នក​ទាំង​នោះ​ឲ្យ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ (ម៉ាថ. ៧:២) រីឯ​ការ​ប្រព្រឹត្ត​របស់​យើង​វិញ យើង​ក៏​នឹង​ច្រូត​បាន ស្រប​ទៅ​តាម​អ្វី​ដែល​យើង​ព្រោះ​ចុះ។—កា. ៦:៧

១៥​. តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ណា ថា​ការ​ចាប់​កំហុស​គេ​ជា​ការ​ប្រព្រឹត្ត​ដែល​មិន​ល្អ?

១៥ សូម​ចង​ចាំ​ដែរ​ថា ពេល​ព្រះ​យេស៊ូ​កាត់​ទោស​ពី​ទម្លាប់​ចាប់​កំហុស​អ្នក​ដទៃ​ជា​ការ​ប្រព្រឹត្ត​ដែល​មិន​ល្អ ទ្រង់​ក៏​បាន​សួរ​ថា​៖ «ហេតុ​អ្វី​បានជា​អ្នក​មើល​ឃើញ​កំទេច​ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា​៖ ‹ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ› តែ​មើល! មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ?»។ (ម៉ាថ. ៧:៣, ៤) មនុស្ស​ដែល​មាន​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​កំហុស​របស់​អ្នក​ដទៃ គេ​ជា​អ្នក​ដែល​ពូកែ​ចាប់​កំហុស​តូច​តាច​របស់​បង​ប្អូន ហាក់​ដូច​ជា​ឃើញ​កម្ទេច​តូច​ល្អិត​ក្នុង​«ភ្នែក»​របស់​អ្នក​នោះ។ យ៉ាង​នេះ អ្នក​ចាប់​កំហុស​បញ្ជាក់​ពី​ទស្សនៈ​របស់​ខ្លួន​ថា បង​ប្អូន​ម្នាក់​នោះ​មិន​យល់​ត្រឹម​ត្រូវ​ពី​ចំណុច​ណា​មួយ។ ទោះ​ជា​កំហុស​របស់​បង​ប្អូន​ម្នាក់​តូចតាច​ក៏​ដោយ ប្រៀប​ដូច​ជា​កម្ទេច​ដ៏​តូច​ល្អិត​សោះ អ្នក​ដែល​ពូកែ​ចាប់​កំហុស​ក៏​សូម​ជួយ​«យក​កំទេច»​នោះ​ចេញ ដើម្បី​ឲ្យ​អ្នក​ដែល​មាន​កំហុស​អាច​យល់​ត្រឹម​ត្រូវ​វិញ។ តាម​ការ​ពិត អ្នក​ចាប់​កំហុស​បែប​នេះ ជា​អ្នក​មាន​ពុត​ទៅ​វិញ។

១៦​. តើ​ពួក​ផារិស៊ី​មាន​«ធ្នឹម»​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន ក្នុង​ន័យ​អ្វី?

១៦ នៅ​សម័យ​ព្រះ​យេស៊ូ ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ជា​អ្នក​ដែល​ពូកែ​ចាប់​កំហុស​ជាង​គេ។ ជា​ឧទាហរណ៍ ពេល​ព្រះ​យេស៊ូ​គ្រិស្ត​បាន​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​មើល​ឃើញ​វិញ គាត់​បញ្ជាក់​ពី​ទស្សនៈ​របស់​ខ្លួន​ថា ព្រះ​យេស៊ូ​ច្បាស់​ជាម​ក​ពី​ព្រះ។ ប៉ុន្តែ ពេល​ពួក​ផា​រិ​ស៊ី​ឮ​ដូច្នេះ ពួក​គេ​ខឹង​គាត់ ហើយ​និយាយ​តបត​ថា​៖ «ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ?»។ (យ៉ូន. ៩:៣០​-​៣៤) ស្តី​អំពី​សមត្ថភាព​យល់​ខុស​ត្រូវ​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា គឺ​ហាក់​ដូច​ជា​ពួក​ផា​រិ​ស៊ី​មាន​«ធ្នឹម»​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​គេ​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​ងងឹត​ភ្នែក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «អ្នក​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើបនឹង​បាន​ឃើញ​ច្បាស់ [ហើយ]​អាច​នឹង​យក​កំទេច​ចេញពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ»។ (ម៉ាថ. ៧:៥; លូ. ៦:​៤២) ប្រសិនបើ​យើង​ប្ដេជ្ញា​ចិត្ត​ចង់​ប្រព្រឹត្ត​ល្អ​ដល់​អ្នក​ដទៃ យើង​នឹង​មិន​មាន​លក្ខណៈ​ទ្រគោះ​បោះ​បោក ដោយ​ចង់​តែ​ចាប់​កំហុស​របស់​បង​ប្អូន ហាក់​ដូច​ជា​រក​កម្ទេច​ក្នុង​ភ្នែក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ទទួល​ស្គាល់​ថា យើង​ក៏​មាន​កំហុស​ដែរ។ ដូច្នេះ គប្បី​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ថ្កោល​ទោស និង​ការ​ចាប់​កំហុស​របស់​បង​ប្អូន​រួម​ជំនឿ។

របៀប​ដែល​គួរ​ប្រព្រឹត្ត​នឹង​គេ

១៧​. ស្រប​ទៅ​តាម​សៀវភៅ​ម៉ាថាយ ៧:១២ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដទៃ?

១៧ ក្នុង​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ ទ្រង់​ក៏​បញ្ជាក់​ពី​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ស្រឡាញ់​កូន ពីព្រោះ​ទ្រង់​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​បម្រើ​ដែល​អធិដ្ឋាន​ដើម្បី​សូម​ជំនួយ​ពី​ទ្រង់។ (សូម​អាន ម៉ាថាយ ៧:៧​-​១២) គួរ​ឲ្យ​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​បាន​ឲ្យ​ខ្នាត​តម្រា​មួយ​ស្តី​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ថា​៖ «អស់​ទាំង​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ»។ (ម៉ាថ. ៧:១២) យើង​ផ្ដល់​ទី​សំ​អាង​ថា យើង​ពិត​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រិស្ត​មែន ដោយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​របៀប​នេះ។

១៨​. តើ​«ក្រិត្យ​វិន័យ»​បង្ហាញ​យ៉ាង​ណា ថា​យើង​គួរ​តែ​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​បែប​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន?

១៨ ក្រោយ​ព្រះ​យេស៊ូ​បាន​បង្រៀន​ថា យើង​គួរ​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​បែប​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​នោះ ទ្រង់​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ «នេះឯង​ជា​ក្រិត្យ​វិន័យ ហើយ​ជា​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា»។ ពេល​ការ​ប្រព្រឹត្ត​របស់​យើង​មាន​លក្ខណៈ​ស្រប​ទៅ​តាម​ដំបូន្មាន​របស់​ព្រះ​យេស៊ូ នេះ​បង្ហាញ​ថា​យើង​កំពុង​ធ្វើ​តាម​គោល​ការណ៍​ដែល​បាន​បញ្ជាក់​ក្នុង​«ក្រិត្យ​វិន័យ»​គម្ពីរ ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​លោកុប្បត្តិ​ដល់​ចោទិយកថា។ សៀវភៅ​ទាំង​ប្រាំ​នោះ មិន​គ្រាន់​តែ​រៀប​រាប់​ពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ពូជ​មួយ​ដែល​នឹង​ដក​អំពើ​អាក្រក់​ចេញពី​ផែនដី​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ក្រឹត្យ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល តាម​រយៈ​លោក​ម៉ូសេ​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស.។ (លោ. ៣:១៥) ក្នុង​ចំណោម​ច្បាប់​ទាំង​ប៉ុន្មាន ក្រឹត្យ​វិន័យ​ទាំង​នោះ​បាន​បញ្ជាក់​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ថា ពួក​គេ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ហើយ​មិន​រើសមុខ ព្រម​ទាំង​ធ្វើ​ល្អ​ដល់​អ្នក​ក្រីក្រ​និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។—លេវី. ១៩:៩, ១០, ១៥, ៣៤

១៩​. តើ​«ទំនាយ​របស់​ពួក​ហោរា»​បង្ហាញ​យ៉ាង​ណា ថា​យើង​គួរ​តែ​ប្រព្រឹត្ត​ល្អ?

១៩ ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​«ទំនាយ​របស់​ពួក​ហោរា» ទ្រង់​សំដៅ​ទៅ​លើ​សៀវភៅ​នានា​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ​ដែល​បាន​សរសេរ​ជា​ទំនាយ។ សៀវភៅ​ទាំង​នោះ​ក៏​រួម​បញ្ចូល​ទំនាយ​ផ្សេងៗ​អំពី​អ្នក​ដែល​នឹង​បំពេញ​ភារកិច្ច​ជា​មេស្ស៊ី ដែល​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​ក្នុង​នាម​ជា​អ្នក​ដែល​មាន​មុខ​តំណែង​ជា​គ្រិស្ត។ សៀវភៅ​ទំនាយ​នីមួយៗ​ក៏​បង្ហាញ​ថា ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ស្រប​ទៅ​តាម​ទស្សនៈ​របស់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ នោះ​ទ្រង់​ប្រទាន​ពរ​ឲ្យ។ ជា​ឧទាហរណ៍ ទំនាយ​ដែល​លោក​អេសាយ​បាន​សរសេរ​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល ក៏​រួម​បញ្ចូល​ឱវាទ​ដែល​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​៖ ‹ចូរ​រក្សា​សេចក្ដី​យុត្ដិធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ! . . . មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់​ខ្ជួន​ផង [ដោយ]​រក្សា​ដៃ​មិន​ឲ្យ​ធ្វើការ​អាក្រក់​ណា​ឡើយ›»។ (អេសា. ៥៦:១, ២) ត្រូវ​ហើយ! ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​ទ្រង់​ប្រព្រឹត្ត​ល្អ​ជា​បន្ត។

ចូរ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​ជា​និច្ច

២០, ២១​. ពេល​ស្ដាប់​ព្រះ​យេស៊ូ​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ តើ​បណ្ដា​ជន​មាន​អារម្មណ៍​យ៉ាង​ណា? ម្ដេច​ក៏​គប្បី​ឲ្យ​យើង​រំពឹង​គិត​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ?

២០ ក្នុង​អត្ថបទ​ទាំង​នេះ យើង​បាន​ពិនិត្យ​មើល​ចំណុច​សំខាន់ៗ​តែ​មួយ​ចំនួន​តិច​ប៉ុណ្ណោះ ស្តី​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ។ យ៉ាង​ណា​ក៏​ដោយ យើង​ក៏​យល់​នូវ​មូលហេតុ​ដែល​អ្នក​ស្ដាប់​នៅ​គ្រា​នោះ​បាន​ភ្ញាក់​ផ្អើល។ កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ «កាល​ព្រះ​យេស៊ូ​វ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន ពីព្រោះ​ទ្រង់​បង្រៀន​ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ»។—ម៉ាថ. ៧:២៨, ២៩

២១ ព្រះ​យេស៊ូ​គ្រិស្ត​ប្រាកដ​ជា​មាន​លក្ខណៈ​ជា​«ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ» ស្រប​ទៅ​តាម​ទំនាយ​នោះ​មែន! (អេសា. ៩:៦) ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រង់​ពិត​ជា​យល់​អំពី​ទស្សនៈ​នៃ​បិតា​របស់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌។ ក្រៅ​ពី​ចំណុច​មួយ​ចំនួន​ដែល​យើង​បាន​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ទាំង​នេះ ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ​ក៏​រៀប​រាប់​អំពី​អ្វីៗ​ដែល​ពិត​ជា​នាំ​ឲ្យ​មាន​ពរ​និង​សុភមង្គល របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​អំពើ​ដែល​ប្រាស​ចាក​សីលធម៌ ការ​ប្រព្រឹត្ត​ដែល​ពិត​ជា​សុចរិត អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​មាន​អនាគត​ល្អ​ក្នុង​ភាព​សុខសាន្ត ព្រម​ទាំង​ចំណុច​ជា​ច្រើន​ថែម​ទៀត​ផង។ អាស្រ័យ​ហេតុ​នេះ គប្បី​ណាស់​ឲ្យ​យើង​អធិដ្ឋាន អាន​សៀវភៅ​ម៉ាថាយ​ជំពូក​៥​ដល់​៧​ម្ដង​ទៀត ព្រម​ទាំង​រំពឹង​គិត​ពី​ឱវាទ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​ជំពូក​ទាំង​នោះ។ រួច​មក ចូរ​ឲ្យ​យើង​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​បាន​ថ្លែង​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ។ បើ​ដូច្នេះ មិន​ពិបាក​ទេ ឲ្យ​យើង​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ និង​ប្រព្រឹត្ត​ល្អជា​បន្ត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ខ្មាំង​សត្រូវ​របស់​ខ្លួន?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​អត់​ទោស​ឲ្យ​អ្នក​ដទៃ?

• ស្តី​អំពី​ការ​ថ្កោល​ទោស តើ​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា?

• យោង​ទៅ​តាម​សៀវភៅ​ម៉ាថាយ ៧:១២ តើ​យើង​គួរ​តែ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដទៃ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ១៦]

ហេតុ​អ្វី​ក៏​មិន​គួរ​ឲ្យ​យើង​«ថ្កោល​ទោស​គេ»?

[រូបភាព​នៅ​ទំព័រ​១៥]

ហេតុ​អ្វី​គប្បី​ឲ្យ​យើង​អធិដ្ឋាន ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​យើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក