បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១ ទំ. ២៤-២៩
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​ម៉ូសេ​ជួយ​សុំ​ទោស​ឲ្យ—ព្រះ​យេហូវ៉ា​សណ្ដាប់​តាម
  • សរណវត្ថុបូជា​នៃ​ម៉ាន៉ាសេ​និង​អំពើ​កំផិត​នៃ​ដាវីឌ
  • ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​នៃ​ស្តេច​សាឡូម៉ូន
  • ការ​អត់​ឱន​ទោស​នៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១ ទំ. ២៤-២៩

តើ​អ្នក​អត់​ឱន​ទោស​ដូច​ព្រះ​យេហូវ៉ា​ទេ?

«បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ»។—ម៉ាថាយ ៦:១៤, ១៥

១, ២. តើ​យើង​ត្រូវ​ការ​ព្រះ​ប្រភេទ​ណា ហើយ​ហេតុ​អ្វី?

«ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ។ ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាប ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង​តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​របស់​ខ្លួន​ដែរ ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។—ទំនុកដំកើង ១០៣:៨​-​១៤

២ ដោយ​សារ​យើង​នៅ​ក្នុង​ផ្ទៃ​ពោះ​ម្ដាយ​ដែល​មាន​បាប និង​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ដោយ​សារ​តែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​កំណើត ដែល​តែង​តែ​នាំ​យើង​ឲ្យ​ធ្វើ​ជា​ឈ្លើយ​ចំពោះ​ច្បាប់​នៃ​អំពើ​បាប យើង​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ព្រះ​ដែល‹នឹក​ចាំ​ថា យើង​គ្រាន់​តែ​កើត​មក​ពី​ធូលី​ដី​ប៉ុណ្ណោះ›។ បី​រយ​ឆ្នាំ​ក្រោយ​ពី​ដាវីឌ​បាន​រាយ​រាប់​យ៉ាង​រំភើប​អំពី​ព្រះ​យេហូវ៉ា ក្នុង​ទំនុកដំកើង​ជំពូក​១០៣ មាន​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ទៀត​ឈ្មោះ​មីកា ក៏​បាន​លើក​សរសើរ​ព្រះ​ដដែល​នេះ​តាម​វិធី​ដ៏​រំភើប​ដូច​នោះ​ដែរ អំពី​សេចក្ដី​អាណិត​អាសូរ​ដោយ​អត់​ឱន​ទោស​ចំពោះ​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ ថា៖ «តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា​និច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ​បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ»។—មីកា ៧:១៨, ១៩

៣. តើ​ការ​អត់​ឱន​ទោស​មាន​ន័យ​យ៉ាង​ណា?

៣ នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិក ពាក្យ​ដែល​ប្រែ​ថា«អត់​ឱន​ទោស» មាន​ន័យ​ថា «ពន្លែង​ឲ្យ​ទៅ»។ សូម​កត់​សំគាល់​ថា ពាក្យ​ស្រង់​របស់​ដាវីឌ​និង​មីកា​នៅ​ខាង​លើ​នេះ សម្ដែង​ប្រាប់​អត្ថន័យ​ដូច​គ្នា តាម​ពាក្យ​ពិពណ៌នា​ដែល​គួរ​ឲ្យ​ចូល​ចិត្ត។ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ឡើង​នូវ​ទំហំ​ដ៏​អស្ចារ្យ​នៃ​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ឧទាហរណ៍​ខ្លះ​ៗ​អំពី​ការ​នេះ ដែល​កំពុង​តែ​មាន​សកម្មភាព។ ឧទាហរណ៍​ទី​មួយ​បង្ហាញ​ថា ព្រះ​ទ័យ​នៃ​ព្រះ​យេហូវ៉ា​អាច​ផ្លាស់​ពី​សេចក្ដី​ហិន​វិនាស​ទៅ​ការ​អត់​ឱន​ទោស​ឲ្យ។

លោក​ម៉ូសេ​ជួយ​សុំ​ទោស​ឲ្យ—ព្រះ​យេហូវ៉ា​សណ្ដាប់​តាម

៤. ប្រជាជន​អ៊ីស្រាអែល​នៅ​តែ​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា បន្ទាប់​ពី​បាន​ឃើញ​ការ​សម្ដែង​ឥទ្ធិ​ឫទ្ធិ​របស់​ព្រះ​យេហូវ៉ា​ណា​ខ្លះ?

៤ ព្រះ​យេហូវ៉ា​បាន​នាំ​សាសន៍​អ៊ីស្រាអែល​ផុត​ពី​គ្រោះ​ថ្នាក់ ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​មក​ដល់​ស្រុក​ដែល​ទ្រង់​បាន​សន្យា​ឲ្យ​ធ្វើ​ជា​ស្រុក​កំណើត​របស់​គេ។ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ចូល​ទៅ​ទេ ដោយ​ខ្លាច​មនុស្ស​នៅ​ក្នុង​ស្រុក​កាណាន​នោះ។ ក្រោយ​ពី​បាន​ឃើញ​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពួក​គេ​ពី​ពួក​អេស៊ីព្ទ ដោយ​ប្រើ​សេចក្ដី​វេទនា​ដ៏​ហិនហោច​ទាំង​ដប់​ប្រការ បើក​ច្រក​ឲ្យ​គេច​ខ្លួន​តាម​សមុទ្រ​ក្រហម កំទេច​កង​ទ័ព​អេស៊ីព្ទ​ដែល​ព្យាយាម​ដេញ​តាម​ពួក​គេ ធ្វើ​ពិធី​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ជា​មួយ​ពួក​គេ នៅ​ឯ​ភ្នំ​ស៊ីណាយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សាសន៍​ជ្រើស​រើស​នៃ​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​ប្រទាន​នំ​ម៉ាន៉ា​ពី​ស្ថាន​សួគ៌​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទំនុក​បំរុង​ពួក​គេ តែ​ពួក​គេ​នៅ​តែ​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​នោះ ដោយ​ខ្លាច​ពួក​កាណាន​ខ្លះ​ៗ​ដែល​មាន​មាឌ​ធំ​សម្បើម!—ជន​គណនា ១៤:១​-​៤

៥. តើ​ឈ្លប​ពីរ​នាក់​បាន​ជួយ​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​យ៉ាង​ណា?

៥ លោក​ម៉ូសេ​និង​អើរ៉ុន​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​ដោយ​ស្រងាក​ចិត្ត។ យ៉ូស្វេ​និង​កាលែប ជា​ឈ្លប​ដ៏​ស្មោះ​ត្រង់ បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​ថា៖ ‹ស្រុក​នោះ​ស្អាត​ណាស់ គឺ​ជា​ស្រុក​ដែល​ពេញ​ហូរ​ហៀរ​ទៅ​ដោយ​ទឹក​ដោះ​គោ​និង​ទឹក​ឃ្មុំ។ សូម​កុំ​ខ្លាច​មនុស្ស​អី ដ្បិត​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ហើយ!›។ ជា​ជាង​បាន​លើក​ទឹក​ចិត្ត​ដោយ​ពាក្យ​ទាំង​នេះ ពួក​អ្នក​បះ​បោរ​ដែល​ខ្លាច​ទាំង​នោះ បាន​ព្យាយាម​ចោល​ដុំ​ថ្ម​សម្លាប់​យ៉ូស្វេ​និង​កាលែប​ទៅ​វិញ។—ជន​គណនា ១៤:៥​-​១០

៦, ៧. (ក) តើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​មិន​ព្រម​ចូល​ទៅ​ក្នុង​ស្រុក​សន្យា? (ខ) ហេតុ​អ្វី​បាន​ជា​លោក​ម៉ូសេ​មិន​យល់​ស្រប​តាម​សេចក្ដី​ជំនុំ​ជំ​រះ​របស់​ព្រះ​យេហូវ៉ា​មក​លើ​ប្រជាជន​អ៊ីស្រាអែល ហើយ​ដោយ​មាន​លទ្ធផល​យ៉ាង​ណា?

៦ ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​ទ័យ​ក្រោធ​ណាស់! «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា៖ តើ​ជន​ទាំង​ឡាយ​នេះ នឹង​នៅ​តែ​មើល​ងាយ​អញ ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្ដាល​គេ​ជា​ច្រើន​ម្ល៉េះ​ផង? ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្នរោគ ហើយ​នឹង​កាត់​កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍​១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។ តែ​ម៉ូសេ​ទូល​ទៅ​ព្រះ​យេហូវ៉ា​ថា បើ​ដូច្នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដែរ (ដ្បិត​ទ្រង់​បាន​នាំ​បណ្ដា​ជន​នេះ​ពី​កណ្ដាល​គេ ឡើង​មក​ដោយ​ព្រះ​ចេស្ដា​ទ្រង់)។ នោះ​គេ​នឹង​ប្រាប់​ត​ៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ . . . ដូច្នេះ បើ​ទ្រង់​សំឡាប់​ពួក​ជន​ទាំង​នេះ​ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ឮ​ល្បី​ពី​ទ្រង់ គេ​នឹង​ដៀល​ថា ដោយ​ព្រោះ​តែ​ព្រះ​យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ​ស្ថាន​វិញ»។—ជន​គណនា ១៤:១១​-​១៦

៧ លោក​ម៉ូសេ​បាន​ទូល​អង្វរ​សូម​ការ​អត់​ឱន​ទោស ដើម្បីជា​ប្រយោជន៍​ដល់​កិត្ដិនាម​នៃ​ព្រះ​យេហូវ៉ា៖ «សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។ នោះ​ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា៖ ‹អញ​អត់​ទោស​ឲ្យ តាម​ពាក្យ​ឯង​ហើយ›»។—ជន​គណនា ១៤:១៩, ២០

សរណវត្ថុបូជា​នៃ​ម៉ាន៉ាសេ​និង​អំពើ​កំផិត​នៃ​ដាវីឌ

៨. តើ​ស្តេច​ម៉ាន៉ាសេ​នៃ​ស្រុក​យូដា​មាន​ប្រវត្ដិសាស្ត្រ​យ៉ាង​ណា?

៨ ឧទាហរណ៍​ដ៏​ប្រសើរ​មួយ​ចំពោះ​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា គឺ​ជា​ករណី​នៃ​ម៉ាន៉ាសេ ដែល​ជា​បុត្រ​នៃ​ស្តេច​ហេសេគា​ដ៏​ល្អ​ម្នាក់។ ម៉ាន៉ាសេ​មាន​ជន្មាយុ​១២​ឆ្នាំ កាល​ដែល​បាន​ចាប់​ផ្ដើម​ឡើង​សោយ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម។ ទ្រង់​បាន​សង់​ទី​ខ្ពស់​ៗ ស្អាង​អាស​នា​ថ្វាយ​ព្រះ​បាល តម្លើង​បង្គោល​សក្ការៈ ក្រាប​ថ្វាយ​បង្គំ​ផ្កាយ​នៅ​លើ​មេឃ ប្រើ​មន្តអាគម​និង​អំពើ​អាប​ធ្មប់ ធ្វើ​ជា​គ្រូ​ខាប​និង​គ្រូ​ទាយ ដាក់​រូប​ព្រះ​ចម្លាក់​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​យក​បុត្រ​របស់​ទ្រង់​ផ្ទាល់​មក​ដុត​ជា​យញ្ញ​នៅ​ក្នុង​ច្រក​ភ្នំ​ហ៊ីនណំម។ «ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា» ហើយ «ព្រលួង​ពួក​យូដា​នឹង​ពួក​អ្នក​ក្រុង​យេរូសាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ»។—របាក្សត្រ​ទី​២ ៣៣:១​-​៩

៩. តើ​យ៉ាង​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ធូរ​ស្រាល​វិញ​ចំពោះ​ស្តេច​ម៉ាន៉ាសេ ហើយ​ដោយ​មាន​លទ្ធផល​យ៉ាង​ណា?

៩ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​អាសស៊ើរ​មក​ច្បាំង​នឹង​ពួក​យូដា ហើយ​ពួក​គេ​បាន​ចាប់​ស្តេច​ម៉ាន៉ាសេ ហើយ​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន។ «តែ​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ​ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ។ ក៏​អធិស្ឋាន​ហើយ​ព្រះ​ក៏​ទន់​ព្រះ​ហឫទ័យ ស្ដាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម​វិញ»។ (របាក្សត្រ​ទី​២ ៣៣:១១​-​១៣) ក្រោយ​មក ស្តេច​ម៉ាន៉ាសេ​បាន​យក​រូប​ព្រះ​ទាំង​ឡាយ​នៃ​សាសន៍​ដទៃ រូប​សំណាក និង​អាស​នា​ផ្សេង​ៗ​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។ រួច​ទ្រង់​ចាប់​ផ្ដើម​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​អាស​នា​នៃ​ព្រះ​យេហូវ៉ា​ឡើង​វិញ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​បំរើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​វិញ។ នេះ​ជា​ការ​សម្ដែង​យ៉ាង​អស្ចារ្យ​មួយ​អំពី​ការ​ស្ម័គ្រ​ព្រះ​ទ័យ​នៃ​ព្រះ​យេហូវ៉ា​ក្នុង​ការ​អត់​ឱន​ទោស កាល​ណា​ការ​បន្ទាប​ខ្លួន ការ​អធិស្ឋាន និង​សកម្មភាព​កែ​កំហុស បង្កើត​ផល​ដែល​សម​ត្រឹម​ត្រូវ​នឹង​ការ​ប្រែ​ចិត្ត!—របាក្សត្រ​ទី​២ ៣៣:១៥, ១៦

១០. តើ​ស្តេច​ដាវីឌ​បាន​ព្យាយាម​បិទ​បាំង​អំពើ​បាប​របស់​ទ្រង់​ជា​មួយ​ភរិយា​របស់​លោក​អ៊ូរី​យ៉ាង​ណា​ខ្លះ?

១០ អំពើ​កំផិត​នៃ​ស្តេច​ដាវីឌ​ជា​មួយ​ភរិយា​របស់​លោក​អ៊ូរី​ជា​សាសន៍​ហេត ត្រូវ​បាន​ល្បី​សុសសាយ។ ទ្រង់​មិន​ត្រឹម​តែ​បាន​ផិត​ជា​មួយ​នាង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រិះ​រក​វិធី​យ៉ាង​ល្អិត​ល្អន់​ណា​មក​បិទ​បាំង​រឿង​នេះ ពេល​ដែល​នាង​ចាប់​មាន​ផ្ទៃ​ពោះ។ ស្តេច​បាន​បង្គាប់​ឲ្យ​អ៊ូរី​ឈប់​សំរាក​ពី​សមរភូមិ ដោយ​សង្ឃឹម​ថា​គាត់​នឹង​ត្រឡប់​មក​ឯ​ផ្ទះ​គាត់​វិញ ហើយ​នឹង​រួម​សំវាស​ជា​មួយ​ភរិយា​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​លោក​អ៊ូរី​មាន​ការ​គោរព​ដល់​ពួក​ទាហាន​គ្នា​ឯង​នៅ​ឯ​សមរភូមិ គាត់​ក៏​មិន​ព្រម​ឈប់។ ក្រោយ​មក ស្តេច​ដាវីឌ​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ពិសា​លៀង ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ស្រវឹង ប៉ុន្តែ​អ៊ូរី​នៅ​តែ​មិន​បាន​ចូល​ទៅ​រួម​សំវាស​ជា​មួយ​ភរិយា​របស់​គាត់។ បន្ទាប់​មក ស្តេច​ដាវីឌ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ឧត្តមសេនីយ​ឯក​របស់​ទ្រង់ បង្គាប់​ឲ្យ​ដាក់​អ៊ូរី​នៅ​កន្លែង​ដែល​កំពុង​ចម្បាំង​ពេញ​ទំហឹង ដើម្បី​ឲ្យ​អ៊ូរី​ត្រូវ​ស្លាប់ ដែល​បាន​កើត​ឡើង​ដូច​នេះ​មែន។—សាំយូអែល​ទី​២ ១១:២​-​២៥

១១. តើ​អ្វី​បាន​ធ្វើ​ឲ្យ​ស្តេច​ដាវីឌ​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​របស់​ទ្រង់ ហើយ​តើ​ទ្រង់​នៅ​តែ​រង​ទុក្ខ​អ្វី?

១១ ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​ព្យាការី​ណាថាន់​មក​បើក​សម្ដែង​ឲ្យ​ឃើញ​អំពើ​បាប​របស់​ស្តេច។ «រួច​ដាវីឌ​មាន​បន្ទូល​ទៅ​ណាថាន់​ថា៖ ‹យើង​បាន​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា​ហើយ›។ ណាថាន់​ក៏​ទូល​តប​ថា៖ ‹ព្រះ​យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ›»។ (សាំយូអែល​ទី​២ ១២:១៣) ដាវីឌ​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បាប​របស់​ទ្រង់ ហើយ​ទ្រង់​បាន​សម្ដែង​ការ​ប្រែ​ចិត្ត​នេះ​ក្នុង​សេចក្ដី​អធិស្ឋាន​យ៉ាង​ស្មោះ​ពី​ចិត្ត​មួយ​ទៅ​ព្រះ​យេហូវ៉ា៖ «ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញ​បូជា​ទេ បើ​សព្វ​ព្រះ​ហឫទ័យ​វិញ នោះ​ទូល​បង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ។ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ (ទំនុកដំកើង ៥១:១៦, ១៧) ព្រះ​យេហូវ៉ា​មិន​បាន​ស្អប់​ចំពោះ​ការ​អធិស្ឋាន​របស់​ដាវីឌ​ដែល​បាន​ថ្វាយ​ពី​ចិត្ត​ខ្ទេចខ្ទាំ​ទេ។ យ៉ាង​ណា​ក៏​ដោយ ដាវីឌ​នៅ​តែ​រង​ទុក្ខ​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ ជា​ការ​សម​ស្រប​តាម​សេចក្ដី​ថ្លែង​របស់​ព្រះ​យេហូវ៉ា​ក្នុង​និក្ខមនំ ៣៤:៦, ៧ ស្តី​អំពី​ការ​អត់​ឱន​ទោស​គឺ៖ «ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ»។

ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​នៃ​ស្តេច​សាឡូម៉ូន

១២. តើ​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សំណូម​ពរ​អ្វី នៅ​ពេល​ធ្វើ​ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ ហើយ​តើ​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​វិញ​យ៉ាង​ណា?

១២ នៅ​ពេល​ដែល​ស្តេច​សាឡូម៉ូន​បាន​សង់​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​រួច​ស្រេច​ហើយ ក្នុង​សេចក្ដី​អធិស្ឋាន​នៃ​ការ​ឧទ្ទិស​ថ្វាយ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ហើយ​កាល​ណា​ទូល​បង្គំ​នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ អធិស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​នៃ​ទ្រង់ លុះ​កាល​ទ្រង់​ព្រះ​សណ្ដាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង»។ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​វិញ​ថា៖ «បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្ដូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្នរោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ។ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្ដាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។—របាក្សត្រ​ទី​២ ៦:២១; ៧:១៣, ១៤

១៣. តើ​អេសេគាល ៣៣:១៣​-​១៦ បង្ហាញ​យ៉ាង​ណា​អំពី​ទស្សនៈ​នៃ​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ម្នាក់?

១៣ កាល​ដែល​ព្រះ​យេហូវ៉ា​ទត​មើល​មក​អ្នក ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ចរិត​លក្ខណៈ​របស់​អ្នក​ឥឡូវ មិន​មែន​ចរិត​លក្ខណៈ​របស់​អ្នក​ពី​ដើម​មក​ទេ។ គឺ​ដូច​ជា​អេសេគាល ៣៣:១៣​-​១៦ ចែង​ថា៖ «កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​មនុស្ស​សុចរិត​របស់​ខ្លួន ទៅប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ មួយ​ទៀត​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម​ត្រូវ​វិញ គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំង​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ទេ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម​ត្រូវ​ហើយ គេ​នឹង​រស់​នៅ​ពិត»។

១៤. តើ​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ពិសេស​អ្វី?

១៤ ការ​អត់​ឱន​ទោស​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​មក​យើង មាន​លក្ខណៈ​ពិសេស​ណាស់ គឺ​ជា​អ្វី​ដែល​មនុស្ស​លោក​ពិបាក​យក​មក​រួប​រួម​ជា​មួយ​នឹង​ការ​អត់​ឱន​ទោស​របស់​គេ​រវាង​គ្នា​និង​គ្នា—ទ្រង់​អត់​ឱន​ទោស​ឲ្យ​ផង​និង​បំភ្លេច​វា​ចោល​ផង។ មនុស្ស​ខ្លះ​នឹង​និយាយ​ថា៖ ‹ខ្ញុំ​អាច​អត់​ទោស​ឲ្យ​អ្នក​បាន តែ​មិន​អាច​បំភ្លេច​វា​ចោល​បាន​ទេ›។ ជា​ការ​ផ្ទុយ​ទៅ​វិញ សូម​កត់​សំគាល់​នូវ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​នឹង​ធ្វើ៖ «អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ»។—យេរេមា ៣១:៣៤

១៥. តើ​មាន​ប្រវត្ដិ​រឿង​ណា​ខ្លះ​ដែល​សម្ដែង​អំពី​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា?

១៥ ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស​ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​នៅ​លើ​ផែនដី​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ទ្រង់​បាន​អត់​ឱន​ទោស​នឹង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ចេតនា ហើយ​អចេតនា​ដែរ។ ការ​ប្រទាន​ឲ្យ​មេត្ដា​ករុណា សេចក្ដី​អត់​ធ្មត់ និង​ការ​អត់​ឱន​ទោស ជា​ការ​គ្មាន​ទី​បញ្ចប់​ឡើយ។ អេសាយ ៥៥:៧ ចែង​មក​ថា៖ «ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ​បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្ដា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ»។

ការ​អត់​ឱន​ទោស​នៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក

១៦. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេស៊ូវ​ស្រប​ទៅ​តាម​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា​នោះ?

១៦ ដំណើរ​រឿង​អំពី​ការ​អត់​ឱន​ទោស​នៃ​ព្រះ មាន​ទូទៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​រឿង​នេះ​ជា​ញឹក​ញាប់ បង្ហាញ​ថា​ទ្រង់​ស្រប​តាម​ព្រះ​ទ័យ​នៃ​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នេះ។ គំនិត​របស់​ព្រះ​យេស៊ូវ គឺ​មក​ពី​ព្រះ​យេហូវ៉ា ទ្រង់​ជា​ស្រមោល​ចាំង​ត្រឡប់​ពី​ព្រះ​យេហូវ៉ា ទ្រង់​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា​បេះ​បិទ ដូច្នេះ​ការ​មើល​ឃើញ​ទ្រង់​គឺ​ដូច​ការ​មើល​ឃើញ​ព្រះ​យេហូវ៉ា​ដែរ។—យ៉ូហាន ១២:៤៥​-​៥០; ១៤:៩; ហេព្រើរ ១:៣

១៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូវ​បាន​ពន្យល់​អំពី​ការ​អត់​ឱន​ទោស​នៃ​ព្រះ​យេហូវ៉ា«ជា​បរិបូរ»?

១៧ ចំពោះ​រឿង​ដែល​ថា​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ជា​បរិបូរ នោះ​ត្រូវ​បាន​ពន្យល់​មក​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ ស្តី​អំពី​ស្តេច​ម្នាក់​ដែល​បាន​អត់​ឱន​ទោស​ឲ្យ​បាវ​ម្នាក់ ដែល​មាន​បំណុល​១០.០០០​ប្រាក់​ថាល្លិន (ប្រមាណ ៣៣.០០០.០០០ ដុល្លារ​អាមេរិក)។ ប៉ុន្តែ នៅ​ពេល​ដែល​បាវ​នោះ​មិន​ព្រម​អត់​ឱន​ទោស​ឲ្យ​គូកន​ម្នាក់​ទៀត ដែល​ជំពាក់​គាត់​តែ​មួយ​រយ​ប្រាក់​ឌីណារី (ប្រហែល ៦០ ដុល្លារ​អាមេរិក) ស្តេច​នោះ​ក៏​មាន​ព្រះ​ទ័យ​ក្រោធ​យ៉ាង​ខ្លាំង។ «នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្ដា​ដល់​គូកន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្ដា​ដល់​ឯង​ដែរ​ទេ​ឬ​អី។ ចៅហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេ​ភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន»។ បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អនុវត្តន៍​ដូច​នេះ៖ «យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ​វរបិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។—ម៉ាថាយ ១៨:២៣​-​៣៥

១៨. តើ​ទស្សនៈ​របស់​ពេត្រុស​និង​ទស្សនៈ​របស់​ព្រះ​យេស៊ូវ​ចំពោះ​ការ​អត់​ឱន​ទោស ខុស​គ្នា​យ៉ាង​ណា?

១៨ មុន​នឹង​ព្រះ​យេស៊ូវ​បាន​ពន្យល់​ប្រាប់​អំពី​រឿង​ប្រៀប​ប្រដូច​នៅ​លើ​នេះ ពេត្រុស​បាន​មក​ឯ​ទ្រង់ រួច​ទូល​សួរ​ថា៖ «ព្រះ​អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី»។ ពេត្រុស​បាន​គិត​ថា គាត់​បាន​មាន​ចិត្ត​ទូលំ​ទូលាយ​ណាស់។ ថ្វី​បើ​ពួក​អាចារ្យខាង​វិន័យ​និង​ពួក​ផារិស៊ី​បាន​ដាក់​កំរិត​ដល់​ការ​អត់​ឱន​ទោស ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​ចិតសិប​៧​ដង​ទៅ​ទៀត»។ (ម៉ាថាយ ១៨:២១, ២២) ៧​ដង​នោះ​គឺ​សឹង​តែ​មិន​គ្រប់​គ្រាន់​ទេ​សំរាប់​មួយ​ថ្ងៃ ដូច​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន»។ (លូកា ១៧:៣, ៤) នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ឲ្យ ទ្រង់​មិន​កត់​ទុក​កំហុស​របស់​យើង​ទេ—ជា​ការ​សប្បាយ​រីករាយ​ចំពោះ​យើង។

១៩. តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ​យេហូវ៉ា?

១៩ បើ​សិន​ជា​យើង​បន្ទាប​ខ្លួន​ប្រែ​ចិត្ត​និង​សារភាព​អំពើ​បាប​របស់​យើង ព្រះ​យេហូវ៉ា​នឹង​មាន​ព្រះ​ហឫទ័យ​អនុគ្រោះ​ដល់​យើង៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។—យ៉ូហាន​ទី​១ ១:៩

២០. តើ​តាម​របៀប​ណា​ដែល​ស្ទេផាន​បាន​បង្ហាញ​ការ​ស្ម័គ្រ​ចិត្ត​អត់​ឱន​ទោស?

២០ អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​ម្នាក់​ឈ្មោះ​ស្ទេផាន ជា​គតិ​ដ៏​អស្ចារ្យ​នៃ​ការ​អត់​ឱន​ទោស បាន​ទូល​អង្វរ​សំណូម​នេះ កាល​ដែល​ហ្វូង​មនុស្ស​ពាល​កំពុង​តែ​ចោល​ថ្ម​សម្លាប់​គាត់៖ «ឱ​ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូល​បង្គំ​ផង នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សម្លេង​ខ្លាំង​ថា ឱ​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា]អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ»។—កិច្ច​ការ ៧:៥៩, ៦០

២១. ហេតុ​អ្វី​បាន​ជា​ការ​ស្ម័គ្រ​ចិត្ត​អត់​ឱន​ទោស​របស់​ព្រះ​យេស៊ូវ​ចំពោះ​ពួក​រ៉ូម៉ាំង ជា​ការ​ដ៏​អស្ចារ្យ​ម្ល៉េះ?

២១ ព្រះ​យេស៊ូវ​ជា​គំរូ​រឹត​តែ​អស្ចារ្យ​ទៅ​ទៀត ចំពោះ​ការ​សុខ​ចិត្ត​អត់​ឱន​ទោស។ ពួក​សត្រូវ​បាន​ចាប់​ទ្រង់ វិនិច្ឆ័យ​ទោស​ទ្រង់​ដោយ​ខុស​ច្បាប់ កាត់​ក្ដី​ឲ្យ​ទ្រង់​ជាប់​ទោស សើច​ចំអក​ដាក់​ទ្រង់ បាន​ស្ដោះ​ទឹក​មាត់​ដាក់​ទ្រង់ វាយ​ទ្រង់​នឹង​ខ្សែ​ទៃ​ស្បែក​ដែល​មាន​ច្រើន​បន្ទះ ហើយ​មាន​ដុំ​ដែក​តូច​ៗ​និង​កំទេច​ឆ្អឹង​ភ្ជាប់​នឹង​បន្ទះ​នោះ​ផង ហើយ​នៅ​ទី​បំផុត​បាន​ដាក់​ទ្រង់​ភ្ជាប់​នឹង​បង្គោល​ឈើ​អស់​រាប់​ម៉ោង។ ពួក​រ៉ូម៉ាំង​បាន​ជាប់​ខ្លួន​ក្នុង​រឿង​ជា​ច្រើន​នេះ។ ប៉ុន្តែ ក្នុង​ពេល​ដែល​ព្រះ​យេស៊ូវ​ហៀប​នឹង​ចូល​ទិវង្គត ទ្រង់​បាន​មាន​បន្ទូល​ទៅ​ព្រះ​វរបិតា​សួគ៌ា​របស់​ទ្រង់​អំពី​ពួក​ទាហាន​ដែល​ធ្វើ​គុត​ទ្រង់​ថា៖ «ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ»។—លូកា ២៣:៣៤

២២. តើ​យើង​ត្រូវ​តែ​អនុវត្ត​តាម​ពាក្យ​បន្ទូល​អ្វី​ខ្លះ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​អូលីវ?

២២ ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ . . . ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ»។ ទ្រង់​បាន​គោរព​ប្រតិបត្ដិ​តាម​គោល​ការណ៍​នេះ រហូត​ដល់​ចុង​បញ្ចប់​នៃ​កិច្ច​ការ​បំរើ​នៅ​លើ​ផែនដី​របស់​ទ្រង់។ ដោយ​ព្រោះ​តែ​ការ​ត​យុទ្ធ​នឹង​សាច់​ឈាម​ដែល​មាន​បាប​របស់​យើង តើ​នេះ​ជា​ការ​ពិបាក​ចំពោះ​យើង​ឬ? យ៉ាង​ហោច​ណាស់ ក៏​យើង​គួរ​តែ​ខំ​ព្យាយាម​អនុវត្ត​តាម​ពាក្យ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់ បន្ទាប់​ពី​បាន​ឲ្យ​ពួក​គេ​នូវ​គំរូ​អធិស្ឋាន៖ «បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ»។ (ម៉ាថាយ ៥:៤៤; ៦:១៤, ១៥) បើ​សិន​ជា​យើង​អត់​ឱន​ទោស​ដូច​ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស នោះ​យើង​នឹង​អត់​ឱន​ទោស​ហើយ​បំភ្លេច​ចោល​ដែរ។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​អំពើ​បាប​របស់​យើង ហើយ​ហេតុ​អ្វី?

◻ ហេតុ​អ្វី​បាន​ស្តេច​ម៉ាន៉ាសេ​បាន​ទទួល​រាជ្យ​របស់​ទ្រង់​វិញ?

◻ តើ​លក្ខណៈ​ពិសេស​អ្វី​នៃ​ការ​អត់​ឱន​ទោស​របស់​ព្រះ​យេហូវ៉ា ដែល​មនុស្ស​ពិបាក​យក​ត្រាប់​តាម?

◻ តើ​តាម​របៀប​ណា​ដែល​ការ​ស្ម័គ្រ​ចិត្ត​អត់​ឱន​ទោស​នៃ​ព្រះ​យេស៊ូវ ជា​ការ​អស្ចារ្យ​ម្ល៉េះ?

[រូប​ភាព​នៅ​ទំព័រ​២៧]

ណាថាន់​បាន​ជួយ​ស្តេច​ដាវីឌ ឲ្យ​យល់​ឃើញ​នូវ​ការ​ចាំ​បាច់​នៃ ការ​អត់​ឱន​ទោស​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក