បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ១០-១៦
  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា«បំរុង​តែ​នឹង​អត់​ទោស»?
  • តើ​ព្រះ​យេហូវ៉ា​អត់​ទោស​ដល់​កំរិត​ណា?
  • «ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ»
  • ចុះ​កម្មផល​នៃ​បាប​យើង​យ៉ាង​ណា​ដែរ?
  • ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ១០-១៦

ព្រះ​យេហូវ៉ា ជា​ព្រះ«បំរុង​តែ​នឹង​អត់​ទោស»

«ឱ​ព្រះ​អម្ចាស់[យេហូវ៉ា]អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។—ទំនុកដំកើង ៨៦:៥

១. តើ​ស្តេច​ដាវីឌ​កាន់​បន្ទុក​ធ្ងន់​អ្វី ហើយ​ទ្រង់​រក​ឃើញ​សេចក្ដី​ធូរ​ស្រាល​យ៉ាង​ណា​ចំពោះ​ចិត្ត​ថែ​ថប់​របស់​ទ្រង់?

ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​សម័យ​បុរាណ ទ្រង់​ជ្រាប​ថា​បន្ទុក​នៃ​មនសិការ​មាន​ទោស​អាច​ទៅ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ។ ទ្រង់​សរសេរ​ថា៖ «ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ បាន​ឡើង​លិច​ក្បាល​ទូល​បង្គំ​ហើយ ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល​បង្គំ​ទ្រាំ​មិន​បាន ទូល​បង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំង ទូល​បង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​ថែ​ថប់​ក្នុង​ចិត្ត»។ (ទំនុកដំកើង ៣៨:៤, ៨) យ៉ាង​ណា​ក្ដី ដាវីឌ​បាន​ទទួល​សេចក្ដី​ធូរ​ស្រាល​ចំពោះ​ចិត្ត​ថែ​ថប់​របស់​ទ្រង់។ ទ្រង់​ជ្រាប​ថា ព្រះ​យេហូវ៉ា​ទ្រង់​ស្អប់​បាប តែ​ទ្រង់​មិន​ស្អប់​អ្នក​ធ្វើ​បាប​នោះ​ទេ—បើ​បុគ្គល​នោះ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​បដិសេធ​ចោល​ដំណើរ​ដ៏​មាន​បាប​របស់​ខ្លួន។ (ទំនុកដំកើង ៣២:៥; ១០៣:៣) ដោយ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​សម្ដែង​ចិត្ត​មេត្ដា​ធម៌​ដល់​បុគ្គល​ប្រែ​ចិត្ត ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ឱ​ព្រះ​អម្ចាស់[យេហូវ៉ា]អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។—ទំនុកដំកើង ៨៦:៥

២, ៣. (ក) ពេល​យើង​ធ្វើ​បាប តើ​យើង​អាច​កាន់​បន្ទុក​អ្វី​ជា​លទ្ធផល ហើយ​ហេតុ​អ្វី​ក៏​នេះ​ជា​ការ​ល្អ​ទៅ​វិញ? (ខ) តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ពេល​ខ្លួន​យើង«អស់​សង្ឃឹម»ដោយ​កំហុស? (គ) តើ​ព្រះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា​បំរុង​តែ​អត់​ទោស​នោះ?

២ កាល​ណា​យើង​ធ្វើ​បាប យើង​ក៏​អាច​មាន​បន្ទុក​ដ៏​ធ្ងន់​នៃ​មនសិការ​ដ៏​ឈឺ​ចាប់​ដែរ។ ការ​មាន​ចិត្ត​វិប្បដិសារី​បែប​នេះ​ជា​ការ​ធម្មតា​ទេ ហើយ​អាច​ជា​ការ​ល្អ​ផង។ នេះ​អាច​ធ្វើ​ឲ្យ​យើង​ចាត់​វិធានការ​ដើម្បី​កែ​កំហុស​របស់​យើង។ ប៉ុន្តែ គ្រីស្ទាន​ខ្លះ​ទៅ​ជា​ដាក់​ទោស​មក​លើ​ខ្លួន​ហួស​ហេតុ។ ក្នុង​ចិត្ត​របស់​គេ​ដែល​ចេះ​តែ​បន្ទោស​ខ្លួន គេ​គិត​ថា​ព្រះ​នឹង​មិន​អត់​ទោស​ឲ្យ​គេ​ទេ ទោះ​ជា​គេ​ខំ​កែ​ប្រែ​ខ្លួន​យ៉ាង​ណា​ក្ដី។ ដោយ​គិត​អំពី​កំហុស​ដែល​នាង​បាន​ប្រព្រឹត្ត បង​ស្រី​ម្នាក់​បាន​មាន​ប្រសាសន៍​ថា «នេះ​ជា​ការ​ពិបាក​ចិត្ត​មែន នៅ​ពេល​ដែល​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​លែង​ស្រឡាញ់​អ្នក​ទៀត»។ សូម្បី​តែ​បន្ទាប់​ពី​នាង​បាន​កែ​ប្រែ​ខ្លួន ហើយ​បាន​ទទួល​យក​ដំបូន្មាន​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​គួរ​នឹង​ការ​អត់​ទោស​ពី​ព្រះ​ឡើយ។ នាង​ពន្យល់​ទៀត​ថា «គ្មាន​ថ្ងៃ​ណា​មួយ​កន្លង​ទៅ ដែល​ខ្ញុំ​មិន​បាន​សុំ​ការ​អត់​ទោស​ពី​ព្រះ​យេហូវ៉ា​សោះ»។ បើ​យើង​ត្រូវ‹អស់​សង្ឃឹម›ដោយ​កំហុស សាតាំង​អាច​ធ្វើ​ឲ្យ​យើង​ព្រម​ចាញ់ ហើយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​មិន​សម​បំរើ​ព្រះ​យេហូវ៉ា​ទេ។—កូរិនថូស​ទី​២ ២:៥​-​៧, ១១

៣ ប៉ុន្តែ ព្រះ​យេហូវ៉ា​ឥត​មាន​ព្រះ​ទ័យ​បែប​នេះ​សោះ! បន្ទូល​របស់​ទ្រង់​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​យើង​សម្ដែង​វិប្បដិសារី​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ព្រះ​យេហូវ៉ា​នឹង​អត់​ទោស ត្រូវ​ហើយ​ទ្រង់​បំរុង​តែ​អត់​ទោស។ (សុភាសិត ២៨:១៣) ដូច្នេះ បើ​ការ​អត់​ទោស​ពី​ព្រះ​ហាក់​បី​ដូច​ជា​មិន​អាច​ទទួល​បាន​សោះ​ចំពោះ​អ្នក ប្រហែល​ជា​អ្នក​ត្រូវ​ការ​ការ​យល់​ដឹង​ច្បាស់​ថែម​ទៀត​នូវ​មូលហេតុ​និង​របៀប​ដែល​ព្រះ​អត់​ទោស។

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា«បំរុង​តែ​នឹង​អត់​ទោស»?

៤. តើ​ព្រះ​យេហូវ៉ា​ចាំ​អ្វី​ខ្លះ​អំពី​ចរិត​របស់​យើង ហើយ​នេះ​ធ្វើ​ឲ្យ​ទ្រង់​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​យើង?

៤ យើង​អាន​ថា៖ «ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ»។ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​អាណិត​មេត្ដា? បទ​ជា​បន្ទាប់​ឆ្លើយ​ថា៖ «ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១២​-​១៤) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​មិន​ភ្លេច​ថា​យើង​កើត​មក​ពី​ធូលី​ដី មាន​គុណ​វិបត្ដិ ឬ​ភាព​ទន់​ខ្សោយ ដោយ​សារ​តែ​ភាព​ឥត​គ្រប់ល័ក្ខណ៍​នោះ។ ឃ្លា​ដែល​ថា​ទ្រង់«ស្គាល់​រាង​កាយ​របស់​យើង» រំឭកយើង​ថា​ព្រះ​គម្ពីរ​ប្រៀប​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ជាង​ស្មូន ហើយ​យើង​ទៅ​នឹង​ភាជនៈ​ដែល​ទ្រង់​សូន​ធ្វើ។a (យេរេមា ១៨:២​-​៦) ជាង​ស្មូន​ធ្វើ​ភាជនៈ​ពី​ដី​ឥដ្ឋ​យ៉ាង​មាំ​មួន តែ​ដោយ​ប្រិត​ប្រៀង​ជា​និច្ច ទាំង​គិត​ដល់​ចរិត​នៃ​វត្ថុ​នោះ​ផង។ យ៉ាង​នេះ​ដែរ ព្រះ​យេហូវ៉ា ជា​មេ​ជាង​ស្មូន ទ្រង់​ប្រែ​ប្រួល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​យើង ទៅ​តាម​ភាព​ទន់​ខ្សោយ​នៃ​ចរិត​ដ៏​មាន​បាប​របស់​យើង។—ប្រៀប​ធៀប កូរិនថូស​ទី​២ ៤:៧

៥. តើ​សៀវភៅ​គម្ពីរ​រ៉ូម​រៀប​រាប់​យ៉ាង​ណា​ខ្លះ អំពី​យើង​ធ្លាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ក្លា​នៃ​បាប?

៥ ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ថា​អំពើ​បាប​មាន​អំណាច​ខ្លាំង​ណាស់។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​បាប​ថា ដូច​ជា​មហា​ឥទ្ធិពល​មួយ​ដែល​មនុស្ស​លោក​ធ្លាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​វា។ តើ​កណ្ដាប់​ដៃ​របស់​បាប​ខ្លាំង​យ៉ាង​ណា​ទៅ? ក្នុង​សៀវភៅ​រ៉ូម សាវ័ក​ប៉ុល​ពន្យល់​ប្រាប់​អំពី​បាប​យ៉ាង​បេះ​បិទ​ដូច​នេះ​ថា៖ យើង«នៅ​ក្រោម​អំពើ​បាប» ដូច​ជា​ទាហាន​នៅ​ក្រោម​មេ​បញ្ជាការ​ខ្លួន (រ៉ូម ៣:៩); វា«បាន​សោយ​រាជ្យ»លើ​មនុស្ស​លោក​ដូច​ជា​ស្តេច​មួយ​អង្គ (រ៉ូម ៥:២១); វា«នៅ​ក្នុង​ខ្លួន»យើង (រ៉ូម ៧:១៧, ២០); យើង​នៅ«ក្រោម​អំណាច​អំពើ​បាប» បើ​និយាយ​ឲ្យ​ចំ វា​ខំ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​យើង។ (រ៉ូម ៧:២៣, ២៥) នេះ​ជា​ការ​ប្រយុទ្ធ​ដ៏​ពិបាក​មួយ​ចំពោះ​យើង ក្នុង​ការ​ទប់​ទល់​នឹង​អំណាច​ដ៏​ខ្លាំង​ក្លា​នៃ​អំពើ​បាប​លើ​សាច់​ឈាម​ដ៏​ទន់​ខ្សោយ​របស់​យើង។—រ៉ូម ៧:២១, ២៤

៦. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អស់​អ្នក ដែល​សុំ​សេចក្ដី​មេត្ដា​ធម៌​ពី​ព្រះ​ដោយ​ស្មោះ​ពី​ចិត្ត?

៦ ដូច្នេះ​ហើយ ព្រះ​ដ៏​អាណិត​មេត្ដា​របស់​យើង ទ្រង់​ជ្រាប​ថា យើង​មិន​អាច​ថ្វាយ​ការ​គោរព​ដ៏​គ្រប់ល័ក្ខណ៍​ដល់​ទ្រង់​បាន​ទេ ទោះ​បី​ជា​ក្នុង​ចិត្ត​របស់​យើង​ចង់​ថ្វាយ​ទ្រង់​ជា​ខ្លាំង​ក៏​ដោយ។ (ពង្សាវតារ​ក្សត្រ​ទី​១ ៨:៤៦) ទ្រង់​ដាស់​តឿន​យើង​ដោយ​ស្រឡាញ់​ថា បើ​យើង​លន់​តួ​សុំ​សេចក្ដី​មេត្ដា​ករុណា​ដោយ​ចិត្ត​ស្មោះ នោះ​ទ្រង់​នឹង​ឲ្យ​មក​យើង។ អ្នក​តែង​បទ​ទំនុកដំកើង ដាវីឌ បាន​មាន​ប្រសាសន៍​ថា៖ «ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ (ទំនុកដំកើង ៥១:១៧) ព្រះ​យេហូវ៉ា​នឹង​មិន​បដិសេធ​ចោល ឬ ងាក​ចេញ​ឡើយ ពី​ចិត្ត​ខ្ទេច​ខ្ទាំ​ដោយ​បន្ទុក​នៃ​កំហុស​នោះ។ ពាក្យ​នេះ​រៀប​រាប់​យ៉ាង​ពីរោះ​នូវ​ការ​សុខ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បំរុង​អត់​ទោស!

៧. ហេតុ​អ្វី​ក៏​យើង​មិន​អាច​រំលោភ​លើ​សេចក្ដី​មេត្ដា​ធម៌​របស់​ព្រះ?

៧ តើ​នេះ​មាន​ន័យ​ថា​យើង​អាច​រំលោភ​លើ​សេចក្ដី​អាណិត​មេត្ដា​របស់​ព្រះ​ឬ ដោយ​ប្រើ​ចរិត​មាន​បាប​របស់​យើង​ជា​ការ​ដោះ​សា​ចំពោះ​ការ​ធ្វើ​បាប? មិន​អញ្ចឹង​ទេ! ព្រះ​យេហូវ៉ា​មិន​មែន​ដឹក​នាំ​ដោយ​មនោ​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ សេចក្ដី​អាណិត​មេត្ដា​របស់​ទ្រង់​មាន​ព្រំ​ដែន។ ទ្រង់​នឹង​មិន​អត់​ទោស​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​រឹង​ចចេស​នូវ​អំពើ​បាប​ដោយ​គ្មាន​ចិត្ត​វិប្បដិសារី​សោះ។ (ហេព្រើរ ១០:២៦​-​៣១) ផ្ទុយ​ទៅ​វិញ ពេល​ទ្រង់​ទត​ឃើញ​ចិត្ត«ខ្ទេច​ខ្ទាំ» នោះ​ទ្រង់«បំរុង​តែ​នឹង​អត់​ទោស»។ (សុភាសិត ១៧:៣) សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពាក្យ​ដ៏​ពីរោះ​ដែល​ព្រះ​គម្ពីរ​ប្រើ​ក្នុង​ការ​រៀប​រាប់​អំពី​ភាព​ពេញ​លេញ​នៃ​ការ​អត់​ទោស​របស់​ព្រះ។

តើ​ព្រះ​យេហូវ៉ា​អត់​ទោស​ដល់​កំរិត​ណា?

៨. ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​ដល់​បាប​យើង តើ​ទ្រង់​ប្រៀប​ដូច​ជា​ធ្វើ​អ្វី ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

៨ ស្តេច​ដាវីឌ​ដែល​បាន​ប្រែ​ចិត្ត ទ្រង់​មាន​ប្រសាសន៍​ថា៖ «ទូល​បង្គំ​នឹង​លន់​តួ​អស់​ទាំង​ការ​រំលង​របស់​ទូល​បង្គំ​ដល់​ព្រះ​យេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូល​បង្គំ​ទៅ»។ (ទំនុកដំកើង ៣២:៥) ពាក្យ​ហេព្រើរ​ដែល​ថា «អត់​ទោស» នៅ​ត្រង់​នេះ មាន​ន័យ​ថា «ដក​យក​ចេញ» «ផ្ទេរ​យក»។ ការ​ប្រើ​ពាក្យ​នេះ​នៅ​ទី​នេះ​ឲ្យ​ន័យ​ថា ‹ដក​យក​កំហុស អំពើ​បាប សេចក្ដី​រំលង​ចេញ›។ ដូច្នេះ នេះ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​ដក​យក​អំពើ​បាប​របស់​ដាវីឌ​ចេញ។ (ប្រៀប​ធៀប លេវីវិន័យ ១៦:២០​-​២២) នេះ​ច្បាស់​បាន​បន្ធូរ​ដល់​អារម្មណ៍​ដ៏​មាន​ទោស​ដែល​ដាវីឌ​បាន​កាន់​ទុក្ខ​ជា​យូរ​មក។ (ប្រៀប​ធៀប ទំនុកដំកើង ៣២:៣) យើង​ក៏​អាច​ជឿ​ជាក់​ទៅ​លើ​ព្រះ ដែល​ថា​ទ្រង់​នឹង​អត់​ទោស​ដល់​អំពើ​បាប​នៃ​អស់​អ្នក​ណា​ដែល​សុំ​សេចក្ដី​អត់​ទោស​ពី​ទ្រង់ ដោយ​សំអាង​លើ​មូលដ្ឋាន​នៃ​ជំនឿ​របស់​គេ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២០:២៨; ប្រៀប​ធៀប អេសាយ ៥៣:១២) អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ដក​យក​អំពើ​បាប​ចេញ មិន​ត្រូវ​បន្ត​កាន់​បន្ទុក​នៃ​អារម្មណ៍​ដ៏​មាន​ទោស​ចំពោះ​បាប​ពី​អតីតកាល​ទៀត​ឡើយ។

៩. តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​របស់​ព្រះ​យេស៊ូ ដែល​ថា៖ ‹សូម​អត់​ទោស​ដល់​បំណុល​របស់​យើង​ខ្ញុំ​ផង›?

៩ ព្រះ​យេស៊ូ​បាន​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ស្តី​អំពីទំនាក់​ទំនង​រវាង​ចៅហ្វាយ​និង​កូន​បំណុល ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស។ ឧទាហរណ៍ ព្រះ​យេស៊ូ​ដាស់​តឿន​ឲ្យ​យើង​អធិស្ឋាន​ដូច​នេះ​ថា៖ ‹សូម​អត់​ទោស​ដល់​បំណុល​របស់​យើង​ខ្ញុំ​ផង›។ (ម៉ាថាយ ៦:១២) ដូច្នេះ ព្រះ​យេស៊ូ​ប្រដូច«អំពើ​បាប» ទៅ​នឹង ‹បំណុល›។ (លូកា ១១:៤) កាល​ណា​យើង​ធ្វើ​បាប យើង​ក្លាយ​ទៅ​ជា ‹កូន​បំណុល›នៃ​ព្រះ​យេហូវ៉ា។ ពាក្យ​ក្រិក​ដែល​ប្រែ​ថា «អត់​ទោស» អាច​មាន​ន័យ​ថា «ដោះ​លែង លះ​បង់​ចោល បំណុល ឥត​ទាម​ទារ​យក»។ ក្នុង​ន័យ​មួយ កាល​ណា​ព្រះ​យេហូវ៉ា​អត់​ទោស នោះ​ទ្រង់​បណ្ដាច់​បំណុល​នោះ​ចេញ ជា​បំណុល​ដែល​ត្រូវ​សង​ចេញ​ពី​គណនី​យើង។ ដូច្នេះ​ហើយ ពួក​អ្នក​ដែល​ប្រែ​ចិត្ត​អាច​ទទួល​យក​សេចក្ដី​ធូរ​ស្រាល។ ព្រះ​យេហូវ៉ា​នឹង​មិន​ទាម​ទារ​ឲ្យ​សង​បំណុល​នោះ​ទៀត​ទេ បើ​ទ្រង់​ផ្ដាច់​ទៅ​ហើយ​នោះ!—ទំនុកដំកើង ៣២:១, ២; ប្រៀប​ធៀប ម៉ាថាយ ១៨:២៣​-​៣៥

១០, ១១. (ក) ឃ្លា​ដែល​ថា ‹បាន​លុប​ចេញ› នៅ​ក្នុង​កិច្ច​ការ ៣:១៩ បញ្ចេញ​ឲ្យ​ឃើញ​គំនិត​អ្វី? (ខ) តើ​នេះ​សម្ដែង​យ៉ាង​ណា​អំពី​ភាព​ពេញ​លេញ​នៃ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា?

១០ នៅ​កិច្ច​ការ ៣:១៩ ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ដ៏​រស់​រវើក​មួយ​ទៀត ក្នុង​ការ​រៀប​រាប់​អំពី​ការ​អត់​ទោស​របស់​ព្រះ៖ «ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ»។ ឃ្លា​ដែល​ថា ‹បាន​លុប​ចេញ› បាន​បក​ប្រែ​ចេញ​ពី​កិរិយាសព្ទ​ក្រិក​មួយ ហើយ​កាល​ណា​ប្រើ​ជា​ការ​ប្រៀប​ធៀប អាច​មាន​ន័យ​ថា «បោស​ចេញ កំចាត់​ចោល កាត់​ចេញ ឬ បំផ្លាញ»។ យោង​ទៅ​តាម​អ្នក​ប្រាជ្ញ​ខ្លះ គំនិត​ដែល​ចង់​សម្ដែង​នៅ​ទី​នេះ គឺ​ជា​ការ​លុប​ចេញ​នូវ​អក្សរ​ដៃ។ តើ​អាច​ធ្វើ​យ៉ាង​ម៉េច​បាន? ទឹក​ខ្មៅ​ដែល​គេ​និយម​ប្រើ​នៅ​សម័យ​បុរាណ ច្រើន​តែ​ធ្វើ​ឡើង​ពី​ល្បាយ​ដែល​មាន​ជាតិ​ការបោន ជាតិ​ជ័រ និង​ទឹក។ ក្រោយ​ពី​បាន​ប្រើ​ទឹក​ខ្មៅ​បែប​នេះ​ហើយ បុគ្គល​ម្នាក់​អាច​យក​អេប៉ុង​សើម​មក​ជូត​អក្សរ​នោះ​ចេញ។

១១ ត្រង់​នោះ​ហើយ​ជា​សេចក្ដី​រៀប​រាប់​ដ៏​ពីរោះ​នូវ​ភាព​ពេញ​លេញ​នៃ​ការ​អត់​ទោស​នៃ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​ទ្រង់​អត់​ទោស​អំពើ​បាប​យើង នេះ​ប្រៀប​ដូច​ជា​ទ្រង់​យក​អេប៉ុង​មក​ជូត​ចេញ​នូវ​អំពើ​បាប​ទាំង​នោះ។ នៅ​អនាគត យើង​មិន​ត្រូវ​ខ្លាច​ថា​ទ្រង់​នឹង​លើក​យក​បាប​នោះ​មក​ជំទាស់​នឹង​យើង​ឡើយ ពី​ព្រោះ​ព្រះ​គម្ពីរ​បង្ហាញ​ប្រាប់​អ្វី​ផ្សេង​ទៀត​អំពី​សេចក្ដី​អត់​ទោស​នៃ​ព្រះ​យេហូវ៉ា ដែល​ពិត​ជា​អស្ចារ្យ​មែន គឺ៖ កាល​ណា​ទ្រង់​អត់​ទោស​ឲ្យ ទ្រង់​ក៏​បំភ្លេច​ចោល​ដែរ!

«ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ»

១២. ពេល​ដែល​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​បំភ្លេច​បាប​យើង តើ​នេះ​មាន​ន័យ​ថា​ទ្រង់​មិន​អាច​នឹក​ចាំ​បាន​ឬ ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​ឆ្លើយ​ដូច្នេះ?

១២ តាម​រយ:ព្យាការី​យេរេមា ព្រះ​យេហូវ៉ា​បាន​សន្យា​ចំពោះ​ពួក​អ្នក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ថា៖ «ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ»។ (យេរេមា ៣១:៣៤) តើ​នេះ​មាន​ន័យ​ថា ពេល​ព្រះ​យេហូវ៉ា​អត់​ទោស ទ្រង់​មិន​អាច​នឹក​ចាំ​បាប​នោះ​ទៀត​ឬ? មិន​មែន​ដូច្នេះ​ទេ។ ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​បាប​របស់​មនុស្ស​ជា​ច្រើន ដែល​ព្រះ​យេហូវ៉ា​បាន​អត់​ទោស​ឲ្យ រួម​ទាំង​បាប​របស់​ដាវីឌ។ (សាំយូអែល​ទី​២ ១១:១​-​១៧; ១២:១​-​១៣) ព្រះ​យេហូវ៉ា​នៅ​តែ​ដឹង​អំពី​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត ហើយយើង​ដូច្នោះ​ដែរ។ ប្រវត្ដិ​នៃ​បាប​របស់​គេ រួម​ទាំង​ប្រវត្ដិ​នៃ​ការ​ប្រែ​ចិត្ត​របស់​គេ ហើយ​ការ​អត់​ទោស​ពី​ព្រះ ត្រូវ​បាន​រក្សា​ទុក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (រ៉ូម ១៥:៤) អញ្ចឹង តើ​ព្រះ​គម្ពីរ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ចែង​ថា ព្រះ​យេហូវ៉ា «លែង​នឹក​ចាំ» បាប​របស់​បុគ្គល​ណា​ដែល​ទ្រង់​អត់​ទោស​ឲ្យ​នោះ?

១៣. (ក) កិរិយាសព្ទ​ហេព្រើរ​ដែល​ប្រែ​ថា «នឹក​ចាំ» នេះ​រួម​បញ្ចូល​ន័យ​អ្វី​ខ្លះ? (ខ) ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា «[ទ្រង់]នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ» ទ្រង់​ចង់​ឲ្យ​យើង​ដឹង​អ្វី?

១៣ កិរិយាសព្ទ​ហេព្រើរ​ដែល​ប្រែ​ថា «នឹក​ចាំ» មាន​ន័យ​ច្រើន គឺ​មិន​គ្រាន់​តែ​នឹក​ចាំ​ពី​អតីតកាល​ប៉ុណ្ណោះ។ យោង​ទៅ​តាម វចនានុក្រម​សាសន​វិទ្យា​នៃ​គម្ពីរ​សញ្ញា​ចាស់ ឃ្លា​នេះ​រួម​បញ្ចូល «អត្ថន័យ​នៃ​ការ​ចាត់​វិធានការ​ត្រឹម​ត្រូវ​ណា​មួយ»។ ដូច្នេះ នៅ​ក្នុង​បទ​នេះ ការ«នឹក​ចាំ»បាប ទាក់​ទង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួក​អ្នក​ធ្វើ​បាប។ នៅ​ពេល​ដែល​ព្យាការី​ហូសេ​មាន​ប្រសាសន៍​អំពី​ពួក​អ៊ីស្រាអែល​ដ៏​វៀច​វេរ​ថា «ទ្រង់[យេហូវ៉ា]នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ» គាត់​ចង់​បាន​សេចក្ដី​ថា ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួក​គេ​ដោយ​ព្រោះ​គេ​ឥត​កែ​ប្រែ​ចិត្ត​គំនិត។ ដូច្នេះ​នេះ​ហើយ​បាន​ជា​នៅ​ចុង​បទ​នោះ​ចែង​ថា៖ «ហើយ[ទ្រង់]នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ»។ (ហូសេ ៩:៩) ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា «[ទ្រង់]នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ» ទ្រង់​ចង់​ឲ្យ​យើង​ដឹង​ថា កាល​ណា​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ធ្វើ​បាប​ដែល​ប្រែ​ចិត្ត​ណា​ម្នាក់​ហើយ នោះ​ទ្រង់​នឹង​មិន​ប្រព្រឹត្ត​ប្រឆាំង​នឹង​បុគ្គល​នោះ​ចំពោះ​អំពើ​បាប​ដដែល​នៅ​គ្រា​អនាគត​ណា​ទៀត​ឡើយ។ (អេសេគាល ១៨:២១, ២២) ដូច្នេះ ទ្រង់​នឹង​បំភ្លេច​បាប​យើង​ចោល ក្នុង​ន័យ​ថា ទ្រង់​នឹង​មិន​រំឭក​ប្រាប់​ពី​បាប​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ចោទ ឬ​ធ្វើ​ទណ្ឌកម្ម​ដល់​យើង​ជា​និច្ច​នោះ​ឡើយ។ ត្រង់​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​គំរូ​ដ៏​អស្ចារ្យ​សំរាប់​យើង ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត។ កាល​ណា​មាន​បញ្ហា​ចោទ​ឡើង ជា​ការ​ល្អ​បើ​មិន​រំឭក​នឹក​ចាំ​ពី​កំហុស​នៅ​អតីតកាល ដែល​អ្នក​សុខ​ចិត្ត​បំភ្លេច​ចោល​ទៅ​ហើយ​នោះ។

ចុះ​កម្មផល​នៃ​បាប​យើង​យ៉ាង​ណា​ដែរ?

១៤. ហេតុ​អ្វី​ក៏​ការ​អត់​ទោស​មិន​មាន​ន័យ​ថា​អ្នក​ធ្វើ​បាប​ដែល​បាន​ប្រែ​ចិត្ត បាន​រួច​ពី​កម្មផល​នៃ​ដំណើរ​ខុស​របស់​ខ្លួន?

១៤ តើ​ព្រះ​យេហូវ៉ា​បំរុង​តែ​អត់​ទោស​នោះ មាន​ន័យ​ថា អ្នក​ធ្វើ​បាប​ដែល​ប្រែ​ចិត្ត​បាន​រួច​ពី​កម្មផល​ទាំង​អស់​នៃ​ដំណើរ​ខុស​របស់​គាត់​ឬ? អត់​ទេ។ យើង​មិន​អាច​ជៀស​ផុត​ពី​កម្មផល​នៃ​បាប​បាន​ឡើយ។ ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ»។ (កាឡាទី ៦:៧) យើង​អាច​ជួប​ប្រទះ​កម្មផល​ណា​មួយ​នៃ​បញ្ហា​របស់​យើង តែ​បន្ទាប់​ពី​បាន​អត់​ទោស​ឲ្យ​ហើយ ព្រះ​យេហូវ៉ា​មិន​បណ្ដាល​ឲ្យ​អន្តរាយ​ធ្លាក់​មក​លើ​យើង​ឡើយ។ កាល​ណា​កើត​មាន​បញ្ហា គ្រីស្ទាន​មិន​គួរ​មាន​គំនិត​ដូច្នេះ​ឡើយ គឺ ‹ប្រហែល​ជា​ព្រះ​យេហូវ៉ា​ដាក់​ទណ្ឌកម្ម​ខ្ញុំ​ចំពោះ​អំពើ​បាប​មុន​ៗ​ហើយ›។ (ប្រៀប​ធៀប យ៉ាកុប ១:១៣) ម្យ៉ាង​វិញ​ទៀត ព្រះ​យេហូវ៉ា​មិន​ការ​ពារ​យើង​ពី​កម្មផល​នៃ​អំពើ​ខុស​របស់​យើង​ទេ។ ការ​លែង​លះ​គ្នា ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន រោគ​កាម​ឆ្លង ការ​បាត់​បង់​សេចក្ដី​គោរព—ទាំង​អស់​នេះ​ហើយ​អាច​ជា​កម្មផល​នៃ​បាប ហើយ​ព្រះ​យេហូវ៉ា​នឹង​មិន​ការ​ពារ​យើង​ពី​កម្មផល​នេះ​ឡើយ។ នៅ​ចាំ​ទេ ថ្វី​បើ​ព្រះ​យេហូវ៉ា​បាន​អត់​ទោស​ឲ្យ​ដាវីឌ ចំពោះ​បាប​ដែល​លោក​បាន​ប្រព្រឹត្ត​ជា​មួយ​នាង​បាតសេបា​និង​អ៊ូរី ទ្រង់​មិន​បាន​ការ​ពារ​ដាវីឌ​ពី​កម្មផល​ដ៏​អន្តរាយ​ដែល​នឹង​ធ្លាក់​មក​លើ​លោក​ឡើយ។—សាំយូអែល​ទី​២ ១២:៩​-​១៤

១៥, ១៦. តើ​ក្រិត្យ​វិន័យ​ដែល​បាន​កត់​ទុក​ក្នុង​លេវីវិន័យ ៦:១​-​៧ ផ្ដល់​ផល​ប្រយោជន៍​ដល់​ជន​រង​គ្រោះ​ផង​និង​អ្នក​ធ្វើ​ទោស​ផង​យ៉ាង​ដូច​ម្ដេច?

១៥ អំពើ​បាប​យើង​អាច​មាន​កម្មផល​ផ្សេង​ទៀត​ដែរ។ ឧទាហរណ៍ សូម​ពិចារណា​មើល​រឿង​ក្នុង​លេវីវិន័យ ជំពូក ៦។ នៅ​កន្លែង​នេះ ក្រិត្យ​វិន័យ​ម៉ូសេ​សម្ដែង​ប្រាប់​ពី​ស្ថានការណ៍​ដែល​បុគ្គល​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​យ៉ាង​ធ្ងន់ ដោយ​ចាប់​យក​ទ្រព្យ​សម្បត្ដិ​នៃ​ជន​អ៊ីស្រាអែល​គ្នា​ឯង តាម​រយ:ការ​លួច​ប្លន់ ការ​គំរាម​កំហែង​យក ឬ​លួច​បន្លំ។ បន្ទាប់​មក អ្នក​ទោស​នោះ​បដិសេធ​ទោស​របស់​ខ្លួន ថែម​ទាំង​ហ៊ាន​ស្បថ​ដោយ​ខុស​ទៀត។ នេះ​ជា​ករណី​ដែល​ពាក្យ​សំដី​ម្នាក់​ទល់​ម្នាក់ ឥត​មាន​ភស្តុ​តាង​ណា​ទៀត។ ក្រោយ​មក អ្នក​ទោស​កើត​ទុក្ខ​ជា​ខ្លាំង​ក្នុង​មនសិការ ហើយ​សារភាព​ប្រាប់​បាប​របស់​គាត់។ ដើម្បី​ឲ្យ​ព្រះ​អត់​ទោស​ឲ្យ គាត់​ត្រូវ​តែ​ធ្វើ​អ្វី​បី​យ៉ាង​ទៀត៖ ត្រូវ​យក​ទ្រព្យ​សម្បត្ដិ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ បង់​ពិន័យ​ដល់​ជន​រង​គ្រោះ​នូវ​២០​ភាគ​រយ ហើយ​ថ្វាយ​ចៀម​ឈ្មោល​ជា​ដង្វាយ​សំរាប់​អំពើ​រំលង។ បន្ទាប់​មក ក្រិត្យ​វិន័យ​ចែង​ថា៖ «ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស»។—លេវីវិន័យ ៦:១​-​៧; ប្រៀប​ធៀប ម៉ាថាយ ៥:២៣, ២៤

១៦ ក្រិត្យ​វិន័យ​នេះ​ជា​ការ​ផ្ដល់​ដ៏​មេត្ដា​ធម៌​ពី​ព្រះ។ វា​ផ្ដល់​ឲ្យ​ប្រយោជន៍​ដល់​ជន​រង​គ្រោះ​ដែល​បាន​ទទួល​ទ្រព្យ​សម្បត្ដិ​ខ្លួន​វិញ ហើយ​គាត់​ច្បាស់​ជា​ធូរ​ចិត្ត​ពេល​ដែល​អ្នក​ជាប់​ទោស​សារភាព​បាប​របស់​ខ្លួន​នៅ​ទី​បំផុត​នោះ។ នៅ​ពេល​ដំណាល​គ្នា​នេះ ក្រិត្យ​នេះ​ក៏​ផ្ដល់​ផល​ប្រយោជន៍​ដល់​ជន​ដែល​មនសិការ​ខ្លួន​បាន​ជំរុញ​ឲ្យ​គាត់​សារភាព​កំហុស​របស់​គាត់​នៅ​ទី​បំផុត ហើយ​បាន​កែ​ផ្លូវ​របស់​គាត់។ បើ​គាត់​មិន​ព្រម​ធ្វើ​ដូច្នេះ​ទេ គាត់​មុខ​ជា​មិន​បាន​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ឡើយ។

១៧. នៅ​ពេល​ដែល​អ្នក​ដទៃ​ឈឺ​ចាប់​ដោយ​សារ​បាប​យើង តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

១៧ ថ្វី​បើ​យើង​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ​ក្ដី នេះ​ឲ្យ​យើង​ឃើញ​ធ្លុះ​ដល់​សតិ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ទស្សនៈ​របស់​ទ្រង់​ចំពោះ​ការ​អត់​ទោស។ (កូល៉ុស ២:១៣, ១៤) នៅ​ពេល​អ្នក​ដទៃ​ឈឺ​ចាប់ ឬ​រង​គ្រោះ​ដោយ​បាប​របស់​យើង ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ បើ​យើង​ខំ​ប្រឹង​កែ​ប្រែ​ផ្លូវ​ខុស​របស់​យើង។ (កូរិនថូស​ទី​២ ៧:១១) ការ​នេះ​តម្រូវ​ឲ្យ​យើង​ទទួល​ស្គាល់​បាប​របស់​យើង សារភាព​កំហុស​យើង ហើយ​ថែម​ទាំង​សុំ​ទោស​ពី​ជន​រង​គ្រោះ​ផង។ ដោយ​ធ្វើ​ដូច្នេះ ទើប​យើង​អាច​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា​ដោយ​សំអាង​លើ​មូលដ្ឋាន​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ហើយ​ពិសោធ​មនសិការ​ស្អាត​ស្អំ ហើយ​ដឹង​ថា​ព្រះ​បាន​អត់​ទោស​ឲ្យ​យើង​ហើយ។—ហេព្រើរ ១០:២១, ២២

១៨. តើ​មាន​ការ​ប្រដែ​ប្រដៅ​អ្វី​ខ្លះ​ជា​មួយ​នឹង​ការ​អត់​ទោស​ពី​ព្រះ​យេហូវ៉ា​នោះ?

១៨ ដូច​ឪពុក​ម្ដាយ​ដ៏​មាន​សេចក្ដី​ស្រឡាញ់​ឯ​ទៀត​ដែរ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​ការ​អត់​ទោស​ព្រម​ទាំង​ការ​ប្រដែ​ប្រដៅ​ខ្លះ។ (សុភាសិត ៣:១១, ១២) ចំពោះ​អំពើ​ខុស​ខ្លាំង គ្រីស្ទាន​ដែល​ប្រែ​ចិត្ត​អាច​បាត់​បង់​ឯកសិទ្ធិ​នៃ​ការ​បំរើ​ជា​អ្នក​ចាស់​ទុំ អ្នក​ងារ​ជំនួយ ឬ អ្នក​ត្រួស​ត្រាយ។ នេះ​អាច​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ក្នុង​ការ​បាត់​បង់​ឯកសិទ្ធិ​ទាំង​នេះ​មួយ​រយ:ពេល ដែល​ជា​អ្វី​ដ៏​មាន​តម្លៃ​ចំពោះ​គាត់។ ប៉ុន្តែ ការ​ប្រដែ​ប្រដៅ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា គាត់​លែង​មាន​ការ​អនុគ្រោះ​ពី​ព្រះ​យេហូវ៉ា ឬ ព្រះ​យេហូវ៉ា​ឈប់​ឲ្យ​ការ​អត់​ទោស​ដល់​គាត់​ទៀត​នោះ​ឡើយ។ បន្ថែម​ទៅ​ទៀត យើង​ត្រូវ​តែ​ចាំ​ថា​ការ​ប្រដែ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា ជា​ភស្តុ​តាង​បញ្ជាក់​ថា​ទ្រង់​ស្រឡាញ់​យើង។ ការ​ទទួល​យក​ហើយ​អនុវត្ត​តាម​ការ​ប្រដៅ​នោះ​ជា​ផល​ប្រយោជន៍​ដល់​យើង ហើយ​អាច​នាំ​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ផង។—ហេព្រើរ ១២:៥​-​១១

១៩, ២០. (ក) បើ​អ្នក​បាន​ធ្វើ​ខុស ហេតុ​អ្វី​ក៏​មិន​គួរ​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​ឆ្ងាយ​ពី​សេចក្ដី​មេត្ដា​ធម៌​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​រឿង​អ្វី?

១៩ យើង​ធូរ​ចិត្ត​ណាស់​ដោយ​ដឹង​ថា​យើង​បំរើ​ព្រះ​ដែល«បំរុង​តែ​នឹង​អត់​ទោស»! ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​ឃើញ​បាប​និង​កំហុស​របស់​យើង​ប៉ុណ្ណោះ​ទេ។ (ទំនុកដំកើង ១៣០:៣, ៤) ទ្រង់​ជ្រាប​ពី​អ្វី​ៗ​នៅ​ក្នុង​ចិត្ត​យើង។ បើ​អ្នក​មាន​អារម្មណ៍​ថា​ចិត្ត​របស់​អ្នក​គឺ​ខ្ទេច​ខ្ទាំ​អស់​ហើយ​ដោយ​ព្រោះ​តែ​ការ​ធ្វើ​ខុស​ពី​មុន សូម​អ្នក​កុំ​សន្និដ្ឋាន​ថា​ខ្លួន​នៅ​ឆ្ងាយ​ពី​សេចក្ដី​មេត្ដា​ធម៌​របស់​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ ថ្វី​បើ​អ្នក​ធ្វើ​ខុស​យ៉ាង​ណា​ក្ដី បើ​អ្នក​ពិត​ជា​ប្រែ​ចិត្ត ចាត់​វិធានការ​កែ​តម្រូវ​ផ្លូវ​ខុស​នោះ ហើយ​ខំ​ប្រឹង​អធិស្ឋាន​សុំ​ការ​អត់​ទោស​ពី​ព្រះ​យេហូវ៉ា​ទៅ​លើ​មូលដ្ឋាន​នៃ​លោហិត​របស់​ព្រះ​យេស៊ូ នោះ​អ្នក​អាច​ជឿ​ជាក់​ក្នុង​ចិត្ត​ថា ពាក្យ​នៅ​យ៉ូហាន​ទី​១ ១:៩ សំដៅ​ចំពោះ​អ្នក​ជា​មិន​ខាន គឺ​ថា៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។

២០ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​ត្រាប់​តាម​ការ​អត់​ទោស​នៃ​ព្រះ​យេហូវ៉ា ពេល​យើង​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ តើ​យើង​ត្រូវ​អត់​ទោស​ហើយ​បំភ្លេច​ចោល​ទោស​នោះ​ដល់​កំរិត​ណា​ទៅ ពេល​អ្នក​ដទៃ​ធ្វើ​បាប​ប្រឆាំង​នឹង​យើង? រឿង​នេះ​នឹង​ត្រូវ​ពិគ្រោះ​នៅ​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ពាក្យ​ហេព្រើរ​ដែល​ប្រែ​ថា«រូប​កាយ​របស់​យើង» គឺ​បាន​ប្រើ​ដែល​ស្តី​អំពី​ភាជនៈ​ដី​ឥដ្ឋ​ដែល​សូន​ធ្វើ​ដោយ​ជាង​ស្មូន។—អេសាយ ២៩:១៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា «ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»?

◻ តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា អំពី​ភាព​ពេញ​លេញ​នៃ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា?

◻ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស តើ​ទ្រង់​បំភ្លេច​ទោស​នោះ​ក្នុង​ន័យ​យ៉ាង​ណា?

◻ តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី នៅ​ពេល​ដែល​អ្នក​ដទៃ​បាន​ឈឺ​ចាប់​ដោយ​សារ​បាប​យើង?

[រូប​ភាព​នៅ​ទំព័រ​១២]

កាល​ណា​អ្នក​ដទៃ​បាន​ឈឺ​ចាប់​ដោយ​សារ​បាប​យើង ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​កែ​សម្រួល​វិញ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក