បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w22 មិថុនា ទំ. ២-៧
  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស
  • ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដ៏​ល្អ​ឯក​ក្នុង​ការ​អភ័យ​ទោស
  • តើ​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ណា?
  • ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក
  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
w22 មិថុនា ទំ. ២-៧

អត្ថបទ​សិក្សា ២៤

ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស

​«​ឱ​ព្រះ​យេហូវ៉ា លោក​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស។ លោក​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​ហៅ​រក​លោក​»។—ចសព. ៨៦:៥

ចម្រៀង​លេខ​៤២ សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ព្រះ

សេចក្ដី​សង្ខេបa

១. តើ​យើង​រៀន​អ្វី​ពី​ពាក្យ​របស់​ស្ដេច​សាឡូម៉ូន​នៅ​អ្នក​ទូន្មាន ៧:២០?

ស្ដេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​នៅ​ផែនដី គ្មាន​មនុស្ស​សុចរិត​ណា​ម្នាក់​ដែល​តែង​តែ​ធ្វើ​ល្អ​ជា​និច្ច ហើយ​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​»។ (​អទ. ៧:២០​) ពាក្យ​នេះ​គឺ​ពិត​មែន! យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង។ (​១យ៉ូន. ១:៨​) ដូច្នេះ យើង​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​ព្រះ និង​អ្នក​ឯ​ទៀត។

២. តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មិត្ត​ជិត​ស្និទ្ធ​អភ័យ​ទោស​ឲ្យ​យើង?

២ អ្នក​ច្បាស់​ជា​នឹក​ចាំ​អំពី​ពេល​មួយ​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ឈឺ​ចិត្ត។ អ្នក​ចង់​ដោះ​ស្រាយ​បញ្ហា​នោះ ហើយ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ឡើង​វិញ ដូច្នេះ​អ្នក​បាន​សុំ​ទោស​គាត់​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មិត្ត​របស់​អ្នក​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ? តើ​អ្នក​ធូរ​ចិត្ត​ឬ? អ្នក​ទំនង​ជា​ធូរ​ចិត្ត ហើយ​ក៏​សប្បាយ​ចិត្ត​ផង​ដែរ!

៣. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​យើង។ ប៉ុន្តែ​ជួន​កាល យើង​នឹង​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ឈឺ​ចិត្ត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​យើង? តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា និង​ការ​អភ័យ​ទោស​ពី​យើង? តើ​អ្នក​ណា​អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ?

ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស

៤. ហេតុ​អ្វី​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស?

៤ បណ្ដាំ​របស់​ព្រះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស។ ពេល​លោក​រៀប​រាប់​អំពី​ខ្លួន​លោក​ដល់​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ទេវតា​មួយ​រូប​ថា​៖ ​«​យេហូវ៉ា យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ។ លោក​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​ពិត​ជា​បរិបូរ។ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​មនុស្ស​រាប់​ពាន់​ជំនាន់។ លោក​ថែម​ទាំង​អភ័យ​ទោស​កំហុស និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង​»។ (​ដច. ៣៤:៦, ៧​) ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បុរស​និង​សេចក្ដី​មេត្តា​ករុណា។ លោក​តែង​តែ​បម្រុង​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។—នេហ. ៩:១៧; ចសព. ៨៦:១៥

នៅក្បែរបងស្រីម្នាក់ មានពាក្យពីចម្រៀងសរសើរព្រះ ១០៣:១៣, ១៤ដែលថា៖«លោកដឹងច្បាស់អំពីរបៀបដែលយើងបានត្រូវបង្កើត»។ នៅជុំវិញគាត់មានរូបថតអំពីបទពិសោធន៍របស់គាត់តាំងពីក្មេងមក។

ព្រះ​យេហូវ៉ា​ដឹង​អ្វី​ទាំង​អស់​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង ដែល​បាន​ជះ​ឥទ្ធិពល​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង (​សូម​មើល​វគ្គ​៥​)

៥. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១០៣:១៣, ១៤ តើ​ការ​ដឹង​ច្បាស់​អំពី​មនុស្សជាតិ​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី?

៥ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង លោក​ដឹង​គ្រប់​សព្វ​អំពី​យើង។ សូម​គិត​ទៅ​មើល! លោក​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​បុគ្គល​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ។ (​ចសព. ១៣៩:​១៥​-​១៧​) ដូច្នេះ លោក​អាច​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​ដែល​យើង​បាន​ទទួល​ពី​ឪពុក​ម្ដាយ។ លោក​ថែម​ទាំង​ដឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង ដែល​បាន​ជះ​ឥទ្ធិពល​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង។ តើ​ការ​ដឹង​ច្បាស់​ដូច​នេះ​អំពី​មនុស្សជាតិ​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី? គឺ​ជំរុញ​ចិត្ត​លោក​ឲ្យ​ប្រព្រឹត្ត​ដោយ​មេត្តា​ករុណា​ចំពោះ​យើង។—ចសព. ៧៨:​៣៩; សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:​១៣, ១៤

៦. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ចង់​អភ័យ​ទោស​ឲ្យ​យើង?

៦ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ចង់​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ លោក​យល់​ថា​ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​របស់​អាដាម​ដែល​ជា​មនុស្ស​ដំបូង យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង ហើយ​ត្រូវ​ស្លាប់។ (​រ៉ូម ៥:១២​) គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រំដោះ​ខ្លួន​ឯង​ឬ​អ្នក​ឯ​ទៀត​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ឡើយ។ (​ចសព. ៤៩:៧​-​៩​) ប៉ុន្តែ ព្រះ​ដែល​ស្រឡាញ់​យើង​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា និង​បាន​ធ្វើ​អ្វី​មួយ​ដើម្បី​រំដោះ​យើង។ តើ​លោក​បាន​ធ្វើ​អ្វី? ដូច​យ៉ូហាន ៣:១៦​បង្ហាញ ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​ស្លាប់​ដើម្បី​យើង។ (​ម៉ាថ. ២០:២៨; រ៉ូម ៥:១៩​) លោក​យេស៊ូ​បាន​ស្លាប់​ជំនួស​យើង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក។ (​ហេ. ២:៩​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ពេល​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​យ៉ាង​អាម៉ាស់! ពិត​ណាស់ ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​ស្លាប់​ទេ បើ​លោក​មិន​ចង់​អភ័យ​ទោស​ឲ្យ​យើង។

៧. តើ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ខ្លះ​ក្នុង​គម្ពីរ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ?

៧ គម្ពីរ​ពេញ​ទៅ​ដោយ​គំរូ​របស់​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ (​អេភ. ៤:៣២​) តើ​អ្នក​អាច​នឹក​ឃើញ​អំពី​អ្នក​ណា​ខ្លះ? ប្រហែល​ជា​អ្នក​គិត​អំពី​ស្ដេច​ម៉ាណាសេ។ បុរស​ដ៏​អាក្រក់​នេះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទាស់​នឹង​ព្រះ​យេហូវ៉ា។ គាត់​បាន​នាំ​មុខ​ក្នុង​ការ​គោរព​បូជា​ព្រះ​មិន​ពិត។ គាត់​បាន​សម្លាប់​កូន​ខ្លួន​ឯង ដើម្បី​ជូន​ជា​គ្រឿង​បូជា​ទៅ​ព្រះ​មិន​ពិត។ គាត់​ថែម​ទាំង​បាន​យក​រូប​ចម្លាក់​ព្រះ​មិន​ពិត​ទៅ​ដាក់​ក្នុង​វិហារ​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​អំពី​គាត់​ថា​៖ ​«​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹង​ជា​ខ្លាំង​»។ (​២ប្រ. ៣៣:២​-​៧​) ប៉ុន្តែ ពេល​ម៉ាណាសេ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ លោក​ថែម​ទាំង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ម្ដង​ទៀត។ (​២ប្រ. ៣៣:១២, ១៣​) ប្រហែល​ជា​អ្នក​ក៏​នឹក​ឃើញ​ដែរ​អំពី​ស្ដេច​ដាវីឌ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទាស់​នឹង​ព្រះ​យេហូវ៉ា ដែល​រួម​មាន​ការ​ផិត​ក្បត់ និង​អំពើ​ឃាតកម្ម។ ប៉ុន្តែ ពេល​ដាវីឌ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (​២សាំ. ១២:៩, ១០, ១៣, ១៤​) មែន​ហើយ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត ដូច​ដែល​យើង​នឹង​ឃើញ ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​នឹង​ការ​អភ័យ​ទោស​របស់​មនុស្សជាតិ។

ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដ៏​ល្អ​ឯក​ក្នុង​ការ​អភ័យ​ទោស

៨. តើ​ការ​ដែល​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ល្អ​ឯក ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​អភ័យ​ទោស​របស់​លោក?

៨ ព្រះ​យេហូវ៉ា​ជា​«​ចៅ​ក្រម​នៃ​ផែនដី​»។ (​ដក. ១៨:២៥​) តាម​ធម្មតា ចៅ​ក្រម​ល្អ​ត្រូវ​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​ច្បាប់។ ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​របស់​យើង ហើយ​លោក​យល់​ទាំង​ស្រុង​អំពី​ច្បាប់ ដោយ​សារ​លោក​ក៏​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​ដែរ។ (​អេ. ៣៣:២២​) គ្មាន​អ្នក​ណា​ដឹង​អំពី​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ​ដូច​ព្រះ​យេហូវ៉ា​ឡើយ។ តើ​ចៅ​ក្រម​ល្អ​ត្រូវ​ការ​អ្វី​ទៀត? គាត់​ត្រូវ​ដឹង​ព័ត៌មាន​ទាំង​អស់​ក្នុង​រឿង​ក្ដី​ណា​មួយ មុន​ដែល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត។ ដូច្នេះ ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ល្អ​បំផុត ដោយ​សារ​លោក​តែង​តែ​ដឹង​ព័ត៌មាន​ទាំង​អស់។

៩. តើ​ព្រះ​យេហូវ៉ា​ដឹង​ព័ត៌មាន​អ្វី​ខ្លះ ពេល​លោក​សម្រេច​ចិត្ត​ថា​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស?

៩ ខុស​ពី​ចៅ​ក្រម​ដែល​ជា​មនុស្ស ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​ព័ត៌មាន​ទាំង​អស់​ក្នុង​គ្រប់​រឿង​ក្ដី​នីមួយ​ៗ។ (​ដក. ១៨:២០, ២១; ចសព. ៩០:៨​) ចៅ​ក្រម​ជា​មនុស្ស​វិនិច្ឆ័យ​ក្ដី​តាម​តែ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ឬ​ស្ដាប់​ឮ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា​មិន​មែន​ដូច្នេះ​ទេ។ លោក​យល់​ទាំង​ស្រុង​ថា​បុគ្គលិក​លក្ខណៈ គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដែល​ទទួល​ពី​ឪពុក​ម្ដាយ ការ​អប់រំ មជ្ឈដ្ឋាន​រស់​នៅ ព្រម​ទាំង​ផ្លូវ​ចិត្ត​ឬ​សតិ​អារម្មណ៍​របស់​បុគ្គល​ណា​ម្នាក់​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ។ ព្រះ​យេហូវ៉ា​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស។ លោក​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​ធ្វើ​អ្វី​ណា​មួយ។ គ្មាន​អ្វី​អាច​លាក់​បាំង​ពី​ព្រះ​យេហូវ៉ា​ឡើយ។ (​ហេ. ៤:​១៣​) យ៉ាង​នេះ ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​ស្ថានភាព​ណា​មួយ។

នៅក្បែរជួរភ្នំមួយ មានពាក្យពីការបំភ្លឺច្បាប់ ៣២:៤ដែលថា៖«លោកជាថ្មដា កិច្ចការរបស់លោកគឺល្អឥតខ្ចោះ»។

ព្រះ​យេហូវ៉ា​យុត្តិធម៌ និង​មិន​លម្អៀង។ លោក​មិន​អាច​ទទួល​សំណូក​បាន​ទេ។ (​សូម​មើល​វគ្គ​១០​)

១០. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​យុត្តិធម៌? (​ការ​បំភ្លឺ​ច្បាប់ ៣២:៤​)

១០ ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​យុត្តិធម៌។ លោក​មិន​លម្អៀង​ទាល់​តែ​សោះ។ ព្រះ​យេហូវ៉ា​មិន​ដែល​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់​ដោយ​សារ​គាត់​ស្អាត​សង្ហា ជា​អ្នក​មាន មាន​មុខ​មាន​មាត់ ឬ​មាន​ទេព​កោសល្យ​ច្រើន​ឡើយ។ (​១សាំ. ១៦:៧; យ៉ា. ២:១​-​៤​) គ្មាន​អ្នក​ណា​អាច​បង្ខិត​បង្ខំ ឬ​ឲ្យ​សំណូក​ព្រះ​យេហូវ៉ា​បាន​ទេ។ (​២ប្រ. ១៩:៧​) ការ​សម្រេច​ចិត្ត​របស់​លោក​មិន​មែន​ដោយ​សារ​លោក​ធុញ​ទ្រាន់​ទេ។ លោក​ក៏​មិន​មែន​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​តែ​អារម្មណ៍​ប៉ុណ្ណោះ​ដែរ។ (​ដច. ៣៤:៧​) ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ល្អ​បំផុត ដោយ​សារ​លោក​យល់​អ្វី​ៗ​ទាំង​អស់​អំពី​យើង​និង​ស្ថានភាព​របស់​យើង។—សូម​អាន ការ​បំភ្លឺ​ច្បាប់ ៣២:៤

១១. ហេតុ​អ្វី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឯក?

១១ អ្នក​សរសេរ​បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ទទួល​ស្គាល់​ថា​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឯក។ ក្នុង​ករណី​ខ្លះ ពួក​គេ​បាន​ប្រើ​ពាក្យ​ភាសា​ហេប្រឺ ដែល​ឯកសារ​យោង​មួយ​ពន្យល់​ថា ពាក្យ​នោះ​«​បាន​ត្រូវ​ប្រើ​សម្រាប់​តែ​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ពាក្យ​នោះ​មិន​ដែល​ប្រើ​ដើម្បី​រៀប​រាប់​អំពី​របៀប​មនុស្សម្នាក់​អភ័យ​ទោស​ឲ្យ​មនុស្ស​ម្នាក់​ទៀត​នោះ​ទេ ដោយ​សារ​ការ​អភ័យ​ទោស​របស់​មនុស្ស​មាន​កម្រិត​»។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​មាន​សមត្ថភាព​អភ័យ​ទោស​ទាំង​ស្រុង​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។ តើ​មាន​លទ្ធផល​អ្វី​ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

១២​-​១៣. (​ក​) តើ​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ទទួល​អ្វី? (​ខ​) តើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​យូរ​យ៉ាង​ណា?

១២ ពេល​យើង​ព្រម​ទទួល​យក​ការ​ពិត​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង យើង​មាន​«​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»​ ដែល​រួម​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ ការ​អភ័យ​ទោស​បែប​នេះ​មិន​អាច​មក​ពី​មនុស្ស​ទេ តែ​ត្រូវ​មក​ពី​«​ព្រះ​យេហូវ៉ា​»។ (​សកម្ម. ៣:១៩​) ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​ម្ដង​ទៀត ហើយ​លោក​ចាត់​ទុក​ថា​គឺ​ហាក់​ដូច​ជា​យើង​មិន​ដែល​ធ្វើ​ខុស។

១៣ ក្រោយ​ពី​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​នឹង​មិន​ចោទ​ប្រកាន់​យើង ឬ​ដាក់​ទោស​យើង​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ​ម្ដង​ទៀត​ទេ។ (​អេ. ៤៣:២៥; យេ. ៣១:៣៤​) ព្រះ​យេហូវ៉ា​ដក​អំពើ​ខុស​ឆ្គង​របស់​យើង​ឲ្យ​ចេញ​ឆ្ងាយ ​«​ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​»។b (​ចសព. ១០៣:១២​) ពេល​យើង​រំពឹង​គិត​អំពី​ការ​អភ័យ​ទោស​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា យើង​ពេញ​ទៅ​ដោយ​ចិត្ត​កតញ្ញូ ហើយ​គោរព​កោត​ខ្លាច​លោក។ (​ចសព. ១៣០:៤​) ប៉ុន្តែ តើ​អ្នក​ណា​អាច​ទទួល​ការ​អភ័យ​ទោស​នេះ​ពី​ព្រះ​យេហូវ៉ា?

តើ​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ណា?

១៤. មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ម្នាក់?

១៤ យើង​បាន​រៀន​ថា​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​មិន​ផ្អែក​លើ​អំពើ​ខុស​ឆ្គង​ស្រាល​ឬ​ធ្ងន់​ឡើយ។ យើង​ក៏​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​ប្រើ​ចំណេះ​ដឹង​របស់​លោក​ជា​អ្នក​បង្កើត​យើង ជា​អ្នក​តែង​ច្បាប់ និង​ជា​ចៅ​ក្រម ពេល​ដែល​លោក​សម្រេច​ចិត្ត​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់​ឬ​យ៉ាង​ណា។ តើ​ព្រះ​យេហូវ៉ា​គិត​ពិចារណា​អំពី​កត្តា​អ្វី​ខ្លះ មុន​លោក​សម្រេច​ចិត្ត​ថា​លោក​នឹង​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់?

១៥. យោង​ទៅ​តាម​លូកា ១២:៤៧, ៤៨ តើ​ព្រះ​យេហូវ៉ា​គិត​ពិចារណា​អំពី​កត្តា​អ្វី?

១៥ កត្តា​មួយ​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា​គឺ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ដឹង​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ​គឺ​ខុស​ឬ​យ៉ាង​ណា។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​នៅ​លូកា ១២:៤៧, ៤៨។ (​សូម​អាន​) ពេល​បុគ្គល​ម្នាក់​គ្រោង​ធ្វើ​អ្វី​ណា​មួយ​ដែល​គាត់​ដឹង​ថា​អាក្រក់ ហើយ​ថា​ព្រះ​មិន​ពេញ​ចិត្ត តែ​គាត់​នៅ​តែ​ធ្វើ នោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ យ៉ាង​នេះ ព្រះ​យេហូវ៉ាប្រហែល​ជា​សម្រេច​ចិត្ត​មិន​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ​ទេ។ (​ម៉ាក. ៣:២៩; យ៉ូន. ៩:៤១​) ប៉ុន្តែ យើង​ត្រូវ​សារភាព​ថា ជួន​កាល​យើង​ដឹង​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​ខុស។ បើ​ដូច្នេះ តើ​យើង​អាច​សង្ឃឹម​ថា​យើង​នឹង​ទទួល​ការ​អភ័យ​ទោស​ឬ​ទេ? គឺ​អាច! នេះ​នាំ​ឲ្យ​យើង​ទៅ​ដល់​កត្តា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា។

នៅក្បែរបងប្រុសម្នាក់មានពាក្យពីអេសាយ ៥៥:៧ដែលថា៖«លោកនឹងអភ័យទោសឲ្យជាបរិបូរ»។ នៅរូបខាងក្រោយ គាត់កើតទុក្ខនិងធ្លាក់ទឹកចិត្ត។ រីឯនៅរូបខាងមុខ គាត់សប្បាយនិងមានទំនុកចិត្ត។

យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង​ពេល​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ (​សូម​មើល​វគ្គ​១៦​-​១៧​)

១៦. តើ​ការ​ប្រែ​ចិត្ត​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

១៦ កត្តា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា​គឺ​ថា តើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​យ៉ាង​ណា។ តើ​ការ​ប្រែ​ចិត្ត​មាន​ន័យ​អ្វី? គឺ​មាន​ន័យ​ថា ​«​ផ្លាស់​ប្ដូរ​គំនិត ទស្សនៈ ឬ​គោល​បំណង​»។ នេះ​រួម​បញ្ចូល​អារម្មណ៍​ស្ដាយ​ក្រោយ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​បុគ្គល​ណា​ម្នាក់​មាន ចំពោះ​អ្វី​អាក្រក់​ដែល​គាត់​បាន​ធ្វើ ឬ​ចំពោះ​ការ​មិន​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​គាត់​គួរ​ធ្វើ។ បុគ្គល​ដែល​ប្រែ​ចិត្ត មិន​គ្រាន់​តែ​កើត​ទុក្ខ​ចំពោះ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ រហូត​ដល់​គាត់​ធ្វើ​អ្វី​ដែល​ខុស​ទាំង​នោះ។ សូម​ចាំ​ថា​ទាំង​ស្ដេច​ម៉ាណាសេ ទាំង​ស្ដេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ពួក​គាត់​ដោយ​សារ​ពួក​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ (​១បស. ១៤:៨​) មែន​ហើយ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លុះ​ត្រា​តែ​លោក​ឃើញ​ថា​យើង​បាន​ប្រែ​ចិត្ត។ ប៉ុន្តែ ការ​គ្រាន់​តែ​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​ត្រូវ​ប្រុង​ប្រៀប​ចាត់​វិធានការ​ដែរ។c នេះ​គឺ​ជា​កត្តា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា។

១៧. តើ​ការ​វិល​មក​វិញ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ខុស​ដូច​ពី​មុន? (​អេសាយ ៥៥:៧​)

១៧ កត្តា​សំខាន់​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា គឺ​ការ​វិល​មក​វិញ។ និយាយ​ឲ្យ​ចំ​ទៅ បុគ្គល​ម្នាក់​ត្រូវ​លះ​ចោល​អំពើ​អាក្រក់ ហើយ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។ (​សូម​អាន អេសាយ ៥៥:៧​) បុគ្គល​នោះ​ត្រូវ​កែ​ប្រែ​គំនិត​របស់​គាត់ ដើម្បី​ឲ្យ​របៀប​គិត​គូរ​របស់​ព្រះ​ដឹក​នាំ​គាត់។ (​រ៉ូម ១២:២; អេភ. ៤:២៣​) គាត់​ត្រូវ​តាំង​ចិត្ត​លះ​ចោល​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​គាត់​ពី​មុន។ (​កូឡ. ៣:៧​-​១០​) មូលដ្ឋាន​ពិត​ប្រាកដ​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង និង​សម្អាត​យើង​ពី​ការ​ខុស​ឆ្គង គឺ​ជំនឿ​របស់​យើង​ទៅ​លើ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត។ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ​នោះ ពេល​ដែល​លោក​ឃើញ​ថា​យើង​ខំ​ប្រឹង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​យើង​យ៉ាង​ស្មោះ។—១យ៉ូន. ១:៧

ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក

១៨. តើ​យើង​បាន​ពិចារណា​អ្វី​ខ្លះ​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?

១៨ សូម​យើង​គិត​ឡើង​វិញ​យ៉ាង​ខ្លី​អំពី​ចំណុច​សំខាន់​ខ្លះ​ដែល​យើង​បាន​ពិចារណា។ ព្រះ​យេហូវ៉ា​ជា​អ្នក​អភ័យ​ទោស​ប្រសើរ​បំផុត​ក្នុង​សកល​លោក។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ទី​១ លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​ជា​និច្ច។ ទី​២ លោក​ដឹង​អ្វី​ទាំង​អស់​អំពី​យើង។ លោក​ដឹង​ច្បាស់​ជាង​គេ​ថា​យើង​ប្រែ​ចិត្ត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា។ ទី​៣ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង ហើយ​ចំពោះ​លោក​គឺ​ហាក់​ដូច​ជា​យើង​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ទាល់​តែ​សោះ។ នេះ​អនុញ្ញាត​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស និង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។

១៩. ហេតុ​អ្វី​យើង​អាច​អរ​សប្បាយ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​ចេះ​ធ្វើ​ខុស​ក្ដី?

១៩ ដរាប​ណា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដរាប​នោះ​យើង​នឹង​បន្ដ​ធ្វើ​ខុស។ ប៉ុន្តែ យើង​អាច​ទទួល​ការ​សម្រាលទុក្ខ​ពី​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​ក្នុង​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅនឹង​បទ​គម្ពីរ​ជា​ភាសា​អង់គ្លេស ក្បាល​ទី​២ ទំព័រ​៧៧១​ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ចិត្ត​មេត្តា​ករុណា ហើយ​លោក​ដឹង​ថា​អ្នក​បម្រើ​លោក​គឺ​ទន់​ខ្សោយ។ ដូច្នេះ ពួក​គេ​មិន​ចាំ​បាច់​សោក​ស្ដាយ​គ្រប់​ពេល​វេលា​ទេ ដោយ​សារ​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ធ្វើ​ខុស។ (​ចសព. ១០៣:៨​-​១៤; ១៣០:៣​) បើ​ពួក​គេ​កំពុង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត ពួក​គេ​អាច​អរ​សប្បាយ។ (​ភី. ៤:៤​-​៦; ១​យ៉ូន. ៣:១៩​-​២២​)​»។ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ខ្លាំង​ណាស់!

២០. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

២០ យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​យើង ពេល​ដែល​យើង​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត។ ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​អភ័យ​ទោស? តើ​ការ​អភ័យ​ទោស​របស់​យើង​និង​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា ហើយ​ខុស​គ្នា​យ៉ាង​ណា? ហេតុ​អ្វី​ការ​យល់​អំពី​ភាព​ខុស​គ្នា​នេះ​គឺ​សំខាន់? នៅ​អត្ថបទ​បន្ទាប់​យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

តើ​អ្នក​បាន​រៀន​អ្វី​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ពី . . .

  • ចម្រៀង​សរសើរ​ព្រះ ១០៣:១៣, ១៤?

  • ការ​បំភ្លឺ​ច្បាប់ ៣២:៤?

  • អេសាយ ៥៥:៧?

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

a ក្នុង​បណ្ដាំ​របស់​លោក ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​មិន​សម​នឹង​ទទួល​ការ​អភ័យ​ទោស​ពី​លោក​ទេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា ព្រះ​របស់​យើង​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​យើង​ជា​និច្ច​ពេល​ដែល​យើង​ស្ដាយ​ក្រោយ​យ៉ាង​ស្មោះ​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។

b សូម​មើល​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ជំ.២៦ វ.៩។

c ការ​ពន្យល់​ពាក្យ​៖ ការ​«​ប្រែ​ចិត្ត​»​ សំដៅ​លើ​ការ​កែ​ប្រែ​គំនិត ទាំង​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​របៀប​រស់​នៅ​ពី​មុន ឬ​សោក​ស្ដាយ​កំហុស ឬ​សោក​ស្ដាយ​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​គួរ​ធ្វើ។ ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​ថា​ខ្លួន​ពិត​ជា​បាន​ឈប់​ធ្វើ​អំពើ​នោះ​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក