បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១២ ទំ. ៤-៧
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្រោះ​ថ្នាក់​នៃ​គតិ​ដែល​មិន​អត់​ឱន​ទោស
  • ការ​រៀន​អត់​ឱន​ទោស
  • ការ​ព្យាយាម​រក​ការ​ថ្លឹង​ថ្លែង
  • ផល​ប្រយោជន៍​ពី​ការ​អត់​ឱន​ទោស
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១២ ទំ. ៤-៧

ហេតុ​អ្វី​ក៏​ត្រូវ​អត់​ឱន​ទោស?

សាសន៍​យូដា​ម្នាក់​ឈ្មោះ ចូ​សែ​ប ចេកុប ដែល​ជា​វិជ្ជាករ​និង​អ្នក​និពន្ធ​ម្នាក់ នៅ​ពេល​មួយ​បាន​ពិពណ៌នា​អំពី​ការ​អត់​ឱន​ទោស​ជា«ជា​មេ​រៀន​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​ហើយ​ពិបាក​ជាង​គេ​បំផុត»។ មែន​ហើយ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ពាក្យ«ខ្ញុំ​អត់​ឱន​ទោស​ឲ្យ​អ្នក»ជា​ការ​ពិបាក​នឹង​និយាយ​ណាស់។

ការ​អត់​ឱន​ទោស ហាក់​ដូច​ជា​ប្រាក់​អញ្ចឹង។ យើង​អាច​ចំណាយ​ដ៏​ទូលំ​ទូលាយ​និង​ដោយ​ចិត្ត​មេត្ដា​ដល់​អ្នក​ដទៃ ឬ​ក៏​យើង​អាច​គរ​លាក់​ទុក​យ៉ាង​កំណាញ់​សំរាប់​តែ​ខ្លួន​ឯង។ ការ​ចំណាយ​ដ៏​ទូលំ​ទូលាយ​និង​ដោយ​ចិត្ត​មេត្ដា​ជា​វិធី​របស់​ព្រះ។ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ចំណាយ​ជា​បរិបូរ ចំពោះ​ការ​អត់​ឱន​ទោស។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​ពី​ព្រោះ​គំនិត​ចង​គំនុំ និង​គំនិត​ឥត​ចេះ​អត់​ឱន​ទោស​អាច​ធ្វើ​ឲ្យ​រឿង​រឹត​តែ​ពិបាក​ឡើង។

មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «ខ្ញុំ​មិន​ខឹង​ទេ តែ​ខ្ញុំ​នឹង​សង​សឹក​ឲ្យ​រួច​គ្នា​វិញ»! គួរ​ឲ្យ​ស្ដាយ​ណាស់ ចំពោះ​មនុស្ស​ជា​ច្រើន នេះ​ហើយ​ជា​គោល​ការណ៍​ដែល​ដឹក​នាំ​ជីវិត​របស់​គេ​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​បាន​បដិសេធ​មិន​ព្រម​និយាយ​ជា​មួយ​បង​ថ្លៃ​ស្រី រហូត​ដល់​ប្រាំ​ពីរ​ឆ្នាំ ពី​ព្រោះ​ស្ត្រី​នេះ​និយាយ​ថា៖ «គាត់​បាន​ប្រព្រឹត្ត​អំពើ​មិន​ប្រពៃ​នឹង​ខ្ញុំ​ច្រើន​ណាស់ ហើយ​ខ្ញុំ​មិន​ដែល​មាន​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់​ទេ»។ ប៉ុន្តែ​ការ​មិន​និយាយ​រក​គ្នា​បែប​នេះ កាល​ណា​ប្រើ​ជា​គម្នាស់​ដើម្បី​នឹង​គាស់​យក​ការ​សុំ​ទោស​ពី​អ្នក​ជាប់​ចោទ ឬ​ក៏​ប្រើ​ជា​អាវុធ​ដើម្បី​នឹង​ដាក់​ទោស គឺ​កម្រ​នឹង​ស្កប់​ចិត្ត​អ្នក​ដែល​ចង់​សង​សឹក​នោះ​ណាស់។ ផ្ទុយ​ទៅ​វិញ នេះ​គ្រាន់​តែ​ពន្យា​វាទប្បដិវាទ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ដំណើរ​ចង​កំហឹង​លូត​លាស់​កាន់​តែ​ធំ​ឡើង។ បើ​មិន​កំចាត់​ការ​ឈឺ​ចិត្ត​នឹង​គ្នា​ដោយ​ឥត​ឈប់​ឈរ​នេះ​ទេ សេចក្ដី​សង​សឹក​ដែល​មិន​អាច​ទប់​បាន អាច​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​នឹង​គ្នា ព្រម​ទាំង​សុខភាព​របស់​ខ្លួន​ផង។

គ្រោះ​ថ្នាក់​នៃ​គតិ​ដែល​មិន​អត់​ឱន​ទោស

នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មិន​សុខ​ចិត្ត​អត់​ឱន​ទោស លទ្ធផល​នៃ​ការ​ប្រឆាំង​គ្នា​នេះ​ធ្វើ​ឲ្យ​មាន​ចិត្ត​តាន​តឹង។ រួច​ចិត្ត​តាន​តឹង​នេះ​ក៏​អាចនាំ​ឲ្យ​មាន​ជម្ងឺ​ដ៏​ធ្ងន់។ វេជ្ជបណ្ឌិត វីលលាម សែតលើ​បាន​សរសេរ​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​អាច​យល់​ដឹង​ច្បាស់​លាស់​ដូច​វេជ្ជបណ្ឌិត​ខាង​វិជ្ជា​ពេទ្យ​ឡើយ ចំពោះ​រោគ​និង​ទុក្ខ​វេទនា​របស់​មនុស្ស​ជា​ច្រើន គឺ​ជា​លទ្ធផល​នៃ​ការ​ព្រួយ​បារម្ភ សេចក្ដី​ខ្លាច និង​ការ​ប្រឆាំង​គ្នា . . . និង​ពី​គំនិត​មិន​សម​រម្យ​ហើយ​ការ​រស់​នៅ​មិន​ស្អាត​បាត»។ បើ​ដូច្នេះ តើ​ការ​ជ្រួល​ច្របល់​ខាង​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​កម្រិត​ណា​ទៅ? សៀវភៅ​ខាង​វិជ្ជា​ពេទ្យ​មួយ​បាន​ឆ្លើយ​ថា៖ «ស្ថិតិ​លេខ . . . បាន​ចង្អុល​ប្រាប់​ថា​ពីរ​ភាគ​បី​នៃ​អ្នក​ជម្ងឺ ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ មាន​រោគ​លក្ខណៈ​ដែល​បណ្ដាល​មក​ពី ឬ​ត្រូវ​ធ្វើ​ឲ្យ​ធ្ងន់​ឡើង​ដោយ​ការ​តាន​តឹង​ចិត្ត»។

ពិត​មែន​ហើយ ការ​មាន​ចិត្ត​ជូរ​ចត់ ការ​អាក់​អន់​ចិត្ត និង​គំនុំ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មែន។ មនោសញ្ចេតនា​នេះ ប្រៀប​ដូច​ជា​ច្រេះ​ដែល​កាត់​តួ​ឡាន​បន្ដិច​ម្ដង​ៗ។ តួ​ឡាន​ខាង​ក្រៅ​ប្រហែល​ដូច​ជា​ល្អ ប៉ុន្តែ​នៅ​ខាង​ក្រោម​ពណ៌​នោះ គឺ​មាន​ដំណើរ​ដ៏​ហិនហោច​មួយ​ដែល​កំពុង​តែ​កើត​ឡើង។

អ្វី​សំខាន់​ទៅ​ទៀត​នោះ បើ​យើង​មិន​សុខ​ចិត្ត​អត់​ឱន​ទោស​ឲ្យ​ទេ នៅ​ពេល​ដែល​មាន​មូលដ្ឋាន​សំរាប់​សេចក្ដី​មេត្ដា នោះ​ក៏​អាច​ធ្វើ​យើង​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ដែរ។ នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា យើង​អាច​ប្រៀប​ដូច​ជា​អ្នក​បំរើ​ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ​វ។ អ្នក​បំរើ​នោះ​ត្រូវ​បាន​ចៅហ្វាយ​របស់​គាត់​អត់​ឱន​ទោស​ឲ្យ​ចំពោះ​បំណុល​ដ៏​ធំ​សម្បើម។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បំរើ​ដូច​គាត់​បាន​អង្វរ​គាត់​ឲ្យ​អត់​ឱន​ទោស​ចំពោះ​បំណុល​ដ៏​តិច​តួច​បំផុត​នោះ គាត់​មាន​ចិត្ត​យ៉ាង​ឃោរ​ឃៅ​ហើយ​មិន​សុខ​ចិត្ត​អត់​ឱន​ទោស​ឲ្យ​ទៅ​វិញ។ ព្រះ​យេស៊ូ​វ​បាន​ពន្យល់​យ៉ាង​ច្បាស់​ថា បើ​សិន​ជា​យើង​មិន​សុខ​ចិត្ត​អត់​ឱន​ទោស​ទេ ព្រះ​យេហូវ៉ា​ក៏​មិន​អត់​ឱន​ទោស​ឲ្យ​យើង​ចំពោះ​អំពើ​បាប​យើង​ដែរ។ (ម៉ាថាយ ១៨:២១​-​៣៥) ដូច្នេះ បើ​យើង​មិន​សុខ​ចិត្ត​អត់​ឱន​ទោស យើង​អាច​បាត់​បង់​មនសិការៈ​ដ៏​ជ្រះ​ថ្លា​របស់​យើង​នៅ​ពី​មុខ​ព្រះ ហើយ​ព្រម​ទាំង​បាត់​បង់​សេចក្ដី​សង្ឃឹម​នៅ​អនាគត​ផង! (ប្រៀប​ធៀប ធីម៉ូថេ​ទី​២ ១:៣) បើ​អញ្ចឹង តើ​យើង​អាច​ធ្វើ​អ្វី?

ការ​រៀន​អត់​ឱន​ទោស

ការ​អត់​ឱន​ទោស​ពិត​ញ៉ាំង​មក​ពី​ចិត្ត។ នេះ​គឺ​ទាក់​ទង​ក្នុង​ការ​អត់​ទោស​ដល់​កំហុស​របស់​អ្នក​ទោស ហើយ​លះ​បង់​ចោល​ចំណង់​ណា​ដែល​ចង់​សង​សឹក។ ដូច្នេះ នៅ​ទី​បំផុត​យុត្ដិធម៌​និង​ការ​សង​សឹក​គឺ​បាន​ទុក​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា។—រ៉ូម ១២:១៩

យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​កត់​សម្គាល់​ថា ដោយ​សារ​តែ«ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង» ចិត្ត​គឺ​មិន​តែង​តែ​ទោរ​ទន់​នឹង​អត់​ឱន​ទោស​ទេ សូម្បី​តែ​នៅ​ពេល​ដែល​ត្រូវ​ធ្វើ​នោះ​ក្ដី។ (យេរេមា ១៧:៩) ព្រះ​យេស៊ូ​វ​អង្គ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង​ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ»។—ម៉ាថាយ ១៥:១៩

ជា​ការ​ដ៏​មាន​អំណរ​គុណ​ណាស់ ពី​ព្រោះ​យើង​អាច​អប់រំ​ចិត្ត​របស់​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​បាន។ ប៉ុន្តែ ការ​អប់រំ​ចិត្ត​ដែល​យើង​ត្រូវ​ការ​នោះ គឺ​ត្រូវ​តែ​មក​ពី​ប្រភព​ដ៏​ខ្ពស់​មួយ។ យើង​មិន​អាច​អប់រំ​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ទេ។ (យេរេមា ១០:២៣) អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ព្រះ​បាន​បណ្ដាល​មក​នោះ បាន​ទទួល​ស្គាល់​អំពី​រឿង​នេះ ហើយ​ក៏​បាន​អធិស្ឋាន​ទៅ​ព្រះ​សូម​សេចក្ដី​ណែនាំ។ គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិស្ឋាន​ថា៖ «សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូល​បង្គំ​ផង សូម​ឲ្យ​ទូល​បង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់»។—ទំនុកដំកើង ១១៩:២៦, ២៧

យោង​ទៅ​តាម​ទំនុកដំកើង​មួយ​ទៀត ស្តេច​ដាវីឌ​នៃ​សាសន៍​អ៊ីស្រាអែល​សម័យ​បុរាណ បាន«យល់​អំពី​ផ្លូវ»របស់​ព្រះ​យេហូវ៉ា។ ទ្រង់​បាន​ពិសោធ​ផ្ទាល់​ហើយ​បាន​រៀន​ពី​ការ​នេះ។ ដូច្នេះ​ហើយ ទ្រង់​អាច​មាន​បន្ទូល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ»។—ទំនុកដំកើង ១០៣:៨, ១៣

យើង​ក៏​ត្រូវ​រៀន​ធ្វើ​ដូច​ស្តេច​ដាវីឌ​ដែរ។ តាម​សេចក្ដី​អធិស្ឋាន យើង​ត្រូវ​សិក្សា​អំពី​គំរូ​នៃ​ការ​អត់​ឱន​ទោស​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ ព្រម​ទាំង​ពី​បុត្រ​របស់​ទ្រង់​ផង។ ដូច្នេះ យើង​អាច​រៀន​ចេះ​អត់​ឱន​ទោស​ពី​ចិត្ត។

ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា៖ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​នោះ? តើ​អំពើ​បាប​ទាំង​អស់​ត្រូវ​អត់​ឱន​ទោស​ឲ្យ​ដែរ​ឬ?

ការ​ព្យាយាម​រក​ការ​ថ្លឹង​ថ្លែង

នៅ​ពេល​បុគ្គល​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ដ៏​ធ្ងន់​ធ្ងរ ការ​ឈឺ​ចាប់​អាច​មាន​ជា​អតិ​បដិមា។ ជា​ពិសេស បើ​យើង​ជា​និរទោស​រង​គ្រោះ​នៃ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​នោះ។ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹តើ​ឲ្យ​ខ្ញុំ​អាច​អត់​ឱន​ទោស​ដល់​អ្នក​ណា​ម្នាក់​ដែល​បាន​ក្បត់​យ៉ាង​សាហាវ និង​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​យ៉ាង​ណា​បាន›? ក្នុង​ករណី​នៃ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ដែល​សម​គួរ​នឹង​បណ្ដាច់​មិត្តភាព​នោះ អ្នក​រង​គ្រោះ​ប្រហែល​ត្រូវ​អនុវត្ត​ឱវាទ​ព្រះ​គម្ពីរ​នៅ​ម៉ាថាយ ១៨:១៥​-​១៧។

ក្នុង​ករណី​ណា​ក្ដី នេះ​គឺ​ស្រេច​ទៅ​លើ​អ្នក​ទោស​ទាំង​ស្រុង។ តាំង​ពី​ការ​ប្រព្រឹត្ត​មិន​ប្រពៃ​មក តើ​បុគ្គល​នោះ​បង្ហាញ​ឲ្យ​ឃើញ​សញ្ញា​ប្រែ​ចិត្ត​ដ៏​ស្មោះ​ទេ? តើ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នោះ​ផ្លាស់​ប្ដូរ​ហើយ​ឬ​នៅ ឬ​ខំ​ព្យាយាម​កែ​សម្រួល​ជា​ពិត​ប្រាកដ​ណា​ទេ? នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា ការ​ប្រែ​ចិត្ត​បែប​នេះ ជា​កត្ដា​ក្នុង​ការ​អត់​ឱន​ទោស សូម្បី​តែ​នៅ​ក្នុង​ករណី​បាប​ដ៏​ធ្ងន់​ក៏​ដោយ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស​ឲ្យ​ស្តេច​ម៉ាន៉ាសេ ដែល​ជា​ស្តេច​ដ៏​អាក្រក់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល។ តើ​ទៅ​លើ​មូលដ្ឋាន​អ្វី? ព្រះ​ទ្រង់​បាន​ធ្វើ​ដូច្នេះ ពី​ព្រោះ​នៅ​ទី​បំផុត​ស្តេច​ម៉ាន៉ាសេ​បាន​បន្ទាប​ខ្លួន ហើយ​បាន​ប្រែ​ចិត្ត​ពី​ផ្លូវ​អប្រិយ​របស់​ទ្រង់។—របាក្សត្រ​ទី​២ ៣៣:១២, ១៣

នៅ​ក្នុង​ព្រះ​គម្ពីរ ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ស្មោះ​ពី​ចិត្ត​នូវ​អាកប្បកិរិយា គឺ​ការ​សោក​ស្ដាយ​ពី​ចិត្ត​ទៅ​លើ​អ្វី​ៗ​ដែល​បាន​ប្រព្រឹត្ត​មិន​ប្រពៃ។ នៅ​ទី​ណា​ដែល​សម​គួរ​ហើយ​អាច​ធ្វើ​បាន ការ​ប្រែ​ចិត្ត​គឺ​ទាក់​ទង​នឹង​ការ​ខ្នះ​ខ្នែង​រក​សំណង​ឲ្យ​អ្នក​ដែល​រង​គ្រោះ​នៃ​អំពើ​បាប​នោះ។ (លូកា ១៩:៧​-​១០; កូរិនថូស​ទី​២ ៧:១១) បើ​កាល​ណា​មិន​មាន​ការ​ប្រែ​ចិត្ត​ដូច្នេះ​ទេ ព្រះ​យេហូវ៉ា​នឹង​មិន​អត់​ឱន​ទោស​ឲ្យ​យើង​ឡើយ។a ម្យ៉ាង​ទៀត​នោះ ព្រះ​អង្គ​មិន​ចង់​ឲ្យ​យើង​អត់​ឱន​ទោស​ដល់​អ្នក​ណា​ដែល​ពី​ដើម​បាន​បំភ្លឺ​ខាង​វិញ្ញាណ ប៉ុន្តែ​ឥឡូវ​នេះ​ប្រព្រឹត្ត​អំពើ​មិន​ប្រពៃ​ដោយ​ចេតនា ហើយ​មិន​ចង់​ប្រែ​ចិត្ត​វិញ​នោះ។ (ហេព្រើរ ១០:២៦​-​៣១) ក្នុង​ករណី​ដ៏​ធ្ងន់​ធ្ងរ​នេះ ការ​អត់​ឱន​ទោស​គឺ​មិន​សម​ហេតុ​សម​ផល​ទេ។—ទំនុកដំកើង ១៣៩:២១, ២២; អេសេគាល ១៨:៣០​-​៣២

ទោះ​ជា​ការ​អត់​ឱន​ទោស​អាច​ធ្វើ​ទៅ​បាន​ឬ​មិន​បាន​ក្ដី អ្នក​រង​គ្រោះ​នៃ​អំពើ​បាប​ដ៏​ធ្ងន់​នោះ ប្រហែល​ជា​គួរ​ពិចារណា​នូវ​សំនួរ​មួយ​ទៀត​ថា៖ តើ​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ដោយ​មាន​អារម្មណ៍​ឈឺ​ចាប់​និង​កំហឹង​ដ៏​ខ្លាំង រហូត​ដល់​រឿង​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ពេញ​លេញ​ឬ? សូម​ពិចារណា​នឹង​ឧទាហរណ៍​មួយ។ ស្តេច​ដាវីឌ​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ណាស់ នៅ​ពេល​ឧត្តម​សេ​នី​យ​ឈ្មោះ​យ៉ូអាប់ បាន​សម្លាប់​អ័ប៊ីនើរ និង​អ័ម៉ាសា «មនុស្ស​២​នាក់​ដែល​សុចរិត​ហើយ​ល្អ​ជាង[យ៉ូអាប់]»។ (ពង្សាវតារ​ក្សត្រ​ទី​១ ២:៣២) ស្តេច​ដាវីឌ​បាន​បញ្ចេញ​កំហឹង​ខ្លាំង​របស់​ទ្រង់​តាម​ព្រះ​ឱស្ឋ ហើយ​ច្បាស់​ជា​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ហើយ។ តែ​នៅ​ពេល​ក្រោយ​មក ប្រពលភាព​នៃ​អារម្មណ៍​របស់​ដាវីឌ​ទាំង​ស្រុង​ដូច​ជា​បាន​ស្ងប់​វិញ។ ទ្រង់​មិន​មាន​កំហឹង​ដល់​ថ្ងៃ​ចង់​បញ្ចប់​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​ទេ។ ដាវីឌ​ក៏​បន្ត​ធ្វើ​ការ​ជា​មួយ​យ៉ូអាប់ ប៉ុន្តែ​ទ្រង់​មិន​គ្រាន់​តែ​អត់​ឱន​ទោស​ឲ្យ​ឃាតករ​ដែល​មិន​ប្រែ​ចិត្ត​នេះ ដាវីឌ​បាន​ធានា​រ៉ាប់​រង​យ៉ាង​ណា​ឲ្យ​មាន​យុត្ដិធម៌​បាន​សម្រេច​ឡើង​នៅ​ទី​បញ្ចប់។—សាំយូអែល​ទី​២ ៣:២៨​-​៣៩; ពង្សាវតារ​ក្សត្រ​ទី​១ ២:៥, ៦

ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​និង​ការ​ខ្នះ​ខ្នែង​យូរ​បន្ដិច មុន​នឹង​អ្នក​ដែល​បាន​ឈឺ​ចាប់​ដោយ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ពី​អ្នក​ដទៃ បាន​ផុត​ពី​កំហឹង​របស់​គេ។ ដំណើរ​សះ​ស្បើយ​ប្រហែល​ជា​មាន​ការ​ស្រួល នៅ​ពេល​ដែល​អ្នក​ទោស​ទទួល​ស្គាល់​កំហុស​ហើយ​ប្រែ​ចិត្ត​របស់​គាត់​វិញ។ យ៉ាង​ណា​ក៏​ដោយ និរទោស​ដែល​រង​គ្រោះ​នៃ​អំពើ​បាប អាច​រក​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​ធូរ​ស្បើយ​ខាង​ផ្លូវ​ចិត្ត ដោយ​មាន​ចំណេះ​វិជ្ជា​នៃ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​និង​ប្រាជ្ញា ព្រម​ទាំង​ពី​ក្រុម​ជំនុំ​គ្រីស្ទាន ថ្វី​បើ​ដំណើរ​នៃ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​យ៉ាង​ណា​ក្ដី។

សូម​ទទួល​ស្គាល់​ដែរ នៅ​ពេល​ដែល​អ្នក​អត់​ឱន​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប នេះ​មិន​មាន​សេចក្ដី​ថា​អ្នក​លើក​ទោស​អំពើ​បាប​នោះ​ទេ។ ចំពោះ​ជន​គ្រីស្ទាន ការ​អត់​ឱន​ទោស​ឲ្យ មាន​ន័យ​ថា យើង​ទុក​រឿង​នេះ​នឹង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត។ ទ្រង់​ជា​ចៅ​ក្រម​ដ៏​សុចរិត​នៅ​ក្នុង​សកល​លោក ហើយ​ទ្រង់​នឹង​ចាត់​វិធានការ​រក​យុត្ដិធម៌​នៅ​ពេល​ត្រឹម​ត្រូវ។ រឿង​នោះ​គឺ​រាប់​បញ្ចូល​នឹង​ការ​វិនិច្ឆ័យ​ទោស​ដល់«មនុស្ស​កំផិត ហើយ​មនុស្ស​សហាយស្មន់»ដែល​វៀច​វេរ។—ហេព្រើរ ១៣:៤

ផល​ប្រយោជន៍​ពី​ការ​អត់​ឱន​ទោស

អ្នក​តែង​បទ​ទំនុកដំកើង​ដាវីឌ​បាន​ច្រៀង​ថា៖ «ដ្បិត​ឱ​ព្រះ​អម្ចាស់​អើយ ទ្រង់​ល្អ​ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ទ្រង់»។ (ទំនុកដំកើង ៨៦:៥) ដូច​ព្រះ​យេហូវ៉ា តើ​អ្នក«បំរុង​តែ​នឹង​អត់​ទោស»ទេ? ការ​អត់​ឱន​ទោស​នោះ គឺ​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់។

ទី​មួយ ការ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ។ ព្រះ​គម្ពីរ​ដាស់​តឿន​ជន​គ្រីស្ទាន​ទាំង​ឡាយ​ថា៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។—អេភេសូរ ៤:៣២

ទី​ពីរ ការ​អត់​ឱន​ទោស​នាំ​ឲ្យ​មាន​សន្ដិភាព។ នេះ​គឺ​មិន​គ្រាន់​តែ​មាន​សន្ដិភាព​រវាង​មនុស្ស​គ្នី​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​សន្ដិភាព​នៅ​ខាង​ក្នុង​ខ្លួន​យើង​ផង​ដែរ។—រ៉ូម ១៤:១៩; កូល៉ុស ៣:១៣​-​១៥

ទី​បី ការ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ ជួយ​យើង​ឲ្យ​ចាំ​ថា ខ្លួន​យើង​ផ្ទាល់​ក៏​ត្រូវ​ការ​អត់​ឱន​ទោស​ដែរ។ ត្រូវ​ហើយ«ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។—រ៉ូម ៣:២៣

នៅ​ទី​បំផុត ការ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ អនុញ្ញាត​ឲ្យ​ព្រះ​នឹង​អត់​ឱន​ទោស​ឲ្យ​អំពើ​បាប​របស់​យើង​ដែរ។ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។—ម៉ាថាយ ៦:១៤

សូម​គិត​មើល​ចុះ ព្រះ​យេស៊ូ​វ​ច្បាស់​ជា​មាន​អ្វី​ជា​ច្រើន​ណាស់​ក្នុង​សតិ​របស់​ទ្រង់ នៅ​ថ្ងៃ​រសៀល​នៃ​មរណភាព​របស់​ព្រះ​យេស៊ូ​វ​នោះ។ ទ្រង់​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ កិច្ច​ការ​ផ្សាយ ហើយ​ជា​ពិសេស​គឺ​ការ​ស្មោះ​គ្រប់ល័ក្ខណ៍​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ សូម្បី​តែ​នៅ​ពេល​ដែល​ទ្រង់​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅ​លើ​បង្គោល​ឈើ​នោះ​ក្ដី តើ​ទ្រង់​បាន​មាន​បន្ទូល​អំពី​អ្វី? ក្នុង​ចំណោម​ពាក្យ​ចុង​ក្រោយ​បំផុត​របស់​ទ្រង់​ខ្លះ​នោះ​គឺ «ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង»។ (លូកា ២៣:៣៤) យើង​អាច​ធ្វើ​តម្រាប់​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូ​វ ដោយ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ​អស់​ពី​ចិត្ត។

[កំណត់​សម្គាល់]

a យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​យក​កត្ដា​ឯ​ទៀត​មក​គិត​ទេ នៅ​ពេល​ដែល​សម្រេច​ថា​តើ​នឹង​អត់​ឱន​ទោស​ឲ្យ​នោះ។ ជា​ឧទាហរណ៍ បើ​អ្នក​ប្រព្រឹត្ត​ខុស​ម្នាក់​មិន​ដឹង​នូវ​បមាណីយ​របស់​ព្រះ អវិជ្ជា​បែប​នេះ​អាច​សម្រាល​បន្ទុក​នៃ​ភាព​មាន​ទោស។ នៅ​ពេល​ព្រះ​យេស៊ូ​វ​បាន​សូម​ព្រះ​វរបិតា​ទ្រង់​ឲ្យ​អត់​ឱន​ទោស​ឲ្យ​អ្នក​ប្រហារ​ជីវិត​នោះ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​អំពី​ពួក​ទាហាន​រ៉ូម៉ាំង​ដែល​ធ្វើ​គុត​ទ្រង់។ ពួក​គេ‹មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ›គឺ​ដោយ​មិន​ដឹង​ថា​ទ្រង់​ជា​អ្នក​ណា។ យ៉ាង​ណា​ក៏​ដោយ មេ​ដឹក​នាំ​សាសនា​ដែល​គាំទ្រ​ការ​ប្រហារ​ជីវិត​នោះ មាន​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ​ទៅ​ទៀត—ហើយ​ចំពោះ​ពួក​គេ​ជា​ច្រើន គឺ​មិន​អាច​អត់​ឱន​ទោស​ឲ្យ​បាន​ឡើយ។—យ៉ូហាន ១១:៤៥​-​៥៣; ប្រៀប​ធៀប កិច្ច​ការ ១៧:៣០

[រូប​ភាព​នៅ​ទំព័រ​៥]

តើ​អ្នក​យល់​អំពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​វ​នៃ​អ្នក​បំរើ​ដែល​មិន​សុខ​ចិត្ត​អត់​ឱន​ទោស​ទេ?

[រូប​ភាព​នៅ​ទំព័រ​៧]

ការ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​និង​នាំ​ឲ្យ​មាន​សុភមង្គល

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក