បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៦០ ទំ. ១៤៤-ទំ. ១៤៥ វ. ៧
  • ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការសម្ដែងឲ្យឃើញជាមុននូវសិរីរុងរឿងក្នុងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះគ្រីស្ទ គោលដៅសំខាន់បំផុតនៃទំនាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៦០ ទំ. ១៤៤-ទំ. ១៤៥ វ. ៧
លោកយេស៊ូបានផ្លាស់ប្រែលក្ខណៈក្រៅរបស់លោកនៅចំពោះមុខពេត្រុស យ៉ាកុប និងយ៉ូហាន ហើយម៉ូសេនិងអេលីយ៉ាបានលេចមក

ជំពូក​ទី​៦០

ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​គ្រិស្ត

ម៉ាថាយ ១៦:២៨–១៧:១៣ ម៉ាកុស ៩:១​-​១៣ លូកា ៩:២៧​-​៣៦

  • ការ​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ

  • ពួក​សាវ័ក​ឮ​សំឡេង​របស់​ព្រះ

កាល​ដែល​លោក​យេស៊ូ​កំពុង​បង្រៀន​បណ្ដា​ជន​នៅ​ក្នុង​តំបន់​សេសារៀ​ភីលីព​ដែល​មាន​ចម្ងាយ​២៥​គីឡូ​ម៉ែត្រ​ពី​ភ្នំ​ហឺម៉ុន លោក​បាន​ប្រកាស​អំពី​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​សាវ័ក​ភ្ញាក់​ផ្អើល ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ជា​ស្តេច​ជា​មុន​សិន​»។—ម៉ាថាយ ១៦:២៨

ពួក​សាវ័ក​ប្រាកដ​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ។ ប្រហែល​ជា​មួយ​សប្ដាហ៍​ក្រោយ​មក លោក​យេស៊ូ​បាន​នាំ​សាវ័ក​បី​នាក់​គឺ ពេត្រុស យ៉ាកុប យ៉ូហាន ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​ជា​មួយ​នឹង​លោក។ ពេល​នោះ ទំនង​ជា​ពេល​យប់​ជ្រៅ​ហើយ ពី​ព្រោះ​សាវ័ក​ទាំង​បី​នាក់​ងងុយ​ដេក​រលីវ​ៗ។ រួច​មក កាល​ដែល​លោក​យេស៊ូ​កំពុង​អធិដ្ឋាន លក្ខណៈ​ក្រៅ​របស់​លោក​បាន​ផ្លាស់​ប្រែ​នៅ​ចំពោះ​មុខ​ពួក​សាវ័ក។ នៅ​ពេល​នោះ ពួក​គាត់​បាន​ឃើញ​មុខ​របស់​លោក​យេស៊ូ​បញ្ចេញ​រស្មី​ដូច​ថ្ងៃ ហើយ​សម្លៀក​បំពាក់​របស់​លោក​ចាប់​ផ្ដើម​ភ្លឺ​ត្រចះ​ដូច​ពន្លឺ។

រួច​មក បុរស​ពីរ​នាក់​បាន​លេច​មក។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា​ពួក​គាត់​គឺ​«​ម៉ូសេ​និង​អេលីយ៉ា​»​ ហើយ​ពួក​គាត់​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​អំពី​«​ការ​ចាក​ចេញ​របស់​លោក ដែល​ត្រូវ​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម​»។ (​លូកា ៩:៣០, ៣១​) ការ​ចាក​ចេញ​របស់​លោក​គឺ​សំដៅ​ទៅ​លើ​អ្វី​ដែល​លោក​ទើប​តែ​មាន​ប្រសាសន៍​ថា លោក​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ក្រោយ​មក។ (​ម៉ាថាយ ១៦:២១​) ការ​សន្ទនា​នេះ​បង្ហាញ​ថា​ការ​ស្លាប់​ដ៏​គួរ​ឲ្យ​អាម៉ាស់​មុខ​របស់​លោក​យេស៊ូ មិន​មែន​ជា​អ្វី​ដែល​លោក​ត្រូវ​ខំ​គេច​វេះ​នោះ​ទេ ហើយ​នេះ​គឺ​ខុស​ពី​អ្វី​ដែល​ពេត្រុស​ធ្លាប់​សុំ​លោក​ឲ្យ​ធ្វើ​ពេល​ដែល​គាត់​សុំ​លោក​ឲ្យ​អាណិត​ខ្លួន។

លុះ​ស្វាង​ពី​ដំណេក ពួក​សាវ័ក​មើល​ហើយ​ស្ដាប់​ការ​សន្ទនា​នោះ​ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ នេះ​បាន​ត្រូវ​បើក​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ក្នុង​គំនិត ប៉ុន្តែ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ច្បាស់​ដល់​ម្ល៉េះ​បាន​ជា​ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​រ៉ាប៊ី! យើង​នៅ​ទី​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់! ដូច្នេះ យើង​សុំ​ដំឡើង​ត្រសាល​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​»។ (​ម៉ាកុស ៩:៥​) ប៉ុន្តែ តើ​ពេត្រុស​ចង់​ដំឡើង​ត្រសាល​នៅ​ទី​នោះ​ដើម្បី​ឲ្យ​អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត​បន្ត​មាន​ទៀត​ឬ?

កាល​ដែល​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ មាន​ពពក​ដ៏​ភ្លឺ​មួយ​បាន​មក​គ្រប​បាំង​ពួក​គាត់ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត។ ចូរ​ស្ដាប់​តាម​លោក​»។ ពេល​ឮ​សំឡេង​របស់​ព្រះ ពួក​សាវ័ក​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក្រាប​មុខ​ដល់​ដី ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ក្រោក​ឡើង កុំ​ខ្លាច​ឡើយ​»។ (​ម៉ាថាយ ១៧:៥​-​៧​) នៅ​ពេល​ដែល​ពួក​គាត់​ងើប​មុខ​ឡើង ពួក​គាត់​មិន​បាន​ឃើញ​អ្នក​ណា​ទៀត​ឡើយ​ក្រៅ​ពី​លោក​យេស៊ូ ពី​ព្រោះ​ការ​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​គំនិត​បាន​ចប់​ហើយ។ កាល​មេឃ​ភ្លឺ​ឡើង ពួក​គាត់​ក៏​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ នៅ​តាម​ផ្លូវ​លោក​យេស៊ូ​បាន​បង្គាប់​ពួក​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​អ្វី​ៗ​ទាំង​នេះ ដែល​បាន​ត្រូវ​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​គំនិត​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—ម៉ាថាយ ១៧:៩

ដោយ​សារ​ពួក​សាវ័ក​បាន​ឃើញ​អេលីយ៉ា​លេច​មក​ក្នុង​គំនិត នោះ​បាន​នាំ​ឲ្យ​ពួក​គាត់​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា អេលីយ៉ា​ត្រូវ​មក​មុន?​»។ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​អេលីយ៉ា​បាន​មក​ហើយ តែ​ពួក​គេ​មិន​បាន​ស្គាល់​គាត់​ឡើយ​»។ (​ម៉ាថាយ ១៧:១០​-​១២​) លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ដែល​បាន​បំពេញ​តួនាទី​របស់​គាត់​ស្រដៀង​នឹង​អេលីយ៉ា ពី​ព្រោះ​អេលីយ៉ា​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​អេលីសេ ហើយ​យ៉ូហាន​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​គ្រិស្ត។

ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ​ពិត​ជា​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​យេស៊ូ ហើយ​ពង្រឹង​ជំនឿ​ពួក​សាវ័ក​មែន! ពី​ព្រោះ​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​សិរី​រុង​រឿង​របស់​គ្រិស្ត​ក្នុង​រាជាណាចក្រ​ព្រះ។ យ៉ាង​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​ឃើញ​«​កូន​មនុស្ស​មក​ជា​ស្តេច​»​ ដូច​ដែល​លោក​យេស៊ូ​បាន​សន្យា​មែន។ (​ម៉ាថាយ ១៦:២៨​) ដូច្នេះ កាល​ដែល​នៅ​លើ​ភ្នំ ពួក​សាវ័ក​គឺ​ជា​«​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ភាព​រុង​រឿង​របស់​លោក​»។ ទោះ​បី​ជា​ពួក​ផារិស៊ី​ចង់​ឃើញ​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​គឺ​ពិត​ជា​ស្តេច​ដែល​ព្រះ​បាន​រើស​តាំង​ក៏​ដោយ លោក​មិន​ដែល​បង្ហាញ​សញ្ញា​សម្គាល់​ដល់​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​កាន់​តាម​ជិត​ស្និទ្ធ​ឃើញ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក ហើយ​នេះ​បញ្ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​ស្តី​អំពី​រាជាណាចក្រ​នឹង​កើត​ឡើង​ពិត​មែន។ ហេតុ​នេះ ក្រោយ​មក​ពេត្រុស​អាច​សរសេរ​ថា​៖ ​«​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ទំនាយ​បាន​ត្រូវ​ពង្រឹង​ថែម​ទៀត​»។—ពេត្រុស​ទី២ ១:១៦​-​១៩

  • មុន​ពេល​អ្នក​កាន់​តាម​ខ្លះ​ស្លាប់ តើ​ពួក​គាត់​បាន​ឃើញ​លោក​យេស៊ូ​មក​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

  • ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត តើ​ម៉ូសេ​និង​អេលីយ៉ា​បាន​និយាយ​អ្វី​ជា​មួយ​នឹង​លោក​យេស៊ូ?

  • ហេតុ​អ្វី​ការ​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​គ្រិស្ត ពង្រឹង​ជំនឿ​ពួក​អ្នក​កាន់​តាម​លោក?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក