ជំពូកទី៦
ជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការដ៏សំខាន់
សាវ័កប៉ូលបានសរសេរទៅក្រុមជំនុំនៅក្រុងភីលីពថា៖ «ពីខ្ញុំ ប៉ូល និងធីម៉ូថេ ជាខ្ញុំបម្រើរបស់គ្រិស្តយេស៊ូ ជូនចំពោះពួកអ្នកបរិសុទ្ធទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ ព្រមទាំងពួកអ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើនៅក្រុងភីលីព»។ (ភី. ១:១) សូមកត់សម្គាល់ថាប៉ូលបាននិយាយអំពីជំនួយការខាងកិច្ចបម្រើ។ នៅសម័យប៉ូល បុរសទាំងនោះច្បាស់ជាមានតួនាទីដ៏សំខាន់ ក្នុងការជួយពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ។ នៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ ជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការផ្សេងៗដែលជួយពួកអ្នកចាស់ទុំ និងដែលជួយក្រុមជំនុំឲ្យមានរបៀបរៀបរយ។
២ តើអ្នកស្គាល់ជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំរបស់អ្នកឬទេ? តើអ្នកដឹងអំពីកិច្ចការដែលពួកគាត់ធ្វើ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកនិងក្រុមជំនុំទាំងមូលឬទេ? ព្រះយេហូវ៉ាពិតជាឲ្យតម្លៃទៅលើការខំប្រឹងប្រែងរបស់បុរសទាំងនោះ។ ប៉ូលបានសរសេរថា៖ «បុរសដែលបំពេញកិច្ចបម្រើយ៉ាងល្អប្រសើរទទួលបានកេរ្ដិ៍ឈ្មោះល្អ ហើយអាចនិយាយដោយសេរីអំពីជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ»។—១ធី. ៣:១៣
តម្រូវការក្នុងគម្ពីរសម្រាប់ជំនួយការខាងកិច្ចបម្រើ
៣ ជំនួយការខាងកិច្ចបម្រើត្រូវមានសីលធម៌ល្អក្នុងជីវិតរស់នៅជាគ្រិស្តសាសនិក ត្រូវជាអ្នកដែលអាចទុកចិត្តបាន ហើយត្រូវបង្ហាញថាខ្លួនគាត់អាចបំពេញភារកិច្ចយ៉ាងត្រឹមត្រូវ។ យើងដឹងថាជំនួយការខាងកិច្ចបម្រើត្រូវការគុណសម្បត្តិដូចនេះ ពេលយើងពិចារណាអំពីអ្វីដែលប៉ូលបានសរសេរក្នុងសំបុត្រទៅធីម៉ូថេថា៖ «ជំនួយការខាងកិច្ចបម្រើត្រូវជាមនុស្សនឹងធឹង មិននិយាយសម្ដីពីរ មិនពិសាស្រាច្រើន មិនលោភដោយខំរកប្រយោជន៍ផ្ទាល់ខ្លួនតាមរបៀបមិនទៀងត្រង់ កាន់ខ្ជាប់នឹងអាថ៌កំបាំងដ៏ពិសិដ្ឋនៃជំនឿដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ ម្យ៉ាងទៀត ចូរល្បងមើលអ្នកទាំងនោះឲ្យដឹងថាសមនឹងទទួលឯកសិទ្ធិនេះ ឬក៏មិនសម រួចចូរឲ្យពួកគាត់ធ្វើជាអ្នកបម្រើ ដោយសារពួកគាត់គ្មានកន្លែងចាប់កំហុសបាន។ ជំនួយការខាងកិច្ចបម្រើត្រូវមានប្រពន្ធតែមួយ ហើយដឹកនាំកូននិងពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ»។ (១ធី. ៣:៨-១០, ១២) ការកាន់តាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់នេះសម្រាប់ជំនួយការខាងកិច្ចបម្រើ ជួយការពារក្រុមជំនុំពីការចោទប្រកាន់របស់អ្នកឯទៀតស្ដីអំពីបុរសដែលទទួលភារកិច្ចពិសេស។
៤ ជំនួយការខាងកិច្ចបម្រើចូលរួមកិច្ចផ្សព្វផ្សាយជារៀងរាល់ខែ ទោះជាពួកគាត់មានវ័យក្មេងឬវ័យចាស់ក៏ដោយ។ ពួកគាត់បង្ហាញចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ តាមគំរូរបស់លោកយេស៊ូ។ តាមរយៈចិត្តខ្នះខ្នែងបែបនេះ ពួកគាត់បង្ហាញចិត្តគំនិតដូចព្រះយេហូវ៉ាស្ដីអំពីការសង្គ្រោះមនុស្សជាតិ។—អេ. ៩:៧
៥ បងប្រុសៗដែលជាជំនួយការខាងកិច្ចបម្រើទុកគំរូគួរឲ្យធ្វើតាមក្នុងការស្លៀកពាក់សម្អិតសម្អាងខ្លួន ពាក្យសម្ដី ចិត្តគំនិត និងការប្រព្រឹត្ត។ ពួកគាត់ទទួលការគោរពពីអ្នកឯទៀត ដោយសារពួកគាត់ដឹងខុសត្រូវ។ ជំនួយការខាងកិច្ចបម្រើចាត់ទុកចំណងមិត្តភាពជាមួយព្រះយេហូវ៉ា និងភារកិច្ចរបស់ពួកគាត់នៅក្នុងក្រុមជំនុំ ជាអ្វីដ៏សំខាន់ណាស់។—ទីត. ២:២, ៦-៨
៦ បងប្រុសទាំងនេះបានត្រូវ‹ល្បងមើលឲ្យដឹងថាសមនឹងទទួលឯកសិទ្ធិនេះ ឬក៏មិនសម›។ សូម្បីតែមុនពេលដែលបានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ ពួកគាត់បានបង្ហាញថាពួកគាត់ពិតជាមានរបៀបរស់នៅស្របតាមការប្រគល់ខ្លួនជូនព្រះ។ ម្យ៉ាងទៀត ពួកគាត់បានបង្ហាញថាពួកគាត់ស្វែងរករាជាណាចក្ររបស់ព្រះជាមុនសិនក្នុងជីវិត ហើយចង់រីកចម្រើនដើម្បីទទួលឯកសិទ្ធិផ្សេងៗក្នុងអង្គការព្រះ។ ពិតមែន ពួកគាត់ជាគំរូដែលអ្នកឯទៀតនៅក្នុងក្រុមជំនុំអាចយកតម្រាប់បាន។—១ធី. ៣:១០
របៀបដែលពួកគាត់បម្រើ
៧ ជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការជាច្រើនដើម្បីជាប្រយោជន៍ដល់បងប្អូនក្នុងក្រុមជំនុំ ហើយនេះធ្វើឲ្យពួកអ្នកចាស់ទុំមានពេលច្រើនជាងដើម្បីបង្រៀននិងឃ្វាលក្រុមជំនុំ។ ពេលចាត់ចែងកិច្ចការឲ្យពួកគាត់ ក្រុមអ្នកចាស់ទុំគិតអំពីសមត្ថភាពរបស់ពួកគាត់ម្នាក់ៗ និងសេចក្ដីត្រូវការក្នុងក្រុមជំនុំ។
ជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការជាច្រើន ហើយនេះធ្វើឲ្យពួកអ្នកចាស់ទុំមានពេលច្រើនជាងដើម្បីបង្រៀននិងឃ្វាលក្រុមជំនុំ
៨ សូមគិតអំពីកិច្ចការខ្លះដែលជំនួយការខាងកិច្ចបម្រើបំពេញ។ ឧទាហរណ៍ ជំនួយការខាងកិច្ចបម្រើម្នាក់ប្រហែលជាបានត្រូវចាត់តាំងឲ្យមើលការខុសត្រូវផ្នែកសៀវភៅ ដើម្បីឲ្យយើងអាចទទួលសៀវភៅសម្រាប់ប្រើផ្ទាល់ខ្លួននិងសម្រាប់កិច្ចបម្រើផ្សាយ។ ជំនួយការខាងកិច្ចបម្រើឯទៀតបានត្រូវចាត់តាំងឲ្យមើលការខុសត្រូវផ្នែកគណនេយ្យរបស់ក្រុមជំនុំ ឬមើលការខុសត្រូវឯកសារតំបន់ផ្សាយ។ ពួកគាត់ខ្លះទៀតបានត្រូវចាត់តាំងឲ្យជួយខាងមីក្រូ បញ្ជាឧបករណ៍សំឡេង ធ្វើជាឆ្មាំ ឬជួយអ្នកចាស់ទុំធ្វើកិច្ចការផ្សេងទៀត។ មានកិច្ចការជាច្រើនក្នុងការថែទាំនិងសម្អាតសាលប្រជុំ ដូច្នេះជាញឹកញយជំនួយការខាងកិច្ចបម្រើបានត្រូវសុំឲ្យជួយបំពេញភារកិច្ចនោះ។
៩ នៅក្នុងក្រុមជំនុំខ្លះ ប្រហែលជាមានជំនួយការខាងកិច្ចបម្រើគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចម្នាក់មួយៗ។ រីឯនៅក្រុមជំនុំផ្សេងទៀត ជំនួយការខាងកិច្ចបម្រើម្នាក់ប្រហែលជាត្រូវទទួលខុសត្រូវចំពោះភារកិច្ចជាច្រើន។ ក្នុងករណីខ្លះ ជំនួយការខាងកិច្ចបម្រើមួយចំនួនអាចធ្វើកិច្ចការមួយជាមួយគ្នា។ ប្រសិនបើមិនមានជំនួយការខាងកិច្ចបម្រើគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចទាំងអស់ទេ ក្រុមអ្នកចាស់ទុំអាចសុំឲ្យបងប្រុសឯទៀតធ្វើកិច្ចការដ៏ចាំបាច់នេះ បើបងប្រុសនោះទុកគំរូគួរឲ្យធ្វើតាម ហើយបានទទួលការជ្រមុជទឹករួចហើយ។ ជាលទ្ធផល បងប្រុសទាំងនោះអាចទទួលបានបទពិសោធន៍ដែលនឹងមានប្រយោជន៍នៅថ្ងៃក្រោយ ពេលគាត់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាជំនួយការខាងកិច្ចបម្រើ។ បើគ្មានបងប្រុសដែលអាចជួយបាន ក្រុមអ្នកចាស់ទុំអាចសុំបងស្រីម្នាក់ដែលទុកគំរូគួរឲ្យធ្វើតាមឲ្យជួយធ្វើកិច្ចការខ្លះ តែបងស្រីនោះនឹងមិនត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើទេ។ បុគ្គលដែលទុកគំរូគួរឲ្យធ្វើតាម ជាអ្នកដែលមានការប្រព្រឹត្ត និងរបៀបគោរពប្រណិប័តន៍ព្រះ ដែលអ្នកឯទៀតអាចធ្វើតាម។ គាត់ទុកគំរូល្អក្នុងការចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ ក្នុងក្រុមគ្រួសារ ការកម្សាន្ត និងការស្លៀកពាក់សម្អិតសម្អាងខ្លួនជាដើម។
១០ នៅក្នុងក្រុមជំនុំដែលមានអ្នកចាស់ទុំតិច ពួកអ្នកចាស់ទុំអាចសុំជំនួយការខាងកិច្ចបម្រើដែលមានសមត្ថភាព ឲ្យជួបជាមួយអ្នកដែលចង់ទទួលការជ្រមុជទឹក ដើម្បីសួរសំណួរដែលទាក់ទងនឹងសេចក្ដីបង្រៀនពីគម្ពីរ។ សំណួរនោះមានក្នុងសៀវភៅនេះនៅសេចក្ដីពន្យល់បន្ថែម «ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិត»។ ដោយសារ«ផ្នែកទី២: របៀបរស់នៅជាគ្រិស្តសាសនិកពិត» ទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់អ្នកដែលចង់ទទួលការជ្រមុជទឹក នោះអ្នកចាស់ទុំម្នាក់គួរសួរសំណួរក្នុងផ្នែកនេះ។
១១ ប្រសិនបើមានមូលហេតុត្រឹមត្រូវ ក្រុមអ្នកចាស់ទុំអាចផ្លាស់ប្ដូរភារកិច្ចខ្លះពីជំនួយការខាងកិច្ចបម្រើម្នាក់ទៅម្នាក់ទៀត ហើយបើធ្វើដូច្នេះម្ដងម្កាល នេះអាចមានប្រយោជន៍។ ក៏ប៉ុន្តែ ពិតជាមានប្រយោជន៍បើបងប្អូនប្រុសបន្តធ្វើកិច្ចការដដែលអស់មួយរយៈពេលសិន ដើម្បីពួកគាត់អាចទទួលបានបទពិសោធន៍ និងភាពប៉ិនប្រសប់។
១២ ប្រសិនបើជំនួយការខាងកិច្ចបម្រើម្នាក់កំពុងរីកចម្រើន ហើយ‹មនុស្សទាំងអស់ឃើញថាគាត់មានជំនឿន› នោះពួកអ្នកចាស់ទុំប្រហែលជាអាចប្រគល់ភារកិច្ចផ្សេងទៀតឲ្យគាត់ ប៉ុន្តែនេះអាស្រ័យទៅលើស្ថានភាពក្នុងក្រុមជំនុំ។ (១ធី. ៤:១៥) ប្រសិនបើមិនមានអ្នកចាស់ទុំគ្រប់គ្រាន់ ជំនួយការខាងកិច្ចបម្រើអាចទទួលភារកិច្ចជាជំនួយការអ្នកត្រួតពិនិត្យក្រុម ឬក៏ក្នុងករណីខ្លះគាត់អាចធ្វើជាជំនួយការក្រុម ដោយបំពេញភារកិច្ចនេះក្រោមការពិនិត្យយ៉ាងដិតដល់ពីពួកអ្នកចាស់ទុំ។ ជំនួយការខាងកិច្ចបម្រើក៏អាចទទួលភារកិច្ចថ្លែងសុន្ទរកថាផ្សេងៗនៅកិច្ចប្រជុំកិច្ចបម្រើនិងជីវិត រួមបញ្ចូលដឹកនាំការសិក្សាគម្ពីរជាក្រុមជំនុំបើចាំបាច់ ថែមទាំងថ្លែងសុន្ទរកថាសាធារណៈផងដែរ។ ឯកសិទ្ធិឯទៀតអាចត្រូវប្រគល់ឲ្យជំនួយការខាងកិច្ចបម្រើបើចាំបាច់ និងបើពួកគាត់បំពេញតម្រូវការសម្រាប់ទទួលឯកសិទ្ធិនោះ។ (១ពេ. ៤:១០) ជំនួយការខាងកិច្ចបម្រើគួរជួយពួកអ្នកចាស់ទុំស្ម័គ្រពីចិត្ត។
១៣ ទោះជាកិច្ចការរបស់ជំនួយការខាងកិច្ចបម្រើគឺខុសគ្នាពីកិច្ចការរបស់ពួកអ្នកចាស់ទុំក៏ដោយ ប៉ុន្តែកិច្ចការនោះក៏ជាកិច្ចបម្រើពិសិដ្ឋជូនព្រះដែរ ហើយគឺសំខាន់ដើម្បីជួយឲ្យក្រុមជំនុំមានដំណើរការល្អ។ នៅអនាគត បើជំនួយការខាងកិច្ចបម្រើបំពេញកិច្ចការបានល្អ ហើយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាគង្វាលនិងជាអ្នកបង្រៀន នោះអ្នកចាស់ទុំអាចលើកឈ្មោះគាត់ឲ្យបម្រើជាអ្នកចាស់ទុំ។
១៤ បើអ្នកជាប្អូនប្រុសវ័យជំទង់ ឬបានទទួលការជ្រមុជទឹកថ្មីៗនេះ តើអ្នកកំពុងព្យាយាមរីកចម្រើនដើម្បីឲ្យបានមុខងារជាជំនួយការខាងកិច្ចបម្រើឬទេ? (១ធី. ៣:១) រៀងរាល់ឆ្នាំមនុស្សជាច្រើនរៀនសេចក្ដីពិតហើយចូលក្រុមជំនុំ ដូច្នេះ អង្គការរបស់ព្រះត្រូវការបុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចក្នុងក្រុមជំនុំ។ អ្នកអាចព្យាយាមរីកចម្រើនដើម្បីឲ្យបានមុខងារក្នុងក្រុមជំនុំ ដោយបណ្ដុះឲ្យមានចិត្តចង់ជួយអ្នកឯទៀត។ វិធីមួយដើម្បីមានចិត្តគំនិតដូចនេះ គឺដោយរំពឹងគិតអំពីគំរូដ៏ល្អប្រសើររបស់លោកយេស៊ូ។ (ម៉ាថ. ២០:២៨; យ៉ូន. ៤:៦, ៧; ១៣:៤, ៥) ពេលអ្នកមានអំណរដែលមកពីការឲ្យគេ នោះអ្នកនឹងកាន់តែចង់ជួយអ្នកឯទៀត។ (សកម្ម. ២០:៣៥) ដូច្នេះ សូមស្ម័គ្រចិត្តផ្ដល់ជំនួយដល់អ្នកឯទៀត ជួយថែទាំសាលប្រជុំ ឬថ្លែងសុន្ទរកថាជំនួសសិស្សក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត។ ម្យ៉ាងទៀត អ្នកអាចព្យាយាមរីកចម្រើនដើម្បីឲ្យបានមុខងារ ដោយបណ្ដុះគុណសម្បត្តិផ្សេងៗតាមរយៈការមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួន។ (ទំនុក. ១:១, ២; កាឡ. ៥:២២, ២៣) បន្ថែមទៀត បងប្រុសម្នាក់ដែលព្យាយាមរីកចម្រើនដើម្បីឲ្យបានមុខងារ តែងតែបំពេញភារកិច្ចក្នុងក្រុមជំនុំដោយបង្ហាញថាគាត់ជាមនុស្សដែលគួរឲ្យទុកចិត្ត និងជាមនុស្សស្មោះត្រង់។—១កូ. ៤:២
១៥ ជំនួយការខាងកិច្ចបម្រើបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំ។ បងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំអាចបង្ហាញចិត្តដឹងគុណចំពោះការខំប្រឹងព្យាយាមរបស់ជំនួយការខាងកិច្ចបម្រើ ដោយចេះសហការពេលពួកគាត់បំពេញភារកិច្ច។ ដោយធ្វើដូច្នេះ បងប្អូនក្នុងក្រុមជំនុំនឹងបង្ហាញថា ពួកគេឲ្យតម្លៃចំពោះអ្វីដែលព្រះយេហូវ៉ាបានរៀបចំដើម្បីឲ្យក្រុមជំនុំមានសណ្ដាប់ធ្នាប់។—កាឡ. ៦:១០