ពួកអ្នកងារជំនួយធ្វើកិច្ចបំរើដ៏មានតម្លៃ
១ សៀវភៅ បានរៀបចំ ដើម្បីសម្រេចកិច្ចបំរើរបស់យើង (ភាសាអង់គ្លេស) នៅទំព័រ៥៧ បានស្តីពីពួកអ្នកងារជំនួយដោយថា៖ «ពួកគេបានសម្ដែងខ្លួនជាបុរសដែលពិតជាបានថ្វាយខ្លួន និងដែលមានសេចក្ដីជំនឿបានត្រូវសម្ដែងដោយកិច្ចបំរើដ៏ឧស្សាហ៍ខាងព្រះរាជាណាចក្រ ហើយក្នុងការជួយអ្នកដទៃឲ្យបានមាំមួនខាងវិញ្ញាណ»។ ពិតមែនហើយ គំរូខាងវិញ្ញាណដែលពួកអ្នកងារជំនួយរបស់យើងស្ថាបនានោះ គឺជាអ្វីដែលគួរត្រាប់តាម។ ដោយការរួមធ្វើការជាមួយពួកគេហើយនិងពួកអ្នកចាស់ទុំ «នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់»។—អេភេសូរ ៤:១៦
២ ពួកអ្នកងារជំនួយមានមុខងារដ៏សំខាន់ៗក្នុងក្រុមជំនុំ។ សូមគិតអំពីកិច្ចបំរើដ៏មានតម្លៃទាំងប៉ុន្មានរបស់ពួកគេ! ពួកគេរក្សាគណនេយ្យ ប្រកាសនវត្ថុ ទស្សនាវដ្ដី បញ្ជីជាវ ផែនទីតំបន់ផ្សព្វផ្សាយ។ ពួកគេធ្វើជាឆ្មាំ រក្សាគ្រឿងផ្សាយសម្លេង និងការថែទាំសាលប្រជុំ។ ពួកគេរួមចំណែកសាលាកិច្ចបំរើព្រះធិបតេយ្យ និងការប្រជុំអប់រំកិច្ចបំរើ។ សូម្បីតែមានពួកគេខ្លះដែលថ្លែងសុន្ទរកថាសាធារណៈ ឬក៏ដឹកនាំកិច្ចប្រជុំខ្លះៗនៃក្រុមជំនុំ។ ដូចអវយវៈនៃរាងកាយ ពួកអ្នកងារជំនួយបំពេញកិច្ចបំរើដែលយើងត្រូវការជាចាំបាច់។—កូរិនថូសទី១ ១២:១២-២៦
៣ ពេលមើលពួកអ្នកងារជំនួយសហការយ៉ាងជិតស្និទ្ធជាមួយនឹងពួកអ្នកចាស់ទុំ ជាផ្នែកនៃក្រុមពួកអ្នកបំរើតែមួយ ដោយមានការគោរពនិងការយោគយល់គ្នាទៅវិញទៅមក នេះលើកទឹកចិត្តឲ្យអ្នកដទៃធ្វើដូច្នេះដែរ។ (កូល៉ុស ២:១៩) ដោយការបំពេញយ៉ាងស្មោះត្រង់នូវភារកិច្ចរបស់ពួកគេជារៀងរាល់សប្ដាហ៍ រួមទាំងការបង្ហាញការយកចិត្តទុកដាក់ផ្ទាល់ខ្លួនលើអ្នកដទៃ នោះពួកអ្នកងារជំនួយក៏ជួយបង្កើនការលូតលាស់ខាងវិញ្ញាណរបស់ក្រុមជំនុំដែរ។
៤ តើយើងអាចធ្វើអ្វីទៅ ដើម្បីបង្ហាញការអបអរនឹងពួកអ្នកងារជំនួយដែលធ្វើការយ៉ាងនឿយហត់នេះ? យើងត្រូវតែស្គាល់មុខនាទីដែលបានត្រូវប្រគល់មកពួកគេ ហើយបង្ហាញការសុខចិត្តសហការ ពេលដែលត្រូវការជំនួយពីយើងនោះ។ ដោយពាក្យសំដីឬការប្រព្រឹត្ត នោះយើងអាចឲ្យគេដឹងថាកិច្ចការរបស់គេត្រូវយើងអបអរ។ (សុភាសិត ១៥:២៣) ពួកអ្នកដែលធ្វើការយ៉ាងប្រឹងប្រែងដើម្បីប្រយោជន៍ដល់យើង គឺគួរនឹងទទួលស្គាល់យ៉ាងស្មោះអស់ពីចិត្ត។—ថែស្សាឡូនីចទី១ ៥:១២, ១៣
៥ ព្រះបន្ទូលរបស់ព្រះកំណត់នូវគុណវុឌ្ឍិនិងតួនាទីរបស់ពួកអ្នកងារជំនួយ។ (ធីម៉ូថេទី១ ៣:៨-១០, ១២, ១៣) កិច្ចបំរើដ៏មានតម្លៃនិងដ៏បរិសុទ្ធរបស់ពួកគេគឺជាផ្នែកសំខាន់ចាំបាច់ ចំពោះដំណើរការរបស់ក្រុមជំនុំ។ បុរសបែបនេះគឺគួរនឹងទទួលសេចក្ដីលើកទឹកចិត្តឥតឈប់ឈរពីយើង កាលដែល ពួកគេទាំងអស់ «ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរ»។—កូរិនថូសទី១ ១៥:៥៨