ជំពូកទី១៣
«ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»
ក្នុងនាមជាអ្នកបម្រើដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្វីៗទាំងអស់ដែលយើងនិយាយនិងធ្វើគឺដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ សាវ័កប៉ូលបានផ្ដល់គោលការណ៍មួយដើម្បីណែនាំយើង ពេលគាត់សរសេរថា៖ «ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។ (១កូ. ១០:៣១) ដើម្បីធ្វើដូច្នេះ យើងត្រូវកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ដែលបង្ហាញពីគុណសម្បត្តិដ៏ល្អឥតខ្ចោះរបស់លោក។ (កូឡ. ៣:១០) ម្ល៉ោះហើយ ក្នុងនាមជារាស្ត្របរិសុទ្ធ យើងត្រូវយកតម្រាប់ព្រះ។—អេភ. ៥:១, ២
២ ដើម្បីពន្យល់គ្រិស្តសាសនិកអំពីរឿងនេះ សាវ័កពេត្រុសបានសរសេរថា៖ «ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលនៅល្ងង់នៅឡើយ ប៉ុន្តែចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា ពីព្រោះបទគម្ពីរចែងថា៖ ‹អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ពីព្រោះខ្ញុំបរិសុទ្ធ›»។ (១ពេ. ១:១៤-១៦) ដូចជនជាតិអ៊ីស្រាអែលនៅសម័យបុរាណត្រូវរក្សាភាពបរិសុទ្ធ អស់អ្នកក្នុងក្រុមជំនុំគ្រិស្តសាសនិកក៏ត្រូវរក្សាភាពបរិសុទ្ធដែរ។ នេះមានន័យថា ពួកគេត្រូវរក្សាភាពស្អាតស្អំ ហើយជៀសវាងពីអំពើខុសឆ្គងនិងចិត្តគំនិតរបស់ពិភពលោកនេះ។ យ៉ាងនេះ ពួកគេបានត្រូវញែកដោយឡែកដើម្បីបំពេញកិច្ចបម្រើពិសិដ្ឋ។—និក្ខ. ២០:៥
៣ យើងរក្សាភាពបរិសុទ្ធដោយកាន់តាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា ដែលបានពន្យល់យ៉ាងច្បាស់ក្នុងគម្ពីរបរិសុទ្ធ។ (២ធី. ៣:១៦) តាមរយៈការសិក្សាគម្ពីរ យើងបានរៀនអំពីព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់លោក ហើយនេះបាននាំឲ្យយើងចូលទៅជិតលោក។ ការសិក្សាគម្ពីរបាននាំឲ្យយើងជឿជាក់ថា យើងត្រូវស្វែងរករាជាណាចក្ររបស់ព្រះជាមុន ក៏ត្រូវចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់លោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតដែរ។ (ម៉ាថ. ៦:៣៣; រ៉ូម ១២:២) នេះតម្រូវឲ្យយើងបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។—អេភ. ៤:២២-២៤
ភាពស្អាតស្អំខាងកិច្ចបម្រើព្រះ និងខាងសីលធម៌
៤ ការកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាមិនតែងតែងាយស្រួលទេ។ មេកំណាចសាថានដែលជាសត្រូវរបស់យើង ខំរកវិធីផ្សេងៗដើម្បីបំបែរយើងចេញពីសេចក្ដីពិត។ ជួនកាល យើងមានការពិបាកដោយសារឥទ្ធិពលអាក្រក់របស់ពិភពលោកនេះ ព្រមទាំងភាពមិនល្អឥតខ្ចោះរបស់យើងដែលទោរទន់ទៅរកអំពើខុសឆ្គង។ ដើម្បីរស់នៅសមស្របតាមការប្រគល់ខ្លួនជូនព្រះ យើងត្រូវតស៊ូនឹងទុក្ខលំបាក។ បទគម្ពីរបង្ហាញឲ្យដឹងថា យើងមិនគួរភ្ញាក់ផ្អើលទេនៅពេលយើងជួបប្រទះការបៀតបៀនឬទុក្ខលំបាក។ យើងនឹងត្រូវរងទុក្ខដោយសារសេចក្ដីសុចរិត។ (២ធី. ៣:១២) ក៏ប៉ុន្តែ យើងអាចមានសុភមង្គលកាលដែលមានទុក្ខលំបាក ពីព្រោះយើងដឹងថាទុក្ខលំបាកបែបនោះគឺជាទីសំអាងដែលបញ្ជាក់ថា យើងកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ។—១ពេ. ៣:១៤-១៦; ៤:១២, ១៤-១៦
៥ ទោះបីលោកយេស៊ូមានភាពល្អឥតខ្ចោះក៏ដោយ តែលោកបានរៀនឲ្យចេះស្ដាប់បង្គាប់តាមរយៈអ្វីដែលលោកបានរងទុក្ខ។ លោកមិនដែលចុះចាញ់សោះនឹងការល្បួងរបស់សាថាន ហើយក៏មិនដែលមានចិត្តចង់មានមុខមាត់ក្នុងពិភពលោកនេះដែរ។ (ម៉ាថ. ៤:១-១១; យ៉ូន. ៦:១៥) លោកយេស៊ូមិនដែលគិតសោះអំពីការបោះបង់ចោលគោលការណ៍របស់ព្រះ។ គន្លងជីវិតដ៏ស្មោះត្រង់របស់លោកនាំឲ្យមនុស្សក្នុងពិភពលោកស្អប់លោក ប៉ុន្តែលោកតែងតែកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ មិនយូរមុនលោកយេស៊ូទទួលមរណភាព លោកបានព្រមានអ្នកកាន់តាមឲ្យដឹងថា មនុស្សក្នុងពិភពលោកនេះក៏នឹងស្អប់ពួកគេដែរ។ តាំងពីពេលនោះមក អ្នកកាន់តាមលោកយេស៊ូបានជួបប្រទះទុក្ខវេទនា ប៉ុន្តែពួកគេមានចិត្តក្លាហានដោយដឹងថា បុត្ររបស់ព្រះបានឈ្នះពិភពលោកហើយ។—យ៉ូន. ១៥:១៩; ១៦:៣៣; ១៧:១៦
៦ ដើម្បីកុំឲ្យយើងរួមចំណែកក្នុងពិភពលោកនេះ យើងត្រូវកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា តាមគំរូរបស់លោកយេស៊ូជាម្ចាស់របស់យើង។ ក្រៅពីជៀសចេញពីរឿងនយោបាយនិងបញ្ហាក្នុងសង្គម យើងត្រូវបដិសេធសីលធម៌របស់ពិភពលោកនេះដែលកាន់តែអាប់ឱនទៅ។ ដូច្នេះ យើងខំធ្វើតាមដំបូន្មាននៅយ៉ាកុប ១:២១ ដែលថា៖ «ចូរលះចោលអ្វីៗទាំងអស់ដែលកខ្វក់ និងអ្វីដែលអសារឥតការ ពោលគឺសេចក្ដីអាក្រក់ ហើយចូរទទួលដោយចិត្តស្លូតបូតនូវការដាំបណ្ដាំរបស់ព្រះក្នុងអ្នករាល់គ្នា ជាបណ្ដាំដែលអាចសង្គ្រោះជីវិតរបស់អ្នករាល់គ្នា»។ តាមរយៈការសិក្សាគម្ពីរនិងការចូលរួមកិច្ចប្រជុំ យើងអាចទទួល«ការដាំបណ្ដាំរបស់ព្រះ»ក្នុងចិត្តនិងគំនិតរបស់យើង ហើយយើងនឹងមិនចាប់អារម្មណ៍សោះនឹងអ្វីៗក្នុងពិភពលោកនេះឡើយ។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តរបស់ពិភពលោកនេះ មានន័យថាធ្វើជាសត្រូវរបស់ព្រះ? ដូច្នេះ អ្នកណាដែលចង់ធ្វើជាមិត្តរបស់ពិភពលោកនេះ អ្នកនោះតាំងខ្លួនជាសត្រូវរបស់ព្រះហើយ»។ (យ៉ា. ៤:៤) យ៉ាងនេះ គម្ពីរផ្ដល់ការដាស់តឿនយ៉ាងម៉ឺងម៉ាត់ ឲ្យយើងកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ហើយមិនរួមចំណែកក្នុងពិភពលោកនេះ។
៧ បណ្ដាំរបស់ព្រះព្រមានយើងកុំឲ្យមានការប្រព្រឹត្តដែលគួរឲ្យខ្មាសហើយប្រាសចាកសីលធម៌ឡើយ។ បណ្ដាំនោះប្រាប់យើងថា៖ «ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវទាំងនិយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ឬការលោភលន់ឡើយ ធ្វើដូច្នេះទើបសមគួរចំពោះពួកអ្នកបរិសុទ្ធ»។ (អេភ. ៥:៣) ដូច្នេះ យើងមិនត្រូវគិតអំពីអ្វីដែលគួរឲ្យស្អប់ខ្ពើម គួរឲ្យខ្មាស ឬថោកទាបឡើយ ហើយយើងក៏ច្បាស់ជាមិននិយាយអំពីរឿងបែបនោះដែរ។ ដោយធ្វើដូច្នេះ យើងបង្ហាញភ័ស្តុតាងថា យើងចង់កាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតនិងស្អាតស្អំរបស់ព្រះយេហូវ៉ា ស្ដីអំពីសីលធម៌។
ភាពស្អាតបាតនិងអនាម័យក្នុងជីវិតប្រចាំថ្ងៃ
៨ ក្រៅពីភាពស្អាតស្អំខាងកិច្ចបម្រើព្រះនិងខាងសីលធម៌ គ្រិស្តសាសនិកក៏ទទួលស្គាល់សារៈសំខាន់នៃការរក្សាភាពស្អាតបាតនិងអនាម័យក្នុងជីវិតប្រចាំថ្ងៃដែរ។ នៅសម័យបុរាណ ព្រះនៃសេចក្ដីបរិសុទ្ធបានតម្រូវឲ្យជនជាតិអ៊ីស្រាអែលរក្សាជំរំឲ្យស្អាតបាត។ យើងក៏ត្រូវមានភាពស្អាតបាតនិងអនាម័យដែរ ដើម្បីកុំឲ្យព្រះយេហូវ៉ាឃើញ«អ្វីស្មោកគ្រោក»ក្នុងជីវិតរបស់យើង។—ចោ. ២៣:១៤
៩ នៅក្នុងគម្ពីរ ភាពបរិសុទ្ធហើយភាពស្អាតបាតនិងអនាម័យជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ជាឧទាហរណ៍ ប៉ូលបានសរសេរថា៖ «មិត្តជាទីស្រឡាញ់អើយ . . . ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក ហើយដោយកោតខ្លាចព្រះ ចូរយើងធ្វើឲ្យសេចក្ដីបរិសុទ្ធរបស់យើងឈានទៅរកភាពល្អឥតខ្ចោះ»។ (២កូ. ៧:១) ហេតុនេះហើយបានជាគ្រិស្តសាសនិកពិតគួរខំរក្សាខ្លួនប្រាណឲ្យបានស្អាតបាតដោយងូតទឹកយ៉ាងទៀងទាត់ ហើយបោកសម្លៀកបំពាក់។ ពិតមែនតែស្ថានភាពនៅប្រទេសនីមួយៗគឺខុសគ្នា ប៉ុន្តែជាទូទៅយើងមានសាប៊ូនិងទឹកគ្រប់គ្រាន់ដើម្បីងូតទឹកជម្រះកាយ ហើយធ្វើឲ្យប្រាកដថាកូនរបស់យើងក៏ស្អាតបាតដែរ។
១០ តាមធម្មតា មនុស្សក្នុងសហគមន៍ដែលយើងរស់នៅស្គាល់យើងច្បាស់ ដោយសារកិច្ចផ្សព្វផ្សាយរបស់យើង។ ការថែទាំផ្ទះសម្បែងទាំងខាងក្នុងទាំងខាងក្រៅឲ្យបានស្អាតនិងឲ្យមានរបៀបរៀបរយ អាចនាំឲ្យអ្នកជិតខាងសរសើរព្រះ។ សមាជិកក្រុមគ្រួសារទាំងអស់អាចជួយថែទាំផ្ទះ។ បងប្រុសៗគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំផ្ទះនិងបរិវេណផ្ទះ ពីព្រោះផ្ទះស្អាតដែលមានរបៀបរៀបរយ សមនឹងទទួលការសរសើរពីអ្នកដទៃ។ ការបំពេញភារកិច្ចនេះនិងការនាំមុខក្រុមគ្រួសារក្នុងការគោរពប្រណិប័តន៍ព្រះ បង្ហាញថាមេគ្រួសារកំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។ (១ធី. ៣:៤, ១២) បងស្រីៗក៏មានភារកិច្ចថែទាំផ្ទះដែរ ជាពិសេសនៅខាងក្នុងផ្ទះ។ (ទីត. ២:៤, ៥) កូនៗដែលបានអប់រំយ៉ាងល្អអាចជួយក្រុមគ្រួសារ ដោយចេះងូតទឹកខ្លួនឯងព្រមទាំងចេះសម្អាតបន្ទប់គេងរបស់ខ្លួន។ យ៉ាងនេះ សមាជិកក្រុមគ្រួសារទាំងអស់ជួយគ្នាឲ្យមានទម្លាប់ល្អក្នុងការរក្សាភាពស្អាតបាតនិងអនាម័យ ឲ្យសមជាអ្នកដែលនឹងរស់នៅក្នុងពិភពលោកថ្មីក្រោមរាជាណាចក្ររបស់ព្រះ។
១១ សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាជាច្រើននាក់ប្រើឡានឬម៉ូតូដើម្បីធ្វើដំណើរទៅកិច្ចប្រជុំ។ នៅតំបន់ខ្លះ យានជំនិះដូចនេះគឺចាំបាច់ដើម្បីបំពេញកិច្ចបម្រើផ្សាយ។ ដូច្នេះ អ្នកផ្សាយគួរលាងយានជំនិះឲ្យបានស្អាត ហើយថែទាំជួសជុលឲ្យបានល្អជានិច្ច។ ផ្ទះនិងយានជំនិះរបស់យើងគួរបង្ហាញថា យើងជារាស្ត្រដ៏ស្អាតបាតនិងបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ស្របតាមគោលការណ៍នេះ យើងក៏ត្រូវថែរក្សាកាបូបផ្សព្វផ្សាយនិងគម្ពីររបស់យើងដែរ។
១២ យើងគួរតែស្លៀកពាក់សម្អិតសម្អាងខ្លួនសមស្របតាមគោលការណ៍គម្ពីរ។ បើយើងត្រូវទៅជួបអ្នកដែលមានមុខមាត់ធំដុំ យើងច្បាស់ជាស្លៀកពាក់ស្អាតបាតនិងថ្លៃថ្នូរ មែនទេ? ដូច្នេះ យើងគួរយកចិត្តទុកដាក់ជាងនេះទៅទៀត ពេលយើងធ្វើជាតំណាងព្រះយេហូវ៉ាក្នុងកិច្ចបម្រើផ្សាយ ឬពេលថ្លែងសុន្ទរកថានៅលើវេទិកា! ម៉ូដសម្លៀកបំពាក់និងការសម្អិតសម្អាងរបស់យើង អាចមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកដទៃចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពិតជាមិនគួរសមទេ បើយើងមិនចេះគិតអំពីអារម្មណ៍របស់អ្នកឯទៀត ឬស្លៀកពាក់មិនសមរម្យ។ (មីកា ៦:៨; ១កូ. ១០:៣១-៣៣; ១ធី. ២:៩, ១០) អាស្រ័យហេតុនេះ ពេលយើងកំពុងរៀបចំដើម្បីទៅផ្សព្វផ្សាយ ឬដើម្បីទៅកិច្ចប្រជុំក្រុមជំនុំ សន្និបាតប្រចាំមណ្ឌល ឬមហាសន្និបាត យើងគួរចាំអំពីអ្វីដែលបានកត់ទុកក្នុងគម្ពីរស្ដីអំពីភាពស្អាតបាតក្នុងជីវិតប្រចាំថ្ងៃ និងអំពីសម្លៀកបំពាក់សមរម្យ។ យើងចង់ផ្ដល់កិត្តិយសនិងការសរសើរតម្កើងដល់ព្រះយេហូវ៉ាជានិច្ច។
ក្នុងនាមជាអ្នកបម្រើដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្វីៗទាំងអស់ដែលយើងនិយាយនិងធ្វើគឺដើម្បីឲ្យព្រះទទួលការសរសើរតម្កើង
១៣ យើងក៏ត្រូវធ្វើតាមគោលការណ៍នេះដែរ ពេលយើងទៅលេងមន្ទីរចាត់ការពិភពលោក ឬការិយាល័យសាខាណាមួយរបស់សាក្សីព្រះយេហូវ៉ា។ សូមចាំថា ឈ្មោះបេតអែលមានន័យថា«ផ្ទះរបស់ព្រះ»។ ម្ល៉ោះហើយ នៅពេលនោះយើងគួរស្លៀកពាក់សម្អិតសម្អាងខ្លួននិងមានការប្រព្រឹត្ត ដូចពេលយើងចូលរួមកិច្ចប្រជុំនៅសាលប្រជុំដែរ។
១៤ សូម្បីតែពេលលម្ហែកាយ យើងគួរយកចិត្តទុកដាក់ចំពោះការស្លៀកពាក់សម្អិតសម្អាងរបស់យើង។ យើងអាចសួរខ្លួនថា ‹តើសម្លៀកបំពាក់របស់ខ្ញុំធ្វើឲ្យខ្ញុំខ្មាសមិនហ៊ានផ្សព្វផ្សាយក្រៅផ្លូវការឬទេ?›។
ការលម្ហែកាយនិងការកម្សាន្តល្អ
១៥ ការសម្រាកនិងការលម្ហែកាយគឺចាំបាច់ ដើម្បីឲ្យយើងមានតុល្យភាពក្នុងជីវិតនិងមានសុខភាពល្អ។ នៅពេលមួយ លោកយេស៊ូបានអញ្ជើញអ្នកកាន់តាមឲ្យទៅកន្លែងស្ងាត់ជាមួយលោក ដើម្បី«សម្រាកបន្តិច»។ (ម៉ាក. ៦:៣១) ការសម្រាកនិងការលម្ហែកាយឬការកម្សាន្តល្អ អាចធ្វើឲ្យយើងសប្បាយចិត្ត ក៏អាចធ្វើឲ្យមានកម្លាំងចិត្តកម្លាំងកាយឡើងវិញដែរ ដើម្បីបន្តធ្វើកិច្ចការរបស់យើងទៀត។
១៦ ដោយសារការលម្ហែកាយមានច្រើនបែបច្រើនយ៉ាង គ្រិស្តសាសនិកត្រូវប្រើប្រាជ្ញាដែលមកពីព្រះ ដើម្បីជ្រើសរើសការលម្ហែកាយឲ្យបានល្អ។ ការលម្ហែកាយមិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតទេ។ យើងបានត្រូវព្រមានថានៅ«គ្រាចុងក្រោយបង្អស់» មនុស្សនឹង«ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ»។ (២ធី. ៣:១, ៤) បើគិតអំពីអ្វីដែលគេចាត់ទុកថាជាការលម្ហែកាយនិងការកម្សាន្ត ភាគច្រើនគឺមិនសមរម្យទេចំពោះអ្នកដែលចង់កាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។
១៧ គ្រិស្តសាសនិកនៅសម័យដើម ត្រូវជៀសវាងពីការកម្សាន្តមិនល្អរបស់មនុស្សនៅជុំវិញពួកគេដែលវក់តែនឹងការសប្បាយ។ នៅកីឡាដ្ឋានរបស់ពួករ៉ូម ទស្សនិកជនបានមើលការឈឺចាប់របស់អ្នកឯទៀតទុកជាការកម្សាន្ត។ ក្នុងកីឡាដ្ឋាននោះ អំពើឃោរឃៅ ការសម្លាប់គ្នា និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ បានត្រូវរៀបចំឡើងដើម្បីធ្វើឲ្យមនុស្សសប្បាយ។ ប៉ុន្តែ គ្រិស្តសាសនិកសម័យដើមបានជៀសចេញពីការកម្សាន្តបែបនោះ។ នៅសព្វថ្ងៃនេះ ការកម្សាន្តភាគច្រើនរបស់ពិភពលោកនេះគឺស្រដៀងគ្នានឹងការកម្សាន្តនៅសម័យនោះ ហើយបានរៀបចំឡើងដើម្បីបំពេញចិត្តមនុស្សដែលស្រេកឃ្លានចង់បានការកម្សាន្តដ៏ថោកទាប។ យើងត្រូវ«យកចិត្តទុកដាក់ឲ្យដិតដល់»ចំពោះការប្រព្រឹត្តរបស់ខ្លួន ដោយបែរចេញពីការកម្សាន្តដែលបង្ខូចសីលធម៌។ (អេភ. ៥:១៥, ១៦; ទំនុក. ១១:៥) ម្យ៉ាងទៀត ទោះបីការកម្សាន្តនោះគឺសមរម្យក្ដី តែប្រហែលជាមានបរិយាកាសមិនល្អសម្រាប់អ្នកគោរពប្រណិប័តន៍ព្រះ។—១ពេ. ៤:១-៤
១៨ ក៏ប៉ុន្តែ មានការលម្ហែកាយនិងការកម្សាន្តដែលល្អសម្រាប់គ្រិស្តសាសនិកពិត។ បងប្អូនជាច្រើនធ្លាប់ទទួលប្រយោជន៍ ដោយធ្វើតាមឱវាទពីគម្ពីរនិងយោបល់ប្រកបដោយតុល្យភាព ដែលមានក្នុងសៀវភៅរបស់យើង។
១៩ ជួនកាល បងប្អូនក្នុងក្រុមជំនុំអាចអញ្ជើញក្រុមគ្រួសារខ្លះឲ្យទៅផ្ទះរបស់ពួកគាត់ដើម្បីសេពគប់គ្នា ឬប្រហែលជាបងប្អូនបានត្រូវអញ្ជើញឲ្យទៅពិធីជប់លៀងមង្គលការ ឬពិធីជប់លៀងស្រដៀងនឹងនេះ។ (យ៉ូន. ២:២) ម្ចាស់កម្មវិធីគួរដឹងថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅទីនោះ។ សូមប្រុងប្រយ័ត្នពេលមានមនុស្សច្រើននាក់ចូលរួមការជួបជុំកម្សាន្តណាមួយ។ នៅឯកម្មវិធីបែបនេះ អ្នកចូលរួមខ្លះបានភ្លេចខ្លួន ហើយបានប្រព្រឹត្តអ្វីដែលមិនសមរម្យចំពោះគ្រិស្តសាសនិក ហើយបានបរិភោគអាហារនិងពិសាស្រាហួសប្រមាណ ឬបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរផ្សេងទៀតផង។ ដោយទទួលស្គាល់ចំណុចនេះ គ្រិស្តសាសនិកដែលចេះគិតពិចារណាបានយល់ឃើញថា ជាការឈ្លាសវៃបើពួកគាត់កំណត់ចំនួនមនុស្ស និងរយៈពេលនៃការជួបជុំកម្សាន្តនោះ។ ប្រសិនបើមានភេសជ្ជៈដែលមានជាតិស្រា នោះពួកអ្នកដែលពិសាគួរចេះប្រមាណ។ (ភី. ៤:៥) បើម្ចាស់កម្មវិធីខំព្យាយាមរៀបចំការជួបជុំកម្សាន្តដែលសមនឹងគ្រិស្តសាសនិក និងដែលផ្ដល់ការលើកទឹកចិត្តឲ្យបន្តបម្រើព្រះ នោះម្ហូបអាហារនិងភេសជ្ជៈនឹងមិនទៅជាអ្វីដែលសំខាន់បំផុតទេ។
២០ ការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់ ជាអ្វីដ៏ល្អប្រសើរ។ (១ពេ. ៤:៩) ពេលយើងអញ្ជើញអ្នកឯទៀតឲ្យមកផ្ទះយើងដើម្បីបរិភោគអាហារឬអាហារសម្រន់ និងដើម្បីលម្ហែកាយហើយរាប់អានគ្នា នោះយើងគួរនឹកចាំពីអ្នកដែលខ្វះខាត។ (លូក. ១៤:១២-១៤) ប្រសិនបើយើងជាភ្ញៀវ កិរិយាប្រព្រឹត្តរបស់យើងគួរតែសមស្របនឹងការណែនាំនៅម៉ាកុស ១២:៣១។ ពេលអ្នកឯទៀតបង្ហាញចិត្តសប្បុរសដល់យើង គឺជាការល្អដែលយើងបង្ហាញចិត្តដឹងគុណ។
២១ គ្រិស្តសាសនិកត្រេកអរនឹងអំណោយដ៏បរិបូរពីព្រះ ហើយសប្បាយចិត្តដោយដឹងថាពួកគេអាច‹បរិភោគ ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ពួកគេ›។ (សាស្ដ. ៣:១២, ១៣) ពេលយើង«ធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង» នោះទាំងម្ចាស់កម្មវិធីទាំងភ្ញៀវអាចមានអនុស្សាវរីយ៍ល្អពីការជួបជុំកម្សាន្តដែលផ្ដល់ការលើកទឹកចិត្តឲ្យបន្តបម្រើព្រះ។
សកម្មភាពនៅឯសាលារៀន
២២ កូនរបស់សាក្សីព្រះយេហូវ៉ាទទួលប្រយោជន៍ពីការអប់រំនៅសាលារៀន។ ពេលនៅសាលា ពួកគេមានចិត្តចង់ចេះអាននិងសរសេរឲ្យបានល្អ។ មុខវិជ្ជាឯទៀតដែលក្មេងៗរៀននៅសាលា អាចផ្ដល់ប្រយោជន៍កាលដែលពួកគេព្យាយាមសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ។ ក្នុងអំឡុងពេលដែលក្មេងៗទទួលការអប់រំនៅសាលារៀន ពួកគេគួរព្យាយាម«នឹកចាំពីព្រះដ៏បង្កើតខ្លួន»ដោយចាត់ទុកកិច្ចបម្រើលោកជាអាទិភាព។—សាស្ដ. ១២:១
២៣ ប្រសិនបើប្អូនជាគ្រិស្តសាសនិកវ័យក្មេងដែលកំពុងរៀននៅឯសាលា សូមកុំសេពគប់ដោយមិនចាំបាច់ជាមួយយុវជនដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ (២ធី. ៣:១, ២) ដោយសារព្រះយេហូវ៉ាបានផ្ដល់អ្វីដ៏ចាំបាច់ដើម្បីការពារប្អូន នោះប្អូនអាចយកឈ្នះឥទ្ធិពលអាក្រក់របស់ពិភពលោកនេះ។ (ទំនុក. ២៣:៤; ៩១:១, ២) ដូច្នេះ ចូរទាញយកប្រយោជន៍ពីការរៀបចំរបស់ព្រះយេហូវ៉ា ព្រោះនេះនឹងរក្សាការពារប្អូន។—ទំនុក. ២៣:៥
២៤ ដើម្បីរក្សាខ្លួនឲ្យនៅដោយឡែកពីពិភពលោកនេះពេលនៅសាលារៀន យុវជនសាក្សីព្រះយេហូវ៉ាភាគច្រើនសម្រេចចិត្តមិនចូលរួមសកម្មភាពក្រៅពីម៉ោងសិក្សាទេ។ សិស្សរួមថ្នាក់និងគ្រូបង្រៀនប្រហែលជាពិបាកយល់អំពីមូលហេតុដែលប្អូនសម្រេចចិត្តដូច្នេះ។ ក៏ប៉ុន្តែ ការផ្គាប់ចិត្តព្រះជាអ្វីដែលសំខាន់។ នេះតម្រូវឲ្យប្អូនប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្ហាត់ពីគម្ពីរ ហើយកាន់ជំហរមាំមួនមិនចូលរួមក្នុងរឿងជាតិនិយម ឬក្នុងការប្រកួតប្រជែងនៃពិភពលោកនេះឡើយ។ (កាឡ. ៥:១៩, ២៦) បើប្អូនស្ដាប់ពេលឪពុកម្ដាយដែលកោតខ្លាចព្រះឲ្យដំបូន្មានពីគម្ពីរ ហើយទទួលប្រយោជន៍ពីការសេពគប់ល្អក្នុងក្រុមជំនុំ នោះប្អូនអាចកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាបាន។
ការងារនិងការសេពគប់
២៥ គម្ពីរតម្រូវឲ្យមេគ្រួសារទំនុកបម្រុងសមាជិកក្រុមគ្រួសាររបស់ខ្លួន។ (១ធី. ៥:៨) យ៉ាងណាក្ដី ក្នុងនាមជាអ្នកបម្រើព្រះ ពួកគេទទួលស្គាល់ថាការងារចិញ្ចឹមជីវិតមិនសំខាន់ជាងការស្វែងរករាជាណាចក្រព្រះឡើយ។ (ម៉ាថ. ៦:៣៣; រ៉ូម ១១:១៣) ដោយបង្ហាញភក្ដីភាពចំពោះព្រះ ហើយស្កប់ចិត្តនឹងសម្លៀកបំពាក់និងអាហារ នោះពួកគេជៀសវាងពីការព្រួយបារម្ភនិងអន្ទាក់ដែលមកពីរបៀបរស់នៅជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្តិ។—១ធី. ៦:៦-១០
២៦ គ្រិស្តសាសនិកទាំងឡាយដែលបានប្រគល់ខ្លួនជូនព្រះ ហើយកំពុងធ្វើការដើម្បីចិញ្ចឹមជីវិត គួរចាំគោលការណ៍ផ្សេងៗក្នុងគម្ពីរជានិច្ច។ ការចិញ្ចឹមជីវិតដោយទៀងត្រង់មានន័យថា យើងមិនធ្វើអ្វីណាក៏ដោយដែលបំពានច្បាប់ព្រះឬច្បាប់រដ្ឋឡើយ។ (រ៉ូម ១៣:១, ២; ១កូ. ៦:៩, ១០) ម្យ៉ាងទៀត យើងត្រូវចាំជានិច្ចនូវគ្រោះថ្នាក់ដែលមកពីការសេពគប់អាក្រក់។ ក្នុងនាមជាទាហានរបស់គ្រិស្ត យើងជៀសវាងពីការរកស៊ីណាដែលបំពានខ្នាតតម្រារបស់ព្រះ ដែលធ្វើឲ្យយើងលែងកាន់ជំហរអព្យាក្រឹត ឬដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ (អេ. ២:៤; ២ធី. ២:៤) ម្យ៉ាងទៀត យើងមិនជាប់ពាក់ព័ន្ធនឹងសាសនាមិនពិតដែលជាសត្រូវរបស់ព្រះទេ ពោលគឺ«បាប៊ីឡូនដ៏ខ្លាំងក្លា»។—បប. ១៨:២, ៤; ២កូ. ៦:១៤-១៧
២៧ ដោយសារយើងកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះ នោះយើងនឹងមិនធ្វើជំនួញជាមួយបងប្អូនពេលយើងជួបជុំគ្នានៅកិច្ចប្រជុំគ្រិស្តសាសនិក ហើយយើងនឹងមិនបញ្ចុះបញ្ចូលឲ្យបងប្អូនមានគំនិតដូចយើងចំពោះរឿងណាដែលមិនទាក់ទងនឹងរាជាណាចក្រព្រះឡើយ។ មូលហេតុដែលយើងសេពគប់អ្នកឯទៀតនៅកិច្ចប្រជុំគ្រិស្តសាសនិក ព្រមទាំងនៅឯសន្និបាតនិងមហាសន្និបាត គឺដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាប៉ុណ្ណោះ។ យើងប្រជុំគ្នាដូចនេះដើម្បីទទួលការអប់រំពីព្រះ និងដើម្បី«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២; ហេ. ១០:២៤, ២៥) ដូច្នេះ ការសេពគប់បែបនោះគួរតែទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។
ចូររក្សាសាមគ្គីភាពជាគ្រិស្តសាសនិក
២៨ ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា តម្រូវឲ្យរាស្ត្ររបស់លោក«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភ. ៤:១-៣) ជាជាងបំពេញតែចិត្តខ្លួនឯង យើងម្នាក់ៗគួរខំធ្វើអំពើល្អចំពោះអ្នកឯទៀត។ (១ថែ. ៥:១៥) ក្រុមជំនុំរបស់អ្នកច្បាស់ជាបង្ហាញចិត្តគំនិតដូចនេះ។ ទោះជាយើងមកពីពូជសាសន៍ណា ប្រទេសណា មានមុខមាត់ធំដុំឬជាមនុស្សធម្មតា មានប្រាក់ច្រើនឬតិច ឬបានរៀនសូត្រខ្ពស់ឬបន្តិចបន្តួចក្ដី យើងទាំងអស់គ្នាបានត្រូវណែនាំដោយខ្នាតតម្រាដ៏សុចរិតដូចគ្នា។ សូម្បីតែអ្នកមិនជឿក៏បានសម្គាល់លក្ខណៈដ៏ល្អប្រសើរនេះនៃរាស្ត្ររបស់ព្រះយេហូវ៉ាដែរ។—១ពេ. ២:១២
២៩ ដើម្បីបញ្ជាក់ថែមទៀតទៅលើមូលដ្ឋានដែលនាំឲ្យមានសាមគ្គីភាព សាវ័កប៉ូលបានសរសេរថា៖ «មានរូបកាយតែមួយ ហើយសកម្មពលតែមួយ ដូចអ្នករាល់គ្នាបានត្រូវហៅដើម្បីឲ្យមានសេចក្ដីសង្ឃឹមតែមួយ។ មានលោកម្ចាស់តែមួយ ជំនឿតែមួយ ការជ្រមុជទឹកតែមួយ ព្រះតែមួយនិងបិតាតែមួយរបស់មនុស្សទាំងអស់ ហើយលោកនៅលើមនុស្សទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់»។ (អេភ. ៤:៤-៦) នេះតម្រូវឲ្យយើងទាំងអស់គ្នាមានការយល់ដឹងតែមួយ ស្ដីអំពីសេចក្ដីបង្រៀនបឋមនិងសេចក្ដីបង្រៀនជ្រាលជ្រៅពីគម្ពីរ។ សាមគ្គីភាពនេះបញ្ជាក់ថា យើងទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ពិតណាស់ ព្រះយេហូវ៉ាបានឲ្យភាសាបរិសុទ្ធនៃសេចក្ដីពិតដល់រាស្ត្ររបស់លោក ហើយនេះជួយពួកគេឲ្យបម្រើលោកដោយសាមគ្គីភាព។—សេផ. ៣:៩
៣០ សាមគ្គីភាពនិងភាពសុខសាន្តរបស់ក្រុមជំនុំគ្រិស្តសាសនិកពិត ផ្ដល់កម្លាំងចិត្តកម្លាំងកាយដល់អស់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងបានឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះដែលថា៖ «អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀម[ដែលស្ថិតនៅក្នុងក្រោលតែមួយ]»។ (មីកា ២:១២) យើងត្រូវរក្សាសាមគ្គីភាពដែលប្រកបដោយសេចក្ដីសុខសាន្ត ដោយកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាជានិច្ច។
៣១ អស់អ្នកដែលមានសិទ្ធិចូលរួមជាមួយក្រុមជំនុំដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ា ពិតជាមានសុភមង្គលមែន! ប្រហែលជាយើងត្រូវធ្វើការលះបង់ផ្សេងៗដើម្បីបម្រើព្រះ ប៉ុន្តែយើងបានត្រូវហៅដោយនាមរបស់ព្រះយេហូវ៉ា ហើយឯកសិទ្ធិនេះមានតម្លៃខ្ពស់ជាងអ្វីដែលយើងលះបង់។ កាលដែលយើងរក្សាចំណងមិត្តភាពដ៏វិសេសជាមួយនឹងព្រះយេហូវ៉ា យើងនឹងខំព្យាយាមកាន់ខ្ជាប់ខ្នាតតម្រាដ៏សុចរិតរបស់លោក ក៏នឹងលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។—២កូ. ៣:១៨