សំណួរសម្រាប់ពួកអ្នក ដែលចង់ទទួលការជ្រមុជទឹក
ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិត
ការរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា បានជួយអ្នកឲ្យស្គាល់សេចក្ដីពិត។ អ្វីដែលអ្នកបានរៀន ច្បាស់ជាបានជួយឲ្យអ្នកមានចំណងមិត្តភាពល្អជាមួយនឹងព្រះ។ ឥឡូវអ្នកមានសេចក្ដីសង្ឃឹមទទួលជីវិតនិងពរផ្សេងៗក្នុងសួនឧទ្យាននៅផែនដី ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។ ជំនឿរបស់អ្នកទៅលើបណ្ដាំរបស់ព្រះ បានត្រូវពង្រឹងឡើង ហើយអ្នកបានទទួលពរជាច្រើនដោយសារអ្នកបានចូលក្រុមជំនុំគ្រិស្តសាសនិក។ អ្នកក៏មានចំណេះដឹងអំពីរបៀបដែលព្រះយេហូវ៉ាកំពុងប្រព្រឹត្តចំពោះរាស្ត្រលោកនៅសព្វថ្ងៃនេះដែរ។—សាក. ៨:២៣
កាលដែលអ្នករៀបចំដើម្បីទទួលការជ្រមុជទឹក អ្នកនឹងទទួលប្រយោជន៍ពីការមើលសាឡើងវិញនូវសេចក្ដីបង្រៀនបឋមរបស់គ្រិស្តសាសនិកពិត ជាមួយអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (ហេ. ៦:១-៣) សូមឲ្យព្រះយេហូវ៉ាបន្តផ្ដល់ពរដល់អ្នកកាលដែលអ្នកខំព្យាយាមដើម្បីស្គាល់លោក ហើយសូមឲ្យលោកផ្ដល់រង្វាន់ដល់អ្នកតាមដែលលោកបានសន្យា។—យ៉ូន. ១៧:៣
១. ហេតុអ្វីអ្នកចង់ទទួលការជ្រមុជទឹក?
២. តើព្រះយេហូវ៉ាជាអ្នកណា?
• «ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ»។—ចោ. ៤:៣៩
• «គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុក. ៨៣:១៨
៣. ហេតុអ្វីជាការសំខាន់ដែលអ្នកប្រើឈ្មោះរបស់ព្រះផ្ទាល់?
• «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ›»។—ម៉ាថ. ៦:៩
• «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣
៤. តើគម្ពីរប្រើពាក្យអ្វីខ្លះដើម្បីពណ៌នាអំពីព្រះយេហូវ៉ា?
• «គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត»។—អេ. ៤០:២៨, យើងកែជាអក្សរដិតនិងទ្រេត
• «ឱបិតារបស់យើងដែលនៅស្ថានសួគ៌»។—ម៉ាថ. ៦:៩
• «ព្រះគឺជាសេចក្ដីស្រឡាញ់»។—១យ៉ូន. ៤:៨
៥. តើអ្នកអាចជូនអ្វីទៅព្រះយេហូវ៉ា?
• «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។—ម៉ាក. ១២:៣០
• «គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ»។—លូក. ៤:៨
៦. ហេតុអ្វីអ្នកចង់បង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា?
• «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។—សុភ. ២៧:១១
៧. តើអ្នកអធិដ្ឋានទៅអ្នកណា ហើយអធិដ្ឋានក្នុងនាមរបស់អ្នកណា?
• «ខ្ញុំ[លោកយេស៊ូ]ប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយពីបិតាដែលនៅស្ថានសួគ៌ ដោយនូវឈ្មោះខ្ញុំ នោះលោកនឹងឲ្យអ្នករាល់គ្នា»។—យ៉ូន. ១៦:២៣
៨. តើអ្នកអាចអធិដ្ឋានអំពីរឿងអ្វីខ្លះ?
• «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ ‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ។ សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ដូចយើងបានអភ័យទោសឲ្យអ្នកដែលបានធ្វើខុសនឹងយើងដែរ។ សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ តែសូមសង្គ្រោះយើងឲ្យរួចពីមេកំណាចវិញ›»។—ម៉ាថ. ៦:៩-១៣
• «យើងមានទំនុកចិត្តថា អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។—១យ៉ូន. ៥:១៤
៩. ហេតុអ្វីព្រះយេហូវ៉ាមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់បុគ្គលខ្លះ?
• «គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ . . . ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត»។—មីកា ៣:៤
• «ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ តែព្រះយេហូវ៉ាប្រឆាំងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់»។—១ពេ. ៣:១២
១០. តើលោកយេស៊ូគ្រិស្តជាអ្នកណា?
• «ស៊ីម៉ូនពេត្រុសឆ្លើយថា៖ ‹លោកជាគ្រិស្ត ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ›»។—ម៉ាថ. ១៦:១៦
១១. ហេតុអ្វីលោកយេស៊ូបានមកផែនដី?
• «កូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។—ម៉ាថ. ២០:២៨
• «ខ្ញុំ[លោកយេស៊ូ]ត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។—លូក. ៤:៤៣
១២. លោកយេស៊ូបានផ្ដល់ជីវិតជាគ្រឿងបូជា ដូច្នេះតើអ្នកអាចបង្ហាញចិត្តដឹងគុណយ៉ាងដូចម្ដេច?
• «លោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៥
១៣. តើលោកយេស៊ូបានទទួលអំណាចអ្វី?
• «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។—ម៉ាថ. ២៨:១៨
• «ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្តាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមឯទៀតទាំងអស់»។—ភី. ២:៩
១៤. តើអ្នកជឿថាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលលោកយេស៊ូបានតែងតាំងឬទេ?
• «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។—ម៉ាថ. ២៤:៤៥
១៥. តើសកម្មពលបរិសុទ្ធជាបុគ្គលមួយរូបឬ?
• «ទេវតានោះឆ្លើយទៅនាងថា៖ ‹សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ›»។—លូក. ១:៣៥
• «ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។—លូក. ១១:១៣
១៦. តើព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីធ្វើអ្វី?
• «ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់»។—ទំនុក. ៣៣:៦
• «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្ម. ១:៨
• «គ្មានទំនាយណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ព្រោះទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។—២ពេ. ១:២០, ២១
១៧. តើរាជាណាចក្ររបស់ព្រះជាអ្វី?
• «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដាន. ២:៤៤
១៨. តើរាជាណាចក្ររបស់ព្រះនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នក?
• «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។—បប. ២១:៤
១៩. ហេតុអ្វីអ្នកជឿថា ពរនៃរាជាណាចក្រនឹងមកដល់ឆាប់ៗខាងមុខនេះ?
• «នោះអ្នកកាន់តាមលោកបានមកឯលោកដោយឡែកពីគេ រួចសួរថា៖ ‹សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?›។ លោកយេស៊ូតបឆ្លើយទៅពួកគាត់ថា៖ ‹ . . . ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។ ហើយដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់›»។—ម៉ាថ. ២៤:៣, ៤, ៧, ១៤
• «គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។—២ធី. ៣:១-៥
២០. តើអ្នកបង្ហាញយ៉ាងដូចម្ដេចថា រាជាណាចក្រព្រះគឺសំខាន់សម្រាប់អ្នក?
• «ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន»។—ម៉ាថ. ៦:៣៣
• «លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ ‹បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ ហើយលីបង្គោលទារុណកម្មរបស់ខ្លួន រួចមកតាមខ្ញុំជាដរាប›»។—ម៉ាថ. ១៦:២៤
២១. តើសាថាននិងពួកវិញ្ញាណកំណាចជាអ្នកណា?
• «មេកំណាចជាឪពុករបស់អ្នករាល់គ្នា . . . មេកំណាចជាឃាតករតាំងពីដើមដំបូង»។—យ៉ូន. ៨:៤៤
• «នាគដ៏ធំបានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាចនិងសាថាន និងជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ។»។—បប. ១២:៩
២២. តើសាថានបានចោទប្រកាន់ព្រះយេហូវ៉ានិងពួកអ្នកគោរពប្រណិប័តន៍លោកអំពីអ្វី?
• «ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោ. ៣:២-៥
• «សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។—យ៉ូប ២:៤
២៣. តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា ការចោទប្រកាន់របស់សាថានគឺខុស?
• «ចូរ . . . ប្រតិបត្ដិតាម[ព្រះ] ដោយអស់ពីចិត្ត»។—១រប. ២៨:៩
• «ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង»។—យ៉ូប ២៧:៥
២៤. ហេតុអ្វីមនុស្សស្លាប់?
• «ដូចភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។—រ៉ូម ៥:១២
២៥. តើមនុស្សដែលបានស្លាប់មានស្ថានភាពបែបណា?
• «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដ. ៩:៥
២៦. តើមានសេចក្ដីសង្ឃឹមអ្វីចំពោះពួកអ្នកដែលបានស្លាប់?
• «មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សកម្ម. ២៤:១៥
២៧. តើមានមនុស្សប៉ុន្មាននាក់ដែលឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយលោកយេស៊ូ?
• «មើល! ខ្ញុំឃើញកូនចៀមកំពុងឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមួយសែនបួនម៉ឺនបួនពាន់នាក់ឈរជាមួយនឹងលោកដែរ ហើយនាមរបស់លោកនិងនាមរបស់បិតាលោកបានត្រូវសរសេរនៅលើថ្ងាសពួកគេ»។—បប. ១៤:១