មេរៀនទី២៤
ពួកគេមិនរក្សាពាក្យសន្យា
ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ‹ចូរឡើងមកជួបខ្ញុំនៅលើភ្នំ។ ខ្ញុំនឹងចារឹកច្បាប់នៅលើផ្ទាំងថ្ម ហើយឲ្យដល់អ្នក›។ ម៉ូសេបានឡើងទៅលើភ្នំស៊ីណាយ ហើយនៅលើភ្នំនោះអស់៤០ថ្ងៃ៤០យប់។ កាលដែលម៉ូសេនៅលើភ្នំ ព្រះយេហូវ៉ាបានចារឹកបញ្ញត្តិ១០ប្រការនៅលើបន្ទះថ្មពីរផ្ទាំង រួចឲ្យទៅគាត់។
ពេលឃើញម៉ូសេក្រចុះមក ជនជាតិអ៊ីស្រាអែលគិតថា ម៉ូសេបានបោះបង់ចោលពួកគេ។ ដូច្នេះ ពួកគេប្រាប់អេរ៉ុនថា៖ ‹យើងចង់បានអ្នកដឹកនាំម្នាក់។ ចូរធ្វើព្រះមួយសម្រាប់យើងទាំងអស់គ្នា!›។ អេរ៉ុនប្រាប់ថា៖ ‹ចូរឲ្យមាសរបស់អ្នករាល់គ្នាមកខ្ញុំ›។ រួចគាត់បានយកមាសទាំងនោះទៅរំលាយធ្វើជារូបកូនគោមួយ។ បណ្ដាជនស្រែកឡើងថា៖ ‹កូនគោមាសនេះ ជាព្រះរបស់យើង ដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីប!›។ ពួកគេចាប់ផ្ដើមគោរពបូជារូបកូនគោមាសនោះ និងធ្វើពិធីបុណ្យមួយផង។ តើអ្វីដែលពួកគេធ្វើត្រូវទេ? គឺមិនត្រូវទេ! ពីព្រោះពីមុនពួកគេបានសន្យាថា គោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ ប៉ុន្តែឥឡូវ ពួកគេមិនរក្សាពាក្យសន្យាឡើយ។
ព្រះយេហូវ៉ាឃើញអ្វីដែលពួកគេកំពុងធ្វើ។ ម្ល៉ោះហើយ លោកប្រាប់ម៉ូសេថា៖ ‹ចូរចុះពីភ្នំទៅជួបបណ្ដាជន។ ពួកគេមិនបានស្ដាប់បង្គាប់ខ្ញុំទេ តែបែរជាគោរពបូជារូបព្រះមិនពិតទៅវិញ›។ ម៉ូសេបានចុះពីភ្នំទាំងកាន់បន្ទះថ្មពីរផ្ទាំង។
ពេលគាត់មកដល់ជិតជំរំ គាត់ឮបណ្ដាជនច្រៀង។ រួចមក គាត់ឃើញពួកគេរាំ និងក្រាបគោរពរូបកូនគោមាស។ ម៉ូសេខឹងខ្លាំងណាស់ គាត់បោកបន្ទះថ្មទាំងពីរផ្ទាំងនោះទៅដី បែកជាបំណែកៗ។ គាត់បានបំផ្លាញរូបកូនគោនោះចោលភ្លាមៗ។ បន្ទាប់មក គាត់សួរអេរ៉ុនថា៖ ‹តើបណ្ដាជនបាននិយាយអ្វីប្រាប់អ្នក បានជាអ្នកធ្វើអំពើអាក្រក់បែបនេះ?›។ អេរ៉ុនឆ្លើយថា៖ ‹កុំខឹង។ អ្នកស្គាល់បណ្ដាជនទាំងនេះហើយ។ ពួកគេចង់បានព្រះមួយ ដូច្នេះខ្ញុំបានបោះមាសរបស់ពួកគេចូលទៅក្នុងភ្លើង ហើយក៏ចេញជារូបកូនគោនេះមក!›។ អេរ៉ុនមិនគួរធ្វើបែបនេះទេ។ រួចមក ម៉ូសេបានឡើងទៅលើភ្នំវិញ ហើយអង្វរសុំព្រះយេហូវ៉ាអភ័យទោសឲ្យបណ្ដាជន។
ព្រះយេហូវ៉ាអភ័យទោសដល់អស់អ្នកដែលព្រមស្ដាប់បង្គាប់លោក។ យើងអាចឃើញថា គឺសំខាន់ខ្លាំងណាស់ដែលជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមការនាំមុខរបស់ម៉ូសេ!
«ពេលដែលអ្នកស្បថចំពោះព្រះ ចូរប្រញាប់ធ្វើតាម ព្រោះលោកមិនពេញចិត្តមនុស្សល្ងីល្ងើទេ។ ដូច្នេះ ចូរធ្វើតាមសម្បថរបស់អ្នកកុំខាន»។—អ្នកទូន្មាន ៥:៤