មេរៀនទី៨៣
លោកយេស៊ូផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់
នៅមុនបុណ្យរំលង ឆ្នាំ៣២ គ.ស. ពួកសាវ័កបានត្រឡប់មកពីផ្សព្វផ្សាយវិញ។ ពួកគាត់នឿយហត់ជាខ្លាំង ដូច្នេះលោកយេស៊ូនាំពួកគាត់ចុះទូកទៅក្រុងបេតសេដា ដើម្បីសម្រាក។ ប៉ុន្តែ កាលទូកជិតដល់ច្រាំង លោកឃើញមនុស្សរាប់ពាន់នាក់កំពុងតាមលោកដល់ទីនោះ។ ទោះជាលោកយេស៊ូចង់មានពេលសម្រាកជាមួយនឹងពួកសាវ័កក៏ដោយ លោកនៅតែទទួលបណ្ដាជនយ៉ាងសប្បុរស។ លោកធ្វើឲ្យពួកគេជាពីជំងឺ ហើយចាប់ផ្ដើមបង្រៀនពួកគេ។ ពេញមួយថ្ងៃ លោកយេស៊ូបង្រៀនពួកគេអំពីរាជាណាចក្រព្រះ។ លុះដល់ល្ងាច ពួកសាវ័កមកជម្រាបលោកថា៖ ‹បណ្ដាជនច្បាស់ជាឃ្លាន។ សូមលោកប្រាប់ពួកគេឲ្យទៅរកទិញអាហារបរិភោគ›។
ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ ‹មិនចាំបាច់ឲ្យពួកគេទៅទេ។ ចូរយកអាហារឲ្យពួកគេបរិភោគនៅទីនេះ›។ ពួកសាវ័កសួរថា៖ ‹តើលោកចង់ឲ្យយើងទៅទិញនំប៉័ងឲ្យពួកគេឬ?›។ សាវ័កភីលីពនិយាយថា៖ ‹មិនថាយើងមានលុយច្រើនយ៉ាងណាទេ ក៏មិនអាចទិញនំប៉័ងគ្រប់គ្រាន់សម្រាប់បណ្ដាជនទាំងមូលបរិភោគដែរ›។
លោកយេស៊ូសួរថា៖ ‹តើយើងមានអាហារប៉ុន្មាន?›។ អនទ្រេឆ្លើយថា៖ ‹យើងមាននំប៉័ងប្រាំដុំនិងត្រីតូចពីរកន្ទុយ។ នេះមិនគ្រប់គ្រាន់ទេ›។ លោកយេស៊ូប្រាប់ថា៖ ‹ចូរយកនំប៉័ងនិងត្រីមកឲ្យខ្ញុំ›។ លោកបង្គាប់បណ្ដាជនឲ្យអង្គុយលើស្មៅជាក្រុម៥០នាក់ និងជាក្រុម១០០នាក់។ លោកយកនំប៉័ងនិងត្រី ក៏មើលទៅមេឃ ហើយអធិដ្ឋាន។ រួចមក លោកហុចអាហារឲ្យពួកសាវ័ក ដើម្បីឲ្យពួកគាត់ចែកដល់បណ្ដាជន។ បុរស៥.០០០នាក់ រួមទាំងស្ត្រី និងកូនក្មេងបានបរិភោគឆ្អែតគ្រប់គ្នា។ បន្ទាប់មក ដើម្បីកុំឲ្យខ្ជះខ្ជាយ ពួកសាវ័កក៏ប្រមូលអាហារដែលនៅសល់ បានពេញ១២កញ្ជើ! នោះជាអព្ភូតហេតុដ៏អស្ចារ្យណាស់ មែនទេ?
បណ្ដាជនកោតស្ងើចលោកយេស៊ូដល់ម្ល៉េះ បានជាចង់ឲ្យលោកធ្វើជាស្ដេចរបស់ពួកគេ។ ប៉ុន្តែ លោកយេស៊ូដឹងថា មិនទាន់ដល់ពេលដែលព្រះយេហូវ៉ាឲ្យលោកធ្វើជាស្ដេចទេ។ ដូច្នេះ លោកប្រាប់បណ្ដាជនឲ្យទៅផ្ទះវិញ ហើយឲ្យពួកសាវ័កចុះទូកទៅត្រើយសមុទ្រកាលីឡេ។ ពួកគាត់ក៏ចុះទូក ហើយលោកយេស៊ូឡើងទៅភ្នំតែម្នាក់ឯង។ ហេតុអ្វី? ពីព្រោះលោកចង់មានពេលអធិដ្ឋានទៅបិតារបស់លោក។ ទោះជាលោករវល់ខ្លាំងក៏ដោយ លោកតែងតែលៃទុកពេលអធិដ្ឋានជានិច្ច។
«កុំព្យាយាមឲ្យបានអាហារដែលខូចទៅឡើយ តែចូរព្យាយាមឲ្យបានអាហារដែលនៅស្ថិតស្ថេរ ជាអាហារដែលផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ និងជាអាហារដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា»។—យ៉ូហាន ៦:២៧