សំណួរពីអ្នកអាន
តើគ្រិស្តសាសនិកម្នាក់ៗ និងក្រុមជំនុំទាំងមូល គួរមានទស្សនៈយ៉ាងណាចំពោះឱវាទក្នុងគម្ពីរដែលឲ្យយើងរៀបការតែ«ក្នុងព្រះអម្ចាស់»?
ចំពោះស្ត្រីដែលស្វាមីស្លាប់ សាវ័កប៉ុលបានទូន្មានថា៖ «នាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់»។ (កូរិនថូសទី១ ៧:៣៩, កំណែជាអក្សរទ្រេត) ឱវាទនោះមិនមែនជាមតិរបស់មនុស្សណាម្នាក់ទេ តែព្រះយេហូវ៉ាបណ្ដាលឲ្យប៉ុលសរសេរពាក្យទាំងនោះ ដូច្នេះ ដំបូន្មានដ៏ល្អនេះក៏បង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់។ ហេតុនេះហើយ គ្រិស្តសាសនិកគួរទទួលស្គាល់រឿងនេះជារឿងសំខាន់ណាស់ មិនមែនជារឿងបន្ទាប់បន្សំ ឬរឿងដែលយើងអាចធ្វើមិនដឹងមិនឮក៏បានឡើយ។ កំណត់ហេតុក្នុងគម្ពីរដៅបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តតាមដំបូន្មាននេះ។
ពេលលោកអ័ប្រាហាំបានរកភរិយាឲ្យកូនគាត់ ឈ្មោះអ៊ីសាក អ័ប្រាហាំមិនបានរើសយកស្ត្រីពីជនជាតិកាណានដែលរស់នៅជិតខាងគាត់ទេ ពីព្រោះពួកគេជាអ្នកថ្វាយបង្គំព្រះមិនពិត។ ផ្ទុយទៅវិញ អ័ប្រាហាំបានខំរកភរិយាមួយឲ្យអ៊ីសាកពីស្រុកឆ្ងាយ ដោយរើសយកនាងពីចំណោមញាតិសន្ដានរបស់ខ្លួនដែលទទួលស្គាល់ព្រះយេហូវ៉ាជាព្រះពិត។ ដូចគ្នាដែរ អ៊ីសាកបានផ្ដាំយ៉ាកុបថា៖ «កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ»។ (លោកុប្បត្តិ ២៨:១; ២៤:១-៦៧) អ័ប្រាហាំនិងអ៊ីសាកយល់ឃើញថា ចំណងអាពាហ៍ពិពាហ៍ល្អមិនពឹងទៅលើចិត្តស្នេហាឡើយ។ តាមការពិត ភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាមានតួនាទីសំខាន់ណាស់ដែរក្នុងការរៀបអាពាហ៍ពិពាហ៍ ពីព្រោះបើអ្នកថ្វាយបង្គំទ្រង់រៀបការជាមួយអ្នកដែលមិនជឿវិញ នេះអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ និងអាចនាំឲ្យរសាត់ឆ្ងាយពីការថ្វាយបង្គំពិតផង។
ក្នុងករណីនេះ ជនជាតិហេព្រើរខ្លះមិនបានញែកខ្លួនឲ្យដាច់ដោយឡែកពីពួកអ្នកដែលមិនថ្វាយបង្គំព្រះយេហូវ៉ាទេ។ ជាឧទាហរណ៍ នាងឌីណាបានសេពគប់ជាមួយអ្នកជិតខាងដែលមានអាយុស្រករៗគ្នា ដែលមិនទាំងបម្រើព្រះពិតផង។ តើមានលទ្ធផលយ៉ាងណា? បុរសម្នាក់មានចិត្តស្រឡាញ់នាងជាខ្លាំង ហើយក៏បានចាប់រំលោភនាង។ មួយទៀត តាមមើលទៅ លោកយូដាបានរស់នៅឆ្ងាយពីក្រុមគ្រួសាររបស់គាត់អស់មួយរយៈ ហើយគាត់បានយកស្ត្រីជនជាតិកាណានមកធ្វើជាភរិយា។ តើមានលទ្ធផលអ្វី? គាត់និងភរិយាដែលជាជនជាតិកាណាននោះ មានកូនប្រុសបីនាក់ ប៉ុន្តែព្រះយេហូវ៉ាបានប្រហារជីវិតពីរនាក់ដោយសារអំពើអាក្រក់របស់ពួកគេ។ លោកស៊ីម្មានក៏យកស្ត្រីជនជាតិកាណានម្នាក់ដែរ ហើយបានកូនប្រុសមួយ។ តាមមើលទៅ នេះជារឿងចម្លែកឬមួយក៏អាក្រក់ដល់ម្ល៉េះបានជាគេរាយការណ៍យ៉ាងឥតលាក់លៀមពីហេតុការណ៍នោះក្នុងបញ្ជីគ្រួសាររបស់យ៉ាកុប។—លោកុប្បត្តិ ៣៤:១, ២; ៣៨:១-១០; ៤៦:៨-១០
ពេលព្រះយេហូវ៉ាប្រទានក្រឹត្យវិន័យដល់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រមានថា ពួកគេមិនត្រូវរៀបការជាមួយនឹងមនុស្សដែលមិនថ្វាយបង្គំទ្រង់ឡើយ។ (ចោទិយកថា ៧:២-៤) សោកនាដកម្មដែលកើតឡើងចំពោះសាឡូម៉ូនក៏ដៅបញ្ជាក់ថា ច្បាប់នោះរបស់ព្រះយេហូវ៉ាពិតជាមានប្រយោជន៍មែន។ សាឡូម៉ូនប្រហែលជាមានគំនិតថា ដោយសារគាត់ជាមនុស្សដែលមានប្រាជ្ញាច្រើនលើសលប់ គាត់អាចយកឈ្នះបញ្ហាឬការលំបាកគ្រប់យ៉ាងដែលបណ្ដាលមកពីការរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមិនបម្រើព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ពេលគាត់ធ្វើមិនដឹងមិនឮចំពោះឱវាទរបស់ព្រះយេហូវ៉ា គាត់ក៏បានរងទុក្ខសោកដែរ។—ពង្សាវតារក្សត្រទី១ ១១:១-៦
នៅទីបំផុត ក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិក ព្រះយេហូវ៉ាបានទូន្មានម្ដងទៀតថា កុំឲ្យពួកគេរៀបការជាមួយអ្នកដែលមិនបម្រើព្រះអម្ចាស់ឲ្យសោះ។ ដំបូន្មានរបស់ព្រះយេហូវ៉ានេះ មិនមែនមានន័យថា ‹យើងអាចចាប់ចិត្តស្រឡាញ់ហើយរៀបការជាមួយនរណាម្នាក់ដែលស្អាតស្អំនិងត្រឹមត្រូវ ដោយសង្ឃឹមថាថ្ងៃណាមួយគាត់នឹងក្លាយទៅជាគ្រិស្តសាសនិកម្នាក់›ឡើយ។ ផ្ទុយទៅវិញ ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា មានបង្គាប់មួយដែលចែងយ៉ាងច្បាស់ថា៖ «កុំឲ្យទឹមនឹមស្រៀកជា១នឹងមនុស្សមិនជឿឡើយ»។ (កូរិនថូសទី២ ៦:១៤) ការរៀបអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់ដែលមិនបានទទួលការជ្រមុជទឹកជាគ្រិស្តសាសនិកនោះ ជាការមើលស្រាលដល់ឱវាទដែលមានភាពប្រាកដប្រជារបស់ព្រះទៅវិញ។
ដោយសាររាស្ត្ររបស់ព្រះយេហូវ៉ាចាត់ទុកដំបូន្មាននេះជាឱវាទដ៏ល្អនិងសំខាន់មែន ពួកគេមិនចង់ប្រឡាក់ប្រឡូសជាមួយជនណាក៏ដោយដែលមិនព្រមធ្វើតាមឱវាទនេះ។ ជាឧទាហរណ៍ បើបងប្អូនរួមជំនឿម្នាក់ដែលមានភាពទន់ខ្សោយបានចាប់ចិត្តស្រឡាញ់អ្នកដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា បងប្អូនឯទៀតក្នុងក្រុមជំនុំច្បាស់ជាមិនចង់សេពគប់ជាមួយអ្នកដែលមិនរួមជំនឿនោះ ដែលអាចមើលទៅដូចជាលើកទឹកចិត្តពួកគេទាំងពីរនាក់ឲ្យស្រឡាញ់គ្នា។ បងប្អូនក្នុងក្រុមជំនុំយល់ស្របតាមបទគម្ពីរដែលចែងថា ការសេពគប់ជាមួយអ្នកដែលមិនមែនជាគ្រិស្តសាសនិក មិនជាការល្អទេ។ (កូរិនថូសទី១ ១៥:៣៣) យ៉ាងណាក៏ដោយ បងប្អូនក្នុងក្រុមជំនុំគួរតែយកចិត្តទុកដាក់ចំពោះបងប្អូនរួមជំនឿដែលកំពុងវង្វេងនៅឡើយ។ ពួកគេប្រហែលជាអាចខំរកពាក្យល្អៗដើម្បីជួយដាស់តឿនបងប្អូននោះ កុំឲ្យដើរតាមផ្លូវដែលប្រកបទៅដោយការឈឺចាប់ដូចស្តេចសាឡូម៉ូន។—សូមពិនិត្យបន្ថែម ថែស្សាឡូនីចទី២ ៣:១៤, ១៥
ប៉ុន្តែ ចុះយ៉ាងណាបើស្មរបន្ទាល់ម្នាក់មិនព្រមធ្វើតាមដំបូន្មានរបស់ព្រះយេហូវ៉ា ហើយមានផែនការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា? លើកលែងតែមានមូលហេតុពិសេសណាមួយ អ្នកចាស់ទុំក្នុងក្រុមជំនុំនឹងមិនព្រមថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍ឲ្យអ្នកទាំងពីរដែលមានជំនឿសាសនាខុសគ្នា ហើយសាមីខ្លួនអ្នកការទាំងពីរនាក់នោះ មិនអាចរៀបការនៅឯសាលប្រជុំផងដែរ។ មានតែគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹក និងយកដៃគូ«ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ ដែលអាចមានសុន្ទរកថាអាពាហ៍ពិពាហ៍នៅឯសាលប្រជុំបាន។ បើសាមីខ្លួនអ្នកការកំពុងរួមចំណែកយ៉ាងទៀងទាត់ក្នុងកិច្ចបម្រើព្រះជាមួយក្រុមជំនុំ ហើយពួកគេនឹងទទួលការជ្រមុជទឹកក្នុងពេលឆាប់ៗនេះ ជួនកាលពួកគេក៏អាចរៀបការនៅឯសាលប្រជុំបានដែរ។ ពេលស្មរបន្ទាល់ម្នាក់គិតចង់«ទឹមនឹមស្រៀកជា១នឹងមនុស្សមិនជឿ» ហើយអ្នកចាស់ទុំក្នុងក្រុមជំនុំមិនអនុញ្ញាតឲ្យគាត់មានសុន្ទរកថាអាពាហ៍ពិពាហ៍ក្នុងសាលប្រជុំ នេះក៏ជួយបញ្ជាក់ពីសារៈសំខាន់នៃដំបូន្មានរបស់ព្រះ ដែលបង្គាប់ឲ្យយើងរៀបការតែ«ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ។