បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១១ ទំ. ៥-៧
  • ការបំភ្លឺភ្នែកនឹងដំណឹងល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបំភ្លឺភ្នែកនឹងដំណឹងល្អ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​មាន​ជ័យ​ជំនះ​លើ​ភាព​ខ្វាក់​ខាង​វិញ្ញាណ
  • ឱសថ​អចិន្ត្រៃយ៍​តែ​មួយ—ព្រះ​រាជាណាចក្រ​របស់​ព្រះ
  • សុភមង្គល​ក្នុង​ពិភព​លោក​ថ្មី
  • សូមជួយមនុស្សងងឹតភ្នែករៀនអំពីព្រះយេហូវ៉ា
    ២០១៥ កិច្ចបម្រើព្រះ
  • តើមានសេចក្ដីសង្ឃឹមអ្វីចំពោះមនុស្សខ្វាក់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១១ ទំ. ៥-៧

ការ​បំភ្លឺ​ភ្នែក​នឹង​ដំណឹង​ល្អ

សុភាសិត​សាសន៍​ដាណឺម៉ាក៌​មួយ​ចែង​ថា៖ «ផ្ទៃ​មេឃ​មិន​មែន​មាន​ពណ៌​ខៀវ​តិច ដោយ​ព្រោះ​តែ​មនុស្ស​ខ្វាក់​មើល​មិន​ឃើញ​នោះ​ទេ»។ ប៉ុន្តែ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដ៏​រវល់​របស់​យើង តើ​យើង​មើល​ឃើញ​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ទេ បើ​និយាយ​ជា​ប្រៀប​ធៀប​នោះ? តើ​យើង​ប្រមើល​ឃើញ​អនាគត​ដោយ​មាន​ការ​ទុក​ចិត្ត​បាន​ទេ? តើ​យើង​ពិត​ជា​ជឿ​នឹង​ដំណឹង​ល្អ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ ជា​បន្ទូល​របស់​ព្រះ​ទេ?

នៅ​ក្នុង​អត្ថបទ​ពី​មុន យើង​បាន​ពិចារណា​មើល​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​ភាព​ខ្វាក់​ភ្នែក។ ឥឡូវ​នេះ សូម​ឲ្យ​យើង​ពិចារណា​មើល​ចក្ខុ​វិស័យ​មួយ​ប្រភេទ​ទៀត ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត។ ដ្បិត​នេះ​ជាប់​ទាក់​ទង​នឹង​សុភមង្គល​ដ៏​យូរ​អង្វែង​របស់​យើង ព្រម​ទាំង​អនាគត​សំរាប់​ពួក​អ្នក​ស្ងួន​ភ្ងា​របស់​យើង​ដែរ។

ដោយ​គ្មាន​ការ​សង្ស័យ​ឡើយ យើង​កំពុង​តែ​ជួប​ប្រទះ​នឹង«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) តើ​មាន​លទ្ធផល​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ខំ​ពុះ​ពារ​រក​ស៊ី​ចិញ្ចឹម​ជីវិត អត់​ទ្រាំ​នឹង​ផល​វិបាក​ខាង​សុខភាព និង​បញ្ហា​គ្រួសារ ហើយ​ខំ​អត់​ធ្មត់​នឹង​អយុត្ដិធម៌​ក្នុង​សង្គម​និង​ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​នោះ? គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ការ​ទុក​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​ទៅ​លើ​មនុស្ស​គ្នា​ឯង សាសនា និង​រដ្ឋាភិបាល ត្រូវ​បាន​បន្ថយ​បន្ដិច​ម្ដង​ៗ។ ដោយ​ដឹង​ថា​គ្មាន​ផ្លូវ​ដោះ​ស្រាយ​នោះ ពួក​គេ​បែរ​ទៅ​ជា​សន្និដ្ឋាន​ថា បញ្ហា​របស់​គេ​នឹង​គ្មាន​អ្នក​ណា​អាច​ដោះ​ស្រាយ​តាម​វិធី​ធម្មតា​បាន​ឡើយ។ នៅ​ក្នុង​សារ​ពត៌មាន​សាសន៍​ប្រេហ្ស៊ីល ឈ្មោះ​ហ្សឺណែល ដា ថាឌឺ លោក​ហ្សាកុប ផិនយ៉ារូ ហ្គោល​ប៊ើ​ក សង្កេត​ឃើញ​ថា៖ «នៅ​ក្នុង​វត្តមាន​នៃ​ហេតុ​ការណ៍​ពិត​ដ៏​សាហាវ មនុស្ស​មាន​អារម្មណ៍​មួម៉ៅ ដោយ​សារ​តែ​កំហុស​ដែល​ពួក​គេ​មិន​បាន​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ហើយ​ពួក​គេ​ពឹង​ពាក់​ទៅ​លើ​សាសនា​អាថ៌​កំបាំង​ដែល​ធ្វើ​ឲ្យ​រសាយ​ចិត្ត»។ ប៉ុន្តែ សូម្បី​តែ​មាន​បញ្ហា​អ្វី​ក៏​ដោយ យើង​ចង់​ប្រើ​សុភនិច្ឆ័យ​របស់​យើង​ដែរ មែន​ទេ?

ឧបមា​ថា អ្នក​ត្រូវ​ការ​ផ្ទះ​មួយ​សំរាប់​គ្រួសារ​របស់​អ្នក ហើយ​ចំពោះ​លុយ នោះ​មិន​ជា​បញ្ហា​ទេ។ អ្នក​ប្រហែល​ជា​រក​មើល​ជុំ​វិញ ហើយ​ចូល​ទៅ​មើល​ផ្ទះ​ផ្សេង​ៗ​នៅ​ក្នុង​សង្កាត់​នានា។ ទោះ​បី​ជា​អ្នក​លក់​អ​សង្ហារ​រិម​ភណ្ឌ​ខំ​តម្រូវ​ចិត្ត​អ្នក​ក្ដី អ្នក​នៅ​តែ​មិន​ទាន់​រក​ឃើញ​ផ្ទះ​ដែល​អ្នក​ចង់​បាន​នោះ​នៅ​ឡើយ។ ដោយ​ព្រោះ​តែ​រឿង​នេះ​ទាក់​ទង​ដល់​សុខុមាលភាព​និង​ការ​សប្បាយ​រីករាយ​នៃ​គ្រួសារ​របស់​អ្នក អ្នក​មិន​លះ​បង់​ពី​ការ​ខំ​ប្រឹង​នោះ​ទេ មែន​ទេ? ឥឡូវ​នេះ សូម​គិត​មើល​នូវ​ការ​សប្បាយ​រីករាយ ពេល​ដែល​អ្នក​នៅ​ទី​បំផុត បាន​រក​ឃើញ​ផ្ទះ​ដែល​អ្នក​ចង់​បាន​យ៉ាង​ខ្លាំង​នោះ។

ដូច​ជា​អ្នក​នឹង​ចំណាយ​ពេល​ដើម្បី​ស្វែង​រក​ផ្ទះ​ថ្មី​មួយ ហេតុ​អ្វី​ក៏​អ្នក​មិន​ចំណាយ​ពេល​ពិនិត្យ​មើល​ព្រះ​គម្ពីរ ដើម្បី ស្វែង​រក​នូវ​ចម្លើយ​ចំពោះ​បញ្ហា​របស់​អ្នក​ដែរ​ទៅ? ដូច​ជា​យើង​ត្រូវ​តែ​វែក​ញែក​ការណ៍​ពិត​ទាំង​ឡាយ ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ផ្ទះ​នោះ យើង​ក៏​ត្រូវ​តែ​វែក​ញែក​ឲ្យ​សម​ត្រឹម​ត្រូវ​នូវ​អ្វី​ៗ​ដែល​យើង​បាន​អាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ដែរ។ ហើយ​អ្វី​ដែល​រឹត​តែ​មាន​ប្រយោជន៍​ជាង​ការ​ស្វែង​រក​ផ្ទះ​នោះ​ទៅ​ទៀត គឺ​ការ​យល់​ឃើញ​និង​ការ​ទទួល​យក​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​វ​គ្រីស្ទ។ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។—យ៉ូហាន ១៧:៣

ប៉ុន្តែ បើ​សារ​ព្រះ​គម្ពីរ​មាន​តម្លៃ​ដល់​ម្ល៉េះ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​ខ្វាក់​នឹង​សារ​ដំណឹង​ល្អ​នេះ​ដូច្នេះ? មូលហេតុ​មួយ ដែល​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​នោះ គឺ​ថា«លោ​កី​យ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហាន​ទី​១ ៥:១៩) ជា​លទ្ធផល អារក្ស​សាតាំង«បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ»។ (កូរិនថូស​ទី​២ ៤:៤) ថ្វី​បើ​យើង​មើល​ឃើញ​ដោយ​ភ្នែក​របស់​យើង គឺ​ជា​ខួរ​ក្បាល​ទេ​ដែល​បក​ស្រាយ​ពន្លឺ​ដែល​ចូល​តាមភ្នែក​នោះ។ ម្ល៉ោះ​ហើយ​បាន​ជា​ភាព​ខ្វាក់​ក៏​ត្រូវ​គេ​ពន្យល់​ថា«មិន​អាច ឬ​មិន​សុខ​ចិត្ត​វែក​ញែក ឬ​វិនិច្ឆ័យ»។ ការ​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​អំពី​វោហារ​ប្រជាប្រិយ​មួយ​ថា៖ «គ្មាន​មនុស្ស​ណា​ខ្វាក់​ដូច​មនុស្ស​ដែល​មិន​ចង់​ឃើញ​នោះ​ទេ»។

មនុស្ស​ខ្វាក់​មិន​អាច​មើល​ឃើញ​អ្វី​នៅ​ពី​មុខ​គាត់​ទេ ដូច្នេះ​គ្រោះ​ថ្នាក់​អាច​កើត​ដល់​គាត់​បាន។ ភាព​ខ្វាក់​ភ្នែក​របស់​មនុស្ស​ជា​ច្រើន ឥឡូវ​មិន​អាច​ប្រែ​ត្រឡប់​ដូច​ដើម​វិញ​បាន​ទេ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បង្ខំ​ឲ្យ​នៅ​តែ​ខ្វាក់​ខាង​វិញ្ញាណ​ឡើយ។

ការ​មាន​ជ័យ​ជំនះ​លើ​ភាព​ខ្វាក់​ខាង​វិញ្ញាណ

ដូច​ជា​ស្ថានភាព​ខ្វះ​ខាត​ខាង​អនាម័យ​អាច​ធ្វើ​ឲ្យ​ចក្ខុ​វិស័យ​ទៅ​ជា​ទន់​ខ្សោយ បរិយាការ​ដែល​ថោក​ទាប​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ខ្វាក់​ខាង​សីលធម៌​ដែរ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​ព្រមាន​អំពី​លទ្ធិ​និង​ប្រពៃណី​ទាំង​ឡាយ​ដែល​មនុស្ស​បាន​បង្កើត​មក។ មេ​ដឹក​នាំ​សាសនា​នៅ​ជំនាន់​នោះ​បាន​ធ្វើ​ឲ្យ ហ្វូង​ចៀម​របស់​គេ​វង្វេង ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​មាន​បន្ទូល​ប្រាប់​ជា​ប្រាកដ​ថា៖ «គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ហើយ»។—ម៉ាថាយ ១៥:១៤

ជា​ជាង​បណ្ដោយ​ឲ្យ​មេ​ដឹក​នាំ​ដែល​ខ្វាក់​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌​បំភាន់​នោះ អស់​ពួក​អ្នក​ដែល​បាន​បំភ្លឺ​ភ្នែក​គេ​នឹង​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់! ព្រះ​យេស៊ូ​វ​បាន​ប្រកាស​ថា៖ «ខ្ញុំ​បាន​មក​ក្នុង​លោ​កី​យ​នេះ ដើម្បី​នឹង​ជំនុំ​ជំ​រះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង»។ (យ៉ូហាន ៩:៣៩) ដូច្នេះ តើ​មនុស្ស​ដែល​ខ្វាក់​ខាង​វិញ្ញាណ​អាច​ទៅ​ជា​មើល​ឃើញ​វិញ បាន​យ៉ាង​ដូច​ម្ដេច? បើ​អញ្ចឹង សូម​ឲ្យ​យើង​បន្ត​ការ​ពិនិត្យ​ពិច័យ​ភាព​ខ្វាក់​ភ្នែក​សា​ឡើង​វិញ។

ឥឡូវ​នេះ សំ​វិធាន​វត្ថុ​ផ្សេង​ៗ​អាច​មាន​ដល់​ពួក​អ្នក​ដែល​ខូច​ចក្ខុ​វិស័យ​ហើយ។ ពី​មុន សំ​វិធាន​វត្ថុ​នេះ​មិន​ដែល​មាន​សោះ។ កាល​ពី​ដើម គ្មាន​ការ​ប្ដេជ្ញា​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​មនុស្ស​ខ្វាក់​ទេ ទាល់​តែ​លោក​វ៉ាឡង់ថង់ អោយ៉េ​បាន​ស្ថាបនា​សាលា​ពិសេស​មួយ​សំរាប់​មនុស្ស​ខ្វាក់​នៅ​ក្នុង​ឆ្នាំ​១៧៨៤។ ក្រោយ​មក លោក​លូ​វី ប្រែ​ល​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ប្រើ​ឈ្មោះ​របស់​គាត់ ដើម្បី​ជួយ​មនុស្ស​ខូច​ចក្ខុ​វិស័យ​ឲ្យ​អាច​អាន​បាន។

ចុះ​ចំពោះ​មនុស្ស​ខ្វាក់​ខាង​វិញ្ញាណ​នោះ​យ៉ាង​ណា​ដែរ? ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ មាន​ការ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ សូម្បី​តែ​នៅ​កន្លែង​ដាច់​ស្រយាល​បំផុត​នៅ​លើ​ផែនដី ក៏​មាន​ការ​ប្រកាស​ដំណឹង​ល្អ​ដែរ។ (ម៉ាថាយ ២៤:១៤) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​នឹង​នាំ​យក​សេចក្ដី​សង្ឃឹម​ទៅ​ពួក​មនុស្ស​ខ្វាក់​ខាង​វិញ្ញាណ និង​មនុស្ស​ខ្វាក់​ភ្នែក​មែន​ទែន​ផង។

ស្ត្រីជាតិ​ប្រេហ្ស៊ីល​ម្នាក់​បាន​សរសេរ​ថា៖ «ទោះ​បី​ជា​ខ្ញុំ​មាន​វិកល​ភាព​ក្ដី ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​អាច​មើល​ឃើញ—ខាង​វិញ្ញាណ។ ព្រះ​ទ្រង់​ក៏​អស្ចារ្យ​ម្ល៉េះ​ហ្ន៎! យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង‹លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ›»។ (ទំនុកដំកើង ១៤៥:១៦) ហើយ​ហ្សូហ្សេ ជា​បុរស​ខ្វាក់​ម្នាក់ នឹក​ចាំ​ថា៖ «ជីវិត​របស់​ខ្ញុំ​អាច​បែង​ចែក​ទៅ​ជា​ពីរ​ចំណែក គឺ​ចំណែក​ពី​មុន​និង​ក្រោយ​ពី​ស្មរបន្ទាល់។ . . . ដោយ​សារ​តែ​ពួក​ស្មរបន្ទាល់​នេះ​ហើយ បាន​ជា​ខ្ញុំ​ចាប់​ផ្ដើម​យល់​ឃើញ​យ៉ាង​ភ្លឺ​ច្បាស់​លាស់​អំពី​ពិភព​លោក​នេះ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទំនាក់​ទំនង​យ៉ាង​សុខដុម​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ»។ ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​រីករាយ​ដូច​នេះ​ដែរ ព្រះ​គម្ពីរ​បាន​ធានា​អះអាង​នឹង​យើង​ថា បន្ដិច​ទៀត​នឹង​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី​នឹង​ត្រូវ​ខ្វាក់—ភ្នែក​មែន​ទែន ឬ​ខាង​វិញ្ញាណ​ឡើយ។ តើ​ការ​នោះ​នឹង​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច? ចំពោះ​សេចក្ដី​សន្យា​ដែល​ថា«ព្រះ​យេហូវ៉ា​ទ្រង់​នឹង​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់»តើ​នឹង​កើត​ឡើង​ពាស​ពេញ​ផែនដី​តាម​របៀប​ណា?—ទំនុកដំកើង ១៤៦:៨

ឱសថ​អចិន្ត្រៃយ៍​តែ​មួយ—ព្រះ​រាជាណាចក្រ​របស់​ព្រះ

ទោះ​បី​ជា​ការ​ជំនាញ​ខាង​វិជ្ជា​ពេទ្យ​បាន​រីក​ចំរើន​ឡើង​ក៏​ដោយ ក៏​នៅ​តែ​មាន​ជំងឺ​ជា​ច្រើន​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​ខ្វាក់ ការ​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់។ បើ​អញ្ចឹង តើ​អ្វី​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​កំចាត់​ឧនាហារូបត្ថម្ភ ស្ថានភាព​ខ្វះ​ខាត​អនាម័យ និង​ការ​កើត​ទុក្ខ​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ចក្ខុ​វិស័យ​និង​អំណរ​អរ​នៃ​ជីវិត​នោះ? ការ​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ជា ដែល​ព្រះ​យេស៊ូ​វ​និង​អ្នក​ឯ​ទៀត​បាន​ធ្វើ​ឡើង គ្រាន់​តែ​ជា​គំរូ​ដ៏​តូច​មួយ​សំរាប់​អនាគត។ សេចក្ដី​បង្រៀន​និង​កិច្ច​ការ​ប្រោស​ឲ្យ​ជា​របស់​ទ្រង់ ជា​ប្រផ្នូល​នឹង​ប្រសិទ្ធិ​ពរ​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រទាន​មក​ផែនដី​នេះ នៅ​ក្រោម​រាជរដ្ឋាភិបាល​របស់​ព្រះ។

ការ​ប្រោស​ឲ្យ​ជា​នៅ​ពាស​ពេញ​ពិភព​លោក​នឹង​ជិត​មក​ដល់​ហើយ។a សាវក​យ៉ូហាន​បាន​ពន្យល់​យ៉ាង​ប្រសើរ​អំពី​កម្ម​វិធី​ប្រោស​ឲ្យ​ជា​របស់​ព្រះ ថា៖ «ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ឯ​នៅ​កណ្ដាល​ផ្លូវ​ទី​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្ដង​ៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា»។—វិវរណៈ ២២:១, ២

ឃ្លា​ដែល​ថា «ទឹក​ជីវិត» និង «ដើម​ជីវិត» បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រោយ​ពី​របប​ដ៏​អាក្រក់​ជួជាតិ​នៃ​សម័យ​នេះ​បាន​វិនាស​ទៅ នោះ​សំ​វិធាន​វត្ថុ​នៃ​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្សជាតិ​ទទួល​ភាព​ល្អ​ឥត​ខ្ចោះ​បាន​បន្ដិច​ម្ដង​ៗ។ តាម​ការ​ពិត ផល​ប្រយោជន៍​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​វ (រាប់​បញ្ចូល​ទាំង​ការ​អត់​ឱន​ទោស​ទាំង​អស់) ព្រម​ទាំង​ចំណេះ​វិជ្ជា​អំពី​ព្រះ​យេស៊ូ​វ​គ្រីស្ទ និង​ព្រះ​វរបិតា​របស់​ទ្រង់ នឹង​នាំ​ឲ្យ​មាន​សុខភាព​ដ៏​ល្អ​ឥត​ខ្ចោះ​និង​ជីវិត​អស់​កល្ប​ជា​និច្ច​ផង។—យ៉ូហាន ៣:១៦

សុភមង្គល​ក្នុង​ពិភព​លោក​ថ្មី

បើ​អញ្ចឹង សូម​នឹក​គិត​អំពី​ផែនដី​ដែល​គ្មាន​ឧក្រិដ្ឋកម្ម ភាព​កខ្វក់ ឬ​ភាព​ក្រី​ក្រ។ សូម​នឹក​គិត​ទៀត​អំពី​គ្រួសារ​របស់​អ្នក​រស់​នៅ​ក្នុង​ទី​មនោរម្យ​ដែល​បាន​ស្អាង​ឡើង​វិញ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​នោះ។ (អេសាយ ៣២:១៧, ១៨) តើ​នឹង​សប្បាយ​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎ ដោយ​អាច​មើល​ឃើញ​ពណ៌​គ្រប់​បែប​យ៉ាង តាម​សតិ​និង​ប្រសាទ​ដ៏​ល្អ​គ្រប់​សព្វ​របស់​យើង!

លោក​ហ្វេ​ប​បឺ​ ប៊ី​រិន មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​ធម្មជាតិ​សំរាប់​មនុស្ស​លោក នោះ​គឺ​ឲ្យ​រស់​នៅ​ក្នុង​បរិយាការ​ដែល​ប្រែ​ប្រួល​ជា​និច្ច—នៃ​ពន្លឺ ពណ៌ និង​សណ្ឋាន​ផ្សេង​ៗ។ គឺ​មិន​ដែល​មាន​បរិយាការ​ដដែល​នៅ​ក្នុង​ធម្មជាតិ​ទេ។ ពណ៌​ជា​ធម្មជាតិ​មួយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ពិភព​លោក​នេះ។ នៅ​ក្នុង​ធម្មជាតិ មិន​មែន​មាន​តែ​ពីរ​បី​ពណ៌​នោះ​ទេ ហើយ​ជីវិត​ដ៏​សប្បាយ​រីករាយ​ភាគ​ច្រើន​គឺ​ទាក់​ទាញ​នឹង​ពណ៌​នោះ​ឯង»។

ដូច្នេះ​អំណោយ​ទាន​នៃ​ចក្ខុ​វិស័យ​នោះ គឺ​មាន​តម្លៃ​ណាស់! តើ​នឹង​ទៅ​ជា​ការ​ដ៏​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​ភ្នែក​មនុស្ស​ដែល​ពី​ដើម—ខ្វាក់​មែន​ទែន ឬ​ខ្វាក់​ខាង​វិញ្ញាណ​ក្ដី—នឹង​មើល​ឃើញ​វិញ​នោះ!

មែន​ហើយ នៅ​ក្នុង​ទី​មនោរម្យ​ដែល​បាន​ស្អាង​ឡើង​វិញ​នៅ​ខាង​មុខ​នេះ ភាព​ខ្វាក់​និង​ទុព្វលភាព​ឯ​ទៀត នឹង​លែង​ធ្វើ​ឲ្យ​មាន​អពមង្គល​ទៀត​ហើយ! គ្មាន​អ្នក​ណា​នឹង​ត្រូវ​នាំ​ឲ្យ​វង្វេង​ទៀត​ទេ។ ដោយ​ព្រោះ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នឹង​មាន​ជា​ទូទៅ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​បាន​បំភ្លឺ​ឡើង​ខាង​វិញ្ញាណ។ សេចក្ដី​ល្អ​ទាំង​នេះ​និង​សេចក្ដី​ជា​ច្រើន​ទៀត​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​អនាគត​ខាង​មុខ​នេះ តែ​ឥឡូវ​នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ដ្បិត​ទ្រង់​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់​ថា៖ «[នៅ]គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង»!—អេសាយ ៣៥:៥

[កំណត់​សម្គាល់]

a សូម​ពិនិត្យ​មើល​ទី​សំអាង​ដែល​បាន​សម្ដែង​មក​នៅ​ក្នុង​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ជំពូក ១៨ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ជា​សាជីវកម្ម។

[រូប​ភាព​នៅ​ទំព័រ​៧]

នៅ​គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក